មេរៀនទី ១៣
ការធ្វើឲ្យការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធកាន់តែប្រសើរឡើង
សេចក្ដីផ្ដើម
ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ រៀបចំយើងឲ្យក្លាយជាសិស្សកាន់តែប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ហើយ « ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងប៉ុន្មាន ដែលមាននៅ [ ទីនោះ ] ធ្វើឲ្យបុគ្គលម្នាក់ៗ អាចវិលត្រឡប់ទៅវត្តមាននៃព្រះវិញ » (« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧-៩៥ ) បានលើកទឹកចិត្តសមាជិកសាសនាចក្រ ឲ្យទុកព្រះវិហារបរិសុទ្ធជា « និមិត្តរូបដ៏អស្ចារ្យនៃសមាជិភាពរបស់ពួកគេ » ( “The Great Symbol of Our Membership,” Ensign ខែ តុលា ឆ្នាំ ១៩៩៤ ទំព័រ ២ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងរៀនពីរបៀប ដើម្បីពង្រីកការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធរបស់ពួកគេ ដើម្បីនាំមកនូវពរជ័យកាន់តែអស្ចារ្យចូលក្នុងជីវិតក្រុមគ្រួសាររបស់ពួកគេ ។
ការអានពីសាវតា
-
រីឆាត ជី ស្កត “Temple Worship: The Source of Strength and Power in Times of Need,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៣–៤៥ ។
-
អិល លីអូណិល ខិនឌ្រិក “Enhancing Our Temple Experience,” Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧៨-៧៩ ។
-
ការរៀបចំខ្លួនដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ ( កូនសៀវភៅ ឆ្នាំ ២០០២ ) ។
យោបល់សម្រាប់ការបង្រៀន
ទំនុកដំកើង ២៤:៣–៥; យ៉ូហាន ២:១៣–១៦; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១០–១៣, ២០–២២
ភាពសក្ដិសមដើម្បីចូលទៅព្រះវិហារបរិសុទ្ធ
សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធមួយ ដែលជិតផ្ទះអ្នកបំផុត ។ សូមចង្អុលបង្ហាញថា ឃ្លា បរិសុទ្ធថ្វាយព្រះអម្ចាស់ គឺត្រូវបានឆ្លាក់នៅលើផ្ទៃខាងក្រៅ នៃគ្រប់ព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យអាន យ៉ូហាន ២:១៣-១៦ ហើយពិចារណាពីរបៀបដែលដំណើររឿងនេះ បង្ហាញពីធម្មជាតិដ៏បរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
-
តើដំណើររឿងនេះ បង្ហាញពីអាកប្បកិរិយាយ៉ាងណា ដែលយើងគប្បីមានចំពោះព្រះវិហារបរិសុទ្ធ ?
-
តើនៅក្នុងរបៀបណាខ្លះ ដែលមនុស្សសព្វថ្ងៃនេះ អាចនឹងបង្ហាញការមិនគោរពដល់ព្រះវិហារបរិសុទ្ធ ?
សូមសុំសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:២០ ដែលជាផ្នែកនៃការអធិស្ឋានឧទ្ទិសសម្រាប់ព្រះវិហារបរិសុទ្ធ ខឺតឡង់ ៖
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីខនេះ ? ( ចម្លើយរបស់សិស្សគួរបញ្ចូលនូវគោលការណ៍នេះ ៖ ព្រះបានបញ្ជាថា គ្មានអ្វីដែលពុំស្អាត ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងព្រះដំណាក់របស់ទ្រង់ឡើយ ។ សូមចង្អុលបង្ហាញថា នៅក្នុងព្រះគម្ពីរ ព្រះវិហារបរិសុទ្ធ គឺតែងត្រូវបានបង្ហាញថាជាកន្លែងនៃភាពស្អាតស្អំ បរិសុទ្ធ ស័ក្ដិសិទ្ធ និងភាពសក្ដិសម ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យរកមើលទំនាក់ទំនងនេះ ពេលពួកគេអានអំពីព្រះវិហារបរិសុទ្ធ ។
-
តើបទដ្ឋាននៃភាពសក្ដិសមមួយចំនួនណាខ្លះ ដែលបុគ្គលម្នាក់ៗត្រូវតែបំពេញ មុនពេលដែលពួកគេអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធបាន ?
