លក្ខណៈដូចព្រះគ្រីស្ទ
ដកស្រង់ចេញពីសាកលវិទ្យាល័យព្រិកហាំ យ៉ង់–សុន្ទរកថាថ្លែងនៅសន្និបាតសាសនានៅអៃដាហូ នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៣ ។
ព្រះយេស៊ូវបានរងទុក្ខខ្លាំងបំផុត មានក្តីអាណិតអាសូរខ្លាំងបំផុតសម្រាប់ពួកយើង ដែលជាជនរងទុក្ខតែបន្តិចបន្តួចប៉ុណ្ណោះ ។
អែលឌើរ នែល អេ ម៉ាក់ស្វែល ( ១៩២៦–២០០៤ ) បានបង្រៀនគោលការណ៍មួយដែលធ្វើឲ្យខ្ញុំមានការស្ងប់ស្ងែងយ៉ាងខ្លាំង ហើយខ្ញុំបានផ្តោតចិត្តទុកដាក់សិក្សា គិត និងពិចារណា ។ លោកបានមានប្រសាសន៍ថា « ពុំអាចមានដង្វាយធួនឡើយ ប្រសិនបើគ្មានលក្ខណៈនៃព្រះគ្រីស្ទទេនោះ ! »១ ចាប់តាំងពីឮសេចក្តីថ្លែងដ៏ស្មោះត្រង់ និងមានការយល់ច្បាស់នេះមក ខ្ញុំបានព្យាយាមរៀនបន្ថែម ហើយយល់បន្ថែមទៀតអំពីពាក្យ « លក្ខណៈ » ។ ខ្ញុំក៏បានពិចារណាផងដែរអំពីទំនាក់ទំនងរវាងលក្ខណៈនៃព្រះគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ — និងការអនុវត្តន៍នៃទំនាក់ទំនងនោះសម្រាប់ពួកយើងម្នាក់ៗក្នុងនាមជាសិស្ស ។
លក្ខណៈនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ
ប្រហែលជាការបង្ហាញដ៏អស្ចារ្យបំផុតអំពីលក្ខណៈនេះគឺជាសមត្ថភាពទទួលស្គាល់ និងឆ្លើយតបយ៉ាងសមរម្យទៅកាន់មនុស្សដទៃដែលកំពុងជួបប្រទះនឹងឧបសគ្គ ឬទុក្ខវេទនា ដែលមានឥទ្ធិពលលើយើងភ្លាមៗ និងខ្លាំងក្លា ។ ឧទាហរណ៍ លក្ខណៈនោះត្រូវបានបើកសម្តែងនៅក្នុងអំណាចដើម្បីញែកដឹងអំពីការរងទុក្ខរបស់មនុស្សដទៃ ពេលយើងកំពុងរងទុក្ខ នៅក្នុងលទ្ធភាពដឹងអំពីភាពស្រេកឃ្លានរបស់មនុស្សដទៃ ពេលយើងស្រេកឃ្លាន និងនៅក្នុងអំណាចឈោងទៅជួយ និងផ្តល់ក្តីអាណិតអាសូរដល់ការឈឺចាប់ខាងវិញ្ញាណរបស់មនុស្សដទៃ ពេលយើងកំពុងឈឺចាប់ខាងវិញ្ញាណរបស់យើងផ្ទាល់ ។ ដូច្នេះលក្ខណៈនេះត្រូវបានបង្ហាញឡើងតាមរយៈការមើល និងការឈោងទៅជួយ ពេលការឆ្លើយតបតាមធម្មជាតិ និងកើតពីសភាវគតិត្រូវបានកើតចំពោះខ្លួនឯង និងមានក្នុងខ្លួនយើង ។ ប្រសិនបើលទ្ធភាពនោះពិតជាកត្តាសំខាន់នៃលក្ខណៈខាងសីលធម៌ នោះព្រះអង្គសង្គ្រោះនៃពិភពលោកគឺជាគំរូដ៏ឥតខ្ចោះអំពីលក្ខណៈដ៏ខ្ជាប់ខ្ជួន និងមានក្តីសប្បុរសបែបនោះ ។
ឧទាហរណ៍អំពីលក្ខណៈនៃព្រះគ្រីស្ទ
