ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១១ ៖ ការរៀបចំ​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច


មេរៀន​ទី ១១

ការរៀបចំ​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច

សេចក្ដីផ្ដើម

ក្នុង​នាម​ជា​យុវមជ្ឈិមវ័យ​ម្នាក់ ដែល​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគេ​អាច​សម្លឹង​ឆ្ពោះ​ទៅ​អនាគត ហើយ​រស់នៅ​ជាមួយ​នឹង​សេចក្ដី​សង្ឃឹម ។ ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​ពួកគេ នៅក្នុង​ការសម្រេចចិត្ត​របស់​ពួកគេ អំពី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច កាលដែល​ពួកគេ​ស្វែងរក​ការណែនាំ​ពី​ទ្រង់ ។ មេរៀន​នេះ នឹង​ជួយ​សិស្ស​ឲ្យ​តម្រង់​ទិស​ទៅកាន់​អាពាហ៍ពិពាហ៍ ជាមួយ​នឹង​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ឡើង ដោយ​ដឹង​ថា ពួកគេ​អាច​ទទួល​ជំនួយ​ដ៏​ទេវភាព​ពី​ព្រះអម្ចាស់ ។

ការអាន​ពី​សាវតា​

  • ឌៀថើរ អេស្វ អុជដូហ្វ “The Reflection in the Water” ( ការប្រជុំ​ធម្មនិដ្ឋាន​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ) នៅលើ​គេហទំព័រ lds.org/media-library ។

  • ជែហ្វ្រី អ័រ ហូឡិន “Be Not Afraid, Only Believe” ( ល្ងាច​មួយ​ជាមួយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ ) នៅលើ​គេហទំព័រ lds.org/broadcasts ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៤០

ការរៀបចំ​សម្រាប់​អាពាហ៍ពិពាហ៍

សូម​សុំ​សិស្ស​ឲ្យ​លើក​ដៃ​ឡើង បើ​ពួកគេ​បាន​ធ្វើ​បញ្ជី​មួយ​អំពី​បុគ្គលិក​លក្ខណៈ​នៃ​អនាគត​ស្វាមី/ភរិយា ដែល​ពួកគេ​ស្វែងរក ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​ដែល​នៅក្នុង​បញ្ជី​របស់​ពួកគេ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។

អែលឌើរ ដាវីឌ អេ បែដណា

« មនុស្ស​វ័យក្មេង​មួយ​ចំនួន ហាក់បី​ដូច​ជា​មាន​នូវ​បញ្ជី​ដើរ​ទិញ​ឥវ៉ាន់​មួយ អំពី​បុគ្គលិក​លក្ខណៈ​ទាំងឡាយ ដែល​ពួកគេ​ចង់​បាន​នៅក្នុង​ដៃគូ​ម្នាក់ ហើយ​វាស់វែង​ពី​សក្ដានុពលភាព​របស់​ពួកគេ ៖ ‹ តើ​អ្នក​មាន​ចំណុច​ទាំងអស់​ដែល​ខ្ញុំ​ត្រូវការ​ទេ ? › បើ​អ្នក​សង្ឃឹម​ចង់​មាន​ដៃគូ​ដ៏​អស់កល្ប​មួយ ដែល​មាន​គុណសម្បត្តិ​ខាង​វិញ្ញាណ​ជាក់លាក់​ទាំងនោះ នោះ​អ្នក​ត្រូវតែ​ពុះពារ​អភិវឌ្ឍ​គុណសម្បត្តិ​ខាង​វិញ្ញាណ​ទាំងនោះ​នៅក្នុង​ខ្លួនឯង​សិន ។ បន្ទាប់​មក មនុស្ស​ម្នាក់​ដែល​មាន​គុណសម្បត្តិ​ទាំងនោះ​ដែរ នឹង​ចាប់ចិត្ត​មក​លើ​អ្នក » ( Understanding Heavenly Father’s Plan,LDS.org ) ។

  • តើ​គោលការណ៍​អ្វី ដែល​យើង​រៀន​ពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ បែដណា ? ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​គោលការណ៍​តទៅ​នេះ ៖ « បើ​អ្នក​សង្ឃឹម​ចង់​មាន​ដៃគូ​ដ៏​អស់កល្ប​មួយ ដែល​មាន​គុណសម្បត្តិ​ខាង​វិញ្ញាណ​ជាក់លាក់​ទាំងនោះ អ្នក​ត្រូវតែ​ពុះពារ​អភិវឌ្ឍ​គុណសម្បត្តិ​ខាង​វិញ្ញាណ​ទាំងនោះ​នៅក្នុង​ខ្លួន​អ្នក​សិន » ) ។

