មេរៀនទី ២៣
ការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាម
សេចក្ដីផ្ដើម
ព្រះផ្ទុកផ្ដាក់ដល់បុគ្គលទាំងឡាយ នូវទំនួលខុសត្រូវក្នុងការបំពេញតាមតម្រូវការសាច់ឈាមផ្ទាល់ខ្លួនគេ និងតម្រូវការមូលដ្ឋាននៃគ្រួសាររបស់ពួកគេ ។ ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីផ្គត់ផ្គង់កូនចៅរបស់ខ្លួននូវ « សេចក្ដីត្រូវការនៃជីវិត » ខាងរូបកាយរបស់ពួកគេ ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងរៀនអំពីរបៀបដែលគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន អាចរួមចំណែកដល់ស្ថេរភាពខាងរូបកាយ និងខាងវិញ្ញាណរបស់ពួកគេនាពេលឥឡូវនេះ និងនៅពេលអនាគត ។
ការអានពីសាវតា
-
អិម រ័សុល បាឡឺដ “Becoming Self-Reliant—Spiritually and Physically,”Ensign ខែ មិនា ឆ្នាំ ២០០៩ ទំព័រ ៥០–៥៥ ។
-
រ៉ូបឺត ឌី ហែល “Becoming Provident Providers Temporally and Spiritually,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៧–១០ ។
-
ម៉ាវិន ជេ អាស្ដុន “One for the Money,”Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៣៧–៣៩ ។
-
Provident Living website, providentliving.org
យោបល់សម្រាប់ការបង្រៀន
ម៉ាកុស ៦:១–៣; លូកា ២:៥១-៥២
ខ្លួនទីពឹងខ្លួន
សូមសរសេរសំណួរខាងក្រោមនេះដាក់លើក្ដារខៀន ៖ « តើព្រះយេស៊ូវគ្រីស្ទ បានរៀបចំព្រះអង្គទ្រង់សម្រាប់ការបម្រើខាងសាច់ឈាមតាមរបៀបណា ? » សូមអញ្ជើញសិស្សឲ្យអាន ម៉ាកុស ៦:១–៣ និង លូកា ២:៥១-៥២ ដោយស្វែងរករបៀបទាំងឡាយដែល ព្រះអង្គសង្គ្រោះបានរៀបចំព្រះអង្គទ្រង់កាលពីប៉ុន្មានឆ្នាំមុន សម្រាប់ការបម្រើពេលក្រោយរបស់ទ្រង់ ។ នៅពេលសិស្សឆ្លើយតប សូមសរសេរដូចតទៅនេះនៅលើក្ដារខៀន ៖
-
តើការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះតាមផ្នែកដែលបានលើកឡើងទាំងប្រាំនេះ អាចជួយអ្នកឲ្យរៀបចំបំពេញតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នក និងអស់អ្នកដែលនៅក្នុងគ្រួសារអនាគតរបស់អ្នកយ៉ាងដូចម្ដេច ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ហើយសុំសិស្សឲ្យស្ដាប់រកអ្វីដែលប្រធាន ឃឹមបឹល បញ្ជាក់ថាជាទំនួលខុសត្រូវរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់ៗរូប ៖
« សាសនាចក្រ និងសមាជិកទាំងឡាយ ត្រូវបានបញ្ជាដោយព្រះអម្ចាស់ ថាឲ្យធ្វើជាមនុស្សខ្លួនទីពឹងខ្លួន និងមានឯករាជ្យភាព ។ ( សូមមើល គ. និង ស. ៧៨:១៣–១៤ ) ។
« ទំនួលខុសត្រូវផ្នែកសុខុមាលភាពខាងសង្គម សតិអារម្មណ៍ វិញ្ញាណ រូបកាយ ឬសេដ្ឋកិច្ចរបស់បុគ្គលនិមួយៗ ពឹងផ្អែកជាបឋមទៅលើខ្លួនបុគ្គលនោះ បន្ទាប់មកទៅលើគ្រួសាររបស់គាត់ និងទីបីទៅលើសាសនាចក្រ ប្រសិនបើគាត់ជាសមាជិកដ៏ស្មោះត្រង់មួយរូបនោះ ។