សូមទុកពេលឲ្យសិស្សពីរបីនាទី ដើម្បីសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១០-១៣, ២១-២២ និង ទំនុកដំកើង ២៤:៣–៥ ហើយរកមើលពរជ័យទាំងឡាយ ដែលទាក់ទងនឹងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធដោយភាពសក្ដិសម ។ អ្នកអាចផ្ដល់យោបល់ឲ្យសិស្សគូសចំណាំអ្វីដែលពួកគេរកឃើញ ។
-
តើការសន្យាអ្វីខ្លះ ដែលត្រូវបានផ្ដល់ឲ្យនៅក្នុងខទាំងនេះ ដល់ពួកអ្នកដែលចូលក្នុងព្រះវិហារបរិសុទ្ធដោយភាពសក្ដិសមនោះ ? ( សិរីល្អរបស់ព្រះអម្ចាស់ នឹងស្ថិតនៅលើរាស្ត្ររបស់ទ្រង់ ពួកអ្នកដែលចូលក្នុងព្រះវិហារបរិសុទ្ធ នឹងទទួលអារម្មណ៍នៃព្រះចេស្ដារបស់ព្រះអម្ចាស់ ហើយទទួលស្គាល់ថា វាជាកន្លែងដែលត្រូវបានបន្សុទ្ធ ហើយបរិសុទ្ធ នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់នឹងដាក់ព្រះនាមទ្រង់នៅលើយើង ហើយយើងនឹងត្រូវបានបំពាក់ដោយព្រះចេស្ដារបស់ទ្រង់ ហើយនៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចទទួលបាននូវពរជ័យ និងសេចក្ដីសុចរិតទាំងឡាយពីព្រះអម្ចាស់ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាការសន្យាទាំងនេះ ផ្អែកទៅលើភាពសក្ដិសមរបស់យើង ?
-
តើអ្នកនឹងនិយាយយ៉ាងដូចម្ដេច បើមានមនុស្សម្នាក់កំពុងឆ្ងល់ថាបើការធ្វើឲ្យមានភាពសក្ដិសមដើម្បីបានបណ្ណចូលព្រះវិហារបរិសុទ្ធ សមនឹងតម្លៃនៃការប្រឹងប្រែងនោះឬទេ ?
សូមអញ្ជើញសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន ៖
« ពួកអ្នកដែលយល់ពីពរជ័យដ៏អស់កល្បជានិច្ច ដែលមកពីព្រះវិហារបរិសុទ្ធ ដឹងថាគ្មានការពលិកម្មណាមួយមហិមាខ្លាំងពេក គ្មានតម្លៃណាធ្ងន់ធ្ងរពេក និងគ្មានការពុះពារណាលំបាកពេក ក្នុងការទទួលពរជ័យទាំងនោះឡើយ ។ … ពួកគេយល់ថា ពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះទាំងឡាយ ដែលបានទទួលនៅក្នុងព្រះវិហារបរិសុទ្ធ ដែលអនុញ្ញាតឲ្យយើងត្រឡប់ទៅព្រះវរបិតាសួគ៌របស់យើង នៅក្នុងទំនាក់ទំនងក្រុមគ្រួសារដ៏អស់កល្បជានិច្ចមួយ ហើយដែលបានទទួលអំណោយទានពិសិដ្ឋជាមួយនឹងពរជ័យ និងព្រះចេស្ដាពីស្ថានខ្ពស់ ដែលសក្ដិសមចំពោះការលះបង់ និងការខិតខំទាំងអស់ » ( “The Holy Temple—A Beacon to the World,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩២ ) ។
-
តើពរជ័យអ្វីខ្លះ ដែលអ្នកបានទទួល ពេលដែលអ្នកបានចូលរួមក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ?
