ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៤ ៖ សមាជិក​សាសនាចក្រ​យុវមជ្ឈិមវ័យ​នៅលីវ


មេរៀនទី ២៤

សមាជិក​សាសនាចក្រ​យុវមជ្ឈិមវ័យ​នៅលីវ

សេចក្ដីផ្ដើម

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បញ្ជាក់​ពី​ពរជ័យ​ដ៏​អស់កល្ប ដែល​ត្រូវ​ទទួល​បាន​តាមរយៈ​អាពាហ៍ពិពាហ៍ និង ទំនាក់ទំនង​គ្រួសារ ។ ប៉ុន្ដែ សមាជិក​សាសនាចក្រ​ជាច្រើន ឃើញ​ថា​ខ្លួន​គេ​ស្ថិត​នៅក្នុង​កាលៈទេសៈ​នានា ដែល​ពួកគេ​មិន​មាន​ឱកាស​សម្រាប់​អាពាហ៍ពិពាហ៍ និង គ្រួសារ​នាពេល​នេះ ។ មេរៀន​នេះ​សង្កត់ធ្ងន់​ថា សមាជិក​សាសនាចក្រ ដែល​នៅ​លីវ ពិតជា​ធ្វើ​ការរួមចំណែក​ដ៏​សំខាន់​ដល់​នគរ​របស់​ព្រះអម្ចាស់ ។ ខណៈ​ដែល​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍ និង គ្រួសារ ពេល​ខ្លះ​ត្រូវបាន​ពន្យារពេល តែ​ពួកគេ​មិន​ដែល​ត្រូវបាន​បដិសេធ​មិន​ឲ្យ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ​ដោយ​សុចរិត​ឡើយ ។

ការអាន​ពី​សាវតា

  • ហ្គរដិន ប៊ី ហ៊ីងគ្លី A Conversation with Single Adults,Ensign ខែ មិនា ឆ្នាំ ១៩៩៧ ទំព័រ ៥៨–៦៣ ។

  • ស្ពែនស៊ើរ ជេ ខនឌី Claim the Exceeding Great and Precious Promises,EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១៦–១៨ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូសទី ១ ១២:១២–២០, ២៥–២៧

សមាជិក​នៅលីវ នៅក្នុង​សាសនាចក្រ​ដែល​បាន​តម្រង់​ទៅរក​ក្រុមគ្រួសារ

សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​ឧបសគ្គ​ខ្លះៗ ដែល​សមាជិក​នៅលីវ​នៃ​សាសនាចក្រ​អាច​ជួប​ប្រទះ នៅពេល​ចូលរួម​នៅក្នុង​វួដ ឬ​សាខា ដែល​មាន​សមាជិក​ជាច្រើន​រៀបការ​ហើយ និង​មាន​កូនចៅ ។ ( សមាជិក​សាសនាចក្រ​នៅលីវ​ទាំងឡាយ អាច​មាន​អារម្មណ៍​បាក់ទឹកចិត្ត ឯកោ និង​មាន​អារម្មណ៍​ថា​ត្រូវកាត់ចេញ​ពី​ក្នុង​ការប្រជុំ និង​ថ្នាក់​រៀន​ដែល​បង្រៀន​អំពី​អាពាហ៍ពិពាហ៍ និង គ្រួសារ ) ។

  • តើ​អ្នក​គិត​ថា សមាជិក​សាសនាចក្រ​ផ្សេងទៀត អាច​ជួយ​ដល់​មជ្ឈិមវ័យ​នៅលីវ ឲ្យ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​រួមបញ្ចូល និង​ឲ្យ​តម្លៃ​នៅក្នុង​ការប្រជុំ និង​សកម្មភាព​សាសនាចក្រ​ដោយ​របៀបណា ?

