ការហៅបម្រើនៃពួកសាវកជំនាន់ដើមនៃការស្តារឡើងវិញ
នៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ យ៉ូសែប ស៊្មីធ បានសូមឲ្យបងប្អូនប្រុស ព្រិកហាំ និងយ៉ូសែប យ៉ង់ ច្រៀងចម្រៀងឲ្យលោកស្តាប់ ។ បន្ទាប់មកព្យាការីបានទទួលវិវរណៈថា វាដល់ពេលដែលត្រូវហៅពួកសាវកដប់ពីរនាក់ហើយ ។១
យ៉ូសែប ស៊្មីធ បានសូមឲ្យ ព្រិកហាំ ផ្ញើការជូនដំណឹងថា សន្និសីទមួយនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍បន្ទាប់នោះ ។ លោកបានប្រាប់ ព្រិកហាំ ថា លោកនឹងក្លាយជាសមាជិកម្នាក់ក្នុងចំណោមពួកដប់ពីរនាក់នោះ ។២
ប្រាំមួយថ្ងៃក្រោយមកពួកបរិសុទ្ធបានមកជួបជុំគ្នា ។ យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា គោលបំណងចម្បងមួយនៃការប្រជុំនោះគឺសម្រាប់សាក្សីបីនាក់នៃព្រះគម្ពីរមរមន — អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ, និង ម៉ាទិន ហារីស — ដើម្បី « ជ្រើសរើសបុរសដប់ពីរនាក់ចេញពីសាសនាចក្រឲ្យធ្វើជាពួកសាវក » ។៣ អូលីវើរ និង ដាវីឌ បានទទួលការចាត់តាំងនោះម្ដងហើយ កាលពីលើកមុននៅក្នុងខែ មិថុនា ឆ្នាំ ១៨២៩ ប៉ុន្តែទោះបីពួកគេបាន « ស្វែងរកព្រះអម្ចាស់តាមរយៈការតមអាហារ និងការអធិស្ឋាន » ដើម្បីកំណត់ពីអត្តសញ្ញាណនៃពួកដប់ពីរនាក់យ៉ាងណាក្តី ក៏ពេលវេលាពុំទាន់បានអំណោយផលនៅឡើយ ។៤ ឥឡូវនេះ យ៉ូសែប បានមានប្រសាសន៍ថា ពេលវេលានោះបានមកដល់ហើយ ។
ពួកដប់ពីរនាក់នោះ ( ដាក់បង្ហាញតាមលំដាប់លំដោយនៅក្នុងការប្រជុំ ) គឺមាន ឡៃម៉ាន ចនសុន អាយុ ២៣ ឆ្នាំ, ព្រិកហាំ យ៉ង់ អាយុ ៣៣ ឆ្នាំ, ហ៊ីប៊ើរ ស៊ី ឃិមបឹល អាយុ ៣៣ ឆ្នាំ, អួរសុន ហៃឌ អាយុ ៣០ ឆ្នាំ, ដាវីឌ ដ័បបុលយូ ប៉ាទ្ទិន អាយុ ៣៥ ឆ្នាំ, លូកា ចនសុន អាយុ ២៧ ឆ្នាំ, វិលលាម អ៊ី ម៉័កខ្លេលិន អាយុ ២៩ ឆ្នាំ, ចន អេហ្វ ប៊យតុន អាយុ ២៣ ឆ្នាំ, អួរសុន ប្រាត្ត អាយុ ២៣ ឆ្នាំ, វិលលាម ស៊្មីធ អាយុ ២៣ ឆ្នាំ, ថូម៉ាស ប៊ី ម៉ាស អាយុ ៣៤ ឆ្នាំ និង ប៉ាលី ភី ប្រាត្ត អាយុ ២៧ ឆ្នាំ ។ ពួកគេទាំងអស់គ្នាបានបម្រើបេសកកម្មពីមុន ។ មានប្រាំបីនាក់បានអមដំណើរ យ៉ូសែប ស៊្មីធ ក្នុងការចេញធ្វើក្បួនទ័ពជំរំស៊ីយ៉ូន កាលពីរដូវក្តៅឆ្នាំមុន ។៥
បន្ទាប់ពីការជ្រើសរើសរបស់ពួកលោកមក សាវកម្នាក់ៗត្រូវបានតែងតាំង ។៦ ការប្រសិទ្ធពរតែងតាំងរបស់ពួកលោក ពោរពេញទៅដោយការសន្យាអំពីភាពជោគជ័យនៃការផ្សព្វផ្សាយសាសនា ។ ក្រោយមក ហ៊ីប៊ើរ ស៊ី ឃិមបឹល បានចងចាំអំពីការប្រសិទ្ធពរ « ដែលបានទស្សន៍ទាយនូវរឿងជាច្រើនដែលនឹងកើតមានឡើង ថាយើងគប្បីមានអំណាចដើម្បីព្យាបាលអ្នកឈឺ បណ្តេញអារក្ស ប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញ ព្យាបាលមនុស្សខ្វាក់ឲ្យមើលឃើញ … រំកិលភ្នំ ហើយអ្វីៗគ្រប់យ៉ាងនឹងចុះចូលនឹងយើងតាមរយៈព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ » ។៧
អូលីវើរ ខៅឌើរី ក៏បានគូសបញ្ជាក់អំពីការលំបាកដែលពួកលោកបានជួបប្រទះផងដែរ ៖ « ចូររៀបចំខ្លួនគ្រប់ពេលទាំងអស់ក្នុងការបូជា [ លះបង់ ] ជីវិតរបស់អ្នក ដោយសារព្រះត្រូវការវាក្នុងការរីកចម្រើន និងស្ថាបនាមាគ៌ារបស់ទ្រង់ » ។ អូលីវើរ បានលើកទឹកចិត្តពួកសាវកទាំងនោះ ឲ្យស្វែងរកចំណេះដឹងផ្ទាល់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យពួកគេអាចថ្លែងទីបន្ទាល់អំពីវត្តមានរបស់ទ្រង់ដោយពិតប្រាកដ ៖ « ចូរកុំឈប់ព្យាយាមឡើយ រហូតដល់អ្នកបានឃើញព្រះនៅនឹងមុខអ្នក » ។៨
ដោយចាប់ផ្តើមក្នុងខែ ឧសភា ឆ្នាំ ១៨៣៥ នោះពួកសាវកបានទៅបេសកកម្មផ្សព្វផ្សាយមួយចំនួនសម្រាប់សាសនាចក្រ ហើយការដឹកនាំទូទៅរបស់ពួកលោកក៏បានផ្តល់ពរដល់មនុស្សជាច្រើនផងដែរ ។