ឆ្នាំ​២០១៧
សារ៉ា និង​ម៉ាស៊ីន អិម​.អា.​អាយ
October 2017


សារ៉ា និង​ម៉ាស៊ីន អិម​.អា.​អាយ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ស.រ.អា. ។

ប្រហែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​សារ៉ា​កុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ។

« ពេល​ព្រះគ្រីស្ទ​នៅផែនដី ទ្រង់​សន្យា​នឹង​បញ្ជូន​ព្រះវិញ្ញាណ​ឲ្យ​មក​លួងលោម​យើង ជា​មិត្ត​យើង​ដ៏​អស់កល្ប » ( សៀវភៅ​ចម្រៀង​កុមារ ៥៦ ) ។

Sarah and the MRI

វេជ្ជបណ្ឌិត ហ្វ្រេង មាន​ប្រសាសន៍​ថា « សារ៉ា​ទំនង​ជា​ត្រូវ​ធ្វើ​ការថត អិម.​អា.​អាយ នៅ​ខ្នង​របស់​នាង » ។ គាត់​បាន​ញញឹម​ដាក់​សារ៉ា ។ ខ្ញុំ​នឹង​ដាក់​កាលវិភាគ​ធ្វើ​វា​នៅ​ថ្ងៃ​ស្អែក​នេះ ។ « ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​បន្តិច​ទៀត » ។

ខ្នង​របស់​សារ៉ា​ឈឺ​មួយ​រយៈ​មក​ហើយ ។ ពេល​នាង​ក្រោក​នៅពេល​ព្រឹក វា​ឈឺ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​នាង​ពិបាក​នឹង​ក្រោក​ឈរ​ឲ្យ​ត្រង់​ខ្លួន​បាន ហើយ​នាង​ក៏​ពិបាក​ដើរ​ផងដែរ ។ សារ៉ា និង​ម្តាយ​នាង​បាន​មក​ជួប​លោក​វេជ្ជបណ្ឌិត ហ្វ្រេង ដើម្បី​រកមើល​ពី​មូលហេតុ​នៃ​ការឈឺ​នោះ ។

សារ៉ា​បាន​សួរ​ពេល​មើល​មុខ​ម៉ាក់​ថា « ថត អិម.អា.​អាយ ទៀត​ហើយ​ឬ ? » ។ នាង​ធ្លាប់​ថត អិម.អា.​អាយ ពីមុន​ម្តង​ហើយ ។ នាង​ចាំ​ថា នាង​ភ័យ​ខ្លាំង​ណាស់​ពេលនៅ​ក្នុង​បំពង់​ដ៏​ធំ​នោះ ដែល​ថត​រូបភាព​នៅក្នុង​ខ្លួន​របស់​នាង ។

ម៉ាក់​នាង​បាន​និយាយ​ថា « សារ៉ា ឲ្យ​ម៉ាក់​សុំទោស ។ ប៉ុន្តែ​រូបភាព​ទាំង​នោះ​នឹង​ជួយ​វេជ្ជបណ្ឌិត ហ្វ្រេង ឲ្យ​ដឹង​ថា​ខ្នង​កូន​មាន​បញ្ហា​អ្វី ។ ម៉ាក់​ដឹង​ថា​កូន​អាច​ធ្វើ​វា​បាន ។ ម៉ាក់​នឹង​នៅក្បែរ​កូន » ។ ម៉ាក់​បាន​ចាប់​ដៃ​សារ៉ា​យ៉ាង​ណែន ។

សារ៉ា​និយាយ​ថា « ប៉ុន្តែ​ម៉ាក់​ពុំ​អាច​ចូល​ទៅក្នុង​បំពង់​នោះ​ជាមួយ​កូន​បាន​ទេ » ។ នាង​បាន​ឱន​ក្បាល​ចុះ ហើយ​យំ ។ ម៉ាក់​អាច​នៅជាមួយ​នាង​នៅក្នុង​បន្ទប់ ប៉ុន្តែ​ពេល​សារ៉ា​ចូល​ទៅក្នុង​បំពង់​របស់​ម៉ាស៊ីន​នោះ នាង​នឹង​នៅតែ​ឯង ។