សូម​បង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–៩៥ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« សាសនាចក្រ​គឺ​សម្រាប់​សមាជិក​ទាំងអស់ ។ … ពួកយើង​ទាំងអស់​គ្នា ទាំង​នៅ​លីវ និង​រៀបការ​រួច មាន​អត្តសញ្ញាណ និង​តម្រូវការ​ខុសៗគ្នា ដែល​នៅក្នុង​ចំណោម​តម្រូវការ​ទាំងនោះ វា​គឺជា​បំណងប្រាថ្នា​ដើម្បី​ត្រូវបាន​មើលឃើញ​ថា ជា​កូន​ចៅ​របស់​ព្រះ​ដ៏​មាន​តម្លៃ​មួយ​រូប ។ …

« នេះ​គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ មិន​មែន​ជា​សាសនាចក្រ​នៃ​ពួកអ្នក​រៀបការ ឬ​ពួក​អ្នក​នៅ​លីវ​នោះទេ ហើយ​ក៏​មិនមែន​ជា​ក្រុម ឬ​បុគ្គល​ផ្សេងៗ​នោះ​ដែរ » ( The Church Is for All People,Ensign ខែ មិថុនា ឆ្នាំ ១៩៨៩ ទំព័រ ៧៦ ) ។

សូម​ពន្យល់​ថា សាវក​ប៉ុល បាន​ប្រៀបធៀប​សាសនាចក្រ ទៅនឹង​រាងកាយ​របស់​មនុស្ស ហើយ​សមាជិក​សាសនាចក្រ​ម្នាក់ៗ ទៅនឹង​ផ្នែក​នៃ​រាងកាយ​នោះ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់វេន​គ្នា​អាន កូរិនថូសទី ១ ១២:១២–២០ ឮៗ ខណៈ​ដែល​សិស្ស​ទាំងឡាយ​ផ្សេងទៀត​នៅក្នុង​ថ្នាក់ រកមើល​របៀប​ដែល​ប៉ុល បាន​ប្រៀបធៀប​ផ្នែក​នៃ​រាងកាយ​សាច់ឈាម ទៅនឹង​សមាជិក​នៃ​សាសនាចក្រ ។

  • តើ​យើង​នឹង​ជួប​នូវ​ឧបសគ្គ​អ្វីខ្លះ ប្រសិនបើ​ផ្នែក​នៃ​រាងកាយ​របស់​យើង​មួយ ឬ​ច្រើន​ជាង​នេះ​បាត់​ទៅ​នោះ ?

  • តើ​រឿង​ប្រៀបធៀប​របស់​ប៉ុល បង្រៀន​យើង​អំពី​សាសនាចក្រ និង​សមាជិក​ទាំងឡាយ​អំពី​គោលការណ៍​អ្វីខ្លះ ? ( សិស្ស​អាច​នឹង​រកឃើញ​នូវ​គោលការណ៍​ដ៏​សំខាន់​ជាច្រើន ។ សូម​ប្រាកដ​ថា គោលការណ៍​ខាងក្រោម​នេះ​ត្រូវបាន​សង្កត់ធ្ងន់ ៖ រាល់​សមាជិក​សាសនាចក្រ​ទាំងអស់ មាន​គុណតម្លៃ និង​អាច​រួមចំណែក​យ៉ាង​សំខាន់​ដល់​សាសនាចក្រ​នេះ ) ។

  • តើ​អ្នក​បាន​ឃើញ​សមាជិក​នៅលីវ​នៃ​វួដ ឬ​សាខា​របស់​អ្នក រួមចំណែក​ដល់​សាសនាចក្រ​នូវ​អ្វីខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១២:២៥–២៧ ។ សូម​អញ្ជើញ​សិស្ស​ទាំងអស់​គ្នា​រក​មើល អ្វី​ដែល​សមាជិក​សាសនាចក្រ​អាច​ធ្វើ​បាន​ដើម្បី​ក្លាយជា​ធ្លុង​តែមួយ ។

  • តើ​សមាជិក​សាសនាចក្រ​ទាំងអស់​គ្នា មិន​ថា​រៀបការ​រួច ឬ​នៅលីវ អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ដល់​គ្នា​ទៅវិញទៅមក​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ពី​សាមគ្គីភាព​ជាមួយ​នឹង​សមាជិក​ផ្សេងទៀត​នៃ​វួដ ឬ​សាខា​នោះ ?

