ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៤ ៖ ការក្លាយ​ជា​អង្គសង្គ្រោះ​នៅឯ​ភ្នំ​ស៊ីយ៉ូន


មេរៀន​ទី ១៤

ការក្លាយ​ជា​អង្គសង្គ្រោះ​នៅឯ​ភ្នំ​ស៊ីយ៉ូន

សេចក្ដីផ្ដើម

តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​វា​កើត​ឡើង​បាន សម្រាប់​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​គ្មាន​ការចេះដឹង​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បាន « វិល​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​អាច​ត្រូវបាន​រួបរួម​គ្នា​ដ៏​អស់កល្ប​ជានិច្ច » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​ពី​របៀប​ដែល​វិញ្ញាណ​នៃ​អេលីយ៉ា ជំរុញ​យើង​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ដើម្បី​ក្លាយ​ជា « ពួកអ្នក​បាន​សង្គ្រោះ … ឯ​ភ្នំ​ស៊ីយ៉ូន » ( អូបាឌា ១:២០ ) ។

ការអាន​ពី​សាវតា

  • ដេវីឌ អេ បែដណា The Hearts of the Children Shall Turn, EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៤–២៧ ។

  • អែលឌើរ ឃ្វីនថិន អិល ឃុក Roots and Branches, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៤–៤៨ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៨:២៧-៣៧, ៥៨-៥៩

ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ភព​វិញ្ញាណ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា ដូនតា​របស់​ពួកគេ​ប៉ុន្មាន​នាក់ ដែល​បាន​ស្លាប់​ទៅ​ដោយ​ពុំ​បាន​ឮ​ពី​ដំណឹងល្អ ឬ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ។

សូម​រំឭក​សិស្ស​ថា បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​សុគត​ទៅ នោះ​ទ្រង់​បាន​យាង​ទៅ​ជួប​វិញ្ញាណ​ទាំងឡាយ​ដែល​បាន​ស្លាប់ ។ ព័ត៌មាន​ពិស្ដារ​អំពី​ការយាង​របស់​ទ្រង់ ដូច​ដែល​បាន​ឃើញ​ក្នុង​ការនិមិត្ត​ដោយ​ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ( ឆ្នាំ ១៨៣៨-១៩១៨ ) ត្រូវបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨។ ( សូម​កត់ចំណាំ​ថា នេះ​ជា​ឧទាហរណ៍​មួយ អំពី​ការជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ ពេល​សិក្សា​ព្រះគម្ពីរ ) ។

សូម​សុំ​សិស្ស​ពីរបី​នាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អាន​ឮៗ ចេញពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:២៧-៣៧ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បានធ្វើ អំឡុង​ពេល​នៃ​ការបម្រើ​របស់​ទ្រង់​នៅក្នុង​ពិភព​វិញ្ញាណ ។

  • តើ​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ សម្រាប់​វិញ្ញាណ​នៃ​អ្នក​ស្លាប់ ឲ្យ​បាន​ប្រោសលោះ​ដោយ​របៀបណា ? ( សូម​សង្កត់​បញ្ជាក់​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះអង្គ​សង្គ្រោះ​បានអនុញ្ញាត បង្គាប់ និង​រៀបចំ​វិញ្ញាណ​សុចរិត ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​ទៅកាន់​វិញ្ញាណ​ដែល​ជាប់ឃុំ​នៅក្នុង​ស្ថានឃុំ​វិញ្ញាណ ) ។

  • ស្របតាម ខ ៣៤ ហេតុអ្វី​គោលការណ៍​នៃ​ដំណឹងល្អ​ត្រូវតែ​ផ្សព្វផ្សាយ​ទៅដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ឃុំ​វិញ្ញាណ ? ( សូម​ពន្យល់​ថា ការទទួល « ការជំនុំជម្រះ​តាម​មនុស្ស​ក្នុង​សាច់ឈាម » មានន័យ​ថា បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ទាំង​នៅរស់ ឬ​ស្លាប់ នឹង​មាន​ឱកាស​ទទួល​ដំណឹងល្អ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ដើម្បី​ឲ្យ​ទាំងអស់​គ្នា​អាច​ត្រូវបាន​ជំនុំ​ជម្រះ​ដោយ​បទដ្ឋាន​ដូច​គ្នា ។ សូមមើល​ផងដែរ គ. និង ស. ១៣៧:៧-៩ ) ។

