បណ្ណាល័យ
មេរៀន​ទី ១៤ ៖ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង កូនសោ​បព្វជិតភាព


មេរៀន​ទី ១៤

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង កូនសោ​បព្វជិតភាព

សេចក្ដីផ្ដើម

បន្ទាប់​ពី​អស់​រយៈពេល​ជិត​បី​ឆ្នាំ​នៃ​ការពុះពារ និង ការពលិកម្ម​ខាង​ហិរញ្ញវត្ថុ នោះ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង​នៅ​ថ្ងៃ​ទី ២៧​ខែ មីនា ឆ្នាំ ១៨៣៦ ។ មួយ​សប្តាហ៍​ក្រោយ​មក មាន​អព្ភូតហេតុ​កើត​ឡើង​ស្រប​ពេល​នឹង​ការឧទ្ទិស​ឆ្លង​នោះ សារទូត​ស្ថានសួគ៌​បាន​ស្តារ​កូនសោ​បព្វជិតភាព​ឡើង​វិញ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ កូនសោ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សាសនាចក្រ​នេះ​ប្លែក​ពី​សាសនាចក្រ​ផ្សេងៗ ហើយ​បាន​ប្រទាន​ពរ​ដល់​មនុស្ស​រាប់រយ​លាន​នាក់​ដែល​រួបរួម​នៅ​ក្នុង​សាសនាចក្រ​នេះ ។

ការអាន​ពី​សាវតា

  • ជែហ្រ្វី អ័រ ហូឡែន « Our Most Distinguishing Feature » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៥​ទំព័រ ៤៣–៤៥ ។

  • ដេវីឌ អេ បែដណា « Honorably Hold a Name and Standing » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧–១០០ ។

  • « Glorious Days in Kirtland, 1834–1836 » ជំពូក​ទី ១៣ នៅ​ក្នុង Church History in the Fulness of Times Student Manual, ការបោះពុម្ព​លើក​ទី ២ ( Church Educational System manual, ឆ្នាំ ២០០៣ ) ទំព័រ ១៥៣–៦៨ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១-២៨

ពួកបរិសុទ្ធ​បាន​ពលិកម្ម​ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

សូម​បង្ហាញ​រូបភាព ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដល់​សិស្ស ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] លេខ ១១៧ សូមមើល​គេហទំព័រ LDS.org​ផងដែរ ) ។ សូម​ពន្យល់​ថា ពួកបរិសុទ្ធ​បាន​ធ្វើការ និង ពលិកម្ម​ស្ទើរតែ​អស់​ពេល​ជិត​បី​ឆ្នាំ​ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ ការធ្វើ​ដូច​នោះ នាំ​ឲ្យ​ពួកគេ​ធ្វើ​ជា​សាក្សី​អំពី​ការបំពេញ​នៃ​ការសន្យា​របស់​ព្រះអម្ចាស់​ដែល​ថា បើសិន​ពួកគេ​នឹង​រក្សា​បទ​បញ្ញាត្តិ​ទ្រង់ នោះ​ពួកគេ​នឹង « មាន​អំណាច​ដើម្បី​កសាង​គេហដ្ឋាន​នោះ » (គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៥:១១) ។ មាន​មនុស្ស​ជិត ១០០០ នាក់​បាន​ចូលរួម​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នេះ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ។ ការ​អធិស្ឋាន​ឧទ្ទិស​ឆ្លង​ដែល យ៉ូសែប ស៊្មីធ បាន​ទទួល​តាមរយៈ​វិវរណៈ ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩ ។

សូម​ឲ្យ​សិស្ស​មួយ​គូ​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១-៥ឲ្យ​ឮៗ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ផ្ទៀង​តាម ជាពិសេស​រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​ការពលិកម្ម​របស់​ពួក​បរិសុទ្ធ​ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់មក សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ឃ្លា​អ្វី​ដែល​យ៉ូសែប ស៊្មីធ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​ការពលិកម្ម​របស់​ពួក​បរិសុទ្ធ​នោះ ?