សូម​បង្ហាញ និង​អាន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ រ៉ូបឺត ឌី ហែល

« យើង​ទាំងអស់​គ្នា​ជា​របស់​សហគមន៍​មួយ​នៃ​ពួកបរិសុទ្ធ យើង​ទាំងអស់​គ្នា​ត្រូវការ​គ្នា​ទៅវិញទៅមក ហើយ​យើង​ទាំងអស់​គ្នា​កំពុង​ធ្វើការ ឆ្ពោះទៅរក​គោលដៅ​រួម​មួយ ។ ពួកយើង​ម្នាក់​ណា​ក៏​ដោយ អាច​ផ្ដាច់​ខ្លួន​ចេញពី​គ្រួសារ [ វួដ ឬ​សាខា​របស់​យើង ] បាន​ដោយ​ផ្អែកលើ​ភាពខុសគ្នា​របស់​យើង ។ ប៉ុន្ដែ យើង​មិន​ត្រូវ​បំបិទ​ខ្លួនយើង ឬ​ផ្ដាច់​ខ្លួន​យើង​ពី​ឱកាស​ទាំងឡាយ ដោយសារតែ​ភាពខុសគ្នា ដែល​យើង​យល់ដឹង​នៅក្នុង​ខ្លួន​យើង​នោះទេ ។ ផ្ទុយទៅវិញ ចូរ​យើង​ចែកចាយ​អំណោយទាន និង​ទេពកោសល្យ​របស់​យើង​ជាមួយ​នឹង​អ្នកដទៃ ដោយ​នាំ​មក​នូវ​ភាពភ្លឺចែងចាំង​នៃ​សេចក្ដីសង្ឃឹម និង​សេចក្ដីអំណរ​ដល់​ពួកគេ ហើយ​ពេល​យើង​ធ្វើ​ដូច្នោះ នោះ​វា​នឹង​លើក​តម្កើង​ដល់​វិញ្ញាណ​របស់​យើង​ផ្ទាល់ » ( Belonging to a Ward Family,Ensign ខែ មិនា ឆ្នាំ ១៩៩៦ ទំព័រ ១៦ ) ។

  • តើ​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក ដើម្បី​ទទួល​យក​ការហៅ​បម្រើ និង​ចូលរួម​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក បាន​ជួយ​ដល់​អ្នក​ឲ្យ​មាន​អារម្មណ៍​នៃ​សាមគ្គីភាព​ជាមួយ​នឹង​សមាជិក​ដទៃ​ទៀត​ដោយ​របៀបណា ?

ហេព្រើរ ១១:១, ៦, ៨–១៣, ១៦

ការរង់ចាំ​ដល់​ពរជ័យ​ដែល​បាន​សន្យា​ទាំងឡាយ

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ដាល្លិន អេក អូក

« អស់​អ្នក​ណា​ដែល​នៅ​លីវ គួរតែ​មាន​បំណង​ចង់​បាន​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ ហើយ​ខំ​ប្រឹង​ដាក់​ការខិតខំ​ជា​អាទិភាព​ដើម្បី​ទទួល​បាន​វា ។ យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅលីវ​ទាំងឡាយ គួរតែ​ប្រឆាំង​នឹង​គំនិត​ដែល​ត្រឹមត្រូវ​ខាង​នយោបាយ ប៉ុន្ដែ​ខុសឆ្គង​ដ៏​អស់កល្ប ដែល​មិន​ឲ្យ​តម្លៃ​ទៅលើ​សារៈសំខាន់​នៃ​ការរៀប​អាពាហ៍ពិពាហ៍ និង​ការមាន​កូនចៅ » ( Desire,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៥ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​សមាជិក​នៅលីវ​ខ្លះ អាច​មាន​អារម្មណ៍​ថា​បាក់ទឹកចិត្ត នៅពេល​ដែល​ពួកគេ​សញ្ជឹងគិត​ពី​គោលលទ្ធិ ដែល​ថា « អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង ដោយ​ព្រះ ហើយ​ថា គ្រួសារ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ កូនចៅ​របស់​ទ្រង់ » ? ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

