មេរៀនទី ២៧
ការព្រមានដែលប្រកបដោយការព្យាករ ទាក់ទងទៅនឹងក្រុមគ្រួសារ
សេចក្ដីផ្ដើម
ព្យាការីសម័យទំនើបបានព្រមានថា « ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្ដរាយដល់បុគ្គលនោះ សហគមន៍ និងជាតិសាសន៍ ដូចដែលបានទាយទុកជាមុនដោយព្យាការីសម័យបុរាណ និងពួកព្យាការីសម័យទំនើប » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ មេរៀននេះសង្កត់ធ្ងន់ថា គ្រួសារនឹងត្រូវបានការពារ ប្រសិនបើពួកគេគោរពតាមការបញ្ជារបស់ព្រះ ។ អំណាចខាងវិញ្ញាណត្រូវបានសន្យា ដើម្បីជួយដល់ឪពុកម្ដាយដ៏សុចរិត ដែលចិញ្ចឹមកូនចៅរបស់ពួកគេនៅក្នុងថ្ងៃចុងក្រោយនេះ ។
ការអានពីសាវតា
-
រ័សុល អិម ណិលសុន “Faith and Families”Ensign ខែ មិនា ឆ្នាំ ២០០៧ ទំព័រ ៣៦–៤១ ។
-
ឃ្វីនថិន អិល ឃុក “Lamentations of Jeremiah: Beware of Bondage,”Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៨៨–៩១ ។
-
បន្នី អេល អូស្កាសឹន “Defenders of the Family Proclamation”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៤–១៧ ។
យោបល់សម្រាប់ការបង្រៀន
ធីម៉ូថេទី ២ ៣:១–៧, ១៣
ផលវិបាកនឹងចេញមក នៅពេលគ្រួសារត្រូវបានគេព្រងើយកន្តើយ
សូមឲ្យសិស្សពីរបីនាក់ចែកចាយគំរូនៃស្ថានភាព ឬកន្លែងនានា ដែលមនុស្សម្នាក់អាចរំពឹងនឹងមើលឃើញការព្រមានដែលបានដាក់ឡើង ( ឧទាហរណ៍អាចរួមមាន សញ្ញាចរាចរណ៍ ដបថ្នាំពេទ្យ ឬរបស់ផ្ទុកសារធាតុមានគ្រោះថ្នាក់ ) ។
-
តើមានផលវិបាកអ្វីខ្លះដែលអាចកើតឡើង នៅពេលគេព្រងើយកន្តើយនឹងការព្រមានទាំងនោះ ?
-
តើព្យាការីទាំងឡាយបានផ្ដល់នូវការព្រមានអ្វីខ្លះ អំពីគ្រោះថ្នាក់ខាងរាងកាយ និងខាងវិញ្ញាណ ដែលមាននៅក្នុងជំនាន់របស់យើងនេះ ?
សូមឲ្យសិស្សម្នាក់អានធីម៉ូថេទី ២ ៣:១–៧ និង ១៣ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលគ្រោះថ្នាក់ ដែលសាវកប៉ុល បានព្រមានថានឹងកើតឡើងនៅក្នុងថ្ងៃចុងក្រោយនោះ ។
-
តើគ្រោះថ្នាក់មួយណា ដែលប៉ុល បានរៀបរាប់មក ដែលអ្នកបានឃើញ ឬបានឮនោះ ?
