ឆ្នាំ​២០១៧
ការរីកចម្រើន​នៃ​អាជីវកម្ម​នំ​អង្ករ​របស់​ខ្ញុំ
October 2017


ការរីកចម្រើន​នៃ​អាជីវកម្ម​នំ​អង្ករ​របស់​ខ្ញុំ

លឌីតា យ៉ាហ្គូម្មី​យ៉ូម ទីក្រុង​មីសាមីស អុកស៊ីឌិនថល ប្រទេស​ហ្វីលីពីន

rice cakes

រចនា​រូបភាពដោយ ខារ៉ូលីន វីបប៊ើត

ខ្ញុំ​ចង់​ឲ្យ​កូនប្រុស​ខ្ញុំ​ទៅបម្រើ​បេសកកម្ម ប៉ុន្តែ​ការលក់​នំ ប៊ីប៊ីងកា ( នំ​អង្ករ ) មួយ​គីឡូ​ក្នុង​មួយ​សប្តាហ៍​ពុំ​អាច​គ្រប់គ្រាន់​ក្នុងការ​ឧបត្ថម្ភ​គាត់​ឲ្យ​ទៅបម្រើ​បេសកកម្ម​បាន​ឡើយ ។

កូនប្រុស​ខ្ញុំ​បាន​ជួយ​គ្រួសារ​ក្នុងការ​រក​ប្រាក់ ហើយ​គាត់​មាន​ក្តីបារម្ភ​អំពី​ស្ថានភាព​ខាង​ហិរញ្ញវត្ថុ​យើង បើគាត់​នឹង​ចេញ​ទៅ​បម្រើ​បេសកកម្ម ។ វា​ជា​បញ្ហា​លំបាក​មួយ​ជាប់​ជានិច្ច​សម្រាប់​គ្រួសារ​យើង​ក្នុងការ​រក​ប្រាក់ ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​កូនប្រុស​អាយុ ២៥ ឆ្នាំ​របស់​ខ្ញុំ​ចំពោះ​បំណង​ប្រាថ្នា​សុចរិត​របស់​គាត់​ក្នុង​ការបម្រើ​ព្រះអម្ចាស់ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា យើង​ត្រូវការ​អព្ភូតហេតុ​ម្យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ក្តីសុបិន​របស់​គាត់​ក្លាយ​ជា​ការពិត ។

ខ្ញុំ​បាន​ចូល​រួម​ក្រុម​នៃ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ តាមរយៈ​ការច្នៃប្រឌិត និង​ការអនុវត្តន៍​សេចក្តី​ជំនឿ​របស់​ខ្ញុំ នោះ​ខ្ញុំ​ដឹង​ថា គ្រួសារ​ខ្ញុំ​នឹង​បាន​ពរ ។ អំឡុង​ពេល​ការប្រជុំ​មួយ ខ្ញុំ​ទទួល​ការបំផុស​គំនិតឲ្យ​ទៅ​ផ្សារ​រដ្ឋ​មួយ ។ នៅទីនោះ ខ្ញុំ​បាន​ឃើញ​ស្ត្រី​ជា​ច្រើន​លក់​នំ​ក្នុង​ស្រុក ។ ខ្ញុំ​បាន​ទាក់ទង​ស្ត្រី​ម្នាក់ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​ទុក​នំ​របស់​ខ្ញុំ​នៅពេល​ព្រឹក​ឲ្យ​គាត់​លក់ ហើយ​ខ្ញុំ​នឹង​មក​ប្រមូល​ប្រាក់​ចំណេញ​នៅពេល​ល្ងាច ។ គម្រោង​នោះ​បាន​ផ្តល់​ប្រយោជន៍​ដល់​យើង​ទាំង​ពីរ​នាក់ ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក ខ្ញុំ​រក​បាន​អ្នក​លក់​បន្ថែម​ទៀត ។ អាជីវកម្ម​របស់​ខ្ញុំ​បាន​រីកចម្រើន​ឡើង ដោយ​មាន​អ្នក​លក់​ដល់​ទៅ ១០ នាក់​អំឡុង​ពេល​ខ្ញុំ​ចូលរៀន​ក្នុង​ក្រុម​ភាពខ្លួន​ទីពឹង​ខ្លួន ។

