២០១៨
នៅពេល​យើង​បន្ត​ឆ្ពោះ​ទៅ​មុខ​ជាមួយ​គ្នា
April 2018


សារលិខិត​គណៈប្រធាន​ទី​មួយ

នៅពេល​យើង​បន្ត​ឆ្ពោះ​ទៅ​មុខ​ជាមួយ​គ្នា

new First Presidency

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​ចិត្ត​រាបសា​ដែល​បាន​នៅ​ជាមួយ​នឹង​បងប្អូន​នា​ព្រឹក​នេះ ។ រយៈពេល ៤ ថ្ងៃ​កន្លង​ទៅ ពួក​យើង​បាន​រៀបចំ​ទុក​ដាក់​ការបញ្ចុះ​សព​បុរស​ដ៏​អស្ចារ្យ​ដែល​ជា​ព្យាការី​នៃ​ព្រះ​គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ទៅ​កាន់​ទីសម្រាក​របស់​លោក ។ គ្មាន​ពាក្យ​ពេចន៍​ណា​អាច​ថ្លែង​បញ្ជាក់​អំពី​ទំហំ និង​ក្តីអស្ចារ្យ​នៃ​ជីវិត​របស់​លោក​បាន​ឡើយ ។ ខ្ញុំ​នឹង​រីករាយ​ចំពោះ​មិត្តភាព​របស់​ពួក​យើង​ជា​រៀង​រហូត ព្រម​ជាមួយ​នឹង​អំណរគុណ​ចំពោះ​អ្វី​ដែល​លោក​បាន​បង្រៀន​ខ្ញុំ ។ ឥឡូវ យើង​ត្រូវ​តែ​មើល​ទៅ​អនាគត​ដោយ​សេចក្ដីជំនឿ​ទាំង​ស្រុង​ទៅ​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដែលជា​ម្ចាស់​នៃ​សាសនាចក្រ​នេះ ។

កាល​ពី​ពីរ​ថ្ងៃ​មុន ពួកសាវក​នៅរស់​ទាំងអស់​បាន​ជួប​ជុំគ្នា​នៅ​បន្ទប់​ជាន់​លើ​នៃ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ នៅ​ទីនោះ ពួក​លោក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ឯកឆន្ទ ទី​មួយ គឺ​ត្រូវ​រៀបចំ​គណៈប្រធាន​ទីមួយ​ឡើង​វិញ​ក្នុង​ពេល​ឥឡូវ​នេះ ហើយ​ទីពីរ គឺ​ថា​ខ្ញុំ​បម្រើ​ជា​ប្រធាន​សាសនាចក្រ ។ គ្មាន​ពាក្យ​ពេចន៍​ណា​អាច​ថ្លែង​ប្រាប់​បងប្អូន​បាន​ក្បោះក្បាយ​គ្រប់គ្រាន់​ពី​អារម្មណ៍​របស់​ខ្ញុំ នៅ​ពេល​ដែល​មាន​បងប្អូន​ប្រុស​របស់​ខ្ញុំ ជា​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ មក​ដាក់​ដៃ​របស់​ពួកលោក​នៅ​លើ​ក្បាល​របស់​ខ្ញុំ ដើម្បី​តែងតាំង និង​ញែក​រូប​ខ្ញុំ​ចេញ​ឲ្យ​ធ្វើ​ជា​ប្រធាន​សាសនាចក្រ​នោះ​ទេ ។ វា​គឺ​ជា​បទពិសោធន៍​ពិសិដ្ឋ និង​រាបសា​មួយ ។

