មេរៀនទី ២០
ការការពារសេចក្ដីជំនឿ និងទីបន្ទាល់
សេចក្ដីផ្ដើម
ក្រុមគ្រួសារ និងបុគ្គលទាំងឡាយមានកាតព្វកិច្ចដ៏ពិសិដ្ឋមួយ ក្នុងការបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងបន្ដមានទីបន្ទាល់ដ៏រឹងមាំ ។ ព្រះអង្គសង្គ្រោះបានព្រមានថា នៅក្នុងថ្ងៃចុងក្រោយ សូម្បីតែ « ពួករើសតាំង » ក៏អាចត្រូវបានបញ្ឆោតដែរ ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២ ) ។ មេរៀននេះផ្ដោតលើការពង្រឹងដល់ទីបន្ទាល់ ដើម្បីការពារប្រឆាំងនឹងកម្លាំងរបស់មារសត្រូវ ដែលចង់បំផ្លាញសេចក្ដីជំនឿ ។
ការអានពីសាវតា
-
ឌៀថើរ អេស្វ អុជដូហ្វ “Come, Join with Us,”Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២១–២៤ ។
-
ជែហ្រ្វី អ័រ ហូឡែន « Lord, I Believe »Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៥ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូហាន ១៤:២៦–២៧; អេភេសូរ ៤:១១–១៤; នីហ្វៃទី ១ ១៥:២៣–២៤; នីហ្វៃទី ២ ៣១:១៩–២០; អាលម៉ា ៥:៤៥–៤៦; ហេលេមិន ៣:២៨–៣០; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១៣–១៤; ២១:៤–៦
ទីបន្ទាល់ដ៏រឹងមាំ ផ្ដល់នូវការការពារប្រឆាំងនឹងមារសត្រូវ
សូមពន្យល់ថា អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្លាប់បានមានប្រសាសន៍ម្ដងអំពី ឆ្កែចចកមួយហ្វូង ដែលដើរត្រាច់ចរនៅតាមស្រុកស្រែនៅក្នុងប្រទេស អ៊ុយក្រែន ជាច្រើនឆ្នាំកន្លងទៅ ។ អ្វីតែមួយគត់ដែលធ្វើឲ្យពួកវាភ័យខ្លាចនោះ គឺភ្លើង ។ នៅពេលប្រជាជនធ្វើដំណើរចេញពីទីក្រុង នោះពួកគេត្រូវដុតភ្នក់ភ្លើងឲ្យធំ ហើយទុកវាឲ្យឆេះទល់ភ្លឺដើម្បីបង្ក្រាបពួកឆ្កែចចកនោះ ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ៖
« អ្នកធ្វើដំណើរទាំងឡាយបានយល់ថា ការដុត និងការរក្សាភ្នក់ភ្លើងនោះឲ្យខ្លាំងឡើង មិនមែនត្រឹមតែជាបញ្ហាមួយនៃភាពសុខស្រួល ឬស្រណុកនោះទេ ប៉ុន្ដែវាគឺរឿងដើម្បីរស់ ។ …
« យើងមិនចាំបាច់ការពារខ្លួនយើងពីហ្វូងឆ្កែចចក នៅពេលដែលយើងធ្វើដំណើរឆ្លងកាត់ផ្លូវនៃជីវិតនាពេលសព្វថ្ងៃនេះនោះទេ ប៉ុន្ដែតាមអត្ថន័យខាងវិញ្ញាណមួយ នោះយើងពិតជាជួបប្រទះនឹង ឆ្កែចចកដ៏សាហាវរបស់សាតាំង ជាទម្រង់នៃការល្បួង សេចក្ដីអាក្រក់ និងអំពើបាប ។ យើងរស់នៅក្នុងជំនាន់ដ៏មានគ្រោះថ្នាក់ នៅពេលពួកឆ្កែចចកដ៏អត់ឃ្លានទាំងនេះ ដើរតា្រច់ចរកាត់ស្រុកស្រែខាងវិញ្ញាណដើម្បីរកមើលអស់អ្នកដែលអាចក្លាយជាទន់ខ្សោយខាងសេចក្ដីជំនឿ ឬអ្នកដែលងាយនឹងទាក់ទាញ ។ … យើងទាំងអស់គ្នាងាយនឹងត្រូវវាវាយប្រហារណាស់ ។ ទោះជាយ៉ាងណាក្ដី យើងអាចពង្រឹងកម្លាំងដល់ខ្លួនយើងដោយការការពារមួយ ដែលបានផ្ដល់ដោយការបញ្ឆេះទីបន្ទាល់មួយ ដែលប្រៀបដូចជាភ្នក់ភ្លើងដ៏ឆេះសន្ធោសន្ធៅ សមល្មម និងបន្ដថែភ្លើងនោះយ៉ាងយកចិត្តទុកដាក់ » ( “Spiritual Bonfires of Testimony,”Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៣៤ ) ។
