« ចូរយើងធ្វើជាមនុស្សដែលមាន ភាពខ្លួនទីពឹងខ្លួន និង មានភាពឯករាជ្យ »
នៅពេលពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទូទាំងពិភពលោកចាប់យកគោលការណ៍ និងគោលលទ្ធិនៃកម្មវិធីភាពខ្លួនទីពឹងខ្លួនរបស់សាសនាចក្រ នោះពួកគេកំពុងច្រូតកាត់នូវពរជ័យនៃ « សេចក្តីសង្ឃឹម ភាពសុខសាន្ត និងការរីកចម្រើនកាន់តែប្រសើរឡើង » ។
ពីមុនក្លាយជាសមាជិកសាសនាចក្រ ភីធើរ បានចំណាយពេលស្ទើរតែពេញមួយជីវិតខ្លួន ព្យាយាមសម្រេចជោគជ័យខាងផ្នែកហិរញ្ញវត្ថុ ។ ដោយផ្អែកលើរូបរាងរបស់គាត់ គាត់ទំនងជារកឃើញភាពជោគជ័យនោះ ។ ដូច្នោះគាត់មានអាជីវកម្ម ព្រមទាំងបើកអាជីវកម្មមួយចំនួនផងដែរ ។
ពេលថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៃសាសនាចក្រនៅ វ៉េស មីដលែនស៍ ប្រទេសអង់គ្លេស បានសូមឲ្យភីធើរចូលរួមក្រុមហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលផ្តល់ដោយកម្មវិធីភាពខ្លួនទីពឹងខ្លួននៃព្រះវិហារ នោះគាត់គិតថា វគ្គសិក្សានោះអាចបង្រៀនគាត់នូវរឿងអ្វីមួយ ។ ប៉ុន្តែពេលភីធើរចាប់ផ្តើមចូលរៀនក្រុមនោះ គាត់បានដឹងភ្លាមថា នៅមានរឿងជាច្រើនទៀតដែលគាត់ត្រូវរៀន ។
គាត់និយាយថា « វគ្គសិក្សានេះពុំគ្រាន់តែរៀនអំពីហិរញ្ញវត្ថុប៉ុណ្ណោះទេ ព្រោះវាគ្រាន់តែជាផ្នែកពាក់កណ្តាលនៃវគ្គសិក្សាប៉ុណ្ណោះ ។ រឿងចាំបាច់បំផុតសម្រាប់ខ្ញុំគឺការរៀនដើម្បីមានសេចក្តីជំនឿលើព្រះវរបិតាសួគ៌ — របៀបដែលទ្រង់ប្រទានដល់យើងនូវពរជ័យទាំងអស់ខាងសាច់ឈាម ហើយបើកទ្វារឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនពិតប្រាកដ ប្រសិនបើយើងធ្វើតាមសេចក្តីណែនាំខាងវិញ្ញាណរបស់ទ្រង់ » ។
ក្នុងនាមជាសមាជិកនៃក្រុមហិរញ្ញវត្ថុផ្ទាល់ខ្លួន នោះភីធើរ បានរៀនអនុវត្តជំនាញដូចជាការកត់ត្រានូវការចំណាយរបស់គ្រួសារ ការបង្កើត និងការរស់នៅតាមថវិកា កាត់បន្ថយបំណុល ហើយសន្សំប្រាក់សម្រាប់ពេលអនាគត ។ ការប្រើប្រាស់ជំនាញទាំងនេះ ជាមួយនឹងការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការសង្វាតធ្វើការ នោះភីធើរ និងភរិយារបស់គាត់បានបង់សងបំណុលដ៏ច្រើនមួយបាន ។
គាត់និយាយថា « ខ្ញុំមានអារម្មណ៍ធូរស្បើយ និងមានសេរីភាពយ៉ាងខ្លាំង ហើយគ្មានការភ័យខ្លាចទាក់ទងនឹងបំណុល និងភាពគ្មានសណ្តាប់ធ្នាប់ខាងហិរញ្ញវត្ថុទៀតឡើយ ។ ខ្ញុំមានអារម្មណ៍ថាទទួលបានពរជ័យយ៉ាងច្រើនលើសលុបពីព្រះវរបិតាសួគ៌តាមរបៀបមួយដែលខ្ញុំពុំធ្លាប់ទទួលបានពីមុនឡើយ ។ ខ្ញុំធ្លាប់រៀនអំពីរបៀបទូលអង្វរសូមទ្រង់ ហើយស្តាប់ចម្លើយទ្រង់ ពេលខ្ញុំត្រូវការជំនួយចំពោះកិច្ចការខាងសាច់ឈាម » ។
