ការដោះស្រាយជម្លោះ ក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ពរជ័យដ៏អស្ចារ្យកើតមានឡើងមកពីការដោះស្រាយជម្លោះក្នុងបរិយាកាសប្រកបដោយក្តីស្រឡាញ់ ។
ម៉ាត និង ម៉ាហ្គារ៉េត ( ឈ្មោះទាំងអស់ត្រូវបានផ្លាស់ប្តូរ ) បានបិទទូរទស្សន៍បន្ទាប់ពីសម័យប្រជុំសន្និសីទទូទៅបានចប់ ។ សារលិខិតទាំងនោះពោរពេញដោយការបំផុសគំនិត ហើយពួកគេរីករាយនឹងបរិយាកាសវិជ្ជមាន ដែលមាននៅក្នុងផ្ទះរបស់ពួកគេនាចុងសប្តាហ៍នោះ ។
ប្រមាណជា ២៤ ម៉ោងក្រោយមក គ្មាននរណាម្នាក់បានខកចិត្តជាង ម៉ាត និងម៉ាហ្គារ៉េត ឡើយ ពេលពួកគេមានជម្លោះដ៏ខ្លាំងមួយលើបញ្ហាថា តើគួរតែសន្សំប្រាក់បន្ថែមដែលម៉ាតបានទទួលពីការងារដោយចៃដន្យនោះទុក ឬត្រូវចំណាយវាទិញឯកសណ្ឋានសាលារៀនសម្រាប់កូនធំៗ ។ ការជជែកគ្នាពុំត្រូវបានដោះស្រាយឡើយ ហើយ ម៉ាត និងម៉ាហ្គារ៉េត បានបន្តធ្វើកិច្ចការផ្សេងៗទៀតទាំងមានអារម្មណ៍ដែលពុំយល់ពីគ្នារៀងៗខ្លួន ។
ដើម្បីបង្កើតចំណងអាពាហ៍ពិពាហ៍យូរអង្វែង និងរីករាយ គូស្វាមីភរិយាត្រូវតែរៀនពីរបៀប ដោះស្រាយជម្លោះនានា ដើម្បីឲ្យបុគ្គលម្នាក់ៗយល់ និងសម្រេចចិត្តដែលទាក់ទងនឹងការដោះស្រាយបញ្ហាតាមការសម្របសម្រួលដែលអាចទទួលយកបាន ។
ការព្រមាន និងការណែនាំខាងវិញ្ញាណ
ព្រះគម្ពីរ និងប្រសាសន៍របស់ពួកសាវក និងព្យាការីផ្តល់ការដាស់តឿនជាច្រើនអំពីការទាស់ទែងគ្នា ។ នៅក្នុងនីហ្វៃទី ៣ យើងអានថា « អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នាគឺពុំមែនជារបស់ផងយើងទេ ប៉ុន្តែជារបស់ផងអារក្សវិញ ដែលជាបិតានៃការទាស់ទែងគ្នា » ( នីហ្វៃទី ៣ ១១:២៩ ) ។ អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា សាតាំង « ជំរុញឲ្យមានការមិនចុះសម្រុងគ្នារវាងឪពុក និងម្តាយ ។ វាល្បួងកូនៗមិនឲ្យគោរពឪពុកម្តាយរបស់ខ្លួន ។ … សាតាំងដឹងថា វិធីដ៏ប្រាកដប្រជា និងមានប្រសិទ្ធភាពបំផុត ដើម្បីរំខានកិច្ចការរបស់ព្រះអម្ចាស់គឺ បន្ថយប្រសិទ្ធភាពនៃគ្រួសារ និងភាពឧត្តុង្គឧត្តមនៃគេហដ្ឋាន » ។១
