ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៣ ៖ សក្ដានុពលភាព​ដ៏​ទេវភាព​របស់​យើង


មេរៀន​ទី 3

សក្ដានុពលភាព​ដ៏​ទេវភាព​របស់​យើង

សេចក្ដីផ្ដើម

ព្រះវរបិតាសួគ៌​បាន​ផ្ដល់​ផែនការ​មួយ ដែល​ធ្វើ​ឲ្យ​យើង​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់​វិញ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​បង្រៀន ៖ « យើង​ជា​បុត្រា​បុត្រី​របស់​ទ្រង់ ពីមុន​យើង​បាន​មក​កាន់​ពិភពលោក​នេះ ហើយ​យើង​នឹង​នៅតែ​ជា​បុត្រា​បុត្រី​របស់​ទ្រង់​រហូត​តទៅ ។ សេចក្ដី​ពិត​ជា​មូលដ្ឋាន​នេះ គួរតែ​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើលឃើញ​ខ្លួន​ឯង បងប្អូន​ប្រុស​ស្រី​យើង និង​ជីវិត​នេះ​ផងដែរ » ( Four Titles, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៨ ) ។ នៅពេល​ដែល​សិស្ស​បាន​យល់​កាន់តែ​ច្បាស់​ពី​សក្ដានុពលភាព​ដ៏​ទេវភាព​របស់​ពួកគេ នោះ​ពួកគេ​ទំនង​ជា​ដោះស្រាយ​នឹង​ឧបសគ្គ​ដែល​ពួកគេ​ប្រឈម​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ បាន​ត្រឹមត្រូវ​ជាងមុន ។

ការអាន​ពី​សាវតា

  • ឌៀថើរ អេស្វ អុជដូហ្វ Four Titles, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៨-៦១ ។

  • Gospel Topics,Becoming Like God,lds.org/topics ។

យោបល់​សម្រាប់​ការបង្រៀន

លោកុប្បត្តិ ១:២៧; អេសាយ ៥៥:៨–៩; កិច្ចការ ១៧:២៩; ហេព្រើរ ១២:៩; យ៉ូហាន ទី១ ៣:១; ៤:៨–៩; នីហ្វៃទី១ ៩:៦; នីហ្វៃទី២ ៩:២០; មរ៉ូណៃ ៨:១៨; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៤; ៨៨:៤១; ១៣០:២២

យើង​ជា​បុត្រា​បុត្រី​នៃ​ព្រះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា មិត្ត​ដែល​មិន​មែន​ជា​សមាជិក​ម្នាក់ បាន​សួរ​ពួកគេ​ថា សាសនាចក្រ​យើង​ជឿ​ថា ព្រះវរបិតាសួគ៌​មាន​លក្ខណៈ​បែបណា ។ សូម​សុំ​សិស្ស​ឲ្យ​ចែកចាយ​ដោយ​សង្ខេប ពី​របៀប​ដែល​ពួកគេ​អាច​នឹង​ឆ្លើយ​តប ។

សូម​សរសរ​បណ្ដុំ​បទគម្ពីរ​ខាង​ក្រោម​នេះ នៅលើ​ក្ដារខៀន ឬ​ផ្ដល់​ជា​ក្រដាស​ចែក​មួយ ៖

លោកុប្បត្តិ ១:២៧; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:២២

នីហ្វៃទី១ ៩:៦; នីហ្វៃទី២ ៩:២០

អេសាយ ៥៥:៨–៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៤១

យ៉ូហាន ទី១ ៣:១; ៤:៨–៩

មរ៉ូណៃ ៨:១៨; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៤

កិច្ចការ ១៧:២៩; ហេព្រើរ ១២:៩

សូម​ចាត់​សិស្ស​ឲ្យ​សិក្សា​បណ្ដុំ​បទគម្ពីរ​ទាំងនេះ​មួយ​ចំនួន​ធំ ហើយ​រកមើល​ពី​អ្វី​ដែល​បទគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។ សូម​ប្រាកដ​ថា បណ្ដុំ​បទគម្ពីរ​និមួយៗ ត្រូវបាន​ចាត់​ដល់​សិស្ស ។ បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​នឹង​ប្រើ​ប្រាស់​បទគម្ពីរ​មួយ ឬ​ច្រើន​ជាង​នោះ ដើម្បី​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ដឹង ឬ​ជឿ​អំពី​ព្រះវរបិតាសួគ៌ ។

  • តើ​ការដឹង​ពី​លក្ខណៈ​ទាំងនេះ​របស់​ព្រះវរបិតាសួគ៌ អាច​ជួយ​អ្នក​ឲ្យ​ថ្វាយ​បង្គំ​ទ្រង់​ដោយ​របៀប​ណា ?

