មេរៀនទី ១០
តួនាទី និងទំនួលខុសត្រូវដ៏ទេវភាពរបស់ស្ត្រី
សេចក្ដីផ្ដើម
ជាផ្នែកដ៏សំខាន់មួយនៃផែនការនៃសុភមង្គលរបស់ទ្រង់ ព្រះវរបិតាសួគ៌បានប្រទានដល់ស្ត្រីនូវតួនាទីដ៏ទេវភាពនៃការក្លាយជាភរិយា និងជាម្ដាយ ។ « ក្រុមគ្រួសារ៖ ការប្រកាសដល់ពិភពលោក » បង្រៀនថា « ម្ដាយមានភារកិច្ចសំខាន់ ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន » ហើយថា ឪពុក និងម្ដាយគឺត្រូវ « ជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
ការអានពីសាវតា
-
ឌៀថើរ អេស្វ អុជដូហ្វ “The Influence of Righteous Women,” Ensign ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៥-៩ ។
-
“Understand the Divine Roles of Women,” Ensign ខែ កុម្ភៈ ឆ្នាំ ២០០៩ ទំព័រ ៦៧ ។
-
“The Women of the Church,” ជំពូកទី ២០ ក្នុង Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០០៦ ) ទំព័រ ២១៤–២៥ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១-៣, ១០, ១៣-១៦
ឥទ្ធិពលដ៏អស្ចារ្យរបស់ស្ត្រីដ៏សុចរិតនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅក្នុងថ្ងៃចុងក្រោយនេះ
សូមបង្ហាញការព្យាករខាងក្រោមនេះ ដែលបានព្យាករដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ហើយសុំសិស្សម្នាក់ឲ្យអានវាឮៗ ៖
« ការលូតលាស់ដ៏ចម្បងនឹងកើតឡើងនៅក្នុងសាសនាចក្រក្នុងសម័យចុងក្រោយ ដោយសារតែស្ត្រីដ៏ល្អជាច្រើននៅក្នុងពិភពលោកនេះ … នឹងចូលមកក្នុងសាសនាចក្រក្នុងចំនួនយ៉ាងច្រើន ។ ការណ៍នេះនឹងកើតឡើង ដល់កម្រិតមួយដែលពួកស្ត្រីនៃសាសនាចក្រទាំងឡាយ ជាអ្នកឆ្លុះបញ្ចាំងពីសេចក្ដីសុចរិត និងភាពប៉ិនប្រសប់ជាក់ច្បាស់នៅក្នុងជីវិតរបស់ពួកគេ ហើយដល់កម្រិតមួយដែលស្ដ្រីនៃសាសនាចក្រត្រូវបានគេឃើញថា ដោយឡែកពីគេ និងខុសប្លែកពីគេ—ក្នុងរបៀបដែលសប្បាយ—ខុសពីស្ដ្រីនៃពិភពលោកនេះ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ២២២–២៣ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាស្ត្រីដ៏សុចរិតនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នឹងក្លាយជាមូលហេតុនៃការលូតលាស់ដ៏ចម្បងនៅក្នុងសាសនាចក្រនេះ ?
ដើម្បីពង្រីកគំនិតនេះ សុំឲ្យសិស្សមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១–៣, ១០, ១៣–១៦ ដោយរកមើលពាក្យ ឬឃ្លានានាដែលបង្ហាញថា ស្ត្រីនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អាចមានភាព « ដោយឡែកពីគេ និង ខុសប្លែកពីគេ » ដោយរីករាយ ខុសពីស្ត្រីឯទៀតនៅក្នុងពិភពលោកនេះ ។ សូមជួយសិស្សយល់ពីបរិបទនៃវិវរណៈនេះ ដោយពន្យល់ថា វាជាវិវរណៈផ្ទាល់ខ្លួន សម្រាប់អិមម៉ា ស្ម៊ីធ ប៉ុន្តែវាអាចអនុវត្តបានសម្រាប់ស្ត្រីទាំងអស់នៅក្នុងសាសនាចក្រ ។
-
តើយើងអាចរៀនអ្វីខ្លះ មកពីខទាំងនេះ អំពីលក្ខណៈទាំងឡាយដែលស្ត្រីដ៏សុចរិតគប្បីព្យាយាមមាន ?