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី ការពលិកម្ម​ដែល​ពួក​បរិសុទ្ធ​បាន​ធ្វើ​នោះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្តី​សង្ខេប​ខាង​ក្រោម​ឲ្យ​ឮៗ ៖

នៅ​ចន្លោះ​ខែ មិថុនា ឆ្នាំ ១៨៣៣ និង ខែ មិនា ឆ្នាំ ១៨៣៦ បុរស និង ស្ត្រី​ជា​ច្រើន​បាន​ធ្វើការ​រួម​គ្នា​ដើម្បី​កសាង និង ធ្វើ​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឲ្យ​ចប់​សព្វគ្រប់ ។ អ្នក​ខ្លះ​បាន​ធ្វើ​ជា​ជាង​កំបោរ ខ្លះ​ទៀត ជា​អ្នក​ដឹក​ជញ្ជូន​ថ្ម អ្នក​ខ្លះ​ទៀត​ធ្វើ​ជា​អ្នក​រវៃ​អំបោះ ហើយ​ដេរ​សំលៀកបំពាក់​ឲ្យ​ពួក​កម្មករ ហើយ​អ្នក​ផ្សេង​ទៀត​បាន​ដេរ​វាំងនន​សម្រាប់​ដំណាក់​របស់​ព្រះអម្ចាស់ ។ ពួកគេ​បាន​ធ្វើការ​ទាំង​នេះ « ប្រយោជន៍​ឲ្យ​កូន​មនុស្ស​អាច​មាន​កន្លែង​មួយ​ដើម្បី​សម្តែង​អង្គ​ទ្រង់​ដល់​រាស្ត្រ​របស់​ទ្រង់ » (គ.និង ស ១០៩:៥) ។ ពួក​បរិសុទ្ធ​មួយ​ចំនួន ដូចជា ចន ថែនើរ បាន​ផ្តល់​ទ្រព្យ​សម្បត្តិ​របស់​គេ​យ៉ាង​ច្រើន​សម្រាប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ជាសរុប ព្រះវិហារ​បរិសុទ្ធ​អាច​ចំណាយ​ថ្លៃ​ប្រហែល ៤០០០០ ដុល្លារ​អាមេរិក ដើម្បី​សាងសង់—គឺ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​នៅ​ជំនាន់​នោះ ។ លើស​ពី តម្លៃ និង ការពលិកម្ម នោះ​ពួក​បរិសុទ្ធ​បាន​ស្មោះត្រង់​នៅ​ក្នុង​ការធ្វើការ​របស់​ខ្លួន​ដើម្បី​គោរព​តាម​ព្រះបញ្ញាត្តិ​របស់​ព្រះអម្ចាស់ ( សូមមើល គ. និង ស ៩៥:១១) ។ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ គឺ​ជា​ការងារ​នៃ​សេចក្តី​ស្រឡាញ់ និង ការអនុវត្តន៍​នៃ​ការគោរព​ប្រតិបត្តិ ការពលិកម្ម និង សេចក្តី​ជំនឿ ។

  • តើ​ការពលិកម្ម​អ្វី​ខ្លះ​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​នោះ ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​យើង ពេល​យើង​ពលិកម្ម​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ?

ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ សូម​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ ស៊ីស្ទើរ ខារ៉ូ ប៊ី ថូម៉ាស នៃ​គណៈប្រធាន​យុវនារី​ទូទៅ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា ឮៗ ៖

ខារ៉ូ ប៊ី ថូម៉ាស

© Busath.com

« ការពលិកម្ម​គឺ​ជា​គោលការណ៍​មួយ​ដ៏​អស្ចារ្យ ។ នៅពេល​យើង​មាន​ឆន្ទៈ​ចំណាយ​ពេល​វេលា និង ទេពកោសល្យ​របស់​យើង និង អ្វីៗ​ដែល​យើង​មាន នោះ​វា​ក្លាយ​ជា​ទម្រង់​ដ៏​ពិត​មួយ​នៃ​ការថ្វាយ​បង្គំ​របស់​យើង ។ វា​អាច​បង្កើន​ក្នុង​ចិត្ត​យើង​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដល់​គ្នា​នឹង​គ្នា និង ដល់​ព្រះអង្គ​សង្គ្រោះ គឺ​ព្រះយេស៊ូវគ្រីស្ទ។ តាមរយៈ​ការលះបង់ នោះ​ដួងចិត្ត​របស់​យើង​អាច​ត្រូវ​បាន​ផ្លាស់ប្តូរ យើង​រស់​នៅ​ជាប់​នឹង​ព្រះវិញ្ញាណ ហើយ​នឹង​មាន​ចំណង់​ខាង​លោកិយ​តិច​ជាង​មុន » (« Sacrifice: An Eternal Investment » Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៤ ) ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១២-១៣ និង ២០–២១ដោយ​ស្ងាត់ស្ងៀម រកមើល​របៀប​ដែល​លក្ខណៈ​ដ៏​ទេវភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​ផ្តល់​ឲ្យ​នៅ​ក្នុង​ការអធិស្ឋាន​នេះ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​លេចធ្លោ​ខ្លាំង​បំផុត​ចំពោះ​ពួកគេ​នៅ​ក្នុង​ខ​គម្ពីរ​ទាំងនេះ ។