សូម​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៤០ ដោយ​រកមើល​ពី​របៀប​ដែល​ខ​នេះ គាំទ្រ​ដល់​គោលការណ៍​ដែល​ទើប​តែ​បាន​រកឃើញ ។

  • តើ​បុគ្គល​ទាំងឡាយ​ដែល​ចង់​បាន​អាពាហ៍ពិពាហ៍ អាច​អនុវត្ត​សេចក្ដី​ពិត​ទាំងឡាយ​ដែល​មាន​កត់ត្រា​នៅក្នុង​ខ​នេះ ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​ឃើញ​ថា សេចក្ដី​ពិត​នៅក្នុង​ខ​នេះ​អនុវត្ត​ចំពោះ​ការជ្រើសរើស​មិត្តភក្ដិ​ដែល​ត្រូវបាន​ជ្រើស​ដោយ​យុវវ័យ យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​សុំ​សិស្ស​ឲ្យ​ពិចារណា​អំពី​គុណសម្បត្តិ​ដែល​ពួកគេ​ចង់​ឃើញ នៅក្នុង​អនាគត​ស្វាមី/ភរិយា​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា ពួកគេ​មាន​គុណសម្បត្តិ​ដូច​គ្នា​នោះ​ដែរ​ឬ​ទេ ។ សូម​សុំ​ពួកគេ​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ប្រើប្រាស់​គោលការណ៍​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤០ ដើម្បី​រៀបចំ​ខ្លួនគេ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​អាពាហ៍ពិពាហ៍ ។

ម៉ាកុស ៥:៣៥–៣៦; គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:៣៦

« ចូរ​កុំខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ »

សូម​សួរ​សិស្ស ៖

  • តើ​អ្នក​ទន្ទឹង​រង់ចាំ​ចង់​បានអ្វី ពី​អាពាហ៍ពិពាហ៍​របស់​អ្នក ?

  • តើ​រឿង​មួយ​ចំនួន​អ្វី​ខ្លះ ដែល​អាច​បណ្ដាល​ឲ្យ​យុវវ័យ​ភ័យ​ខ្លាច​អាពាហ៍ពិពាហ៍ ? ( សូម​រាយ​ចម្លើយ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​ពី​មូលហេតុ​ដែល​យុវវ័យ​មួយ​ចំនួន​ភ័យខ្លាច​អាពាហ៍ពិពាហ៍ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅក្នុង​ករណី​ដ៏​ធំ​ក្រៃលែង [ យុវវ័យ ] ភ័យខ្លាច​ថា ពិភពលោក​នេះ​ជិត​នឹង​ដល់​ទីបញ្ចប់ នៅក្នុង​ឈាម និង​មហន្តរាយ—ជា​អ្វី​ដែល​ពួកគេ​ពុំ​ចង់​យក​ស្វាមី/ភរិយា ឬ​កូន​ទៅក្នុង​នោះ ។ នៅក្នុង​ករណី​ដែល​មិន​សូវ​ធំ ជា​ករណី​ធម្មតា​ភាគច្រើន ពួកគេ​ភ័យខ្លាច​ថា ពិភពលោក​នេះ​នឹង​កាន់តែ​ពិបាក ថា​ការងារ​នឹង​កាន់តែ​ពិបាក​រក ហើយ​ថា មនុស្ស​ម្នាក់​គួរតែ​ចេញពី​សាលា ចេញពី​បំណុល មានមុខរបរ​មួយ ហើយ​មាន​ផ្ទះ​មួយ​ជា​កម្មសិទ្ធិ មុនពេល​គិត​ពី​រឿង​រៀបការ ។ …