-
តើគ្រោះថ្នាក់ទាំងនេះអាចមានឥទ្ធិពលអ្វីខ្លះមកលើបុគ្គល អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារទាំងឡាយ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមូលហេតុ ដែលសាតាំងបានផ្ដោតអារម្មណ៍ជាខ្លាំងលើការបំផ្លាញក្រុមគ្រួសារ ។
« ដោយសារតែសារៈសំខាន់នៃក្រុមគ្រួសារចំពោះផែនការដ៏អស់កល្បជានិច្ចនៃសុភមង្គល នោះសាតាំងបានខិតខំយ៉ាងខ្លាំងដើម្បីបំផ្លាញចោលនូវភាពស័ក្ដិសិទ្ធិនៃក្រុមគ្រួសារ បន្ទាបដល់សារៈសំខាន់នៃតួនាទីរបស់បុរស និងស្ដ្រីទាំងឡាយ លើកទឹកចិត្តឲ្យមានភាពមិនស្អាតស្អំខាងសីលធម៌ និងការរំលងច្បាប់ព្រហ្មចារីយភាពដ៏ពិសិដ្ឋ និងបំបាក់ទឹកចិត្តឲ្យឪពុកម្ដាយលែងដាក់ការមាន និងការចិញ្ចឹមកូនចៅ ជាអាទិភាពដ៏ខ្ពស់បំផុតមួយរបស់ពួកគេ ។
« អង្គភាពគ្រួសារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ចំពោះផែនការនៃសេចក្ដីសង្គ្រោះ ដែលព្រះបានប្រកាសនូវការព្រមានមួយថា … ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្ដរាយដល់បុគ្គលនោះ សហគមន៍ និងជាតិសាសន៍ ដូចដែលបានទាយទុកជាមុនដោយព្យាការីសម័យបុរាណ និងពួកព្យាការីសម័យទំនើប » ( “The Eternal Family,”Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៦៥ ) ។
សូមសង្កត់ធ្ងន់ទៅលើគោលការណ៍ខាងក្រោមនេះ ៖ « ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្ដរាយដល់បុគ្គលនោះ សហគមន៍ និងជាតិសាសន៍ ដូចដែលបានទាយទុកជាមុនដោយព្យាការីសម័យបុរាណ និងពួកព្យាការីសម័យទំនើប » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ សូមរំឭកសិស្សថា ការព្រមាននេះដកចេញមកពីការប្រកាសដល់ក្រុមគ្រួសារ ។
សូមសរសេរនូវចំនុចដូចខាងក្រោមនេះនៅលើក្ដារខៀន ៖
ការបែកបាក់នៅក្នុងគ្រួសារ |
ផលវិបាក |
សូមអញ្ជើញសិស្សឲ្យគិតអំពីភស្តុតាងដែលពួកគេឃើញថា « ការបែកបាក់នៅក្នុងគ្រួសារ » កំពុងតែកើតឡើងនៅជុំវិញពិភពលោកនេះ ។ ( ការណ៍ទាំងនេះអាចរួមមានដូចតទៅនេះ ៖ ការកើនឡើងនៃការលែងលះគ្នា ការរំលូតកូន និងការរំលោភបំពាន ការរៀបអាពាហ៍ពិពាហ៍ធ្លាក់ចុះ ហើយការមានកូនចៅចេញពីដៃគូស្វាមីភរិយាដែលបានរៀបការក៏ធ្លាក់ចុះ ហើយគ្រួសារជាច្រើនមិនបានដំណើរការល្អ ) ។ សូមឲ្យពួកគេសរសេរនូវភស្ដុតាងដាក់លើក្ដារខៀន នៅក្រោមចំណងជើងថា « ការបែកបាក់នៅក្នុងគ្រួសារ » ។
សូមឲ្យសិស្សគិតអំពីគំរូរបស់បុគ្គល និងផលវិបាកខាងសង្គម ដែលអាចមានដែលជាលទ្ធផលមួយពីការបែកបាក់នៅក្នុងគ្រួសារ ។ ( ការណ៍ទាំងនេះអាចរួមមានដូចតទៅនេះ ៖ ការបាត់បង់ព្រះវិញ្ញាណ ទុក្ខសោក និងគ្មានសុភមង្គល កំណើនអត្រាឃាតកម្ម ការកើនឡើងនៃបទល្មើសអនីតិជន និងការបាត់បង់សេចក្ដីសុខសាន្ដ និងស្ថេរភាពនៃសង្គម ) ។ សូមឲ្យពួកគេសរសេរនូវឧទាហរណ៍ទាំងនេះដាក់លើក្ដារខៀន នៅក្រោមចំណងជើងថា « ផលវិបាក » ។
បន្ទាប់មក សូមសួរសំណួរខាងក្រោមនេះ ៖
-
តើការប្រកាន់ខ្ជាប់តាមគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៅក្នុងការប្រកាសដល់ក្រុមគ្រួសារនេះ អាចជួយដល់បុគ្គល ក្រុមគ្រួសារ សហគមន៍ និងជាតិសាសន៍ឲ្យចៀសវាងពីផលវិបាកទាំងនេះបានដោយរបៀបណា ?