  • តើ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​យ៉ាង​ដូច​ម្ដេច​ដែរ ពេល​អ្នក​ដឹង​ថា ព្រះវរបិតាសួគ៌ ជា​តួអង្គ​ពិត​ប្រាកដ ដែល​មាន​រូប​អង្គ​ជា​សាច់ និង​ឆ្អឹង​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប្រកប​ដោយ​សិរី​រុងរឿង ហើយ​ជា​ព្រះបិតា​នៃ​វិញ្ញាណ​របស់​អ្នក ?

  • ហេតុអ្វី​វា​មាន​ប្រយោជន៍ ដែល​ចងចាំ​ថា ទ្រង់​ជា​បិតា​នៃ​វិញ្ញាណ​របស់​យើង ពេល​យើង​ថ្វាយ​បង្គំ​ទ្រង់ ? ( ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ សូម​សង្កត់​ធ្ងន់​ថា ដោយ​សារ​ព្រះ ជា​បិតា​នៃ​វិញ្ញាណ​របស់​យើង នោះ​សក្ដានុពល​ដ៏​ទេវភាព​របស់យើង គឺ​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ក្នុង​ការចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ ដែល​ចេញ​ដោយ​គណៈប្រធាន​ទីមួយ នៅក្នុង​ឆ្នាំ ១៩០៩ ក្រោម​ការដឹកនាំ​របស់​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ [ ឆ្នាំ ១៨៣៨–១៩១៨ ] ៖ « បុរស និង​ស្ត្រី​ទាំងអស់ គឺ​ជា​និមិត្តរូប​អំពី​ព្រះវរបិតា និង​ព្រះមាតា​ជា​សាកល ហើយ​ពិតជា​បុត្រា​បុត្រី​នៃ​អាទិទេព » [ Gospel Classics: The Origin of Man, Ensign ខែ កុម្ភៈ ឆ្នាំ ២០០២ ទំព័រ ២៩ ] ) ។

សូម​ចែក​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ។ សូម​សុំ​ឲ្យ​សិស្ស​អាន​វា​ដោយ​ស្ងៀមស្ងាត់ ហើយ​កត់​ចំណាំ​ឃ្លា​ទាំងឡាយ ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការយល់ដឹង​ថា​ព្រះ​ជា​នរណា ។

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

« ប្រសិនបើ​មនុស្ស​មិន​យល់​ពី​លក្ខណៈ​របស់​ព្រះ នោះ​ពួកគេ​ក៏​មិន​យល់​ពី​ខ្លួន​គេ​ដែរ ។ …

« ព្រះអង្គ​ទ្រង់​ធ្លាប់បាន​រស់នៅ​ដូចជា​យើង​នៅពេល​ឥឡូវនេះ ហើយ​ជា​បុរស​ដែល​បាន​តម្កើង​ឡើង ហើយ​គ្រង​រាជ្យ​នៅក្នុង​ស្ថានសួគ៌​ឯនាយ ! … ប្រសិនបើ​វាំងនន​ត្រូវបាន​បើក​ចំហរ​ឡើង​នៅ​ថ្ងៃ​នេះ ហើយ​ព្រះ​ដ៏​អស្ចារ្យ​ដែល​កាន់​កាប់​ពិភពលោក​នេះ​ដោយ​ផ្លូវ​គោចរ​របស់​វា ហើយ​ដែល​តម្កើង​ពិភពលោក​ទាំងអស់ និង​ការណ៍​ទាំងឡាយ​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ គឺ​ដើម្បី​ធ្វើ​អង្គ​ទ្រង់​ឲ្យ​មើល​ឃើញ​នោះ — ខ្ញុំ​និយាយ​ថា ប្រិសនបើ​អ្នក​ឃើញ​ទ្រង់​ថ្ងៃនេះ អ្នក​នឹង​ឃើញ​ទ្រង់​ដូចជា​មនុស្ស​ដូច​យើង — ដូច​ខ្លួន​អ្នក មាន​រូបរាង​កាយ​ពេញលេញ​ជា​មនុស្ស រូបកាយ និង​ភាពដូច​នឹង​មនុស្ស ដ្បិត​អ័ដាម​ត្រូវបាន​បង្កើត​មក​ក្នុង​គ្រប់​បែប រូបរាង​ដូច​នឹង​ព្រះ ហើយ​បាន​ទទួល​ការណែនាំ​ពី​ទ្រង់ ហើយ​បាន​ដើរ ទូល​នឹង​ទ្រង់ និង​បាន​ប្រែចិត្ត​ជឿ​ទ្រង់ ដូច​ជា​មនុស្ស​ម្នាក់​និយាយ និង​ទាក់ទង​ជាមួយ​គ្នា​ដែរ » ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤០ ) ។

