២០១៧
មេរៀន​ប្រាំ​មក​ពី​ពួកសាវក​វ័យ​ក្មេង​សម្រាប់​យុវមជ្ឈិមវ័យ
October 2017


មេរៀន​ប្រាំ មក​ពី​ពួកសាវក​វ័យ​ក្មេងសម្រាប់​យុវមជ្ឈិមវ័យ

តើ​សព្វថ្ងៃ​នេះ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី​បទពិសោធន៍​របស់​ពួកសាវក​ដំបូង​នៃ​ការស្តារ​ឡើង​វិញ ?

ពួកលោក​មាន​អាយុ​ចន្លោះ​ពី ២៣ ដល់ ៣៥ ឆ្នាំ ប៉ុន្តែ​ពួកលោក​បាន​ជួយ​ផ្លាស់ប្តូរ​ពិភពលោក​នេះ ។ ពួកសាវក​ដំបូង​នៃ​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​មាន​វ័យ​ក្មេងៗ ។ ពួកលោក​មួយ​ចំនួន​មាន​អារម្មណ៍​ថា ខ្វះ​សមត្ថភាព ។ មួយ​ចំនួន​ទៀត​បាន​ធ្វើ​ខុស ។ ប៉ុន្តែ​ពួកលោក​ទាំងអស់​គ្នា​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ ។ នេះ​គឺ​ជា​មេរៀន​ទាំង​ប្រាំ​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​ពួកលោក ។

១. អ្នក​ពុំ​ចាំបាច់​គិត​ថា អ្នក​ត្រូវ​ល្អ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ជា​មនុស្ស​ល្អ​ឡើយ

រូបភាព
Heber C. Kimball

រចនារូបភាព​ដោយ អេលីស្សាបែត ថៃយើរ

ហ៊ីប៊ើរ ស៊ី ឃិមបឹល មាន​អារម្មណ៍​ថា​ខ្វះ​សមត្ថភាព ពេល​លោក​បាន​ទទួល​ការហៅ​របស់​លោក​ទៅ​ក្នុង​ពួក​សាវក​ដប់ពីរ​នាក់​ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨៣៥ ។ លោក​ក្លាយ​ជា​សមាជិក​សាសនាចក្រ​តិច​ជាង​បី​ឆ្នាំ ហើយ​មាន​អាយុ​ទើប​តែ ៣៣ ឆ្នាំ​ប៉ុណ្ណោះ ។

ក្រោយ​មក ហ៊ីប៊ើរ បាន​រំឭក​ថា « វា​ហួស​ពី​ក្តី​រំពឹង​ទុក​របស់​ខ្ញុំ » ។ ប៉ុន្តែ​លោក​មាន​ឆន្ទៈ​ទទួល​យក​ការហៅបម្រើ ហើយ​ក្នុង​ការប្រសិទ្ធពរ​តែងតាំង​របស់​លោក លោក​ត្រូវបាន​ប្រាប់​ថា « មាន​មនុស្សជា​ច្រើន​លាន​នាក់ » នឹង « ប្រែចិត្ត​ជឿ​តាមរយៈ​ឥទ្ធិពល​របស់​លោក » ។២​

ក្នុងនាម​ជា​សាវក​មួយ​រូប លោក​បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អង់គ្លេស​ប្រកប​ដោយ​ជោគជ័យ​យ៉ាងខ្លាំងចំនួនពីរលើក ។ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ប្រែចិត្តជឿ ដែល​ពួកគេ​ទាំង​នោះ​មាន​ពូជពង្ស​ជាច្រើន​លាន​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ ។ សម្រាប់ ហ៊ីប៊ើរ លោក​បាន​ទទួល​ការបម្រើ​សូម្បី​លោក​មាន​អារម្មណ៍​ថា លោក​មាន​គុណសម្បត្តិ​តិចតួច​ក្នុងការ​ផ្តល់ពរ​ដល់​ខ្លួន​លោក និង​មនុស្ស​ជាច្រើន​ទៀត​ក្ដី ។