ម៉ាក់​បាន​ឱប​សារ៉ា ។ « ត្រូវហើយ ប៉ុន្តែ​តើ​កូន​ដឹង​ទេ​ថា​នរណា អាច នៅ​ទីនោះ​ដើម្បី​លួង​លោម​កូន ? »

សារ៉ា​បាន​ចាំ​ឈ្មោះ​មួយ​ដែល​នាង​បាន​ឮ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ៖ ព្រះ​ដ៏​ជា​ជំនួយ ។ ប្រហែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​នាង​កុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ។

សារ៉ា​បាន​សួរ ៖ « ព្រះវិញ្ញាណ​បរិសុទ្ធ ? »

ម៉ាក់​បាន​ងក់​ក្បាល ។ « ត្រឹមត្រូវ​ហើយ ។ កូន​អាច​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​កូន ។ ប៉ា និង​ម៉ាក់​នឹង​អធិស្ឋាន​ឲ្យ​កូន​ផងដែរ » ។

ការណ៍​នោះ​ធ្វើ​ឲ្យ​សារ៉ា​មាន​គំនិត​អស្ចារ្យ​មួយ ។ « តើ​ខ្ញុំ​អាច​សូម​ឲ្យ​ប៉ា​ប្រសិទ្ធិពរ​បាន​ឬ​ទេ ? »

ម៉ាក់​បាន​ញញឹម ។ « ប្រាកដ​ណាស់ ។ ម៉ាក់​ដឹង​ថា គាត់​នឹង​ប្រសិទ្ធិពរ​ឲ្យ​កូន » ។

នា​យប់​នោះ​ប៉ា​បាន​ដាក់​ដៃ​លើ​ក្បាល​របស់​សារ៉ា ហើយ​ផ្តល់​ការប្រសិទ្ធិពរ​បព្វជិតភាព​ដល់​នាង ។ គាត់​បាន​ប្រសិទ្ធិពរ​សារ៉ា​ថា នាង​នឹង​ត្រូវបាន​ព្រះវិញ្ញាណ​បរិសុទ្ធ​លួងលោម នោះ​នាង​មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ចិត្ត ។ អារម្មណ៍​នោះ​នៅ​ដិត​ជាប់​នឹង​នាង​ពេញ​មួយ​យប់​នោះ ។

ថ្ងៃ​បន្ទាប់​មក សារ៉ា​ដេក​លើ​បន្ទះ​មួយ​ដែល​នឹង​ត្រូវ​យក​ចូល​ទៅក្នុង​បំពង់​ធំ​មួយ​នៅក្នុង​ម៉ាស៊ីន អិម.អា.អាយ ។ នាង​បាន​និយាយ​ឡើង​វិញ​នៅក្នុង​ចិត្ត​នូវ​ពាក្យ​ដែល​ប៉ា​បាន​ប្រើ​អំឡុង​ពេល​ប្រសិទ្ធិពរ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ទីនោះ​ដើម្បី​លួងលោម​កូន ។ សារ៉ា​បាន​ចាប់​ដៃ​ម៉ាក់​យ៉ាង​ណែន ។ បន្ទាប់​មក គិលានុបដ្ឋយិកា​បាន​ដាក់​នាង​ចូល​ទៅក្នុង​បំពង់​នោះ ។

ម៉ាស៊ីន អិម.អា.​អាយ មាន​សំឡេង​គួរ​ឲ្យ​ចង់​សើច អំឡុង​ពេល​វា​ថត​ខ្នង​របស់​នាង ។ សារ៉ា​ត្រូវ​ដេក​យ៉ាង​ស្ងៀម​ដើម្បី​កុំ​ឲ្យ​រូបភាព​នោះ​ស្រអាប់ ។ នាង​មាន​ការភិតភ័យ​បន្តិច ប៉ុន្តែ​ក្រោយ​មក​នាង​មាន​អារម្មណ៍​កក់ក្តៅ​នោះ​ឡើង​វិញ ។ វា​ជា​អារម្មណ៍​មួយ​ដូច​ជា​ម៉ាក់​ឱប​កូន ។ ឬ​ដូច​ជា​ភួយ​ដ៏​កក់ក្តៅ ។ នាង​បាន​ដឹង​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​បាន​ល្អ ។ ពីមុន​នាង​បាន​ដឹង​អំពី​វា នោះ​ម៉ាស៊ីន អិម.​អា.​អាយ បាន​ថត​រួច !