« គ្មានពួកបរិសុទ្ធដ៏ពិតណាម្នាក់ នឹងស្ម័គ្រចិត្តផ្ទេរបន្ទុកនៃសុខុមាលភាពរបស់ខ្លួនគាត់ ឬរបស់គ្រួសារគាត់ទៅឲ្យនរណាម្នាក់ទៀតឡើយ ប្រសិនបើគាត់អាចធ្វើដោយខ្លួនឯងខាងរូបកាយ ឬខាងសតិអារម្មណ៍បាននោះ ។ ដរាបណាគាត់អាចធ្វើបាន នៅក្រោមការបំផុសគំនិតពីព្រះអម្ចាស់ និងដោយបញ្ចេញកម្លាំងការងារផ្ទាល់ខ្លួនរបស់គាត់ នោះគាត់នឹងអាចផ្គត់ផ្គង់ដល់ខ្លួនគាត់ និងគ្រួសាររបស់គាត់ នូវសេចក្ដីត្រូវការខាងវិញ្ញាណ និងខាងរូបកាយបាន » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ១១៦ ) ។
-
តើប្រធាន ឃឹមបឹល បានមានប្រសាសន៍ថា យើងម្នាក់ៗមានទំនួលខុសត្រូវអ្វីខ្លះ ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីក្លាយទៅជាមនុស្ស « ខ្លួនទីពឹងខ្លួន និងមានឯករាជ្យភាព » ? ( សិស្សគួរតែរកឃើញនូវអ្វីដែលមានដូចតទៅនេះ ៖ នៅពេលយើងក្លាយជាមនុស្សខ្លួនទីពឹងខ្លួន នោះយើងអាចផ្គត់ផ្គង់ដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង នូវសេចក្ដីត្រូវការខាងវិញ្ញាណ និងខាងរូបកាយ ) ។
សូមឲ្យសិស្សចែកចាយនូវអត្ថន័យនៃភាពខ្លួនទីពឹងខ្លួនដែលពួកគេយល់ ។ បន្ទាប់មក សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ រ៉ូប៊ឺត ឌី ហែល នៃ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមសុំសិស្សម្នាក់ឲ្យអានវាឮៗ ៖
« ភាពខ្លួនទីពឹងខ្លួន គឺការមានទំនួលខុសត្រូវលើសុខុមាលភាពខាងវិញ្ញាណ និងខាងរូបកាយរបស់យើងផ្ទាល់ និងលើអស់អ្នកដែលព្រះវរបិតាសួគ៌បានផ្ទុកផ្ដាក់ដល់យើងឲ្យយកចិត្តទុកដាក់ ។ មានតែពេលដែលយើងមានភាពខ្លួនទីពឹងខ្លួនប៉ុណ្ណោះ ទើបយើងអាចធ្វើតាមព្រះអង្គសង្គ្រោះដ៏ពិត នៅក្នុងការបម្រើ និងផ្ដល់ពរដល់អ្នកដទៃ ។
« វាគឺជាការណ៍ដ៏សំខាន់មួយ ដើម្បីយល់ថា ភាពខ្លួនទីពឹងខ្លួន គឺជាមធ្យោបាយមួយដើម្បីទៅដល់ទីបញ្ចប់ដែលកាន់តែប្រសើរមួយ ។ គោលដៅខ្ពស់បំផុតរបស់យើង គឺដើម្បីក្លាយដូចជាព្រះអង្គសង្គ្រោះ ហើយគោលដៅនោះ គឺត្រូវបានចម្រើនឡើងដោយការបម្រើដ៏ឥតកំណាញ់របស់យើងចំពោះអ្នកដទៃ ។ សមត្ថភាពរបស់យើងដើម្បីបម្រើ ត្រូវបានកើនឡើង ឬថយចុះតាមកម្រិតនៃភាពទីពឹងខ្លួនរបស់យើង » ( “A Gospel Vision of Welfare: Faith in Action,” Basic Principles of Welfare and Self-Reliance [ កូនសៀវភៅ ឆ្នាំ ២០០៩ ] ទំព័រ ១–២ ) ។
-
តើអ្វីគឺជាគោលបំណងខ្ពស់បំផុតនៃភាពខ្លួនទីពឹងខ្លួននោះ ?
-
តើសមត្ថភាពរបស់យើងដើម្បីបម្រើដល់អ្នកដទៃ ត្រូវបានថយចុះដោយរបៀបណា ប្រសិនបើយើងមិនមានភាពខ្លួនទីពឹងខ្លួន ?