២. យើង​ត្រូវបាន​កំណត់​ដោយ​ការសម្រេច​ចិត្ត ពុំ​មែន​ដោយសារ​កាលៈទេសៈ​ឡើយ

រូបភាព
Thomas B. Marsh

ថូម៉ាស ប៊ី ម៉ាស បាន​រត់ចេញ​ពី​ផ្ទះ​នៅ​នូវ ហេម​សាយអើរ កាល​លោក​អាយុ ១៤ ឆ្នាំ ។ លោក​បាន​ធ្វើការ​ជា​កម្មករ​កសិដ្ឋាន​នៅ​រដ្ឋ វ័រម៉ន្ត ធ្វើ​ជា​អ្នក​រត់​តុ​នៅ​អាល់បានី រដ្ឋ​នូវ យ៉ោក ធ្វើការ​នៅ​សណ្ឋាគារ​នៅ​ទីក្រុង​នូវ យ៉ោក បន្ទាប់​មក​ធ្វើ​ជា​អ្នក​បម្រើ​ទ្រង់​នៅ​លើ​កោះ ឡង ។ កាលៈទេសៈ​របស់​លោក​ពុំ​ថិត​ស្ថេរ​ឡើយ​រហូត​ដល់​លោក​បាន​ជួប ហើយ​រៀបការ​ជាមួយ អេលីស្សាបែត ហ្គតឃិន ។

ទីបំផុតព្រះវិញ្ញាណ​បាន​នាំ​លោក និង​អេលីស្សាបែត ឲ្យ​ទៅ​រដ្ឋ​នូវ យ៉ោក ភាគ​ខាង​លិច ។ នៅទីនោះ​ពួកលោក​បាន​ឮ​អំពី​ព្រះគម្ពីរ​មរមន ។ ថូម៉ាស បាន​ឃើញ​ច្បាប់​ចម្លង​ ១៦ ទំព័រ​ដំបូង នៅពេល​វា​ត្រូវ​បាន​ចេញ​ផ្សាយ​តាម​កាសែត ហើយ​ម្ចាស់​រោង​ពុម្ព​អនុញ្ញាត​ឲ្យ​គាត់​អាន​ច្បាប់​សំណៅ​ភស្តុតាង ។ ដោយ​ជឿជាក់​ថា ព្រះគម្ពីរ​នោះ​មក​ពី​ព្រះ នោះ ថូម៉ាស បាន​ជ្រើស​ចូលរួម​សាសនាចក្រ ។ លោក​បាន​ជ្រមុជទឹក​នៅ​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ ១៨៣០ ។

ថូម៉ាស​បាន​ប្រកាស​ដំណឹងល្អ​នៅ​ក្នុង​តំបន់​ជាច្រើន ។ លោក​បាន​ស៊ូទ្រាំ​នឹង​សេចក្តីទុក្ខ​លំបាក ពេល​ពួកបរិសុទ្ធ​ត្រូវបាន​បណ្តេញ​មក​ពី​ឃុំ​ចាកសុន រដ្ឋ មិសសួរី ក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨៣៣ ។ លោក​គឺជា​សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​នៅ​រដ្ឋ មិសសួរី ពេល​ក្រុមប្រឹក្សា​នេះ​ត្រូវ​បាន​បង្កើត​នៅ​ខែ​កក្កដា ឆ្នាំ ១៨៣៤ ។ បន្ទាប់ពីការហៅរបស់លោកឲ្យបម្រើ​ក្នុងនាម​ជា​សាវក​ម្នាក់ ដែល​មាន​អាយុ ៣៤ ឆ្នាំ នោះ​លោក​បាន​បម្រើ​ជា​ប្រធាន​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។ ទោះបីជា​កាល​ពី​ដំបូង​លោក​បាន​គាំទ្រ យ៉ូសែប ស៊្មីធ យ៉ាង​អង់អាច​ទាស់​នឹង​ពួក​ប្រឆាំង​ក្តី ក៏​ទីបំផុត​ថូម៉ាស​បាន​បាត់បង់​ក្ដី​ជំនឿ ហើយ​វង្វេង ។ នៅក្នុង​ឆ្នាំ ១៨៣៨ លោក​បាន​ជ្រើស​យក​ការចាកចេញ​ពី​សាសនាចក្រ ។