សូមលើកទឹកចិត្តសិស្សឲ្យទទួល និងរក្សាបណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពមួយ អស់មួយជីវិតរបស់ពួកគេ ។ សូមសង្កត់បញ្ជាក់ថា នៅពេលពួកគេថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ដោយរាបទាប នោះពួកគេនឹងទទួលបាននូវពរជ័យដែលមានសម្រាប់តែអ្នកស្មោះត្រង់នៅក្នុងព្រះដំណាក់ដ៏បរិសុទ្ធនៃទ្រង់ ។
នីហ្វៃទី៣ ១៧:១-៣
ការធ្វើឲ្យការថ្វាយបង្គំរបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធបានប្រសើរឡើង
សូមសរសេរដូចខាងក្រោមនេះនៅលើ ក្ដារខៀន ហើយសួរសិស្សថា តើពួកគេនឹងបំពេញប្រយោគនេះដោយរបៀបណា ៖
បន្ទាប់ពីទទួលបានចម្លើយមួយចំនួនហើយ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អ្វីដែលយើងទទួលបាន ពី ព្រះវិហារបរិសុទ្ធ នឹងពឹងផ្អែកមួយភាគធំទៅលើអ្វីដែលយើងយកទៅ ព្រះវិហារបរិសុទ្ធ នៅក្នុងរបៀបនៃការបន្ទាបខ្លួន និងគារវភាព និងបំណងប្រាថ្នាដើម្បីរៀន ។ បើយើងងាយទទួលការបង្រៀន នោះយើងនឹងត្រូវបានបង្រៀនដោយព្រះវិញ្ញាណ នៅក្នុងព្រះវិហារបរិសុទ្ធ » ( The Holy Temple [ ឆ្នាំ ១៩៨០ ] ទំព័រ ៤២ ) ។
-
តើអ្នកគិតថា បទពិសោធន៍របស់អ្នកនៅក្នុងព្រះវិហារបរិសុទ្ធ នឹងមានឥទ្ធិពលយ៉ាងណា បើអ្នកទៅទីនោះជាមួយនឹងស្មារតីនៃ « ការបន្ទាបខ្លួន និងគារវភាព និងបំណងប្រាថ្នាដើម្បីរៀន » នោះ ? ( នៅពេលសិស្សឆ្លើយ សូមសរសេរគោលការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ បើយើងទៅព្រះវិហារបរិសុទ្ធជាមួយនឹងការបន្ទាបខ្លួន និងគារវភាព និងបំណងប្រាថ្នាដើម្បីរៀន នោះយើងនឹងត្រូវបានបង្រៀនដោយព្រះវិញ្ញាណ ) ។
សូមពន្យល់ទៅសិស្សថា ពេលព្រះអង្គសង្គ្រោះបានយាងទៅជួបពួកសាសន៍នីហ្វៃ ទ្រង់បានបង្រៀនពួកគេពីគំរូមួយ ដើម្បីឲ្យយល់ពីការណ៍ដ៏ពិសិដ្ឋទាំងឡាយ ដែលយើងអាចធ្វើតាម ពេលចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី៣ ១៧:១–៣ ឮៗ ។
-
តើព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកអ្នកស្ដាប់ទ្រង់ ឲ្យធ្វើអ្វី ដែលនឹងជួយពួកគេឲ្យរៀបចំដើម្បីយល់ពីការណ៍ដ៏ពិសិដ្ឋទាំងឡាយ ?