កម្មវិធីភាពខ្លួនទីពឹងខ្លួន
ភាពខ្លួនទីពឹងខ្លួនមានន័យលើសពីការមានមុខរបរល្អ ឃ្លាំងស្តុកអាហារ ឬ មានប្រាក់នៅក្នុងធនាគារទៅទៀត ។ ភាពខ្លួនទីពឹងខ្លួនគឺជា « លទ្ធភាព ការតាំងចិត្ត និងកិច្ចខិតខំដើម្បីផ្តល់សេចក្តីត្រូវការចាំបាច់នៃជីវិតខាងវិញ្ញាណ និងខាងសាច់ឈាមសម្រាប់ខ្លួន និងក្រុមគ្រួសារ ។ ក្នុងនាមជាសមាជិក [ សាសនាចក្រ ] ដែលក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ពួកគេមានលទ្ធភាពកាន់តែប្រសើរផងដែរក្នុងការបម្រើ និងមើលថែដល់អ្នកដទៃ »១ ពេលពួកគេតាំងកិច្ចការនេះជាគោលការណ៍ច្បាប់មួយនៅក្នុងជីវិតរបស់ពួកគេ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖ « ភាពខ្លួនទីពឹងខ្លួន កើតចេញពីលទ្ធផលនៃកិច្ចការរបស់យើង ហើយមិនស្ថិតនៅក្រោមការអនុវត្តន៍របស់កម្មវិធីសុខុមាលភាពណាទាំងអស់ ។ ភាពខ្លួនទីពឹងខ្លួនគឺជាធាតុចាំបាច់នៃសុខុមាលភាពយើងទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ។ … ‹ ចូរយើងធ្វើការសម្រាប់អ្វីដែលយើងត្រូវការ ។ ចូរយើងធ្វើជាមនុស្សដែលមានភាពខ្លួនទីពឹងខ្លួន និងមានភាពឯករាជ្យ ។ សេចក្ដីសង្គ្រោះមិនអាចទទួលបាន តាមរយៈគោលការណ៍ណាផ្សេងទៀតឡើយ ។ សេចក្តីសង្គ្រោះគឺជាបញ្ហាផ្ទាល់ខ្លួន ហើយយើងត្រូវតែខិតខំធ្វើការដើម្បីបានសេចក្ដីសង្គ្រោះផ្ទាល់ខ្លួន ទាំងក្នុងកិច្ចការខាងសាច់ឈាម និង ខាងវិញ្ញាណផង › » ។២
នៅក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន មានពួកបរិសុទ្ធជាង ៥០០,០០០ នាក់ក្នុងប្រជាជាតិជាង ១០០ បានចូលរួមក្នុងកម្មវិធីភាពខ្លួនទីពឹងខ្លួននេះតាំងពីឆ្នាំ ២០១៤ ។ ឥឡូវនេះ សាសនាចក្រកំពុងណែនាំកម្មវិធីនេះនៅទូទាំងទ្វីបអាមេរិកខាងជើង ។
កម្មវិធីនេះរួមមានវគ្គសិក្សា និងធនធាននានាដើម្បី « ជួយឲ្យសមាជិកសាសនាចក្ររៀន ហើយអនុវត្តគោលការណ៍នៃសេចក្ដីជំនឿ ការអប់រំ សង្វាតធ្វើការ និងការទុកចិត្តលើព្រះ ។ គណៈប្រធានទីមួយមានប្រសាសន៍ថា « ការទទួលយក និងការរស់នៅតាមគោលការណ៍ទាំងនេះនឹងអាចធ្វើឲ្យ [ យើង ] ទទួលបានពរជ័យខាងសាច់ឈាមដែលព្រះអម្ចាស់បានសន្យាកាន់តែប្រសើរជាងមុន » ។៣
រីករាយ និងមានសង្ឃឹម
ម៉ារៀ អេឌីលែន រ៉ូម៉ៅ បានបាត់បង់សេចក្តីសង្ឃឹម ។ គាត់រកការងារធ្វើពុំបានឡើយ គាត់ជាម្តាយទោល ហើយគាត់មានកូនបួនប្រាំនាក់ដែលត្រូវចិញ្ចឹម ។