  • តើ​ការយល់​ច្បាស់​ថា ព្រះវរបិតាសួគ៌​ជា​នរណា ជួយ​យើង​ឲ្យ​យល់​ច្បាស់​ពី​ខ្លួន​យើង​យ៉ាង​ដូច​ម្ដេច​ដែរ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​យល់​ពី​ព្រះវរបិតាសួគ៌​របស់​យើង នោះ​យើង​អាច​យល់​កាន់តែ​ច្បាស់​ពី​សក្ដានុពលភាព​របស់​យើង ក្នុង​ការក្លាយ​ដូចជា​ព្រះវរបិតា ព្រះមាតា​សួគ៌​របស់​យើង ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សុំ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« សូម​ពិចារណា​ពី​អំណាច​នៃ​គំនិត​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​ចម្រៀង​ជា​ទី​ស្រឡាញ់​របស់​យើង ‹ ខ្ញុំ​ជា​កូន​របស់​ព្រះ › [ ទំនុក​តម្កើង លេខ ១៨៨ ] ។ … នេះ​ជា​ចម្លើយ​ចំពោះ​សំណួរ​ក្នុង​ជីវិត​មួយ​ដ៏​អស្ចារ្យ ‹ តើ​ខ្ញុំ​ជា​នរណា ? › ខ្ញុំ​ជា​កូន​របស់​ព្រះ ដែល​មាន​វង្ស​ត្រកូល ខាង​វិញ្ញាណ​មកពី​ព្រះវរបិតា ព្រះមាតា​សួគ៌ ។ ពូជពង្ស​នោះ ចង្អុល​បង្ហាញ​ពី​សក្ដានុពលភាព​ដ៏​អស់កល្ប​របស់​យើង ។ គំនិត​ដ៏​មាន​ឥទ្ធិពល​នោះ ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ថប់​អារម្មណ៍​ដ៏​អស្ចារ្យ ។ វា​អាច​ពង្រឹង​យើង​ម្នាក់ៗ ឲ្យ​ធ្វើ​ការជ្រើសរើស​សុចរិត និង​ស្វែងរក​អ្វី​ដែល​ល្អ​បំផុត​នៅក្នុង​ខ្លួន​យើង » ( Powerful Ideas, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២៥ ) ។

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នេះ​នៅលើ ក្ដារខៀន ៖

ការចេះដឹង​របស់​ខ្ញុំ​ដែល​ថា ខ្ញុំ​ជា​កូន​របស់​ព្រះ អាច ជួយ​ខ្ញុំ ពេល​ដែល  ។

ការចេះដឹង​របស់​ខ្ញុំ​ដែល​ថា ខ្ញុំ​ជា​កូន​របស់​ព្រះ បាន ជួយ​ខ្ញុំ ពេល​ដែល  ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ប្រយោគ​នេះ ។

រ៉ូម ៨:១៦–១៧; យ៉ូហាន ទី១ ៣:២; នីហ្វៃទី៣ ១២:៤៨ ។

សក្ដានុពលភាព​ដ៏​ទេវភាព​របស់​យើង

សូម​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​ថា ពេល​ខ្លះ​យើង​ឮ​ថា នរណា​ម្នាក់​មាន « សក្ដានុពលភាព​ដ៏​អស្ចារ្យ » ។

  • តើ​អ្នក​គិត​ថា ឃ្លា​នេះ​មាន​អត្ថន័យ​យ៉ាងណា ?

សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ហើយ​សុំ​សិស្ស​ឲ្យ​សិក្សា​វា ដើម្បី​យល់​ពី​សក្ដានុពលភាព​ដ៏​ទេវភាព​របស់​យើង ៖ រ៉ូម ៨:១៦–១៧; យ៉ូហាន ទី១ ៣:២; នីហ្វៃទី៣ ១២:៤៨ ។ អ្នក​អាច​ផ្ដល់​យោបល់​ដល់​សិស្ស​ឲ្យ​ធ្វើ​សេចក្ដី​យោង​បទគម្ពីរ​ទាំងនេះ ដោយ​សរសេរ​បទគម្ពីរ​យោង​ពីរ​ផ្សេង​ទៀត នៅ​រឹម​ទំព័រ​ក្បែរ​ខគម្ពីរ​និមួយៗ ។

  • ដោយ​ផ្អែក​លើ​បទគម្ពីរ​ទាំងឡាយ ដែល​យើង​សិក្សា​អំពី​លក្ខណៈ​របស់​ព្រះ តើ​ឃ្លា « យើង​នឹង​បាន​ដូច​ជា​ទ្រង់ » មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែល « គ្រង​មរតក​នៃ​ព្រះ »​ជាមួយ​នឹង​ព្រះគ្រីស្ទ ? ( ក្នុង​នាម​ជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា​នៅក្នុង​សាច់​ឈាម នោះ​វា​ជា​ព្រះរាជសិទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ ក្នុង​ការគ្រង​មរតក​ទាំងអស់​ដែល​ព្រះវរបិតា​មាន ។ ពួក​អ្នក​ដែល​គោរព​ប្រតិបត្តិ ហើយ​ទទួល​ពរជ័យ​ពេញលេញ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ក៏​នឹង​បាន​គ្រង​មរតក​ទាំងអស់​ដែល​ព្រះវរបិតា​មាន​ផងដែរ [ សូមមើល រ៉ូម ៨:១៤–១៨; កាឡាទី ៣:២៦–២៩; គ. និង ស. ៨៤:៣៨ ] ។ សូម​សង្កត់​ធ្ងន់​លើ​គោលការណ៍​ដូច​តទៅ​នេះ ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌ ផ្ដល់​មាគ៌ា​មួយ​សម្រាប់​យើង ដើម្បី​ក្លាយ​ដូច​ជា​ព្រះវរបិតា ព្រះមាតាសួគ៌​របស់​យើង ។ សូម​ចង្អុល​បង្ហាញ​ថា ថ្វីបើ​មនុស្ស​មួយ​ចំនួន​អាច​នឹង​រិះគន់​លើ​ការជឿ​របស់​យើង ដែល​ថា​យើង​អាច​ក្លាយ​ដូច​ជា​ព្រះ ក៏​ការជឿ​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ការបង្រៀន​នៃ​ព្រះគម្ពីរ​ប៊ីប​ផង​ដែរ ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​អែលឌើរ ដាល្លិន អេក អូក បង្រៀន​អ្វីខ្លះ អំពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដាល្លិន អេក អូក ហើយ​សុំ​សិស្ស​ឲ្យ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​នៅលើ​ក្ដារខៀន ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« នៅក្នុង​សាសនា​វិទ្យា​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ គឺ​ដើម្បី​រៀបចំ​យើង​ឲ្យ​ដឹង​ពី​ជោគ​វាសនា​របស់​យើង ដែល​ជា​បុត្រា និង​បុត្រី​នៃ​ព្រះ—ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់ ។ … ព្រះគម្ពីរ​ប៊ីប​ពិពណ៌នា​អំពី​ជីវិត​រមែង​ស្លាប់​ថា​ជា ‹ កូន​របស់​ព្រះ › ហើយ​ជា ‹ អ្នក​គ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ › ( រ៉ូម ៨:១៦–១៧ ) ។ វា​ក៏​ប្រកាស​ផងដែរ​ថា ‹ ឲ្យ​តែ​យើង​ទទួល​រងទុក្ខ​ជាមួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​តម្កើង​ឡើង​ជាមួយ​នឹង​ទ្រង់​ដែរ › ( រ៉ូម ៨:១៧ ) ហើយ​ថា ‹ កាលណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ › ( យ៉ូហាន ទី១ ៣:២ ) ។ យើង​យក​ការបង្រៀន​របស់​ព្រះគម្ពីរ​ប៊ីប​ទាំងនេះ​ជា​ការពិត​ក្នុង​ន័យ​ត្រង់ ។ យើង​ជឿ​ថា គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ គឺ​ដើម្បី​ទទួល​បាន​រូបកាយ​សាច់ឈាម​មួយ ហើយ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ដោយ​ការគោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​ដើម្បី​ធ្វើ​ឲ្យ​សក្ដិសម​នឹង​ទទួល​បាន​ស្ថានភាព​សេឡេស្ទាល​ដែល​រស់ឡើង​វិញ និង​សិរី​រុងរឿង ដែល​ហៅ​ថា ការលើក​តម្កើង ឬ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ … ( ជោគវាសនា​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នេះ ឬ​ជីវិត​នៃ​ព្រះ គឺ​ត្រូវបាន​ស្គាល់​ដោយ​មនុស្ស​ទាំងអស់​ដែល​បាន​សិក្សា​គោលលទ្ធិ​គ្រីស្ទាន​ពី​បុរាណ និង​អ្នក​ដែល​ជឿ​លើ​ការលើក​ឡើង​ជា​ទេវតា ឬ​អាទិទេព ) ។ …

