សេចក្ដីណែនាំដល់ ក្រុមគ្រួសារដ៏អស់កល្បជានិច្ច សៀវភៅសម្រាប់គ្រូបង្រៀន ( សាសនា ២០០ )
តើអ្វីដែលត្រូវបានរំពឹងពីគ្រូបង្រៀនសាសនាម្នាក់ ?
នៅពេលអ្នករៀបចំដើម្បីបង្រៀន វាគឺជាការណ៍សំខាន់ដើម្បីយល់ពីកម្មវត្ថុនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ៖
« គោលបំណងរបស់យើង គឺដើម្បីជួយយុវវ័យ និងយុវមជ្ឈិមវ័យទាំងឡាយឲ្យយល់ និងពឹងផ្អែកលើការបង្រៀនទាំងនេះ និងលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យមានភាពសក្តិសមសម្រាប់ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេ ក្រុមគ្រួសារពួកគេ និងអ្នកដទៃទៀត សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅឋានសួគ៌ » ( ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និងថ្នាក់ដឹកនាំ នៅក្នុងថ្នាក់សិក្ខាសាលា និង វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ] ទំព័រ ⅹ ) ។
អ្នកអាចសម្រេចគោលបំណងនេះបាន ដោយការរស់នៅតាមដំណឹងល្អយ៉ាងឧស្សាហ៍ព្យាយាម បង្រៀនដំណឹងល្អដល់សិស្សរបស់អ្នកដោយមានប្រសិទ្ធភាព និងចាត់ចែងថ្នាក់ ឬកម្មវិធីរបស់អ្នកដោយសមរម្យ ។ នៅពេលអ្នករៀបចំ និងបង្រៀនដំណឹងល្អតាមរបៀបនេះ អ្នកនឹងមានភាពសក្ដិសមទទួលព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គ. និង ស. ៤២:១៤ ) ។
វាគឺជាឱកាសរបស់អ្នកដើម្បីជួយដល់សិស្សឲ្យរៀនដោយព្រះវិញ្ញាណ ដើម្បីឲ្យពួកគេអាចពង្រឹងដល់សេចក្ដីជំនឿរបស់ពួកគេ និងធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេកាន់តែរឹងមាំឡើង ។ អ្នកអាចជួយសិស្សឲ្យសម្រេចបានការណ៍នេះ នៅពេលអ្នកដឹកនាំពួកគេឲ្យរកមើល យល់ មានអារម្មណ៍ពីសេចក្ដីពិត និងពីសារៈសំខាន់ ក៏ដូចជាអនុវត្តតាមគោលលទ្ធិ និងគោលការណ៍ដ៏សំខាន់ទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
សៀវភៅក្បួនខ្នាត ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ គឺជាធនធានដ៏សំខាន់មួយក្នុងការយល់ពីដំណើរនៃការបង្រៀន និង ការរៀនសូត្រ ព្រមទាំងរបៀបដើម្បីទទួលបានជោគជ័យនៅក្នុងថ្នាក់រៀន ។
តើអ្វីជាកម្មវត្ថុនៃវគ្គសិក្សានេះ ?
