ចម្លើយមកពីថ្នាក់ដឹកនាំសាសនាចក្រ
របៀប ដឹងដោយខ្លួនឯងផ្ទាល់
ដកស្រង់ចេញពីកម្មវិធី Face to Face ខែ មិនា ឆ្នាំ ២០១៧ ជាមួយប្រធាន ហិនរី ប៊ី អាវរិង និងអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។
ប្អូនៗយុវវ័យជាទីស្រឡាញ់របស់យើង យើងមានបំណងប្រាថ្នាសម្រាប់ប្អូនៗគ្រប់គ្នាថា ប្អូនៗអាចដឹងដោយខ្លួនឯង ដោយឯករាជ្យពីអ្នកផ្សេងទៀតថា ព្រះនៃស្ថានសួគ៌គឺមានពិត ថាទ្រង់ស្រឡាញ់ប្អូនៗ ហើយថាព្រះរាជបុត្រាទ្រង់បានធ្វើឲ្យធួននឹងអំពើបាបរបស់ពិភពលោកនេះ ។
យើងសង្ឃឹមថា ប្អូនៗនឹងទទួលបានទីបន្ទាល់ដ៏ឥតងាករេមួយដោយខ្លួនឯងថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្តារឡើងវិញមកកាន់ផែនដីនេះសម្រាប់គ្រាចុងក្រោយនេះ ។ បេសកកម្មរបស់ យ៉ូសែប ស៊្មីធ គឺពិសេស ប៉ុន្តែការអធិស្ឋានដ៏រាបសារបស់លោកគឺជាគំរូដ៏មានប្រយោជន៍សម្រាប់ប្អូនៗ និងសម្រាប់ខ្ញុំ ។ យ៉ូសែប បានចាប់ផ្តើមទៅព្រៃពិសិដ្ឋដើម្បី អធិស្ឋានដោយសេចក្តីជំនឿ ថា ព្រះដ៏ពេញដោយក្តីស្រឡាញ់នឹងឆ្លើយតបការអធិស្ឋានរបស់លោក ហើយជួយលោកឲ្យធូរស្បើយពីការច្របូកច្របល់របស់លោក ។ លោកបានទទួលការបញ្ជាក់នោះតាមរយៈ ការអានព្រះបន្ទូលព្រះ និង ការទទួលបាននូវទីបន្ទាល់មួយ ថា វាគឺជាការពិត ។ យ៉ូសែប ក៏បានអធិស្ឋានដោយពុំគ្រាន់តែចង់ស្តាប់ប៉ុណ្ណោះឡើយ ថែមទាំងចង់ធ្វើតាមទោះបីវាលំបាកយ៉ាងណាក្តី ។ លោកបានតាំងចិត្ត ធ្វើតាមអ្វីដែលព្រះបានមានបន្ទូល មកកាន់លោក ។
នៅក្នុងស្មារតីនោះ ខ្ញុំចង់ផ្តល់ការអញ្ជើញដល់ពួកយុវវ័យសាសនាចក្រ ។ ការអញ្ជើញនោះគឺ ៖ ចូរដឹងដោយខ្លួនឯងថា កិច្ចការទាំងនេះគឺជាការពិត ។ ប្អូនអាចធ្វើយ៉ាងនេះបាន តាមរយៈការធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ ៖ សិក្សាព្រះគម្ពីរ ចូរឲ្យព្រះបន្ទូលជ្រាបចូលយ៉ាងជ្រៅទៅក្នុងចិត្តអ្នក ពិចារណាអំពីវា ម្តងហើយម្តងទៀត ហើយក្រោយមក សូមដល់ព្រះ ដោយមានឆន្ទៈទទួលយកការណែនាំរបស់ទ្រង់ — ដោយពិតប្រាកដថា ព្រះទ័យទ្រង់នឹងបានសម្រេច ។
ដោយសារការអញ្ជើញនេះហាក់ដូចជាការអញ្ជើញដ៏សាមញ្ញមួយ នោះខ្ញុំសន្យានឹងប្អូនៗថា វាត្រូវការការខំខ្នះខ្នែងជាខ្លាំង ។ ខ្ញុំពុំអាចសន្យាថា ចម្លើយរបស់ប្អូននឹងមកក្នុងរយៈពេលមួយថ្ងៃ ឬមួយសប្តាហ៍នោះឡើយ ប៉ុន្តែខ្ញុំអាចសន្យាថា ព្រះនឹងមានបន្ទូលទៅប្អូនតាមរបៀបរបស់ទ្រង់ និងតាមពេលរបស់ទ្រង់ ប្រសិនបើប្អូនៗទូលសូមដោយសេចក្តីជំនឿ ។ ពេលប្អូន ទទួលយក ហើយ ធ្វើតាមការអញ្ជើញនេះ នោះប្អូនៗនឹងឃើញថា ប្អូនៗមិនត្រឹមតែទទួលបានចម្លើយប៉ុណ្ណោះទេ ប៉ុន្តែប្អូនៗក៏នឹងបង្កើតលំនាំនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលនឹងផ្តល់ពរជ័យដល់ប្អូនពេញមួយជីវិត ។