ពីទីក្រុងប៉ារីស ទៅទីក្រុងសាបប៉ូរ៉ូ
យើងរស់នៅផ្នែកម្ខាងទៀតនៃពិភពលោកនេះ ប៉ុន្តែយើងទទួលអារម្មណ៍ដូចគ្នា ពេលព្រះវិហារបរិសុទ្ធត្រូវបានសាងសង់នៅក្បែរពួកយើង !
ខ្ញុំឈ្មោះ រ៉ាជែល ។ ខ្ញុំរស់នៅជិតព្រះវិហារបរិសុទ្ធប៉ារីស ប្រទេស បារាំង ។
រះវិហារបរិសុទ្ធពិតជាចាំបាច់ណាស់ចំពោះគ្រួសារខ្ញុំ ។ ពីមុនការសាងសង់ព្រះវិហារបរិសុទ្ធប៉ារីស យើងបានទៅព្រះវិហារបរិសុទ្ធ ហ្វ្រែងហ្វើត អាល្លឺម៉ង់ បួនប្រាំដងក្នុងមួយឆ្នាំក្នុងដំណើរជាគ្រួសាររបស់យើង ។ យើងចំណាយពេល ១០ ម៉ោងដើម្បីធ្វើដំណើរទាំងទៅនិងត្រឡប់មកវិញ !
យើងចូលចិត្តមើលការសាងសង់ព្រះវិហារបរិសុទ្ធថ្មីនេះ ។ រៀងរាល់សប្តាហ៍បន្ទាប់ពីព្រះវិហារ ឪពុកម្ដាយយើងបានបើកឡានកាត់ទីនោះដើម្បីមើលថា តើការសាងសង់កំពុងតែដំណើរការដល់ណាហើយ ។ ដំបូង ពួកគេរំលំអគារចាស់នោះចោល ហើយជីករណ្តៅធំមួយ ។ បន្ទាប់មក ពួកគេចាប់ផ្តើមសាងសង់ព្រះវិហារបរិសុទ្ធខ្ពស់ឡើងៗ ។ មិនយូរប៉ុន្មានដំណាក់របស់ព្រះអម្ចាស់បានសាងសង់រួច !បងប្អូនរបស់ខ្ញុំ និងខ្ញុំមានចិត្តរំភើប ដើម្បីទៅព្រះវិហារបរិសុទ្ធនាពេលខាងមុខ ។ បងស្រីច្បងរបស់ខ្ញុំ អេសធើរ ត្រូវទៅធ្វើបុណ្យជ្រមុជទឹកមុនគេ ។
យើងទាំងអស់គ្នាកំពុងរង់ចាំដោយអន្ទះសា ដើម្បីដល់វេនយើងទៅទីនោះដែរ ។ យើងស្រឡាញ់ព្រះវិហារបរិសុទ្ធ ហើយយើងសប្បាយចិត្តដែលមានព្រះវិហារបរិសុទ្ធមួយនៅក្នុងទីក្រុងយើងផ្ទាល់ !
ខ្ញុំឈ្មោះ កូស្ស៊ី ខ្ញុំរស់នៅជិតព្រះវិហារបរិសុទ្ធ សាបប៉ូរ៉ូ ប្រទេសជប៉ុន ។ ខ្ញុំចូលចិត្តអង្គុយនៅក្បែរបង្អួចក្នុងផ្ទះខ្ញុំ ហើយមើលគេសាងសង់ព្រះវិហារបរិសុទ្ធ ។
អំឡុងពេលសម្ពោធអគារ ខ្ញុំបានអញ្ជើញមិត្តភក្ដិដ៏ល្អម្នាក់របស់ខ្ញុំមកចូលរួមជាមួយយើង ។ គាត់បានគិតថា អ្វីៗគ្រប់យ៉ាងគឺស្រស់ស្អាតណាស់ ។
ខ្ញុំចូលចិត្តគិតថា ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធគឺ ជាថ្ងៃខួបកំណើតរបស់ព្រះវិហារបរិសុទ្ធ ។ ថ្ងៃនោះក៏ជាថ្ងៃខួបកំណើតខ្ញុំផងដែរ ។ ហើយក៏ជាថ្ងៃខួបកំណើតរបស់ប្រធាន ម៉នសុន ដែរ ។ ឪពុកម្ដាយខ្ញុំ និងខ្ញុំបានទៅព្រះវិហារបរិសុទ្ធពេលឧទ្ទិសឆ្លង ។ ខ្ញុំក៏បានជួបប្រធាន ម៉នសុន ។
ខ្ញុំមានអំណរគុណណាស់ដែលបានរស់នៅក្បែរព្រះវិហារបរិសុទ្ធ ។ ថ្ងៃណាដែលខ្ញុំមានការលំបាកនៅសាលារៀន នោះខ្ញុំអាចដើរកាត់ទីធ្លានោះទៅផ្ទះរបស់ខ្ញុំ ។ ខ្ញុំទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះវបិតាសួគ៌ចំពោះខ្ញុំ ពេលខ្ញុំនៅទីនោះ ។ ខ្ញុំទន្ទឹងរង់ចាំពេលដែលខ្ញុំអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធ ធ្វើពិធីបុណ្យជ្រមុជទឹក ហើយក្រោយមករៀបការនៅទីនោះ ។