វគ្គសិក្សានេះ គឺ ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ( សាសនា ២០០ ) គឺជាការសិក្សាអំពីតួនាទីដ៏ចាំបាច់របស់ក្រុមគ្រួសារ នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ដូចដែលមានបង្រៀនក្នុងព្រះគម្ពីរនានា និង ពាក្យសម្ដីរបស់ពួកព្យាការីសម័យទំនើបទាំងឡាយ ។ គោលលទ្ធិ ប្រធានបទ និងគោលការណ៍ទាំងឡាយនៃវគ្គសិក្សានេះ ត្រូវបានទាញយកមកជាពិសេសចេញពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ នៅក្នុងវគ្គសិក្សានេះ សំណួរ និងបញ្ហានានាដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ នឹងត្រូវបានសិក្សា ពិភាក្សា និងវាយតម្លៃ នៅក្នុងបរិបទនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
វគ្គសិក្សានេះ នឹងផ្ដល់ដល់សិស្សនូវការយល់ដឹងកាន់តែច្បាស់ អំពីទំនាក់ទំនងរវាងការធ្វើ និងការរក្សាសេចក្ដីសញ្ញា ព្រមទាំងការទទួលពរជ័យនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ទៀត ។ គោលលទ្ធិ និងគោលការណ៍ទាក់ទងនឹងអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ នឹងត្រូវបានរកឃើញ និងវិភាគ ដើម្បីឲ្យសិស្សយល់ពីរបៀបដែលពួកគេជាប់ទាក់ទងទៅនឹងកាលៈទេសៈទាំងឡាយនៅសព្វថ្ងៃនេះ ។ សិស្សនឹងកាន់តែយល់ពីមូលហេតុ ដែលពួកគេអាចទុកចិត្ត និងធ្វើតាមការបង្រៀនរបស់ព្យាការីសម័យទំនើប ។
តើអ្វីដែលត្រូវបានរំពឹងពីសិស្ស ?
ដើម្បីទទួលបានពិន្ទុ ឆ្ពោះទៅទទួលសញ្ញាបត្រថ្នាក់វិទ្យាស្ថាន នោះសិស្សត្រូវតែអានវគ្គព្រះគម្ពីរ សុន្ទរកថាសន្និសីទទូទៅ និងឯកសារផ្សេងទៀតដែលមាននៅក្នុងផ្នែកការអានរបស់សិស្សនៃមេរៀននិមួយៗ ។ សិស្សត្រូវតែបំពេញនូវតម្រូវការវត្តមាន ហើយបង្ហាញពីសមត្ថភាពក្នុងការរៀនវគ្គសិក្សានេះ ដោយបញ្ចប់ការវាយតម្លៃមួយ ។
តើមេរៀននៅក្នុងសៀវភៅណែនាំនេះ ត្រូវបានរៀបចំឡើងយ៉ាងដូចម្ដេច ?
វគ្គសិក្សានេះ ត្រូវបានរៀបចំឡើងជាវគ្គរៀនដែលមានរយៈពេលមួយឆមាស ដោយមាន ២៨ មេរៀន សម្រាប់ថ្នាក់រៀនដែលមានរយៈពេល ៥០ នាទី ។ ប្រសិនបើសិស្សរបស់អ្នកជួបជុំគ្នាពីរដងក្នុងមួយសប្ដាហ៍ សូមបង្រៀនមេរៀនមួយពេលបង្រៀនម្តងៗ ។ ប្រសិនបើសិស្សរបស់អ្នកជួបគ្នាតែម្ដងក្នុងមួយសប្ដាហ៍ រយៈពេលពី ៩០ ទៅ ១០០ នាទី សូមបញ្ចូលគ្នា និងបង្រៀនមេរៀនពីរ ពេលបង្រៀនម្តង ។ គម្រោងមេរៀននីមួយៗ រួមមានបួនផ្នែក ៖
