មេរៀនទី ៩
តួនាទី និងទំនួលខុសត្រូវដ៏ទេវភាពរបស់បុរស
សេចក្ដីផ្ដើម
ជាផ្នែកដ៏សំខាន់មួយនៃផែនការនៃសុភមង្គលរបស់ទ្រង់ ព្រះវរបិតាសួគ៌បានចាត់តាំងបុរសឲ្យក្លាយជាស្វាមី និងឪពុក ។ មេរៀននេះផ្តោតទៅលើទំនួលខុសត្រូវរបស់ពួកបុរសៗ ៖ « តាមការរៀបចំដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំ នៅក្នុងគ្រួសាររបស់ខ្លួន ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
ការអានពីសាវតា
-
រីឆាត ជី ស្កត “The Eternal Blessings of Marriage,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៤–៩៧ ។
-
ឌី ថត គ្រីស្តូហ្វឺសិន “Let Us Be Men,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៤៦–៤៨ ។
-
លីនដា ខេ ប៊ើតុន “We’ll Ascend Together,” Ensign ឬ Liahona ខែ មិនា ឆ្នាំ ២០១៥ ទំព័រ ២៩–៣២ ។
-
ហាវើដ ដបុលយូ ហឹនធើរ “Being a Righteous Husband and Father,” Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៦៦–៧០ ។
-
“The Sacred Callings of Fathers and Mothers,” ជំពូកទី ១៥ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១៩១–៩៦ ។
យោបល់សម្រាប់ការបង្រៀន
អេភេសូរ ៥:២៥
បុរសគឺត្រូវរៀបការ និងស្រឡាញ់លើកស្ទួយភរិយារបស់ខ្លួន
សូមចាប់ផ្ដើមថ្នាក់ដោយការសួរ ៖
-
តើបុរសបានជះឥទ្ធិពលអ្វីខ្លះនៅក្នុងជីវិតអ្នក ? ហេតុអ្វីបានជាពួកគេមានឥទ្ធិពលបែបនោះចំពោះអ្នក ?
សូមពន្យល់ថា មេរៀននេះនឹងពិភាក្សាពីតួនាទីដ៏ទេវភាពដែលបានចាត់តាំងដល់បុរស ។ សម្រាប់បុរស ពុំមានតួនាទីណាទៀតដែលសំខាន់ជាងតួនាទីជាស្វាមី និងឪពុកនោះឡើយ ។ ខណៈដែលបុរសព្យាយាមបំពេញតួនាទីដ៏សុចរិតទាំងនេះ ពួកគេក្លាយកាន់តែដូចជាព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ ។
សូមឲ្យសិស្សម្នាក់អាន អេភេសូរ ៥:២៥ ឮៗ ។
-
តើគោលការណ៍អ្វី ដែលអ្នករៀនចេញពីបទគម្ពីរនេះ អំពីរបៀបដែលស្វាមីគួរប្រព្រឹត្ត ? ( ថ្វីបីពួកគេអាចនឹងប្រើប្រាស់ពាក្យខុសគ្នា ក៏សិស្សគប្បីរកឃើញនូវគោលការណ៍នេះ ៖ ស្វាមីត្រូវស្រឡាញ់ភរិយារបស់ខ្លួន ដូចព្រះយេស៊ូវស្រឡាញ់ពួកជំនុំរបស់ទ្រង់ ) ។
-
តើរបៀបមួយចំនួនណាខ្លះ ដែលព្រះយេស៊ូវគ្រីស្ទបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ដល់សាសនាចក្រនេះ ?