សូម​ប្រាប់​សិស្ស​ថា នៅ​ក្នុង​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​នោះ យ៉ូសែប ស៊្មីធ បាន​ទូល​អង្វរ​ព្រះអម្ចាស់​សុំ​ពរជ័យ​ជាក់លាក់ ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ឆ្លាស់​វេន​គ្នា​អាន​ឮៗ​ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១២-១៥, ២២–២៨ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​ពរជ័យ​ដែល​អាច​ប្រទាន​ដល់​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដ៏​សក្តិសម​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​ស្នើ​ឲ្យ​សិស្ស​គូសចំណាំ​ពាក្យ និង ឃ្លា​សំខាន់ៗ​ដែល​លេចធ្លោ​ចំពោះ​ពួកគេ ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

  • ក្នុង​ពរជ័យ​ទាំងឡាយ​ដែល​អ្នក​បាន​រកឃើញ​តើ​ពរជ័យ​ណា​មួយ​ដែល​មាន​ន័យ​ខ្លាំង​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​គោលលទ្ធិ ឬ គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ នៅពេល​យើង​ថ្វាយ​បង្គំ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​អាច​ទទួល​បាន​ការពារ និង អំណាច​ដ៏​កាន់តែ​ប្រសើរ​ដើម្បី​ទប់ទល់​នឹង​សេចក្តី​ទុច្ចរិត​នៃ​ពិភពលោក) ។

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ដាវីឌ អេ បែដណា

« សូម​ពិចារណា​អំពី [គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៤–២៨] ហើយ​នឹក​គិត​អំពី​ការ​ទាស់​ប្រឆាំង​នៃ​មារសត្រូវ​បច្ចុប្បន្ន និង …​ឆន្ទៈ​របស់​យើង​ដើម្បី​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ពរជ័យ​នៃ​ការការពារ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​មាន​ឈ្មោះ និង ជំហរ​ដ៏​ប្រសើរ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ​នេះ ។ ជាពិសេស ពរជ័យ​នៃ​សេចក្តី​សញ្ញា​ទាំង​នេះ គឺ​ត្រូវ​បាន​ប្រទាន​ដល់​គ្រប់​ជំនាន់​ទាំងអស់ និង សម្រាប់​ពេល​អស់កល្ប​ជានិច្ច ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​សិក្សា​ម្តង​ហើយ​ម្តង​ទៀត ហើយ​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​ការ​អនុវត្តន៍​តាម​ព្រះគម្ពីរ​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក និង សម្រាប់​គ្រួសារ​អ្នក ។

« យើង​មិន​គួរ​ភ្ញាក់ផ្អើល​ចំពោះ​ការខិតខំ​របស់​សាតាំង​ដើម្បី​បង្ខាំង ឬ បង្ខូច​កិត្យានុភាព​ការថ្វាយ​បង្គំ និង កិច្ចការ​នៃ​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ សាតាំង​វា​ស្អប់ខ្ពើម​ភាពបរិសុទ្ធ និង អំណាច​នៃ​ដំណាក់​របស់​ព្រះអម្ចាស់ ។ ហើយ​ការការពារ​ដែល​បាន​ប្រទាន​ដល់​យើង​ម្នាក់ៗ​នៅក្នុង និង តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង សេចក្តី​សញ្ញា​ឈរ​ជា​ឧបសគ្គ​ដ៏​ធំ​ដល់​គម្រោង​ការដ៏​អាក្រក់​របស់​លូស៊ីហ្វើ » (« Honorably Hold a Name and Standing, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៩–១០០ ) ។

