មេរៀនទី ២១
ការចិញ្ចឹមកូនៗដោយសេចក្ដីស្រឡាញ់ និងសុចរិតភាព
សេចក្ដីផ្ដើម
« ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយសេចក្ដីស្រឡាញ់ និងសុចរិតភាព » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ឪពុកម្ដាយជួយសម្រេចឲ្យបាននូវកាតព្វកិច្ចនេះ នៅពេលពួកគេបង្ហាញសេចក្ដីស្រឡាញ់ ព្រមទាំងទីបន្ទាល់របស់ពួកគេ ជាសម្ដី និងសកម្មភាព ហើយបង្កើតនូវទម្លាប់ដ៏ទៀងទាត់មួយក្នុងការធ្វើរាត្រីជួបជុំក្រុមគ្រួសារ ការអធិស្ឋានជាគ្រួសារ និងការសិក្សាព្រះគម្ពីរជាគ្រួសារ ។
ការអានពីសាវតា
-
រីឆាត ជី ស្កត « Make the Exercise of Faith Your First Priority » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩២–៩៥ ។
-
ជែហ្វ្រី អ័រ ហូឡិន “A Prayer for the Children,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៨៥–៨៧ ។
យោបល់សម្រាប់ការបង្រៀន
លូកា ១៥:១១-២០; អេភេសូរ ៦:៤
ទំនួលខុសត្រូវរបស់ឪពុកម្ដាយដែលត្រូវស្រឡាញ់ និងចិញ្ចឹមបីបាច់កូនចៅរបស់ពួកគេ
សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« កាលកូនស្រីពៅរបស់យើងមានអាយុប្រហែលបួនឆ្នាំ មានល្ងាចមួយនោះ ខ្ញុំត្រឡប់មកផ្ទះពីភារកិច្ចនៅមន្ទីរពេទ្យវិញយឺតបន្តិច ។ ខ្ញុំបានឃើញភរិយារបស់ខ្ញុំនឿយហត់យ៉ាងខ្លាំង ។ … ដូច្នេះ ខ្ញុំបានស្ម័គ្រចិត្តយកកូនស្រីអាយុបួនឆ្នាំរបស់ខ្ញុំទៅគេង ។ ខ្ញុំបានចាប់ផ្ដើមចេញបញ្ជា ៖ ‹ ដោះខោអាវកូនចេញ ហើយព្យួរវាឡើង ស្លៀកខោអាវគេង ដុសធ្មេញ ហើយអធិស្ឋានផងណាកូន › ជាដើម ដោយបញ្ជាតាមរបៀបមួយ ដែលសមនឹងធ្វើដាក់ពលបាលត្រីដ៏ពិបាកមួយនៅក្នុងជួរកងទ័ព ។ រំពេចនោះ នាងបានផ្អៀងក្បាលទៅមួយចំហៀង ហើយមើលមកខ្ញុំដោយការតាំងចិត្ត ហើយបាននិយាយថា ‹ ប៉ា តើប៉ាជាម្ចាស់របស់ខ្ញុំឬ › ?
« នាងបានបង្រៀនខ្ញុំពីមេរៀនដ៏សំខាន់មួយ ។ … ទេ យើងមិនមែនជាម្ចាស់របស់កូនចៅយើងនោះទេ ។ ឯកសិទ្ធិជាឪពុកម្ដាយរបស់យើង គឺត្រូវស្រឡាញ់ពួកគេ ដឹកនាំពួកគេ ហើយអនុញ្ញាតឲ្យពួកគេធ្វើ » ( “Listen to Learn,”Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ២២ ) ។
-
តើអែលឌើរ ណិលសុន បានបង្រៀននូវគោលការណ៍អ្វី ចេញពីបទពិសោធន៍នេះ ? ( ឪពុកម្ដាយមានឯកសិទ្ធិក្នុងការស្រឡាញ់ និងដឹកនាំកូនចៅរបស់ពួកគេ ) ។
សូមអាន ឬបង្ហាញនូវការថ្លែងខាងក្រោមនេះ ដែលដកស្រង់ចេញពីការប្រកាសអំពីក្រុមគ្រួសារ ហើយសូមឲ្យសិស្សរកមើលពាក្យ និងឃ្លាគន្លឹះនានា ៖ « ស្វាមី និងភរិយាមានការទទួលខុសត្រូវដ៏ឧឡារិកដើម្បីស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក ព្រមទាំងកូនចៅរបស់ខ្លួនផងដែរ ។ … ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្ដីស្រឡាញ់ និងសេចក្ដីសុចរិត » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ សូមសួរសិស្សពីពាក្យ និងឃ្លាដែលបំផុសដល់ពួកគេ និង ប្រាប់ពីមូលហេតុផង ។ ប្រសិនបើចាំបាច់ សូមសួរ ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាពាក្យ « ដ៏ឧឡារិក » និង « ដ៏ពិសិដ្ឋ » ត្រូវបានប្រើដើម្បីរៀបរាប់ពីទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ឪពុកម្ដាយ ?
