ដំណើររបស់ជេន
អ្នកនិពន្ធរស់នៅរដ្ឋតិចសាស ស.រ.អា ។
រដ្ឋ នូវ យ៉ោក ស.រ.អា ឆ្នាំ ១៨៤៣
ជេន មែននីង បានមើលទូកអណ្តែតចេញពីកំពង់ផែទៅព្រែកអីរី ។ នាងមានអារម្មណ៍ថា សុបិនរបស់នាងហាក់ដូចជាកំពុងអណ្តែតតាមទូកនោះ ។
ទើបតែមួយឆ្នាំមុន នាងបានចូលរួមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយបានសម្រេចចិត្តប្តូរទៅរស់នៅជាមួយពួកបរិសុទ្ធផ្សេងទៀតនៅទីក្រុង ណៅវូ ។ ម្តាយរបស់នាង និងសមាជិកក្នុងគ្រួសារប្រាំពីរនាក់ទៀត បានធ្វើដំណើរជាមួយនាងតាមព្រែកជីកអីរី ទៅទីក្រុងបាសហ្វើឡូ រដ្ឋ នូវ យ៉ោក ។ ប៉ុន្តែនៅទីក្រុងបាសហ្វើឡូ ពួកគេពុំត្រូវបានអនុញ្ញាតឲ្យជិះលើទូកឡើយ ដោយសារតែពណ៌សម្បុរស្បែករបស់ពួកគេ ។
អ៊ីសាក ប្អូនប្រុសរបស់នាងបានសួរដោយស្ងាត់ស្ងៀមថា « ឥឡូវតើយើងត្រូវធ្វើដូចម្តេច ? »
សំណួរនោះបានឮខ្ទរនៅក្នុងអាកាសដ៏ត្រជាក់នោះ ។ ចម្ងាយផ្លូវទៅ ណៅវូ នៅមានចំណាយ ១,២៨៧ គីឡូម៉ែត្រទៀត ។ ពួកគេអាចបោះបង់ ហើយត្រឡប់ទៅផ្ទះវិញ ឬព្យាយាមធ្វើដំណើរលើកក្រោយទៀត ។ …
ប៉ុន្តែ ជេនពុំអាចរង់ចាំបានឡើយ ។ នាងបានដឹងថា ព្រះគម្ពីរមរមនពិត ។ ព្រះបានមានព្រះបន្ទូលម្តងទៀតមកកាន់ពួកព្យាការី ។ នាងត្រូវទៅដល់ទីក្រុង ណៅវូ ជាមួយគ្រួសារនាង ។
ជេនបានតម្រង់ខ្លួនគាត់ ហើយសម្លឹងមើលទៅទិសខាងលិច ។ « យើងដើរទៅ » ។
ហើយពួកគេពិតជាដើរទៅមែន ។ រហូតដល់ស្បែកជើងរបស់ពួកគេបានដាច់ខូចអស់ ។ រហូតដល់ជើងរបស់ពួកគេប្រេះ និងហូរឈាម ហើយពួកគេត្រូវតែអធិស្ឋានដើម្បីបានការជាសះស្បើយ ។ ជួនកាលពួកគេដេកនៅទីវាល ហើយអាកាសធាតុត្រជាក់ខ្លាំងណាស់ មានអារម្មណ៍ហាក់ដូចធ្លាក់ព្រិល ។ មនុស្សមួយចំនួនបានគំរាមកំហែងចាប់ពួកគេដាក់គុក ដោយគិតថាពួកគេរត់គេចចេញពីទាសភាព ។ ពួកគេពុំដឹងថា គ្រួសារមែននីងគឺជាគ្រួសារស្បែកខ្មៅដែលមានសេរីភាពឡើយ ។ ហើយពួកគេបានបន្តដើរទៅមុខទៀត ដោយច្រៀងទំនុកតម្កើង ។
ពួកគេជិតទៅដល់ទីក្រុង ណៅវូ ហើយពេលពួកគេទៅដល់ទន្លេមួយ ។
អ៊ីសាកបាននិយាយថា « គ្មានស្ពានទេ ។
ជេនបានងក់ក្បាល ។ « យើងត្រូវដើរកាត់ទន្លេនេះហើយអញ្ចឹង » ។ ពេលនាងឈានជើងចូលទៅក្នុងទឹកទន្លេ ទឹកបានឡើងត្រឹមកែងជើងនាង ។ នាងបានដើររំកិលទៅមុខយឺតៗ ។ ទឹកបានឡើងដល់ជង្គង់ ហើយក្រោយមកឡើងដល់ចង្កេះនាង ។ ពេលនាងដើរដល់ពាក់កណ្តាលទន្លេនោះ ទឹកឡើងដល់ត្រឹមកនាង ។ សំណាងល្អណាស់ ដែលទឹកទន្លេនោះពុំជ្រៅជាងនេះ ហើយគ្រួសារមែននីងទាំងអស់គ្នាបានឆ្លងផុតដោយសុវត្ថិភាព ។