-
សេចក្ដីផ្ដើម
-
ការអានពីសាវតា
-
យោបល់សម្រាប់ការបង្រៀន
-
ការអានរបស់សិស្ស
សេចក្ដីផ្ដើម
ផ្នែកនេះផ្ដល់នូវសេចក្តីផ្ដើមដ៏ខ្លីមួយ ចំពោះប្រធានបទ និងកម្មវត្ថុទាំងឡាយនៃមេរៀន ។
ការអានពីសាវតា
ផ្នែកនេះ ផ្ដល់យោបល់អំពីធនធាន ដូចជាសារលិខិតមកពីព្យាការីថ្ងៃចុងក្រោយទាំងឡាយ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងៗទៀត ដែលអាចជួយដល់អ្នកឲ្យយល់កាន់តែច្បាស់អំពីគោលលទ្ធិ គោលការណ៍ និងសេចក្ដីពិតនៃដំណឹងល្អនានាដែលមាននៅក្នុងគម្រោងមេរៀន ។
យោបល់សម្រាប់ការបង្រៀន
ផ្នែកយោបល់សម្រាប់ការបង្រៀន រួមមាននូវសម្ភារៈដើម្បីជួយដល់អ្នកឲ្យដឹងទាំងពី អ្វី ដែលត្រូវបង្រៀន និងពី របៀប ដើម្បីបង្រៀនវា ( សូមមើលផងដែរ ចំណុច ៤.៣.៣ និង ៤.៣.៤ នៅក្នុង ក្បួនខ្នាត ការបង្រៀន និងរៀនសូត្រដំណឹងល្អ ) ។ សកម្មភាពរៀនសូត្រដែលបានផ្តល់ឲ្យ ត្រូវបានរៀបចំដើម្បីជួយសិស្សឲ្យរកមើល យល់ និងអនុវត្តសេចក្ដីពិតដ៏ពិសិដ្ឋទាំងឡាយ ។ អ្នកអាចជ្រើសរើសប្រើនូវយោបល់ដែលផ្តល់ឲ្យខ្លះ ឬទាំងអស់ នៅពេលអ្នកសម្របវាទៅតាមវិធីសាស្ត្រនៃការបង្រៀនផ្ទាល់ខ្លួនរបស់អ្នក និងដើម្បីបំពេញនូវតម្រូវការ និងស្របតាមស្ថានភាពរបស់សិស្សអ្នក ។ នៅពេលអ្នកពិចារណាពីរបៀបដើម្បីសម្របឯកសារមេរៀនទាំងឡាយ សូមធ្វើតាមការទូន្មាននេះ ដែលមកពីអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ខ្ញុំស្ដាប់ឮប្រធាន ផាកកឺ បានបង្រៀនជាញឹកញាប់ថា ដំបូងយើងត្រូវទទួលយក បន្ទាប់មកសម្របតាមវា ។ ប្រសិនបើយើងមានចំណេះយ៉ាងហ្មត់ចត់ចំពោះមេរៀនដែលបានរៀបចំទុកជាមុន ដែលយើងត្រូវបង្រៀន នោះយើងនឹងអាចធ្វើតាមព្រះវិញ្ញាណដើម្បីសម្របតាមវាបាន ។ ប៉ុន្ដែមានការល្បួងមួយ ក្នុងការចាប់ផ្ដើមដោយការសម្របតាម ជាជាងការទទួលយក នៅពេលដែលយើងនិយាយអំពីការចេះបត់បែននេះ ។ វាជាតុល្យភាព ។ វាជាឧបសគ្គដ៏ឥតឈប់ឈរមួយ ។ ប៉ុន្ដែវិធានការនៃការទទួលយកជាដំបូង ហើយបន្ទាប់មកសម្របតាម គឺជារបៀបដ៏ល្អមួយដើម្បីមានជំហរឈរនៅលើគោលការណ៍ដ៏រឹងមាំមួយ » ( « ការពិភាក្សាជាក្រុមមួយជាមួយនឹង អែលឌើរ ដាល្លិន អេក អូក » [ ការចាក់ផ្សាយតាមផ្កាយរណបនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ]; si.lds.org ) ។
