មេរៀនទី ២៥
ការអនុវត្តសេចក្ដីជំនឿនៅក្នុងកាលៈទេសៈក្រុមគ្រួសារដ៏លំបាក
សេចក្ដីផ្ដើម
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បានចែងថា « ពិការភាព មរណភាព ឬ កាលៈទេសៈផ្សេងៗទៀតនៃ [ គ្រួសារ ] អាចនឹងត្រូវសម្របទៅតាមស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ ។ ញាតិសន្ដាន ក្រុមគ្រួសារ គួរតែជួយគាំទ្រ នៅពេលមានសេចក្ដីត្រូវការ » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ នៅពេលកាលៈទេសៈលំបាកកើតឡើង ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងផ្ដល់នូវទស្សនវិស័យ និងកម្លាំងដើម្បីធ្វើឲ្យមានការសម្របតាមចាំបាច់នានា ។
ការអានពីសាវតា
-
ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality »Ensignខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ។
-
“Strengthening the Family: Adapting to Circumstances,”Ensign ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៣៤–៣៥ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី ១ ១៦:៣៤–៣៩; ១៧:១–៤
ការសម្របតាមកាលៈទេសៈក្រុមគ្រួសារដែលកំពុងជួបឧបសគ្គ
សូមចាប់ផ្ដើមបង្រៀនដោយការពន្យល់ថា ថ្នាក់ដឹកនាំសាសនាចក្រជាទូទៅបង្រៀនដល់យើង ពីរបៀបដើម្បីសម្រេចឲ្យបាន និង រក្សាការណ៍ដ៏វិសេស —រួមមាននូវអាពាហ៍ពិពាហ៍ និងគ្រួសារដ៏វិសេសវិសាល ។ ប៉ុន្ដែនៅក្នុងឧទាហរណ៍ខ្លះ កាលៈទេសៈជីវិតរារាំងយើងមិនឲ្យសម្រេចបាននូវការណ៍ដ៏វិសេសនោះ ។ សូមឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« តាមរយៈដំណឹងល្អដែលបានស្ដារឡើងវិញ នោះយើងរៀនថា មាននូវ គ្រួសារដ៏វិសេសវិសាលមួយ ។ វាគឺជាក្រុមគ្រួសារមួយ ដែលមានអ្នកកាន់បព្វជិតភាពមីលគីស្សាដែកដ៏សុចរិតម្នាក់ រួមជាមួយនឹងភរិយាដ៏សុចរិតម្នាក់ ដែលបានផ្សារភ្ជាប់ជាមួយនឹងគាត់ ហើយកូនចៅកើតមកនៅក្នុងសេចក្ដីសញ្ញា ឬបានផ្សារភ្ជាប់ទៅនឹងពួកគេ ។ ដោយមានម្ដាយម្នាក់នៅក្នុងផ្ទះ នៅក្នុងបរិយាកាសនៃក្ដីស្រឡាញ់ និងការបម្រើ ឪពុកម្ដាយបង្រៀនកូនចៅរបស់ពួកគេ តាមរយៈគំរូ និងសិក្ខាបទ ដែលជាផ្លូវរបស់ព្រះអម្ចាស់ និងសេចក្ដីពិតរបស់ទ្រង់ ។ ពួកគេបំពេញតាមតួនាទីដែលត្រូវបានតែងតាំងឡើងដោយអាទិទេពរបស់ពួកគេ ដែលត្រូវបានលើកឡើងនៅក្នុងការប្រកាសអំពីក្រុមគ្រួសារ ។ កូនចៅរបស់ពួកគេ ធំធាត់ឡើងដោយរស់នៅតាមការបង្រៀន ដែលបានបណ្ដុះតាំងពីកំណើតមក ។ ពួកគេអភិវឌ្ឍចរិតលក្ខណៈទាំងឡាយនៃការគោរពតាម សេចក្ដីសុចរិត សេចក្ដីស្រឡាញ់ដល់ព្រះ និងសេចក្ដីជំនឿលើផែនការដ៏បរិសុទ្ធរបស់ទ្រង់ » ( “First Things First,”Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧ ) ។