-
ហេតុអ្វីបានជាការរក្សាឲ្យមានទីបន្ទាល់ដ៏រឹងមាំមួយ « ជារឿងដើម្បីរស់ » នៅក្នុងពិភពលោកបច្ចុប្បន្ននេះ ? ( ក្រោយពីមានការពិភាក្សាគ្នាខ្លះៗហើយ សូមសរសេរដូចខាងក្រោមនេះនៅលើក្ដារខៀន ៖ នៅពេលយើងពង្រឹងដល់ទីបន្ទាល់របស់យើង យើងនឹងមិនងាយត្រូវបានវាយប្រហារលើសេចក្ដីជំនឿរបស់យើងនោះទេ ) ។
-
តើការមានទីបន្ទាល់ដ៏រឹងមាំមួយ អាចជួយដល់អ្នកឲ្យពង្រឹងដល់សមាជិកគ្រួសារ និងអ្នកដទៃទៀតប្រឆាំងនឹងការវាយប្រហារមកលើសេចក្ដីជំនឿរបស់ពួកគេដោយរបៀបណា ?
សូមបង្ហាញ ឬសរសេរតារាងខាងក្រោមនេះនៅលើក្ដារខៀន ។ សូមកុំបញ្ចូលគោលការណ៍ដែលសរសេរដោយអក្សរដិតនៅក្នុងវង់ក្រចក ដោយសារគោលការណ៍ទាំងនេះផ្ដល់សម្រាប់អ្នកជាគ្រូបង្រៀនប៉ុណ្ណោះ ។ សូមឲ្យសិស្សអានខគម្ពីរទាំងឡាយនៅក្នុងជួរឈរមួយ ហើយរកមើលគោលការណ៍ដែលជួយការពារប្រឆាំងនឹងកម្លាំងដែលចង់ធ្វើឲ្យសេចក្ដីជំនឿចុះទន់ខ្សោយ ។ សូមឲ្យសិស្សសង្ខេបអ្វីដែលពួកគេបានអាន ទៅជាសេចក្ដីថ្លែងដ៏ច្បាស់លាស់មួយអំពីគោលលទ្ធិ ឬគោលការណ៍ ហើយបន្ទាប់មកសូមចែកចាយប្រយោគរបស់ពួកគេដល់ថ្នាក់ ។
( នៅពេលយើងបន្ដមានសេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួនទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចឈានទៅមុខនៅលើផ្លូវត្រង់ ហើយតូចចង្អៀត ដែលនាំទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ) ។ |
( នៅពេលយើងធ្វើតាមពួកសាវក ពួកព្យាការី និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀតរបស់ព្រះអម្ចាស់ នោះយើងអាចត្រូវបានការពារពីការបញ្ឆោត ) ។ |
( តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះព្រះអម្ចាស់អាចបញ្ចូនសេចក្ដីសុខសាន្ដ និងការដឹកនាំបាន នៅពេលសេចក្ដីជំនឿរបស់យើងត្រូវបានគេវាយប្រហារ ) ។ |
( ការតមអាហារ ការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ នឹងពង្រឹងដល់សេចក្ដីជំនឿ និងទីបន្ទាល់ ហើយវាជួយឲ្យយើងឈររឹងមាំប្រឆាំងនឹងឧបសគ្គ ) ។ |
-
តើគោលការណ៍ទាំងនេះបានពង្រឹងដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ឲ្យប្រឆាំងនឹងការវាយប្រហារលើសេចក្ដីជំនឿដោយរបៀបណា ?
-
តើអ្នកអាចប្រើព័ត៌មាននេះដើម្បីពង្រឹងដល់នរណាម្នាក់ដែលអ្នកស្គាល់ ដែលកំពុងតស៊ូនឹងសេចក្ដីជំនឿរបស់គាត់ដោយរបៀបណា ?