-
តើអ្នកនឹងថ្លែងពីគោលលទ្ធិ ឬគោលការណ៍មួយដែលបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥ យ៉ាងដូចម្ដេច ? ( ពេលសិស្សឆ្លើយតប សូមចង្អុលបង្ហាញពីគោលការណ៍នេះ ៖ ក្នុងនាមជាសិស្សរបស់ព្រះអម្ចាស់ ស្ត្រីអាចប្រើប្រាស់អំណោយទានដ៏ទេវភាព និងទេពកោសល្យរបស់ខ្លួន ដើម្បីជួយស្ថាបនានគរព្រះ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដែលថ្លែងដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល និងដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការក្លាយជាស្ត្រីដ៏សុចរិត គឺជាអ្វីមួយដ៏មានសិរីរុងរឿងនៅគ្រប់ជំនាន់ទាំងអស់ ។ ការក្លាយជាស្ត្រីដ៏សុចរិតម្នាក់នៅអំឡុងពេលវឹកវរនៅលើផែនដី គឺពីមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ គឺជាការហៅដ៏ថ្លៃថ្នូរជាពិសេស ។ កម្លាំង និងឥទ្ធិពលរបស់ស្ត្រីដ៏សុចរិតនៅសព្វថ្ងៃនេះ អាចគុណនឹងដប់នៃអ្វីដែលវាមានក្នុងគ្រាដ៏សុខសាន្ត » ( Teachings: Spencer W. Kimball ទំព័រ ២១៧ ) ។
បងប្អូនស្ត្រីអើយ សមត្ថភាពរបស់អ្នកដើម្បីជះឥទ្ធិពល គឺជាសមត្ថភាពដ៏ពិសេសមួយ—ជាសមត្ថភាពមួយដែលបុរសមិនអាចធ្វើដូចបានឡើយ ។ គ្មាននរណាម្នាក់អាចគាំទ្រព្រះអង្គសង្គ្រោះរបស់យើងជាមួយនឹងការបញ្ចុះបញ្ចូល ឬអំណាចខ្លាំងជាងអ្នកបានឡើយ ឱបុត្រីនៃព្រះអើយ—អ្នកគឺជាមនុស្សដែលមានកម្លាំង និងការបញ្ចុះបញ្ចូលបែបនោះនៅក្នុងខ្លួនអ្នក ។ អំណាចនៃសំឡេងរបស់ស្ត្រីដែលបានប្រែចិត្តជឿម្នាក់ គឺមិនអាចវាស់បាន ហើយសាសនាចក្រត្រូវការសំឡេងរបស់អ្នកឥឡូវនេះ ជាងពេលណាណាទាំងអស់ » ( អិម រ័សុល បាឡឺដ “Men and Women and Priesthood Power,” Ensign ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៣៣ ) ។
សូមសួរស្ត្រីក្នុងថ្នាក់អ្នកថា ពួកគេមានគំនិត និងអារម្មណ៍ដូចម្ដេចខ្លះ ពេលដែលពួកគេពិចារណាពីឥទ្ធិពលដែលពួកគេអាចមាននៅក្នុងគេហដ្ឋានរបស់ពួកគេ នៅក្នុងសាសនាចក្រ និងនៅក្នុងសហគមន៍របស់ពួកគេ ។ សូមសង្កត់បញ្ជាក់ពីតួនាទីដ៏លេចធ្លោ ដែលស្ត្រីមាននៅក្នុងសាសនាចក្រ ។
អ្នកអាចសុំបងប្អូនបុរសនៅក្នុងថ្នាក់របស់អ្នក ឲ្យចែកចាយថា ពួកគេបានឃើញពីកម្លាំង និងឥទ្ធិពលរបស់ស្ត្រីនៅក្នុងវួដ ឬសាខារបស់ពួកគេ នាំឲ្យបុគ្គលទាំងឡាយខិតទៅជិតព្រះវរបិតាសួគ៌យ៉ាងណា ។