ចេញ​ពី​រឿង​របស់​ថូម៉ាស យើង​អាច​រៀន​ថា ចូរកុំ​ឲ្យ​កាលៈទេសៈ​ពុំ​ថិតស្ថេរ​នានា​រារាំង​យើង​ពី​ពរជ័យ​នៃ​ដំណឹង​ល្អ — ឬ​ពរជ័យ​មក​ពី​មនុស្ស​ដទៃ​ឡើយ ។

៣. ចូរ​ប្រុងប្រយ័ត្ន ៖ គ្មាន​នរណា​ម្នាក់​ល្អ​ខ្លាំង រហូត​ដល់​មិន​ដែល​ធ្លាក់​នោះ​ឡើយ

រូបភាព
Lyman Johnson

ឡៃម៉ាន ចនសុន គឺ​ជា​សាវក​ក្មេង​ជាង​គេ​បង្អស់​ដែល​ត្រូវ​បាន​ហៅ​បម្រើ — គឺ​មាន​អាយុ​ត្រឹម​តែ ២៣ ឆ្នាំ និង​បួន​ខែ​ប៉ុណ្ណោះ​កាល​គ្រា​នោះ ។ លោក​ត្រូវបាន​តែងតាំង​ជា​សង្ឃ​ជាន់ខ្ពស់​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​ឈាន​ដល់​អាយុ ២០ ឆ្នាំ​ក្នុង​ឆ្នាំ ១៨៣១ ហើយ​លោក​បាន​បម្រើ​បេសកកម្ម​បួន​ប្រាំ​ដង​សម្រាប់​សាសនាចក្រ​រួច​ទៅ​ហើយ ។ អំឡុង​ពេល​បម្រើ​បេសកកម្ម​មួយ លោក​បាន​ប្រកាស​ពី​ទេសនាកថា ដែល​គេ​ចាំ​ថា « ជា​ទីបន្ទាល់​មួយ​ដ៏​មាន​ឥទ្ធិពល​បំផុត​ទាក់ទង​នឹង​បេសកកម្ម​របស់ យ៉ូសែប ស៊្មីធ និង​កិច្ចការ​ដ៏​មហិមា​នៃ​ថ្ងៃ​ចុងក្រោយ​នេះ » ។

ជា​អកុសល ការបម្រើ​របស់ ឡៃម៉ាន ក្នុង​នាម​ជា​សាវក​ពុំ​បាន​យូរ​អង្វែង​ឡើយ ។ អំឡុង​ពេល ភាពជ្រួលច្របល់​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ក្នុង​ឆ្នាំ ១៨៣៧ លោក​បែរ​ជា​បាន​ប្រឆាំង​នឹង យ៉ូសែប ស៊្មីធ ទៅ​វិញ ។ លោក​ត្រូវបាន​កាត់​កាល​ចេញ​ពី​សាសនាចក្រ​នៅ​ឆ្នាំ ១៨៣៨ ។

មិន​ថា​លោក​ប្រកាស​ដំណឹង​ល្អ​បាន​ល្អ​ប៉ុណ្ណា​ឡើយ មិន​ថា​តំណែង​ដែល​លោក​មាន​នៅក្នុង​សាសនាចក្រ​ធំ​ប៉ុណ្ណា​ក្តី ឡៃម៉ាន នៅ​តែ​វង្វេង​ធ្លាក់​ចេញ ។ ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍ថា ក្រោយ​មក ឡៃម៉ាន បាន​សារភាព​ថា លោក​ប្រាថ្នា​ថា លោក​អាច​នៅ​តែ​ជឿ​លើ​ដំណឹង​ល្អ ៖ « ខ្ញុំ​បាន​ពោរពេញ​ដោយ​អំណរ និង​ភាព​រីករាយ ។ … ខ្ញុំ​បាន​សប្បាយ​ចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ ។ … ប៉ុន្តែ​ឥឡូវ​នេះ វា​ប្រែ​ជា​ងងឹត​សូន្យ​ឈឹង មាន​តែ​ការឈឺចាប់ សោកសៅ វេទនា​ជា​ខ្លាំង​ពន់​ពេក » ។