បន្ទាប់​មក វា​ក្លាយ​ជា​ការទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​ដើម្បី​ដឹង​ថា​នរណា​ជា​អ្នក​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​ខ្ញុំ ។ តើ​ខ្ញុំ​អាច​ជ្រើសរើស​តែ​សាវក​ពីរ​រូប​ក្នុង​ចំណោម​ពួក​ដប់ពីរ​នាក់ ដែល​ម្នាក់ៗ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាង​ខ្លាំង​បាន​ដោយ​របៀប​ណា ? ខ្ញុំ​មាន​អំណរគុណ​ដ៏​ពន្លឹក​ចំពោះ​ព្រះអម្ចាស់​សម្រាប់​ការ​ឆ្លើយតប​ការ​អធិស្ឋាន​ដ៏​ក្លៀវក្លា​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ប្រធាន ដាលិន ហារិស អូក និង ប្រធាន ហិនរី ប៊ែនញៀន អាវរិង មាន​ឆន្ទៈ​បម្រើ​ជាមួយ​ខ្ញុំ​ជា​ទីប្រឹក្សា​ទីមួយ និង​ទីប្រឹក្សា​ទីពីរ ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ត្រឡប់​ទៅ​កាន់​កន្លែង​លោក​នៅ​ក្នុង​កូរ៉ូម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​វិញ ។ លោក​បាន​ទទួល​យក​ការ​ចាត់តាំង​ដ៏​ធំ​មួយ​រួច​ទៅ​ហើយ​ដែល​លោក​មាន​សក្ដិសម​ជា​ពិសេស ។

ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​លោក និង​ប្រធាន អាវរិង ចំពោះ​ការ​បម្រើ​ដ៏​អស្ចារ្យ​របស់​ពួក​លោក ក្នុង​នាម​ជា​ទីប្រឹក្សា​របស់​ប្រធាន ម៉នសុន ។ ពួក​លោក​ពិត​ជា​មាន​ពេញ​ដោយ​សមត្ថភាព ការលះបង់ និង​ការ​បំផុស​គំនិត ។ ពួក​យើង​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ពួក​លោក ។ ពួក​លោក​ម្នាក់ៗ​មាន​ឆន្ទៈ​ដើម្បី​បម្រើ​នៅ​ត្រង់​កន្លែង​ដែល​លោក​ត្រូវ​ការ​ចាំបាច់​បំផុត​ក្នុង​ពេល​នេះ ។

ក្នុង​នាមជា​សាវក​រៀម​ច្បង​ទីពីរ ប្រធាន អូក ក៏​ក្លាយ​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ផងដែរ ។ ប៉ុន្តែ​ដោយ​លោក​ត្រូវ​បាន​ហៅ​មក​កាន់​គណៈប្រធាន​ទីមួយ ព្រមទាំង​ស្របតាម​លំដាប់​ក្នុង​សាសនាចក្រ នោះប្រធាន អិម រ័សុល បាឡឺដ គឺ​ជា​រៀម​ច្បង​បន្ទាប់ ដែល​នឹង​បម្រើ​ជា​ប្រធាន​ស្ដីទី​នៃ​កូរ៉ុម​នោះ ។ គណៈប្រធាន​ទីមួយ​នឹង​ធ្វើ​ការ​គៀក​ដៃ​គ្នា​ជាមួយ​នឹង​ពួក​ដប់ពីរ​នាក់​ដើម្បី​ដឹង​អំពី​ព្រះហឬទ័យ​របស់​ព្រះអម្ចាស់ ហើយ​រំកិល​កិច្ចការ​ដ៏​ពិសិដ្ឋ​របស់​ទ្រង់​ឆ្ពោះ​ទៅ​មុខ ។

ពួក​យើង​សូម​អរគុណ​ចំពោះ​ការ​អធិស្ឋាន​របស់​បងប្អូន ។ ដែល​បាន​អធិស្ឋាន​នៅ​ទូទាំង​ពិភពលោក​សម្រាប់​ពួក​យើង ។ នៅព្រឹក​បន្ទាប់​ពី​មរណភាព​របស់​ប្រធាន ម៉នសុន មាន​កុមារា​អាយុ​បួន​ឆ្នាំ​ម្នាក់ ឈ្មោះ​បែនសុន​បាន​អធិស្ឋាន​ដូច្នេះ ។ ខ្ញុំ​សូម​ដកស្រង់​ចេញ​មក​ពី​សំបុត្រ​ម្ដាយ​របស់​គាត់​ដែល​បាន​សរសេរ​មក​ភរិយា​របស់​ខ្ញុំ វិនឌី ។ បែនសុន​បាន​អធិស្ឋាន​ថា ៖ « ព្រះវរបិតា​សួគ៌​អើយ សូម​អរគុណ​ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន អាច​បាន​ជួប​នឹង​ភរិយា​របស់​លោក​ម្ដងទៀត ។ សូម​ថ្លែង​អំណរគុណ​ចំពោះ​ព្យាការី​ថ្មី​របស់​យើង ។ សូម​ជួយ​លោក​ឲ្យ​មាន​ភាព​ក្លាហាន ហើយ​កុំ​ខ្លាច​ចំពោះ​ភាព​ថ្មីថ្មោង​របស់​លោក ។ សូម​ជួយ​លោក​ឲ្យ​ធំ​ឡើង​មាន​សុខភាព​ល្អ ហើយ​រឹងមាំ ។ សូម​ជួយ​លោក​មាន​អំណាច ដោយសារ​លោក​មាន​បព្វជិតភាព ។ ហើយ​សូម​ជួយ​ពួក​យើង​ធ្វើ​ល្អ​ជានិច្ច » ។

