កម្មវិធីចូរមកតាមខ្ញុំ — សម្រាប់ការប្រជុំថ្នាក់បព្វជិតភាពមិលគីស្សាដែក និងថ្នាក់សមាគមសង្គ្រោះ
ចាប់ផ្តើមពីខែ មករា ឆ្នាំ ២០១៨ នេះតទៅ
ការណែនាំស្តីពីបទពិសោធន៍ថ្នាក់ថ្ងៃអាទិត្យថ្មីសម្រាប់ពួកមជ្ឈិមវ័យ
យើងបានសិក្សាសៀវភៅស៊េរី ការបង្រៀនរបស់ប្រធានសាសនាចក្រ អស់ច្រើនឆ្នាំមកហើយ ។ នៅក្នុងឆ្នាំ ២០១៨ យើងនឹងចាប់ផ្តើមប្រើប្រាស់សារលិខិតសន្និសីទទូទៅ ដើម្បីផ្តោតការសិក្សារបស់យើងលើការបង្រៀនរបស់ពួកព្យាការី ពួកសាវកបច្ចុប្បន្ន និងថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រ ។
ស្វែងយល់អំពីតម្រូវការ
ក្រុមប្រឹក្សាវួដ
គណៈប្រធាន
គ្រូបង្រៀនតាមផ្ទះ និងគ្រូបង្រៀនសួរសុខទុក្ខ
ប្រឹក្សារួមគ្នា និងរៀនអំពីសន្និសីទទូទៅ
ការប្រជុំថ្ងៃអាទិត្យ
ធ្វើកិច្ចការ ហើយរាយការណ៍មកវិញ
បទពិសោធន៍ថ្មីនាថ្ងៃអាទិត្យ
ការប្រជុំថ្ងៃអាទិត្យសម្រាប់កូរ៉ុមបព្វជិតភាពមិលគីស្សាដែក និងសមាគមសង្គ្រោះ នៅក្នុងខែ មករា ឆ្នាំ ២០១៨ នឹងត្រូវផ្លាស់ប្តូរ ។ ការផ្លាស់ប្តូរទាំងនេះ ទាក់ទងនឹងសម្ភារដែលយើងនឹងប្រើប្រាស់ — សៀវភៅស៊េរី ការបង្រៀនរបស់ប្រធានសាសនាចក្រ នឹងត្រូវបានជំនួស ដោយផ្តោតកាន់តែខ្លាំងទៅលើការរៀនពីសារលិខិតមកពីសន្និសីទទូទៅ ការប្រឹក្សារួមគ្នា និងការសិក្សាប្រធានបទពិសេសៗ ដែលបានជ្រើសរើសដោយថ្នាក់ដឹកនាំទូទៅរបស់យើង ។
ប៉ុន្តែការផ្លាស់ប្តូរដ៏មានអត្ថន័យបំផុតនេះគឺស្តីអំពី របៀបដែលយើងប្រើសម្ភារទាំងនេះ ដើម្បីសម្រេចឲ្យបាននូវគោលបំណងពិតប្រាកដនៃការប្រជុំនាថ្ងៃអាទិត្យ ។
គោលបំណងនៃការប្រជុំរបស់យើង
ព្រះបានរៀបចំបុត្រា និងបុត្រីនៃសេចក្តីសញ្ញារបស់ទ្រង់ ឲ្យចូលមកក្នុងកូរ៉ុមបព្វជិតភាព និងសមាគមសង្គ្រោះដើម្បីជួយសម្រេចកិច្ចការរបស់ទ្រង់ ។ មានរឿងដ៏មានអានុភាពកើតឡើង ពេលយើងប្រមូលផ្តុំគ្នានៅក្រោមការដឹកនាំនៃអស់អ្នកដែលកាន់កូនសោបព្វជិតភាពទាំងនោះ ។ ដូច្នេះ ទោះបីជាការណែនាំអំពីដំណឹងល្អមានសារៈសំខាន់យ៉ាងណាក្តី ការប្រជុំបព្វជិតភាព និងសមាគមសង្គ្រោះនៅថ្ងៃអាទិត្យ គឺមានលក្ខណៈលើសពីថ្នាក់រៀនមួយទៅទៀត ។ ថ្នាក់រៀនទាំងនោះក៏ជាការប្រជុំធ្វើប្រតិបត្តិការ ជាកន្លែងដែលយើងរៀនជាមួយគ្នានូវសារលិខិតដកស្រង់ចេញពីសន្និសីទទូទៅ ប្រឹក្សាអំពីកិច្ចការនៃសេចក្តីសង្គ្រោះ និងរៀបចំដើម្បីសម្រេចកិច្ចការនោះ ។ ការផ្លាស់ប្តូរដែលនឹងកើតមាននៅក្នុងឆ្នាំ ២០១៨ នេះ នឹងជួយពួកយើងឲ្យបំពេញនូវគោលបំណងទាំងនេះ ។
សំណួរ និងចម្លើយ
តើនេះគឺជាការផ្លាស់ប្តូរកម្មវិធីសិក្សាថ្មី — ឬមានអ្វីលើសពីនេះទៀត ? សម្ភារថ្មីៗមើលទៅដូចជាកម្មវិធីសិក្សាមួយ ប៉ុន្តែសម្ភារទាំងនោះក៏ជាកាតាលីករមួយសម្រាប់កូរ៉ុមបព្វជិតភាពមិលគីស្សាដែក និងសមាគមសង្គ្រោះ ក្នុងការបង្កើនការចូលរួមរបស់ពួកគេនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ និងការបំពេញតម្រូវការក្នុងមូលដ្ឋាន ។ ការផ្លាស់ប្តូរនេះផ្តល់ជាវេទិកាមួយដើម្បីស្វែងយល់ ប្រឹក្សា និងបំពេញតម្រូវការទាំងនោះ ។
តើយើងនឹងផ្តោតយកចិត្តទុកដាក់ទៅលើអ្វីខ្លះ អំឡុងពេលនៃការប្រជុំថ្ងៃអាទិត្យ ? ចាប់ពីខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះតទៅការចេញផ្សាយ លីអាហូណា និង Ensign នៃសន្និសីទទូទៅនឹងដាក់រួមបញ្ចូលនូវសម្ភារនានា ដើម្បីប្រើប្រាស់នៅក្នុងការប្រជុំថ្នាក់បព្វជិតភាពមិលគីស្សាដែក និងថ្នាក់សមាគមសង្រ្គោះនៅការប្រជុំថ្ងៃអាទិត្យ ។ ការប្រជុំពីរដងប្រចាំខែនឹងផ្តោតទៅលើសារលិខិតសន្និសីទ ហើយថ្នាក់ដឹកនាំ និងគ្រូបង្រៀននឹងទទួលបានយោបល់ដើម្បីជួយសមាជិកឲ្យពិភាក្សា និងអនុវត្តសារលិខិតទាំងនោះ ។ សប្តាហ៍ទីមួយនឹងត្រូវចំណាយពេលក្នុងការពិភាក្សារួមគ្នាដើម្បីបំពេញតម្រូវការក្នុងមូលដ្ឋាន ហើយសប្តាហ៍ទីបួនចំណាយពេលសិក្សាប្រធានបទមួយ ដែលបានរើសដោយថ្នាក់ដឹកនាំទូទៅរបស់យើង ។ សូមមើលកាលវិភាគការប្រជុំប្រចាំខែនៅលើទំព័រម្ខាងទៀត ។