គំនិត ទម្លាប់ ឬប្រវត្តិខុសៗពីគ្នាគឺ ពុំអាចចៀសផុតបានឡើយ ប៉ុន្តែយើងមានធនធានដ៏សន្ធឹកសន្ធាប់ ដើម្បីជួយយើងឲ្យដឹងពីរបៀបដោះស្រាយ ។ គោលលទ្ធិ និងសេចក្តីណែនាំដែលបានបង្រៀននៅក្នុងការបោះពុម្ពនៃការថ្វាយបង្គំនៅថ្ងៃអាទិត្យ និងសាសនាចក្រអាចជួយ ហើយអាចបន្ថែមជាមួយព័ត៌មានដ៏មានគុណភាពមកពីអ្នកមានវិជ្ជាជីវៈដ៏ចាំបាច់ ។ គូស្វាមីភរិយាអាចរៀនពីយុទ្ធសាស្ត្រក្នុងការដោះស្រាយជម្លោះ ។ ការបំផុសគំនិតអាចនាំឲ្យមានការផ្លាស់ប្តូរដួងចិត្ត ដែលបន្ទន់ដួងចិត្តពីក្នុងខ្លួនរបស់គូស្វាមីភរិយាម្នាក់ៗ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានទូន្មានដូច្នេះ ៖ « ឱកាសដ៏ធំបំផុតរបស់យើងមួយចំនួនក្នុងការបង្ហាញសេចក្ដីស្រឡាញ់គឺ ស្ថិតនៅក្នុងផ្ទះរបស់យើងផ្ទាល់ ។ សេចក្ដីស្រឡាញ់ គួរជាកត្តាដ៏សំខាន់បំផុតនៃជីវិតគ្រួសារ តែពេលខ្លះវាពុំមែនជារឿងបែបនេះឡើយ ។ វាបែរជាមាននូវការខ្វះភាពអត់ធ្មត់ ការទាស់សម្ដី ការឈ្លោះប្រកែក និង ការបង្ហូរទឹកភ្នែកយ៉ាងច្រើនទៅវិញ » ។២
នៅពេលបញ្ហាបន្តកើតមាន ហើយប្រែជាគ្រោះថ្នាក់ដល់ក្រុមគ្រួសារ នោះពិតជាមានមូលហេតុធ្ងន់ធ្ងរថែមទៀតនៃជម្លោះ រួមមានភាពពុំទាន់ចាស់ទុំ ភាពអាត្មានិយម ចិត្តប៉ងចង់ឈ្នះលើជម្លោះ និងអំនួត ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) បានបង្រៀនថា « ខ្ញុំបានទទួលអារម្មណ៍ជាយូរមកហើយថា កត្តាដ៏ធំបំផុតនៅក្នុងអាពាហ៍ពិពាហ៍រីករាយគឺជាការខ្វាយខ្វល់ខ្លាំងចំពោះសេចក្តីសុខ និងសុខុមាលភាពរបស់ដៃគូខ្លួន ។ ភាគច្រើនភាពអត្មានិយមគឺជាកត្តាជំរុញឲ្យមានជម្លោះ ការបែកបាក់គ្នា ការលែងលះ និងការខូចចិត្ត » ។៣
អែលឌើរ ម៉ាវីន ជេ អាស្តុន ( ១៩១៥–៩៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក៏បានថ្លែងផងដែរ ៖ « ពេលបុគ្គលម្នាក់ពិចារណាអំពីអារម្មណ៍អវិជ្ជមាន និងភាពពុំរីករាយដែលបណ្តាលមកពីការទាស់ទែងគ្នា វាជាការល្អដែលត្រូវសួរថា ‹ ហេតុអ្វីខ្ញុំចូលរួមនឹងរឿងនោះ ? › …
…វាពិតជាសំខាន់ណាស់ ដើម្បីទទួលស្គាល់ថា យើងជ្រើសរើសយកឥរិយាបថរបស់ខ្លួន ។ ឫសគល់នៃបញ្ហានេះគឺកើតមកពីបញ្ហានៃភាពឆ្មើងឆ្មៃ » ។៤
ទោះជាមូលហេតុអ្វីក៏ដោយ យើងត្រូវតែរៀនជំនាញថ្មីៗ ហើយបន្ទន់ចិត្តរបស់យើងពេលបញ្ហាបន្តកើតមាន ។
មូលហេតុនៃជម្លោះ