ធីម៉ូថេ ទី២ ១:៥; ៣:១៤–១៥; អាលម៉ា ៥៦:៤៧–៤៨; ៥៧:២១
តួនាទីដែលបានតែងតាំងដ៏ទេវភាពរបស់ស្ត្រី ក្នុងនាមជាម្ដាយនៅក្នុងក្រុងស៊ីយ៉ូន
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដែលថ្លែងដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« បុរស និង ស្ត្រីមានអំណោយទានផ្សេងពីគ្នា កម្លាំងខុសគ្នា និងទស្សនៈនៃការយល់ដឹង និងទំនោរចិត្តខុសគ្នា ។ នោះហើយដែលជាហេតុផលសំខាន់មួយដែលយើងត្រូវការគ្នាទៅវិញទៅមក ។ វាត្រូវការបុរសម្នាក់ និងស្ត្រីម្នាក់ដើម្បីបង្កើតគ្រួសារមួយ ហើយវាត្រូវការបុរស និងស្ត្រីជាច្រើនដើម្បីសម្រេចបាននូវកិច្ចការរបស់ព្រះអម្ចាស់ » ( “Men and Women and Priesthood Power,” ទំព័រ ៣២ ) ។
-
ក្រៅពីភាពខុសគ្នាដែលឃើញជាក់ស្ដែង តើមានរបៀបមួយចំនួនទៀតណាខ្លះ ដែលអ្នកបានសង្កេតឃើញថា បុរស និងស្ត្រីមានភាពខុសពីគ្នាជាទូទៅ ?
សូមពន្យល់ថា ក្រៅពីភាពខុសគ្នាជាទូទៅទាំងនេះ បុរស និងស្ត្រីក៏មាននូវតួនាទីដ៏ទេវភាពដែលត្រូវបានតែងតាំងខុសពីគ្នា ដូចដែលមានពិពណ៌នានៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( សូមមើលកថាខណ្ឌទីប្រាំពីរ ) ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« បងប្អូនស្រី អ្នកត្រូវបានជ្រើសរើសតាំងពីមុនបង្កើតពិភពលោក ដើម្បីបង្កើត ហើយមើលថែកូនចៅព្រះ ហើយពេលធ្វើដូច្នោះ អ្នកផ្ដល់សិរីល្អដល់ព្រះ ( សូមមើល គ. និង ស. ១៣២:៦៣ ) » ( “What Will You Choose?” Ensign ខែ មករា ឆ្នាំ ២០១៥ ទំព័រ ១៩ ) ។
-
តើស្ត្រីអាចផ្ដល់សិរីល្អដល់ព្រះ ពេលពួកគេបង្កើត និងមើលថែកូនចៅរបស់ព្រះ ដោយរបៀបណា ? ( ពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមជួយពួកគេឲ្យយល់គោលការណ៍នេះ ៖ ពេលស្ត្រីឱបក្រសោបតួនាទីដ៏ទេវភាពដែលត្រូវបានតែងតាំងដល់ពួកគេ ពេលដែលម្ដាយបង្កើត និងមើលថែកូនចៅរបស់ព្រះ នោះពួកគេផ្ដល់សិរីល្អដល់ទ្រង់ និងក្លាយកាន់តែដូចជាព្រះវរបិតាព្រះមាតាសួគ៌របស់យើងខ្លាំងជាងមុន ។ សូមពន្យល់ថា ការនាំកូនចៅមកក្នុងពិភពលោកនេះ គឺជាផ្នែកមួយដ៏ចាំបាច់នៃផែនការសង្រ្គោះរបស់ព្រះវរបិតាសួគ៌ ) ។