នៅក្នុងបន្ទប់ខាងលើនារាត្រីនៃអាហារយប់ថ្ងៃចុងក្រោយ គឺជាយប់អំឡុងពេលដែលទ្រង់ជួបនូវការរងទុក្ខដ៏មហិមា ដែលកើតមានឡើងនៅក្នុងពិភពទាំងអស់ដែលទ្រង់បានបង្កើតឡើង នោះព្រះគ្រីស្ទបានមានបន្ទូលអំពីព្រះដ៏ជាជំនួយ និងភាពសុខសាន្តដូច្នេះ ៖
« ខ្ញុំប្រាប់សេចក្តីទាំងនេះដល់អ្នករាល់គ្នា កំពុងដែលនៅជាមួយគ្នានៅឡើយ ។
តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នាពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ ។
ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬ ភ័យឡើយ » ( យ៉ូហាន ១៤:២៥–២៧ ) ។
ការទទួលស្គាល់ថា ទ្រង់ហៀបនឹងទទួលនូវបទពិសោធន៍ដ៏ខ្លាំង និងផ្ទាល់ខ្លួនអំពីការគ្មានវត្តមាននៃការលួងលោម និងភាពសុខសាន្ត ហើយនៅក្នុងគ្រាដែលព្រះទ័យរបស់ទ្រង់ប្រហែលជាមានកង្វល់ និងការភ័យខ្លាច នោះលោកគ្រូយាងចេញទៅខាងក្រៅ ហើយប្រទានពរជ័យដល់អ្នកដទៃទៀត ដែលការធ្វើបែបនេះអាច និងអាចត្រូវបានពង្រឹងដល់ទ្រង់ ។
នៅក្នុងការអធិស្ឋានជំនួសដ៏អស្ចារ្យ ដែលបានប្រទានឲ្យភ្លាមៗពីមុនព្រះយេស៊ូវយាងចេញទៅជាមួយពួកសិស្សទ្រង់ទៅជ្រោះកេដ្រុនទៅកាន់ច្បារគែតសេម៉ានី នោះលោកគ្រូបានអធិស្ឋានសូមឲ្យពួកសិស្សរបស់ទ្រង់ និងដល់អស់អ្នក « ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ
ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ ។ …
… ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយ៍បានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថាទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ ។ …
ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសម្តែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្តីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ » ( យ៉ូហាន ១៧:២០, ២១, ២៣, ២៦ ) ។