៤. ការគោរពប្រតិបត្តិ​ពុំ​ធានា​ថា មាន​ជីវិត​ងាយស្រួល​ឡើយ ប៉ុន្តែ​វា​មាន​តម្លៃ

រូបភាព
Parley P. Pratt

បន្ទាប់​ពី ប៉ាលី ភី ប្រាត្ត ត្រូវបាន​តែងតាំង​ជា​សាវក នោះ​អូលីវើរ ខៅឌើរី ដែល​ជា​អ្នក​រើសតាំង​ម្នាក់​ក្នុងការ​ជួយ​រើស​ពួកសាវក បាន​ផ្តល់​ការទទួល​ខុសត្រូវ​ជាក់លាក់​មួយ​ដល់ ប៉ាលី ដោយ​ថ្លែង​ថា លោក​នឹង « ជួប​ទុក្ខ​លំបាក​ក្នុងការ​បំពេញ​ការបម្រើ​នេះ ដូច​ពួកសាវក​កាល​ពី​បុរាណ​បាន​ជួប​ផងដែរ » ។ លោក​មាន​ប្រសាសន៍​ថា ប៉ាលី នឹង​ជាប់ « គុក​ងងឹត​ដ៏​មាំ និង​គុក​ដ៏​អាប់អួរ » ប៉ុន្តែ​កាលៈទេសៈ​ទាំង​នោះ​ពុះ​គួរ​ធ្វើ​ឲ្យ​លោក​រុញរា​ឡើយ ដោយសារ​ការសាកល្បង​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​លោក​អាច « ទទួល​សិរី​ល្អ » ដែល​ព្រះអម្ចាស់​បាន​រៀបចំទុក​ឲ្យ​លោក​ជា​ស្រេច ។

ជីវិត​របស់ ប៉ាលី បាន​ជួប​តាម​គន្លង​ទាំង​នោះ​មែន ។ មាន​គ្រាខ្លះលោកជួបនឹងភាពក្រីក្រយ៉ាងដុនដាប ។ លោក​បាន​ជួប​ប្រទះនឹងការ​ចំអក​ឡកឡើយ​ពេល​លោក​ប្រកាស​ដំណឹង​ល្អ ។ លោក​បាន​ជាប់​គុក​ក្នុង​ឆ្នាំ ១៨៣៨ និង ១៨៣៩ ក្នុងការទទួល​ខុសត្រូវ​ចំពោះ​ការលំបាក​ដែល​សមាជិក​សាសនាចក្រ​បាន​បង្ក​ឡើង​នៅក្នុង​រដ្ឋ មិសសួរី ។ ប៉ុន្តែ ប៉ាលី ក៏​ជួប​ពរជ័យ​ដែល អូលីវើរ បាន​សន្យា​នោះ​ផងដែរ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​ត្រូវបាន​ដោះ​លែង​ចេញ​ពី​គុក លោក​បាន​សរសេរ​ថា « យើង​មាន​ភាពសុខសាន្ត ហើយ​រីកចម្រើន​យ៉ាង​សន្ធឹក​នៅក្នុង​ព្រះអម្ចាស់ បន្ទាប់​ពី​សេចក្តី​ទុក្ខលំបាក​របស់​យើង » ។​

៥. អាយុ​មិន​សំខាន់​ដូចជា​សេចក្តីជំនឿ​ឡើយ

រូបភាព
Orson Pratt

អួរសុន ប្រាត្ត ជា​ប្អូន​ប្រុស​របស់ ប៉ាលី គឺ​ជា​សាវក​ទី​ពីរ​ដែល​ក្មេង​ជាង​គេ​បង្អស់ ។ ដោយ​បាន​តែងតាំង​នៅ​អាយុ ២៣ ឆ្នាំ នោះ​លោក​គ្រាន់តែ​មាន​អាយុ​ច្រើន​ជាង ឡៃម៉ាន ចនសុន តែ​ពីរបី​សប្តាហ៍​ប៉ុណ្ណោះ ។ ការបម្រើ​ដែល អួរសុន បាន​ផ្តល់​ដល់​សានាចក្រ​រួច​មក​ហើយ ផ្តល់​នូវ​គំរូ​ដ៏​អស្ចារ្យ​មួយ​អំពី​យុវមជ្ឈិម​វ័យ​ដែល​អាច​ធ្វើ​ជា​ឥទ្ធិពល​ដ៏​រឹង​មាំ​សម្រាប់​សេចក្តីល្អ ។