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សំឡេងជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ ពង្វាងនូវសារៈសំខាន់ក្នុងការមានកូន ឬក៏ប្រាប់ថា វាជាការត្រឹមត្រូវក្នុងការពន្យាពេល ឬកំណត់ចំនួនកូននៅក្នុងក្រុមគ្រួសារ ។ ថ្មីៗនេះ កូនស្រីរបស់ខ្ញុំបានណែនាំខ្ញុំឲ្យស្គាល់គេហទំព័រមួយ ដែលសរសេរដោយម្ដាយជាគ្រីស្ទានម្នាក់ ( មិនមែននៅក្នុងសាសនាចក្រយើង ) ដែលមានកូនប្រាំនាក់ ។ នាងបានអធិប្បាយ ៖ ‹ [ ដោយធំឡើង ]នៅក្នុងវប្បធម៌នេះ វាពិបាកណាស់ក្នុងការទទួលបាននូវទស្សនៈដែលផ្អែកលើព្រះគម្ពីរប៊ីប អំពីភាពជាម្ដាយ ។ … កូនៗទៅជាមិនសំខាន់ដូចទៅរៀនមហាវិទ្យាល័យ ។ ប្រាកដណាស់ គឺមិនសំខាន់ដូចទៅដើរលេងជុំវិញពិភពលោកទេ ។ មិនសំខាន់ដូចជាចេញទៅក្រៅពេលយប់សម្រាប់ការសប្បាយនោះទេ ។ … មិនសំខាន់ដូចជាការងារដែលអ្នកអាចនឹងទទួល ឬសង្ឃឹមថានឹងទទួលនោះទេ › ។ បន្ទាប់មក នាងបន្ថែមទៀតថា ‹ ភាពជាម្ដាយពុំមែនជាចំណង់ចំណូលចិត្តដើម្បីការកំសាន្ដមួយនោះទេ វាជាការហៅបម្រើមួយ › » ( “Children,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ ) ។
-
តើ ការ « ពង្វាង » នូវសារៈសំខាន់ក្នុងការមានកូនចៅមានន័យយ៉ាងណា ?
-
តើអ្នកបានឃើញថា មានសម្ពាធអ្វីខ្លះ ទៅលើស្ត្រី ដែល « ពង្វាង » នូវសារៈសំខាន់ក្នុងការមានកូន ?
-
តើយុវមជ្ឈិមវ័យនៅក្នុងសាសនាចក្រ អាចធ្វើអ្វីខ្លះ ដើម្បីរក្សានូវទស្សនត្រឹមត្រូវអំពីសារៈសំខាន់នៃការបង្កើតកូន ?
សូមអះអាងចំពោះសិស្សថា ការសម្រេចចិត្តអំពីពេលវេលាមានកូន និងចំនួនដែលត្រូវមានកូន គឺជាបញ្ហាផ្ទាល់ខ្លួនរវាងស្វាមី ភរិយា និងព្រះ ។ មេរៀនបន្ទាប់នេះ នឹងពិភាក្សាលម្អិតជាងនេះពីបញ្ហាទាំងនេះ ។
សូមអញ្ជើញសិស្សឲ្យអាន ធីម៉ូថេ ទី២ ១:៥; ៣:១៤–១៥ និង អាលម៉ា ៥៦:៤៧–៤៨; ៥៧:២១ ដោយរកមើលឥទ្ធិពលសុចរិត ដែលម្ដាយអាចមានទៅលើកូនៗរបស់ពួកគេ ។ ( ការរៀនប្រៀបធៀបវគ្គបទគម្ពីរ គឺជាជំនាញសិក្សាព្រះគម្ពីរមួយ ដែលសិស្សអាចប្រើប្រាស់អស់មួយជីវិតរបស់ពួកគេ ) ។
-
តើវគ្គបទគម្ពីរទាំងនេះ បង្រៀនអ្វីខ្លះ អំពីតួនាទីរបស់ម្ដាយម្នាក់ ? ( សូមសង្កត់បញ្ជាក់ពីគោលការណ៍តទៅនេះ ៖ ពេលម្ដាយបង្រៀនដំណឹងល្អដល់កូនៗរបស់ខ្លួន ពួកគេជួយកូនៗឲ្យបង្កើនសេចក្ដីជំនឿ និងរៀបចំពួកគេឲ្យរស់នៅដោយសុចរិត ) ។
-
តើវគ្គបទគម្ពីរទាំងនេះ ជួយពន្យល់ពីមូលហេតុដែលសាតាំងខិតខំយ៉ាងខ្លាំង ដើម្បីធ្វើឲ្យចលាចលដល់មុខនាទីជាម្ដាយ យ៉ាងដូចម្ដេចដែរ ?
