ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១២ ៖ ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ


មេរៀន​ទី ១២

ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ

សេចក្ដីផ្ដើម

ព្យាការី​ថ្ងៃ​ចុងក្រោយ បាន​ប្រកាស​ថា « ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំង​ប៉ុន្មាន ដែល​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ធ្វើឲ្យ​បុគ្គល​ម្នាក់ៗ អាច​វិល​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​វិញ » (« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​ថា តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ពួកគេ​អាច​រីករាយ​នឹង​ពរជ័យ​ដ៏​ពិសិដ្ឋ​ទាំងឡាយ អំឡុង​ជីវិត​រមែង​ស្លាប់ និង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ការអាន​ពី​សាវតា

  • ប៊យដ៍ ឃេ ផាកកឺ The Holy Temple, Ensign ខែ តុលា ឆ្នាំ ២០១០ ទំព័រ ២៩–៣៥ ។

  • ឌី ថត គ្រីស្តូហ្វឺសិន The Power of Covenants, EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ១៩–២៣ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៧:១០–១៧; ១០៩:១២–២១; ១២៤:៣៧–៤០, ៥៥

គោលបំណង​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ

សូម​បង្ហាញ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​រូបភាព​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​អ្នក​ចូលចិត្ត​ជាងគេ ហើយ​ចែកចាយ​ពី​មូលហេតុ​ដែល​អ្នក​ចូលចិត្ត​វា​ជាងគេ ។

  • ហេតុអ្វី​យើង​មាន​ព្រះវិហារ​បរិសុទ្ធ ?

ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ សូម​សរសេរ​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ​នៅលើ ក្ដារខៀន ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ទាំងនេះ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​នូវ​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ ៖

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:១០-១៧

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៤:៣៧-៤០, ៥៥

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​មូលហេតុ​មួយ​ចំនួន​អ្វី​ខ្លះ ដែល​ព្រះវរបិតាសួគ៌ ប្រទាន​ព្រះវិហារ​បរិសុទ្ធ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​ជួយ​ពួកគេ​ឲ្យ​យល់​គោលការណ៍​ដូច​តទៅ​នេះ ៖ ព្រះវរបិតាសួគ៌​ប្រទាន​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​បុត្រា​បុត្រី​ទ្រង់​អាច​ទទួល​ពិធី​បរិសុទ្ធ និង​ការចេះដឹង​ចាំបាច់​ទាំងឡាយ ហើយ​ដើម្បី​រៀបចំ​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ ) ។

  • តើ​ឃ្លា​ណា​ខ្លះ នៅក្នុង​ខ​ទាំងនេះ ដែល​បង្រៀន​ថា ព្រះវិហារ​បរិសុទ្ធ​ជួយ​រៀបចំ​យើង​ឲ្យ​ទៅ​រស់​នៅក្នុង​វត្តមាន​របស់​ព្រះ ?

សូម​ប្រាប់​សិស្ស​ថា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩ មាន​នូវ​ការអធិស្ឋាន​ឧទ្ទិស​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:១២-២១ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​រៀបចំ​យើង​ឲ្យ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​ព្រះវិហារ​បរិសុទ្ធ​រៀបចំ​យើង​ឲ្យ​រស់នៅ​ជាមួយ​ព្រះ ដោយ​របៀបណា ? ( សិស្ស​អាច​នឹង​ផ្ដល់​យោបល់​ដូច​តទៅ​នេះ ៖ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ទទួល​អារម្មណ៍​នៃ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ រៀន​ពី​គតិបណ្ឌិត និង​ទទួល​ភាពពេញលេញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រែចិត្ត​យ៉ាង​ឆាប់​រហ័ស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​យើង​ត្រូវបាន​តម្រូវ​ឲ្យ​មាន​ភាពស្អាតស្អំ ពេល​យើង​ចូល​ព្រះវិហារ​បរិសុទ្ធ ។ បើ​មាន​ពេល​គ្រប់គ្រាន់ អ្នក​អាច​ចង់​ប្រាប់​សិស្ស​ឲ្យ​អាន លោកុប្បត្តិ ១៩:១០-១៤ ដែល​ពិពណ៌នា​ពី​របៀប​ដែល​ម៉ូសេ បាន​ព្យាយាម​រៀបចំ​ពួក​អ៊ីស្រាអែល​ពី​បុរាណ ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ដើម្បី​មក​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហ៊ែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១-១៨៧៧ ) ៖