នៅក្នុង​ការិយាល័យ​របស់​វេជ្ជបណ្ឌិត ហ្វ្រេង គាត់​បាន​បង្ហាញ​សារ៉ា និង​ម៉ាក់​នូវ​រូបភាព​ខ្នង​របស់​សារ៉ា ។ វេជ្ជបណ្ឌិត ហ្វ្រេង បាន​ប្រាប់​សារ៉ា ពេល​គាត់​លុត​ជង្គង់​ក្បែរ​នាង​ថា « ក្មួយ​ដេក​បាន​ស្ងៀម​ល្អ​ណាស់ ។ រូបភាព​ខ្នង​ទាំងនេះ​បង្ហាញ​ថា ក្មួយ​នឹង​ត្រូវ​ធ្វើការ​វះកាត់ ដើម្បី​ជួយ​ក្មួយ​ឲ្យ​ដើរ​បាន​ល្អ​ជាង​នេះ » ។

សារ៉ា​បាន​លេប​ទឹក​មាត់ ។

វេជ្ជបណ្ឌិត ហ្វ្រេង បាន​និយាយ​ដោយ​មើល​ទៅ​ម្តាយ​សារ៉ា​ថា « យើង​ត្រូវធ្វើ​ការវះកាត់​ឆាប់ៗ​នេះ » ។ បន្ទាប់​មក គាត់​បែរ​ទៅ​រក​សារ៉ា​វិញ ។ « វា​អាច​ត្រូវ​ចំណាយ​ពេល​ពីរបី​សប្តាហ៍​បន្ទាប់​ពី​ការវះកាត់​នោះ ទំរាំ​ក្មួយ​អាច​ទទួល​អារម្មណ៍​ដូច​ដើម​វិញ ប៉ុន្តែ​បន្ទាប់​ពី​ឃើញ​ក្មួយ​នា​ថ្ងៃនេះ នោះ​ខ្ញុំ​ដឹង​ថា​ក្មួយ​នឹង​ធ្វើ​វា​បាន » ។

សារ៉ា​បាន​ព្យាយាម​គិត​អំពី​រឿង​ទាំងអស់​ដែល​នាង​នឹង​ត្រូវធ្វើ បន្ទាប់​ពី​វេជ្ជបណ្ឌិត ហ្វ្រេង ព្យាបាល​ខ្នង​នាង​រួច ។ ខ្ញុំ​អាច​រត់ ហើយ​ហែល​ទឹក និង​លោត​លើ​គំនរ​ស្លឹក​ឈើ​ដ៏​ធំ​បាន ។ នាង​នឹក​ដល់​ការធ្វើ​រឿង​ទាំង​នោះ​ណាស់ ។ ប៉ុន្តែ​ការវះកាត់​វា​គួរ​ឲ្យ​ខ្លាច​ជាង​ការថត​ម៉ាស៊ីន អិម.អា.​អាយ ទៅ​ទៀត ! ក្រោយ​មក​សារ៉ា​បាន​ចាំ​អំពី​ការអធិស្ឋាន និង​ពរជ័យ​ពិសេស​របស់​នាង ។ ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះ​ដ៏​ជា​ជំនួយ​មក​ឲ្យ​នាង ។ ទ្រង់​នឹង​ជួយ​នាង​ម្តង​ទៀត ។

នាង​បាន​ក្រឡេក​មើល​ទៅ​វេជ្ជបណ្ឌិត ហ្វ្រេង ។ នាង​បាន​សួរ​ថា « បន្ទាប់​ពី​នោះ តើ​ខ្ញុំ​អាច​លោត​លើ​គំនរ​ស្លឹកឈើ​ធំ​បាន​ដែរ​ឬ​ទេ ? »

លោក​វេជ្ជបណ្ឌិត​បាន​ញញឹម ។ « បន្ទាប់​ពី​នោះ ក្មួយ​អាច​លោត​លើ​គំនរ​ស្លឹកឈើ​ធំ​បាន » ។