មេរៀនទី ១០
ស្វែងរកសេចក្ដីពិត
សេចក្ដីផ្ដើម
កូនចៅរបស់ព្រះត្រូវបានលើកទឹកចិត្តឲ្យ « ព្យាយាមស្វែងរកការរៀនសូត្រ…ដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿដែរ » (គ. និង ស. ៨៨:១១៨) ។ ការធ្វើតាមគំរូនេះជួយបុគ្គលម្នាក់ៗសក្តិសមនឹងទទួលបានជំនួយពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងដំណើរការរៀនសូត្រ ។ បច្ចុប្បន្ននេះ អ៊ិនធើរណែត និង ធនធានផ្សេងទៀត ផ្តល់ព័ត៌មានយ៉ាងច្រើនសន្ធឹកសន្ធាប់—ព័ត៌មានខ្លះពិត ខ្លះមិនពិត ហើយខ្លះទៀតនាំឲ្យយល់ខុស—អំពីគោលលទ្ធិ ប្រវត្តិ និង គោលជំហរលើបញ្ហាសង្គមរបស់សាសនាចក្រ ដែលជាពិសេសវាធ្វើឲ្យយើងត្រូវតែពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយយើងឲ្យញែកដឹងសេចក្តីពិតចេញពីការណ៍ក្លែងក្លាយ ។ ការរៀនដើម្បីស្វែងរក និង ប្រើប្រាស់ធនធានត្រឹមត្រូវនៃព័ត៌មានគឺជាផ្នែកនៃដំណើរការនេះ ។
ការអានពីសាវតា
-
ឌៀថើរ អេស្វ អុជដូហ្វ « តើការពិតនោះ គឺជាអ្វី ? » ( ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ) lds.org/broadcasts ។
-
« ការរៀនសូត្រដំណឹងល្អ » ប្រធានបទដំណឹងល្អ lds.org/topics ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨, ១២១-២៦
គំរូសម្រាប់ការរៀនសូត្រ
សូមអានឮៗនូវការពិពណ៌នាខាងក្រោមអំពីសាលានៃពួកព្យាការីដែលបានធ្វើនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ៖
« នៅឆ្នាំ ១៨៣៣ ព្យាការី និង ពួកបរិសុទ្ធខឺតឡង់មួយក្រុមមានឱកាសពិសេសមួយដើម្បីសិក្សាដំណឹងល្អ ។ នៅខែ មករា នៃឆ្នាំដដែលនោះ យោងតាមការបញ្ជារបស់ព្រះអម្ចាស់ ( សូមមើល គ និង ស ៨៨:១២៧–៤១) នោះព្យាការីបានរៀបចំសាលានៃពួកព្យាការីដើម្បីបំពាក់បំប៉នអ្នកកាន់បព្វជិតភាពសម្រាប់ការងាររបស់ពួកគេនៅក្នុងការបម្រើ និង ដើម្បីរៀបចំខ្លួនពួកគេផ្សព្វផ្សាយដំណឹងល្អ ។ សាលានោះត្រូវបានធ្វើឡើងនៅបន្ទប់ជាន់ទីពីរនៅក្នុងឃ្លាំង ណែវែល ខេ វីតនី ជាកន្លែងដែលព្យាការីរស់នៅ ។ មានបងប្អូនប្រុសប្រហែល ២៥នាក់ បានចូលរៀន អ្នកខ្លះបានធ្វើដំណើររាប់រយគីឡូម៉ែត្រសម្រាប់ឯកសិទ្ធិនៃការសិក្សាដំណឹងល្អនៅក្នុងបន្ទប់ដែលមានទំហំមិនធំជាង៣ គុណ ៤ ម៉ែត្រផងនោះ ។ ក្រោយមកភាគច្រើននៃបុរសទាំងនោះបានក្លាយជាសាវក ពួកចិតសិបនាក់ និង អ្នកដឹកនាំសាសនាចក្រផ្សេងៗទៀត ។ ទោះបីជាព្យាការី និង បងប្អូនប្រុសផ្សេងទៀតបានសិក្សាភាសាយូរៗម្តងក្តី ក៏ពួកលោកផ្តោតចម្បងទៅលើការសិក្សាអំពីគោលលទ្ធិនៃដំណឹងល្អ ដោយព្យាយាមបន្តការសិក្សារបស់ខ្លួនចាប់ពីព្រលឹមរហូតដល់ជ្រាលថ្ងៃរសៀល ។ សាលានេះបានមានតែរយៈពេល៤ ខែប៉ុណ្ណោះ ហើយក្រោយមកសាលាស្រដៀងនេះបានធ្វើឡើងនៅទីក្រុង ខឺតឡង់ និង មិសសួរី ដែលមានមនុស្សរាប់រយនាក់ចូលរៀន » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២៦១ ) ។
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨ មានសេចក្តីណែនាំមួយពីព្រះអម្ចាស់ដល់អស់អ្នកដែលចង់ចូលរួមនៅក្នុងសាលានៃពួកព្យាការី ។ សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ដោយស្ងាត់ស្ងៀម រកមើលគំរូនៃការសិក្សាដែលបានបញ្ជាដោយព្រះអម្ចាស់ ។ បន្ទាប់មក សូមពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណា « ដើម្បីស្វែងរកការរៀនសូត្រ…ដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿផង » ?