សូមរំឭកសិស្សដូចខាងក្រោមនេះ ៖ « សេចក្ដីជំនឿ គឺជាអំណោយទានមួយដែលព្រះបានប្រទាន ប្រៀបដូចជារង្វាន់មួយសម្រាប់ភាពសុចរិតផ្ទាល់ខ្លួនដូច្នោះដែរ ។ វាតែងតែត្រូវបានប្រទានមក នៅពេលដែលសេចក្ដីសុចរិតកើតមាន ហើយកាលណាការគោរពតាមច្បាប់របស់ព្រះកាន់តែខ្លាំង នោះការប្រសិទ្ធពរដល់សេចក្ដីជំនឿកាន់តែធំឡើង » ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Mormon Doctrine, បានកែសម្រួលលើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៦៤ ) ។ សូមថ្លែងទីបន្ទាល់ថា ការមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ការធ្វើតាមពួកព្យាការី ការស្វែងរកព្រះវិញ្ញាណ និងការសិក្សាព្រះគម្ពីរ នឹងជួយការពារ ព្រមទាំងពង្រឹងដល់ទីបន្ទាល់ ។ នៅពេលយើងខកខានមិនបានធ្វើរឿងទាំងនេះ នោះសេចក្ដីជំនឿអាចចុះទន់ខ្សោយ ហើយទីបន្ទាល់ទាំងឡាយនឹងបាត់បង់ទៅ ។
សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះឮៗ ដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីបញ្ជាក់បង្ហាញពីចំណុចនេះ ៖
« អ្នកផ្សព្វផ្សាយសាសនាដ៏ល្អម្នាក់របស់ខ្ញុំ ដែលបានបម្រើជាមួយនឹងខ្ញុំ នៅពេលខ្ញុំជាប្រធានបេសកកម្មនៅទីក្រុងតូរុណតូ បានមកជួបនឹងខ្ញុំជាច្រើនឆ្នាំកន្លងទៅ ។ ខ្ញុំបានសួរគាត់ថា ‹ អែលឌើរ តើខ្ញុំអាចជួយអែលឌើរបានដោយរបៀបណា › ?
« គាត់បាននិយាយថា ‹ លោកប្រធាន ខ្ញុំគិតថា ខ្ញុំកំពុងតែបាត់បង់ទីបន្ទាល់របស់ខ្ញុំ › ។
« ខ្ញុំមិនអាចជឿទាល់តែសោះ ។ ខ្ញុំបានសួរគាត់ថា តើវាកើតមានដោយរបៀបណា ។
« គាត់បាននិយាយថា ‹ ខ្ញុំបានអានឯកសារអំពីពួកអ្នកប្រឆាំងមរមនខ្លះ ជាលើកដំបូង › ។ ‹ ខ្ញុំមាននូវសំណួរខ្លះៗ ហើយគ្មាននរណាម្នាក់នឹងឆ្លើយវាប្រាប់ខ្ញុំនោះទេ › ។ ខ្ញុំមានការភាន់ច្រឡំ ហើយខ្ញុំគិតថា ខ្ញុំបានបាត់បង់ទីបន្ទាល់របស់ខ្ញុំហើយ › ។
« ខ្ញុំបានសួរគាត់អំពីសំណួរដែលគាត់បានមាន ហើយគាត់បានប្រាប់ខ្ញុំ ។ វាគឺជាបញ្ហាដែលពួកអ្នកប្រឆាំងនឹងសាសនាចក្រមានជាធម្មតា ប៉ុន្ដែខ្ញុំចង់មានពេលបន្ដិចដើម្បីប្រមូលឯកសារនានា ដែលខ្ញុំអាចផ្ដល់ជាចម្លើយដ៏មានអត្ថន័យ ។ ដូច្នេះ យើងបានដាក់ពេលវេលាណាត់ជួបមួយ ១០ ថ្ងៃក្រោយមក ជាពេលដែលខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងឆ្លើយប្រាប់នូវរាល់សំណួររបស់គាត់វិញ ។ នៅពេលគាត់បានរៀបនឹងចេញទៅ ខ្ញុំបានឃាត់គាត់បន្តិច ។