សូម​ពន្យល់​ថា ទោះបីជា​អាពាហ៍ពិពាហ៍ និង​គ្រួសារ​គឺជា​អ្វី​ដ៏​ល្អ​វិសេសវិសាល​ក្ដី ក៏​មាន​សមាជិក​សាសនាចក្រ​មជ្ឈិមវ័យ​នៅលីវ​ជាច្រើន មិន​ប្រាកដ​ថាតើ ពួកគេ​នឹង​អាច​រៀបការ​ឬ​យ៉ាងណា ។ អស់​អ្នកដែល​លែងលះ ឬ​នៅ​មេម៉ាយ ឬ​ពោះម៉ាយ ( ដោយ​ស្វាមី ឬ​ភរិយា​ស្លាប់ ) អាច​ឆ្ងល់​ថា តើ​ពួកគេ​អាច​រៀបការ​ម្ដងទៀត​ដែរ​ឬទេ ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោមដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃពួកសាវក​ដប់ពីរ​នាក់ ហើយ​សូមឲ្យសិស្ស​ស្ដាប់​រកនូវ​អ្វី ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ដើម្បី​ឲ្យ​ពរជ័យ​ដ៏​នៅអស់កល្ប​ជានិច្ច​អាច​កើតមាន ដល់​អស់​អ្នកដែល​គ្មាន​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ដើម្បី​ប្រកាស​ពី​សេចក្ដីពិត​គ្រឹះ ទាក់ទង​ទៅនឹង​អាពាហ៍ពិពាហ៍ និង​គ្រួសារ នោះ​មិន​ត្រូវ​មើល​រំលង ឬ​បន្ទាប​បន្ថោក​ពលិកម្ម និង​ជោគជ័យ​របស់​អស់​អ្នក​ដែល​មិន​បាន​ទទួល​ការណ៍​ដ៏​វិសេសវិសាល​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ។ អ្នក​ខ្លះ ត្រូវបាន​បដិសេធ​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍ ដោយសារ​មាន​ហេតុផល​ដូចជា កង្វះខាត​នូវ​លទ្ធភាព​មាន​កូន ការទាក់ទាញ​ចំណង់​ផ្លូវ​ភេទ​ដូចគ្នា ការអន់ថយ​ខាង​រាងកាយ ឬ​សតិអារម្មណ៍ ឬក៏​គ្រាន់តែ​ភ័យខ្លាច​បរាជ័យ ដែល​យ៉ាងហោច​ណាស់​ពេល​នោះ ធ្វើ​ឲ្យ​សេចក្ដីជំនឿ​ស្រអាប់ ។ ឬ​ថា អ្នក​អាច​បាន​រៀបការ​ហើយ ប៉ុន្ដែ​អាពាហ៍ពិពាហ៍​នោះ​បាន​ចប់ ហើយ​អ្នក​ត្រូវ​ទុក​ឲ្យ​ចាត់ចែង​តែម្នាក់ឯង នូវ​អ្វី​ដែល​មនុស្ស​ពីរនាក់​រួមគ្នា​ស្ទើរតែ​មិន​អាច​ទ្រាំទ្រ​បាន ។ អ្នកខ្លះ ដែល​បាន​រៀបការ​ហើយ មិន​អាច​មាន​កូនចៅ​បាន ទោះបីជា​ចង់​បាន​កូន​យ៉ាងខ្លាំង ហើយ​ទូល​អង្វរ​សុំ​ក្នុង​ការអធិស្ឋាន​ជាខ្លាំង​ក្ដី ។

« … ដោយ​មាន​ទំនុកចិត្ត យើង​សូម​ថ្លែង​ទីបន្ទាល់​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​ប្រមាណ​ដល់ ហើយ​នៅ​ទីបញ្ចប់ នឹង​សង​នូវ​ការខ្វះខាត និង​ការបាត់បង់​ទាំងអស់ ដល់​អ្នក​ដែល​បែរ​ទៅរក​ទ្រង់ ។ គ្មាន​នរណាម្នាក់ ត្រូវបាន​ចែង​ពីនាយ​មក​ឲ្យ​ទទួល​តិចជាង អ្វីៗ​ទាំងអស់ ដែល​ព្រះវរបិតា​មាន​សម្រាប់​កូនចៅ​របស់​ទ្រង់​នោះទេ » ( Why Marriage, Why Family,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ) ។

  • តើ​គោលលទ្ធិ​អ្វី ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​បង្រៀន អំពី​អ្នកដែល​នឹង​ទទួល​បាន​ពរជ័យ​ដ៏​អស្ចារ្យ​ពី​ព្រះ ? ( សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ ទទួល​បាន​នូវ​ពរជ័យ​ដែល​បាន​សន្យា​ទាំងអស់​ពី​ព្រះវរបិតា​របស់​យើង ដែល​គង់​នៅ​លើ​ស្ថានសួគ៌​នៅ​ទីបំផុត ) ។

  • តើ​បុគ្គល​ម្នាក់​ត្រូវតែ​ធ្វើអ្វីខ្លះ ដើម្បី​ទទួល​បាន​សេចក្ដីសង្ឃឹម ដែល​ត្រូវបាន​រៀបរាប់​នៅក្នុង​គោលលទ្ធិ​នេះ ?