-
តើការធ្វើតាមគំរូនេះបង្កើនសមត្ថភាពរបស់យើងដើម្បីសិក្សាតាមរបៀបណាខ្លះ ? ( សិស្សអាចផ្តល់ចម្លើយផ្សេងៗ ប៉ុន្តែត្រូវបា្រកដឲ្យច្បាស់ថា នៅពេលយើងប្រើសេចក្តីជំនឿនៅក្នុងដំណើរការរៀនសូត្រ នោះយើងសមនឹងទទួលជំនួយពីព្រះអម្ចាស់) ។
សូមឲ្យសិស្សបួនប្រាំនាក់ឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២១-២៦ឲ្យឮៗ ដែលកត់ត្រាសេចក្តីណែនាំបន្ថែមទៀតមកពីព្រះអម្ចាស់ចំពោះសាលានៃពួកព្យាការី ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលគោលការណ៍ដែលជួយពួកគេឲ្យយល់ពីរបៀបដើម្បីសិក្សាដោយសេចក្តីជំនឿ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ សូមពិចារណសរសេរគោលការណ៍នោះនៅលើក្ដារខៀន ពេលសិស្សចែកចាយពីវា ។ អ្នកអាចនឹងចង់ស្នើរឲ្យសិស្សសរសេរឃ្លា « គោលការណ៍ដែលបង្រៀនរបៀបដើម្បីសិក្សាដោយសេចក្តីជំនឿ » នៅគែមព្រះគម្ពីររបស់ខ្លួនក្បែរនឹងខគម្ពីរទាំងនេះ ។ (កំណត់ចំណាំ ៖ ការធ្វើកំណត់ចំណាំនៅក្នុងគែមនៃព្រះគម្ពីរអាចជួយសិស្សឲ្យរកឃើញ និង ចងចាំពីគោលការណ៍សំខាន់ៗបានកាន់តែងាយថែមទៀត ) ។ បើសិនមានពេល អ្នកអាចសុំសិស្សឲ្យស្រាវជ្រាវក្នុង អាលម៉ា ៣២:២៨, ៤១–៤៣ និង យ៉ូហាន ៧:១៧ សម្រាប់គោលការណ៍បន្ថែមទៀត ។
-
តើការរស់នៅតាមគោលការណ៍ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ អាចនឹងជួយយើងឲ្យរៀនសូត្រ ដោយការសិក្សា និង ដោយសេចក្តីជំនឿយ៉ាងដូចម្តេច ? ( នៅពេលសិស្សឆ្លើយ អ្នកអាចចង់គូសបញ្ជាក់ថា ការធ្វើតាមគោលការណ៍ដូចខាងក្រោមនេះ នឹងជួយយើងឲ្យសមនឹងទទួលជំនួយពីព្រះវិញ្ញាណ ) ។
-
នៅពេលយើងសក្តិសមដើម្បីមានព្រះវិញ្ញាណនៃព្រះអម្ចាស់នៅជាមួយយើង តើព្រះវិញ្ញាណនេះនឹងជួយយើងឲ្យស្វែងរកសេចក្តីពិតយ៉ាងដូចម្តេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩១:១-៦
ការញែកដឹងសេចក្តីពិតចេញពីការណ៍ក្លែងក្លាយ
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« គ្មានទេនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកនេះដែលយើងងាយនឹងទទួលបានព័ត៌មានកាន់តែច្រើន—ដែលព័ត៌មានខ្លះពិត ខ្លះទៀតមិនពិត ហើយខ្លះទៀតពិតខ្លះៗ ។
« ហេតុដូច្នេះហើយ គ្មានប្រវត្តិសាស្ត្រនៃពិភពលោកនេះដែលវាសំខាន់ជាងការរៀនឲ្យបានត្រឹមត្រូវពីរបៀបដើម្បីញែកដឹងរវាងសេចក្តីពិតនិងការណ៍ក្លែងក្លាយឡើយ » (« តើការពិតនោះជាអ្វី ? » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ] ទំព័រ ៣ lds.org/broadcasts) ។
-
តើមានលទ្ធផលអ្វីខ្លះកើតឡើង បើសិនយើងមិនបានរៀនដើម្បីញែកដឹងរវាងសេចក្ដីពិត និងការណ៍ក្លែងក្លាយ ?