អួរសុន​បាន​ទទួល​បុណ្យជ្រមុជទឹក​នៅ​ថ្ងៃ​ទី ១៩ ខែ កញ្ញា ឆ្នាំ ១៨៣០ — កាល​លោក​អាយុ ១៩ ឆ្នាំ ។ មិនយូរប៉ុន្មានក្រោយមក យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​សម្រាប់​លោក​ថា អួរសុន​គឺជា​បុត្រា​របស់​ព្រះ ថា​លោក​បាន​ទទួល​ពរ​ដោយ​សារ​​លោក​បាន​ជឿ ហើយ​ថា​ការទទួលខុសត្រូវ​របស់​លោក​គឺ​ត្រូវ​ប្រកាស​ដំណឹង​ល្អ ( សូមមើល គ. និង ស. ៣៤:៣–៦ ) ។ បន្ទាប់​មក អួរសុន បាន​បម្រើ​បេសកកម្ម​ជាច្រើន​ដង ហើយ​មាន​ម្តង​ជាមួយ ឡៃម៉ាន ចនសុន ក្នុង​ឆ្នាំ ១៨៣២ ដែល​ពួកលោក​បាន​ជ្រមុជទឹក​មនុស្ស​ជិត ១០០ នាក់ ហើយ​បាន​តែងតាំង​ពួក​អែលឌើរ​ជា​ច្រើន​នាក់ ។

ពេល​អួរសុន ត្រូវបាន​ហៅ​បម្រើ​ជា​សាវក លោក​ពុំ​បាន​នៅ​ទីក្រុង​ខឺត​ឡង់​ឡើយ ។ នៅ​ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ១៨៣៥ នៅក្នុង​ទីក្រុង​មួយ​នៃ​ប្រទេស កូឡុំប៊ី លោក​បាន​ដឹង​ថា លោកតម្រូវ​ឲ្យ​ទៅ​ចូលរួម​ការប្រជុំ​នៅក្នុង​ទីក្រុង ខឺត​ឡង់ នៅ​ថ្ងៃ​ទី ២៦ ខែ មេសា ។

ដោយ​ពុំ​បាន​ដឹង​អំពី​គោលបំណង​នៃ​ការប្រជុំ​នោះ លោក​បាន​រូតរះ​ធ្វើ​ដំណើរ​ទៅ​ទីនោះ ។ ដោយ​ពុំ​ដឹង​ថា​លោក​ត្រូវបាន​ហៅ​បម្រើ​ជា​សាវក លោក​បាន​ដើរ​​ចូល​មក ខណៈ​ដែល​ក្រុម​ជំនុំ​កំពុង « អធិស្ឋាន ហើយ​ជូនពរ​ការមក​ដល់​របស់​លោក » ។ ដោយ​ទទួល​អារម្មណ៍​នៃ​ការគាំទ្រ​ពី​ពួកបរិសុទ្ធ នោះ​អួរសុន​បាន​ទទួល​យក​ការបម្រើ​របស់​លោក ។

ក្នុងនាម​ជា​សាវក​មួយ​រូប លោក​បាន​រៀបចំ​កូនសៀវភៅ​ដែល​មាន​បោះ​ពុម្ព​ដំណើរ​រឿង​ដំបូង​បង្អស់​អំពី​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ។ ក្នុងនាម​ជា​អ្នក​ត្រួសត្រាយ​ក្នុង​ឆ្នាំ ១៨៤៧ លោក​បាន​រក្សា​កំណត់ត្រា​លម្អិត​អំពី​ការធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច ។ លោក​ក៏​បាន​សរសេរ​កូនសៀវភៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ច្រើន​ក្បាល ហើយ​គឺ​ជា​អ្នក​គាំទ្រ​ព្រះគម្ពីរ​មរមន​ដ៏​រឹងមាំ ។

តើ​សព្វ​ថ្ងៃ​នេះ​ខុស​ពី​កាល​នោះ … ឬ​ក៏​ដូច​គ្នា ?