មានមូលហេតុជាច្រើនដែលបង្កឲ្យមានជម្លោះ រាប់ចាប់តាំងពីភាពលំអៀងរាក់កំភែលផ្ទាល់ខ្លួន រហូតដល់បែបបទនៃទំនាក់ទំនងដោតជាប់ស៊ីជម្រៅផ្ទាល់ខ្លួន ។ ក្រៅពីការត្រូវយកឈ្នះលើភាពអាត្មានិយម និងភាពមិនចាស់ទុំ នោះ គូស្វាមីភរិយានឹងប្រឈមមុខនឹងមូលហេតុរួមផ្សេងទៀតដែលនាំឲ្យមានជម្លោះ រួមមានកត្តាដូចតទៅនេះ ៖
-
គូស្វាមីភរិយាថ្មោងថ្មីត្រូវរៀនកែសម្រួលទៅតាមបែបបទគ្នាទៅវិញទៅមក
-
លក្ខណៈខុសគ្នាពីធម្មជាតិរវាងបុរស និងស្ត្រី
-
ភាពមួរម៉ៅដែលជំរុញមកពីការនឿយហត់
-
ការខ្វែងគំនិតគ្នាស្តីពីការចិញ្ចឹមកូនឲ្យល្អបំផុត ឬការគ្រប់គ្រងហិរញ្ញវត្ថុ
-
កូនៗរៀនប្រើប្រាស់សិទ្ធិជ្រើសរើស
-
ភាពខុសគ្នារវាងអ្វីដែលចូលចិត្ត និងមិនចូលចិត្ត
-
ប្រតិកម្មជ្រុលហួសហេតុទៅលើភាពតានតឹងផ្លូវចិត្ត
-
ខ្វះការយល់ដឹង ឬជំនាញក្នុងការដោះស្រាយជម្លោះ
ការដាស់តឿនអំពីកំហឹង
ជម្លោះក្នុងអាពាហ៍ពិពាហ៍ ឬគ្រួសារជាច្រើនកើតឡើងដោយសារការពុំគ្រប់គ្រងកំហឹង ។ ប្រសិនបើយើងមិនប្រុងប្រយ័ត្នទេនោះ យើងអាចបន្តខឹងស្វាមីភរិយាយើង ហើយការដក់ជាប់ក្នុងចិត្តអំពីរបៀបដែលគេធ្វើខុសនឹងយើង ។ កាលណាយើងកាន់តែផ្តោតចិត្តលើហេតុផលនេះ ដរាបនោះយើងអាចបង្កើតនូវទស្សនវិស័យដែលថាខ្លួនសុចរិត ។ ការគិតអវិជ្ជមានបែបនេះ រារាំងយើងមិនឲ្យត្រជាក់ចិត្តឡើយ ហើយកំហឹងទីពីរក៏កើតមានឡើង ពីមុនកំហឹងទីមួយបានដោះស្រាយ នោះប្រតិកម្មអ័រម៉ូនក្នុងខ្លួនអាចនាំទៅរកការផ្ទុះកំហឹងបន្ថែមទៀត ។
ឧទាហរណ៍ នៅក្នុងការប្រជុំប្រឹក្សាមួយ ម៉ារីលីន ពិពណ៌នាអំពីការលំបាកដែលធ្វើឲ្យនាងដេកពុំលក់ បន្ទាប់ពីនាង និងស្វាមីនាងបានស្រែកដាក់គ្នា ។ នាងនិយាយថា « ខ្ញុំដឹងថាខ្ញុំជាអ្នកត្រូវ ។ ខ្ញុំដឹងថាគាត់នឹងបិទភ្លើង ហើយសូមទោសខ្ញុំ ប៉ុន្តែគាត់ពុំធ្វើវាឡើយ ។ កាលណាខ្ញុំគិតពីរឿងនោះ ខ្ញុំកាន់តែខឹងឆួលឡើង ។ ពេលខ្ញុំចាប់ផ្តើមឮគាត់ដេកស្រមុក ខ្ញុំពុំអាចទ្រាំបានឡើយ — ខ្ញុំបានចុះចេញពីគ្រែដេក ហើយស្រែកដាក់គាត់ថែមទៀត រួចក៏ចុះទៅជាន់ក្រោម ។ តើអ្នកជឿទេថា គាត់នៅតែពុំនិយាយសូមទោសខ្ញុំទៀត ? » បទពិសោធន៍របស់ម៉ារីលីនគឺជាគំរូល្អមួយអំពីរបៀបដើម្បីកុំដោះស្រាយពេលមានអារម្មណ៍ខឹង ។