-
តើស្វាមីអាចធ្វើអ្វីខ្លះ ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះភរិយាគេ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ព្រះគ្រីស្ទស្រឡាញ់សាសនាចក្រ និងប្រជាជនរបស់សាសនាចក្រខ្លាំងណាស់ រហូតដល់ទ្រង់បានស្ម័គ្រព្រះទ័យស៊ូទ្រាំនឹងការបៀតបៀនសម្រាប់ពួកគេ បានរងការប្រមាថបន្ទាបបន្ថោកសម្រាប់ពួកគេ បានអត់ទ្រាំនឹងការឈឺចាប់ និងការបំពានខាងរាងកាយសម្រាប់ពួកគេ ហើយទីបំផុតបានប្រទាននូវព្រះជន្មដ៏មានតម្លៃថ្លៃថ្លារបស់ទ្រង់សម្រាប់ពួកគេ ។
« ពេលស្វាមីរៀបចំរួចជាស្រេច ដើម្បីប្រព្រឹត្តចំពោះក្រុមគ្រួសារគាត់នៅក្នុងលក្ខណៈបែបនោះ មិនមែនតែចំពោះភរិយាទេ តែសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ នឹងឆ្លើយតបទៅនឹងភាពជាអ្នកដឹកនាំរបស់គាត់ » ( “Home, the Place to Save Society,” Ensign ខែ មករា ឆ្នាំ ១៩៧៥ ទំព័រ ៥ ) ។
-
តើគំនិតអ្វីដែលអ្នកមាននៅពេលអ្នកពិចារណាអំពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ឃឹមបឹល ?
-
តើនៅក្នុងរបៀបណាខ្លះ ដែលឪពុកម្នាក់អាចធ្វើការលះបង់សម្រាប់ក្រុមគ្រួសារគាត់ នៅក្នុងជំនាន់របស់យើងនេះ ?
សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យបុរសពុះពារព្យាយាមធ្វើជាស្វាមីដ៏សុចរិត ។
អេភេសូរ ៥:២៣; គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៦–៤៦
ឪពុកគឺត្រូវធ្វើជាអធិបតីដោយសុចរិតភាព
សូមសុំសិស្សឲ្យមើលទៅកថាខណ្ឌទីប្រាំពីរនៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដើម្បីរៀនពីអ្វីដែលព្រះវរបិតាសួគ៌រំពឹងពីឪពុកទាំងឡាយ ។
-
តើពាក្យ ធ្វើជាអធិបតី មានន័យដូចម្ដេច ? ( ដើម្បីផ្ដល់ការដឹកនាំ និងការណែនាំដល់អ្នកផ្សេងទៀត ) ។
-
តើការចងចាំឃ្លា « តាមការរៀបចំដ៏ទេវភាព » អាចជួយបុរសម្នាក់ឲ្យបំពេញទំនួលខុសត្រូវដែលព្រះបានប្រទានដល់ឪពុក ដោយរបៀបណា ?
ដើម្បីជួយសិស្សយល់កាន់តែច្បាស់ ពីរបៀបដែលឪពុកម្នាក់ត្រូវធ្វើជាអធិបតីនៅក្នុងគេហដ្ឋាន នោះសុំសិស្សម្នាក់ឲ្យអាន អេភេសូរ ៥:២៣ ឮៗ ។ បន្ទាប់មក សុំសិស្សម្នាក់ទៀតឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) ៖
« សាវកប៉ុល ចង្អុលបង្ហាញថា ‹ ប្ដីជាក្បាលនៃប្រពន្ធ ដូចជា ព្រះគ្រីស្ទទ្រង់ជាព្រះសិរសានៃពួកជំនុំដែរ › ( អេភេសូរ ៥:២៣ អក្សរត្រេតត្រូវបានបន្ថែម ) ។ នោះគឺជាគំរូ ដែលយើងត្រូវធ្វើតាម នៅក្នុងតួនាទីរបស់យើងក្នុងការធ្វើជាអធិបតីនៅក្នុងគេហដ្ឋាន ។ យើងពុំឃើញថា ព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្ររបស់ទ្រង់ដោយព្រះហស្ដដ៏ឃោរឃៅ ឬគ្មានមេត្តាឡើយ ។ យើងពុំឃើញថា ព្រះអង្គសង្គ្រោះប្រព្រឹត្តចំពោះសាសនាចក្ររបស់ទ្រង់ ដោយការមិនគោរព ឬមិនអើពើឡើយ ។ យើងពុំឃើញថា