នីហ្វៃទី ១ ១៤:១៤–១៧; ២២:១៦–១៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២២–២៨
មានសេចក្ដីសង្ឃឹមសម្រាប់ក្រុមគ្រួសារ
សូមពន្យល់ដល់សិស្សថា ថ្វីបើមានអំពើទុច្ចរិតដែលយកឈ្នះលើពិភពលោកសព្វថ្ងៃនេះក្ដី ក៏វាមិនយឺតពេលដើម្បីពង្រឹងដល់ក្រុមគ្រួសារដែរ ។ ពួកគេអាចធ្វើឲ្យមានភាពខុសគ្នានៅក្នុងក្រុមគ្រួសារផ្ទាល់របស់ពួកគេ វួដ ឬសាខា និងសហគមន៍ទាំងឡាយរបស់គេ ។ សូមថ្លែងទីបន្ទាល់ថា មានសេចក្ដីសង្ឃឹមសម្រាប់បុគ្គល និងក្រុមគ្រួសារទាំងឡាយ ដែលធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។
សូមឲ្យសិស្សអាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២២-២៨ ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលយើងអាចធ្វើបាន ដើម្បីរួចផុតពីសេចក្ដីសងសឹករបស់ព្រះអម្ចាស់ និងផលវិបាកដែលមកពីអំពើបាបនោះ ។ ( សូមបញ្ជាក់ថា នៅក្នុងខគម្ពីរទាំងនេះ ស៊ីយ៉ូន សំដៅទៅលើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិករបស់សាសនាចក្រ ) ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំពាក្យបើសិន ត្រង់កន្លែងណាដែលឃើញមានពាក្យនោះនៅក្នុងខគម្ពីរទាំងនេះ ។ ( សូមជួយសិស្សឲ្យយល់ថា ការរកឃើញប្រយោគ ហេតុ និងផល ឬ បើសិន/នោះ គឺជាជំនាញសិក្សាព្រះគម្ពីរដ៏មានប្រយោជន៍មួយ ) ។
-
តើអ្នកនឹងសង្ខេបខគម្ពីរទាំងនេះទៅជាសេចក្ដីថ្លែងសាមញ្ញមួយស្ដីពីគោលការណ៍នេះដោយរបៀបណា ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងពីគោលការណ៍ដែលមានដូចតទៅនេះ ៖ បើសិនជាយើងគោរពតាមព្រះបញ្ញត្តិទាំងអស់ នោះយើងអាចទទួលបានពរជ័យដ៏អស្ចារ្យ និងរួចផុតពីការសងសឹករបស់ព្រះអម្ចាស់បាន ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥-៨៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើងមិននិយាយថា ពួកបរិសុទ្ធទាំងអស់នឹងត្រូវបានទុកជីវិតឲ្យ ហើយបានសង្គ្រោះចេញពីថ្ងៃនៃការហិនហោចដែលនឹងមកនោះឡើយ ។ ប៉ុន្ដែ យើងពិតជានិយាយថា គ្មានសេចក្ដីសន្យានៃសុវត្ថិភាពណា ហើយគ្មានសេចក្ដីសន្យានៃការការពារណា លើកលែងតែដល់អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់ និងអ្នកដែលកំពុងស្វែងរកធ្វើអ្វីៗទាំងអស់តាមដែលទ្រង់បញ្ជា ។ …