សូមសរសេរសំណួរខាងក្រោមនេះនៅលើ ក្តារខៀន ៖
សូមពន្យល់ថា វិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩១ បានបង្រៀន យ៉ូសែប ស្ម៊ីធ ពីរបៀបដើម្បីញែកឲ្យដឹង ថាអ្វីដែលគាត់កំពុងអាននៅក្នុងអាប៉ូគ្រីផាវាត្រឹមត្រូវឬអត់ ។ សូមឲ្យសិស្សម្នាក់អាន ក្បាលកណ្ឌ ៩១ ឲ្យឮៗ ខណៈដែលសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ បន្ទាប់មកសូមឲ្យសិស្សពិចារណាអំពីសំណួរនៅលើក្ដារខៀននៅពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩១ ជាមួយសិស្សផ្សេងទៀត ។
សូមពន្យល់ថាអាប៉ូគ្រីផា គឺជាការប្រមូលផ្តុំនៃគម្ពីរពិសិដ្ឋៗនៃប្រជាជនសាសន៍យូដា ។ គម្ពីរទាំងនេះ មិនបានរួមបញ្ចូលនៅក្នុងព្រះគម្ពីរបរិសុទ្ធហេព្រើដើមឡើយ ( ព្រះគម្ពីរសញ្ញាចាស់ ) ប៉ុន្តែត្រូវបានរួមបញ្ចូលនៅក្នុងការបកប្រែនៃព្រះគម្ពីរបរិសុទ្ធជាភាសាក្រិកមិនយូរប៉ុន្មានពីមុនជំនាន់ព្រះគ្រីស្ទ ។ នៅពេលពួកគ្រីស្ទានជំនាន់ដើមចងក្រងគម្ពីរនានានៃព្រះគម្ពីរប៊ីបជាច្រើនសតវត្សរ៍ក្រោយមក នោះពួកគេបានរួមបញ្ចូលគម្ពីរអាប៉ូគ្រីផាជាសេចក្តីបន្ថែម ។ ពួកគ្រីស្ទានមួយចំនួនចាត់ទុកគម្ពីរនៃអាប៉ូគ្រីផាថាជាព្រះគម្ពីរ ប៉ុន្តែពួកគ្រីស្ទានផ្សេងទៀតពុំជឿថាវាជាការសរសេរដ៏បំផុសគំនិតឡើយ ។ ព្រះគម្ពីរបរិសុទ្ធដែលយ៉ូសែប ស្ម៊ីធ បានប្រើដើម្បីបង្កើតការបកប្រែដ៏បំផុសគំនិតរបស់លោកនោះមាននូវគម្ពីរអាប៉ូគ្រីផាផងដែរ ។ យ៉ូសែប បានសួរព្រះអម្ចាស់ បើសិនការបកប្រែព្រះគម្ពីរបរិសុទ្ធប៊ីបរបស់លោកគួរតែបញ្ចូលគម្ពីរទាំងនោះឬអត់ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩១:១-៣ ឲ្យឮៗ ។
-
តើយ៉ូសែប ស្ម៊ីធ បានរៀនអ្វីអំពី អាប៉ូគ្រីផា ? ( អ្នកគួរតែពន្យល់ថា ពាក្យបញ្ចូល គឺជាអ្វីមួយដែលបានដាក់ចូលទៅក្នុងការសរសេរដោយដៃ ពេលខ្លះវាបណ្តាលឲ្យបង្ខូចអត្ថន័យនៃអត្ថបទដើម ) ។
សូមឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩១:៤-៦ ឲ្យឮៗ ។
