ព្រះវរបិតាសួគ៌ខ្វល់ព្រះទ័យអំពីអាជីវកម្មខ្ញុំ
ប៊ូយីសីល ស្សូម៉ា ទីក្រុងខ្វាស្សូលូ ណាតាល់ ប្រទេសអាហ្វ្រិកខាងត្បូង
រចនារូបភាពដោយ អេលែន ហ្គានស៍
ក្នុងនាមជាម្តាយទោលម្នាក់ដែលមានកូនប្រាំនាក់ ខ្ញុំទទួលអារម្មណ៍ពីការទទួលខុសត្រូវដ៏ធ្ងន់ក្នុងការផ្គត់ផ្គង់ដល់គ្រួសារខ្ញុំ ។ ខ្ញុំជាកម្មករក្នុងស្រុក ប៉ុន្តែការងារខ្ញុំពុំអាចផ្តល់ប្រាក់គ្រប់គ្រាន់ដល់គ្រួសារខ្ញុំឡើយ ។ ខ្ញុំបានចូលរួមក្រុមភាពខ្លួនទីពឹងខ្លួន ដូច្នេះខ្ញុំអាចរៀនអំពីរបៀបកែលម្អស្ថានភាពរបស់ខ្ញុំ ។
ខ្ញុំទទួលបានការបំផុសគំនិតតាមរយៈក្រុម « ការចាប់ផ្តើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំ » ហើយបានសម្រេចចិត្តថា ខ្ញុំអាចដេរ និងលក់កាបូបអ៊ីសូឡង់សម្រាប់ច្រកឆ្នាំងអគ្គិសនីចំអិនពេលយូរ ។ បន្ទាប់ពីខ្ញុំចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ខ្ញុំបានដេរកាបូបនោះដល់យប់ជ្រៅ ។
យប់មួយ ខ្ញុំបានធ្វើការដល់យប់ជ្រៅ ដោយសារគេបញ្ជាទិញច្រើន ហើយពេលកំណត់គឺនៅព្រឹកបន្ទាប់ តែម៉ាស៊ីនដេររបស់ខ្ញុំបានខូច ។ វាពាក់កណ្តាលអាធ្រាតទៅហើយ ដូច្នេះគ្មានជាងម៉ាស៊ីនណាមកជួសជុលបានឡើយ ។ ម៉ាស៊ីននោះមានប្រអប់ឧបករណ៍តូចមួយនៅជាប់ជាមួយវា ប៉ុន្តែខ្ញុំពុំធ្លាប់ជួសជុលម៉ាស៊ីនដេរពីមុនឡើយ ។ ខ្ញុំមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណាឡើយ ។
បន្ទាប់មក មេរៀននៅក្នុងសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ដែលមានចំណងជើងថា « អនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » បានផុសឡើងក្នុងគំនិតខ្ញុំ ។ នៅគ្រានោះ ខ្ញុំបានដឹងថា ខ្ញុំត្រូវដាក់ទីទុកចិត្តលើព្រះអម្ចាស់ ។ ខ្ញុំបានលុតជង្គង់ចុះ ហើយអធិស្ឋានទូលអង្វរដូចនេះ ៖ « ឱ ព្រះវរបិតាសួគ៌អើយ សូមជួយខ្ញុំម្ចាស់ជួសជុលម៉ាស៊ីននេះផង ដើម្បីឲ្យខ្ញុំអាចដេរតាមការបញ្ជាទិញរបស់អតិថិជនខ្ញុំ ដែលគេនឹងប្រមូលនៅព្រឹកស្អែកនេះ ។ ឱ ព្រះវរបិតាសួគ៌អើយ សូមជួយខ្ញុំម្ចាស់ផង ! »
បន្ទាប់មក ខ្ញុំបានទទួលការបំផុសគំនិតដ៏ច្បាស់មួយ ឲ្យយកទុលល្វីសមួយចេញពីប្រអប់ឧបករណ៍នោះ ហើយប្រើវាដើម្បីរុញលើផ្នែកពិសេសមួយរបស់ម៉ាស៊ីនដេរនោះ ។ ខ្ញុំបានធ្វើតាមការបំផុសគំនិតនោះ ដោយពឹងផ្អែកទាំងស្រុងទៅលើសេចក្តីជំនឿរបស់ខ្ញុំ ។ ខ្ញុំបានទប់ដង្ហើមពេលខ្ញុំបើកម៉ាស៊ីនដេរនោះឡើងវិញ ។ ម៉ាស៊ីនដេរនោះបានដំណើរការឡើងវិញ !
ខ្ញុំអាចដេរទាន់ការបញ្ជាទិញត្រឹមថ្ងៃកំណត់ ។ ខ្ញុំបានឃើញពីអព្ភូតហេតុក្នុងការមានព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទធ្វើជាដៃគូអាជីវកម្ម ។ ខ្ញុំដឹងថា ខ្ញុំនឹងបន្តទទួលបានពរជ័យ នៅពេលខ្ញុំព្យាយាមរកឱកាសអនុវត្តអ្វីដែលខ្ញុំបានរៀននៅក្នុងក្រុមភាពខ្លួនទីពឹងខ្លួន ។