-
តើលក្ខណៈអ្វីខ្លះ ដែលស្ត្រីមាន ដែលអាចជួយពួកគេជោគជ័យនៅក្នុងតួនាទីជាម្ដាយ ?
សូមយោគយល់ដល់ការពិតដែលថា យុវនារីខ្លះនៅក្នុងថ្នាក់របស់អ្នកប្រហែលជាមិនដែលរៀបការ ឬបើពួកគេរៀបការ តែមិនអាចមានកូន ។ សូមប្រើសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដែលថ្លែងដោយបងស្រី សឺរី អិល ឌូវ ជាអតីតទីប្រឹក្សាក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ដើម្បីជួយសិស្សអ្នកឲ្យយល់ថា តួនាទីជាម្ដាយគឺជាមរតកដ៏ទេវភាពរបស់ស្ត្រីទាំងអស់ ៖
« ដូចជាបុរសមានភាពសក្ដិសម ដែលត្រូវបានតែងតាំងពីមុនផែនដី ដើម្បីកាន់បព្វជិតភាពនៅក្នុងជីវិតរមែងស្លាប់នេះដែរ នោះស្ត្រីសុចរិតក៏ត្រូវបានផ្ដល់អំណោយទានពិសិដ្ឋតាំងពីមុនជីវិតនេះ ជាមួយនឹងឯកសិទ្ធិនៃភាពជាម្ដាយ ។ ភាពជាម្ដាយគឺលើសពីការបង្កើតកូន ថ្វីបើវាពិតជាអញ្ចឹងមែនក្ដី ។ វាជាគុណសម្បត្តិដ៏សំខាន់បំផុតរបស់ខ្លួនយើង ក្នុងនាមជាស្ត្រី ។ វាកំណត់ពីអត្តសញ្ញាណរបស់យើង ភាពខ្ពង់ខ្ពស់ និងធម្មជាតិដ៏ទេវភាពរបស់យើង និងលក្ខណៈដ៏ពិសេសដែលព្រះវរបិតាយើងប្រទានដល់យើង ។ …
« … ស្ត្រីមួយចំនួនតម្រូវឲ្យរង់ចាំដើម្បីមានកូន ។ … ប៉ុន្តែ ពេលវេលារបស់ព្រះអម្ចាស់សម្រាប់យើងម្នាក់ៗ ពុំបដិសេធធម្មជាតិរបស់យើងនោះទេ ។ ពួកយើងខ្លះ ត្រូវតែស្វែងរករបៀបផ្សេងៗទៀតដើម្បីធ្វើជាម្ដាយ ។ ហើយអ្នកទាំងអស់ដែលនៅជុំវិញយើង គឺជាពួកអ្នកដែលយើងត្រូវស្រឡាញ់ និងដឹកនាំ » ( “Are We Not All Mothers?” Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៩៦–៩៧ ) ។
-
តើសេចក្ដីថ្លែងការណ៍របស់បងស្រី ឌូវ ជួយពង្រីកការយល់ដឹងរបស់អ្នកអំពីភាពជាម្ដាយ យ៉ាងដូចម្ដេចដែរ ?