  • តើ​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ការកើន​ឡើង​នូវ​អំណាច​ខាង​វិញ្ញាណ​ដែល​កើត​ឡើង​ពី​ការ​ថ្វាយបង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ឲ្យ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​រំឭក​សិស្ស​ថា នៅពេល​ពួកគេ​ពិចារណា​ពី​ព្រះគម្ពីរ និង ពាក្យ​សម្តី​នៃ​ព្យាការី នោះ​ដួងចិត្ត និង គំនិត​របស់​ពួកគេ​នឹង​បើក​ឡើង​ថែម​ទៀត​ដើម្បី​ទទួល​ការបំផុស​គំនិត​ពី​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដី សញ្ញា ១១០

ព្រះយេស៊ូវគ្រីស្ទ ម៉ូសេ អេលីយ៉ា និង អេលីយ៉ាស បាន​លេច​មក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

សូម​ពន្យល់​ថា ព្រះ​បាន​ផ្តល់​រង្វាន់​ដល់​ការពលិកម្ម​របស់​ពួក​បរិសុទ្ធ​ដែល​កសាង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ជាមួយ​នឹង​ការ​ចាក់​ស្រោច​ការបើក​សម្តែង​ខាង​វិញ្ញាណ​នៅ​អំឡុង​ពេល​នៃ​ថ្ងៃ​ឧទ្ទិស​ឆ្លង​នោះ ។ បើសិន​មាន​ពេល សូម​ចែកចាយ​ខ្លីៗ​អំពី​ដំណើរ​រឿង​ដែល​មាន​នៅ​ក្នុង​ជំពូក ១៣​នៅ​ក្នុង (« Glorious Days in Kirtland, 1834–36 ») នៃ Church History in the Fulness of Times Student Manual, ការបោះ​ពុម្ព​លើក​ទី ២. ( Church Educational System manual, ឆ្នាំ ២០០៣ ), ជាពិសេស​នៅ​វគ្គ​ចំណង​ជើង « A Pentecostal Season » ( ទំព័រ ១៦៤–៦៧ ) ។ សូម​ប្រាប់​សិស្ស​ថា ប្រហែល​ជា​ព្រឹត្តិការណ៍​សំខាន់​ទាំង​នោះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ គឺ​មួយ​សប្តាហ៍​បន្ទាប់​ពី​ការឧទិស្ទ​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ហើយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ក្បាល​កណ្ឌ​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ទាំងអស់​ផ្សេង​ទៀត​ផ្ទៀង​តាម ។ បន្ទាប់មក សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ទស្សនៈនិមិត្ត​នេះ​ត្រូវបាន​ប្រទាន​ឲ្យ​ដល់​នរណា ? តើ​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ធ្វើ​អ្វី​ខ្លះ​ពី​មុន​មាន​ទស្សនៈ​និមិត្ត​នេះ​កើត​ឡើង​នោះ ?

សូម​ពន្យល់​សិស្ស​ថា ខគម្ពីរ ១០ ដំបូង​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០ មាន​នូវ​ទស្សនៈនិមិត្ត​ដ៏​រុងរឿង​ដែល​បាន​ប្រទាន​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី អំពី​ព្រះអង្គ​សង្គ្រោះ ដែល​បាន​បង្ហាញ​រូប​អង្គ​ទ្រង់​ដល់​ពួកលោក ដើម្បី​ប្រកាស​ពី​ការទទួល​យក​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំង​នេះ​ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​សេចក្ដី​ពិត​សំខាន់ៗ ទាក់ទង​ទៅ​នឹង​ទាំង​ព្រះអង្គ​សង្គ្រោះ និង ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​សួរ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ខគម្ពីរ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ? ហេតុអ្វី ?

  • យោងតាម ខ ៦ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា « ចូរ​ឲ្យ​ចិត្ត​នៃ​អស់​ទាំង​រាស្ត្រ​របស់​យើង​បាន​អរ​សប្បាយ​រីករាយ » ។ តើ​អ្នក​គិត​ថា ហេតុអ្វី​ពួក​បរិសុទ្ធ​មាន​ហេតុ​ដើម្បី​អរសប្បាយ​រីករាយ​នៅ​ពេលនោះ ?