នៅក្នុង​របៀប​ជាច្រើន​យុវមជ្ឈិមវ័យ​សព្វថ្ងៃ​នេះ គឺ ខុស​ពីពួក​យុវមជ្ឈិមវ័យ​កាល​ពី​ឆ្នាំ ១៨៣៥ ។ ប៉ុន្តែ​មេរៀន​ទាំង​នេះ​អាច​ជួយ​ពួក​យុវមជ្ឈិមវ័យ​នា​សព្វថ្ងៃ​នេះ ក្នុងការខិតខំ​របស់​ពួកគេ​ឲ្យ​រស់នៅ​តាម​សក្តានុពល​របស់​ខ្លួន ។ នេះ​ជា​សេចក្តីសង្ខេប ៖

  • ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ខ្វះ​សមត្ថភាព សូម​បន្ត​ឆ្ពោះ​ទៅមុខ​ជានិច្ច ។

  • មនុស្ស​គ្រប់គ្នា​ជួប​ឧបសគ្គ ។ អ្នក​អាច​យក​ឈ្នះ​វា​បាន ។

  • អ្នក​នឹង​សប្បាយ​ជាង ប្រសិនបើ​អ្នក​នៅ​តែ​បន្ត​សកម្ម​នៅក្នុង​សាសនាចក្រ​នេះ ។

  • ចូរ​បន្ត​ការតាំងចិត្ត ។ ចូរគោរព​ប្រតិបត្តិ ហើយ​ស្មោះត្រង់​ចុះ ។ ពរជ័យ​នឹង​កើត​មាន​ឡើង ។

  • អ្នក​មាន​អ្វី​ដ៏​ចាំបាច់​ដើម្បី​ចែកចាយ ។ ព្រះអម្ចាស់​កំពុង​ពឹងពាក់​ទៅលើ​អ្នក ។

កំណត់ចំណាំ

  1. « ដកស្រង់​មក​ពី​ទិនានុប្បវត្តិ​របស់ H. C. Kimball » Times and Seasons ថ្ងៃ​ទី ១៥ ខែ មេសា ឆ្នាំ ១៨៤៥ ទំព័រ ៨៦៨ ។

  2. « Minutes, Discourse, and Blessings ថ្ងៃ​ទី ១៤–១៥ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ » នៅក្នុង The Joseph Smith Papers, Documents, Volume 4: April 1834–September 1835 កែ​សម្រួល​ដោយ Matthew C. Godfrey និង​អ្នកដទៃ​ទៀត ( ឆ្នាំ ២០១៦ ) ទំព័រ ២២៩ ។

  3. សូមមើល « History of Thos. Baldwin Marsh » The Deseret News ថ្ងៃ​ទី ២៤ ខែ មិនា ឆ្នាំ ១៨៥៨ ទំព័រ ១៨ ។

  4. សូមមើល « History of Thos. Baldwin Marsh » The Deseret News ថ្ងៃ​ទី ២៤ ខែ មិនា ឆ្នាំ ១៨៥៨ ទំព័រ ១៨, Kay Darowski « The Faith and Fall of Thomas Marsh » នៅក្នុង Revelations in Context: The Stories behind the Sections of the Doctrine and Covenants, កែ​សម្រួល​ដោយ Matthew McBride និង James Goldberg ( ឆ្នាំ ២០១៦ ) ទំព័រ ៥៧-៥៩ ។

  5. Edward W. Tullidge Tullidge’s Histories ( ឆ្នាំ ១៨៨៩ ) វ៉ុល ២ ( ឯកសារ​បន្ថែម ) ទំព័រ ១៧៥ ។

  6. Brigham Young Discourse ថ្ងៃ​ទី ១៧ ខែ មិថុនា ឆ្នាំ ១៨៧៧ នៅក្នុង Journal of Discourses នាទី ១៩:៤១ ។

  7. អូលីវើរ ខៅឌើរី នៅក្នុង « Minutes and Blessings ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ១៨៣៥ » នៅក្នុង Joseph Smith Papers, Documents, Volume 4: April 1834–September 1835 ទំព័រ ២៤០–៤១ ។

  8. « Letter from Parley P. Pratt, 22 November 1839 » josephsmithpapers.org/paper-summary/letter-from-parley-p-pratt-22-november-1839/1 ។

  9. « ដកស្រង់​មក​ពី​ទិនានុប្បវត្តិ​របស់ H. C. Kimball » Times and Seasons ថ្ងៃ​ទី ១៥ ខែ មេសា ឆ្នាំ ១៨៤៥ ទំព័រ ៨៦៩ ។

បោះពុម្ព