-
តើហេតុការណ៍ ឬកាលៈទេសៈណាខ្លះ ដែលអាចរារាំងយើង យ៉ាងហោចណាស់មួយគ្រា មិនឲ្យសម្រេចបាននូវស្ថានភាពគ្រួសារដ៏វិសេសវិសាលមួយបាន ? ( ចម្លើយអាចរួមមានដូចតទៅនេះ ៖ មរណភាព ពិការភាព ការលែងលះ អសមត្ថភាពក្នុងការមានកូន ការបាត់បង់ការងារ និងឪពុកម្ដាយដែលធ្វើការងារច្រើន ) ។
-
សូមឲ្យសិស្សស្រាវជ្រាវក្នុងកថាខណ្ឌទីប្រាំពីរ នៃការប្រកាសអំពីក្រុមគ្រួសារ រកមើលអ្វីដែល ព្រះវរបិតាសួគ៌រំពឹងចង់ឲ្យយើងធ្វើ ប្រសិនបើស្ថានភាពគ្រួសាររបស់យើងមិនវិសេសទេនោះ ៖
« ពិការភាព មរណភាព ឬ កាលៈទេសៈផ្សេងៗទៀត អាចនឹងត្រូវសម្របទៅតាមស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ ។ ញាតិសន្តានក្រុមគ្រួសារ គួរតែជួយគាំទ្រ នៅពេលមានសេចក្តីត្រូវការ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
បន្ទាប់មក សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ហើយសូមឲ្យសិស្សរកមើលប្រភេទនៃការសម្របតាម ដែលគ្រួសារអាចត្រូវធ្វើ នៅពេលឧបសគ្គកើតមានឡើង ៖
« នៅក្នុងពិភពលោកដ៏វិសេសមួយ មជ្ឈិមវ័យទាំងអស់នឹងរៀបការយ៉ាងរីករាយ អាពាហ៍ពិពាហ៍ទាំងអស់នឹងត្រូវបានប្រទានពរឲ្យមានកូនចៅ ហើយសមាជិកក្រុមគ្រួសារទាំងអស់នឹងមានសុខភាពល្អ ចេះស្ដាប់បង្គាប់ និងគាំទ្រដល់គ្នាទៅវិញទៅមក ។ ប៉ុន្ដែជីវិតនេះ គឺកម្រនឹងវិសេសដូច្នោះណាស់ ។ បុគ្គលម្នាក់ៗ ជួបនឹងការលំបាក ហើយគ្មានការស្នាក់អាស្រ័យក្នុងជីវិតរមែងស្លាប់របស់គ្រួសារណា គ្មានបញ្ហាជានិច្ចនោះទេ ។ …
« ជំងឺ ពិការភាព មរណភាព ការលែងលះ និងកត្តារំខានផ្សេងទៀត អាចបង្កើតឲ្យមានឧបសគ្គឡើង ។ នៅក្នុងស្ថានភាពបែបនោះ តួនាទីនៃ ‹ ការសម្របទៅតាមបុគ្គលម្នាក់ៗ › អាចជាការចាំបាច់ ។ ឪពុកអាចត្រូវទទួលយកការងារផ្ទះបន្ថែមទៀត ហើយបន្ដថែទាំទំនួលខុសត្រូវនានា ឬម្ដាយដែលជាអ្នកចាត់ចែងផ្ទះពេញម៉ោងនោះ អាចត្រូវទៅធ្វើការវិញ ។ សូម្បីតែកូនចៅក៏អាចត្រូវទទួលយកទំនួលខុសត្រូវថ្មីផងដែរ ។
« នៅពេលហេតុការណ៍ដែលមិនអាចដោះស្រាយបាននេះកើតឡើង សមាជិកញាតិសន្ដានគ្រួសារក៏អាចត្រូវជួយដែរ ។ ការគាំទ្រអាចរាប់ពីការផ្ដល់ជំនួយខាងហិរញ្ញវត្ថុ ទៅការចំណាយពេលវេលាជួយមើលកូនៗ ជួយការងារចង្ក្រានជើងឆ្នាំង ឬជួយថែទាំអ្នកឈឺ ឬសមាជិកគ្រួសារដែលពិការ ។ កម្រិតនៃការរួមចំណែកការចូលរួមរបស់ញាតិសន្ដានគ្រួសារ អាស្រ័យលើស្ថានភាពនោះ និងតម្រូវការរបស់គ្រួសារ » ( « Strengthening the Family: Adapting to Circumstances,”Ensign ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៣៤–៣៥ ។
-
តើការសម្របណាខ្លះ ដែលគ្រួសារ ឬបុគ្គលទាំងឡាយអាចត្រូវធ្វើ នៅពេលឧបសគ្គនានាកើតឡើង ?