សូមប្រាប់សិស្សថា ព្រះអង្គសង្គ្រោះបានបង្រៀននូវដំណើររឿងប្រៀបធៀបមួយ ដែលបង្ហាញពីរបៀបដែលកូនក្មេងម្នាក់ ដែលត្រូវបានចិញ្ចឹមបីបាច់ដោយសេចក្ដីស្រឡាញ់ អាចនឹងបន្ដទុកចិត្តលើទំនាក់ទំនងគ្រួសាររបស់គាត់ ឬនាងបាន ។ សូមឲ្យសិស្សអានក្នុង លូកា ១៥:១១-២០ ដោយស្ងាត់ស្ងៀម ដោយរកមើលភស្ដុតាងដែលថា កូនប្រុសដែលបង្ហិនទ្រព្យនោះបានដឹងថា គាត់ត្រូវបានស្រឡាញ់ដោយឪពុករបស់គាត់ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ។
ដើម្បីជួយសិស្សឲ្យយល់ពីឪពុកដែលនៅក្នុងរឿងប្រៀបធៀបនេះ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឮៗ ៖
« នៅក្នុងរឿងប្រៀបធៀបនៃកូនប្រុសបង្ហិនទ្រព្យ យើងឃើញមានមេរៀនដ៏មានអានុភាពមួយ សម្រាប់គ្រួសារ និងជាពិសេសចំពោះឪពុកម្ដាយ ។ ក្រោយពីកូនប្រុសពៅ ‹ ភ្ញាក់ខ្លួនដឹង › [ លូកា ១៥:១៧ ] នោះគាត់បានសម្រេចចិត្តថាទៅផ្ទះវិញ ។
« តើគាត់បានដឹងថា ឪពុករបស់គាត់ នឹងមិនបដិសេធគាត់ដោយរបៀបណា ? ដោយសារគាត់បានស្គាល់ឪពុករបស់គាត់ ។ តាមរយៈការយល់ខុស វិបត្តិ និងភាពល្ងង់ខ្លៅនៃភាពយុវវ័យដែលមិនអាចចៀសវាងបានរបស់កូនប្រុសនោះ ខ្ញុំអាចស្រមៃពីឪពុករបស់គាត់ដែលរង់ចាំនៅទីនោះ ដោយមានការយល់ចិត្ត និងដួងចិត្តមេត្តាករុណា ផ្ដល់ចម្លើយដ៏ស្រទន់ ស្ដាប់ដល់កូនបរិយាយ និងឱបក្រសោបកូនដោយមិនប្រកាន់ទោសពៃ ។ ខ្ញុំក៏អាចស្រមៃពីកូនប្រុសរបស់គាត់ ដែលដឹងថា គាត់អាចត្រឡប់មកផ្ទះវិញបាន ដោយសារគាត់បានស្គាល់ពីប្រភេទផ្ទះដែលកំពុងរង់ចាំដល់គាត់ ( “With All the Feeling of a Tender Parent: A Message of Hope to Families,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩០ ) ។
-
តើមានការបង្ហាញសេចក្ដីស្រឡាញ់របស់ឪពុកម្នាក់នេះ អ្វីខ្លះ ដែលអែលឌើរ ហែល បានរកឃើញ ? តើទង្វើរបស់ឪពុកម្ដាយផ្សេងទៀតអ្វីខ្លះ ដែលនាំទៅរកបរិយាកាសគេហដ្ឋានមួយដ៏ប្រកបដោយសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់នោះ ? ( សូមពិចារណាពីការប្រើ អេភេសូរ ៦:៤ ដើម្បីបំពេញបន្ថែមនៅក្នុងការពិភាក្សានៅក្នុងថ្នាក់សម្រាប់សំណួរមួយនេះ ) ។
-
តើអ្នកបានឃើញគំរូអ្វីខ្លះ ពីឪពុកម្ដាយ ដែលបង្ហាញសេចក្ដីស្រឡាញ់ដល់កូនចៅរបស់ពួកគេ ?