ខ្ញុំ​អរគុណ​ព្រះ​ចំពោះ​កុមារ​ទាំងឡាយ​ដូចជា​កុមារ​រូបនេះ និង​ឪពុក​ម្ដាយ​ទាំងឡាយ​ដែល​យក​ចិត្ត​ទុក​ដាក់​ដោយ​ហ្មត់ចត់​អំពី​ការ​តាំង​ចិត្ត​របស់​ពួកគេ​ដើម្បី​បីបាច់​កូនចៅ​ក្នុង​សេចក្ដីសុចរិត និង​ចេតនា​ពិត—ដ្បិត​គ្រប់​ឪពុក​ម្ដាយ គ្រូ​បង្រៀន និង​សមាជិក​ដែល​រែក​បន្ទុក​ធ្ងន់ៗ បាន​បម្រើ​ដោយ​សុឆន្ទៈ ។ ម្យ៉ាងទៀត ខ្ញុំ​មាន​អំណរគុណ​ដោយ​រាបសា​ជា​ទីបំផុត​ចំពោះ​បងប្អូន​ម្នាក់ៗ ។

ព្រះអម្ចាស់​គង់​នៅ​ឯ​ចង្កូត​នាវា

current Quorum of the Twelve Apostles

នៅ​ពេល​យើង​ឆ្ពោះ​ទៅ​មុខ​ជាមួយ​គ្នា ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គិត​អំពី​របៀប​ដ៏​វិសេសវិសាល​ដែល​ព្រះអម្ចាស់​គ្រប់គ្រង​សាសនាចក្រ​របស់​ទ្រង់ ។ នៅពេល​ប្រធាន​សាសនាចក្រ​មួយ​រូប​ទទួល​មរណភាព នោះ​ពុំ​មាន​អាថ៌កំបាំង​អំពី​នរណា​ដែល​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បន្ទាប់​ក្នុង​តំណែង​នោះ​ទេ ។ ពុំ​មាន​ការ​បោះឆ្នោត ពុំ​មាន​ធ្វើ​យុទ្ធនាការ​ទេ ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​ការ​តាម​ផែនការ​របស់​ព្រះ​ដោយ​ស្ងាត់ស្ងៀម​ក្នុង​ការ​ស្នង​តំណែង ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជាស្រេច​ដោយ​ព្រះអម្ចាស់​ផ្ទាល់ ។