ខ្ញុំ​បាន​រៀន​ដើម្បី​បែងចែក​ប្រាក់​ផ្ទាល់​ខ្លួន​ចេញ​ពី​ប្រាក់​អាជីវកម្ម​របស់​ខ្ញុំ ហើយ​បង់​ប្រាក់​ខែ​ឲ្យ​ខ្លួន​ឯង ។ ខ្ញុំ​បាន​រៀន​ឈប់​ចំណាយ​ពេល​វេលា​ធ្វើ​នំ​ដែល​លក់​ពុំ​ដាច់ ហើយ​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​នំ​ណា​ដែល​ផ្ដល់​ប្រាក់​ចំណេញ​វិញ ។ ខ្ញុំ​ក៏​បាន​រៀន​អំពី​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផងដែរ ។ ដៃគូ​សកម្មភាព​របស់​ខ្ញុំ​នៅក្នុង​ក្រុម​ភាពខ្លួន​ទីពឹង​ខ្លួន​បាន​ជួយ​ខ្ញុំ​បង្កើត​គណនី​ហ្វេសប៊ុក ។ ចាប់តាំង​ពីនោះ​មក យើង​បាន​រៀន​អំពី​ការដាក់ស្លាក​សញ្ញា និង​ការវេច​ខ្ចប់ ។ ទីបញ្ចប់ អាជីវកម្ម​របស់​ខ្ញុំបាន​រីកចម្រើន​ឡើង​ដល់​ចំណុច​មួយ ដែល​ស្វាមី​របស់​ខ្ញុំ​បាន​ឈប់​ធ្វើការ​ដែល​តម្រូវ​ឲ្យ​គាត់​ប្រើកម្លាំង​បាយ​នោះ​មក​ជួយ​ធ្វើ​ការ​ខ្ញុំ​វិញ ។

ថ្មីៗនេះ មាន​មនុស្ស​ម្នាក់​បាន​សួរ​ពី​ការលក់ដូរ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​មោទនភាព​ប្រាប់​គាត់​ថា ឥឡូវ​នេះ​ខ្ញុំ​លក់​នំ​អង្ករ​បាន ១២ គីឡូ ។

គាត់​បាន​និយាយ​ថា « ១២ គីឡូ​ក្នុង​មួយ​សប្តាហ៍​គឺ​អស្ចារ្យ​ណាស់ ! » ។

ខ្ញុំ​បាន​និយាយ​ថា « មិនមែន​អញ្ចឹង​ទេ​បងប្រុស ។ ខ្ញុំ​លក់​នំអង្ករ​អស់ ១២ គីឡូ ក្នុង​មួយ​ថ្ងៃ » ។

ក្រោយ​មក កូនប្រុស​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​សប្បាយ​ចិត្ត​ដែលឥឡូវ​នេះ​អាជីវកម្ម​ខ្ញុំ​អាច​ផ្គត់ផ្គង់​តម្រូវការ​របស់​យើង​បាន ។

គាត់​និយាយ​ថា « មើល​ទៅ ឥឡូវ​នេះ​កូន​អាច​ទៅ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​បាន​ហើយ » ។

បច្ចុប្បន្ន​គាត់​កំពុង​បម្រើ​បេសកកម្ម​នៅ សាន ប៉ាប្លូ ភ្វីលីពីន ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​កម្មវិធី​ភាព​ខ្លួនទីពឹង​ខ្លួន ។ ព្រះអម្ចាស់​ពិតជា​មាន​បន្ទូល​ពិតប្រាកដ​មែន​ពេល​ទ្រង់​មាន​ព្រះបន្ទូល​ថា « នេះ​ជា​គោល​បំណង​របស់​យើង ដើម្បី​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង » ( គ. និង ស. ១០៤:១៥ ) ។