ព្រះអង្គសង្គ្រោះប្រើកម្លាំង ឬការបង្ខិតបង្ខំ ដើម្បីសម្រេចនូវព្រះរាជបំណងរបស់ទ្រង់ឡើយ ។ មិនមាននៅកន្លែងណាសោះ ដែលយើងឃើញថា ព្រះអង្គសង្គ្រោះធ្វើអ្វីក្រៅតែពីប្រៀនប្រដៅ លើកទឹកចិត្ត លួងលោម និងលើកតម្កើងពួកជំនុំ ។ … ទ្រង់គឺជាគំរូ ដែលយើងត្រូវតែធ្វើតាម ពេលយើងយកនូវការដឹកនាំខាងវិញ្ញាណចូលទៅក្នុងក្រុមគ្រួសារយើង » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៩៦ ) ។
-
តើអ្នកនឹងថ្លែងគោលការណ៍មួយដែលបានបង្រៀនដោយសាវកប៉ុល និងប្រធាន ប៊ែនសឹន ដោយរបៀបណា ? ( សិស្សគួរតែថ្លែងនូវគោលការណ៍មួយដូចតទៅនេះ ៖ ពេលបុរសម្នាក់អនុវត្តបព្វជិតភាពដោយសក្ដិសមនៅក្នុងគេហដ្ឋានរបស់គាត់ គាត់ជះឥទ្ធិពលយ៉ាងសុចរិតដល់ភរិយា និងកូនៗគាត់ ។ បន្ថែមទៀត សូមចែកចាយគោលការណ៍នេះជាមួយសិស្ស ៖ ពេលបុរសព្យាយាមបំពេញតួនាទីជាស្វាមី និងឪពុកដោយសុចរិត នោះពួកគេក្លាយកាន់តែដូចជាព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ ) ។
ដើម្បីពន្យល់បន្ថែមទៀតថា ស្វាមី និងឪពុកម្នាក់ត្រូវធ្វើជាអធិបតីនៅក្នុងគេហដ្ឋានដោយរបៀបណា សូមពិចារណាក្នុងការចែកចាយសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះ ដែលថ្លែងដោយប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧-៩៥ ) ៖
« ដោយការចាត់តាំងដ៏ទេវភាព នោះទំនួលខុសត្រូវដើម្បីធ្វើជាអធិបតីនៅក្នុងគេហដ្ឋាន គឺមានដល់អ្នកកាន់បព្វជិតភាព ( សូមមើល ម៉ូសេ ៤:២២ ) ។ ព្រះអម្ចាស់មានព្រះរាជបំណងថា ភរិយាគឺជាជំនួយមួយដ៏សមសម្រាប់បុរស ( ដ៏សម មានន័យថា ស្មើគ្នា )—នោះគឺថាជាដៃគូស្មើគ្នា និងចំបាច់ក្នុងភាពជាដៃគូដ៏ពេញលេញ ។ ការធ្វើជាអធិបតីនៅក្នុងសេចក្ដីសុចរិត តម្រូវជាចាំបាច់ឲ្យមានទំនួលខុសត្រូវរួមមួយរវាងស្វាមី និងភរិយា អ្នកធ្វើការរួមគ្នា ជាមួយនឹងការចេះដឹង និងការចូលរួមនៅក្នុងគ្រប់បញ្ហាទាំងអស់របស់ក្រុមគ្រួសារ ។ បុរសម្នាក់ដែលធ្វើការដោយឯករាជ្យ ឬដោយមិនគិតពីអារម្មណ៍ និងការប្រឹក្សារបស់ភរិយាគាត់ នៅក្នុងការគ្រប់គ្រងក្រុមគ្រួសារ នោះគឺអនុវត្តអំណាចដោយមិនសុចរិតហើយ » ( “Being a Righteous Husband and Father,” Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥០–៥១ ) ។
សូមអញ្ជើញសិស្សឲ្យបើកទៅ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៦–៤៦ ។ សូមផ្ដល់យោបល់ដល់សិស្សឲ្យធ្វើសេចក្ដីយោង អេភេសូរ ៥:២៣, ២៥ ជាមួយនឹងខទាំងនេះ ។ ( សូមជួយសិស្សឲ្យអភិវឌ្ឍជំនាញសិក្សាព្រះគម្ពីរ អំពីការធ្វើបទគម្ពីរយោង ដោយការអញ្ជើញពួកគេឲ្យបង្កើតសេចក្ដីយោងដូចនោះ នៅគ្រប់ពេលដែលសមរម្យ ) ។