ដើម្បីជួយសិស្សឲ្យយល់ពីភាពខ្លួនទីពឹងខ្លួនកាន់តែច្បាស់ជាងនេះ សូមបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោមនេះដោយ ស៊ីស្ទើរ ជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះទូទៅ ៖
« តើយើងក្លាយជាមនុស្សខ្លួនទីពឹងខ្លួនដោយរបៀបណា ? យើងក្លាយជាមនុស្សខ្លួនទីពឹងខ្លួន តាមរយៈការទទួលបានចំណេះដឹង ការអប់រំ និងអក្សរសាស្ដ្រគ្រប់គ្រាន់ ដោយការចេះគ្រប់គ្រងលុយកាក់ និងធនធាននានាយ៉ាងឈ្លាសវៃ ការមានភាពរឹងមាំខាងវិញ្ញាណ ការចេះរៀបចំទុកសម្រាប់ពេលអាសន្ន និងជាយថាហេតុ ហើយដោយការមានសុខភាពរាងកាយល្អ ព្រមទាំងសុខុមាលភាពល្អខាងសង្គម និងសតិអារម្មណ៍ » ( The Welfare Responsibilities of the Relief Society President,” Basic Principles of Welfare and Self-Reliance, ទំព័រ ៤ ) ។
សូមសរសេរពាក្យខាងក្រោមនៅលើក្ដារខៀនផ្នែកខាងលើ ៖ ការអប់រំ ហិរញ្ញវត្ថុ កម្លាំងខាងវិញ្ញាណ ការផលិត និងការស្ដុកទុកនៅក្នុងផ្ទះ សុខភាព និង ការងារ ។ សូមណែនាំសិស្សថា ភាពខ្លួនទីពឹងខ្លួន ទាក់ទងទៅនឹងផ្នែកទាំងប្រាំមួយយ៉ាងនៃជីវិតដ៏មានតុល្យភាពមួយ ( សូមមើល Providing in the Lord’s Way: Summary of a Leader’s Guide to Welfare [ កូនសៀវភៅ ឆ្នាំ ២០០៩ ] ទំព័រ ១–២ ) ។ សូមចំណាយពេលវេលាខ្លះនៅក្នុងថ្នាក់ ដើម្បីពិភាក្សាពីអ្វីដែលយុវមជ្ឈិមវ័យអាចធ្វើ ដើម្បីក្លាយខ្លួនទៅជាមនុស្សខ្លួនទីពឹងខ្លួនកាន់តែខ្លាំងឡើងតាមផ្នែកនិមួយៗនេះ ដើម្បីឲ្យពួកគេនឹងមានលទ្ធភាពកាន់តែប្រសើរ ក្នុងការផ្គត់ផ្គង់ដល់សេចក្ដីត្រូវការខាងរូបកាយ និងខាងវិញ្ញាណនៃគ្រួសារនាពេលអនាគតរបស់ពួកគេ និងដើម្បីអាចបម្រើនៅក្នុងសាសនាចក្របាន ។ សូមសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀន ។ គំនិតនានាអាចរួមមានដូចខាងក្រោម ៖
-
ការអប់រំ ៖ ទទួលបានបរិញ្ញា ឬសញ្ញាប័ត្រចេញពីសាកលវិទ្យាល័យមួយ ឬសាលារៀនពាណិជ្ជកម្មមួយ ធ្វើឲ្យមានទម្លាប់សិក្សាកាន់តែប្រសើរ រៀនជំនាញការងារបន្ថែមទៀត រៀនជួសជុលរបស់របរប្រើប្រាស់ចាំបាច់នៅក្នុងផ្ទះ និងគ្រឿងឡាន ។
-
ហិរញ្ញវត្ថុ ៖ បង់ដង្វាយមួយភាគដប់ និងដង្វាយតមអាហារដោយស្មោះត្រង់ រៀនបង្កើតគម្រោងថវិកា ហើយធ្វើតាមគម្រោងនោះ រៀនមានវិន័យផ្ទាល់ខ្លួន ចៀសវាងបំណុលមិនចាំបាច់ បង់ផ្ដាច់បំណុលនានា សន្សំប្រាក់ខ្លះចេញពីប្រាក់ខែរាល់ខែ ។
-
កម្លាំងខាងវិញ្ញាណ ៖ អធិស្ឋាន សិក្សាព្រះគម្ពីរ តមអាហារដោយមានគោលបំណងមួយ ចូលរួមព្រះវិហារបរិសុទ្ធជាទៀងទាត់ ។