-
តើអ្នកអាចធ្វើអ្វីបានខ្លះ នាពេលឥឡូវនេះ ដើម្បីរៀបចំ ដើម្បីចេះស្រឡាញ់ និងថែទាំដល់កូនចៅផ្ទាល់របស់អ្នកនៅថ្ងៃណាមួយនោះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥-២៨; ៩៣:៣៦-៤០
ការចិញ្ចឹមកូនៗដោយសុចរិតភាព
សូមបង្ហាញដល់សិស្សនូវរូបភាពមួយអំពីកូនក្មេងម្នាក់ ប្រហែលជាកូនរបស់អ្នកផ្ទាល់ក៏បាន ។
-
តើការបង្រៀនដ៏ចាំបាច់អ្វីខ្លះ ដែលកូនក្មេងម្នាក់ត្រូវការដើម្បីអភិវឌ្ឍខាងវិញ្ញាណឲ្យបានល្អប្រសើរនោះ ?
សូមសិស្សឲ្យពិចារណាអំពីសំណួរនេះ នៅពេលពួកគេសិក្សា និងប្រៀបធៀបការបង្រៀនទាំងឡាយដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៣៦–៤០ និង ៦៨:២៥–២៨ ។ ( កំណត់ចំណាំ ៖ « សារលិខិតមួយនៃបទគម្ពីរ ឬ គោលលទ្ធិ ឬ គោលការណ៍មួយ តែងតែបានបញ្ជាក់ នៅពេលវាត្រូវបានប្រៀបធៀបគ្នា » ជាមួយនឹងសារលិខិតនៃបទគម្ពីរផ្សេងទៀត [ Gospel Teaching and Learning ( ឆ្នាំ ២០១២ ) ទំព័រ ២២ ] ) ។
-
តើគោលការណ៍ទាក់ទងទៅនឹងទំនួលខុសត្រូវរបស់ឪពុកម្ដាយអ្វីខ្លះដែលយើងអាចរៀនពីខគម្ពីរទាំងនេះ ? ( ទោះបីជាពួកគេអាចប្រើសម្ដីខុសគ្នាមែន ក៏សិស្សគួរតែយល់ពីគោលការណ៍ដែលមានដូចតទៅនេះ ៖ ឪពុកម្ដាយត្រូវស្ដាប់តាមបង្គាប់របស់ព្រះអម្ចាស់ នៅពេលពួកគេចិញ្ចឹមកូនចៅរបស់ពួកគេមកក្នុងពន្លឺ និងសេចក្ដីពិត ។ សូមពន្យល់ថា នៅក្នុងបរិបទនៃខគម្ពីរទាំងនេះ « ពន្លឺ » សំដៅទៅលើចំណេះដឹងខាងវិញ្ញាណ និងការយល់ដឹងពីគោលការណ៍ដ៏សុចរិតទាំងឡាយ ) ។
-
ហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់ឪពុកម្ដាយ ដែលត្រូវបង្រៀនកូនចៅពីគោលការណ៍ និងពិធីបរិសុទ្ធនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នៅក្នុងគេហដ្ឋានរបស់ពួកគេនោះ ?
ដើម្បីជួយឆ្លើយនឹងសំណួរនេះ សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ព្រះគម្ពីរនិយាយអំពីកាលដែលព្រះអម្ចាស់មានព្រះបន្ទូលថា ការ ‹ យកសេចក្តីជំនឿទុកជាខែល ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់ពួកទុច្ចរិត ដោយសារខែលនោះបាន › ( គ. និង ស. ២៧:១៧ ) ។
« ខែលនៃសេចក្ដីជំនឿនោះ បានផលិតយ៉ាងល្អបំផុតនៅក្នុងឧស្សាហកម្មតូចមួយ [ គឺ នៅក្នុងផ្ទះ ] ។ ខណៈដែលខែលនោះ អាចត្រូវបានដុសខាត់ឲ្យរលោងនៅក្នុងថ្នាក់រៀននៃសាសនាចក្រ និងនៅក្នុងសកម្មភាពនានា វាមានបំណងឲ្យផលិតដោយដៃឡើងនៅក្នុងផ្ទះ ហើយឲ្យសមល្មមនឹងបុគ្គលម្នាក់ៗ » (“Do Not Fear,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧៩ ) ។
-
តើអ្នកបានឃើញថា ឪពុកម្ដាយបានបង្រៀនកូនចៅរបស់ពួកគេនូវគោលការណ៍ដ៏សុចរិត ដែលដឹកនាំពួកគេទៅរកពន្លឺ និងសេចក្ដីពិតដោយរបៀបណា ?