នោះជាពេលដែលសមាជិកពីរនាក់នៅក្នុងវួដរបស់គាត់នៅ សាន់តា ខាតារីណា ប្រទេសប្រេស៊ីល បានអញ្ជើញគាត់ឲ្យទៅការប្រជុំធម្មនិដ្ឋានភាពខ្លួនទីពឹងខ្លួន ។ នៅពេលការប្រជុំធម្មនិដ្ឋាននោះចប់ ម៉ារៀបានចូលរួមក្រុមមួយ ដើម្បីជួយគាត់ស្វែងរកការងារ ។
គាត់ចាំថា « នេះជាគ្រាដំបូងក្នុងជីវិតខ្ញុំ ខ្ញុំបានជឿថា នៅពេលអនាគតខ្ញុំអាចថែទាំគ្រួសាររបស់ខ្ញុំបាន ។ ខ្ញុំជឿថា ក្រុមខ្លួនទីពឹងខ្លួនកំពុងតែជួយខ្ញុំឲ្យផ្លាស់ប្តូរជីវិតខ្ញុំ » ។
ហើយវាពិតជាបានផ្លាស់ប្តូរមែន ។
អំឡុងពេល ១២ សប្តាហ៍បន្ទាប់មក ម៉ារៀ បានចូលរួមក្រុមរបស់គាត់ សិក្សា និងមានការតាំងចិត្តយ៉ាងសកម្ម ។ គាត់បានធ្វើការយ៉ាងស្វាហាប់ជាថ្មីឆ្ពោះទៅរកគោលដៅរបស់គាត់ ។ គាត់បានអនុវត្តបច្ចេកទេសសួរសំណួរសម្ភាស ។ ក្នុងរយៈពេលពីរសប្តាហ៍ គាត់បានទទួលការសម្ភាសន៍ ហើយគាត់ធ្វើបានយ៉ាងល្អ ។ បន្ទាប់ពីការសម្ភាសន៍នោះគាត់ទទួលបានការងារ ។
ម៉ារៀលែងមានបញ្ហាក្នុងការចិញ្ចឹមគ្រួសាររបស់គាត់តទៅទៀត ដោយនិយាយថា « ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរជារៀងរហូត ។ ឥឡូវនេះខ្ញុំមានចិត្តរីករាយ រំភើប អត់ធ្មត់ និងមានសង្ឃឹម ។ ខ្ញុំជឿថាព្រះវរបិតាសួគ៌មានព្រះជន្មរស់ ហើយស្រឡាញ់ខ្ញុំ ។ ខ្ញុំដឹងថាពេលខ្ញុំអនុវត្តសេចក្តីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំទទួលបានពរ » ។
« ឧបករណ៍ដ៏អស្ចារ្យបំផុត »
អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានប្រសាសន៍ដូច្នេះ ៖ « ភាពខ្លួនទីពឹងខ្លួនគឺជាមធ្យោបាយមួយឆ្ពោះទៅអ្វីដែលកាន់តែប្រសើរឡើង គោលបំណងចម្បងរបស់យើងគឺប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ហើយគោលបំណងនោះត្រូវបានពង្រីកឡើងតាមរយៈការបម្រើអ្នកដទៃដោយមិនមានភាពអាត្មានិយម ។ លទ្ធភាពបម្រើរបស់យើងនឹងកើនឡើង ឬថយចុះតាមរយៈកម្រិតនៃភាពខ្លួនទីពឹងខ្លួនរបស់យើង » ។
អែលឌើរ ហែល បានបន្ថែមថា « នៅពេលយើងមានភាពខ្លួនទីពឹងខ្លួន នោះយើងពិតជាអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងការបម្រើ និងការផ្តល់ពរដល់អ្នកដទៃ » ។៤
សើរជីអូ ហ្គាលប៊ូឈី បានរៀនពីសេចក្តីពិតសម្រាប់ខ្លួនគាត់ ពេលគាត់បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ភ្លាម បន្ទាប់ពីគណៈប្រធានស្តេកបានហៅគាត់ឲ្យបម្រើជាអ្នកឯកទេសភាពខ្លួនទីពឹងខ្លួនប្រចាំស្តេក ។ ដោយមានជំនឿ ជំនាញ និងចំណេះដឹងដែលបានរៀបចំឡើង គាត់បានទទួលប្រយោជន៍ក្នុងនាមជាសមាជិកក្នុងគណៈកម្មការ សើរជីអូ និងភរិយាគាត់ ស៊ីលវៀ បានបើកហាងមួយនៅក្នុងទីក្រុង ប៊ុយណូហ្សែ ដែលមានលក់ « អាហារ » អាហ្សង់ទីន ។