« ជាងនោះ​ទៀត យុវវ័យ​ជាច្រើន ដែល​ខ្ញុំ​និយាយ​ជាមួយ ភ័យខ្លាច​ថា បើ​ពួកគេ​រៀបការ​ទៅ ពួកគេ​នឹង​គ្រាន់តែ​បន្ថែម​តួលេខ​ទៅក្នុង​ស្ថិតិ​លែងលះ​ប៉ុណ្ណោះ ។ … ពួក​អ្នក​ដែល​ជាញឹកញាប់​ចំអក​យ៉ាង​ខ្លាំង​ដល់​ព្រហ្មចារីយភាព ភក្ដីភាព និង​ជីវិត​ក្រុមគ្រួសារ ដែល​បង្ហាញ​ជា​ទៀងទាត់​នៅក្នុង​កុន និង​ទូរទស្សន៍ គឺ​ជា​អ្នក​ភ័យខ្លាច​ថា​មិនមាន​ភាពជោគជ័យ​ក្នុង​អាពាហ៍ពិពាហ៍ ជាមួយ​នឹង​មនុស្ស​អាក្រក់​ថោកទាប ហើយ​អ្នក​នឹង​ឃើញ​ពី​មូលហេតុ​ដែល​ពួកគេ​ភ័យខ្លាច​នឹង​ការរៀបការ​ហើយ » ( “Be Not Afraid, Only Believe” [ ល្ងាយមួយ​ជាមួយ​នឹង​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០១៥ ], lds.org/broadcasts ) ។

  • តើ​មាន​អ្នក​រាល់គ្នា​ប៉ុន្មាន​នាក់ ស្គាល់​នរណា​ម្នាក់​ដែល​ភ័យខ្លាច​នឹង​អាពាហ៍ពិពាហ៍ ដោយសារ​តែ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំងឡាយ​ដែល​អែលឌើរ ហូឡិន បាន​លើក​ឡើង​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:៣៦ ហើយ​ពិចារណា​ពី​របៀប​ដែល​ដំបូន្មាន​របស់​ព្រះអម្ចាស់​ដល់ អូលីវើរ ខៅឌើរី អនុវត្ត​បាន​ចំពោះ​ការរៀបចំ​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ។ បន្ទាប់​មក​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ាកុស ៥:៣៥-៣៦ ឮៗ ។ សូម​ពន្យល់​ថា យ៉ៃរ៉ុស ជា​មេសាលា​ប្រជុំ បាន​មក​ឯ​ព្រះយេស៊ូវ ដោយ​សង្ឃឹម​ថា ទ្រង់​នឹង​ព្យាបាល​កូន​ស្រី​របស់​គាត់ ។ សូម​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ពិចារណា​ពី​របៀប​ដែល​ការលើកទឹកចិត្ត​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​យ៉ៃរ៉ុស អាច​យក​មក​អនុវត្ត​បាន​ចំពោះ​ពួកអ្នក​ដែល​រៀបចំ​សម្រាប់​អាពាហ៍ពិពាហ៍ ។

  • តើ​ការមើល​ទៅកាន់​ព្រះអម្ចាស់ « នៅគ្រប់​ទាំង​គំនិត » អាច​ជួយ​យើង « កុំ​សង្ស័យ កុំ​ខ្លាច » ពេល​យើង​ពិចារណា​ពី​អនាគត​របស់​យើង​ដូចម្ដេច ?

  • តើ​ដំបូន្មាន​របស់​ព្រះអម្ចាស់​ទៅកាន់​អូលីវើរ ខៅឌើរី និង​យ៉ៃរ៉ុស អាច​ជួយ​បុគ្គល​ទាំងឡាយ​ដែល​ភ័យ​ខ្លាច​អំពី​ការរៀបការ​យ៉ាង​ដូច​ម្ដេច​ដែរ ? ( នៅពេលល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ដោយ​សេចក្ដី​ជំនឿ នោះ​យើង​អាច​យក​ឈ្នះ​លើ​ការភ័យខ្លាច ហើយ​មាន​ទំនុកចិត្ត​លើ​អនាគត ) ។

