ឆ្នាំ​២០១៧
ទទួល​បាន​ការគោរព​ខ្លួន​ឯង​តាមរយៈ​ភាព​ខ្លួន​ទីពឹង​ខ្លួន
October 2017


ទទួល​បាន​ការគោរព​ខ្លួន​ឯង​តាមរយៈ​ភាព​ខ្លួន​ទីពឹង​ខ្លួន

ហូសេ អាល់ប៊ែតូ ណាវ៉ាស ( ដូច​ដែល​បាន​ប្រាប់ មែរៀម ស្វីនី ) សាន ហូសេ កូស្តា រីកា

ខ្ញុំ​រៀបការ​ហើយ ខ្ញុំ​មាន​កូន​បីនាក់ ហើយ​ខ្ញុំ​គ្មាន​ការងារ​ធ្វើ​ឡើយ ។ ការខ្វះ​ការងារ​ធ្វើ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​បង់​ក្តីសង្ឃឹម ។ ខ្ញុំ​បាន​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឈប់​ជឿជាក់​លើ​ខ្លួន​ឯង ។

ភរិយា​ខ្ញុំ ខាឡា បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ចូល​រៀន​ក្នុង​ក្រុម​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ វា​ជា​ការអៀនខ្មាស​ណាស់​សម្រាប់​ខ្ញុំ​ក្នុងការ​សារភាព​ថា ខ្ញុំ​គ្មាន​ការងារ​ធ្វើ ប៉ុន្តែ​ភរិយា​ខ្ញុំ​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ចូល​រួម​ក្នុង​ក្រុម​នោះ ប្រយោជន៍​ឲ្យ​ខ្ញុំ​អាច​មើលថែ​គ្រួសារ​យើង​បាន ។

ខ្ញុំ​ស្ទាក់ស្ទើរ​មិន​ចង់​សាកល្បង ។ អំឡុង​ពេល​ចូលរួម​ក្រុម​នោះ ខ្ញុំ​បាន​ដឹង​ថា​ជំនាញ​ភាសា​អង់គ្លេស​របស់​ខ្ញុំ​អាច​ក្លាយ​ជា​ទ្រព្យ​សកម្ម​ដ៏​មាន​តម្លៃ​នៅក្នុង​ពិភព​ការងារ ។ ខ្ញុំ​បាន​សិក្សា​ភាសា​អង់គ្លេស​នៅក្នុង​បេសកកម្ម ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ដឹង​អំពី​របៀប​និយាយ​អំពី​សាសនា​តែ​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​ភាសា​អង់គ្លេស​ដែល​ព្រះវិហារ​បាន​ផ្តល់​ឲ្យ ដើម្បី​បង្កើន​ផ្នែក​វេយ្យសព្ទ​របស់​ខ្ញុំ​ឲ្យ​ប្រសើរ​ឡើង ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ត្រឡប់​មក​ពី​រៀន​ថ្នាក់​អង់គ្លេស​វិញ ខាឡា បាន​ហុច​ទូរសព្ទ​មក​ឲ្យ​ខ្ញុំ​និយាយ ។

ខ្ញុំ​បាន​សួរ ៖ « តើ​ជា​នរណា ? » ។

ភរិយា​ខ្ញុំ​បាន​និយាយ​ថា « អូន​ពុំ​ដឹង​ទេ ។ ពួកគេ​និយាយ​ភាសា​អង់គ្លេស » ។

វា​ជា​ការទូរសព្ទ​មក​ពី​អ្នក​តំណាង​ធនធាន​មនុស្ស​ពី​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស កូស្តា រីកា សួរ​ចង់​សុំ​សម្ភាស​ខ្ញុំ ។ ខ្ញុំ​បាន​ស្រឡាំង​កាំង ប៉ុន្តែការសម្ភាសន៍នោះបានដំណើរការទៅយ៉ាងអស្ចារ្យ ។ ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ខាឡា បាន​រៀបចំ​ការសម្ភាសន៍​នោះ ។

ខ្ញុំ​បាន​មាន​ការងារ​ធ្វើ ហើយ​ខ្ញុំ​បាន​ចាំ​ពី​របៀប​ដែល​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន​បាន​ជួយ​ខ្ញុំ ។ ក្រោយ​មក ខ្ញុំ​បាន​គិត​អំពី​របៀប​ដែល​ខ្ញុំ​អាច​អនុវត្ត​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ខ្ញុំ​បាន​ចាប់ផ្តើម​រក​ការងារ​ដែល​កាន់​តែ​ប្រសើរ​ជាង​មុន ហើយ​ខ្ញុំ​បាន​ទទួល​ការងារ​នោះ ។ បន្ទាប់មក ខ្ញុំ​បាន​ធ្វើ​ការខិតខំ​ជា​ខ្លាំង ដោយ​ចាប់ផ្តើម​អាជីវកម្ម​សាងសង់​ផ្ទាល់​ខ្លួន​ខ្ញុំ ។

ខ្ញុំ​ពុំ​អាច​ស្រមៃ​ឃើញ​ថា តើ​គ្រួសារ​ខ្ញុំ​ និង​ខ្ញុំ​នឹង​ប្រែ​ទៅ​ជា​បែប​ណា​នោះ​ទេ ប្រសិនបើ​យើង​ពុំ​បាន​ចាប់ផ្តើម​ពី​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន​នោះ ។ ខ្ញុំ​បាន​រៀន​បន្ទាប​ខ្លួន ហើយ​ទូលសូម​ជំនួយ​ពី​ព្រះអម្ចាស់ ។ ខ្ញុំ​ក៏​បាន​រៀន​ដើម្បី​ឲ្យ​អស់​អ្នកដែល​ចង់​ជួយ​ខ្ញុំ ផ្តល់​ពរ​ដល់​ជីវិត​ខ្ញុំ​ផងដែរ ។ យើង​មាន​ពរជ័យ​ច្រើន​ណាស់ ។ ឥឡូវ​នេះ ខ្ញុំ​មាន​ការគោរព​ខ្លួន​ឯង ហើយ​ខ្ញុំ​អាច​ផ្តល់​ពរ​ដល់​គ្រួសារ​ខ្ញុំ​ជាមួយ​ប្រាក់​កាក់​ដែល​ខ្ញុំ​រក​បាន ។ ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​ប្រទាន​ពរ​ជ័យ​ដល់​យើង​នៅ​ពេល​យើង​បន្ទាបខ្លួន ។