សូមសួរសិស្ស បើមាននរណាម្នាក់ចង់ចែកចាយគំនិត និងអារម្មណ៍របស់ពួកគេ អំពីឥទ្ធិពលសុចរិតរបស់ម្ដាយពួកគេ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដែលថ្លែងដោយបងស្រី ជូលី ប៊ី ប៊េក ជាអតីតប្រធានសមាគមសង្គ្រោះទូទៅ ដែលបានមានប្រសាសន៍ទៅកាន់ស្ត្រីអំពីសេចក្ដីត្រូវការរបស់ពួកគេ ក្នុងការបំពេញតួនាទីដែលព្រះបានប្រទានដល់ពួកគេ ។ សូមសុំសិស្សឲ្យអានវាឮៗ ហើយអញ្ជើញសិស្សឲ្យពិចារណាពីអ្វីដែលនឹងកើតឡើង បើស្ត្រីមិនបានបំពេញតួនាទីរបស់ពួកគេ ។
« បើយើងមិនធ្វើផ្នែករបស់យើងទេ នោះគ្មាននរណាម្នាក់នឹងមកធ្វើវាឲ្យយើងទេ ។ … យើងមិនអាចរំលែក [ ផ្នែករបស់យើងនៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតា ] ឡើយ ។ យើងមិនអាចបោះវាទៅឲ្យនរណាម្នាក់ទៀតនោះទេ ។ វាជារបស់យើង ។ យើងអាចប្រកែកមិនយកវា យើងអាចបដិសេធវា ប៉ុន្តែវានៅជាផ្នែករបស់យើង ហើយយើងមានទំនួលខុសត្រូវលើវា ។ នឹងមានថ្ងៃមួយដែលនឹងមកដល់ ពេលដែលយើងនឹងចងចាំទាំងអស់នូវអ្វីដែលយើងបានដឹង ពីមុនយើងបានកើតមក ។ យើងនឹងចងចាំថា យើងបានច្បាំងនៅក្នុងចម្បាំងដ៏ធំមួយ ដើម្បីបានឯកសិទ្ធិនេះ ។ តើយើងអាចបំពេញទំនួលខុសត្រូវនេះដោយរបៀបណា ? ជារៀងរាល់ថ្ងៃ យើងបញ្ចេញឋាមពលរបស់យើងទៅក្នុងកិច្ចការ ដែលជារបស់យើងជាពិសេស » ( “Understand the Divine Roles of Women,” Ensign ខែ កុម្ភៈ ឆ្នាំ ២០០៩ ទំព័រ ៦៧ ) ។
-
តើអ្នកមានគំនិត និងអារម្មណ៍យ៉ាងណាទៅលើឃ្លា « បើយើងមិនធ្វើផ្នែករបស់យើងទេ នោះគ្មាននរណាម្នាក់នឹងមកធ្វើវាឲ្យយើងទេ » ?
-
តើអ្វីខ្លះដែលនឹងបាត់បង់ពីក្រុមគ្រួសារ ពីវួដ ឬសាខារបស់អ្នក ឬពីពិភពលោក បើស្ត្រីមិនបានធ្វើ « ផ្នែក » របស់ពួកគេ ?
-
តើមានរបៀបមួយចំនួនណាខ្លះ ដែលស្ដ្រីយុវមជ្ឈិមវ័យ អាចបំពេញតួនាទីដ៏ទេវភាពរបស់ពួកគេ ក្នុងនាមជាស្ត្រីនៅក្នុងនគររបស់ព្រះវរបិតាសួគ៌ ?
សូមថ្លែងទីបន្ទាល់អំពីតួនាទីដ៏ពិសិដ្ឋ និងចាំបាច់របស់ស្ត្រី ក្នុងការធ្វើជាភរិយា និងម្ដាយដ៏សុចរិត ហើយសង្កត់បញ្ជាក់ថា នៅថ្ងៃមួយ ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ នឹងប្រទានពរជ័យទាំងអស់ដល់បុត្រដ៏សុចរិតទាំងឡាយរបស់ទ្រង់ ។ សូមអញ្ជើញសិស្ស ឲ្យពិចារណាអំពីការប្រាប់ម្ដាយម្នាក់ដែលគេស្គាល់ ថាគេកោតសរសើរគាត់យ៉ាងណា ពីរបៀបដែលគាត់បានបំពេញតួនាទីដ៏ទេវភាពរបស់គាត់ ។
សូមបញ្ចប់ ដោយសួរសិស្សថាបើមានពួកគេណាខ្លះ ដែលចង់ចែកចាយទីបន្ទាល់របស់ខ្លួន អំពីពរជ័យដែលបានមក ពេលដែលស្ត្រីស្គាល់ថាពួកគេជានរណា នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ហើយប្រព្រឹត្តតាមការចេះដឹងនោះ ។
ការអានរបស់សិស្ស
-
ធីម៉ូថេ ទី២ ១:៥; ៣:១៤–១៥; អាលម៉ា ៥៦:៤៧–៤៨; ៥៧:២១; គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១–៣, ១០, ១៣–១៦ ។
-
“Understand the Divine Roles of Women,” Ensign ខែ កុម្ភៈ ឆ្នាំ ២០០៩ ទំព័រ ៦៧ ។