-
តើការទូន្មាននៅក្នុង ខ ៤–៦ អាចជួយយើងឲ្យញែកដឹងសេចក្តីពិតពីការណ៍ក្លែងក្លាយ ហើយថ្លឹងថ្លែងពីភាពពិតនៃអ្វីដែលយើងអានដោយរបៀបណា ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា ពួកគេរកឃើញសេចក្តីពិតដូចខាងក្រោមនេះ ៖ ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យដឹងបើសិនអ្វីដែលយើងអាននោះវាពិត) ។
សូមពន្យល់ថា ព័ត៌មានជាច្រើនដែលមាននៅលើអ៊ិនធើរណែតបង្កើតឲ្យមានសេចក្តីត្រូវការសម្រាប់យើងម្នាក់ៗឲ្យមានអំណោយទានខាងវិញ្ញាណនៃការញែកដឹង ( សូមមើល គ និង ស ៤៦:២៣) ដូច្នេះយើងអាចដឹងពីរបៀបញែកដឹងសេចក្តីពិតចេញពីការណ៍ក្លែងក្លាយ ។ ( សម្រាប់ព័ត៌មានបន្ថែមអំពីមូលហេតុដែលអំណោយទាននៃការញែកដឹងវាសំខាន់យ៉ាងណានៅក្នុងជីវិតរបស់យើងនោះ សូមមើលអត្ថបទ អែលឌើរ ដាវីឌ អេ បែដណា « Quick to Observe » Ensign ឬ Liahona ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ៣១–៣៦ ) ។
សូមចែកច្បាប់ចម្លងនៃ សេចក្តីថ្លែងការណ៍ ដោយអែលឌើរ ស្ទីវីន អ៊ី ស្នូនៃពួកចិតសិបនាក់ឲ្យសិស្សម្នាក់ៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលកថាខណ្ឌពីរដំបូងនៃការទូន្មានរបស់អែលឌើរ ស្នូ អំពីការវាស់វែងព័ត៌មានដែលយើងអាចអានអំពីប្រវត្តិសាសនាចក្រ និង ការបង្រៀននានា ។
-
ដោយសារយើងត្រូវតែវាស់វែងដោយយកចិត្តទុកដាក់នូវភាពពិតនៃប្រភពព័ត៌មានអំពីប្រវត្តិសាសនាចក្រ និង ការបង្រៀន តើអ្នកអាចប្រើការបង្រៀនរបស់អែលឌើរ ស្នូ ដើម្បីជួយអ្នកឲ្យវាស់វែងភាពពិតនៃអ្វីដែលអ្នកអានអំពីសាសនាចក្រដោយរបៀបណា ?
សូមឲ្យសិស្សអានកថាខណ្ឌទីបីនៃសេចក្តីថ្លែងការណ៍របស់អែលឌើរ ស្នូ ដោយស្ងាត់ស្ងៀម ។ បន្ទាប់មក សូមពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
តើការទូន្មានរបស់អែលឌើរ ស្នូ នឹងជួយអ្នកដូចម្តេច នៅពេលអ្នកជួបនឹងព័ត៌មានដែលរារាំងជំនឿរបស់អ្នក ?