« ដូច្នេះហើយ យើងសូមបន្លឺសំឡេងព្រមាននេះ ហើយនិយាយថា ចូរស្ដាប់បង្គាប់ រៀបចំ ប្រយ័ត្នប្រយែង ហើយត្រៀមខ្លួនជាស្រេច ។ គ្មានវិធីណាដែលអាចនាំមកនូវសុវត្ថិភាពនោះទេ លើកលែងតែដោយតាមរយៈការគោរពតាម និងការធ្វើតាម និងសុចរិតភាពប៉ុណ្ណោះ ។
« ហេតុដូច្នេះហើយ ព្រះអម្ចាស់បានមានព្រះបន្ទូលថា ‹ រំពាត់របស់ព្រះអម្ចាស់ នឹងហូរកាត់ទាំងយប់ទាំងថ្ងៃ ហើយការឮដំណឹងអំពីរំពាត់ នោះនឹងធ្វើឲ្យអស់ទាំងមនុស្សស្ញែងខ្លាច មែនហើយ រំពាត់នោះនឹងមិនឈប់ឈរឡើយ រហូតដល់ព្រះអម្ចាស់ទ្រង់យាងមក ។ …
« ‹ ទោះជាយ៉ាងណាក៏ដោយ គង់តែស៊ីយ៉ូន នឹងបានរួច បើសិនជានាងគោរពតាម ដើម្បីប្រព្រឹត្តនូវគ្រប់ទាំងអស់ ដែលយើងបានបញ្ជាដល់នាង › [ គ. និង ស. ៩៧:២៣, ២៥ ] » (“Stand Independent above All Other Creatures,”Ensign ខែ ឧសភា ឆ្នាំ ១៩៧៩ ទំព័រ ៩៣–៩៤ ) ។
-
តើសេចក្ដីថ្លែងការណ៍នេះ អាចជួយជំរុញទឹកចិត្តឲ្យគ្រួសារមួយគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សូមរំឭកសិស្សថា នីហ្វៃបានទទួលទស្សននិមិត្តជាច្រើនអំពីថ្ងៃចុងក្រោយនេះ ។ នៅក្នុងទស្សននិមិត្តទាំងនោះ លោកបានឃើញថា ពួកសុចរិត នឹងត្រូវបានការពារ ។
សូមឲ្យសិស្សអាន នីហ្វៃទី ១ ១៤:១៤–១៧ និង ២២:១៦–១៧ ដោយស្វែងរករបៀបទាំងឡាយដែលពួកបរិសុទ្ធនឹងត្រូវបានការពារ ។ ( កំណត់សម្គាល់ ៖ ឃ្លាទាំងនេះ គូសបញ្ជាក់អំពីប្រធានបទខាងវិញ្ញាណទូទៅថា ការគោរពតាមនាំមកនូវសេចក្ដីសន្យារបស់ព្រះអម្ចាស់ដែលថានឹងទទួលបានការការពារ ។ អែលឌើរ ដាវីឌ អេ បែដណា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការស្រាវជ្រាវរក « ទំនាក់ទំនង គំរូនិងប្រធានបទ » នៃព្រះគម្ពីរបែបនោះ [ “A Reservoir of Living Water” ( ការប្រជុំពិសេសនៃប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ) ទំព័រ ៣, នៅលើគេហទំព័រ lds.org/media-library ] ។ ប្រធានបទ ឬគំរូនេះ មានទូទៅជាពិសេសនៅក្នុងព្រះគម្ពីរមរមន ) ។
-
តើការសរសេររបស់នីហ្វៃ ផ្ដល់សេចក្ដីសង្ឃឹមដល់អ្នកដោយរបៀបណា ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ប្រ៊ូស ប៊ី ផែបទើរ៍ នៃពួកចិតសិបនាក់ ។ សូមឲ្យសិស្សស្ដាប់រកពរជ័យទាំងឡាយ ដែលនឹងត្រូវបានប្រទានឲ្យពួកឪពុកម្ដាយស្មោះត្រង់ទាំងឡាយនៅក្នុងថ្ងៃចុងក្រោយ ៖