សូម​សុំ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៣១, ៥៨-៥៩ ដោយ​រកមើល​នូវ​អ្វី​ដែល​បុគ្គល​ម្នាក់ៗ ដែល​បាន​ទទួល​ការបង្រៀន​ដំណឹងល្អ​នៅក្នុង​ពិភពល​វិញ្ញាណ ត្រូវតែ​ធ្វើ ដើម្បី​ក្លាយ​ជា « អ្នក​គ្រង​សេចក្ដី​សង្គ្រោះ​ទុក​ជា​មរតក » ។

  • ស្របតាម​ខទាំងនេះ តើ​វិញ្ញាណ​នៃ​អ្នក​ស្លាប់ ត្រូវតែ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ក្លាយជា « អ្នក​គ្រង​សេចក្ដី​សង្គ្រោះ​ទុក​ជា​មរតក » ? ( សូម​ជួយ​បញ្ជាក់​គោលការណ៍​នេះ ៖ បន្ទាប់ពី​បុគ្គល​ទាំងឡាយ​ដែល​នៅក្នុង​ស្ថានឃុំ​វិញ្ញាណ បាន​ទទួល​ការបង្រៀន​សារលិខិត​ដំណឹងល្អ​ហើយ នោះ​ពួកគេ​អាច​ជ្រើសរើស​ដើម្បី​ប្រែចិត្ត ហើយ​ទទួលយក​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ជំនួស ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ) ។

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« មនុស្ស​មួយ​ចំនួន​បាន​មាន​ការយល់​ខុស ហើយ​សន្មត់​ថា ព្រលឹង​ដែល​បាន​ស្លាប់​ទៅ​ហើយ ‹ ត្រូវបាន​ជ្រមុជទឹក​ឲ្យ​ចូល​ក្នុង​សាសនា​មរមន ដោយ​ពុំ​មាន​ការចេះដឹង​របស់​ពួកគេ › ឬ​ថា ‹ មនុស្ស​ដែល​ធ្លាប់​ជឿ​លើ​សាសនា​ផ្សេង អាច​ចូល​ក្នុង​សាសនា​មរមន​ដោយ​ការបង្ខំ​ឲ្យ​គេ​គោរព​ដោយ​ប្រតិសកម្ម › ។ ពួកគេ​សន្មត់​ថា ដោយ​ហេតុ​ណា​មួយ​នោះ យើង​មាន​អំណាច​ដើម្បី​បង្ខំ​ព្រលឹង​មួយ ទាក់ទង​នឹង​សេចក្ដី​ជំនឿ ។ ប្រាកដ​ណាស់ យើង​ពុំ​មែន​ធ្វើ​អញ្ចឹង​ទេ ។ ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស នូវ​សិទ្ធិជ្រើសរើស​របស់​គេ តាំង​ពី​ដើម​ដំបូង​មក ។ ‹ ពួក​អ្នក​ស្លាប់​ណា​ដែល​ប្រែចិត្ត នោះ​នឹង​បាន​ប្រោសលោះ​តាមរយៈ​ការគោរព​តាម​ពិធី​ទាំងឡាយ​នៃ​ដំណាក់​របស់​ព្រះ › [ គ. និង ស. ១៣៨:៥៨ ] ប៉ុន្តែ ទាល់តែ​ពួកគេ​ទទួល​យក​ពិធី​បរិសុទ្ធ​ទាំងនោះ​ប៉ុណ្ណោះ » ( The Redemption of the Dead and the Testimony of Jesus, Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១០ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំបែក​គ្នា​ជា​គូ ហើយ​ដើរតួ​សម្ដែង ដោយ​ពន្យល់​ដល់​អ្នក​ដែល​មិនមែន​ជា​សមាជិក ពី​របៀប​ដែល​ផែនការ​របស់​ព្រះ ធ្វើ​ឲ្យ​បុគ្គល​ទាំងអស់ ទាំង​នៅរស់ និង​ស្លាប់ អាច​ទទួល​បាន​ដំណឹងល្អ និង​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ។

អូបាឌា ១:២០; ម៉ាឡាគី ៤:៥–៦; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០:១៣–១៦; ១២៨:១៨

យើង​ត្រូវ​ប្រែក្លាយ​ជា « ពួក​អ្នក​ដែល​បាន​សង្គ្រោះ … ឯ​ភ្នំ​ស៊ីយ៉ូន » ( អូបាឌា ១:២០ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ពី​របៀប​ទាំងឡាយ ដែល​យើង​អាច​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ ។ ( ការស្វែងរក​ឈ្មោះ​របស់​ក្រុមគ្រួសារ ហើយ​យក​ឈ្មោះ​ទាំងនោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ ការប្រមូល និង​រក្សា​ទុក​រូបថត​ក្រុមគ្រួសារ និង​រឿងរ៉ាវ ការធ្វើ​លិបិក្រម​ជាដើម ) ។

  • តើ​ការចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​យើង​ចំពោះ​សមាជិក​ក្រុមគ្រួសារ​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​ហើយ យ៉ាង​ដូច​ម្ដេច​ដែរ ?

