ចូរតោងឲ្យជាប់
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
មិត្តភក្តិអាចធ្វើឲ្យយើងងាយស្រួល — ឬពិបាកយ៉ាងខ្លាំងក្នុងការគោរពតាមបទដ្ឋានយើង — វាគឺជាការរស់នៅតាមបទដ្ឋានយើង ។
ខ្ញុំបានធំឡើងជាមួយមិត្តភក្តិដែលជាសមាជិកសាសនាក្រ ហើយខ្ញុំមានចិត្តរំភើបជាខ្លាំងក្នុងការជ្រមុជទឹក ហើយក្លាយជាសមាជិកដោយខ្លួនឯង ។ ពេលខ្ញុំប្តូរទៅរៀនមហាវិទ្យាល័យ ខ្ញុំបានចាប់ផ្តើមរៀនពីអ្នកផ្សព្វផ្សាយសាសនា ។ ជាអកុសល សម្ពាធមកពីមិត្តភក្តិថ្មីរបស់ខ្ញុំបានធ្វើឲ្យមានការលំបាកក្នុងការធ្វើតាមបទដ្ឋានដំណឹងល្អ ។ មិត្តភក្តិក្នុងថ្នាក់ឆ្នាំទីមួយរបស់ខ្ញុំបានចំណាយពេលយ៉ាងច្រើនជាមួយនឹងការជប់លៀងផឹកគ្រឿងស្រវឹង ។ ខ្ញុំពុំធ្លាប់សាកល្បងផឹកគ្រឿងស្រវឹងពីមុនឡើយ ប៉ុន្តែមិត្តភក្តិថ្មីរបស់ខ្ញុំបានបង្ខំខ្ញុំជាប់ជានិច្ចឲ្យផឹកវា ។
ខ្ញុំបានដឹងថាដំណឹងល្អពិត ប៉ុន្តែការល្បួងមកពីមិត្តភក្តក៏លំបាកនឹងទប់ទល់ណាស់ដែរ ។
ខ្ញុំបានចាប់ផ្តើមអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌សូមកម្លាំងធ្វើការសម្រេចចិត្តត្រឹមត្រូវ ។ ខ្ញុំពុំបានបន្ទាបបទដ្ឋានខ្ញុំឡើយ ប៉ុន្តែខ្ញុំភ័យថា ខ្ញុំនឹងពុំមានភាពរឹងមាំដើម្បីបដិសេធផឹកគ្រឿងស្រវឹងនោះ នៅពេលគេឲ្យខ្ញុំផឹកលើកក្រោយទៀត ។ ខ្ញុំនឹកមិត្តភក្តិខ្ញុំដែលមានតម្លៃដូចគ្នានឹងរូបខ្ញុំ ។
នាយប់ថ្ងៃសៅរ៍មួយ ខ្ញុំបានទៅពិធីជប់លៀងជាមួយអ្នកដែលស្នាក់នៅអន្តេវាសិកដ្ឋានរបស់ខ្ញុំ ។ ភ្លាមនោះ មិត្តភក្តិទាំងអស់របស់ខ្ញុំបានផឹកគ្រឿងស្រវឹង ហើយជំរុញខ្ញុំឲ្យសាកល្បងភ្លក់វាជាលើកដំបូង ។
ខ្ញុំត្រូវបានល្បួង ។ ខ្ញុំបានលើកយកកែវស្រាប៊ៀរដែលគេហុចមកឲ្យខ្ញុំនោះ ។ ខ្ញុំបានទាញវាមកដាក់នៅនឹងមាត់ខ្ញុំ ដោយទើសទាល់ក្នុងចិត្ត ដើម្បីគ្រាន់តែបន្លប់ការចាប់អារម្មណ៍របស់មិត្តភក្តិខ្ញុំប៉ុណ្ណោះ ។ ក្រោយមក នីក ជាអ្នកដែលល្បីខាងផឹកស្រានោះបានដើរចូលមករកពួកយើង ។
គាត់បានសួរថា « តើឯងពុំទាន់ផឹកវាទេមែនទេ ?