សូមទុកពេលឲ្យសិស្សពីរបីនាទី ដើម្បីសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៦–៣៩ ហើយពិចារណាថា ភាពជាអ្នកដឹកនាំដែលបានពិពណ៌នានៅក្នុងខទាំងនេះ ផ្ទុយគ្នាពីប្រភេទនៃភាពជាអ្នកដឹកនាំដែលព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូ យ៉ាងដូចម្ដេចដែរ ។
-
តើអ្នកគិតថា ឃ្លា « សិទ្ធិទាំងឡាយនៃបព្វជិតភាព » មានន័យដូចម្ដេច ? ( ពេលបុរសម្នាក់ទទួលបព្វជិតភាព ព្រះប្រទាននូវសិទ្ធិ និងសិទ្ធិអំណាចជាក់លាក់ដល់គាត់ ។ បុរសនោះអាចអនុវត្តសិទ្ធិទាំងនេះបាន មានតែនៅពេលដែលគាត់ប្រព្រឹត្តក្នុងសេចក្ដីសុចរិតប៉ុណ្ណោះ ) ។
-
តើមានអ្វីកើតឡើង ពេលអ្នកកាន់បព្វជិតភាពម្នាក់ពុំរស់នៅដោយសុចរិត ? ( ព្រះដកយកអំណាចនៃស្ថានសួគ៌ពីបុរសនោះវិញ ហើយបុរសនោះមិនអាចអនុវត្តសិទ្ធិអំណាចបព្វជិតភាពបានទៀតឡើយ គាត់ធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធសោកសង្រេងហើយ ) ។
ដើម្បីយល់ថា ឪពុកម្នាក់គប្បីដឹកនាំក្រុមគ្រួសារគាត់ដោយរបៀបណា នោះសូមសុំសិស្សបីបួននាក់ឲ្យឆ្លាស់វេនគ្នាអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៤១–៤៦ ឮៗ ។
-
តើលក្ខណៈដូចជាព្រះគ្រីស្ទមួយចំនួនអ្វីខ្លះ ដែលត្រូវបានពិពណ៌នានៅក្នុងខទាំងនេះ ? តើអ្នកគិតថា ហេតុអ្វីបានជាឪពុកម្នាក់ដែលមានលក្ខណៈទាំងនេះ អាចមានលទ្ធភាពទាញយកអំណាចពីស្ថានសួគ៌បាន ?
-
តើលក្ខណៈដូចព្រះគ្រីស្ទទាំងនេះ នឹងជួយដល់ឪពុកឲ្យធ្វើជាអធិបតីនៅក្នុងគេហដ្ឋានរបស់ពួកគេដូចម្ដេចដែរ ? ( អ្នកអាចបញ្ជាក់ថា លក្ខណៈដូចព្រះគ្រីស្ទទាំងនេះ ក៏គួរតែត្រូវបានធ្វើដោយស្ត្រីឲ្យបានប្រសើរផងដែរ ) ។
-
សូមពិពណ៌នាថា វាអាចនឹងមានអារម្មណ៍បែបណាក្នុងការធ្វើជាភរិយា ឬជាកូនរបស់បុរសម្នាក់ ដែលព្យាយាមធ្វើតាមគំរូព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរបៀបដែលគាត់ដឹកនាំក្រុមគ្រួសារគាត់ ។
សូមបង្ហាញ និងចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលបានសរសេរដោយកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅក្នុងឆ្នាំ ១៩៧៣ ៖
« ភាពជាឪពុកគឺជាភាពជាអ្នកដឹកនាំ ជាប្រភេទនៃភាពជាអ្នកដឹកនាំដ៏សំខាន់បំផុត ។ វាតែងតែដូច្នេះ ហើយវានឹងតែងតែនៅដូច្នេះជានិច្ច ។ ចំពោះឪពុក ដោយមានជំនួយ និងការប្រឹក្សា និងការលើកទឹកចិត្តពីដៃគូដ៏អស់កល្បជានិច្ចរបស់អ្នក អ្នកធ្វើជាអធិបតីនៅក្នុងគេហដ្ឋានរបស់អ្នក ។ វាមិនមែនជាបញ្ហាថាតើអ្នកមានភាពសក្ដិសមបំផុត ឬមានគុណសម្បត្តិល្អបំផុតនោះទេ ប៉ុន្តែវាជាបញ្ហានៃក្រឹត្យវិន័យ និងការតែងតាំង [ ដ៏ទេវភាព ] ( “Father, Consider Your Ways,” Ensign ខែ មិថុនា ឆ្នាំ ២០០២ ទំព័រ ១៦ ) ។
-
បងប្អូនស្រី តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីលើកទឹកចិត្តដល់យុវជន ឲ្យលើកតម្កើងដល់តួនាទី និងទំនួលខុសត្រូវដ៏ទេវភាពរបស់ពួកគេ នៅក្នុងក្រុមគ្រួសារក្នុងពេលអនាគតរបស់ពួកគេ ?