រាល់​ថ្ងៃ​នៃ​ការ​បម្រើ​របស់​សាវក​ម្នាក់ គឺ​ជា​ថ្ងៃ​នៃ​ការ​រៀនសូត្រ និង​ការ​រៀបចំ​សម្រាប់​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​នៅ​ពេល​អនាគត ។ វា​ត្រូវការ​ពេលវេលា​ក្នុង​ការ​បម្រើ​រាប់​ទស្សវត្សរ៍ ដើម្បី​សាវក​មួយ​រូប​ផ្លាស់​ពី​កៅអី​សិស្ស​ប្អូន ទៅ​កាន់​កៅអី​រៀមច្បង​នៅក្នុង​រង្វង់​នោះ ។ អំឡុង​ពេល​នោះ លោក​ទទួល​បាន​នូវ​បទពិសោធន៍​ផ្ទាល់​នៅក្នុង​ចំណែកនីមួយៗនៃកិច្ចការរបស់សាសនាចក្រ ។ លោក​ក៏​បាន​ស្គាល់​មនុស្ស​នៅលើ​ផែនដី រួមទាំង​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ភាសា​របស់​ពួកគេ​ច្បាស់​ផងដែរ នៅពេល​ដាក់​កិច្ចការ​ចាត់តាំង​ដដែលៗ​ទៅ​ឲ្យ​លោក​ទៅក្នុង​ផែនដី​នេះ ។ ដំណើរការ​នៃ​ការ​ស្នង​តំណែង​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​នេះ គឺ​ពិសេស​ដាច់​ដោយ​ឡែក ។ ខ្ញុំ​ដឹង​ថា​ពុំ​មាន​អ្វី​ដូច​នេះ​ឡើយ ។ រឿង​នោះ​ពុំ​គួរ​ជា​ការ​ភ្ញាក់​ផ្អើល​ចំពោះ​យើង​ឡើយ ដោយសារ​នេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ទ្រង់​ពុំ​ធ្វើ​កិច្ចការ​តាម​របៀប​មនុស្ស​លោក​នោះទេ ។

ខ្ញុំ​បាន​បម្រើ​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​នៅ​ក្រោម​ប្រធាន​សាសនាចក្រ​ពីមុនៗ​ចំនួន​ប្រាំ​រូប ។ ខ្ញុំ​បាន​មើល​ប្រធាន​ម្នាក់ៗ​ទទួល​វិវរណៈ ហើយ​ឆ្លើយ​តប​នឹង​វិវរណៈ​នោះ ។ ព្រះអម្ចាស់​តែងតែ​បាន ហើយ​តែងតែ​នឹង​បង្រៀន ព្រមទាំង​បំផុស​គំនិត​ដល់​ពួក​ព្យាការី​របស់​ទ្រង់ ។ ព្រះអម្ចាស់​ជា​អង្គ​កាច់​ចង្កូត​នាវា ។ ពួក​យើង​ដែល​ត្រូវ​បាន​តែងតាំង​ឲ្យ​បម្រើ​ជា​សាក្សី​នៃ​ព្រះនាម​បរិសុទ្ធ​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក នឹង​បន្ដ​ព្យាយាម​ស្គាល់​ព្រះទ័យ​ទ្រង់ ហើយ​ធ្វើ​តាម ។

ចូរ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា

taking the sacrament

ឥឡូវ​នេះ ចំពោះ​សមាជិក​សាសនាចក្រ​ម្នាក់ៗ ខ្ញុំ​សូម​ប្រាប់​ថា ៖ សូម​បន្ដ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ការតាំង​ចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ បន្ទាប់មក​រក្សា​សេចក្ដី​សញ្ញា​នោះ នឹង​បើក​ទ្វារ​ទៅកាន់​ពរជ័យ និង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងអស់ ដែល​មាន​ចំពោះ​បុរស ស្ត្រី និង​កុមារ​នៅ​គ្រប់​ទីកន្លែង ។