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ដែល​ថ្លែង​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ សូម​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មូលហេតុ ដែល​អែលឌើរ និង​ស៊ីស្ទើរ ហូឡិន ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ជ្រើសរើស​រៀបការ នៅពេល​ដែល​ពួកគាត់​បាន​រៀបការ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ពេល [ ស៊ីស្ទើរ ហូឡិន និង​ខ្ញុំ ] បាន​រៀបការ យើង​ទាំងពីរ​នាក់​នៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ ប៊ីវ៉ាយយូ នៅ​ឡើយ ដោយ​ឪពុក​ម្ដាយ​ទាំងសង​ខាង​ពុំ​មាន​លទ្ធភាព​ជួយ​ពួកយើង​ខាង​ហិរញ្ញវត្ថុ​អ្វី​សោះ ព្រមទាំង​គ្មាន​ផ្លូវ​គិត​ពី​ការអប់រំ​ដែល​ពួក​យើង​ត្រូវបញ្ចប់ ហើយ​យើង​មាន​តែ ៣០០ ដុល្លារ ប៉ុណ្ណោះ​សម្រាប់​ថ្ងៃ​រៀបការ​របស់​យើង ! ឥឡូវ នោះ​ប្រហែល​មិនមែន​ជា​របៀប​ដ៏​វិសេសវិសាល​ដើម្បី​ចាប់ផ្ដើម​អាពាហ៍ពិពាហ៍​មួយ​នោះ​ទេ ប៉ុន្តែ​វា​ជា​អាពាហ៍ពិពាហ៍​មួយ​ដ៏​ប្រពៃ ហើយ​តើ​យើង​នឹង​ខកខាន​មិន​បាន​ទទួល​ពរជ័យ​អ្វី​ខ្លះ បើ​យើង​រង់ចាំ​តែ​មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​ដែល​យើង​បាន​ដឹង​ថា​អាពាហ៍ពិពាហ៍​នោះ​ជា​ការត្រឹមត្រូវ​នោះ ។ … ខ្ញុំ​ញាប់ញ័រ​ក្នុង​ការគិត​ពី​អ្វី​ដែល​យើង​នឹង​បាត់បង់ បើ​យើង​ទទួល​យក ‹ ដំបូន្មាន​ពី​ការភ័យខ្លាច​របស់​យើង › ដូច​ដែល​ក្រោយ​មក​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បាន​ប្រាប់​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត​ថា គឺ​ខ្ញុំ ហើយ​គ្មាន​នរណា​ម្នាក់​ទៀត​ទេ​ដែល​គួរតែ​ធ្វើ » ( “Be Not Afraid, Only Believe” ) ។

  • តើ​ស្ថានភាព​របស់​អែលឌើរ និង​ស៊ីស្ទើរ ហូឡិន ស្រដៀង​គ្នា​ទៅនឹង​ស្ថានភាព​របស់​មនុស្ស​វ័យក្មេង​ជាច្រើន​នៅ​សព្វថ្ងៃ​នេះ ដោយ​របៀប​ណា ?

  • តើ​ការទទួល​យក​ដំបូន្មាន​ពី​ការភ័យខ្លាច​របស់​យើង មានន័យ​ដូច​ម្ដេច ? ហេតុអ្វី​បាន​ជា​ការណ៍​នេះ​ជា​របៀប​មិន​ល្អ ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ នូវ​ទីបន្ទាល់ និង​ការសន្យា​នេះ ដែល​មក​ពី​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

« បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សូម​កុំ​ខ្លាច​ឡើយ ។ ចូរ​មានចិត្ត​រីករាយ​ចុះ ។ អនាគត​គឺ​ភ្លឺ​ត្រចះត្រចង់ ដូចជា​សេចក្ដី​ជំនឿ​របស់​អ្នក​ដែរ » ( Be of Good Cheer, EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩២ ) ។

  • តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​យ៉ាង​ណា អំពី​អនាគត ពេល​ដែល​អ្នក​សញ្ជឹង​គិត​ពី​ការលើក​ទឹកចិត្ត​ដ៏​ប្រកប​ដោយ​ការព្យាករ​នេះ ?

សូម​ជួយ​សិស្ស​ឲ្យ​សង្កេត​ដោយ​យកចិត្ត​ទុកដាក់ ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ផ្នែក​នេះ​នៃ​មេរៀន ដោយ​សុំ​ពួកគេ​ឲ្យ​ពិចារណា ថាតើ​ពួកគេ​មាន​ការភ័យខ្លាច​ក្នុង​ការរៀបការ​ដែរ​ឬ​ទេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ជំនួស​ឲ្យ​ការភ័យខ្លាច​អំពី​អនាគត ជាមួយ​នឹង​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​វិញ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២២–២៣; ៨:២–៣; ៩:៧–៩; ១១:១២–១៤