« ខ្ញុំបាននិយាយថា ‹ អែលឌើរ ! អែលឌើរ បានសួរខ្ញុំបីបួនសំណួរថ្ងៃនេះនៅទីនេះ › ។ ‹ ឥឡូវ ខ្ញុំមានសំណួរមួយដល់អែលឌើរ › ។
« ‹ បាទ ប្រធាន ? ›
« ខ្ញុំបានសួរថា ‹ តើវាមានរយៈពេលយូរប៉ុណ្ណាហើយ ចាប់តាំងពីអែលឌើរបានអានព្រះគម្ពីរមរមនលើកចុងក្រោយនោះ ? ›
« គាត់បានទម្លាក់មុខចុះ ។ គាត់បានសំឡឹងមើលទៅក្រោមមួយសន្ទុះ ។ ហើយបន្ទាប់មក គាត់បានមើលមកខ្ញុំ ។ គាត់បានសារភាពថា ‹ វាយូរមកហើយ ប្រធាន › ។
« ខ្ញុំបាននិយាយថា ‹ មិនអីទេ › ។ ‹ អែលឌើរ បានផ្ដល់ដល់ខ្ញុំនូវកិច្ចការរបស់ខ្ញុំ › ។ វានឹងយុត្តិធម៌បាន ទាល់តែខ្ញុំផ្ដល់ចម្លើយដល់សំណួររបស់អែលឌើរវិញ ។ ខ្ញុំចង់ឲ្យអែលឌើរ សន្យានឹងខ្ញុំថា អែលឌើរ នឹងអានព្រះគម្ពីរមរមនយ៉ាងហោចណាស់មួយម៉ោងរាល់ថ្ងៃ ចាប់ពីពេលឥឡូវនេះ រហូតដល់ពេលយើងជួបគ្នាម្ដងទៀត › ។ គាត់បានយល់ព្រមថា គាត់នឹងធ្វើដូច្នោះ ។
« ដប់ថ្ងៃក្រោយមក គាត់បានត្រឡប់មកកាន់ការិយាល័យរបស់ខ្ញុំ ហើយខ្ញុំបានត្រៀមខ្លួនជាស្រេច ។ ខ្ញុំបានទាញចេញនូវឯកសាររបស់ខ្ញុំដើម្បីចាប់ផ្ដើមឆ្លើយនឹងសំណួររបស់គាត់ទាំងឡាយ ប៉ុន្ដែគាត់បានផ្អាកខ្ញុំ ។
« គាត់បាននិយាយថា ‹ លោកប្រធាន វាមិនចាំបាច់នោះទេ › ។ បន្ទាប់មក គាត់បានពន្យល់ ៖ ‹ ខ្ញុំដឹងថា ព្រះគម្ពីរមរមនគឺពិត ។ ខ្ញុំដឹងថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីរបស់ព្រះម្នាក់ › ។
« ខ្ញុំបាននិយាយថា ‹ អញ្ចឹង ល្អហើយ › ។ ‹ ប៉ុន្ដែ អែលឌើរនៅតែនឹងទទួលបានចម្លើយចំពោះសំណួររបស់អែលឌើរដដែល ។ ខ្ញុំបានចំណាយពេលស្រាវជ្រាវវា ដូច្នេះ អែលឌើរគ្រាន់តែអង្គុយចុះ ហើយស្ដាប់ទៅបានហើយ › ។
« ហើយដូច្នេះ ខ្ញុំបានឆ្លើយនូវសំណួររបស់គាត់ទាំងអស់ ហើយបន្ទាប់មក ខ្ញុំបានសួរ ‹ អែលឌើរ តើអែលឌើរបានរៀនអ្វីខ្លះពីការណ៍នេះ ? ›
« គាត់បានឆ្លើយថា ‹ ថ្វាយពេលស្មើគ្នាដល់ព្រះអម្ចាស់ › ។
« សូមឲ្យយើងចងចាំជានិច្ចពីគំនិតនៅក្នុងគំនិតរបស់យើងនោះ ហើយយកវាតាមខ្លួនយើង នៅពេលយើងដើរកាត់ដំណើរនៃជីវិតរមែងស្លាប់នេះ ។ ចូរយើងថ្វាយពេលស្មើគ្នាដល់ព្រះអម្ចាស់ » ( “When Shall These Things Be?”Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៦០ ) ។
-
តើអ្នកបានរៀនអ្វីខ្លះ ចេញពីបទពិសោធន៍ដែលអែលឌើរ បាឡឺដ បានចែកចាយនេះ ?