ខ្ញុំបានឃើញថា ខ្លួនខ្ញុំបានសួរសំណួរដូចតទៅនេះម្តងហើយម្តងទៀត ពេលខ្ញុំពិចារណាអំពីព្រឹត្តិការណ៍នេះ និងព្រឹត្តិការណ៍ដទៃទៀតដែលបានកើតឡើង ហៀបពេលនឹងការដែលគេក្បត់ និងការរងទុក្ខរបស់ទ្រង់ ៖ តើទ្រង់អាចអធិស្ឋានសម្រាប់សុខុមាលភាព និងសាមគ្គីភាពនៃមនុស្សដទៃភ្លាមៗពីមុនការឈឺចាប់ផ្ទាល់របស់អង្គទ្រង់យ៉ាងដូចម្តេច ? តើមានអ្វីទៅ ដែលធ្វើឲ្យទ្រង់ស្វែងរកការលួងលោម និងភាពសុខសាន្តដល់អស់អ្នកដែលត្រូវការតិចជាងទ្រង់នោះ ? ដោយសារតែលក្ខណៈនៃការធ្លាក់របស់ពិភពលោកនេះ នោះទ្រង់បានបង្កើតសម្ពាធមកលើអង្គទ្រង់ តើទ្រង់អាចផ្តោតព្រះទ័យទាំងស្រុង និងពិសេសបែបនេះទៅលើស្ថានភាព និងកង្វល់របស់អ្នកដទៃយ៉ាងដូចម្តេច ? តើលោកចៅហ្វាយអាចឈោងទៅជួយអ្នកដទៃ ខណៈដែលការឈឺចាប់នឹងកើតមានចំពោះទ្រង់យ៉ាងដូចម្តេច ? សេចក្ដីថ្លែងការណ៍មកពីអែលឌើរ ម៉ាកស្វែល ផ្តល់ចម្លើយដល់សំណួរដ៏មានអានុភាពទាំងនេះ ៖
« លក្ខណៈរបស់ព្រះយេស៊ូវមានភាពចាំបាច់គាំទ្រនូវដង្វាយធួនដ៏អស្ចារ្យរបស់ទ្រង់ ។ ប្រសិនបើគ្មានលក្ខណៈដ៏អស្ចារ្យរបស់ព្រះយេស៊ូវទេ នោះគ្មានដង្វាយធួនដ៏មហិមាឡើយ ! លក្ខណៈរបស់ទ្រង់គឺថាទ្រង់ ‹ [ រងទុក្ខ ] នឹងការល្បួងគ្រប់បែបយ៉ាង › ( អាលម៉ា ៧:១១ ) ប៉ុន្តែទ្រង់មិនបាន ‹ រវីរវល់ › ដល់សេចក្ដីល្បួងទាំងនោះឡើយ ( គ. និង ស. ២០:២២ ) » ។២
ព្រះយេស៊ូវបានរងទុក្ខខ្លាំងបំផុត មានក្តីអាណិតអាសូរខ្លាំងបំផុតសម្រាប់ពួកយើងគ្រប់គ្នាដែលជាជនរងទុក្ខតែបន្តិចបន្តួចប៉ុណ្ណោះ ។ ប្រាកដណាស់ ក្នុងជម្រៅនៃការរងទុក្ខ និងការអាណិតអាសូរគឺជាតំណយ៉ាងជិតស្និទ្ធទៅនឹងជម្រៅនៃក្តីស្រឡាញ់នៃអស់អ្នកដែលទ្រង់បានបម្រើ ។
ចូរសកម្មក្នុងការស្វែងរកសេចក្ដីសប្បុរស
នៅក្នុងជីវិតរមែងស្លាប់ យើងអាចព្យាយាមដើម្បីទទួលបានពរ និងអភិវឌ្ឍធាតុចាំបាច់នៃលក្ខណៈដូចជាព្រះគ្រីស្ទ ។ ប្រាកដណាស់ ក្នុងជីវិតរមែងស្លាប់នេះ យើងអាចព្យាយាមដោយក្តីសុចរិតដើម្បីទទួលបាននូវអំណោយទានខាងវិញ្ញាណ ដែលទាក់ទងនឹងសមត្ថភាព ដើម្បីឈោងទៅជួយអ្នកដទៃ និងឆ្លើយតបយ៉ាងសមរម្យទៅកាន់មនុស្សដទៃដែលកំពុងជួបនូវឧបសគ្គ ឬទុក្ខវេទនា ដែលមានឥទ្ធិពលលើយើងភ្លាមៗ និងខ្លាំងក្លា ។ យើងពុំអាចទទួលបានសមត្ថភាពបែបនោះតាមរយៈឆន្ទៈសុទ្ធសាធ ឬការប្តេជ្ញាចិត្តផ្ទាល់ខ្លួនយើងឡើយ ។ ផ្ទុយទៅវិញ យើងពឹងផ្អែក និងត្រូវការ « គុណបំណាច់ សេចក្តីមេត្តាករុណា និងព្រះគុណនៃព្រះមេស៊ីដ៏បរិសុទ្ធ » ( នីហ្វៃទី ២ ២:៨ ) ។ ប៉ុន្តែ « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ ( នីហ្វៃទី ២ ២៨:៣០ ) និង « ក្រោយមក ( ម៉ូសេ ៧:២១ ) យើងអាចឈោងទៅជួយអ្នកដទៃ ខណៈដែលទំនោរធម្មជាតិគឺ ឲ្យយើងគិតអំពីខ្លួនឯងទៅវិញនោះ ។