ទម្លាប់អាចពិបាកនឹងផ្លាស់ប្តូរទោះបីវាតូចតាចក្តី ។ ប៉ុន្តែគូស្វាមីភរិយាអាចរៀនជំនាញនានាដើម្បីជួយសម្រួលរឿងនេះ ។ នេះគឺជាការអនុវត្តដ៏មានប្រយោជន៍មួយចំនួន ៖
គន្លឹះ៧ ចំណុចដើម្បីមានភាពត្រជាក់ចិត្ត
ចោទសួរគំនិតនោះភ្លាម ។ នៅក្នុងឧទាហរណ៍របស់យើង ម៉ារីលីនអាចនិយាយប្រាប់ខ្លួននាងថា « ខ្ញុំហាក់ដូចជាត្រូវ ប៉ុន្តែខ្ញុំដូចជាប្រតិកម្មជ្រុលហួសហេតុពេកហើយ ។ ទំនាក់ទំនងខ្ញុំជាមួយស្វាមីខ្ញុំសំខាន់ជាងអ្វីដែលយើងកំពុងឈ្លោះគ្នានេះទៅទៀត » ។
ធ្វើឲ្យចិត្តរបស់អ្នកត្រជាក់សិន ពីមុនអ្នកព្យាយាមដោះស្រាយបញ្ហា ។ រង់ចាំឲ្យកំហឹងនោះរសាយបាត់សិន ។
ស្វែងរកការបង្វែរអារម្មណ៍ ។ ជ្រើសរើសគិតអំពីអ្វីផ្សេងទៀត ឬដើរចេញក្រៅបន្ដិច ។
សរសេរគំនិតរបស់អ្នក ។ សម្រាប់មនុស្សខ្លះ ការណ៍នេះជួយឲ្យបង្កើនការស្គាល់ពីខ្លួនឯង ។
បង្ហាញអារម្មណ៍អ្នកក្នុងរបៀបមួយដែលមានប្រយោជន៍ ។ សម្រែកទ្រគោះបោះបោកទៅតាមអារម្មណ៍របស់អ្នកនឹងពុំជួយអ្នក « ឲ្យធូរស្បើយពីអារម្មណ៍នោះឡើយ » ។ កាលណាអ្នកបង្ហាញកំហឹងរបស់អ្នក នោះអារម្មណ៍របស់អ្នកកាន់តែតានតឹងថែមទៀត ។
ស្តាប់តន្ត្រីរម្ងាប់អារម្មណ៍ ឬអានឯកសារដែលលើកស្ទួយទឹកចិត្ត ។
ចាប់ផ្ដើមជាថ្មី ។ បញ្ឈប់ខ្លួនអ្នក នៅពេលចាប់ផ្តើមការពុំចុះសម្រុងគ្នានោះ ។ ការស្រាវជ្រាវបានបង្ហាញថា ពីរបីនាទីដំបូងនៃការសន្ទនាចាក់គ្រឹះសម្រាប់ការណ៍ដែលនឹងកើតឡើងបន្ទាប់ទៀត ។ ចូរនិយាយថា « ការណ៍នេះនឹងនាំទៅរកផ្លូវអាក្រក់ ។ ចូរចាប់ផ្ដើមជាថ្មី ។
ជំហានដោះស្រាយជម្លោះ
ការពង្រឹងអាពាហ៍ពិពាហ៍ សៀវភៅសិក្សារបស់សេវាកម្មគ្រួសារ អិល.ឌី.អេស ផ្តល់អនុសាសន៍នូវជំហានបីដើម្បីដោះស្រាយជម្លោះ ៖ ( ១ ) បង្ហាញទស្សនវិស័យ ( ២ ) រុករកកង្វល់ និង ( ៣ ) ជ្រើសយកដំណោះស្រាយរួមដែលពេញចិត្ត ។៥ ជំហានទាំងនេះផ្អែកទៅលើទំនាក់ទំនង និងគំរូរួមគ្នាដែលសហការ និងដោះស្រាយរាល់គ្រប់បញ្ហា និងកង្វល់ទាំងអស់ ។
១. បង្ហាញទស្សនវិស័យ