ការស្វែងរក​ការដឹកនាំ​ដ៏​ទេវភាព ក្នុង​ការជ្រើសរើស​នរណា​ដែល​នឹង​ត្រូវ​រៀបការ​ជាមួយ

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ហើយ​សុំ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ការណ៍​នេះ​នឹង​ជា​ការសម្រេចចិត្ត​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក គឺ​នរណា​ដែល​អ្នក​រៀបការ​ជាមួយ ។ ពុំ​មាន​អ្នក​ចាំ​ជំនួស​ដើម្បី​រៀបការ​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ​ឡើយ ។ … ចូរ​រៀបការ​នឹង​មនុស្ស​ត្រឹមត្រូវ នៅក្នុង​ទីកន្លែង​ត្រឹមត្រូវ នៅពេល​វេលា​ត្រឹមត្រូវ » ( Life’s Obligations, Ensign ខែ កុម្ភៈ ឆ្នាំ ១៩៩៩ ទំព័រ ២ ) ។

  • តើ​អ្នក​អាច​ធ្វើ​ការសម្រេចចិត្ត​ដ៏​សំខាន់​បំផុត​នេះ​ដោយ​ត្រឹមត្រូវ អំពី​នរណា​ដែល​អ្នក​នឹង​រៀបការ​ជាមួយ ដោយ​របៀប​ណា ?

សូម​បំបែក​សិស្ស​ឲ្យ​ធ្វើការ​ជា​ដៃគូ ។ សូម​ចាត់​ឲ្យ​គូ​និមួយៗ​អាន​នូវ​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២២–២៣; ៨:២–៣; ៩:៧–៩; ១១:១២–១៤ ។ ( ខ​ទាំងនេះ ជា​ឧទាហរណ៍​នៃ​ប្រធានបទ​ដែល​កើតឡើង​ជា​រឿយៗ នៃ​របៀប​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ដែល​មាន​នៅក្នុង​កណ្ឌ​ដំបូងៗ​ជាច្រើន​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ « ប្រធានបទ​ទាំងឡាយ​គឺ​សំខាន់ កើតឡើង​ជារឿយៗ ហើយ​រួបរួម​គុណសម្បត្តិ ឬ​គំនិត​នានា » [ ដាវីឌ អេ បែដណា “A Reservoir of Living Water” ( ការប្រជុំ​ពិសេស​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ) ទំព័រ ៦ speeches.byu.edu ] ) ។

សូម​សុំ​សិស្ស​ឲ្យ​ពិចារណា​លើ​សាច់រឿង​ដូច​តទៅ​នេះ ពេលដែល​ពួកគេ​សិក្សា​ខ​ទាំងឡាយ​ចេញ​ពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៖ សូម​ស្រមៃ​ថា មិត្ត​របស់​អ្នក​បាន​ទាក់ទង​នឹង​មនុស្ស​ម្នាក់​អស់​មួយ​រយៈ​ហើយ ហើយ​បាន​មករក​អ្នក​ដើម្បី​ប្រឹក្សា​ថា គាត់​គួរ​រៀបការ​ជាមួយ​មនុស្ស​នោះ​ឬ​អត់ ។ តើ​អ្នក​នឹង​ផ្ដល់​ពាក្យ​ប្រឹក្សា​ឲ្យ​មិត្ត​អ្នក​ធ្វើ​អ្វី​ខ្លះ ?

ក្រោយពី​សិស្ស​មាន​ពេល​សិក្សា​បទគម្ពីរ​ហើយ សុំ​សិស្ស​ម្នាក់​នៅក្នុង​ដៃគូ​និមួយៗ ឲ្យ​ដើរតួ​ជា​មិត្ត​ដែល​កំពុង​មាន​ទំនាក់ទនង ។ សូម​សុំ​សិស្ស​ម្នាក់​ទៀត​នៅក្នុង​ដៃគូ​និមួយៗ ឲ្យ​ពន្យល់​ពី​របៀប​ដែល​ខ​ទាំងនេះ​អាច​ជួយ​មិត្ត​នោះ ធ្វើ​ការសម្រេច​ចិត្ត​មួយ ។ បន្ទាប់​ពី​បញ្ចប់​សកម្មភាព​នេះ​ហើយ សូម​ប្រាកដ​ថា សិស្ស​យល់​ពី​គោលការណ៍​តទៅ​នេះ អំពី​ការធ្វើ​ការសម្រេច​ចិត្ត ៖ យើង​គប្បី « សិក្សា » ពី​ការសម្រេចចិត្ត​មួយ​នៅក្នុង​គំនិត​យើង ធ្វើ​ការសម្រេចចិត្ត​ដ៏​ល្អ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន បន្ទាប់មក សួរ​ព្រះ​ថា​បើ​ការសម្រេចចិត្ត​នោះ​ត្រឹមត្រូវ​ឬ​ទេ ។ បន្ទាប់​មក បើ​សេចក្ដី​សុខសាន្ត និង​ក្ដីអំណរ​ចូល​ទៅ​ក្នុង​ចិត្ត និង​គំនិត​យើង នោះ​ការសម្រេច​ចិត្ត​នោះ​ជា​ការសម្រេច​ចិត្ត​ដ៏​ល្អ​មួយ​ហើយ ។ សូម​សង្កត់​បញ្ជាក់​ពី​គោលការណ៍​តទៅ​នេះ ៖ ពេល​យើង​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ នៅពេល​យើង​ធ្វើ​ការសម្រេច​ចិត្ត នោះ​ទ្រង់​នឹង​មាន​បន្ទូល​ចូល​មក​ក្នុង​គំនិត​យើង ហើយ​បំពេញ​ព្រលឹង​យើង​ជាមួយ​នឹង​សេចក្ដី​សុខសាន្ត និង​សេចក្ដីអំណរ ពេល​ជម្រើស​របស់​យើង​ត្រឹមត្រូវ ។