អែលឌើរ រ៉ូបឺត ឌី ហែល

« គោលបំណង​ដ៏​សំខាន់​នៃ​ព្រះវិហារបរិសុទ្ធ​គឺ​ដើម្បី​ផ្ដល់​ពិធីបរិសុទ្ធ​នានា ដែល​ចាំបាច់​សម្រាប់​ភាពតម្កើងឡើង​របស់​យើង​នៅក្នុង​នគរ​សេឡេស្ទាល ។ ពិធីបរិសុទ្ធ​ដឹកនាំ​យើង​ទៅរក​ព្រះអង្គ​សង្គ្រោះ​របស់​យើង និង​ផ្ដល់​ពរជ័យ​ដល់​យើង តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( រ៉ូបឺត ឌី ហែល Blessings of the Temple, Ensign ខែ តុលា ឆ្នាំ ២០០៩ ទំព័រ ៤៨ ) ។

ប្រធាន ព្រិកហាំ យ៉ង់

« អំណោយទាន​ពិសិដ្ឋ [ របស់អ្នក ] គឺ​ដើម្បី​ទទួល​នូវ​ពិធីបរិសុទ្ធ​ទាំងឡាយ នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដែល​ចាំបាច់​ចំពោះ​អ្នក បន្ទាប់​ពី​ជីវិត​នេះ ដើម្បី​ឲ្យ​អ្នក​អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះវរបិតា ដោយ​ឆ្លងកាត់​ពួកទេវតា​ដែល​ឈរ​ជា​ឆ្មាំ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣០២ ) ។

  • តើ​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ ជួយ​អ្នក​ឲ្យ​មាន​អំណរ​គុណ​ចំពោះ​សារៈសំខាន់​នៃ​ការទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ដោយ​របៀប​ណា ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១៩-២១

តើ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ដែល​ទទួល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូច​ព្រះ​យ៉ាង​ដូចម្តេច ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

« នៅក្នុង​សាសនាចក្រ ពិធី​បរិសុទ្ធ​គឺជា​ទង្វើ​ដ៏​ពិសិដ្ឋ ជា​ផ្លូវការ​មួយ ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ ពិធី​បរិសុទ្ធ​ខ្លះ​គឺ​ចំាបាច់​ចំពោះ​ភាពលើក​តម្កើង​របស់​យើង ។ ពិធី​បរិសុទ្ធ​ទាំងនេះ ត្រូវបាន​ហៅ​ថា ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ។ វា​រួមមាន​នូវ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ពិធី​បញ្ជាក់ ការតែងតាំង​ដល់​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស ) អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពិធី​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ » ( True to the Faith: A Gospel Reference [ ឆ្នាំ ២០០៤ ] ទំព័រ ១០៩ ) ។

  • តើ « ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ » ខុស​គ្នា​ពី​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​យ៉ាង​ដូច​ម្ដេច​ដែរ ? ( ពិធី​បរិសុទ្ធ​មួយ​ចំនួន​ផ្សេងទៀត ដូចជា​ការប្រសិទ្ធពរ​កូនក្មេង និង​ព្យាបាល​អ្នក​ឈឺ គឺ​មិន​តម្រូវ​ឲ្យ​មាន​សម្រាប់​ភាពលើក​តម្កើង​នោះ​ទេ ) ។