-
តើមានផលវិបាកអ្វីខ្លះ ដែលបានលើកឡើងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥ សម្រាប់ឪពុកម្ដាយ ដែលស្គាល់ពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ប៉ុន្ដែខកខានមិនបានបង្រៀនដល់កូនចៅរបស់ពួកគេអំពីគោលការណ៍ដំណឹងល្អទាំងនោះ ? ( សូមជួយសិស្សឲ្យយល់ពីគោលការណ៍ដែលមានដូចតទៅនេះ ៖ ឪពុកម្ដាយ ដែលស្គាល់ពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងត្រូវទទួលខុសត្រូវចំពោះព្រះ ប្រសិនបើពួកគេខកខានមិនបានបង្រៀនដល់កូនចៅរបស់ពួកគេនូវគោលការណ៍ដំណឹងល្អទេនោះ ) ។
សូមពន្យល់ថា ថ្នាក់ដឹកនាំសាសនាចក្របានបញ្ជាក់ម្ដងហើយម្ដងទៀតនូវការអនុវត្តដ៏សុចរិតទាំងឡាយ ដែលឪពុកម្ដាយ គួរធ្វើនៅក្នុងគេហដ្ឋាន ដើម្បីបង្រៀនដល់កូនចៅរបស់ពួកគេនូវគោលការណ៍ដំណឹងល្អទាំងនោះ ។
សូមចែកក្រដាសដែលមាននៅចុងមេរៀននេះដល់សិស្សម្នាក់ៗ ហើយអានការណែនាំនៅលើក្រដាសចែកនោះ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ និងដោយមានការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះ មកពីការអនុវត្តទាំងបីនេះនៅក្នុងគ្រួសារ ?
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ក្នុងការអភិវឌ្ឍនូវទម្លាប់នៃការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការធ្វើរាត្រីជួបជុំក្រុមគ្រួសារ មុនពេលអ្នករៀប និងពេលចាប់ផ្ដើមមានកូនចៅ ?
ដើម្បីជួយសិស្សយល់ថា មានរបៀបផ្សេងៗទៀត ដែលឪពុកម្ដាយអាចបង្រៀនគោលការណ៍ដំណឹងល្អដល់កូនចៅរបស់ពួកគេបាន នោះសូមចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ដាវីឌ អេ បែដណា និង ជែហ្វ្រី អ័រ ហូឡិន ៖
« ឪពុកម្ដាយគួរតែយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន និងថែទាំខាងវិញ្ញាណ ចំពោះឱកាសដែលកើតឡើងដោយចៃដន្យ ដើម្បីថ្លែងទីបន្ទាល់ដល់កូនចៅរបស់ពួកគេ ។ ឱកាសបែបនោះ មិនត្រូវការមានកម្មវិធី កាលវិភាគ ឬសរសេរទុកជាមុននោះទេ ។ តាមពិតទៅ កាលណាការចែកចាយទីបន្ទាល់បែបនោះកាន់តែសាមញ្ញ នោះការស្ថាបនា និងឥទ្ធិពលរបស់វានឹងមានយូរអង្វែង និងអស្ចារ្យកាន់តែខ្លាំងឡើង ។ …
« ឧទាហរណ៍ ការសន្ទនាក្នុងក្រុមគ្រួសារដែលកើតឡើងតាមធម្មតា នៅពេលញ៉ាំអាហារពេលល្ងាច អាចជាកន្លែងដ៏ល្អបំផុតសម្រាប់ឪពុកម្ដាយឲ្យរ៉ាយរ៉ាប់ និងថ្លែងទីបន្ទាល់អំពីពរជ័យជាក់លាក់ ដែលគាត់បានទទួល អំឡុងពេលដំណើរជីវិតនៃសកម្មភាពជាទៀងទាត់នៅថ្ងៃនោះ » ( ដាវីឌ អេ បែដណា “Watching with All Perseverance,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤២ ) ។
« សូមរស់នៅតាមដំណឹងល្អ ឲ្យបានឃើញជាក់ស្ដែង តាមដែលអ្នកអាចធ្វើទៅបាន ។ សូមកាន់តាមសេចក្ដីសញ្ញា ដែលកូនៗរបស់អ្នកបានដឹងថា អ្នកបានធ្វើវានោះ ។ សូមផ្ដល់ការប្រសិទ្ធពរបព្វជិតភាព ។ ហើយ សូមថ្លែងទីបន្ទាល់របស់អ្នក ! កុំគ្រាន់តែគិតថា កូនៗរបស់អ្នកនឹងទទួលបាននូវផ្នែកនៃជំនឿរបស់អ្នកដោយខ្លួនគេតាមរបៀបណាមួយឲ្យសោះ ។ …
« … តើកូនចៅរបស់យើងដឹងថា យើងស្រឡាញ់ព្រះគម្ពីរដែរឬទេ ? តើពួកគេបានឃើញថា យើងអានវា និងគូសចំណាំវា ហើយធ្វើតាមវាក្នុងជីវិតប្រចាំថ្ងៃដែរឬទេ ? តើកូនចៅរបស់យើងធ្លាប់បានបើកទ្វារដោយមិនបានរំពឹងទុកជាមុន ហើយបានឃើញអ្នកកំពុងលុតជង្គង់អធិស្ឋានដែរឬទេ ? តើពួកគេធ្លាប់បានឮ មិនត្រឹមតែពេលអធិស្ឋាន ជាមួយនឹងពួកគេទេ ប៉ុន្តែនៅពេលអធិស្ឋាន សម្រាប់ពួកគេដោយគ្មានអ្វី ក្រៅពីសេចក្ដីស្រឡាញ់របស់ឪពុកម្ដាយដ៏ពិតដែរឬទេ ? តើកូនចៅរបស់យើងដឹងថា យើងជឿលើការតមអាហារ … ដែរឬទេ ? តើពួកគេដឹងថា យើងចូលចិត្តទៅព្រះវិហារបរិសុទ្ធ … ដែរឬទេ ? តើពួកគេដឹងថា យើងស្រឡាញ់ និងគាំទ្រដល់អ្នកដឹកនាំក្នុងស្រុក និងអ្នកដឹកនាំទូទៅ នូវភាពមិនខ្ចោះរបស់ពួកគេ … ដែរឬទេ ? តើកូនចៅទាំងនោះដឹងថា យើងស្រឡាញ់ព្រះដោយអស់ពីចិត្តរបស់យើង ហើយថាយើងរង់ចាំមើលឃើញព្រះភក្ត្រ—ហើយក្រាបដល់ព្រះបាទា—របស់ព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ដែរឬទេ ? ខ្ញុំអធិស្ឋានសូមឲ្យ ពួកគេនឹងអាចដឹងពីការណ៍នេះ » ( ជែហ្វ្រី អ័រ ហូឡិន “A Prayer for the Children,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៨៦–៨៧ ) ។
-
តើឪពុកម្ដាយរបស់អ្នក ឬឪពុកម្ដាយរបស់អ្នកផ្សេង ដែលអ្នកបានឃើញនោះ បានកេងចំណេញពីឱកាសចៃដន្យនេះ ដើម្បីបង្រៀនគោលការណ៍ដំណឹងល្អដោយរបៀបណា ?
-
ហេតុអ្វីបានជាវាសំខាន់ចំពោះឪពុកម្ដាយដែលត្រូវរស់នៅតាមដំណឹងល្អយ៉ាងអស់ពីចិត្ត ?
-
តើអ្នកកំពុងធ្វើអ្វីខ្លះនាពេលឥឡូវនេះ ដើម្បីធ្វើឲ្យចំណេះដឹងរបស់អ្នកអំពីដំណឹងល្អកាន់តែស៊ីជម្រៅ ដើម្បីឲ្យអ្នកនឹងអាចបង្រៀនដល់កូនចៅរបស់អ្នកពីពន្លឺ និងសេចក្ដីពិតបាន ?
សូមថ្លែងទីបន្ទាល់ថា ឪពុកម្ដាយអាច « ចិញ្ចឹមកូនៗដោយសេចក្ដីស្រឡាញ់ និងសុចរិតភាព » ដោយការដឹកនាំពួកគេឲ្យត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់ពួកគេ តាមរយៈការស្រឡាញ់ពួកគេ ការបង្រៀនដល់ពួកគេនូវគោលការណ៍ដំណឹងល្អ និងការធ្វើជាគំរូដ៏ល្អមួយ ។
ការអានរបស់សិស្ស
-
លូកា ១៥:១១–២០; អេភេសូរ ៦:៤; ធីម៉ូថេទី ២ ៣:១៥; នីហ្វៃទី ៣ ១៨:២១; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥-២៨; ៩៣:៣៦-៤០ ។
-
ជែហ្វ្រី អ័រ ហូឡិន “A Prayer for the Children,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៨៥–៨៧ ។