ទីបំផុត ពួកគេបានទៅដល់ទីក្រុង ណៅវូ ។ ជេនអាចឃើញថ្មកំបោរដ៏ស្រស់ស្អាតនៃជញ្ជាំងព្រះវិហារបរិសុទ្ធ ណៅវូ នៅលើទួលទល់មុខនឹងជ្រលងភ្នំ ។ ទោះបីជាព្រះវិហារបរិសុទ្ធនោះពុំបានសាងសង់រួចហើយក្តី វាធ្វើឲ្យនាងមានចិត្តរំភើបជាខ្លាំង ។ មានអ្នកនាំពួកគេទៅផ្ទះរបស់ព្យាការីយ៉ូសែប ស្ម៊ីធ ។
ស្ត្រីម្នាក់ខ្ពស់ សក់ខ្មៅរលើបឈរនៅមាត់ទ្វារ ។ គាត់បានហៅ « ចូលមក ចូលមក ! » « ខ្ញុំឈ្មោះ អែមម៉ា ស្ម៊ីធ » ។
ប៉ុន្មាននាទីក្រោយមក វាមានភាពស្រពិចស្រពិល ។ ជេនបានជួបព្យាការី ហើយលោកបានរៀបចំកៅអីជុំវិញបន្ទប់សម្រាប់គ្រួសារមែននីង ។ ជេនអង្គុយលើកៅអីនោះដោយមានអំណរគុណ ហើយបានស្តាប់ពេលយ៉ូសែប បានណែនាំពួកគេឲ្យស្គាល់អ្នកទាំងអស់គ្នានៅទីនោះ រួមទាំងមិត្តភក្តិរបស់លោកគឺ វេជ្ជបណ្ឌិត ប៊ើនហ៊ីសែល ។ ក្រោយមកយ៉ូសែប បានបែរទៅរកជេន លោកបានសួរថា « តើប្អូនបានធ្វើជាអ្នកដឹកនាំក្រុមតូចនេះ មែនទេ ? »
ជេនបានឆ្លើយថា « ចាស៎ លោក ! » ។
យ៉ូសែប បានញញឹម ។ « សូមព្រះប្រទានពរដល់ប្អូន ! ឥឡូវនេះ ខ្ញុំចង់ស្តាប់ពីការធ្វើដំណើររបស់ប្អូន » ។
ជេនបានប្រាប់អំពីជើងដែលមានរបួសរបស់ពួកគេ និងការដេកនៅលើព្រិល និងការឆ្លងទឹកទន្លេ ។ មនុស្សគ្រប់គ្នាបានស្តាប់ដោយស្ងៀមស្ងាត់ ។ នាងបានបញ្ចប់ថា « ប៉ុន្តែវាមិនលំបាកណាស់ណាទេ ។ យើងបានធ្វើដំណើរដោយរីករាយ ដោយច្រៀងទំនុកតម្កើង ហើយថ្លែងអំណរគុណចំពោះព្រះ សម្រាប់សេចក្តីល្អ និងសេចក្តីមេត្តាករុណាដ៏មហិមារបស់ទ្រង់ក្នុងការប្រទានពរ ការពារ និងព្យាបាលជើងរបស់យើង » ។
មានភាពស្ងៀមស្ងាត់មួយសន្ទុះ ។ « តើលោកវេជ្ជបណ្ឌិតគិតយ៉ាងណាដែរ ? » ទីបំផុត យ៉ូសែបបាននិយាយដោយយកដៃទះជង្គង់បុរសនោះ ។ « តើនោះពុំមែនជាសេចក្តីជំនឿទេឬ ? »
វេជ្ជបណ្ឌិត ប៊ើនហ៊ីសែល បានសារភាពថា « ប្រសិនបើជាខ្ញុំវិញ ខ្ញុំខ្លាចថា ខ្ញុំគួរតែត្រឡប់ក្រោយ ហើយទៅផ្ទះខ្ញុំវិញ ! »
យ៉ូសែប បានងក់ក្បាល ហើយមើលទៅជេន និងគ្រួសារនាង ៖ « សូមឲ្យព្រះប្រទានពរដល់ប្អូន ។ ប្អូនគឺជាមិត្តដ៏សំណព្វម្នាក់ » ។