មុនពេល​បន្ត​ទៅ​មុខ​ទៀត សូម​ចង្អុល​បង្ហាញ​ថា ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​មួយ​ចំនួន ដូចជា​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ការតែងតាំង​ដល់​បព្វជិតភាព​មិលគីស្សាដែក ត្រូវ​ធ្វើ​ឡើង​មុនពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ តែ​នៅក្នុង​ផ្នែក​នេះ​នៃ​មេរៀន គឺ​ផ្ដោត​លើ​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ដែល​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៩-២១ ឮៗ ។ សូម​សុំ​សិស្ស​ក្នុង​ថ្នាក់ ឲ្យ​រកមើល​អ្វី​ដែល​យើង​អាច​ទទួល​បាន ពេល​យើង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​បព្វជិតភាព​មិលគីស្សាដែក ។

  • តើ​អ្នក​គិត​ថា វាក្យសព្ទ « អំណាច​នៃ​ព្រះ » មានន័យ​ដូច​ម្ដេច ? ( សូម​ពិចារណា​ក្នុង​ការពន្យល់​ថា « អំណាច​នៃ​ព្រះ » គឺជា​អំណាច​ដើម្បី​ក្លាយ​ដូច​ជា​ព្រះ ) ។

  • តើ​អ្នក​នឹង​ថ្លែង​ពី​គោលការណ៍​មួយ​ដែល​បាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:២០–២១ យ៉ាង​ដូច​ម្ដេច ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ តាមរយៈ​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ក្លាយ​កាន់តែ​ដូច​ជា​ព្រះ ) ។

សូម​ចែក​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។ សូម​សុំ​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ ដែល​បង្រៀន​ពី​របៀប​ដែល​ការចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូច​ព្រះ ។

អែលឌើរ រ៉ូបឺត ឌី ហែល

« ពរជ័យ​បព្វជិតភាព​ដ៏​ធំ​បំផុត ដែល​មាន​ដល់ [ យុវជន ឬ​យុវនារី ] គឺ​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ទី​នោះ ពួកគេ​ឃើញ​ស្ថានសួគ៌​មួយ​ភ្លែត ។ … សេចក្ដី​អំណរ​នៃ​ភាពអស់កល្ប​ជានិច្ច ដែល​ហាក់បី​ដូច​ជា​នៅ​ឆ្ងាយ​ណាស់ នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​នោះ ហាក់បី​ដូច​ជា​អាច​ឈោង​ដល់​មួយ​រំពេច ។

« នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ត្រូវបាន​ពន្យល់ ហើយ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ត្រូវបាន​ធ្វើ​ឡើង ។ សេចក្ដី​សញ្ញា​ទាំងនេះ រួមគ្នា​ជាមួយ​នឹង​ការស្លៀកពាក់​សំលៀកបំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទៀត​នោះ ពង្រឹង ព្រមទាំង​ការពារ​បុគ្គល​ដែល​ទទួល​អំណោយទាន​ពិសិដ្ឋ ឲ្យ​ទាស់​នឹង​អំណាច​នៃ​មារសត្រូវ ។ …

« នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​ខ្ពង់ខ្ពស់​បំផុត—អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច—កូនក្រមុំ និង​កូនកំឡោះ សន្យា​ថា បើ​ពួកគេ​ស្មោះត្រង់ ពួកគេ​នឹង​រីករាយ​ជាមួយ​នឹង​ការរួបរួម​ក្រុមគ្រួសារ​ជាមួយ​គ្នា ជាមួយ​កូនចៅ​របស់​គេ និង​ជាមួយ​ព្រះអម្ចាស់​ដ៏​អស់កាល​អស់កល្ប​ជានិច្ច ។ វា​ហៅ​ថា ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » (Blessings of the Priesthood, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៣៤ ) ។

សូម​ពិភាក្សា​អំពី​អ្វី​ដែល​សិស្ស​បាន​គូស​ចំណាំ ។

  • តើ​ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ បាន​ផ្ដល់​ពរជ័យ​ដល់​អ្នក នៅក្នុង​របៀប​ស្រដៀង​គ្នា​នឹង​ពួកអ្នក​ដែល​ត្រូវបាន​ពិពណ៌នា​ដោយ​អែលឌើរ ហែល យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​ទុក​ពេល​មួយ​ភ្លែត​ឲ្យ​សិស្ស​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​អាច​នឹង​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ កាន់តែ​មាន​អត្ថន័យ និង​កាន់តែ​ផ្ដោត​ទៅលើ​ការជួយ​ពួកគេ​ឲ្យ​ក្លាយ​ដូច​ជា​ព្រះ ។