បុគ្គលម្នាក់ៗចែកចាយទស្សនវិស័យរៀងខ្លួនដោយស្មោះត្រង់ ប៉ុន្តែពុំមែនក្នុងលក្ខណៈទ្រគោះបោះបោកឡើយ ។ ជួនកាលការឆ្លុះបញ្ចាំងដោយចេះគិតគូរបានដោះស្រាយបញ្ហា ពេលមានការបញ្ជក់ច្បាស់ថា ការមិនចុះសម្រុងគ្នានោះគឺ គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ។ ឧទាហរណ៍ ភរិយាដែលគិតថាស្វាមីគាត់មានភាពអាត្មានិយមក្នុងការទាមទារឲ្យនាងចូលរួមក្នុងកីឡាបាល់បោះនៅវិទ្យាល័យ ជំនួសឲ្យការទៅបរិភោគអាហារពេលល្ងាចជាមួយគ្នា នោះនាងអាចយល់ថា ស្វាមីគាត់ពុំសូវចាប់អារម្មណ៍នឹងកីឡាបាល់បោះ ជាងការបង្ហាញពីចំណាប់អារម្មណ៍ទៅលើកីឡាករម្នាក់ ដែលបានឈប់ចូលរៀនថ្នាក់សាលាថ្ងៃអាទិត្យឡើយ ។
២. រុករកកង្វល់
គូស្វាមីភរិយារុករកកង្វល់នៅក្នុងកម្រិតមួយកាន់តែជ្រាលជ្រៅ ។ ការណ៍នោះផ្តោតទៅលើការយល់ចិត្ត និងការទទួលយកកង្វល់គ្នាទៅវិញទៅមក ។ ឧទាហរណ៍បន្តជាមួយនឹងកីឡាបាល់បោះ ខណៈដែលភរិយាយល់អំពីកង្វល់ស្វាមីខ្លួនចំពោះសិស្ស នោះគាត់អាចជឿថា ស្វាមីគាត់កំពុងបង្កើតទម្លាប់ដាក់តម្រូវការរបស់អ្នកដទៃនៅពីមុខតម្រូវការនៃអាពាហ៍ពិពាហ៍ ។ នៅក្នុងករណីនេះ ត្រូវមានការពិភាក្សាបន្ថែមដោយចេះគិតគូរ ដោយម្នាក់ៗបង្ហាញអារម្មណ៍ក្នុងរបៀបមួយដែលមានចិត្តទន់ភ្លន់ និងប្តូរការជំទាស់ទៅជាការចុះសម្រុងនឹងគ្នាវិញ ។
៣. ជ្រើសយកដំណោះស្រាយរួមដែលពេញចិត្ត
គូស្វាមីភរិយាគិតគូរ និងសម្រេចចិត្តលើដំណោះស្រាយរួមដែលបំពេញចិត្តគ្នា ។ ការណ៍នោះផ្តោតទៅលើអ្វីដែលបុគ្គលម្នាក់ៗអាចធ្វើ ដើម្បីដោះស្រាយកង្វល់ ជាជាងផ្តោតលើអ្វីដែលស្វាមី ឬភរិយារបស់ខ្លួនអាចធ្វើ ។ ការចរចាបែបនោះអាចបង្ហាញពីភាពចាស់ទុំ និងការអត់ធ្មត់ ហើយយូរៗទៅឈានទៅរកអារម្មណ៍ធូរស្បើយ ដែលមានសុវត្ថិភាពក្នុងការបង្ហាញអារម្មណ៍ និងទំនុកចិត្តដែលបំណងប្រាថ្នារបស់បុគ្គលម្នាក់ៗត្រូវបានដោះស្រាយ ។ គូស្វាមីភរិយារបស់យើងអាចយល់ព្រមចំណាយពេលមួយយប់ថ្ងៃសុក្រជាមួយគ្នាទៅលេងកីឡាបាល់បោះ មួយយប់ថ្ងៃសុក្រទៀតស្វាមីទៅលេងកីឡាបាល់បោះតែម្នាក់ឯង និងពីរយប់ថ្ងៃសុក្រផ្សេងទៀតពួកគេអាចធ្វើសកម្មភាពជាមួយគ្នា ។ របៀបដែលគូស្វាមីភរិយាជ្រើសរើសចំណាយពេលយប់ថ្ងៃសុក្រជាមួយគ្នា វាពុំសំខាន់ដូចដំណើរការនៃការសម្រេចចិត្តនោះឡើយ ដែលវាបំពេញចិត្តមនុស្សទាំងសងខាង ។
លទ្ធផលនៃការដោះស្រាយជម្លោះ
ពរជ័យដ៏អស្ចារ្យកើតមានឡើងមកពីការដោះស្រាយជម្លោះក្នុងបរិយាកាសប្រកបដោយក្តីស្រឡាញ់ ។ ការណ៍នេះរួមមានសន្តិសុខ ការរីកចម្រើនផ្ទាល់ខ្លួនដែលនាំឲ្យមានភាពសុខសាន្តក្នុងចិត្ត មានសេចក្តីជំនឿកើនឡើង ធ្វើឲ្យអត្តចរិតប្រសើរឡើង និងមានសេចក្តីសុចរិតផ្ទាល់ខ្លួន ។