-
ផលិតកម្ម និងការស្ដុកទុកនៅក្នុងផ្ទះ ៖ រៀនពីរបៀបដើម្បីរក្សា និងស្ដុកទុកអាហារឲ្យយូរល្អ ដាំដំណាំ ( ទោះបីជាដំណាំមួយគល់ពីរគល់ក្ដី ) ។
-
សុខភាព ៖ គោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ធ្វើលំហាត់ប្រាណជាប្រចាំ ហូបចុកអាហារផ្ដល់សុខភាពល្អ គេងឲ្យបានគ្រប់គ្រាន់ មានការធានារ៉ាប់រងសុខភាព ។
-
ការងារ ៖ អភិវឌ្ឍជំនាញការងារថ្មី បង្កើនក្រមសីលធម៌ការងារឲ្យបានរឹងមាំ ទទួលបានសញ្ញាប័ត្រខ្ពង់ខ្ពស់ជាងនេះបន្ថែមទៀត ។
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីបង្កើនភាពខ្លួនទីពឹងខ្លួនរបស់អ្នក តាមផ្នែកនិមួយៗទាំងនេះ ? តើការខិតខំប្រឹងប្រែងនេះ បានបង្កើននូវទំនុកចិត្តរបស់អ្នក ពីភាពខ្លួនទីពឹងខ្លួន និងតម្លៃផ្ទាល់ខ្លួនអ្នកដោយរបៀបណា ? តើវាបានបង្កើនដល់សមត្ថភាពរបស់អ្នក ដើម្បីផ្គត់ផ្គង់ដល់ខ្លួនអ្នក និងបម្រើយ៉ាងពេញលេញនៅក្នុងសាសនាចក្រដោយរបៀបណា ?
សូមឲ្យសិស្ស ដាក់គោលដៅមួយ ដើម្បីពង្រីកផ្នែកទាំងប្រាំមួយនេះនិមួយៗឲ្យកាន់តែប្រសើរឡើង ។
ម៉ាឡាគី ៣:៨–១២; ម៉ាថាយ ៦:១៩–២១; ធីម៉ូថេទី ១ ៦:៧–១០; នីហ្វៃទី ២ ៩:៥១; យ៉ាកុប ២:១៣–១៤, ១៨–១៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៣–១៨
ការគ្រប់គ្រង់ហិរញ្ញវត្ថុ
សូមរំឭកសិស្សថា ប្រសិនបើពួកគេមិនទាន់ត្រៀមខ្លួនស្រេចបាច់ទេ នៅថ្ងៃណាមួយ ពួកគេនឹងទទួលខុសត្រូវលើការផ្គត់ផ្គង់ដល់ខ្លួនគេនិងអាចដល់គ្រួសាររបស់គេដែរ ។ ហេតុដូច្នេះហើយ ពួកគេត្រូវតែរៀនឲ្យចេះដឹងវាងវៃក្នុងការប្រើធនធានខាងសាច់ឈាមរបស់ពួកគេ ។
សូមចាត់តាំងឲ្យសិស្សម្នាក់ៗអានវគ្គបទគម្ពីរខ្លះខាងក្រោមនេះ និងរកមើលគោលការណ៍ដែលទាក់ទងទៅនឹងការគ្រប់គ្រង់ហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន ។
-
ម៉ាឡាគី ៣:៨–១២ ( គោរពតាមច្បាប់ដង្វាយមួយភាគដប់ និងដង្វាយផ្សេងៗ )
-
ម៉ាថាយ ៦:១៩–២១ ( ចៀសវាងការដាក់ក្នុងចិត្តយើងនូវទ្រព្យសម្បត្តិខាងលោកិយ )
-
ធីម៉ូថេទី ១ ៦:៧–១០ ( ត្រូវសប្បាយចិត្តនឹងអ្វីដែលយើងមាន —« ការដែលស្រឡាញ់ប្រាក់នោះហើយ ជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង » )
-
នីហ្វៃទី ២ ៩:៥១ ( កុំចំណាយប្រាក់កាស ឬធ្វើការអ្វីដែលគ្មានប្រយោជន៍ )
-
យ៉ាកុប ២:១៣–១៤, ១៨–១៩ ( ស្វែងរកទ្រព្យសម្បត្តិសម្រាប់គោលបំណងសុចរិត )
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៣–១៨ ( ប្រើធនធានដែលយើងមានហូរហៀរទៅជួយដល់អ្នកក្រីក្រ និងអ្នកទុគ៌ត )