សើរជីអូ និយាយថា « ខ្ញុំគិតថា ការមានភាពខ្លួនទីពឹងខ្លួនគឺជាមធ្យោបាយមួយក្នុងការអនុវត្តសេចក្តីជំនឿ » ។ កាលពីដំបូង គាត់ និងស៊ីលវៀ ពុំពេញចិត្តនឹងភាពជោគជ័យដែលពួកគេធ្លាប់សង្ឃឹមចង់បានឡើយ ដូច្នេះជំនឿនេះបានបន្តជាចំណុចសំខាន់ចំពោះកិច្ចខិតខំរបស់ពួកគេ ។ ប៉ុន្តែអំឡុងពេលពួកគេរង់ចាំផលផ្លែខាងហិរញ្ញវត្ថុ នោះពួកគេបានខិតខំធ្វើការ និងផ្តល់ពរដល់អតិថិជនជាមួយផលិតផលរបស់ពួកគេ និង កិច្ចខិតខំផ្សាយសាសនារបស់ពួកគេ ។
សើរជីអូ និយាយថា « យើងស្គាល់មនុស្សជាច្រើន ។ ហើយយើងមានឱកាសឲ្យព្រះគម្ពីរមរមនទៅពួកគេ » ។
ដំបូងគណៈកម្មការភាពខ្លួនទីពឹងខ្លួនស្តេក បានធ្វើការកត់សម្គាល់សមាជិក ១០ នាក់នៅក្នុងស្តេក សើរជីអូ ជាអ្នក ដែលត្រូវការជំនួយផ្នែកភាពខ្លួនទីពឹងខ្លួន ។ ប៉ុន្តែ ក្រោយមកប៊ីស្សពទាំងឡាយបានចូលរួមក្នុងកម្មវិធីនេះ ។
ពេលការខិតខំនោះបានរីកចម្រើន សើរជីអូ បាននិយាយថា « ឥឡូវនេះយើងស្គាល់មនុស្ស ៣៥ នាក់ដែលមានភាពខ្វះខាត ។ ប៊ីស្សពរបស់ពួកគេបានអញ្ជើញពួកគេម្នាក់ៗឲ្យចូលរួមក្នុងក្រុមទាំងនោះ » ។
សេចក្តីជំនឿរបស់ពួកគេបានរីកដុះដាលឡើង ពួកគេបានធ្វើការផ្លាស់ប្តូរដ៏ចាំបាច់នានា ហើយពួកគេទទួលបានជំនាញថ្មីៗ ។
សើរជីអូ បន្ថែមថា « គ្រប់ពេលដែលខ្ញុំនិយាយជាមួយថ្នាក់ដឹកនាំបព្វជិតភាព នោះខ្ញុំព្យាយាមបង្ហាញពួកគេថា នេះជាឧបករណ៍ដ៏អស្ចារ្យបំផុត ដែលយើងបានទទួលពីគណៈប្រធានទីមួយ ។ វាប្រសើរជាងប្រាក់ដែលអាចផ្តល់ឲ្យជាជំនួយសម្រាប់នរណាម្នាក់ ហើយការបង្រៀនមានភាពច្បាស់លាស់ជាងឯកសារនានា ដែលខ្ញុំធ្លាប់បានរៀនកាលខ្ញុំនៅជានិស្សិតនៅមហាវិទ្យាល័យ ។
អ្វីដែលសំខាន់បំផុតនោះគឺថា អស់អ្នកដែលបញ្ចប់វគ្គសិក្សាភាពខ្លួនទីពឹងខ្លួនរបស់ពួកគេរយៈពេល ១២ សប្តាហ៍ នឹងប្រែជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង ហើយរៀនអំពីរបៀបប្រើប្រាស់ជំនាញពួកគេក្នុងការស្ថាបនានគរព្រះ ។
សើរជីអូ និយាយថា « ក្រុម [ ខ្លួនទីពឹងខ្លួន ] នេះពុំគ្រាន់តែផ្តោតលើអាជីវកម្មរបស់យើងប៉ុណ្ណោះទេ វាផ្តោតលើទំនាក់ទំនងរបស់យើងជាមួយព្រះ និងមនុស្សដទៃផងដែរ ។ យើងក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង អំឡុងពេលបីខែដែលបានចូលរួមក្នុងក្រុមនេះ ។ ប្រាកដណាស់ ប្រហែលជាអាជីវកម្មនឹងជួយយើងឲ្យប្រែកាន់តែមានភាពខ្លួនទីពឹងខ្លួនឡើង ប៉ុន្តែគោលបំណងចម្បងនោះគឺដើម្បីបម្រើ » ។
ការរីកចម្រើន និងសកម្មភាព
ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ១៨៣៨–១៩១៨ ) បានមានប្រសាសន៍ថា « វាគឺជាការបង្រៀនដ៏សំខាន់ដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយថា សាសនាដែលគ្មានអំណាចដើម្បីសង្គ្រោះមនុស្សខាងសាច់ឈាម ហើយធ្វើឲ្យពួកគេរីកចម្រើន និងរីករាយនៅលើផែនដីនេះ សាសនានោះពុំអាចពឹងពាក់បានដើម្បីសង្គ្រោះពួកគេខាងវិញ្ញាណឡើយ ពុំអាចផ្តល់ភាពតម្កើងឡើងដល់ពួកគេនៅក្នុងជីវិតបន្ទាប់ឡើយ » ។៥
យើងពុំគួរភ្ញាក់ផ្អើលឡើយថា តាមរយៈការពង្រឹងផ្នែកខាងសាច់ឈាម នោះយើងអាចពង្រឹងខាងវិញ្ញាណយើងផងដែរ ។ អែលឌើរ ដាវីឌ និងស៊ិស្ទើរ ធើរេសា នីស្ស ដែលបានបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកខ្លួនទីពឹងខ្លួននៅកោះ សាឡូម៉ូន បានឃើញពីការជាប់ទាក់ទងគ្នារវាងការរីកចម្រើនខាងសាច់ឈាម និងវិញ្ញាណនេះតាំងពីដំបូង ក្នុងចំណោមសមាជិកសាសនាចក្រនៅទីនោះ ។
ពួកគេនិយាយអំពីសៀវភៅនៃកម្មវិធីនេះថា « ការរីកចម្រើនខាងវិញ្ញាណ និងការចូលរួមព្រះវិហារបរិសុទ្ធត្រូវបានបញ្ជាក់យ៉ាងច្បាស់ទៅនឹងគោលការណ៍ ជំនាញ និងទម្លាប់ដែលមានបង្រៀននៅក្នុង មូលដ្ឋានគ្រឹះរបស់ខ្ញុំ និងការពន្យល់ដ៏ច្បាស់លាស់នៅក្នុង មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន ។ [ សៀវភៅ ] ទាំងនេះកំពុងជួយមនុស្សឲ្យរីកចម្រើនទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដែលនាំទៅរកភាពខ្លួនទីពឹងខ្លួនទាំងខាងវិញ្ញាណ និងខាងសាច់ឈាម » ។
ឆើរីល រីដ អ្នកសម្របសម្រួលផ្នែកភាពខ្លួនទីពឹងខ្លួននៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា. ពន្យល់អំពីរបៀបដែលគោលការណ៍ខាងវិញ្ញាណនៃកម្មវិធីនេះ បានជួយគាត់ឲ្យរីកចម្រើនខាងសាច់ឈាម ៖ « ខ្ញុំបានដឹងថា គោលការណ៍ និងមូលដ្ឋានទាំងនេះអាចអនុវត្តចំពោះគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតយើង ។ សិក្ខាសាលាទាំងនេះបានជួយខ្ញុំឲ្យផ្តោតចិត្តកាន់តែខ្លាំងលើការទទួលខុសត្រូវក្នុងនាមជាភរិយា និងម្តាយមួយរូប ។ ឥឡូវនេះ ខ្ញុំមានឧបករណ៍ដើម្បីយល់ពីហិរញ្ញវត្ថុគ្រួសារបានប្រសើរជាងមុន ។ ខ្ញុំបានឃើញពីរបៀបដែលការធ្វើការួមគ្នាជាមួយស្វាមីភរិយាយើង ក្នុងការចាត់ចែងហិរញ្ញវត្ថុក្នុងរបៀបមួយដូចអាជីវកម្ម ។ យើងត្រូវការឧបករណ៍ទាំងនេះសម្រាប់គ្រួសារយើងទទួលបានជោគជ័យ » ។
ទូទាំងសាសនាចក្រ ទស្សនវិស័យដ៏ចម្រើននេះបានបង្កើតឲ្យមានភាពស្មោះត្រង់ និងភាពរឹងមាំខាងវិញ្ញាណ ។ ជាលទ្ធផល សមាជិកបានបង្កើនការតាំងចិត្តរបស់ពួកគេចូលរួមព្រះវិហារ បង់ដង្វាយមួយភាគក្នុងដប់ ហើយបន្តមានភាពសក្តិសមចូលរួមព្រះវិហារបរិសុទ្ធ ។