-
តើមានរឿងអ្វីខ្លះ ដែលអ្នកបានឃើញគ្រួសារ ឬបុគ្គលទាំងឡាយធ្វើ ដើម្បីសម្រប និងបន្ដនៅរឹងមាំ នៅពេលប្រឈមមុខនឹងស្ថានភាពពិបាក ឬរំខាននោះ ?
-
តើនៅពេលណាដែលអ្នកបានឃើញ សមាជិកញាតិសន្ដានគ្រួសារ ផ្ដល់ជំនួយនៅពេលដែលត្រូវការ ?
សូមអញ្ជើញឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ មើរិល ជេ ប៊ែតមែន នៃពួកចិតសិបនាក់ ។ សូមសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវអ្វីដែលអែលឌើរ ប៊ែតមែន មានប្រសាសន៍ថានឹងអាចជួយដល់ក្រុមគ្រួសារ ដែលប្រឈមមុខនឹងកាលៈទេសៈពិបាក ។
« ការសាកល្បង និងទុក្ខព្រួយមានទម្រង់ជាច្រើន ៖ មរណភាពនៃមនុស្សជាទីស្រឡាញ់ម្នាក់ អាពាហ៍ពិពាហ៍ដែលខុសពីអ្វីដែលបានរំពឹងទុក មិនបានរៀបការ ការលែងលះ កូនកើតមកពិការ គ្មានកូន បាត់បង់ការងារ ឪពុកម្ដាយដែលប្រព្រឹត្តខុស កូនប្រុស ឬស្រីដែលចចេសរឹងរូស សុខភាពមិនល្អ ។ បញ្ជីនេះនឹងមិនចេះចប់មិនចេះហើយទេ ។ ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានការខកចិត្ត ការឈឺចាប់ ការរងទុក្ខ និងមរណភាពនៅក្នុងផែនការរបស់ទ្រង់យ៉ាងដូច្នេះ ? …
« ការយល់ដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ អំពីជីវិតមុនជីវិតរមែងស្លាប់នេះ អំពីជីវិតនៅលើផែនដី និងជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ផ្ដល់នូវទស្សនវិស័យ » ( “Living a Christ-Centered Life,”Ensign ខែ មករា ឆ្នាំ ១៩៩៩ ទំព័រ ១៣ ) ។
-
តើការយល់ដឹងពីផែនការរបស់ព្រះ រៀបចំគ្រួសារ ឲ្យប្រឈមមុខនឹងឧបសគ្គទាំងឡាយដោយរបៀបណា ? ( សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្តារខៀន ៖ ការយល់ដឹងពីផែនការរបស់ព្រះ អនុញ្ញាតឲ្យគ្រួសារប្រឈមមុខនឹងឧបសគ្គក្នុងលោកនេះ ដោយមានសេចក្ដីជំនឿដ៏កើនឡើង និងមានទស្សនវិស័យដ៏អស់កល្បមួយ ) ។
-
តើទស្សនវិស័យមួយនៃដំណឹងល្អ អាចផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាដល់យើង ឲ្យធ្វើការសម្របតាម ឬក៏ទទួលយកទំនួលខុសត្រូវថ្មីនៅក្នុងគ្រួសាររបស់យើង នៅពេលចាំបាច់ដោយរបៀបណា ?