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សចែកចាយការរកឃើញរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមប្រាកដថា សិស្សយល់ពីគោលការណ៍ដែលមានដូចតទៅនេះ ៖ ដោយការអនុវត្តគោលការណ៍ហិរញ្ញវត្ថុដ៏វាងវៃ នោះបុគ្គល និងគ្រួសារទាំងឡាយ អាចបង្កើនសេ្ថរភាពខាងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ ហើយរៀបចំខ្លួនជាស្រេចដើម្បីជួយដល់អ្នកដទៃ ។ ( អ្នកអាចចង្អុលបង្ហាញថា នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់គូសបញ្ជាក់នូវទំនាក់ទំនងមួយរវាងការទទួលបានទ្រព្យសម្បត្តិ និងកាតព្វកិច្ចដើម្បីជួយដល់អ្នកក្រីក្រ និងអ្នកទុគ៌តជាញឹកញាប់ ។ ឧទាហរណ៍ សូមមើល យ៉ាកុប ២:១៨–១៩ និង គ. និង ស. ១០៤:១៨ ) ។
-
តើពរជ័យអ្វីខ្លះ ដែលអ្នកបានមានបទពិសោធន៍ ដែលបានមកពីការអនុវត្តគោលការណ៍ហិរញ្ញវត្ថុដ៏វាងវៃនៅក្នុងជីវិតរបស់អ្នក ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៧៨
ការចៀសវាងពីបំណុលដែលមិនចាំបាច់
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៧៨ ។ បន្ទាប់មក សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« សូមចងចាំការណ៍នេះ ៖ បំណុលគឺជាទម្រង់មួយនៃសេវកភាព ឬការជាប់ឃុំឃាំង ។ វាគឺជាកណ្ដៀរខាងហិរញ្ញវត្ថុមួយ ។ នៅពេលយើងទិញអ្វីមួយដោយសារបំណុល នោះពួកគេផ្ដល់ឲ្យយើងតែការបោកបញ្ឆោតថាយើងរីកចម្រើនប៉ុណ្ណោះ ។ យើងគិតថា យើងមានអ្វីមួយជាកម្មសិទ្ធិ ប៉ុន្ដែភាពពិតនោះ គឺថា អ្វីៗរបស់យើងនោះគ្រប់គ្រងយើងទៅវិញ ។
« បំណុលខ្លះ-- ដូចជាសម្រាប់ទិញផ្ទះធំល្មមមួយ ចំណាយសម្រាប់ការអប់រំ ប្រហែលជាការចាំបាច់ទិញឡានដំបូងមួយ—អាចជាបំណុលដ៏ចាំបាច់ ។ ប៉ុន្តែយើងពុំគួរជាប់ក្នុងទាសករហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់បំណុលដោយពុំបានថ្លឹងថ្លែងដោយប្រុងប្រយ័ត្នទៅលើការចំណាយនោះឡើយ » (“Earthly Debts, Heavenly Debts,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៤០–៤១ ) ។
-
ហេតុអ្វីបានជាបំណុលគឺជាទម្រង់មួយនៃសេវកភាព ឬការជាប់ឃុំឃាំង ? ( នៅពេលសិស្សឆ្លើយ សូមជួយសិស្សឲ្យយល់ពីគោលការណ៍ដូចខាងក្រោមនេះ ៖ ការចៀសវាងបំណុលដែលមិនចាំបាច់ ជួយរក្សាបុគ្គល និងគ្រួសារទាំងឡាយឲ្យមានសេរីភាពពីសេវកភាពខាងហិរញ្ញវត្ថុ ) ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី (ឆ្នាំ ១៩១០–២០០៨ ) បានបង្រៀនថា « ភាពខ្លួនទីពឹងខ្លួនមិនអាច [ កើតមាន ] បានទេ នៅពេលមានបំណុលដ៏ច្រើនលើសលុប ជាប់ជំពាក់នៅក្នុងគ្រួសារនោះ ។ មនុស្សម្នាក់នឹងគ្មានឯករាជ្យភាព ហើយក៏គ្មានសេរីភាពពីសេវកភាពដែរ នៅពេលគាត់មានកាតព្វកិច្ចចំពោះអ្វីផ្សេងនោះ » ( “To the Boys and to the Men,”Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៥៣ ) ។