សូម​បង្ហាញ​ការធានាអះអាង​ខាងក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« យើង​សូម​សន្យា​នឹង​អ្នក​ថា ដរាបណា​វា​ទាក់ទង​ទៅនឹង​ភាពអស់កល្ប​ជានិច្ច នោះ​គ្មាន​ព្រលឹង​ណាមួយ នឹង​ត្រូវបាន​ដកហូត​ចេញ​នូវ​ពរជ័យ​ដ៏​សម្បូរណ៍ និង​ខ្ពង់ខ្ពស់ និង​អស់កល្ប ដោយសារ​តែ​អ្វីៗ​ដែល​កើតឡើង​ដោយសារ​ស្ថានភាព​របស់​បុគ្គល​នោះ ដែល​មិនមែន​ជា​ជម្រើស​របស់​គាត់​នោះ យើង​ក៏​សូម​សន្យា​នឹង​អ្នក​ថា ព្រះអម្ចាស់​មិន​ដែល​បរាជ័យ​នៅក្នុង​សេចក្ដីសន្យា​របស់​ទ្រង់​ឡើយ ហើយ​ថា​រាល់​បុគ្គល​ដ៏​សុចរិត​គ្រប់រូប នឹង​ទទួល​បាន​នូវ​អ្វី​ទាំងអស់​ដែល​បុគ្គល​នោះ​ត្រូវ​ទទួល​បាន​នៅទីបំផុត ហើយ ដែល​គាត់​នឹង​មិន​បាត់បង់​តាមរយៈ​កំហុស​ណាមួយ​ដោយ​ខ្លួន​គេ​ផ្ទាល់​ឡើយ » ( The Importance of Celestial Marriage,Ensign ខែ តុលា​ឆ្នាំ ១៩៧៩ ទំព័រ ៥ ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ខណៈ​ពរជ័យ​ទាំងឡាយ​របស់​ព្រះ​ពេលខ្លះ​ត្រូវបាន​ពន្យារពេល តែ​វា​មិន​ដែល​ត្រូវបាន​បដិសេធ​មិន​ឲ្យ​នៅក្នុង​ភាពអស់កល្ប ចំពោះ​អស់អ្នក​ដែល​ព្យាយាម​រស់នៅ​ដោយ​សុចរិត​នោះ​ទេ ។

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​គំរូ​របស់​អ័ប្រាហាំ និង​សារ៉ាយ ដែល​បាន​ទទួល​សេចក្ដីសន្យា​មកពី​ព្រះ ទាក់ទងទៅនឹង​គ្រួសារ​របស់​ពួកគេ ដែល​ត្រូវបាន​ពន្យារពេល ឬ​មិន​បាន​បំពេញ​អំឡុងពេល​ជីវិត​រមែង​ស្លាប់​របស់​ពួកគាត់ ( សូមមើល លោកុប្បត្តិ ១៣:១៤–១៧; ១៥:៤–៧; ១៧:១–៨, ១៥–១៦ ) ។ សូម​រំឭក​សិស្ស​ថា ដូចជា​អ័ប្រាហាំ និង​សារ៉ាយ​ដែរ ពេលខ្លះ​សេចក្ដីជំនឿ​របស់​យើង​នឹង​ត្រូវបាន​ល្បង​មើល ដោយ​សេចក្ដីសន្យា​ទាំងឡាយ ដែល​ត្រូវបាន​ពន្យារពេល ឬ​មិន​បាន​បំពេញ​នៅក្នុង​ជិវិត​រមែងស្លាប់​នេះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ហេព្រើរ ១១:១, ៦ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​និយមន័យ​មួយ​នៃ សេចក្ដីជំនឿ 