សូម​ពន្យល់​ថា បន្ទាប់​ពី ទស្សនៈនិមិត្ត​អំពី​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​ទៅ នោះ​មាន​ទស្សនៈនិមិត្ត​ជា​ច្រើន​បាន​ប្រទាន​មក​ជា​បន្ត​បន្ទាប់​ទៀត ។ នៅ​ក្នុង​ទស្សនៈនិមិត្ត​នោះ ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បាន​លេច​មក​ម្នាក់​ម្តងៗ​ចំពោះ​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នេះ​នៅលើ ក្ដារខៀន ៖

ម៉ូសេ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១

អេលីយ៉ាស ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១២

អេលីយ៉ា ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១៣–១៥

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ។ សូម​ចាត់​ឲ្យ​ក្រុម​និមួយៗ​នូវ​ឈ្មោះ​មួយ ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​នោះ ។ សូម​ឲ្យ​សិស្ស​សិក្សា​វគ្គ​ព្រះគម្ពីរ​ដែល​ទាក់ទង​នឹង​ឈ្មោះ​នោះ​ដើម្បី​រៀន​អំពី​កូនសោ​បព្វជិតភាព​ពិសេស​ដែល​ត្រូវ​បាន​ស្តារ​ឡើង​វិញ ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

ការពន្យល់​ខាង​ក្រោម​នេះ​អាច​ផ្តល់​ការ​យល់ដឹង​ដ៏​ជ្រាលជ្រៅ​មួយ​ពី​អ្វី​ដែល​ពួកគេ​បាន​អាន ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​និមួយៗ​ឲ្យ​ឮៗ បន្ទាប់​ពី​អ្នក​ពិភាក្សា​អំពី​វគ្គ​ព្រះគម្ពីរ​ដែល​ទាក់ទង​នោះ ៖

ម៉ូសេ ៖ កូនសោ​នៃ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ផ្តល់​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​ការផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​ទិស​ទាំង​បួន​នៃ​ផែនដី ។ « វា​ជា​ការណ៍​ត្រឹមត្រូវ​ដែល​ម៉ូសេ គឺ​ជា​អ្នក​ទីមួយ​បាន​ដឹក​នាំ​កូនចៅ​របស់​ព្រះ​ទៅ​កាន់​ដែនដី​កេរ្តិ៍អាករ​របស់​ខ្លួន គឺ​ជា​ម្នាក់​ដែល​ត្រូវ​បាន​សន្យា​ផ្តល់​ឲ្យ​នូវ​កូនសោ​នៃ​ការប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល​ទៅ​កាន់​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ » ( រ័សុល អិម ណិលសុន « The Gathering of Scattered Israel » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨២ លេខ​យោង ២៨ ) ។

អេលីយ៉ាស ៖ « បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អេលីយ៉ាស​ពិត​ជា​បាន​រស់នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​នៅ​ក្នុង​សម័យ​នៃ​អ័ប្រាហាំ ដែល​ត្រូវ​បាន​សន្យា​ផ្តល់​ឲ្យ​នូវ​សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​របស់​អ័ប្រាហាំ​ទៅ​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​( រដ្ឋ អូហៃអូ ) នៅ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ » ( Bible Dictionary, Elias) ។ « អេលីយ៉ាស [ បាន​នាំ​ត្រឡប់​មក​វិញ ] នូវ ‹ ដំណឹងល្អ​នៃ​លោក​អ័ប្រាហាំ › គឺ​ជា​សេចក្តី​សញ្ញា​នៃ​អ័ប្រាហាំ​ដ៏​អស្ចារ្យ ដែល​អ្នក​ស្មោះត្រង់​ទទួល​ការសន្យា​នៃ​ការរីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច គឺ​ការសន្យា​ថា​តាមរយៈ​អាពាហ៍ពិពាហ៍​សេឡេស្ទាល​នោះ​ពូជពង្ស​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ​នឹង​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ឬ ដូច​ជា​ផ្កាយ​រាប់​មិន​អស់​នៅ​លើ​មេឃ » « The Keys of the Kingdom » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ២២ ។