សូមសួរដល់សិស្សបើសិនជាពួកគេអាចគិតអំពីគ្រួសារណាមួយនៅក្នុងព្រះគម្ពីរ ដែលបានប្រឈមមុខនឹងឧបសគ្គ ហើយបានទទួលជំនួយមកពីសួគ៌ា ឲ្យយកឈ្នះ ឬតស៊ូនឹងឧបសគ្គទាំងនោះ ។ សូមរំឭកសិស្សពីគ្រួសាររបស់លីហៃ និងអ៊ីសម៉ាអែល ដែលបានធ្វើដំណើរឆ្លងកាត់ទីរហោស្ថានដ៏កណ្ដោចកណ្ដែង បន្ទាប់ពីពួកគេបានចាកចេញពីទីក្រុងយេរូសាឡិម ។ សូមឲ្យសិស្សគិតអំពីឧបសគ្គខ្លះដែលគ្រួសារទាំងនេះអាចបានជួបប្រទះនៅពេលពួកគេធ្វើដំណើរ ឆ្ពោះទៅកាន់ដែនដីសន្យា ហើយបន្ទាប់មក សូមចែកចាយគំនិតរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។
សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានពី នីហ្វៃទី ១ ១៦:៣៤–៣៩ និង ១៧:១–៤ ឮៗ ។ សូមសុំឲ្យសិស្សស្ដាប់រកគំរូ អំពីភាពខុសគ្នានៃរបៀបដែលសមាជិកគ្រួសាររបស់លីហៃ និងអ៊ីសម៉ាអែល បានឆ្លើយតបទៅនឹងឧបសគ្គដែលពួកគេបានជួបប្រទះ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាសមាជិកខ្លះនៃគ្រួសាររបស់លីហៃ និងអ៊ីសម៉ាអែល អាចខ្ជាប់ខ្ជួននឹងសេចក្ដីជំនឿ និងទុកចិត្តលើព្រះបាន ខណៈដែលអ្នកផ្សេងទៀតបានរអ៊ូរទាំ ដោយសារតែការលំបាករបស់ពួកគេនោះ ?
-
តើអ្នកបានឃើញចំណេះដឹង និងទីបន្ទាល់មួយនៃដំណឹងល្អ ប្រទានពរដល់គ្រួសារដែលជួបនឹងឧបសគ្គដោយរបៀបណា ?
ដូចដែលបានបំផុសគំនិតពីព្រះវិញ្ញាណ និងតម្រូវការនៃសិស្សរបស់អ្នក អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ពេញមួយជីវិតរបស់អ្នកនៅលើផែនដី សូមព្យាយាមបំពេញគោលបំណងគ្រឹះនៃជីវិតនេះ តាមរយៈគ្រួសារដ៏ឥតខ្ចោះមួយ ។ នៅពេលដែលអ្នកមិនទាន់ឈានដល់ភាពឥតខ្ចោះនោះទេ សូមធ្វើអ្វីទំាងអស់ ដែលអ្នកអាចធ្វើបាន តាមរយៈការគោរពតាម និងការមានជំនឿលើព្រះអម្ចាស់ ដើម្បីខិតកាន់តែជិតវាជានិច្ច តាមដែលអ្នកអាចធ្វើទៅបាន ។ សូមកុំឲ្យមានអ្វីញុះញុងអ្នកចេញពីទិសដៅនោះឡើយ ។ … សូមកុំធ្វើអ្វី ដែលនឹងធ្វើឲ្យអ្នកមិនសក្តិសមនឹងបានវាឡើយ ។ បើសិនអ្នកបាត់បង់គោលដៅនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច សូមរំឭកវាឡើងវិញ ។ បើសិនក្តីសុបិន្តរបស់អ្នក តម្រូវឲ្យអ្នកអត់ធ្មត់ នោះសូមផ្តល់ឲ្យវា » (“First Things First,” ទំព័រ ៧ ) ។