« មិនថាអនាគតនឹងទៅជាយ៉ាងណានោះទេ ព្រះបានតែងតាំងថា នៅក្នុងសម័យកាន់កាប់ត្រួតត្រានៃពេលពេញកំណត់នេះ ឪពុកម្ដាយទាំងឡាយនៃសាសនាចក្រនឹងត្រូវបានប្រទាននូវអំណាច ដើម្បីជួយសង្គ្រោះដល់កូនចៅរបស់ពួកគេចេញពីភាពងងឹតដែលឡោមព័ទ្ធជុំវិញពួកគេ ។ នៅពេលដួងចិត្តរបស់ឪពុក និងម្ដាយបែរទៅរកកូនចៅរបស់ពួកគេ ហើយដួងចិត្តរបស់កូនចៅបែរទៅរកឪពុកម្ដាយរបស់ពួកគេ នៅទីបំផុត យើងនឹងធ្វើជាសាក្សីអំពីការលេចឡើងនៃជំនាន់មួយ ដែលត្រូវបានបន្សុទ្ធ និងបានរៀបចំដើម្បីទៅជួបនឹងព្រះអង្គសង្គ្រោះក្នុងកាលដែលទ្រង់យាងមក ។ ជ័យជំនះនៃនគររបស់ព្រះនៅក្នុងថ្ងៃចុងក្រោយ នឹងក្លាយជាជ័យជំនះមួយ ដែលមិនមែនត្រឹមតែជារបស់សាសនាចក្រ ជាអង្គការមួយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាជោគជ័យរបស់ក្រុមគ្រួសាររបស់បុគ្គលរាប់រយពាន់គ្រួសារ ដែលបានយកឈ្នះលើពិភពលោកដោយសេចក្ដីជំនឿ » ( “Defending the Family in a Troubled World,”Ensign ខែ មិថុនា ឆ្នាំ ២០១១ ទំព័រ ១៨ ) ។
-
តើមានពរជ័យអ្វីខ្លះ ដែលជាសេចក្ដីសន្យាដល់ឪពុកម្ដាយនៃសម័យកាន់កាប់ត្រួតត្រានេះ ដែលព្យាយាមចិញ្ចឹមកូនចៅរបស់ពួកគេនៅក្នុងសុចរិតភាពនោះ ?
-
តើអ្នកធ្លាប់បានឃើញ ព្រះអម្ចាស់ពង្រឹងអំណាចដល់ឪពុកម្ដាយ នៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីពង្រឹង និងការពារដល់កូនចៅរបស់ពួកគេចៀសពីភាពងងឹតនៃពិភពលោកនេះដែរឬទេ ?
សូមឲ្យសិស្សពិចារណាពីឥទ្ធិពល ឬកម្លាំងដែលកំពុងធ្វើការបំផ្លាញគ្រួសាររបស់ពួកគេផ្ទាល់ និងរបៀបដែលសាតាំងកំពុងល្បួងមិនឲ្យពួកគេខិតខំឈានទៅមុខក្នុងការមានគ្រួសារផ្ទាល់ខ្លួនរបស់គេនាពេលអនាគត ។ សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីឲ្យទទួលបានជំនួយពីព្រះអម្ចាស់ ដើម្បីពង្រឹងដល់ខ្លួនគេ និងការពារដល់គ្រួសាររបស់ពួកគេ ។
ការអានរបស់សិស្ស
-
ធីម៉ូថេទី ២ ៣:១–៧, ១៣; នីហ្វៃទី ១ ១៤:១៤–១៧; ២២:១៦–១៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២២–២៨ ។
-
បន្នី អេល អូស្កាសឹន “Defenders of the Family Proclamation”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៤–១៧ ។