អេលីយ៉ា ៖ « អំណាច​នៃ​ការផ្សារភ្ជាប់​នេះ​បាន​ប្រទាន​ដល់​អេលីយ៉ា គឺ​ជា​អំណាច​ដែល​ចង​ស្វាមី និង ភរិយា និង កូនចៅ​ទៅនឹង​ឪពុក​ម្តាយ​សម្រាប់​ពេល​នេះ និង អស់កល្ប​ជានិច្ច ។ វា​គឺ​ជា​អំណាច​ចងភ្ជាប់​ដែល​មាន​នៅ​ក្នុង​គ្រប់​ពិធី​បរិសុទ្ទ​នៃ​ដំណឹង​ល្អ​ទាំងអស់ ។ … វា​គឺ​ដោយ​សារ​អំណាច​នេះ​ហើយ ដែល​គ្រប់​ពិធី​បរិសុទ្ធ​ទាំងអស់​ដែល​ទាក់ទង​នឹង​សេចក្តី​សង្គ្រោះ​ត្រូវ​បាន​ចងភ្ជាប់ ឬ ផ្សារភ្ជាប់ ហើយ​វា​គឺ​ជា​បេសកកម្ម​របស់​អេលីយ៉ា ដើម្បី​មក ហើយ​ស្តារ​វា​ឡើង​វិញ » ( យ៉ូសែប ហ្វីលឌិង ស៊្មីធ Elijah the Prophet and His Mission [ ឆ្នាំ ១៩៥៧ ] ទំព័រ ៥ ) ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៦ ឲ្យ​ឮៗ ហើយ​សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ផ្ទៀង​តាម ។ សូម​ឲ្យ​សិស្ស​រក​មើល​អ្វី​ដែល​ត្រូវ​បាន​សន្យា​ផ្តល់​ឲ្យ​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅ​សម័យ​នោះ ( « កូនសោ​នៃ​សម័យ​កាន់កាប់​ត្រួតត្រា​នេះ » ) ។ បន្ទាប់មក សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • យោងតាម ខ ១៦តើ​យើង​អាច​ដឹង​អ្វី​ខ្លះ​ដោយសារ​តែ​កូនសោ​ទាំងនេះ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នោះ ? ( ការយាង​មក​ជា​លើក​ទីពីរ​គឺ​ជិត​ដល់​ហើយ ) ។

  • ដោយ​គិត​ពី ខ​១៦នៅ​ក្នុង​គំនិត ហេតុអ្វី​បាន​ជា​កូនសោ​ដែល​បាន​ស្តារ​ឡើងវិញ​ដោយ​ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា ត្រូវតែ​បាន​ស្តារ​ឡើង​វិញ​មុន​ពេល​នៃ « ថ្ងៃ​ដ៏​ធំ និង គួរ​ស្ងែង​ខ្លាច​នៃ​ព្រះអម្ចាស់ » ដូច្នេះ ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​អ្វី​ខ្លះ តាមរយៈ​ការស្តារ​កូនសោ​នៃ​បព្វជិតភាព​ទាំងនេះ​ឡើង​វិញ​នោះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ សូមសង្ខេប​ពី​សារៈសំខាន់​នៃ​ការស្តារ​កូនសោ​ទាំងនេះ​ឡើង​វិញ ដោយ​ថ្លែង​ពី​គោលការណ៍​នេះ​ថា ៖ កូនសោ​នៃ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ក្រុមគ្រួសារ​អស់​កល្ប​ជានិច្ច និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន និង ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ) ។

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« អំណាច​បព្វជិតភាព​របស់​ព្រះ ជាមួយ​នឹង​កូនសោ ពិធី​បរិសុទ្ធ​នានា ប្រភព​កំណើត​ដ៏​ទេវភាព និង សមត្ថភាព​របស់​វា​ដើម្បី​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ស្ថាន​សួគ៌ ជាអ្វី​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​នៅ​លើ​ផែនដី គឺ​ជា ការណ៍​ដ៏​ចាំបាច់ ចំពោះ​សាសនាចក្រ​ដ៏​ពិត​នៃ​ព្រះ​ក៏​ដូច​ជា ពិសេស ចំពោះ​ខ្លួន​ឯង ហើយ … បើគ្មាន​អំណាច​នេះ​ទេ នោះ​គ្មាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឡើយ » (« Our Most Distinguishing Feature » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៤៣ ) ។

សូម​ចែកចាយ​ពី​របៀប​ដែល​ជីវិត​អ្នក​បាន​ទទួល​ពរជ័យ​ដោយសារ​តែ​កូនសោ​បព្វជិតភាព​ទាំងនេះ​ដែល​បាន​ស្តារ​ឡើង​វិញ ? សូម​ថ្លែង​ទីបន្ទាល់​ថា​កូនសោ​បព្វជិតភាព​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សាសនាចក្រ​នេះ​ប្លែក​ពី​សាសនាចក្រ​ផ្សេងៗ កូនសោ​ទាំង​នេះ​ញែក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពី​គ្រប់​ព្រះវិហារ​ទាំងអស់​ទៀត​លើ​ផែនដី​នេះ ។

ការអាន​របស់​សិស្ស