  • តើ​ខទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​អត្ថន័យ​នៃ​សេចក្ដីជំនឿ ? ( សូម​រំឭក​សិស្ស​ឲ្យ​មើល​ទៅ ខ ១ លេខយោង ដែល​និយាយ​ថា ចិត្ត ក៏​អាច​មាន​ន័យ​ថា ការធានា​អះអាង មូលដ្ឋាន គ្រឹះ ។ សូម​ចងចាំ​ដើម្បី​ជួយ​ដល់​សិស្ស ឲ្យ​អភិវឌ្ឍ​ជំនាញ​សិក្សា​ព្រះគម្ពីរ ដោយ​ការយោង​ទៅលើ​ឧបករណ៍​សិក្សា​នៅអំឡុង​ពេល​រៀន​ក្នុង​ថ្នាក់ ) ។

  • តើ​ឃ្លា « សម្គាល់​ពី​ការដែល​មើល​មិន​ឃើញ » មាន​ន័យ​យ៉ាង​ណា ? ( សេចក្ដីជំនឿ គឺជា​ការអះអាង ឬ​ទីបន្ទាល់​មួយ​នៃ​ភាពពិត​ដែល​មើល​មិន​ឃើញ ។ ការធានា​អះអាង​អំពី​រឿង​ដែល​បាន​សង្ឃឹម​នេះ និង​រឿង​ដែល​មើល​មិន​ឃើញ កើតមាន​តែ​នៅពេល​ដែល​យើង​ធ្វើ​សកម្មភាព និង​គោរព​តាម​គោលការណ៍​ដំណឹងល្អ​ប៉ុណ្ណោះ —ជាពិសេស​នៅពេល​ដែល​វា​ពិបាក​ធ្វើ​តាម​ដូច្នោះ ។ សេចក្ដីជំនឿ គឺជា​សកម្មភាព​ប្រកប​ដោយ​ការគោរព​ប្រតិបត្តិ ដែល​នាំ​ឲ្យ​មាន​នូវ​អំណោយទាន​ខាង​វិញ្ញាណ​នៃ​ទីបន្ទាល់ ។ វា​គឺជា​ការជឿ និង​ការទុកចិត្ត​លើ​ព្រះអម្ចាស់ ល្មម​ដើម្បី​គោរព​តាម​ទ្រង់ ដោយ​មិន​មើលឃើញ​ជាមុន​នូវ​លទ្ធផល​នៅទីបញ្ចប់ ) ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់វេន​គ្នា​អាន ហេព្រើរ ១១:៨–១៣, ១៦ ឮៗ ខណៈ​ដែល​សិស្ស​ទាំងឡាយ​ផ្សេងទៀត​នៅក្នុង​ថ្នាក់​រកមើល របៀប​ដែល​អ័ប្រាហាំ និង​សារ៉ាយ បាន​អនុវត្ត​សេចក្ដីជំនឿ អំឡុងពេល​នៃ​ស្ថានភាព​លំបាក ។ សូម​ផ្ដល់​យោបល់​ដល់​សិស្ស​ថា ពួកគេ​អាច​គូសបន្ទាត់​ពី​ក្រោម​ពាក្យ និង​ឃ្លា ដែល​បង្ហាញ​ពី​របៀប​ដែល​អ័ប្រាហាំ និង​សារ៉ាយ បាន​អនុវត្ត​សេចក្ដីជំនឿ ។

  • ខ ១៣ ចែង​ថា ទោះបីជា​អ័ប្រាហាំ សារ៉ាយ និង​អ្នកផ្សេង​ជាច្រើន​ទៀត បាន​ស្លាប់​ដោយ​ឥត​បាន « ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន » ក៏​ពួកគេ​បាន​ឃើញ​សេចក្ដីសន្យា « ពី​ចម្ងាយ » ហើយ​បាន​មាន​សេចក្ដីជំនឿ​ទៅលើ​សមត្ថភាព​របស់​ព្រះ ក្នុង​ការបំពេញ​សេចក្ដីសន្យា​ទាំងនេះ ។ តើ​គំរូ​របស់​ពួកបរិសុទ្ធ​ពី​បុរាណ​ទាំងនេះ អាច​ជួយ​ដល់​ពួកបរិសុទ្ធ​សម័យ​ទំនើប ដែល​មាន​សេចក្ដីជំនឿ​ល្បងល ដោយសារ​តែ​ពួកគេ​មិន​ទទួល​បាន​នូវ​ពរជ័យ​ដែល​បាន​សន្យា​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ​ដោយ​របៀបណា ? ( យើង​ទាំងអស់​គ្នា ត្រូវតែ​រៀន​ពី​តម្រូវការ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ និង​គោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះអម្ចាស់ ទោះបីជា​នៅពេល​ដែល​ពរជ័យ ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ហាក់ដូចជា​មិន​កើតឡើង នៅពេល​យើង​ចង់​បាន​វា​ក្ដី ) ។