ខ្ញុំសូមផ្តល់យោបល់ថាអ្នក និងខ្ញុំត្រូវតែអធិស្ឋាន មានបំណង ព្យាយាម ហើយខិតខំបណ្តុះលក្ខណៈដូចព្រះគ្រីស្ទ ប្រសិនបើយើងសង្ឃឹមថានឹងទទួលនូវអំណាយខាងវិញ្ញាណគឺជាសេចក្តីសប្បុរស — សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។ សេចក្តីសប្បុរស ពុំមែនជាចរិត ឬលក្ខណៈដែលយើងអាចទទួលបានទាំងស្រុងតាមរយៈគោលបំណងខ្ជាប់ខ្ជួន និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួនយើងឡើយ ។ ប្រាកដណាស់ យើងត្រូវគោរពសេចក្តីសញ្ញាយើង ហើយរស់នៅដោយសក្តិសម ព្រមទាំងធ្វើកិច្ចការគ្រប់យ៉ាងដែលយើងអាចធ្វើ ដើម្បីសមនឹងអំណោយទាននោះ ប៉ុន្តែអំណោយទាននៃសេចក្តីសប្បុរសជាម្ចាស់យើង — យើងគ្មានវាឡើយ ( សូមមើល មរ៉ូណៃ ៧:៤៧ ) ។ ព្រះអម្ចាស់កំណត់ថា តើយើងនឹងទទួល ហើយតើពេលវេលាដែលយើងទទួលនូវអំណោយទានខាងវិញ្ញាណទាំងអស់នោះ ប៉ុន្តែយើងត្រូវធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ក្នុងអំណាចយើង ដើម្បីមានក្ដីប្រាថ្នា មានបំណង អញ្ជើញ ហើយសមនឹងទទួលអំណោយទានបែបនោះ ។ នៅពេលយើងបង្កើនការប្រព្រឹត្តតាមរបៀបមួយដែលដូចទៅនឹងលក្ខណៈនៃព្រះគ្រីស្ទ នោះយើងប្រហែលជាកំពុងបង្ហាញដល់ស្ថានសួគ៌ ក្នុងរបៀបមួយដ៏មានឥទ្ធិពលបំផុតអំពីបំណងប្រាថ្នាយើងសម្រាប់អំណោយទានខាងវិញ្ញាណដ៏មហិមានៃសេចក្តីសប្បុរសនេះ ។ ហើយប្រាកដណាស់ យើងកំពុងទទួលបានពរជ័យនូវអំណោយទានដ៏អស្ចារ្យនេះ ពេលយើងបង្កើនការឈោងទៅជួយអ្នកដទៃ ខណៈដែលធម្មជាតិជាមនុស្សក្នុងខ្លួនយើងជាធម្មតាគិតអំពីខ្លួនឯងទៅវិញនោះ ។
ព្រះយេស៊ូវជាព្រះគ្រីស្ទ ជាព្រះរាជបុត្រាតែមួយគត់នៃព្រះវរបិតាដ៏អស់កល្បជានិច្ច ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ។ ហើយខ្ញុំសូមថ្លែងទីបន្ទាល់ថា លក្ខណៈរបស់ទ្រង់អាចផ្តល់ឱកាសនានាដល់យើងទាំងអមតៈភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមឲ្យយើងអាចឈោងទៅជួយអ្នកដទៃ ខណៈដែលទំនោរនៃធម្មជាតិឲ្យយើងគិតអំពីខ្លួនឯងទៅវិញនោះ ។