ការបង្ហាញអំពីសេចក្តីជំនឿ
អ៊ីលើរ ដូដា
ទីក្រុងឌើររេស ប្រទេសអាល់បានី
អ៊ីលើរ ពិនិត្យមើលឧបករណ៍របស់គាត់ ខណៈកូនប្រុសគាត់វាស់កម្ពស់ឲ្យគាត់ ។
អ៊ីលើរ និងភរិយាគាត់ ជីស្ទីណា លុតជង្គង់ចុះអធិស្ឋានជាមួយកូនៗរបស់ពួកគេ ។
ការបម្រើរបស់ អ៊ីលើរ ជាប៊ីស្សពបានធ្វើជាគំរូដ៏ល្អដល់កូនប្រុសគាត់ ដែលនិយាយដូច្នេះ ៖ « ខ្ញុំមានទីបន្ទាល់ដ៏រឹងមាំមួយ ។ ខ្ញុំស្រឡាញ់គ្រួសារខ្ញុំ ហើយខ្ញុំអធិស្ឋានរៀងរាល់ថ្ងៃសម្រាប់មនុស្សដែលត្រូវការជំនួយ » ។
អ៊ីលើរ និងកូនប្រុសគាត់ដើរលើផ្លូវនៅឌើររេស ។
អ៊ីលើរ និងជីស្ទីណា ក្លាយជាសមាជិកសាសនាចក្រអស់រយៈពេល ១០ ឆ្នាំហើយ ។
ការបម្រើមិនស្រួលជានិច្ចនោះទេ ប៉ុន្តែក្នុងនាមជាឪពុក និងប៊ីស្សពមួយរូប អ៊ីលើរ ដូដា បានព្យាយាមបង្ហាញកូនៗរបស់គាត់ថា ការបម្រើវាមានតម្លៃ ។
ខូឌី ប៊ែល ជាងថតរូប
មានបងស្រីចំណាស់ម្នាក់នៅក្នុងវួដមានដុះដុំសាច់នៅក្នុងពោះគាត់ ហើយគាត់ត្រូវការជំនួយរៀងរាល់ថ្ងៃ ដោយសារគាត់ពុំអាចក្រោកចេញពីគ្រែបានឡើយ ។ ទីបំផុត គាត់បានសុំឲ្យខ្ញុំមកជួបគាត់តែឯង ដោយគ្មានអ្នកកាន់បព្វជិតភាពណាម្នាក់ ឬមនុស្សផ្សេងទៀតមកជាមួយឡើយ ដោយសារគាត់ឈឺយ៉ាងធ្ងន់ ហើយហៀបនឹងស្លាប់ ។ គាត់មានអារម្មណ៍ល្អ បើមានប៊ីស្សពមកជួយគាត់នោះ ។
ថ្ងៃមួយ ខ្ញុំបានទទួលការវះកាត់បេះដូង ហើយខ្ញុំពុំអាចទៅសួរសុខទុក្ខគាត់មួយរយៈពេលខ្លី ។ ពេលខ្ញុំត្រឡប់ទៅជួបគាត់វិញ គាត់បាននិយាយថា « ប៊ីស្សព តើប៊ីស្សពអាចមកជួយខ្ញុំដូចម្តេច ដោយសារប៊ីស្សពទើបតែទទួលការវះកាត់នោះ ? »
ខ្ញុំបានប្រាប់គាត់ថា « ការហៅបម្រើរបស់ខ្ញុំគឺដើម្បីបម្រើអ្នកដទៃ » ។
គាត់នឹងស្លាប់ក្នុងពេលឆាប់ៗនេះ ហើយរូបកាយរបស់គាត់នឹងចាប់ផ្តើមខូចទៅបន្តិចម្តងៗ ។ វាជារឿងឈឺចាប់ក្នុងការឃើញគាត់រងទុក្ខបែបនេះ ប៉ុន្តែគាត់ពុំខ្លាចស្លាប់ឡើយ ។ គាត់ស្រឡាញ់ព្រះ ហើយដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ ។ គាត់បាននិយាយថា « ខ្ញុំដឹងថា ព្រះមានផែនការដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ » ។
ពេលគាត់ចែកឋានទៅ ខ្ញុំបានគិតអំពីបទពិសោធន៍ដែលខ្ញុំបានមានជាមួយគាត់ និងការហៅបម្រើដ៏អស្ចារ្យរបស់ខ្ញុំក្នុងនាមជាប៊ីស្សព ។ ខ្ញុំមានអំណរគុណក្នុងការបម្រើអ្នកដទៃ ស្រឡាញ់អ្នកដទៃ និងជួយពួកគេ ។ ខ្ញុំស្រឡាញ់ដំណឹងល្អ ។