ការបន្តនៅស្មោះត្រង់នៅពេលមានសំណួរបែបនោះកើតឡើង
សូមពន្យល់ថា សមាជិកសាសនាចក្រ មានពេលខ្លះអាចមានសំណួរ ឬ មន្ទិលសង្ស័យអំពីគោលលទ្ធិ ប្រវត្តិសាស្ត្រ ឬគោលជំហរលើបញ្ហាសង្គមរបស់សាសនាចក្រ ។ សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជាមួយសិស្សរបស់អ្នក ៖
« ធម្មតាទេដែលមានសំណួរនោះ — គ្រាប់ពូជនៃសំណួរស្មោះត្រង់តែងលេចពន្លកឡើង និងលូតលាស់ជាដើមឈើយល់ដឹងមួយដ៏ធំ ។ មានសមាជិកសាសនាចក្រ ខ្លះពុំស្វិតស្វាញនឹងសំណួរប្រាកដប្រជា ឬធ្វើឲ្យអន់ចិត្តឡើយនៅពេលមួយ ឬផ្សេងទៀត ។ គោលបំណងចម្បងនៃសាសនាចក្រគឺបីបាច់ និងបណ្ដុះគ្រាប់ពូជនៃក្ដីជំនឿ — សូម្បីពេលខ្លះជាដីខ្សាច់នៃមន្ទិល និងភាពមិនប្រាកដក្ដី » (« មក ចូលរូមជាមួយយើង » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៣ ) ។
សូមចែកក្រដាស « ការញែកដឹងសេចក្តីពិតចេញពីការណ៍ក្លែងក្លាយ » ដែលរួមមាននូវការទូន្មានពីថ្នាក់ដឹកនាំសាសនាចក្រ សម្រាប់អស់អ្នកដែលមានសំណួរ ឬ មន្ទិលសង្ស័យ ។ សូមឲ្យសិស្សអានសេចក្តីថ្លែងការណ៍នៅលើក្រដាសចែកនោះដោយស្ងាត់ស្ងៀម ហើយរកមើលគោលការណ៍ដែលនឹងជួយនរណាម្នាក់ឆ្លើយសំណួរ ឬ មន្ទិលសង្ស័យក្នុងលក្ខណៈមួយដ៏ស្មោះត្រង់ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សពន្យល់ថា អ្វីដែលពួកគេអាននៅលើក្រដាសចែកនេះអាចជួយនរណាម្នាក់ដែលមានសំណួរ ឬ មន្ទិលសង្ស័យអំពីគោលលទ្ធិ ប្រវត្តិ ឬ គោលជំហរលើបញ្ហាសង្គមរបស់សាសនាចក្រដោយរបៀបណា ។
នៅពេលអ្នកបញ្ចប់មេរៀន សូមគូសបញ្ជាក់ថាទោះបីជាមានសំណួរមួយចំនួនដែលយើងមិនអាចរកចម្លើយឃើញក្នុងជីវិតនេះក្តី យើងអាចរកចម្លើយឃើញដើម្បីឆ្លើយសំណួរដ៏អស្ចារ្យរបស់យើងនៅពេលយើងគោរពប្រតិបត្តិតាមព្រះបញ្ញាត្តិ សិក្សាធនធានព័ត៌មានត្រឹមត្រូវនានា—ជាពិសេសគឺប្រសាសន៍របស់ព្យាការីដែលកំពុងរស់នៅ—ស្វែងរកការដឹកនាំតាមរយៈការអធិស្ឋាន និង អនុវត្តភាពអត់ធ្មត់ និង សេចក្តីជំនឿ ។
សូមឲ្យសិស្សចែកចាយបទពិសោធន៍ទាំងឡាយដែលពួកគេមាន នៅពេលពួកគេមានអារម្មណ៍ថាមានជំនួយរបស់ព្រះអម្ចាស់ដឹកនាំពួកគេដើម្បីស្វែងរកសេចក្តីពិត ហើយឆ្លើយតបសំណួររបស់ខ្លួន ។
សូមលើកទឹកចិត្តសិស្សឲ្យរំឭកសេចក្តីថ្លែងការណ៍នៅលើក្រដាសចែកនោះ ហើយឲ្យពួកគេធ្វើតាមការទូន្មានមកពីមេរៀនដែលឲ្យព្យាយាមរៀនសូត្រ ដោយការសិក្សា និង ដោយសេចក្តីជំនឿ ។
ការអានរបស់សិស្ស
-
ឌៀថើរ អេស្វ អុជដូហ្វ « តើការពិតនោះ ជាអ្វី » ( ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ) lds.org/broadcasts ។