សូមឲ្យសិស្សម្នាក់អានឮៗនូវការប្រឹក្សាដូចខាងក្រោមមកពីប្រធាន ថូម៉ាស អេស. ម៉នសុន ៖
« សូមចៀសវាងពីទស្សនៈ និងការដោះសារដែលថា ភាពឆើតឆាយកន្លងទៅបានក្លាយជាភាពចាំបាច់នៅពេលបច្ចុប្បន្ននេះឡើយ ។ វាមិនចាំបាច់ឡើយ លុះត្រាយើងធ្វើឲ្យវាចាំបាច់ ។ គូស្វាមីវ័យក្មេងជាច្រើនសព្វថ្ងៃនេះ ចង់ចាប់ផ្ដើមដោយមានឡានច្រើន និងមានប្រភេទផ្ទះដែលម្ដាយ និងឪពុកខ្លួនបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំទម្រាំទិញផ្ទះប្រភេទនោះបាន ។ ជាលទ្ធផល ពួកគេធ្លាក់ចូលទៅក្នុងបំណុលរយៈពេលវែង ដោយផ្អែកលើមូលដ្ឋានប្រាក់ខែរបស់បុគ្គលទាំងពីររូបនោះ ។ ប្រហែលជាវាយឺតពេលហើយ ទម្រាំពួកគេដឹងថា មានការផ្លាស់ប្ដូរកើតឡើងមែន គឺថា ស្ដ្រីមានកូន ជំងឺរ៉ាំរៃកើតមានក្នុងគ្រួសារខ្លះ បាត់បង់ការងារ គ្រោះថ្នាក់ធម្មជាតិ និងស្ថានភាពផ្សេងទៀតកើតឡើង ហើយគេមិនអាចបង់រំលោះប្រាក់កម្ចីទាំងនោះទៀតបាន ដោយផ្អែកលើប្រាក់ចំណូលមកពីបុគ្គលពីររូបដែលបានធ្វើការរាល់ខែ ។ វាសំខាន់សម្រាប់យើងដើម្បីរស់នៅតាមប្រមាណរបស់យើង » ( “Constant Truths for Changing Times,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ២០ ) ។
-
តើមានផលវិបាកណាខ្លះ អាចកើតឡើង ដល់បុគ្គល និងគ្រួសារទាំងឡាយ ដែលខកខានមិនបានទទួលស្គាល់នូវភាពខុសគ្នារវាងការចង់បាន និងតម្រូវការនោះ ?
-
តើមានរបៀបណាខ្លះដើម្បីបែងចែងរវាងការចង់បាន និង សេចក្ដីត្រូវការ ?
សូមលើកទឹកចិត្តឲ្យសិស្សគិតពីសំណួរខាងក្រោម ហើយសរសេរចម្លើយរបស់គេនៅក្នុងកំណត់ហេតុរបស់ពួកគេ ៖
-
តើចំណុចណាខ្លះនៃជីវិត ដែលអ្នកអាចក្លាយជាមនុស្សកាន់តែមានភាពខ្លួនទីពឹងខ្លួនបាន ?
-
តើអ្នកអាចចាត់ចែងធនធានខាងសាច់ឈាមរបស់អ្នកឲ្យបានកាន់តែប្រសើរដោយរបៀបណា ?
ការអានរបស់សិស្ស
-
ម៉ាឡាគី ៣:៨–១២; ម៉ាថាយ ៦:១៩–២១; ម៉ាកុស ៦:១–៣; លូកា ២:៥១–៥២; ធីម៉ូថេទី ១ ៦:៧–១០; នីហ្វៃទី ២ ៩:៥១; យ៉ាកុប ២:១៧–១៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១៧; ៧៥:២៨; ១០៤:១៣–១៨, ៧៨ ។
-
រ៉ូបឺត ឌី ហែល “Becoming Provident Providers Temporally and Spiritually,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៧–១០ ។