តើការប្រឹក្សារួមគ្នាអំពីតម្រូវការក្នុងមូលដ្ឋានមានន័យដូចម្តេច ? កូរ៉ុមបព្វជិតភាពមិលគីស្សាដែក និងសមាគមសង្គ្រោះ « អង្គុយក្នុងក្រុមប្រឹក្សា » (គ. និង ស. ១០៧:៨៩) នៅសប្តាហ៍ទីមួយរៀងរាល់ខែ ។ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំបព្វជិតភាព ឬសមាគមសង្គ្រោះ នោះការប្រជុំនៅសប្តាហ៍ទីមួយត្រូវបានប្រើប្រាស់ដើម្បីស្វែងយល់អំពីតម្រូវការក្នុងមូលដ្ឋាន ហើយប្រឹក្សារួមគ្នាអំពីរបៀបដើម្បីបំពេញតាមតម្រូវការទាំងនោះ ។ ប្រធានបទដែលអាចប្រើប្រាស់សម្រាប់ក្រុមប្រឹក្សានៅសប្តាហ៍ទីមួយនេះរួមមាន របៀបធ្វើឲ្យទំនាក់ទំនងជាមួយសមាជិកគ្រួសារបានល្អប្រសើរឡើង របៀបបម្រើនៅក្នុងសហគមន៍ និងរបៀបណែនាំដល់យុវវ័យនៅក្នុងវួដ ឬសាខា ។ នៅក្នុងការប្រជុំបន្តបន្ទាប់ទៀត កូរ៉ុម ក្រុម ឬសមាគមសង្គ្រោះតាមដានលើចំណាប់អារម្មណ៍ និងសកម្មភាពទាំងឡាយ ។
តើកម្មវិធីសិក្សានេះដូចគ្នាទៅនឹងកម្មវិធី ចូរមកតាមខ្ញុំ សម្រាប់យុវវ័យឬទេ ? ទោះបីជាប្រធានបទ និងសម្ភារនានានៃកម្មវិធី ចូរមកតាមខ្ញុំ — សម្រាប់ការប្រជុំថ្នាក់បព្វជិតភាពមិលគីស្សាដែក និងថ្នាក់សមាគមសង្គ្រោះ ផ្សេងពីប្រធានបទ និងសម្ភារនៅក្នុងកម្មវិធី ចូរមកតាមខ្ញុំ សម្រាប់យុវវ័យក្តី ក៏វិធីសាស្ត្រនៃការបង្រៀន និងការរៀនសូត្រគឺនៅតែដដែល ។ សម្រាប់ព័ត៌មានបន្ថែមអំពីការរៀនសូត្រ និងការបង្រៀនដំណឹងល្អ សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ នៅគេហទំព័រ teaching.lds.org ។
ខ្ញុំមិនមែនជាគ្រូបង្រៀនទេ ។ តើខ្ញុំត្រូវជាវ លីអាហូណា ឬ Ensign ដែរឬទេ ? បទពិសោធន៍របស់អ្នកនឹង មានកាន់តែប្រសើរឡើង ប្រសិនបើអ្នកអានសារលិខិតសន្និសីទទូទៅ ហើយនាំយកសារលិខិតនោះទៅកាន់ការប្រជុំនៅថ្ងៃអាទិត្យរបស់អ្នក ។ អ្នកអាចរកសារលិខិតទាំងនោះបាននៅលើអ៊ិនធើរណែតក្នុងគេហទំព័រ conferencelds.org និងនៅក្នុងកម្មវិធី Gospel Library ឬតាមរយៈការជាវ លីអាហូណា ឬ Ensign ( សូមមើល store.lds.org ) ។
ចុះប្រសិនបើទស្សនាវដ្តីសន្និសីទទូទៅពុំមានជាភាសារបស់ខ្ញុំនោះ ? សារលិខិតសន្និសីទទូទៅមានជាច្រើនភាសានៅលើគេហទំព័រ conference.lds.org និងនៅក្នុងកម្មវិធី Gospel Library ហើយសម្ភារនៃកម្មវិធីសិក្សានឹងមាននៅគេហទំព័រ ComeFollowMe.lds.org ។ ប្រសិនបើអ្នកពុំទទួលបានសម្ភារសម្រាប់កម្មវិធីសិក្សាថ្មីនេះជាភាសាអ្នកនៅលើអ៊ិនធើរណែត ឬនៅក្នុងទស្សនាវដ្តីទេនោះ សូមមើល សេចក្តីណែនាំស្តីពីកម្មវិធីសិក្សាឆ្នាំ ២០១៨ សម្រាប់ព័ត៌មានបន្ថែម ។