-
តើអ្នករាល់គ្នា—ទាំងបុរស និងស្ត្រី—អាចធ្វើអ្វីនៅពេលឥឡូវនេះ ដើម្បីរៀបចំកាន់តែប្រសើរ ដើម្បីដឹកនាំក្រុមគ្រួសារក្នុងពេលអនាគតរបស់អ្នក ?
ម៉ាថាយ ២:១៣–១៦; ធីម៉ូថេ ទី១ ៥:៨; គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៥:២៨; ៨៣:២, ៤
ឪពុកត្រូវផ្គត់ផ្គង់ និងការពារក្រុមគ្រួសាររបស់ពួកគេ
សូមសុំសិស្សឲ្យអាន ធីម៉ូថេ ទី១ ៥:៨ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៥:២៨; ៨៣:២, ៤ ហើយរកមើលកាតព្វកិច្ចដ៏សំខាន់មួយទៀតរបស់ឪពុកទាំងឡាយ ។ ( អ្នកអាចផ្ដល់យោបល់ឲ្យសិស្សធ្វើសេចក្ដីយោងវគ្គបទគម្ពីរទាំងនេះ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់រំពឹងឲ្យឪពុកផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិតដល់ក្រុមគ្រួសាររបស់ពួកគេ ? ( ពេលសិស្សឆ្លើយតប សូមចង្អុលបង្ហាញថា នៅក្នុងផ្ទះដែលមានតែម្ដាយ នោះម្ដាយអាចផ្គត់ផ្គង់សម្រាប់ក្រុមគ្រួសារគាត់ ) ។
-
តើវគ្គនេះអាចមានអត្ថន័យដូចម្ដេច សម្រាប់យុវជនម្នាក់ដែលមិនទាន់រៀបការ ?
សូមសុំសិស្សឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដែលថ្លែងដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ៖
« ចូរខំប្រឹងស្វែងរកការអប់រំ ។ ចូរទទួលការបំពាក់បំប៉នទាំងអស់ដែលអ្នកអាចទទួលបាន ។ ពិភពលោកនេះនឹងបង់ថ្លៃដល់អ្នកនូវអ្វីដែលវាគិតថា អ្នកមានតម្លៃ ។ … វាគឺជាកាតព្វកិច្ចដ៏ចម្បងរបស់អ្នក ក្នុងការផ្គត់ផ្គង់ក្រុមគ្រួសាររបស់អ្នក » ( “Living Worthy of the Girl You Will Someday Marry,” Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៥០ ) ។
សូមសង្កត់ធ្ងន់ដល់សិស្សថា សម្រាប់ជាសុវត្ថិភាពទៅថ្ងៃអនាគតសម្រាប់ក្រុមគ្រួសាររបស់អ្នក វាសំខាន់ខ្លាំងណាស់សម្រាប់ទាំងយុវជន និងយុវនារី ក្នុងការទាញយកប្រយោជន៍ក្នុងពេលនេះក្នុងជីវិតរបស់ពួកគេ ដើម្បីទទួលបានការអប់រំ និងការបំពាក់បំប៉នការងារឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។
សូមចង្អុលបង្ហាញថា នៅក្នុងការប្រកាសអំពីក្រុមគ្រួសារ ថ្នាក់ដឹកនាំសាសនាចក្របានបង្រៀនថា ឪពុកត្រូវផ្គត់ផ្គង់ និងការពារក្រុមគ្រួសាររបស់ពួកគេ ។
-
តើអ្វីខ្លះជាគ្រោះថ្នាក់ដែលគំរាមកំហែងដល់ក្រុមគ្រួសារនៅសព្វថ្ងៃនេះ ?