ក្នុងនាម​ជា​គណៈប្រធាន​ថ្មី ពួកយើង​ចង់​ចាប់ផ្តើម​ជាមួយ​នឹង​ទស្សនៈវិស័យ​ដ៏​ច្បាស់លាស់ ។ ដោយសារ​តែ​ហេតុផល​នេះ ពួក​យើង​កំពុង​និយាយ​ទៅ​កាន់​បងប្អូន​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ទីបំផុត ពួកយើង​ម្នាក់ៗ​ព្យាយាម​ដើម្បី​បាន​អំណោយទាន​ពិសិដ្ឋ​ជាមួយ​នឹង​អំណាច​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ផ្សារភ្ជាប់​ជាមួយ​ក្រុមគ្រួសារ—​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ—ដែល​ធ្វើ​ឲ្យ​យើង​សក្តិសម​សម្រាប់​អំណោយទាន​ដ៏​មហិមា​របស់ព្រះ​គឺ​ជីវិត​អស់​កល្ប​ជានិច្ច ។ ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​សេចក្តីសញ្ញា​ដែល​បងប្អូន​ធ្វើ​នៅ​ទីនោះ​គឺ​ជា​គន្លឹះ​ដើម្បី​ពង្រឹង​ជីវិត​របស់​បងប្អូន អាពាហ៍ពិពាហ៍ និង​គ្រួសារ​របស់​បងប្អូន ព្រមទាំង​លទ្ធភាព​របស់​បងប្អូន​ដើម្បី​ទប់ទល់​នឹង​ការវាយ​ប្រហារ​ពី​មារសត្រូវ ។ ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​របស់​បងប្អូន​នៅ​ទីនោះ​សម្រាប់​ជីដូនជីតា​របស់​បងប្អូន​នឹង​ប្រទាន​ពរ​ដល់​បងប្អូន​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន និង​ភាពសុខសាន្ត​កាន់​តែ​ច្រើន ព្រមទាំង​ពង្រឹង​ការតាំងចិត្ត​របស់​បងប្អូន​ដើម្បី​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។

ឥឡូវ​នេះ ប្រសិនបើ​បងប្អូន​បាន​ដើរ​ចេញ​ពី​ផ្លូវ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ដោយ​សង្ឃឹម​ទាំងស្រុង​ក្នុង​ចិត្ត​ខ្ញុំ​ថា សូម​ត្រឡប់​មក​វិញ ! ទោះបី​បងប្អូន​មាន​កង្វល់ មាន​ឧបសគ្គ​យ៉ាង​ណា​ក្តី មាន​កន្លែង​មួយ​សម្រាប់​បងប្អូន​នៅ​ទី​នេះ ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ បងប្អូន និង​ជំនាន់​នានា​ដែល​មិន​ទាន់​កើត​នៅ​ឡើយ​នឹង​មាន​ពរ​តាមរយៈ​ទង្វើ​របស់​បងប្អូន​ក្នុង​ពេល​នេះ​ដើម្បី​ត្រឡប់​មក​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​វិញ ។ ព្រះវរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​រីករាយ​ព្រះទ័យ​ចំពោះ​បុត្រាបុត្រី​ទ្រង់ ហើយ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ម្នាក់ៗ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។ នេះ​គឺ​ជា​គោលដៅ​ដ៏​ចម្បង​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ—គឺ​ដើម្បី​ជួយ​យើង​ម្នាក់ៗ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ខ្ញុំ​សូម​បង្ហាញ​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​បងប្អូន—សេចក្តីស្រឡាញ់​ដែល​បាន​រីកចម្រើន​ឡើង​ជា​ច្រើន​ទសវត្សរ៍​នៅ​ពេល​ជួប​នឹង​បងប្អូន ថ្វាយ​បង្គំ​ជាមួយ​បងប្អូន និង​បម្រើ​បងប្អូន ។ ការត្រាស់​បង្គាប់​ពី​ព្រះ​របស់​យើង​គឺថា ត្រូវ​ទៅ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​នឹង​គ្រប់​ទាំង​ប្រជាជន ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ។ យើង​ធ្វើ​កិច្ចការ​នេះ​ដោយ​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដោយ​ដឹង​ថា ទ្រង់​ជា​អ្នក​គ្រប់គ្រង​កិច្ចការ​នេះ ។ នេះ​ជា​កិច្ចការ​របស់​ទ្រង់ និង​សាសនាចក្រ​ទ្រង់ ។ ពួក​យើង​គឺ​ជា​អ្នក​បម្រើ​ទ្រង់ ។

ខ្ញុំ​សូម​ប្រកាស​អំពី​ការបូជា​របស់​ខ្ញុំ​ចំពោះ​ព្រះ​ជា​ព្រះវរបិតា​អស់កល្ប​ជានិច្ច និង​ព្រះបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ស្គាល់​ពួកទ្រង់ ស្រឡាញ់​ពួក​ទ្រង់ ហើយ​ប្តេជ្ញា​ចិត្ត​បម្រើ​ពួក​ទ្រង់—និង​បងប្អូន—រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​នៃ​ជីវិត​ខ្ញុំ ។ នៅក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។