ដើម្បី​ជួយ​សិស្ស​ស្វែងរក​ប្រភព​នៃ​អារម្មណ៍​ទាំង​នោះ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

អែលឌើរ ដាវីឌ អេ បែដណា

« អែលឌើរ រ័សុល អិម ណិលសុន បាន​បង្រៀន​ថា វិញ្ញាណ​នៃ​អេលីយ៉ា គឺជា ‹ ការបើក​សម្តែង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ទីបន្ទាល់ ពី​លក្ខណៈ​ដ៏​ទេវភាព​នៃ​ក្រុមគ្រួសារ › ( A New Harvest Time, Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៣៤ ) ។ ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏​វិសេស​នេះ ទាក់ទាញ​ចិត្ត​មនុស្ស​ឲ្យ​ស្វែងរក ហើយ​ស្រឡាញ់​ដូនតា​ពួកគេ និង​សមាជិក​គ្រួសារ—ទាំង​អតីតកាល និង​បច្ចុប្បន្ន​កាល ។ វិញ្ញាណ​នៃ​អេលីយ៉ា ជះ​ឥទ្ធិពល​ដល់​មនុស្ស​ទាំង​នៅក្នុង និង​នៅក្រៅ​សាសនាចក្រ » ( The Hearts of the Children Shall Turn, EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥ ) ។

សូម​ពិចារណា​ពី​ការសរសេរ​និយមន័យ​ខាងក្រោម​នេះ អំពី « វិញ្ញាណ​នៃ​អេលីយ៉ា » នៅលើ ក្ដារខៀន ៖

វិញ្ញាណ​នៃ​អេលីយ៉ា គឺជា​ការបើក​សម្តែង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជំរុញ​យើង​ឲ្យ​ស្វែងរក ចងក្រង​ជា​ឯកសារ និង​ស្រឡាញ់​សមាជិក​នៃ​ក្រុមគ្រួសារ​យើង​ទាំង​ពី​អតីតកាល និង​ក្នុង​បច្ចុប្បន្នកាល ។

សូម​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ាឡាគី ៤:៥-៦ ឮៗ ។

  • យោង​តាម​វគ្គ​បទគម្ពីរ​នេះ តើ​ការលេច​មក​របស់​ព្យាការី អេលីយ៉ា ដែល​បាន​សន្យា​ថា​នឹង​មក​នោះ មាន​អានុភាព​លើ​ក្រុមគ្រួសារ​នៅលើ​ពិភពលោក​នេះ និង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះអម្ចាស់​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ យ៉ាង​ដូចម្ដេច​ដែរ ? ( សូម​រំឭក​សិស្ស​ថា អេលីយ៉ា​ដែល​ជា​តួអង្គ​រស់ឡើង​វិញ បាន​លេច​មក​ឯ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅ​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ហើយ​បាន​ប្រគល់​ដល់​ពួកលោក​នូវ​កូនសោ​ផ្សារភ្ជាប់​នៃ​បព្វជិតភាព​មិលគីស្សាដែក [ សូមមើល គ. និង ស. ១១០:១៣–១៦ ] ) ។

  • តើ​ការបង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ហើយ​បង្វែរ​ចិត្ត​កូន​ទៅ​រក​ឪពុក មានន័យ​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ការពន្យល់​ដូចខាង​ក្រោម អំពី​ខ​ទាំងនេះ ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥-៤៤ ) ៖