« … សាសនាវិទ្យា​របស់​យើង ចាប់​ផ្ដើម​នឹង​ព្រះវរបិតា ព្រះមាតា​សួគ៌ ។ សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខ្ពស់​បំផុត​របស់​យើង គឺ​ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់ ។ នៅក្រោម​ផែនការ​ដ៏​ពេញ​ដោយ​មេត្តា​ករុណា​របស់​ព្រះវរបិតា ការណ៍​ទាំងអស់​នេះ​គឺ​អាច​កើត​ឡើង​ទៅ​បាន តាម​រយៈ​ដង្វាយធួន​នៃ​បុត្រា​បង្កើត​តែ​មួយ​អង្គ​របស់​ព្រះវរបិតា គឺ​ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ » ( Apostasy and Restoration, Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៨៦–៨៧ ) ។

កំណត់​ចំណាំ ៖ អ្នក​អាច​នឹង​ត្រូវ​ពន្យល់​ថា ការលើក​ឡើង​ជា​ទេវតា និង ការលើក​ឡើង​ជា​អាទិទេព សំដៅ​ដល់​គំនិត​ដែល​ថា មនុស្ស​ម្នាក់​អាច​ក្លាយ​ជា​ព្រះ​មួយ​អង្គ ឬ​ត្រូវបាន​លើក​ឡើង​ទៅ​ឯ​ស្ថានភាព​ដ៏​ទេវភាព ) ។

សូម​ពិភាក្សា​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​នៅលើ​ក្ដារខៀន ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​អ្នក​មាន​គំនិត​អ្វីខ្លះ នៅពេល​អ្នក​ពិចារណា​ថា ផែនការ​របស់​ព្រះវរបិតាសួគ៌​ផ្ដល់​ដល់​អ្នក​នូវ​ឱកាស​ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់​នោះ ?

  • ហេតុអ្វី​បានជា​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ចាំបាច់​សម្រាប់​យើង ដើម្បី​ក្លាយ​ដូច​ជា​ព្រះ ?

ដើម្បី​ជំរុញ​ដល់​ការពិភាក្សា​នេះ សូម​រំឭក​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ជាមួយ​សិស្ស​របស់​អ្នក ៖

« ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យល់​ពី​ទំហំ​ដ៏​មហិមា​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ថា​វា​ធ្វើ​ឲ្យ​សក្ដានុពលភាព​ដ៏​ធំធេង​បំផុត​របស់​មនុស្ស​លោក​កើត​ឡើង​បាន ។ ដង្វាយធួន​របស់​ព្រះគ្រីស្ទ មិន​ត្រឹម​តែ​ផ្ដល់​ការអត់ទោស​ដល់​អំពី​បាប និង​មាន​ជ័យ​ជំនះ​លើ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ប្រោសលោះ​នូវ​ទំនាក់ទំនង​ដែល​មិន​ឥត​ខ្ចោះ ព្យាបាល​របួស​ខាង​វិញ្ញាណ ដែល​រារាំង​ការលូតលាស់ ហើយ​ពង្រឹង និង​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​មាន​លទ្ធភាព អភិវឌ្ឍ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​ផងដែរ [ សូមមើល អាលម៉ា ៧:១១–១២ ] ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​ថា វា​មាន​តែ​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​មាន​ក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​មួយ ក្នុង​ការទទួល​បាន​នូវ​សិរីល្អ​ដ៏​អស់កល្ប​ជានិច្ច ហើយ​ថា អំណាច​នៃ​ដង្វាយធួន​របស់​ទ្រង់ អាច​មាន​បាន​តែ​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត បុណ្យ​ជ្រមុជ​ទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការស៊ូទ្រាំ​ដល់​ទីបំផុត​នៅក្នុង​ការធ្វើ​តាម​ការណែនាំ និង​គំរូ​របស់​ព្រះគ្រីស្ទ​ប៉ុណ្ណោះ [ សូមមើល នីហ្វៃទី២ ៣១:២០; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៤ ] ។ ហេតុ​ដូច្នេះ​ហើយ ពួកអ្នក​ដែល​ក្លាយ​ដូច​ជា​ព្រះ ហើយ​ចូល​ទៅក្នុង​ភាពពោរពេញ​នៃ​សិរីល្អ​របស់​ទ្រង់ ត្រូវបាន​ពិពណ៌នា​ថា​ជា មនុស្ស​ដែល​បាន ‹ ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី ដែល​បាន​នាំ​មក​នូវ​ដង្វាយធួន​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ តាម​រយៈ​ការច្រួច​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់ › [ គ. និង ស. ៧៦:៦៩ ] » ( Gospel Topics,Becoming Like God,lds.org/topics ) ។

