ធ្វើជាមនុស្សផ្សេង « ពីមនុស្សទូទៅ »
ចូរបំភ្លេចទស្សនៈពិភពលោកចោល ។ តើព្រះវរបិតាសួគ៌មានព្រះទ័យយ៉ាងដូចម្ដេចចំពោះអ្នក ? អ្នក អាច រស់នៅតាមទស្សនវិស័យរបស់ទ្រង់អំពីសក្តានុពលរបស់អ្នក ។
ពិភពលោកមានទស្សនៈយ៉ាងច្រើនអំពីយុវវ័យនាពេលបច្ចុប្បន្ននេះ ។ អ្នកប្រហែលជាដឹងអំពីការវាយតម្លៃមួយចំនួន ឬធ្លាប់ឮគេត្អូញត្អែរអំពី « ក្មេងៗសម័យនេះ » ។ មានការសិក្សា និងស្ថិតិជាច្រើនផងដែរអំពីអ្នក — ទម្លាប់នៅលើបណ្តាញសង្គមរបស់អ្នក សម្ភារដែលអ្នកទិញ សូម្បីតែអំពីការផ្តោតចិត្តទុកដាក់រយៈពេលដ៏ខ្លីរបស់អ្នកផងដែរ ។
ប៉ុន្តែប្រធាន រ័សុល អិម ណិលសុន ប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានប្រសាសន៍ថា លោក « ពុំស្រណុកក្នុងចិត្តឡើយ » ពេលលោកឮអ្នកស្រាវជ្រាវពិពណ៌នាការសិក្សារបស់ខ្លួនអំពីយុវវ័យ ។ លោកមានប្រសាសន៍ថា « និយាយឲ្យត្រង់ ខ្ញុំពុំចាប់អារម្មណ៍លើអ្វីដែល ពួកអ្នកជំនាញ និយាយអំពីអ្នក ជាងអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីអ្នកប្រាប់ខ្ញុំនោះឡើយ » ។១
ព្រះអម្ចាស់ពុំចាំបាច់សិក្សា ឬធ្វើការវាយតម្លៃទូទៅដើម្បីស្គាល់ពីអ្នកឡើយ ។ ទ្រង់ពុំចាត់ទុកថាអ្នកគឺជាស្ថិតិ ឬជាមនុស្សដែលមានបន្ទុកដោយសារតែ « ពិភពលោក » ព្យាយាមពិពណ៌នាអំពីអ្នកបែបណានោះឡើយ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា « ទ្រង់ស្រឡាញ់អ្នកពុំមែនដោយសារអត្តសញ្ញាណអ្នកនៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ព្រោះតែសិរីល្អ និងពន្លឺដែលអ្នកមានព្រមទាំងសក្ដានុពល និងបំណងចង់ប្រែក្លាយផងដែរ » ។២
ព្រះពុំគ្រាន់តែគិតអំពីអ្នកឡើយ ទ្រង់ស្រឡាញ់អ្នក ។
តើអ្នកចង់ធ្វើជាមនុស្សផ្សេងពីមនុស្សក្នុងលោកិយនេះឬទេ ? ចូរចាត់ទុកខ្លួនអ្នកក្នុងរបៀបដែលព្រះវរបិតាសួគ៌ និងអ្នកបម្រើរើសតាំងរបស់ទ្រង់ចាត់ទុកខ្លួនរបស់អ្នក ។ តើអ្នកចង់ធ្វើជាមនុស្សផ្សេងពីការវាយតម្លៃទូទៅរបស់អ្នកដទៃអំពីអ្នកឬទេ ? ឥឡូវនេះគឺជាពេលដែលត្រូវបង្ហាញ ហើយធ្វើវាហើយ ! ដូចកាលព្រះគ្រីស្ទមានព្រះជន្ម ១២ ព្រះវស្សាទ្រង់បានរំឭកឪពុកម្តាយរបស់ទ្រង់ថា ទ្រង់ត្រូវតែ « នៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃ [ ទ្រង់ ] ( លូកា ២:៤៩ ) ។
ទ្រង់មិនក្មេងពេកទេ ហើយអ្នកក៏ដូច្នេះដែរ ។ ដូច្នេះសំណួរបន្ទាប់នោះគឺថា ៖ តើអ្នកអាចធ្វើកិច្ចការរបស់ព្រះវរបិតាសួគ៌អ្នកយ៉ាងដូចម្តេច ?