សុភាសិត ៣:៥–៦; ម៉ាថាយ ១១:២៨–៣០; ម៉ូសាយ ២៤:៨–១៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧–៨
នៅពេលយើងចូលមកឯព្រះគ្រីស្ទ ទ្រង់នឹងពង្រឹងដល់យើង ។
សូមរំឭកសិស្សអំពីដំណើររឿងនៃព្រះគម្ពីរមរមន ដែលអាលម៉ា និង ប្រជាជនរបស់លោកបានរួចចេញពីកងទ័ពរបស់ស្ដេចណូអេ ពួកគេបានបង្កើតទីក្រុងដ៏សុចរិតមួយ ។ ក្រោយពីរស់នៅក្នុងស្ថានភាពដ៏សុខសាន្ដអស់មួយរយៈ នោះអាលម៉ា និងប្រជាជនរបស់លោកត្រូវបានកងទ័ពរបស់ប្រជាជនលេមិនរកឃើញ ដែលបានដាក់ពួកគេទៅក្នុងសេវកភាព ។ នៅពេលអាលម៉ា និង ប្រជាជនរបស់លោកអនុវត្តសេចក្ដីជំនឿ និងការអត់ធ្មត់ ព្រះអម្ចាស់បានបន្ធូរបន្ទុករបស់ពួកគេ ហើយទីបញ្ចប់បានដោះលែងពួកគេចេញពីសេវកភាព ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអាន ម៉ូសាយ ២៤:៨–១៦ ឮៗ ។ សូមឲ្យសិស្សស្រមៃពីការលំបាក ដែលបានរកឃើញនៅក្នុងខគម្ពីរទាំងនេះ ដែលអាចប៉ះពាល់ដល់គ្រួសាររបស់អាលម៉ា និងប្រជាជនរបស់លោក ។ ( សូមកំណត់ចំណាំថា ការស្រមៃគឺជាជំនាញនៃការសិក្សាព្រះគម្ពីរមួយ ដែលអាចជួយឲ្យដំណើររឿងព្រះគម្ពីរមួយកាន់តែជាក់ច្បាស់ និងពិតប្រាកដដល់អ្នកអាន ) ។ សូមឲ្យសិស្សរកមើលផងដែរ នូវអ្វីដែលអាលម៉ា និងប្រជាជនរបស់លោក បានធ្វើដើម្បីដោះស្រាយនឹងការលំបាករបស់ពួកគេ ។
-
ដោយមានការស្រមៃពីហេតុការណ៍នៃខគម្ពីរទាំងនេះ តើអ្នកគិតថា គ្រួសារទាំងឡាយត្រូវបានប៉ះពាល់ដោយកាលៈទេសៈរបស់គេយ៉ាងដូចម្ដេចខ្លះ ?
-
តើប្រជាជនរបស់អាលម៉ា បានធ្វើអ្វីខ្លះ ដើម្បីទទួលបានជំនួយមកពីព្រះអម្ចាស់ ? ( ទោះបីជាសិស្សអាចរកឃើញគោលការណ៍ដ៏សំខាន់ជាច្រើនក្ដី ក៏សូមសង្កត់ធ្ងន់លើគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿ និងការអត់ធ្មត់នៅក្នុងពេលទុក្ខវេទនារបស់យើង ហើយអំពាវនាវរកព្រះ នោះទ្រង់អាចពង្រឹងយើងឲ្យទ្រាំទ្រនឹងបន្ទុករបស់យើងរួច ដោយងាយជាងមុន ) ។
-
តើអ្នកគិតថា ព្រះអម្ចាស់បានពង្រឹងពួកគេ ដើម្បីឲ្យ « ពួកគេអាចទ្របន្ទុកទាំងឡាយរបស់គេបានដោយងាយ » ដោយរបៀបណា ?