-
តើយើងអាចធ្វើតាមគំរូនេះបានយ៉ាងដូចម្ដេច ដើម្បីធ្វើឲ្យគុណភាពនៃបទពិសោធន៍របស់យើងនៅព្រះវិហារបរិសុទ្ធបានប្រសើរឡើង ? ( យើងគួរតែសញ្ជឹងគិត ពីអ្វីដែលយើងមានបទពិសោធន៍នៅក្នុងព្រះវិហារបរិសុទ្ធ អធិស្ឋានដើម្បីបានយល់ រៀបចំដើម្បីចូលរួមលើកក្រោយទៀត ហើយត្រឡប់ទៅវិញឲ្យបានញឹកញាប់តាមដែលកាលៈទេសៈផ្ដល់ឲ្យ ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ អិល លីអូណិល ខិនឌ្រិក នៃពួកចិតសិបនាក់ ហើយសុំសិស្សឲ្យស្ដាប់រកឃ្លាទាំងឡាយ ដែលប្រាប់ពីរបៀបនានាដែលយើងអាចធ្វើឲ្យការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធរបស់យើងបានប្រសើរឡើង ។
« មានភាពខុសគ្នាមួយ ក្នុងការគ្រាន់តែចូលរួមក្នុងព្រះវិហារបរិសុទ្ធ និងការមានបទពិសោធន៍ខាងវិញ្ញាណដ៏បរិបូរ ។ ពរជ័យដ៏ពិតនៃព្រះវិហារបរិសុទ្ធបានមក ពេលដែលយើងធ្វើឲ្យបទពិសោធន៍ព្រះវិហារបរិសុទ្ធរបស់យើងប្រសើរឡើង ។ ដើម្បីធ្វើដូច្នោះ យើងត្រូវតែមានអារម្មណ៍ពីវិញ្ញាណនៃគារវភាពសម្រាប់ព្រះវិហារបរិសុទ្ធ និងវិញ្ញាណនៃការថ្វាយបង្គំ ។ …
« ការមានគារវភាព គឺមិនមែនគ្រាន់តែស្ងៀមស្ងាត់ប៉ុណ្ណោះទេ ។ វារួមបញ្ចូលទាំងការដឹងពីអ្វីដែលកំពុងកើតឡើង ។ វារួមបញ្ចូលនូវបំណងប្រាថ្នាដ៏ទេវភាពមួយ ដើម្បីរៀន ហើយងាយទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណ ។ វារួមបញ្ចូលនូវការពុះពារដើម្បីស្វែងរកពន្លឺ និងការយល់ដឹងបន្ថែម ។ ការពុំមានគារវភាព គឺមិនគ្រាន់តែជាទង្វើនៃការមិនគោរពព្រះអាទិទេពប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើមិនឲ្យព្រះវិញ្ញាណបង្រៀនយើងអំពីការណ៍ទាំងឡាយ ដែលយើងត្រូវដឹងទៀតផង » ( “Enhancing Our Temple Experience,” Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧៨ ) ។
-
តើឃ្លាណាខ្លះ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ ដែលមានអត្ថន័យជាពិសេសចំពោះអ្នក ? ហេតុអ្វី ?
សូមអានដំបូន្មានខាងក្រោមពីអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសុំសិស្សឲ្យស្ដាប់រកយោបល់ទាំងឡាយ ដែលពួកគេគួរយកមកអនុវត្ត ពេលដែលពួកគេទៅព្រះវិហារបរិសុទ្ធ ៖
« • យល់ពីគោលលទ្ធិដែលទាក់ទងនឹងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ជាពិសេស សារៈសំខាន់នៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
« • នៅពេលយើងចូលរួមក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ សូមពិចារណាពីទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ និងទំនាក់ទំនងរបស់ទ្រង់ជាមួយព្រះវរបិតាសួគ៌របស់យើង ។ ទង្វើដ៏សាមញ្ញនេះ នឹងដឹកនាំយើងទៅកាន់ការយល់ដឹងកាន់តែធំធេង អំពីធម្មជាតិដ៏ទេវភាពនៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