តើយើងចាប់ផ្តើមសិក្សាសារលិខិតថ្មីនៃសន្និសីទទូទៅនៅពេលណា ? យើងនឹងចាប់ផ្តើមសិក្សាសារលិខិតសន្និសីទខែ តុលា ឆ្នាំ ២០១៧ នៅក្នុងខែ មករា ឆ្នាំ ២០១៨ ។ បន្ទាប់ពីនោះ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានរបស់អ្នកនឹងសម្រេចអំពីពេលវេលាដើម្បីចាប់ផ្តើមប្រើប្រាស់សារលិខិតដែលដកស្រង់ចេញពីសន្និសីទក្រោយៗទៀត — ដូចជាសន្និសីទខែ ឧសភា និង ខែ វិច្ឆិកាជារៀងរាល់ឆ្នាំ ។
តើនរណាជាអ្នកជ្រើសរើសសារលិខិតសន្និសីទទូទៅឲ្យយើងសិក្សា ? ថ្នាក់ដឹកនាំក្នុងមូលដ្ឋានរបស់អ្នកនឹងប្រឹក្សារួមគ្នាអំពីសារលិខិតសន្និសីទណាមួយ ដែលនឹងបំពេញតម្រូវការច្រើនបំផុតដល់កូរ៉ុម ក្រុម ឬសមាគមសង្គ្រោះរបស់អ្នក ។ ក្រុមសង្ឃជាន់ខ្ពស់ កូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះនៅក្នុងវួដ ឬសាខាតែមួយ អាចសិក្សាសារលិខិតផ្សេងគ្នា ដើម្បីបំពេញទៅតាមតម្រូវការផ្សេងៗគ្នានោះ ។
កាលវិភាគថ្ងៃអាទិត្យសម្រាប់ថ្នាក់បព្វជិតភាពមិលគីស្សាដែក និងថ្នាក់សមាគមសង្រ្គោះ
ចាប់ផ្តើមពីខែ មករា ឆ្នាំ ២០១៨ នេះតទៅ
ប្រធានបទ |
ដឹកនាំដោយ | |
សប្តាហ៍ទីមួយ |
ប្រឹក្សារួមគ្នាអំពីតម្រូវការក្នុងមូលដ្ឋាន |
គណៈប្រធាន ឬក្រុមថ្នាក់ដឹកនាំ |
សប្តាហ៍ទីពីរ និងទីបី |
សារលិខិតសន្និសីទទូទៅទើបចេញថ្មី |
គណៈប្រធាន ឬក្រុមថ្នាក់ដឹកនាំ ឬគ្រូបង្រៀនដែលបានហៅ |
សប្តាហ៍ទីបួន |
ប្រធានបទពិសេសដែលបានជ្រើសរើសដោយថ្នាក់ដឹកនាំទូទៅនៃសាសនាចក្រ |
គណៈប្រធាន ឬក្រុមថ្នាក់ដឹកនាំ ឬគ្រូបង្រៀនដែលបានហៅ |
សប្ដាហ៍ទីប្រាំ |
ប្រធានបទដែលជ្រើសរើសដោយគណៈប៊ីស្សព |
គណៈប៊ីស្សព ឬនរណាម្នាក់ដែលពួកគាត់ចាត់តាំង |
សេចក្តីណែនាំសម្រាប់ការប្រជុំទាំងនេះនឹងមាននៅក្នុងច្បាប់ចេញផ្សាយនៃ លីអាហូណា និង Ensign ខែ វិច្ឆិកា នៅក្នុងកម្មវិធី Gospel Library និងនៅលើគេហទំព័រ ComeFollowMe.lds.org ។