ព្យាការី យ៉ូសែប ស៊្មីធ

« ឥឡូវ​នេះ ពាក្យ បង្វែរ នៅ​ទីនេះ គួរ​ត្រូវបាន​បកប្រែ​ថា ចងភ្ជាប់ ឬ​ផ្សារភ្ជាប់ ។ ប៉ុន្តែ​តើ​អ្វី​ទៅ​ជា​គោលបំណង​នៃ​បេសកកម្ម​ដ៏​សំខាន់​នេះ ? ឬ​តើ​វា​ត្រូវបាន​បំពេញ​ដោយ​របៀបណា ? កូនសោ​ទាំងឡាយ​គឺ​ត្រូវ​ប្រគល់​ឲ្យ វិញ្ញាណ​នៃ​អេលីយ៉ា គឺ​ត្រូវ​មក … ហើយ​ពួក​បរិសុទ្ធ​ត្រូវ​ឡើង​មក ក្នុង​នាម​ជា​អ្នក​សង្គ្រោះ​នៅឯ​ភ្នំ​ស៊ីយ៉ូន [ សូមមើល អូបាឌា ១:២០ ] ។

« តើ​ពួកគេ​ក្លាយ​ជា​អង្គសង្គ្រោះ​នៅលើ​ភ្នំ​ស៊ីយ៉ូន​យ៉ាង​ដូចម្តេច ? តាមរយៈ​ការកសាង​ព្រះវិហារ​បរិសុទ្ធ រៀប​អាង​ជ្រមុជទឹក ហើយ​ការទៅ​ទទួល​ពិធីបរិសុទ្ធ​ទាំងអស់ … ជំនួស​ឲ្យ​ជីដូនជីតា​របស់​ពួកគេ​ទាំងអស់​ដែល​បាន​ទទួល​មរណភាព​ទៅ ហើយ​ប្រោសលោះ​ពួកលោក …​នោះ​ហើយ​ដែល​ជា​ច្រវាក់​ដែល​ចងភ្ជាប់​ចិត្ត​ឪពុក​ទៅ​នឹង​ចិត្ត​កូន និង​ចិត្ត​កូន​ទៅ​នឹង​ចិត្ត​ឪពុក ដែល​បំពេញ​បេសកកម្ម​របស់​អេលីយ៉ា » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧២-៧៣ ) ។

  • តើ​យ៉ូសែប ស្ម៊ីធ បាន​និយាយ​ថា យើង​ក្លាយ​ជា​អ្វី នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ជំនួស​ឲ្យ​ពួក​ញាតិសណ្ដាន​ដែល​បាន​ស្លាប់​ទៅ​របស់​យើង​ទាំងឡាយ​នោះ ? ( អង្គសង្គ្រោះ​នៅឯ​ភ្នំ​ស៊ីយ៉ូន ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​ពិតជា​ក្លាយ​ជា​អង្គសង្គ្រោះ​នៅឯ​ភ្នំ​ស៊ីយ៉ូន ។ តើ​វា​មានន័យ​ដូច​ម្ដេច​ទៅ ? គឺដូច​ជា​ព្រះអង្គ​ប្រោសលោះ​របស់​យើង ដែល​បាន​ប្រទាន​ព្រះជន្ម​ទ្រង់ ជា​ការបូជា​ជំនួស​មនុស្ស​ទាំងអស់​ដែរ ដែល​ដោយ​ការធ្វើ​ដូច្នោះ ទ្រង់​បាន​ក្លាយ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដូច្នេះ នៅក្នុង​រង្វាស់​ដ៏​តូច​មួយ ពេល​យើង​ចូលរួម​ជា​អ្នក​ជំនួស​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​ក្លាយ​ជា​អង្គសង្គ្រោះ​ដល់​អស់​អ្នក​ដែល​នៅ​ម្ខាង​ទៀត ដែល​ពុំ​មាន​មធ្យោបាយ​ក្នុង​ការធ្វើ​ដូច្នោះ លើកលែង​តែ​មាន​អ្នក​ធ្វើ​ជំនួស​ពួកគេ​នៅលើ​ផែនដី​នេះ » ( Closing Remarks, EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១០៥ ) ។

សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​ជំនួស​យើង​ទាំងអស់​គ្នា ។ នៅពេល​យើង​ធ្វើ​ពិធីបិរសុទ្ធ​ជំនួស​ឲ្យ​ពួកអ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ យើង​ក្លាយ​ជា « អង្គសង្គ្រោះ​នៅឯ​ភ្នំ​ស៊ីយ៉ូន » ។ វាក្យសព្ទ « ភ្នំស៊ីយ៉ូន » អាច​សំដៅ​ដល់​ទីកន្លែង​មួយ​ចំនួន រួម​ទាំង​ទីក្រុង​ដ៏​ពិសិដ្ឋ​របស់​របស់​ព្រះ ឬ​ក្រុង​យេរូសាឡិម​ថ្មី ( សូមមើល ហេព្រើរ ១២:២២; គ. និង ស. ៧៦:៦៦; ៨៤:២–៤; ពង្សាវតារក្សត្រ ទី១ ៨:១ ) ។