វគ្គសិក្សានេះរួមមានសេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រដែលទំនងជាមានច្រើនភាសា ។ នៅពេលអ្នករៀបចំបង្រៀន អ្នកអាចសម្របសម្រួលមេរៀនដោយប្រើប្រាស់សេចក្តីថ្លែងការណ៍ផ្សេងទៀតដែលមាន ដែលថ្លែងដោយថ្នាក់ដឹកនាំសាសនាចក្រដែលទាក់ទងនឹងប្រធានបទសំខាន់នោះ ។
ផ្នែកយោបល់សម្រាប់ការបង្រៀន នៃមេរៀននិមួយៗ រួមមានយ៉ាងហោចណាស់សេចក្ដីថ្លែងនៃគោលលទ្ធិ ឬគោលការណ៍មួយ ដែលលេចឡើងជាអក្សរដិតខ្មៅ ។ នៅពេលសិស្សរកឃើញសេចក្ដីពិតទាំងនេះ ហើយចែកចាយអ្វីដែលពួកគេបានរៀនសូត្រ នោះសម្ដីរបស់ពួកគេអាចខុសពីអ្វីដែលបានសរសេរនៅក្នុងសៀវភៅណែនាំនេះ ។ បើវាកើតឡើង សូមប្រយ័ត្នកុំនិយាយថា ចម្លើយរបស់ពួកគេខុសឲ្យសោះ ។ ប៉ុន្ដែ ប្រសិនបើប្រយោគមួយអាចត្រូវបាននិយាយត្រឹមត្រូវជាងនោះ នោះសូមជួយបញ្ជាក់ឲ្យសិស្សយល់ដោយប្រុងប្រយ័ត្ន ។
កម្មវិធីសិក្សានេះបង្ហាញពីរបៀបដើម្បីរួមបញ្ចូលការបង្រៀន និងការរៀនសូត្រមូលដ្ឋានគ្រឹះនៃដំណឹងល្អ ទៅក្នុងវគ្គសិក្សាដែលទាក់ទងនឹងប្រធានបទ ( សូមមើល ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ទំព័រ ១០, ២៣–៣១, ៣៨–៤១ ) ។ នៅប៉ុន្មានខែខាងមុខនេះ ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននឹងបោះពុម្ពឯកសារមួយដែលហៅថា « Teaching Thematically in Institutes of Religion » ដែលនឹងពន្យល់បន្ថែមទៀតអំពីការបញ្ចូលមូលដ្ឋានគ្រឹះនៃការបង្រៀន និងការរៀនសូត្រដំណឹងល្អទៅក្នុងវគ្គសិក្សាដែលទាក់ទងនឹងប្រធានបទមួយ ។
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាពីអត្ថប្រយោជន៍មួយចំនួនដែលទទួលបានពីការសិក្សាដំណឹងល្អតាមប្រធានបទ ៖
« ខណៈដែលការអានព្រះគម្ពីរចាប់តាំងពីដើមរហូតដល់ចប់ ផ្តល់ចំណេះដឹងគ្រឹះមួយ នោះការសិក្សាតាមប្រធានបទធ្វើឲ្យចំណេះដឹងរបស់យើងកាន់តែស៊ីជម្រៅ ។ ការស្រាវជ្រាវនៅក្នុងវិវរណៈ ដើម្បីឃើញពីការជាប់ទាក់ទង គំរូ និងប្រធានបទនានា ស្ថាបនា និងបន្ថែមចំណេះដឹងខាងវិញ្ញាណរបស់យើង … វាពង្រីកទស្សនវិស័យ និងការយល់ដឹងរបស់យើងអំពីផែនការនៃសេចក្តីសង្គ្រោះ ។
« តាមការវិនិច្ឆ័យរបស់ខ្ញុំ ការស្រាវជ្រាវដោយឧស្សាហ៍ព្យាយាម ដើម្បីស្វែងរកទំនាក់ទំនង គំរូ និងប្រធានបទនានា គឺជាផ្នែកមួយនៃអ្វីដែលមានន័យថា ‹ ទទួលទាន › ព្រះបន្ទូលនៃព្រះគ្រីស្ទ ។ វិធីសាស្ត្រនេះអាចបើកទ្វារឃ្លាំងខាងវិញ្ញាណ បំភ្លឺការយល់ដឹងរបស់យើងតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ និងបង្កើតឲ្យមានអំណរគុណកាន់តែជ្រាលជ្រៅចំពោះព្រះគម្ពីរដ៏បរិសុទ្ធទាំងឡាយ និងកម្រិតនៃការតាំងចិត្តខាងវិញ្ញាណមួយដែលមិនអាចត្រូវបានទទួលដោយតាមវិធីណាទៀតឡើយ ។ ការស្រាវជ្រាវបែបនេះ ធ្វើឲ្យយើងអាចសង់គ្រឹះនៅលើថ្មដានៃព្រះប្រោសលោះរបស់យើង និងតទល់នឹងខ្យល់គួចនៃសេចក្តីទុច្ចរិតនៅថ្ងៃចុងក្រោយនេះ » ( “A Reservoir of Living Water” [ ការប្រជុំពិសេសសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ៣, speeches.byu.edu ) ។
ការអានរបស់សិស្ស
ផ្នែកនេះ រួមមានវគ្គបទគម្ពីរ សុន្ទរកថាមកពីថ្នាក់ដឹកនាំសាសនាចក្រ និងឯកសារដទៃផ្សេងទៀត ដែលនឹងចម្រើនដល់ការយល់ដឹងរបស់សិស្សអំពីប្រធានបទ ដែលមាននៅក្នុងមេរៀនទាំងនោះ ។ សូមចាត់តាំង និងលើកទឹកចិត្តសិស្សឲ្យអានឯកសារសិក្សាទាំងនេះ មុនពេលពួកគេមករៀន ។ នៅពេលពួកគេសិក្សាចំណុចដ៏បំផុសគំនិតទាំងនេះ នោះពួកគេនឹងមិនត្រឹមតែបានរៀបចំយ៉ាងប្រសើរដើម្បីចូលរួមនៅក្នុងការពិភាក្សាក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្ដែពួកគេក៏នឹងទទួលបាននូវការយល់ដឹងកាន់តែទូលំទូលាយ និងជ្រាលជ្រៅជាងនេះអំពីប្រធានបទក្នុងវគ្គសិក្សានេះផងដែរ ។ សូមផ្ដល់ដល់សិស្សនូវបញ្ជីមួយនៃ ការអានរបស់សិស្ស ទាំងអស់ នៅពេលចាប់ផើ្ដមឆមាស ។
តើខ្ញុំអាចរៀបចំបង្រៀនដោយរបៀបណា ?
ព្រះអម្ចាស់នឹងជួយដល់អ្នក នៅពេលអ្នករៀបចំបង្រៀន ។ នៅពេលអ្នករៀបចំ វាអាចជួយដល់អ្នកក្នុងការសួរខ្លួនឯងនូវសំណួរខាងក្រោមនេះ ៖
-
តើខ្ញុំកំពុងខ្នះខ្នែងរស់នៅតាមដំណឹងល្អ ដើម្បីខ្ញុំអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការរៀបចំ និងការបង្រៀនរបស់ខ្ញុំដែរឬទេ ?
-
តើខ្ញុំបានអធិស្ឋានដើម្បីទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើខ្ញុំបានសិក្សាវគ្គបទគម្ពីរដែលបានដាក់មក និងអានពីសាវតាវាដែរឬទេ ?
-
តើខ្ញុំបានអានកម្មវិធីសិក្សា និងបានសម្រេចចិត្តថា នឹងមានអ្វីដែលខ្ញុំត្រូវសម្របតាម ឬកែសម្រួលដើម្បីបំពេញតាមតម្រូវការរបស់សិស្សខ្ញុំទេ ?
-
តើខ្ញុំអាចតាមដានសិស្សដោយរបៀបណា ដើម្បីធានាថា ពួកគេកំពុងតែទទួលបានចំណេះដឹងយ៉ាងច្រើនបំផុតពីអ្វីដែលបានចាត់តាំងឲ្យអាននោះ ?
-
តើខ្ញុំអាចជួយដល់សិស្សម្នាក់ៗរបស់ខ្ញុំ ឲ្យចូលរួមក្នុងមេរៀននេះបានយ៉ាងពេញលេញដោយរបៀបណា ?