សូម​ចែក​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​នេះ ហើយ​គូស​ចំណាំ​គំនិត​ទាំងឡាយ ដែល​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពួកគេ ថា​ពួកគេ​អាច​ឈោង​ទៅដល់​សក្ដានុពលភាព​ដ៏​ទេវភាព​របស់​ពួកគេ ។ សូម​ចង្អុល​បង្ហាញ​ថា ប្រធាន អុជដូហ្វ បាន​ផ្ដល់​សន្ទុរកថា​នេះ នៅក្នុង​ការប្រជុំ​បព្វជិតភាព​នៃ​សន្និសីទ​ទូទៅ​មួយ ប៉ុន្តែ​គំនិត​ទាំងនេះ​អាច​អនុវត្ត​បាន​ចំពោះ​មនុស្ស​គ្រប់​គ្នា ។

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ងារ​មួយ​ដែល​កំណត់​លក្ខណៈ​យើង​គ្រប់​គ្នា តាម​របៀប​ដ៏​សំខាន់​បំផុត​គឺ បុត្រា [ ឬ​បុត្រី ] នៃ​ព្រះវរបិតាសួគ៌។ មិន​ថា​យើង​មាន ឬ​ធ្វើអ្វី​ផ្សេង​ក្នុង​ជីវិត​ទេ យើង​មិន​ត្រូវ​ភ្លេច​ថា​យើង​ពិត​ជា​កូនចៅ​ខាង​វិញ្ញាណ​របស់​ព្រះ​ឡើយ ។ យើង​ជា​បុត្រា​បុត្រី​ទ្រង់ ពីមុន​យើង​បាន​មក​កាន់​ពិភពលោក​នេះ ហើយ​យើង​នឹង​នៅតែ​ជា​បុត្រា​បុត្រី​ទ្រង់​រហូត​តទៅ ។ សេចក្ដី​ពិត​ជា​មូលដ្ឋាន​នេះ គួរតែ​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើលឃើញ​ខ្លួន​ឯង បងប្អូន​ប្រុស​ស្រី​យើង និង​ជីវិត​នេះ​ផងដែរ ។ …

« វា​អាច​ជា​រឿង​នាំ​ឲ្យ​បាក់​ទឹកចិត្ត​នៅ​ពេល​ខ្លះ ដែល​ដឹង​ថា​ការ​ក្លាយ​ជា [ បុត្រ ] ម្នាក់​នៃ​ព្រះ​មាន​ន័យ​បែប​ណា តែ​យើង​បរាជ័យ​ក្នុង​ការបំពេញ​សក្ដានុពលភាព​របស់​យើង ។ មារសត្រូវ​ចូលចិត្ត​ឆក់យក​ឱកាស​នៃ​អារម្មណ៍​បែប​នេះ ។ សាតាំង​ចង់​ឲ្យ​អ្នក​កំណត់​ខ្លួន​ឯង​ដោយ​អំពើ​បាប​របស់​អ្នក ជាជាង​ដោយ​សក្ដានុភាព​អ្នក​ពី​ព្រះ ។ បងប្អូន​អើយ សូម​កុំ​ស្ដាប់​វា ។