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ការយល់​ដឹង​ពី​ឃ្លា​ថា « អង្គសង្គ្រោះ​នៅឯ​ភ្នំ​ស៊ីយ៉ូន » ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​កាន់តែ​ច្រើន​ថែមទៀត ដើម្បី​ជួយ​សមាជិក​ក្រុមគ្រួសារ​ពី​អតីតកាល និង​បច្ចុប្បន្នកាល ឲ្យ​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែរ​នោះ ?

ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ អ្នក​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« តាមរយៈ​ការស្វែងរក​នូវ​ប្រវតិ្ត​ជីដូន​ជីតា​របស់​យើង និង​តាមរយៈ​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ ដែល​ពួកគាត់​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន នោះ​យើង​កំពុងតែ​ថ្លែង​ទីបន្ទាល់​អំពី​ដង្វាយធួន​ដ៏​គ្មាន​ទីបញ្ចប់​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះគ្រីស្ទ ‹ បានសុគត​ជំនួស​មនុស្ស​ទាំងអស់ › ។ [ កូរិនថូស ទី២ ៥:១៥ ] » ។ ( The Redemption of the Dead and the Testimony of Jesus, Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១០ ) ។

សូម​ពន្យល់​ថា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៨ កត់ត្រា​នូវ​លិខិត​មួយ​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បានសរសេរ​ទៅកាន់​ពួក​បរិសុទ្ធ ដែល​លោក​បាន​ដកស្រង់​ពី ម៉ាឡាគី ៤:៥-៦ បន្ទាប់មក​បាន​ផ្ដល់​នូវ​ពាក្យ​អត្ថាធិប្បាយ​ប្រកប​ដោយ​ការបំផុស​គំនិត អំពី​ខ​ទាំងនោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៨:១៨ ដោយ​ស្ងាត់ស្ងៀម ។ សូម​សុំ​ពួកគេ​ឲ្យ​គូស​ចំណាំ​មូលហេតុ​ទាំងឡាយ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ផ្ដល់​សម្រាប់​ការចូលរួម​ក្នុង​កិច្ចការ​ប្រោសលោះ​ដល់​សមាជិក​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​ទៅ​ហើយ​របស់​យើង ។ បន្ទាប់​ពី​ការពិភាក្សា​នូវ​អ្វី​ដែល​សិស្ស​បាន​រកឃើញ​ហើយ សូម​ពិភាក្សា​នូវ​អ្វី​ខាង​ក្រោម​នេះ ៖

  • តើ​កិច្ចខិតខំ​របស់​យើង ក្នុង​ការផ្ដល់​នូវ​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ សម្រាប់​ដូនតា​យើង ក៏​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ​ដល់​យើង​ផងដែរ យ៉ាង​ដូច​ម្ដេច​ទៅ ?

នៅលើ​ក្ដារខៀន សូម​សរសេរ​ពាក្យ​តទៅ​នេះ ៖ ស្វែងរក យក និង បង្រៀន ។

សូម​សុំ​សិស្ស​ឲ្យ​ពន្យល់​ពី​របៀប​ដែល​ពាក្យ​ទាំងបី​នេះ អាច​ពិពណ៌នា​អំពី​ជំហាន​ទាំងឡាយ ដែល​យើង​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ ពេល​យើង​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ។ ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​នូវ​អ្វី​ដូច​តទៅ​នេះ ៖ ស្វែងរក និង​រៀបចំ​ឈ្មោះ​ទាំងឡាយ​សម្រាប់​កិច្ចការ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ យក​ឈ្មោះ​ទាំងនោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជំនួស​បុគ្គល​ទាំងនោះ បង្រៀន​អ្នក​ផ្សេងទៀត​ឲ្យ​ធ្វើ​ដូច​នោះ​ដែរ ) ។

video iconដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ពរជ័យ​ដែល​បាន​មក​ក្រោយពី​ធ្វើ​តាម​ជំហាន​ទាំងនេះ សូម​បង្ហាញ និង​សុំ​សិស្ស​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដែល​ថ្លែង​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ឬ​បង្ហាញ​វីដេអូ “The Promised Blessings of Family History” ( lds.org/topics/family-history/fdd-cook/blessings-video ) ។ នៅពេល​សិស្ស​អាន ឬ​មើល សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ពរជ័យ​ដែល​បាន​សន្យា​ទាំងឡាយ ដែល​បាន​មក​ពី​ការចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ ។