-
តើអ្នកធ្លាប់ឃើញឪពុកសុចរិតការពារក្រុមគ្រួសាររបស់ពួកគេដែរឬទេ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដែលថ្លែងដោយប្រធាន ហាវើដ ដបុលយូ ហឹនធើរ ហើយសុំសិស្សម្នាក់ឲ្យអានវាឮៗ ៖
« ឪពុកសុចរិតម្នាក់ការពារកូនៗរបស់គាត់ ដោយចំណាយពេលវេលា និងវត្តមានរបស់គាត់ នៅក្នុងសកម្មភាព និងទំនួលខុសត្រូវខាងសង្គម ខាងអប់រំ និងខាងវិញ្ញាណទាំងឡាយរបស់ពួកគេ » ( “Being a Righteous Husband and Father,” Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥១ ) ។
-
តើអ្នកអាចអនុវត្តដំបូន្មាននេះនៅក្នុងក្រុមគ្រួសារក្នុងពេលអនាគត ឬនៅក្នុងក្រុមគ្រួសារឥឡូវនេះរបស់អ្នក ដោយរបៀបណាដែរ ?
សូមអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលពួកគេព្យាយាមពង្រឹង និងការពារដល់ក្រុមគ្រួសាររបស់ពួកគេ ហើយបន្ទាប់មកកត់ត្រាចំណាប់អារម្មណ៍របស់ពួកគេ ។
សូមពន្យល់ថា យើងអាចរៀនពីគោលការណ៍ដ៏សំខាន់មួយពីការខ្វល់ខ្វាយរបស់យ៉ូសែប ចំពោះព្រះយេស៊ូវដ៏ក្មេងខ្ចី ។ សូមសុំសិស្សឲ្យអាន ម៉ាថាយ ២:១៣–១៦ ដោយរកមើលអ្វីដែលយ៉ូសែបបានធ្វើ ដើម្បីការពារព្រះគ្រីស្ទជាកូន ពីគ្រោះថ្នាក់ ។
សូមប្រាប់សិស្សថា ថ្វីបើពួកគេមិនទំនងជានឹងត្រូវផ្លាស់ប្ដូរទីលំនៅ ដើម្បីការពារក្រុមគ្រួសាររបស់ខ្លួនក្ដី ក៏ពួកគេអាចប្រៀបប្រដូច និងអនុវត្តខទាំងនេះទៅនឹងខ្លួនពួកគេ ដោយវិភាគនូវព័ត៌មានពិស្តារសំខាន់ៗ ៖
-
តើព្រះអម្ចាស់បានមានបន្ទូលអ្វី ទៅកាន់យ៉ូសែប នៅក្នុង ខ ១៣ ?
-
តើពេលណា ហើយដោយរបៀបណា ដែលយ៉ូសែបបានឆ្លើយតបទៅកាន់ការព្រមាននេះ ?
