សំណួរ និង ចម្លើយ
« ក្រៅពីការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ តើមានវិធីដ៏ល្អបំផុតអ្វីខ្លះ ដែលអាចពង្រឹងទីបន្ទាល់របស់ខ្ញុំ ? »
ទីបន្ទាល់របស់អ្នកពុំអាចកើតមានឡើងក្នុងពេលតែមួយឡើយ ។ វានឹងរីកចម្រើនឡើងនូវបទពិសោធន៍ខាងវិញ្ញាណមួយម្តងៗ — ដូចខគម្ពីរចែងថា « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។ បន្ទាប់មកអ្នកត្រូវចិញ្ចឹមបីបាច់ និងពង្រឹងទីបន្ទាល់របស់អ្នក គឺដូចជាការដាំគ្រាប់ពូជមួយដែរ ( សូមមើល អាលម៉ា ៣២:២៨–៤៣ ) ។ ហើយដូចជារុក្ខជាតិពុំអាចរស់បានដោយសារតែទឹកមួយមុខ នោះក៏មិនមែនមានរបៀប « ល្អបំផុត » តែមួយក្នុងការពង្រឹងទីបន្ទាល់របស់អ្នកដែរ ។ អ្នកត្រូវការរបៀបជាច្រើនរួមគ្នា ។
ការអធិស្ឋាន និងការសិក្សាព្រះគម្ពីរត្រូវបានកំណត់ថាជាវិធីល្អ ដើម្បីចិញ្ចឹមបីបាច់ទីបន្ទាល់របស់អ្នក ។ ពេលអ្នកសិក្សាដំណឹងល្អ ហើយអធិស្ឋានដោយស្មោះអស់ពីចិត្តដើម្បីដឹងសេចក្តីពិត នោះព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្តីពិតរបស់ដំណឹងល្អ ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។
អ្នកក៏អាចពង្រឹងទីបន្ទាល់របស់អ្នក តាមរយៈការរក្សាបទបញ្ញត្តិផងដែរ ។ ពេលអ្នករស់នៅតាមគោលការណ៍នៃដំណឹងល្អ — ដូចជាការតមអាហារ ការរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ឬការទទួលទានសាក្រាម៉ង់ — នោះអ្នកចាប់ផ្តើមទទួលបានទីបន្ទាល់អំពី របៀប និង មូលហេតុ ដែលបទបញ្ញត្តិនោះពិត ជាជាងគ្រាន់តែ ថា វាពិត ។ ព្រះយេស៊ូវបានបន្ទូលថា នៅពេលអ្នកជ្រើសដើម្បី « ធ្វើតាមព្រះហឫទ័យទ្រង់ » នោះអ្នកនឹង « ដឹងសេចក្ដីបង្រៀននេះ » ( យ៉ូហាន ៧:១៧ ) » ។
របៀបមួយទៀតដើម្បីចិញ្ចឹមបីបាច់ទីបន្ទាល់របស់អ្នកគឺ តាមរយៈការចែកចាយទីបន្ទាល់នោះ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ១៩២៤–២០១៥ ) ប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ទីបន្ទាល់គឺ ត្រូវបានរកឃើញ នៅក្នុង ការថ្លែង អំពីវា ! » ( « The Candle of the Lord » Ensign, ខែ កក្កដា ឆ្នាំ ១៩៨៣ ទំព័រ ៥៤, Tambuli, ខែ កក្កដា ឆ្នាំ ១៩៨៣ ទំព័រ ៣៤ ) ។ អ្នកអាចចែកចាយទីបន្ទាល់របស់អ្នកនៅក្នុងព្រះវិហារ និងថ្នាក់សិក្ខាសាលា នៅផ្ទះ និងជាមួយមិត្តភក្តិរបស់អ្នក ។ ពេលអ្នកធ្វើបែបនេះ ព្រះវិញ្ញាណបរិសុទ្ធអាចថ្លែងទីបន្ទាល់ដល់ អ្នក ថាអ្វីដែលអ្នកកំពុងចែកចាយនោះគឺជាការពិត ។
នៅពេលអ្នកពង្រឹងទីបន្ទាល់របស់អ្នកតាមរបៀបផ្សេងៗជាច្រើន នោះវានឹងរីកចម្រើន ហើយកាន់តែស៊ីជម្រៅ ហើយអ្នកនឹងទទួលអារម្មណ៍សុខសាន្ត និងអំណរ ។
ចិញ្ចឹមបីបាច់ទីបន្ទាល់របស់អ្នក
« ដូចជាការដាំរុក្ខជាតិដែរ [ ទីបន្ទាល់ ] ត្រូវតែចិញ្ចឹមបីបាច់ ឬវានឹងស្វិតក្រៀមទៅ ។ … គោរពប្រតិបត្តិព្រះបញ្ញត្តិគឺជាផ្នែកនៃការចិញ្ចឹមបីបាច់ ដែលអ្នកត្រូវផ្តល់ដល់ទីបន្ទាល់របស់អ្នក » ។
ប្រធាន ហិនរី ប៊ី អាវរិង ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ « A Living Testimony » Liahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១២៥ ។
សំណួរបន្ទាប់
តើខ្ញុំអាចយាងព្រះវិញ្ញាណបរិសុទ្ធមកក្នុងគេហដ្ឋានខ្ញុំ ពេលយើងកំពុងមានជម្លោះ ឬការទាស់ទែងគ្នាតាមរបៀបណា ?
ប្រសិនបើអ្នកមានបំណង សូមផ្ញើចម្លើយរបស់អ្នក និង រូបថតច្បាស់មួយសន្លឹកត្រឹមថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅគេហទំព័រ liahona.lds.org ( សូមចុច « Submit an Article » ) ឬ អ៊ីម៉ែលទៅកាន់ liahona@ldschurch.org ។
សូមផ្ញើព័ត៌មានដូចតទៅនេះ ៖ ( ១ ) នាម និង គោត្តនាម ( ២ ) ថ្ងៃ ខែ ឆ្នាំ កំណើត ( ៣ ) វួដ ឬ សាខា ( ៤ ) ស្តេក ឬ មណ្ឌល ( ៥ ) សំបុត្រអនុញ្ញាតដែលមានជាលាយលក្ខណ៍អក្សររបស់អ្នក ហើយប្រសិនបើអ្នកអាយុក្រោម ១៨ ឆ្នាំ នោះត្រូវមានសំបុត្រអនុញ្ញាតពីឪពុកម្ដាយអ្នកជាលាយលក្ខណ៍អក្សរ ( អ៊ីមែលអាចទទួលយកបាន ) ដើម្បីធ្វើការបោះពុម្ពចម្លើយ និង រូបថតរបស់អ្នក ។
ចម្លើយអាចនឹងត្រូវបានកែសម្រួលឡើងវិញ ប្រសិនបើវាវែងពេក ឬមិនសូវច្បាស់លាស់ ។