អែលឌើរ ដាវីឌ អេ បែដណា

« ខ្ញុំ​សូម​អញ្ជើញ​យុវវ័យ​នៃ​សាសនាចក្រ​ឲ្យ​រៀន និង​ទទួល​បាន​បទពិសោធន៍​នៃ​វិញ្ញាណ​នៃ​អេលីយ៉ា ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សិក្សា ស្វែង​រក​ជីដូនជីតា​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​របស់​អ្នក ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​នៅ​ក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ សម្រាប់​ញាតិសន្តាន​ដែល​បាន​ស្លាប់​ទៅ​របស់​អ្នក ( សូមមើល គ. និង ស. ១២៤:២៨–៣៦ ) ។ ហើយ​ខ្ញុំ​សូម​ជំរុញ​ឲ្យ​អ្នក​ជួយ​អ្នកដទៃ​ឲ្យ​ស្វែងរក​ពង្សប្រវត្តិ​របស់​ពួកគេ ។

« នៅពេល​អ្នក​ឆ្លើយតប​ដោយ​សេចក្ដី​ជំនឿ​តាម​ការអញ្ជើញ​នេះ នោះ​ដួងចិត្ត​របស់​អ្នក​នឹង​បែរ​ទៅរក​ឪពុក ។ … សេចក្ដី​ស្រឡាញ់​របស់​អ្នក និង​ការដឹងគុណ​ចំពោះ​ដូនតា​របស់​អ្នក​នឹង​កើនឡើង ។ ទីបន្ទាល់​របស់​អ្នក និង​ការប្រែចិត្ត​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​កាន់តែ​ជ្រាលជ្រៅ និង​មាំមួន ។ ហើយ​ខ្ញុំ​សូម​សន្យា​ដល់​អ្នក​ថា អ្នក​នឹង​ត្រូវបាន​ការពារ​ប្រឆាំង​នឹង​ឥទ្ធិពល​ដ៏​ខ្លាំង​នៃ​មារសត្រូវ ។ នៅ​ពេល​អ្នក​ចូលរួម ហើយ​ស្រឡាញ់​កិច្ចការ​ដ៏​បរិសុទ្ធ​នេះ នោះ​អ្នក​នឹង​មាន​សុវត្ថិភាព​នៅ​ក្នុង​យុវវ័យ និង​ពេញ​មួយ​ជីវិត​របស់​អ្នក » (The Hearts of the Children Shall Turn, ទំព័រ ២៦–២៧ ) ។

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែល​មាន​ដល់​អ្នក​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ ?

សូម​សួរ​បើ​មាន​សិស្ស​អាច​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​មាន​ទាក់ទង​នឹង​ការទទួល​បាន​ពរជ័យ​តាមរយៈ​ការចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ ។

  • សម្រាប់​ពួក​អ្នក​ទាំងឡាយ ដែល​បាន​ទទួល​ពិធីបរិសុទ្ធ​សម្រាប់​ដូនតា តើ​អ្នក​អាច​ចែកចាយ​ពី​អារម្មណ៍​អ្វី​ខ្លះ អំពី​ការចូលរួម​ក្នុង​បទពិសោធន៍​ដ៏​ពិសិដ្ឋ​ទាំង​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​ពង្សប្រវត្តិ​របស់​ពួកគេ ដោយ​ប្រើ​ធនធាន​ដែល​មាន​នៅ FamilySearch.org ហើយ​ស្វែងរក​ជំនួយ​ពី​អ្នកប្រឹក្សា​ខាង​ពង្សប្រវត្តិ​នៅក្នុង​វួដ ឬ​សាខា​របស់​ពួកគេ បើ​ចាំបាច់ ។ សូម​លើក​ទឹកចិត្ត​សិស្ស ឲ្យ​ដាក់​ផែនការ​មួយ ដើម្បី​ស្វែងរក​ឈ្មោះ​ដូនតា​របស់​ពួកគេ យក​ឈ្មោះ​របស់​ដូនតា​ទាំងនេះ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ជំនួស​ពួកគាត់ ហើយ​បង្រៀន​អ្នក​ផ្សេងទៀត​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ ។

ការអាន​របស់​សិស្ស