ចច អ៊ីឆើវ៉ារៀ សមាជិកថ្មីនៃកម្មវិធីភាពខ្លួនទីពឹងខ្លួននិយាយថា « វាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាខ្លាំង » ។ ចច បើកឡានតាក់ស៊ីនៅប្រទេស ប៉េរូ និយាយថា កម្មវិធីនេះបានជួយគាត់ឲ្យទទួលបានទីបន្ទាល់នៃដំណឹងល្អ ដោយសារកម្មវិធីនេះបានធ្វើឲ្យគាត់មានបំណងប្រាថ្នាកែលម្អខ្លួនគាត់ឲ្យប្រសើរឡើង ។ ឥឡូវនេះ គាត់សង្ឃឹមថាគាត់នឹងក្លាយជាជាងជួសជួលអគ្គិសនី ជួសជុលម៉ូតូតូចៗដែលគាត់បានបើកអស់ជាច្រើនឆ្នាំ ។
គាត់និយាយថា « យើងពុំគួរអង្គុយ ហើយរង់ចាំព្រេងសំណាងឡើយ ។ យើងគួរតែមានគំនិតច្នៃប្រឌិត » ។
« ជីវិតរបស់អ្នកនឹងមានពរជ័យ »
ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទូទាំងពិភពលោក កំពុងច្រូតកាត់នូវពរជ័យដែលបានសន្យាដោយព្រះអម្ចាស់ នៅពេលពួកគេព្យាយាមរៀន រស់នៅ និងអនុវត្តគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និងខាងសាច់ឈាម ។ ដោយសារមនុស្សគ្រប់គ្នាអាចទទួលបានប្រយោជន៍ នោះកម្មវិធីនេះបានផ្តល់ពរយ៉ាងពិសេសដល់អស់អ្នកដែលខ្វះ ឬត្រូវការការពង្រឹងនៅក្នុងផ្នែកខ្លួនទីពឹងខ្លួនទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ មូលនិធិអប់រំដែលមានជាបន្តបន្ទាប់ជ្រោមជ្រែងដល់កម្មវិធីភាពខ្លួនទីពឹងខ្លួន ដោយការជួយដល់អស់អ្នកដែលមានផែនការសម្រាប់ការបំពាក់បំប៉នផ្នែកអប់រំ ដើម្បីទទួលបានធនធានចាំបាច់នានា ។
ព្រះគម្ពីរសន្យាអំពីជំនួយរបស់ព្រះអម្ចាស់ ពេលយើងខិតខំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន ។ ព្រះអម្ចាស់មានបន្ទូលថា « នេះជាគោលបំណងរបស់យើង ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង » ( គ. និង ស. ១០៤:១៥ ) ។
គណៈប្រធានទីមួយមានប្រសាសន៍ស្តីពីគោលបំណងនោះថា « វិវរណៈនេះគឺជាការសន្យាមួយពីព្រះអម្ចាស់ថា ទ្រង់នឹងប្រទានពរជ័យខាងសាច់ឈាម ហើយបើកទ្វារនៃភាពខ្លួនទីពឹងខ្លួន ជាសមត្ថភាពដែលយើងអាចផ្គត់ផ្គង់សេចក្ដីត្រូវការចាំបាច់ក្នុងជីវិតដល់ខ្លួនឯង និងសមាជិកគ្រួសាររបស់យើង » ។
ពេលយើងសិក្សា អនុវត្ដ និងបង្រៀនគោលការណ៍ទាំងនេះដល់សមាជិកគ្រួសារ នោះគណៈប្រធានទីមួយសន្យាថា « ជីវិតរបស់អ្នកនឹងទទួលពរ ។ អ្នកនឹងរៀនពីរបៀបដើម្បីធ្វើដំណើរនៅលើផ្លូវរបស់អ្នកឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួនដែលអស្ចារ្យជាងមុន ។ អ្នកនឹងត្រូវបានប្រទានពរឲ្យមានសេចក្តីសង្ឃឹម សេចក្ដីសុខសាន្ត និងការរីកចម្រើនដែលអស្ចារ្យជាងមុន » ។៦