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ណា ដែល​ថា ពួកបរិសុទ្ធ​កាលពី​បុរាណ​ទាំងនេះ​បាន​រស់នៅ​ជា « អ្នកដទៃ ដែល​គ្រាន់តែ​សំណាក់​នៅលើ​ផែនដី​ប៉ុណ្ណោះ » ? ( ពួកគេ​បាន​ដឹង​ថា ជីវិត​រមែងស្លាប់ គឺ​ជា​ការណ៍​បណ្ដោះអាសន្ន ហើយ​ថា​ពិភពលោក​នេះ​មិនមែន​ជា​ផ្ទះ​អចិន្ដ្រៃយ៍​របស់​គេ​នោះទេ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ពរជ័យ​ខ្លះ​មិន​ឆាប់ ខ្លះ​មក​យឺត ហើយ​ខ្លះ​មិន​មក រហូតដល់​ស្ថានសួគ៌ ប៉ុន្ដែ​សម្រាប់​អស់​អ្នក​ដែល​ឱបក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ វា​នឹង​មក ។ ដោយសារ​ការណ៍​នោះ ខ្ញុំ​បាន​ពិសោធ​ខ្លួន​ឯង » ( An High Priest of Good Things to Come,Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ ) ។

  • តើ​ការដឹង​ថា គ្មាន​ពរជ័យ​ណា​នឹង​ត្រូវបាន​បដិសេធ​ដល់​ពួកអ្នក​ស្មោះត្រង់ អាច​ជួយ​សមាជិក​សាសនាចក្រ ដែល​មាន​អារម្មណ៍​សោកស្ដាយ ឬ​ក្រៀមក្រំ ដោយសារ​ពួកគេ​មិន​បាន​រៀបការ ឬ​មិន​មាន​កូនចៅ​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​គិត​ពី​គ្រា​មួយ ដែល​អ្នក​បាន​បាក់ទឹកចិត្ត ប៉ុន្ដែ​នៅតែ​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ហើយ​ឈាន​ទៅមុខ​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬទេ ?

បើ​ពេលវេលា​អនុញ្ញាត សូម​ចែកចាយ​ការប្រឹក្សា​ខាងក្រោម​មកពី​អែលឌើរ ដាល្លិន អេក អូក ៖

អែលឌើរ ដាល្លិន អេក អូក

« ប្រសិនបើ​អ្នក​គ្រាន់តែ​គូសចំណាំ​ពេលវេលា ហើយ​រង់ចាំ​ឲ្យ​អាពាហ៍ពិពាហ៍​មួយ​កើតឡើង នោះ​សូម​ឈប់​រង់ចាំ​ទៅ ។ អ្នក​អាច​នឹង​មិន​ដែល​មាន​ឱកាស សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​សមរម្យ​មួយ​នៅក្នុង​ជីវិត​នេះ​ទេ ដូច្នេះ​សូម​ឈប់​រង់ចាំ ហើយ​ចាប់ផ្ដើម​ធ្វើ​សកម្មភាព ។ រៀបចំ​ខ្លួន​អ្នក​សម្រាប់​ជីវិត—ទោះជា​ជីវិត​នៅលីវ​ក្ដី —ដោយ​ការអប់រំ បទពិសោធន៍ និង​គម្រោងការ ។ កុំ​ចាំ​ឲ្យ​សុភមង្គល​រត់មក​រក​អ្នក​នោះ ។ ចេញទៅ​រក​វា​ដោយ​ការបម្រើ និង​ការរៀនសូត្រ ។ បង្កើត​ជីវិត​មួយ​សម្រាប់​ខ្លួន​អ្នក ។ ហើយ​ទុកចិត្ត​លើ​ព្រះអម្ចាស់ » ( Dating versus Hanging Out,Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ១៤ ) ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទុកចិត្ត​លើ​សមត្ថភាព​របស់​ទ្រង់ ថា​នឹង​នាំ​មក​នូវ​ការបំពេញ​តាម​ពរជ័យ ដែល​បាន​សន្យា​ទាំងឡាយ ។

ការ​អាន​របស់​សិស្ស