ខ្ញុំបានតបថា « មិនទាន់ទេ » ។
នីកបាននិយាយថា « ប្រសិនបើឯងផឹក ឯងនឹងមានវិប្បដិសារីរៀងរាល់ថ្ងៃពេញមួយជីវិតឯង » ។
ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ។ ខ្ញុំដឹងថា គាត់និយាយត្រូវ ។ ខ្ញុំមិនចង់ផឹកវាទេ ។ ខ្ញុំចង់ចូលរួមនឹងសាសនាចក្រ ។ ខ្ញុំបានដាក់កែវស្រាប៊ៀរចុះ ហើយចាកចេញពីពិធីជប់លៀងនោះដោយមានអំណរគុណថា ខ្ញុំពុំបានជ្រើសរើសធ្វើខុស ។
ព្រឹកស្អែកឡើង ខ្ញុំបានទៅព្រះវិហារជួបអ្នកផ្សព្វផ្សាយសាសនា ហើយបានកំណត់ថ្ងៃបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបាននៅឆ្ងាយពីពិធីជប់លៀងដែលមានគ្រឿងស្រវឹងទាំងនោះ ។ ខ្ញុំបានរាប់អានមិត្តភក្តិថ្មីនៅព្រះវិហារ ដែលមានតម្លៃ និងបទដ្ឋានដូចគ្នានឹងរូបខ្ញុំដែរ ។ ខ្ញុំនៅតែជាមិត្តភក្តិនឹងអ្នកដែលស្នាក់នៅអន្តេវាសិកដ្ឋានជាមួយខ្ញុំដដែល ប៉ុន្តែខ្ញុំបានបង្ហាញពីបទដ្ឋានខ្ញុំយ៉ាងច្បាស់ ។ ពេលពួកគេដឹងអំពីសារៈសំខាន់ដ៏អស្ចារ្យនៃតម្លៃរបស់ខ្ញុំ នោះពួកគេគោរពតម្លៃនោះ ហើយឈប់បង្ខំខ្ញុំតទៅទៀត ។ ពួកគេបានចំណាំ និងគោរពតម្លៃនោះ ពេលខ្ញុំចេញពីបន្ទប់ ពេលពួកគេមើលខ្សែភាពយន្ត ឬស្តាប់តន្ត្រីពុំសមរម្យ ។
ទីបន្ទាល់របស់ខ្ញុំត្រូវបានពង្រឹងតាមរយៈបទពិសោធន៍នេះ ហើយខ្ញុំនឹងព្យាយាមមិនបន្ទាបបទដ្ឋានរបស់ខ្ញុំដោយសារតែសម្ពាធពីមិត្តភក្តិទៀតឡើយ ។ ខ្ញុំក៏ដឹងផងដែរថា របៀបដ៏ល្អបំផុតដើម្បីប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកនោះ គឺត្រូវស្គាល់ពីបទដ្ឋានរបស់អ្នក ហើយកាន់ឲ្យជាប់នឹងបទដ្ឋានទាំងនោះតាំងពីដំបូងទី ។
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌បានឆ្លើយតបនឹងការអធិស្ឋានរបស់ខ្ញុំ ដែលទូលសូមកម្លាំងដើម្បីទប់ទល់នឹងការល្បួង ។ ខ្ញុំមានអំណរគុណដែលព្រះវិញ្ញាណបរិសុទ្ធបានជំរុញខ្ញុំឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ ។ ខ្ញុំដឹងថា បទដ្ឋានសាសនាចក្រគឺដើម្បីការពារយើង ហើយខ្ញុំមានអំណរគុណថា ការជ្រើសរើសធ្វើតាមបទដ្ឋានទាំងនោះ បានជួយខ្ញុំឲ្យជ្រើសយកការចូលរួមសាសនាចក្រ ។