-
តើការថ្វាយដល់ព្រះអម្ចាស់នូវ « ពេលស្មើគ្នា » នៅក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតគ្រួសាររបស់អ្នក អាចពង្រឹងដល់អ្នក និងគ្រួសាររបស់អ្នកតបតនឹងសាតាំងដោយរបៀបណា ?
-
តើការអនុវត្តគោលការណ៍ទាំងនេះនាពេលនេះ អាចរៀបចំអ្នកឲ្យកាន់តែក្លាយទៅជាស្វាមី ឬភរិយា និងឪពុក ឬម្ដាយដ៏ល្អប្រសើរដោយរបៀបណា ?
សូមបញ្ចប់ផ្នែកនេះនៃមេរៀននេះ ដោយការសុំឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដោយអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅពេលយើងអធិស្ឋានយ៉ាងខ្ជាប់ខ្ជួនទាំងពេលព្រឹក និងពេលយប់ សិក្សាព្រះគម្ពីររបស់យើងប្រចាំថ្ងៃ ធ្វើរាត្រីជួបជុំក្រុមគ្រួសាររាល់សប្ដាហ៍ ហើយចូលរួមក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ នោះយើងនឹងឆ្លើយតបទៅនឹងការអញ្ជើញ [ របស់ព្រះយេស៊ូវគ្រីស្ទ ] ឲ្យ ‹ មករកទ្រង់ › យ៉ាងសកម្ម ។ កាលណាយើងអភិវឌ្ឍទម្លាប់ទាំងនេះបានកាន់តែខ្លាំង នោះសាតាំងកាន់តែរំជួលខ្លាំងឡើងចង់ធ្វើបាបយើង ប៉ុន្ដែសមត្ថភាពរបស់វាក្នុងការធ្វើដូច្នោះកាន់តែអន់ថយទៅ ។ តាមរយៈការប្រើប្រាស់ឧបករណ៍ទាំងនេះ យើងកំពុងតែអនុវត្តឯកសិទ្ធិរបស់យើងដើម្បីទទួលយកអំណោយទានដ៏ពេញលេញនៃពលិកម្មដ៏ធួនរបស់ទ្រង់ ។
« … ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងមករកទ្រង់យ៉ាងសកម្ម នោះយើងអាចស៊ូទ្រាំនឹងការល្បួងគ្រប់យ៉ាង ការឈឺចិត្តគ្រប់បែប រាល់ឧបសគ្គគ្រប់ធន់ដែលយើងនឹងជួបប្រទះ » ( “Make the Exercise of Faith Your First Priority,”Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៤ ) ។
សូមសួរសិស្ស បើសិនជាពួកគេណាម្នាក់អាចចែកចាយនូវបទពិសោធន៍មួយ ដែលមិនផ្ទាល់ខ្លួនពេក ដែលពួកគេបានយកឈ្នះលើឧបសគ្គទាំងឡាយចំពោះសេចក្ដីជំនឿរបស់គេ ។
លូកា ២២:៣១–៣២;នីហ្វៃទី ៣ ១៨:៣២; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៧–៨
ការពង្រឹងដល់សេចក្ដីជំនឿរបស់អ្នកដទៃ
សូមសុំឲ្យសិស្សក្នុងថ្នាក់លើកដៃ បើពួកគេស្គាល់នរណាម្នាក់ ដែលកំពុងមានឧបសគ្គក្នុងការបន្ដថែរក្សាទីបន្ទាល់របស់គេ ។
សូមឲ្យសិស្សសិក្សា និងប្រៀបធៀប លូកា ២២:៣១–៣២; នីហ្វៃទី ៣ ១៨:៣២; និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៧–៨ ដើម្បីរៀនពីកាតព្វកិច្ចដែលយើងមាន ក្នុងនាមជាសមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រនេះ ជាពិសេសចំពោះសមាជិកគ្រួសារ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀន ។ សិស្សគួរតែយល់ពីគោលការណ៍ដែលមានដូចតទៅនេះ ៖ នៅពេលយើងបានប្រែចិត្តជឿលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះយើងមាននូវកាតព្វកិច្ចមួយ ដើម្បីពង្រឹងដល់សេចក្ដីជំនឿរបស់អ្នកដទៃ ។
សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះដោយប្រធាន ថូម៉ាស អេស ម៉នសុន ៖
« ខ្ញុំបានឃើញថា មានមូលហេតុគ្រឹះពីរ ដែលនាំឲ្យមានការត្រឡប់ទៅរកសកម្មភាព និងនាំឲ្យមានការផ្លាស់ប្ដូរដ៏ធំនៃឥរិយាបថ ទម្លាប់ និងទង្វើនានា ។ ទីមួយ បុគ្គលទាំងឡាយត្រឡប់មកវិញ ដោយសារមាននរណាម្នាក់បានបង្ហាញដល់ពួកគេពីសក្ដានុពលដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ ហើយបានជួយពួកគេឲ្យសម្រេចចិត្តដើម្បីសម្រេចបានកិច្ចការទាំងនោះ ។ ពួកអ្នកមិនសូវសកម្ម មិនអាចសម្រាកបានយូរនៅក្នុងភាពអន់ខ្សោយ នៅពេលដែលពួកគេឃើញថា ពួកគេអាចឈោងទៅដល់ភាពល្អប្រសើរបំផុតនោះបាន ។
« ទីពីរ អ្នកផ្សេងទៀតត្រឡប់មកវិញ ដោយសារមនុស្សជាទីស្រឡាញ់ ឬ ‹ ជាជាតិតែមួយនឹងពួកបរិសុទ្ធ › [ អេភេសូរ ២:១៩ ] ដែលបានធ្វើតាមការដាស់តឿនរបស់ព្រះអង្គសង្គ្រោះ បានស្រឡាញ់ដល់អ្នកជិតខាងរបស់ខ្លួនដូចជាខ្លួនឯង ហើយបានជួយអ្នកដទៃ ឲ្យបំពេញតាមក្ដីស្រមៃរបស់ពួកគេ និងជួយឲ្យមហិច្ឆិតារបស់ពួកគេបានក្លាយជាការពិត ។
« កាតាលីករនៅក្នុងដំណើរការនេះធ្លាប់ជា—ហើយនឹងនៅតែបន្ដជា—គោលការណ៍នៃសេចក្ដីស្រឡាញ់ » ( “Our Responsibility to Rescue,”Ensign ខែ តុលា ឆ្នាំ ២០១៣ ទំព័រ ៥ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជា សេចក្ដីស្រឡាញ់ គឺជាកាតាលីករមួយដ៏សំខាន់នៅក្នុងការពង្រឹងដល់សេចក្ដីជំនឿរបស់អ្នកដទៃ ?
-
តើអ្នក ឬ មនុស្សដែលអ្នកស្គាល់ បានធ្វើអ្វីខ្លះ ដើម្បីជួយពង្រឹងដល់សេចក្ដីជំនឿរបស់នរណាម្នាក់ ដែលកំពុងជួបបញ្ហាខាងវិញ្ញាណនោះ ?
-
តើអ្នកធ្វើតាមជំហានអ្វីខ្លះ ដើម្បីកាន់តែមានប្រសិទ្ធិភាពនៅក្នុងការពង្រឹងដល់សេចក្ដីជំនឿរបស់អ្នកដទៃ ?
សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់របស់អ្នកថា សិស្សអាចជួយស្ដារឡើងវិញ និងពង្រឹងដល់សេចក្ដីជំនឿរបស់មិត្តភក្ដិរបស់ពួកគេ និងគ្រួសាររបស់ពួកគេ នៅពេលពួកគេបង្ហាញសេចក្ដីស្រឡាញ់ និងធ្វើតាមគោលការណ៍ដែលបានពិភាក្សានៅក្នុងមេរៀននេះ ។
ការអានរបស់សិស្ស
-
លូកា ២២:៣១-៣២;យ៉ូហាន ១៤:២៦–២៧; អេភេសូរ ៤:១១–១៤; នីហ្វៃទី ១ ១៥:២៣–២៤; នីហ្វៃទី ២ ៣១:១៩–២០; អាលម៉ា ៥:៤៥–៤៦; ហេលេមិន ៣:២៨–៣០; នីហ្វៃទី ៣ ១៨:៣២; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១៣–១៤; ២១:៤–៦; ១០៨:៧–៨ ។
-
ជែហ្រ្វី អ័រ ហូឡែន « Lord, I Believe »Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៥ ។