« • តែងតែបង្ហាញការដឹងគុណប្រកបដោយការអធិស្ឋាន សម្រាប់ពរជ័យដែលមិនអាចប្រៀបផ្ទឹមបាន ដែលបានមកពីពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ សូមរស់នៅរាល់ថ្ងៃ ដូចជាការថ្វាយភស្ដុតាងដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ ថាពរជ័យទាំងនោះមានន័យខ្លាំងយ៉ាងណាចំពោះអ្នក ។
« • ដាក់កាលវិភាគជាទៀតទាត់ដើម្បីទៅព្រះវិហារបរិសុទ្ធ ។
« • ទុកពេលឲ្យបានគ្រប់គ្រាន់ ដើម្បីកុំឲ្យប្រញាប់ប្រញាល់នៅក្នុងជញ្ជាំងព្រះវិហារបរិសុទ្ធ ។
« • ផ្លាស់ប្ដូរសកម្មភាព ដើម្បីអ្នកអាចចូលរួមនៅក្នុងពីធីបរិសុទ្ធទាំងអស់នៃព្រះវិហារបរិសុទ្ធ ។
« • ដោះនាឡិការបស់អ្នកចេញ ពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។
« • ស្ដាប់ដោយយកចិត្តទុកដាក់ ដល់ការបង្ហាញនៃធាតុនិមួយៗនៃពិធីបរិសុទ្ធ ជាមួយនឹងគំនិត និងដួងចិត្តបើកចំហ ។
« • សូមគិតគូរពីបុគ្គលដែលអ្នកកំពុងធ្វើពិធីបរិសុទ្ធផ្សេងៗជំនួសនោះ ។ សូមអធិស្ឋាននៅពេលខ្លះថា គាត់ ឬនាង នឹងទទួលស្គាល់ពីសារៈសំខាន់នៃពិធីបរិសុទ្ធទាំងឡាយ ហើយមានភាពសក្ដិសម ឬរៀបចំដើម្បីមានភាពសក្ដិសមនឹងទទួលផលប្រយោជន៍ពីពិធីបរិសុទ្ធទាំងនោះ » ( “Temple Worship: The Source of Strength and Power in Times of Need,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៣-៤៤ ) ។
-
តើផ្នែកមួយណានៃគំនិតទាំងនេះ ដែលអាចជាប្រយោជន៍ដ៏ធំបំផុតសម្រាប់អ្នកដើម្បីយកមកអនុវត្ត ?
-
តើអ្នក ឬអ្នកផ្សេងទៀត បានធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យការថ្វាយបង្គំនៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ កាន់តែមានអត្ថន័យ ? តើមានភាពខុសគ្នាអ្វី ពេលដែលអ្នកធ្វើកិច្ចការទាំងនោះ ? ( ជាផ្នែកនៃការពិភាក្សានេះ សូមពិចារណាពីការពិភាក្សាសេចក្ដីថ្លែងការណ៍តទៅនេះមកពីគណៈប្រធានទីមួយ ៖ « នៅពេលសមាជិកទាំងឡាយនៃសាសនាចក្ររកឃើញឈ្មោះជីដូនជីតារបស់ខ្លួន ហើយយកឈ្មោះទាំងនោះទៅកាន់ព្រះវិហារបរិសុទ្ធ ដើម្បីធ្វើពិធីបរិសុទ្ធ នោះនឹងទទួលបាននូវបទពិសោធន៍នៃព្រះវិហារបរិសុទ្ធយ៉ាងលើសលប់ » [ លិខិតរបស់គណៈប្រធានទីមួយ ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១២ ] ) ។
សូមលើកទឹកចិត្តសិស្សឲ្យសរសេរអ្វីដែលពួកគេបានទទួលអារម្មណ៍បំផុសឲ្យធ្វើ ដើម្បីធ្វើឲ្យបទពិសោធន៍ព្រះវិហារបរិសុទ្ធរបស់ពួកគេប្រសើរឡើង ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមអ្វីដែលពួកគេបានសរសេរ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:៨
កន្លែងមួយនៃវិវរណៈ
សូមពន្យល់ថា នៅក្នុងការអធិស្ឋានឧទ្ទិសសម្រាប់ព្រះវិហារបរិសុទ្ធខឺតឡង់ ព្យាការី យ៉ូសែប ស៊្មីធ បានពិពណ៌នាពីគោលបំណងមួយចំនួននៃព្រះវិហារបរិសុទ្ធ ។ សូមសុំសិស្សឲ្យអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:៨ ។ សូមចង្អុលបង្ហាញថា គោលបំណងមួយក្នុងចំណោមគោលបំណងទាំងឡាយ គឺជា « ដំណាក់នៃការរៀនសូត្រ » ។