និក្ខមនំ ១៩:៣–៦; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:២២–២៦

ការរក្សា​សេចក្តីសញ្ញា​ព្រះវិហារ​បរិសុទ្ធ

សូម​ប្រាប់​ដល់​សិស្ស​ថា មាន​គោលបំណង​សំខាន់​មួយ​ទៀត អំពី​ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ទាក់ទង​យ៉ាង​ជិតស្និត​ទៅ​នឹង​ការទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សូម​សុំ​សិស្ស​ឲ្យ​ស្ដាប់​រក​គោលបំណង​នោះ ខណៈ​អ្នក​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​នូវ​សិទ្ធិអំណាច​បព្វជិតភាព ដើម្បី​ចាត់ចែង​ពិធី​បរិសុទ្ធ​ទាំងឡាយ ដែល​តាមរយៈ​ពិធីបរិសុទ្ធ​ទាំងនោះ យើង​អាច​ចូល​ក្នុង​ចំណង​សេចក្ដី​សញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង នៅក្នុង​ព្រះ​នាម​នៃ​រាជបុត្រា​ដ៏​បរិសុទ្ធ​នៃ​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះ​នឹង​រក្សា​ការសន្យា​ទ្រង់​ចំពោះ​អ្នក ពេល​អ្នក​គោរព​ដល់​សេចក្ដី​សញ្ញា​របស់​អ្នក​ជាមួយ​នឹង​ទ្រង់ » ( The Power of Covenants, EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ២២ ) ។

  • ពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​ដំណឹងល្អ តើ​យើង​ចូល​ទៅក្នុង​អ្វី ?

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​រកមើល​លក្ខណៈ​ដ៏​សំខាន់​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ព្រះអម្ចាស់ ៖

អែលឌើរ ដាវីឌ អេ បែដណា

« សេចក្ដី​សញ្ញា​មួយ គឺជា​សេចក្ដី​ព្រមព្រៀង​រវាង​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់​នៅលើ​ផែនដី ហើយ​វា​សំខាន់​ដើម្បី​យល់​ថា ព្រះ​កំណត់​ពី​លក្ខខណ្ឌ​ទាំងឡាយ​នៃ​សេចក្ដី​សញ្ញា​ដំណឹងល្អ​ទាំងអស់ ។ អ្នក និង​ខ្ញុំ​មិន​សម្រេច​ពី​ធម្មជាតិ ឬ​ធាតុ​នៃ​សេចក្ដី​សញ្ញា​មួយ​ឡើយ ។ ផ្ទុយទៅ​វិញ ដោយ​ការអនុវត្ត​សិទ្ធិសេរីភាព​ខាង​សីលធម៌​របស់​យើង យើង​ទទួលយក​លក្ខខណ្ឌ និង​ការតម្រូវ​ទាំងឡាយ​របស់​សេចក្ដី​សញ្ញា​មួយ កាលដែល​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង បាន​បង្កើត​វា​ឡើង » ( ដាវីឌ អេ បែដណា That We May Always Have His Spirit to Be with Us, EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ២៨-២៩ ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« សេចក្តី​សញ្ញា​មួយ គឺជា​ចំណង​កិច្ចសន្យា​ខាង​វិញ្ញាណ ជា​សេចក្តី​សន្យា​ដ៏​មោះមុត ចំពោះ​ព្រះ​ជា​ព្រះវរបិតា​របស់​យើង ថា​យើង​នឹង​រស់នៅ ហើយ​គិត និង​ប្រព្រឹត្ត​តាម​របៀប​ដ៏​ជាក់លាក់​ណា​មួយ—ជា​របៀប​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ ជាការ​តបស្នង​វិញ ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ សន្យា​នឹង​យើង​ថា យើង​នឹង​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ដ៏​ពោរពេញ​ដោយ​ភាពត្រចះត្រចង់ » ( ជែហ្វ្រី អ័រ ហូឡិន Keeping Covenants: A Message for Those Who Will Serve a Mission, New Era ខែ មករា ឆ្នាំ ២០១២ ទំព័រ ៣ ) ។