សូមអញ្ជើញឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដែល អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មានប្រសាសន៍អំពីដំណើររឿងរបស់ប្រជាជនរបស់អាលម៉ា ៖
« តើអ្វីត្រូវបានផ្លាស់ប្តូរនៅក្នុងព្រឹត្តិការណ៍នេះ ? វាពុំមែនជាបន្ទុក ដែលបានផ្លាស់ប្តូរនោះទេ រាល់ឧបសគ្គ និង ការទុក្ខលំបាកមកពីការបៀតបៀនទាំងឡាយ ក៏ពុំត្រូវបានដកចេញពីប្រជាជនភ្លាមៗនោះទេ ។ ប៉ុន្តែ អាលម៉ា និង បងប្អូនគាត់ ត្រូវបានចម្រើនកម្លាំង និង ពង្រីកសមត្ថភាព និងកម្លាំងរបស់ពួកគេ ដែលបានធ្វើឲ្យបន្ទុកទាំងឡាយ ដែលពួកគេមានបានស្រាលឡើង ។ ប្រជាជនដ៏ល្អទាំងនេះ ត្រូវបានប្រទានអំណាចឲ្យតាមរយៈដង្វាយធួនដើម្បី ធ្វើ ជាភ្នាក់ងារ និង មានឥទ្ធិពលលើស្ថានភាពរបស់ពួកគេ ។ ហើយ ‹ នៅក្នុងកម្លាំងនៃព្រះអម្ចាស់ › អាលម៉ា និង ប្រជាជនរបស់គាត់ ត្រូវបានដឹកនាំទៅរកសុវត្ថិភាពនៅក្នុងដែនដីសារ៉ាហិមឡា » ( “The Atonement and the Journey of Mortality,”Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤៤ ) ។
-
ហេតុអ្វីបានជាវាសំខាន់ ដើម្បីទទួលស្គាល់ថា ព្រះអម្ចាស់នឹងមិនតែងតែដោះចេញនូវបន្ទុករបស់បុគ្គល និងគ្រួសារ យកឧបសគ្គរបស់យើងចេញ ឬធ្វើឲ្យយើងជួបនឹងបទពិសោធន៍ដ៏វិសេសនោះ ?
-
តើចំណេះដឹងរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ អាចពង្រឹងដល់យើងឲ្យធ្វើសកម្មភាពនៅក្នុងសេចក្ដីជំនឿ នៅពេលយើងប្រឈមមុខនឹងកាលៈទេសៈគ្រួសារដ៏លំបាកតាមរបៀបណា ?
ដើម្បីជួយឆ្លើយនឹងសំណួរនេះ សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ស្ទិវីន អ៊ី ស្នូ នៃពួកចិតសិបនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« សេចក្ដីសង្ឃឹមរបស់យើងនៅក្នុងដង្វាយធួន ពង្រឹងយើងដោយទស្សនវិស័យដ៏អស់កល្ប ។ ទស្សនវិស័យបែបនោះ អនុញ្ញាតឲ្យយើងមើលហួសពីកន្លែងនេះ និងនាពេលឥឡូវនេះ ដោយសម្លឹងទៅរកសេចក្ដីសន្យានៃភាពអស់កល្ប » ( “Hope,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៥៤ ) ។
សូមសរសេរខគម្ពីរយោងខាងក្រោមនេះនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យសិក្សាវគ្គបទគម្ពីរទាំងនេះ ហើយរកមើលសេចក្ដីសន្យាដែលធ្វើឡើងដល់អស់អ្នកដែលស៊ូទ្រាំដោយស្មោះត្រង់ចំពោះការសាកល្បងទាំងឡាយ ។
-
តើការចងចាំពីសេចក្ដីសន្យាទាំងនេះ អាចជួយដល់គ្រួសារដែលកំពុងជួបប្រទះនឹងឧបសគ្គដោយរបៀបណា ?
នៅពេលអ្នកបញ្ចប់ សូមឲ្យសិស្សគិតពីគ្រាមួយ ដែលគ្រួសាររបស់ពួកគេត្រូវបានពង្រឹងដោយសេចក្ដីជំនឿលើព្រះទោះជាមានការលំបាកក្ដី ឬត្រូវបានប្រទានពរ ដោយសារតែចំណេះដឹងរបស់ពួកគេអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សណាដែលមានអារម្មណ៍បំផុសគំនិត ធ្វើតាមការបំផុសនោះ ដោយចែកចាយបទពិសោធន៍ដ៏សមរម្យជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមលើកទឹកចិត្តដល់សិស្សឲ្យសរសេរទីបន្ទាល់របស់ពួកគេ អំពីរបៀបដែលព្រះអាចប្រទានពរ និងពង្រឹងដល់គ្រួសារទាំងឡាយ នៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនមួយ ។
ការអានរបស់សិស្ស
-
សុភាសិត ៣:៥–៦; ម៉ាថាយ ១១:២៨–៣០; នីហ្វៃទី ១ ១៦:៣៤–៣៩; ១៧:១–៤; ម៉ូសាយ ២៤:៨–១៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧–៨ ។
-
“Strengthening the Family: Adapting to Circumstances,”Ensign ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៣៤–៣៥ ។