« យើង​ទាំង​អស់​គ្នា​ធ្លាប់​ឃើញ​ក្មេង​រៀន​ដើរ ។ គាត់​បោះ​ជំហាន​ខ្លីៗ​ទាំង​ឃ្លីងឃ្លោង ។ គាត់​ដួល ។ តើ​យើង​ស្ដី​បន្ទោស​លើ​ការខិត​ខំ​បែប​នេះ​ឬ ? ប្រាកដ​ជា​ពុំ​មែន​ហើយ ។ តើ​ឪពុក​នឹង​ដាក់​ទោស​ក្មេង​ដែល​ជំពប់​ជើង​ដួល​យ៉ាង​ដូចម្ដេច ? យើង​លើក​ទឹកចិត្ត យើង​អបអរ ហើយ​យើង​សរសើរ ដោយសារ​ជំហាន​ខ្លីៗ​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្មេង​ប្រែក្លាយ​ដូចជា​ឪពុកម្ដាយ​ខ្លួន ។

ឥឡូវ បងប្អូន​ប្រុស​ទាំងឡាយ បើ​ប្រៀប​នឹង​ភាព​ឥត​ខ្ចោះ​នៃ​ព្រះ យើង​ជា​មនុស្ស​មិន​ខុស​ពី​ក្មេង​ដែល​ចេះ​ដើរ​តេះតះ​នោះ​ទេ ។ តែ​ព្រះវរបិតា​សួគ៌​ជា​ទី​ស្រឡាញ់​នៃ​យើង​ចង់​ឲ្យ​យើង​ប្រែក្លាយ​ដូចជា​ទ្រង់ ហើយ​បងប្អូន​ប្រុស​ជាទី​ស្រឡាញ់ នោះ​គួរ​តែ​ជា​គោលដៅ​ដ៏​អស់​កល្ប​របស់​យើង​ផង​ដែរ ។ ព្រះ​ទ្រង់​ជ្រាប​ថា​យើង​មិន​អាច​ទៅ​ដល់​ទី​នោះ​ភ្លាមៗ​បាន​ឡើយ តែ​ដោយ​មួយ​ជំហាន​ម្ដង​ៗ » ( Four Titles, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៨ ) ។

  • តើ​ការចងចាំ​អំពី​សេចក្ដី​ពិត​ដ៏​អស់កល្ប​ទាំងនេះ អាច​ជួយ​អ្នក​ឲ្យ​ឈោង​ទៅ​ដល់​សក្ដានុពលភាព​ដ៏​ទេវភាព​របស់​អ្នក​យ៉ាង​ដូច​ម្ដេច​ដែរ ?

  • តើ​ការចងចាំ​ពី​សេចក្ដី​ពិត​ទាំងនេះ មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​នឹង​សមាជិក​នៃ​ក្រុមគ្រួសារ​របស់​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​ការចេះដឹង​របស់​អ្នក​អំពី​សេចក្ដី​ពិត​ទាំងនេះ អាច​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ដូច​ម្ដេច លើ​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ស្រាវជ្រាវ​ព័ត៌មាន​អំពី​សមាជិក​ក្រុមគ្រួសារ​របស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពួកគាត់ ?

សូម​លើក​ទឹកចិត្ត​សិស្ស ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍ អំឡុងពេល​រៀន​មេរៀន​នេះ ជាមួយនឹង​សមាជិក​ក្រុមគ្រួសារ ឬ​មិត្តភក្ដិ​ម្នាក់ ក្នុង​អំឡុង​សប្ដាហ៍​ខាងមុខ​នេះ ។ ពួកគេ​អាច​នឹង​ពិចារណា​ផងដែរ ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​រាល់​ថ្ងៃ ដើម្បី​ចងចាំ​ជានិច្ច​ថា ពួកគេ​ជា​បុត្រ​របស់​ព្រះវរបិតាសួគ៌ ហើយ​ដើម្បី​ដាក់​ផែនការ​កត់ត្រា​ក្នុង​សៀវភៅ​កំណត់​ហេតុ ពី​របៀប​ដែល​ការចងចាំ​ដល់​សេចក្ដី​ពិត​ដ៏​ពិសិដ្ឋ​នេះ ជះ​ឥទ្ធិពល​ដល់​សកម្មភាព​ទាំងឡាយ​របស់​ពួកគេ ។

ការអាន​របស់​សិស្ស

បោះពុម្ព