  • តើ​អ្នក​បាន​ស្គាល់​សេចក្ដី​ពិត​ពេញលេញ នៃ​អ្វី​ដែល​ខ​ទាំងនេះ​បង្រៀន​អំពី​ការទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ដោយ​របៀប​ណា ?

សូម​សុំ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​តប​ទៅ​នឹង​សាច់រឿង​ដូច​តទៅ​នេះ ៖ មនុស្ស​ម្នាក់​ដែល​អ្នក​បាន​កំពុង​ទាក់ទង ពន្យល់​ថា គាត់​បាន​ធ្វើតាម​ដំណើរការ​នៃ​ការធ្វើ​ការសម្រេច​ចិត្ត ហើយ​បាន​ទទួល​ចំណាប់​អារម្មណ៍​ថា អ្នក​ទាំងពីរ​នាក់​គួរតែ​រៀបការ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សុំ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ដាល្លិន អេក អូក

« ខ្ញុំ​បាន​ឮ​ពី​ករណី​ទាំងឡាយ ដែល​មាន​បុរស​ម្នាក់​បាន​ប្រាប់​យុវនារី​ម្នាក់​ថា នាង​គួរតែ​រៀបការ​ជាមួយ​គាត់ ព្រោះ​គាត់​បាន​ទទួល​វិវរណៈ​មួយ​ថា នាង​ជា​ដៃគូ​អស់កល្ប​របស់​គាត់ ។ បើ​នេះ​ជា​វិវរណៈ​មួយ​ពិត នោះ​វា​នឹង​ត្រូវបាន​បញ្ជាក់​ដោយ​ផ្ទាល់​ទៅ​កាន់​ស្ត្រី​នោះ បើ​នាង​ព្យាយាម​ចង់​ដឹង ។ ក្នុង​ពេល​នេះ នាង​ពុំ​នៅក្រោម​កាតព្វកិច្ច​ដើម្បី​ស្ដាប់​តាម​វិវរណៈ​របស់​បុរស​នោះ​ទេ ។ នាង​គួរតែ​ស្វែងរក​ការណែនាំ​សម្រាប់​ខ្លួន​នាង​ផ្ទាល់ ហើយ​ធ្វើ​ការសម្រេចចិត្ត​ខ្លួន​ឯង ។ បុរស​នោះ​អាច​ទទួល​វិវរណៈ​ដើម្បី​ដឹកនាំ​សកម្មភាព​គាត់​ផ្ទាល់ ប៉ុន្តែ​គាត់​ពុំ​អាច​ទទួល​វិវរណៈ​ត្រឹមត្រូវ ដើម្បី​ដឹកនាំ​នាង​នោះ​ទេ ។ នាង​ឋិត​នៅ​ក្រៅ​ការគ្រប់គ្រង​របស់​គាត់ » ( “Revelation” [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៨១ ] ទំព័រ ៦; speeches.byu.edu ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា សិស្ស​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត ពេល​ពួកគេ​មើល​ឆ្ពោះ​ទៅ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​កែវភ្នែក​នៃ​សេចក្ដី​ជំនឿ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើប្រាស់​គោលការណ៍​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ដើម្បី​រៀបចំ​សម្រាប់​ឱកាស​ដ៏​រុងរឿង​នៃ​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច ។

ការអាន​របស់​សិស្ស