« កិច្ចការ » របស់ទ្រង់គឺការនាំមកនូវ « អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ដូច្នេះអ្នកអាចធ្វើកិច្ចការរបស់ព្រះវរបិតារបស់អ្នក តាមរយៈការប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់អ្នក ដើម្បីសម្រេចឲ្យបាននូវសក្តានុពលរបស់អ្នក និងតាមរយៈការក្លាយជាមនុស្សម្នាក់ដែលជួយអ្នកដទៃឲ្យសម្រេចបាននូវសក្តានុពលរបស់ពួកគេផងដែរ ។
ឥឡូវនេះគឺជាពេលដែលត្រូវទទួលយកការទទួលខុសត្រូវសម្រាប់អនាគតផ្ទាល់របស់អ្នកហើយ ។ តើអ្នកអាចធ្វើអ្វីខ្លះ ក្នុងពេលនេះ ដើម្បីប្រាកដថា អ្នកកំពុងប្រែក្លាយជាមនុស្សដែលព្រះវរបិតាសួគ៌ដឹងថាអ្នកអាចប្រែក្លាយ ពុំមែនគ្រាន់តែក្នុងភាពអស់កល្បជានិច្ចនោះទេ ប៉ុន្តែនៅក្នុងជីវិត នេះ ផងដែរ ។
តើអ្នកចង់រៀបការនៅព្រះវិហារបរិសុទ្ធដែរឬទេ ? ចូរសម្រេចចិត្តក្នុងពេលនេះដើម្បីមានភាពបរិសុទ្ធទាំងក្នុងគំនិត ពាក្យសម្ដី និងទង្វើ ។ តើអ្នកដាក់ផែនការទៅរៀនមហាវិទ្យាល័យដែរឬទេ ? ចូរអភិវឌ្ឍទម្លាប់សិក្សាល្អក្នុងពេលនេះ ។ តើអ្នកចង់បម្រើបេសកកម្មដែរឬទេ ? ចូរសិក្សា ប្រកាសដំណឹងល្អរបស់យើង បន្ថែមទៅក្នុងការសិក្សាដំណឹងល្អរបស់អ្នក ( ជាពិសេសជំពូក ៣ ) ។ តើអ្នកចង់ផ្គត់ផ្គង់ដល់គ្រួសារដែរឬទេ ? ចូររៀនអំពីរបៀបធ្វើ និងរក្សាគម្រោងថវិកាក្នុងពេលនេះ ។
អ្នកក៏អាចស្វែងរកអ្វីៗដែលធ្វើឲ្យអ្នករីករាយ ក្នុងពេលនេះផងដែរ ។ តើអ្នកស្រឡាញ់គណិតវិទ្យាដែរឬទេ ? ចេះលេងព្យាណូឬទេ ? ចេះនិពន្ធរឿងឬទេ ? ចូរបន្តធ្វើវា ! ចូរមើលប្រសិនបើមានរបៀបដែលអ្នកអាចកែលម្អ ៖ ការសិក្សានៅសាលារៀន ការសិក្សាតាមអ៊ិនធើរណែត ការប្រកួតប្រជែងនានា និងសិក្ខាសាលាជាដើម ។
ចូរធ្វើជាមនុស្សផ្សេងពីមនុស្សទូទៅ ! ចូរកំណត់ពីអនាគតផ្ទាល់ខ្លួនរបស់អ្នក ។ តើអ្នកកំពុងធ្វើអ្វីដែលនាំឲ្យអ្នកក្លាយជាមនុស្សដ៏ប្រសើរបំផុតដែរឬទេ ? សូមប្រាប់ឲ្យយើងដឹងតាមរយៈអ៊ីម៉ែល liahona@ldschurch.org ឬ ផ្ញើសារទៅគេហទំព័រ LDS Youth Facebook ឬ Instagram ។