យោបល់ខាងក្រោមនេះ ក៏អាចជួយដល់អ្នកបានដែរ ៖
-
សូមលើកទឹកចិត្តសិស្សឲ្យអានវគ្គបទគម្ពីរដែលបានចាត់តាំង និងអត្ថបទទាំងឡាយមុនពេលមករៀន ។
-
សូមរំពឹងឲ្យសិស្សបំពេញតួនាទីរបស់ពួកគេ ក្នុងនាមជាអ្នករៀន ។
-
សូមផ្ដល់ឱកាសជាញឹកញាប់ដល់សិស្ស ឲ្យពន្យល់ពីគោលលទ្ធិ និងគោលការណ៍នានាជាពាក្យសម្ដីរបស់គេផ្ទាល់ ចែកចាយបទពិសោធន៍ដែលទាក់ទង និងថ្លែងទីបន្ទាល់ពីអ្វីដែលពួកគេដឹង និងមានអារម្មណ៍ ។
-
សូមផ្លាស់ប្ដូរសកម្មភាពរៀនសូត្រ និងវិធានការនានា ដែលអ្នកប្រើនៅក្នុងថ្នាក់និមួយៗ និងពីមេរៀនមួយទៅមេរៀនមួយទៀតផងដែរ ។
-
សូមបង្កើតនូវបរិយាកាសរៀនសូត្រមួយដែលអញ្ជើញព្រះវិញ្ញាណ និងផ្តល់ឯកសិទ្ធិដល់សិស្ស និងការទទួលខុសត្រូវក្នុងការបង្រៀន និងរៀនពីគ្នាទៅវិញទៅមក ( សូមមើល គ. និង ស. ៨៨:៧៨, ១២២ ) ។
-
អស់ពេញទាំងវគ្គសិក្សានេះ អ្នកនឹងរកឃើញនូវសេចក្ដីយោងនានា ចំពោះជំនាញសិក្សាព្រះគម្ពីរជាក់លាក់ទាំងឡាយ ។ សូមទាញប្រយោជន៍ពីឱកាសទាំងនេះ ដើម្បីជួយសិស្សឲ្យកាន់តែក្លាយជាមនុស្សឯករាជ្យ នៅក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេ ព្រមទាំងកាន់តែមានការប្តេជ្ញាចំពោះការរៀនពីព្រះគម្ពីរអស់មួយជីវិត ។
អែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« សូមធានាថា មានការចូលរួមជាច្រើន ដោយសារថា ការប្រើសិទ្ធិជ្រើសរើសដោយសិស្សម្នាក់ នឹងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធណែនាំ ។ … នៅពេលសិស្សនិយាយចេញនូវសេចក្ដីពិតទាំងឡាយ នោះពួកគេត្រូវបានបញ្ជាក់នៅក្នុងព្រលឹងរបស់ពួកគេ និងពង្រឹងដល់ទីបន្ទាល់ផ្ទាល់ខ្លួនរបស់គេ » ( “To Understand and Live Truth” [ ល្ងាចមួយជាមួយនឹង អែលឌើរ រីឆាត ជី ស្កត នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥ ] ទំព័រ ៣, si.lds.org) ។
តើខ្ញុំអាចសម្របសម្រួលមេរៀនទាំងឡាយ សម្រាប់អ្នកដែលពិការដោយរបៀបណា ?
នៅពេលអ្នករៀបចំបង្រៀន សូមគិតគូរដល់សិស្សដែលមានតម្រូវការជាពិសេសផង ។ សូមកែសម្រួលសកម្មភាពនានា និងការរំពឹងទុកទាំងឡាយដើម្បីជួយដល់ពួកគេឲ្យទទួលបានជោគជ័យ ។ សូមរកមើលរបៀបនានា ដើម្បីជួយពួកគេឲ្យទទួលអារម្មណ៍ថាត្រូវបានគេស្រឡាញ់ ត្រូវបានគេទទួលយក និងត្រូវបានគេរួមបញ្ចូល ។ សូមចិញ្ចឹមបីបាច់ទំនាក់ទំនងនៃការទុកចិត្ត ។
សម្រាប់គំនិត និងធនធានបន្ថែម សូមរកមើលព័ត៌មានក្នុងទំព័រធនធានជនពិការ( Disability Resources ) disabilities.lds.org និងសៀវភៅសិក្សានយោបាយថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ផ្នែកដែលមានចំណងជើងថា « Adapted Classes and Programs for Students with Disabilities » ។