  • នៅក្នុង​សេចក្ដី​ថ្លែងការណ៍​អំពី​សេចក្ដី​សញ្ញា​នេះ តើ​អ្វី​ដែល​លេចធ្លោ​ចំពោះ​អ្នក ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ថា ព្រះ​កំណត់​ពី​លក្ខខណ្ឌ​នៃ​សេចក្ដី​សញ្ញា​ដំណឹងល្អ​ទាំងអស់ ? ( ដោយសារ​ទ្រង់​ជា​អង្គ​ដែល​ប្រទាន​ដល់​យើង​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នោះ​ទ្រង់​ត្រូវ​ជា​អង្គ​ដែល​បង្កើត​លក្ខខណ្ឌ​ទាំងឡាយ​ដែល​ត្រូវទទួល ។ ការថ្វាយ​តែ​មួយ​គត់​របស់​យើង ដែល​យើង​អាច​ថ្វាយ​ដល់​ទ្រង់ គឺ​សិទ្ធិសេរីភាព​របស់​យើង កាលដែល​យើង​ជ្រើសរើស​ដើម្បី​គោរព​ប្រតិបត្តិ​តាម ។ ជា​ផ្នែក​នៃ​ការសម្រេច​ចិត្ត​នេះ សូម​សង្កត់​ធ្ងន់​លើ​ចំណុច​ដូច​តទៅ​នេះ ៖ ពេល​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះអម្ចាស់ នោះ​យើង​បាន​ពរជ័យ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ហើយ​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

សូម​សុំ​ឲ្យ​សិស្ស​ចាប់​ដៃគូ ។ សូម​សុំ​ឲ្យ​សិស្ស​ម្នាក់​នៅក្នុង​ដៃគូ​និមួយៗ ឲ្យ​សិក្សា និក្ខមនំ ១៩:៣–៦ ហើយ​ម្នាក់ទៀត​សិក្សា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:២២–២៦ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ពរជ័យ​ទាំងឡាយ ដែល​មាន​ដល់​ពួកអ្នក​ដែល​កាន់​តាម​សេចក្ដីសញ្ញា​របស់​ពួកគេ ជាពិសេស​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ក្រោយពី​ទុកពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ដៃគូ​ទាំងឡាយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ( ភ្ជាប់​ទៅ​នឹង​ខ​ទាំងឡាយ​ក្នុង​និក្ខមនំ អ្នក​អាច​នឹង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា សិស្ស​យល់​ថា វា​គឺ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ដែល​យើង​ចាប់ផ្ដើម​មាន​ភាពសក្ដិសម​ជា​ស្តេច និង​ម្ចាស់ក្សត្រី ដែល​ថ្ងៃ​មួយ អាច​ក្លាយ​ជា​ជាតិសាសន៍​មួយ​ដ៏​បរិសុទ្ធ និង​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ សូមមើល​ផងដែរ វិវរណៈ ១:៦; ៥:១០; ១៩:១៦; គ. និង ស. ៧៦:៥៥–៥៦ ) ។

  • តើ​សេចក្ដី​សញ្ញា​របស់​អ្នក​ជាមួយ​ព្រះអម្ចាស់ ជា​ពរជ័យ ឬ​ជា​ការការពារ​មួយ​ចំពោះ​អ្នក​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ឮៗ​ដោយ​ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) ៖

ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ

« បើ​យើង​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​លើក​ដៃ​យើង​ឡើង ហើយ​ធ្វើ​សេចក្ដី​សញ្ញា​ថា យើង​នឹង​បម្រើ​ព្រះអម្ចាស់ និង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​រក្សា​ខ្លួន​យើង​មិន​ឲ្យ​ប្រឡាក់​នឹង​លោកិយ​ឡើយ ។ បើ​យើង​ដឹង​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ នោះ​អំណោយទាន​ដ៏​ពិសិដ្ឋ​នឹង​ក្លាយ​ទៅ​ជា​ការការពារ​ដល់​យើង​អស់​មួយ​ជីវិត​យើង—ជា​ការការពារ​ដែល​មនុស្ស​ម្នាក់​ដែល​មិន​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ពុំ​មាន ។

« ខ្ញុំ​ធ្លាប់​បាន​ឮ​ឪពុក​របស់​ខ្ញុំ [ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ] មាន​ប្រសាសន៍​ថា នៅក្នុង​គ្រា​នៃ​ការសាកល្បង នៅក្នុង​គ្រា​នៃ​ការល្បួង លោក​នឹង​គិត​អំពី​សេចក្ដី​សន្យា សេចក្ដី​សញ្ញា​ដែល​លោក​បាន​ធ្វើ​នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​វា​ជា​ការការពារ​មួយ​ដល់​លោក ។ … ជា​ផ្នែក នោះ​ពិធីការ​ទាំងនេះ​ធ្វើ​ឡើង​សម្រាប់​ការការពារ​នេះ​ឯង ។ វា​សង្គ្រោះ​យើង​នា​ពេល​ឥឡូវ​នេះ ហើយ​វា​លើក​តម្កើង​យើង​នៅ​ពេល​ក្រោយ បើ​យើង​នឹង​គោរព​តាម​សេចក្ដី​សញ្ញា​ទាំងនោះ » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ២៣៥–៣៦ ) ។

  • តើ​ការគិត និង​អារម្មណ៍​អ្វី​ខ្លះ ដែល​អ្នក​មាន អំឡុង​ពេល​មេរៀន​នេះ ដែល​អ្នក​ចង់​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« ជីវិត​គឺជា​ដំណើរ​ឆ្ពោះ​ទៅ​ផ្ទះ សម្រាប់​យើង​ទាំងអស់​គ្នា គឺ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ នៅក្នុង​នគរ​សេឡេស្ទាល​របស់​ទ្រង់ ។

« ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ ក្លាយ​ទៅជា​រាជសាសន៍​របស់​យើង សម្រាប់​ការទទួល​ឲ្យចូល​ទៅក្នុង​ទីវត្តមាន​របស់​ព្រះ ។ ការទទួល​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ ដោយ​ភាពសក្តិសម គឺជា​ដំណើរ​ស្វែងរក​នៃ​ឆាកជីវិត​មួយ ហើយ ហើយ​ការរក្សា​សេចក្តី​សញ្ញា​ទាំងឡាយ បន្ទាប់ពី​នេះ​ទៅ គឺជា​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​នេះ » ( Covenants, Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ២៤ ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ការទទួល​ពិធីបិរសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ គឺ​ពិតជា « ដំណើរ​ស្វែងរក​នៃ​ឆាកជីវិត​មួយ » ។ ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ទទួល​បាន​នូវ​រាជសាសន៍​ដែល​ចាំបាច់​សម្រាប់​ការទទួល​ឲ្យចូល​ទៅក្នុង​ទីវត្តមាន​របស់​ព្រះវរបិតាសួគ៌ ។

សូម​អញ្ជើញ​សិស្ស​សញ្ជឹងគិត​ថា ការថ្វាយ​បង្គំ និង​ការទទួល​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ គឺជា​អាទិភាព​មួយ​នៅក្នុង​ជីវិត​ពួកគេ​ឬទេ ។ សូម​សុំ​ពួកគេ​ឲ្យ​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​កាន់តែ​ផ្ដោត​ខ្លាំង​ឡើង​ទៅ​លើ​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើ ឬក៏​នឹង​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការអាន​របស់​សិស្ស