-
តើនៅក្នុងរបៀបណាខ្លះ ដែលឪពុកអាចធ្វើតាមគំរូរបស់យ៉ូសែប នៅក្នុងការការពារក្រុមគ្រួសាររបស់ពួកគេ ? ( សូមប្រាកដថា សិស្សយល់ពីគោលការណ៍តទៅនេះ ៖ ពេលឪពុកព្យាយាម និងធ្វើតាមការដឹកនាំពីព្រះអម្ចាស់ ពួកគេអាចការពារក្រុមគ្រួសាររបស់ពួកគេបានកាន់តែល្អ ) ។
បុរស និងស្ត្រីគប្បីបំពេញតាមផែនការរបស់ព្រះអម្ចាស់
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« បើអ្នកជាយុវជនដែលមានអាយុសមរម្យ ហើយមិនទាន់រៀបការ ចូរកុំចំណាយពេលឥតប្រយោជន៍ក្នុងការតាមរកអ្វីដែលឥតប្រយោជន៍ ។ ចូរធ្វើឲ្យជីវិតចម្រើនឡើង ហើយផ្ដោតលើការរៀបការ ។ កុំចេះតែរស់នៅដោយមិនប្រឹងប្រែងដើម្បីភាពរីកចម្រើននៅក្នុងជីវិតនេះ ។ យុវជនអើយ ចូរបម្រើបេសកកម្មដោយសក្ដិសម ។ បន្ទាប់មក ចូរដាក់អាទិភាពខ្ពស់បំផុតរបស់អ្នកក្នុងការស្វែងរកដៃគូដ៏សក្ដិសម និងអស់កល្បជានិច្ចម្នាក់ ។ …
« … អាពាហ៍ពិពាហ៍ផ្ដល់នូវឥរិយាបទដ៏វិសេសវិសាលមួយ ដើម្បីឈ្នះលើការទោរទន់ទៅរកភាពអាត្មានិយម ឬការផ្ដោតតែពីខ្លួនឯង ។ ខ្ញុំគិតថា មូលហេតុមួយក្នុងចំណោមនេះ ដែលយើងត្រូវបានទូន្មានឲ្យរៀបការឆាប់ៗនៅក្នុងជីវិត គឺដើម្បីចៀសវាងពីការបង្កើតនូវចរិតលក្ខណៈមិនសមរម្យ ដែលពិបាកនឹងកែប្រែ » ( “The Eternal Blessings of Marriage,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៥–៩៧ ) ។
-
នៅក្នុងពិភពលោកសព្វថ្ងៃនេះ តើមានសម្ពាធអ្វីខ្លះ សម្រាប់យុវជន និងយុវនារី ក្នុងការពន្យាពេលក្នុងការរៀបការ ?
-
ហេតុអ្វីមារសត្រូវព្យាយាមទាក់ទាងយុវជន និងយុវនារីឲ្យងាកចេញពីការតាមរកទំនាក់ទំនងដែលអាចដឹកនាំទៅកាន់ការរៀបការ និងបង្កើតកូន ?
-
តើអ្នកគិតថា ហេតុអ្វីថ្នាក់ដឹកនាំសាសនាចក្រផ្ដល់ដំបូន្មានជានិច្ចដល់យុវជន ឲ្យស្វែងរកយ៉ាងសកម្មនូវទំនាក់ទំនងដែលអាចដឹកនាំទៅកាន់ការរៀបការ ?
( កំណត់ចំណាំ ៖ អំឡុងពេលនៃការពិភាក្សានេះ សូមយោគយល់ពីការពិតដែលថា យុវជនខ្លះនៅក្នុងថ្នាក់របស់អ្នកប្រហែលជាមិនដែលរៀបការ ឬក្លាយជាឪពុកឡើយ ដោយសារកាលៈទេសៈទាំងឡាយដែលហួសពីការគ្រប់គ្រងរបស់ពួកគេ ) ។
កាលដែលអ្នកបញ្ចប់ សូមគិតអំពីកាលៈទេសៈទាំងឡាយរបស់សិស្សអ្នក ។ តើអ្នកអាចអញ្ជើញសិស្សប្រុសៗរបស់អ្នក ឲ្យបំពេញកាតព្វកិច្ចរបស់ពួកគេអ្វីខ្លះ ដើម្បីក្លាយជាស្វាមី និងឪពុកដ៏សុចរិត ? អ្នកអាចអញ្ជើញសិស្សទាំងអស់របស់អ្នក ឲ្យផ្ដោតលើការអភិវឌ្ឍគុណតម្លៃដូចព្រះគ្រីស្ទមួយដ៏ជាក់លាក់ ដូចជាការអត់ធ្មត់ ឬការបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃ ដែលនឹងជាប្រយោជន៍ដល់ក្រុមគ្រួសាររបស់ពួកគេ ។
ការអានរបស់សិស្ស
-
ម៉ាថាយ ២:១៣–១៦; អេភេសូរ ៥:២៣, ២៥; ធីម៉ូថេ ទី១ ៥:៨; គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៥:២៨; ៨៣:២, ៤; ១២១:៣៦–៤៦ ។
-
ឌី ថត គ្រីស្តូហ្វឺសិន “Let Us Be Men,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៤៦–៤៨ ។