នៅពេលជម្លោះត្រូវបានដោះស្រាយ លំនាំថ្មីអាចកើតមានឡើង ។ បន្ទាប់មក ទ្វារបានបើកឡើងសម្រាប់គូស្វាមីភរិយាដើម្បីបង្ហាញគំនិតវិជ្ជមាន និងបង្ហាញការជួយជ្រោមជ្រែង ។ ស៊ិស្ទើរ ជេន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅបានមានប្រសាសន៍ ៖ « ពាក្យសម្តីមានឥទ្ធិពលខ្លាំងក្លាណាស់ ទាំងលើកស្ទួយទឹកចិត្ត និង បំបាក់ទឹកចិត្ត ។ យើងទាំងអស់គ្នា ប្រហែលជាចាំពាក្យសម្តីអាក្រក់ៗ ដែលបំបាក់ទឹកចិត្តយើង និង ពាក្យសម្តីដែលបាននិយាយដោយក្តីស្រឡាញ់ផ្សេងទៀត ដែលបានលើកស្ទួយវិញ្ញាណយើងឡើង ។ សូមជ្រើសយកតែការនិយាយ — និង ពាក្យសម្តី — ណាដែលលើកស្ទួយ ព្រមទាំងពង្រឹងដល់អ្នកដទៃដែលនៅជុំវិញយើង ហើយជួយពួកគេឲ្យដើរតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ » ។៦
គូស្វាមីភរិយាដែលធ្វើឲ្យមានការរីកចម្រើនយូរអង្វែងនៅក្នុងការដោះស្រាយជម្លោះ នឹងច្រូតកាត់នូវរង្វាន់ដែលប្រាថ្នាចង់បាន ។ ស្វាមីម្នាក់ដែលមានបញ្ហាក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ពីមុនបាននិយាយថា « ខ្ញុំមានការលំបាកនឹងគិតត្រឡប់ទៅអតីតកាល អំពីរបៀបដែលធ្លាប់កើតមានឡើង ហើយជឿថាវាគឺជារឿងពិត ។ តើខ្ញុំអាចប្រព្រឹត្តនឹងភរិយាខ្ញុំតាមរបៀបដែលខ្ញុំធ្លាប់បានធ្វើដោយរបៀបណា ? ខ្ញុំមានអំណរគុណចំពោះព្រះវិញ្ញាណដែលធ្វើឲ្យខ្ញុំយកចិត្តទុកដាក់ និងមានអំណរគុណចំពោះការអត់ធ្មត់របស់ភរិយាខ្ញុំដែលបានបង្ហាញដល់ខ្ញុំ » ។
សេចក្ដីបញ្ចប់
ការយកឈ្នះលើជម្លោះតម្រូវឲ្យមានការខ្នះខ្នែង និងការប្រព្រឹត្តតាម ។ រឿងបន្ទាប់ទៀតដែលអ្នកនិយាយ ឬធ្វើអាចចាប់ផ្តើមលំនាំនៃទំនាក់ទំនងវិជ្ជមាននៅក្នុងអាពាហ៍ពិពាហ៍របស់អ្នក ។ ទាំងពីរនាក់អាចច្រូតកាត់នូវផលផ្លែនៃព្រះវិញ្ញាណដូចពួកសាសន៍នីហ្វៃមានបទពិសោធន៍ថា « គ្មានការទាស់ទែងគ្នានៅក្នុងដែនដីឡើយ ដោយព្រោះមកពីសេចក្ដីស្រឡាញ់នៃព្រះ ដែលបានស្ថិតនៅក្នុងចិត្តរបស់មនុស្ស ។
ហើយពុំមានការឈ្នានីស ការទាស់ទែងគ្នា ការច្របូកច្របល់…ហើយពិតជាគ្មានប្រជាជនណា ដែលរីករាយសប្បាយជាងនេះឡើយ » ( នីហ្វៃទី ៤ ១:១៥–១៦ ) ។