-
តើយើងអាចរំពឹងថានឹងរៀនអ្វីខ្លះនៅក្នុងព្រះវិហារបរិសុទ្ធ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ហើយសុំសិស្សម្នាក់ឲ្យអានវាឮៗ ៖
« ព្រះដំណាក់ដ៏ពិសិដ្ឋនេះ ក្លាយជាសាលានៃការណែនាំអំពីការណ៍ដ៏ផ្អែមល្អែម និងពិសិដ្ឋទាំងឡាយរបស់ព្រះ ។ នៅទីនេះ យើងគូសបញ្ជាក់ពីផែនការរបស់ព្រះវរបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ជំនួសឲ្យបុត្រា និងបុត្រីនៃគ្រប់ជំនាន់ទាំងអស់ ។ នៅទីនេះ យើងសង្ខេបនៅចំពោះមុខយើងនូវដំណើរនៃជីវិតដ៏អស់កល្បជានិច្ចរបស់មនុស្សម្នាក់ តាំងពីជីវិតមុនផែនដី រហូតដល់ជីវិតនេះ និងដល់ជីវិតក្រោយទៀត ។ សេចក្ដីពិតជាគ្រឹះ និងជាមូលដ្ឋានដ៏អស្ចារ្យ ត្រូវបានបង្រៀនដោយភាពច្បាស់លាស់ និងសាមញ្ញ ដែលអាចយល់បានដោយអ្នកដែលស្ដាប់ឮ » ( “The Salt Lake Temple,” Ensign ខែ មិនា ឆ្នាំ ១៩៩៣ ទំព័រ ៥–៦ ) ។
-
តើការចូលរួមក្នុងពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ជួយយើងឲ្យរៀនពីសេចក្ដីពិតជាគ្រឹះដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌ យ៉ាងដូចម្ដេច ?
-
តើការធ្វើតាមគំរូដែលមានកត់ត្រានៅក្នុង នីហ្វៃទី៣ ១៧:១-៣ អាចជួយយើងឲ្យរៀនបន្ថែមទៀត ខណៈយើងនៅក្នុងព្រះវិហារបរិសុទ្ធ ដោយរបៀបណា ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ៖
« មានមនុស្សជាច្រើនដែលមានទម្ងន់ក្នុងចិត្ត ពេលត្រូវធ្វើការសម្រេចចិត្តដែលពិបាកៗ និងត្រូវដោះស្រាយជាមួយនឹងបញ្ហាអល់អែក បានមកកាន់ព្រះវិហារបរិសុទ្ធដោយវិញ្ញាណនៃការតម និងអធិស្ឋាន ដើម្បីស្វែងរកការដឹកនាំដ៏ទេវភាព ។ មនុស្សជាច្រើនបានថ្លែងទីបន្ទាល់ថា ពេលដែលមិនបានឮសំឡេងនៃវិវរណៈ នោះការបំផុសទាក់ទងនឹងបញ្ហានោះនឹងបានទទួលនៅពេលនោះ ឬពេលក្រោយ ដែលក្លាយជាចម្លើយដល់ការអធិស្ឋានរបស់ពួកគេ » ( “The Salt Lake Temple,” Ensign ខែ មិនា ឆ្នាំ ១៩៩៣ ទំព័រ ៦ ) ។
សូមបញ្ចប់ដោយការសួរសិស្សថា បើមានពួកគេណាម្នាក់ចង់ចែកចាយពីអារម្មណ៍ និងទីបន្ទាល់របស់គេអំពីព្រះវិហារបរិសុទ្ធ ។ សូមសង្កត់បញ្ជាក់ថា ពួកគេនៅក្នុងពេលវេលាដ៏សំខាន់ខ្លាំងណាស់នៃជីវិតរបស់ពួកគេ ពេលដែលត្រូវធ្វើការសម្រេចចិត្តជាច្រើន ។ សូមថ្លែងទីបន្ទាល់ថា នៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ ពួកគេអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះ ការលួងលោម និងការដឹកនាំ ។
ការអានរបស់សិស្ស
-
ទំនុកតម្កើង ២៤:៣–៥; យ៉ូហាន ២:១៣–១៦; នីហ្វៃទី៣ ១៧:១–៣; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:៨-២២ ។
-
រីឆាត ជី ស្កត “Temple Worship: The Source of Strength and Power in Times of Need,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៣–៤៥ ។