ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៥ ៖ អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច


មេរៀន​ទី ១៥

អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច

សេចក្ដីផ្ដើម

អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ជា​ការចាំបាច់​សម្រាប់​ការលើក​តម្កើង​ឡើង​នៅក្នុង​សិរីល្អ​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ហើយ​យើង​ទទួល​បាន​វា​តែ​តាមរយៈ​ការផ្សារភ្ជាប់​ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តែ​ប៉ុណ្ណោះ ហើយ​បន្ទាប់មក​បន្ដ​រស់នៅ​តាម​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​នាពេល​នោះ ។ មេរៀន​នេះ​នឹង​បញ្ជាក់​សារជា​ថ្មី​ដល់​សិស្ស​ថា ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​មនុស្ស​ត្រឹមត្រូវ​ម្នាក់ នៅកន្លែង​ដ៏​ត្រឹមត្រូវ ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ គឺជា​ការសម្រេចចិត្ត​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ពីមុន​មក ។

ការអាន​ពី​សាវតា

  • រ័សុល អិម ណិលសុន « Celestial Marriage » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩២–៩៥ ។

  • « Honorable, Happy, Successful Marriage » ជំពូកទី ១៨ នៅក្នុង​Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០០៦ ) ទំព័រ ១៨៩–២០១ ។

  • ឃ្រី អិល ឃូហ្វដ « Marriage in the Lord’s Way, Part One »Ensign ខែ​មិថុនា ឆ្នាំ ១៩៩៨ ទំព័រ ៧–១២ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:១–២៤

គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច

សូម​ពន្យល់​ថា សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ត្រូវបាន​បង្រៀន តាំងពី​ជំនាន់​ដើម​ដំបូង​នៃ​សាសនាចក្រ​មក​ម្ល៉េះ ។ ទោះជា​យ៉ាងណា​ក្ដី គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​នេះ​មិន​ត្រូវបាន​បង្រៀន​យ៉ាង​ទូលំទូលាយ​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ទេ រហូត​ទាល់តែ​ចូល​ដល់​ជំនាន់​ក្រុង​ណៅវូ ។ សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ អែលឌើរ ប៉ាលី ភី ប្រាត្ត ( ឆ្នាំ ១៨០៧–៥៧ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​ពិពណ៌នា​អំពី​អារម្មណ៍​របស់​លោក នៅពេល​លោក​បាន​រៀន​ជា​លើកដំបូង​ថា អាពាហ៍ពិពាហ៍​អាច​នៅ​បន្ដ​រហូតដល់​អស់កល្ប​ជានិច្ច ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វគ្គ​នេះ​ឮៗ ៖

អែលឌើរ ប៉ាលី ភី ប្រាត្ត

« វា​ចេញពី [ យ៉ូសែប ស្ម៊ីធ ] ដែល​ខ្ញុំ​បាន​រៀន​ថា ភរិយា​ជាទីស្រឡាញ់​របស់​ខ្ញុំ​អាច​ត្រូវបាន​រក្សាទុក​ដល់​ខ្ញុំ​សម្រាប់​ក្នុង​កាលវេលា និង​រហូតដល់​អស់​ទាំង​ភាព​អស់កល្ប​ជានិច្ច ។ … វា​ចេញ​ពី​លោក​ដែល​ខ្ញុំបាន​រៀន​ថា យើង​អាច​បណ្ដុះ​នូវ​សេចក្ដីស្រឡាញ់​ទាំងនេះ ហើយ​វា​លូតលាស់ និង​រីកចម្រើន​ឡើង​ដូចគ្នា​នៅក្នុង​ពេល​អស់កល្ប​អស់កាល​ជានិច្ច ខណៈ​លទ្ធផល​នៃ​ការរួមគ្នា​ដ៏​មិន​ចេះចប់​របស់​យើង​នឹង​បង្កបង្កើត​ជា​កូន​ជាចៅ​រាប់​មិន​អស់​ដូច​ផ្កាយ​នៅលើ​ស្ថានសួគ៌ ឬ​ខ្សាច់​នៅលើ​ឆ្នេរ​សមុទ្រ ។ … ខ្ញុំ​បាន​ស្រឡាញ់​វា​ពីមុនមក តែ​មិន​ដឹង​ថាជា​មូលហេតុ​អ្វី​នោះទេ ។ ប៉ុន្ដែ​ឥឡូវ​នេះ ខ្ញុំ​បាន​ស្រឡាញ់​—ដោយ​ភាព​បរិសុទ្ធ​មួយ—​កម្លាំង​នៃ​អារម្មណ៍​ដែល​បណ្ដុះ​តម្លើង​ឡើង និង លើក​ឡើង​ខ្ពស់ » ( ជីវប្រវត្តិ​នៃ ប៉ាលី ភី ប្រាត្ត បាន​កែសម្រួល​ដោយ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ឆ្នាំ ១៩៣៨ ] ទំព័រ ២៩៧–៩៨ ) ។

  • តើ​ការយល់ដឹង​ថ្មី​អំពី​អាពាហ៍ពិពាហ៍​របស់​អែលឌើរ ប្រាត្ត នាំ​ឲ្យ​មាន​ឥទ្ធិពល​អ្វីខ្លះ​ទៅលើ​អារម្មណ៍​របស់​លោក ដែល​មាន​ចំពោះ​ភរិយា​របស់​លោក ?

សូម​ពន្យល់​ថា ការបង្រៀន​របស់​ព្រះអម្ចាស់​ជាច្រើន​អំពី​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​មើល​តាម ហើយ​រកមើល​នូវ​លក្ខខណ្ឌ​នានា​ដែល​ត្រូវតែ​បំពេញ​ដើម្បីឲ្យ​អាពាហ៍ពិពាហ៍​មួយ​ក្លាយ​ទៅជា​អស់កល្ប ។

  • តើ​អ្វីខ្លះ​ទៅ ដែល​ជា​លក្ខខណ្ឌ​នានា​ដើម្បី​ឲ្យ​អាពាហ៍ពិពាហ៍​មួយ​ក្លាយ​ទៅ​ជា​អស់កល្ប ? ( សិស្ស​គួរ​តែ​យល់​អំពី​អ្វី​ដែល​មាន​ដូច​តទៅនេះ ៖ អាពាហ៍ពិពាហ៍ គឺ​អស់កល្ប​សម្រាប់​អស់​អ្នក​ដែល​រៀបការ​ដោយ​ព្រះបន្ទូល​របស់​ព្រះ ដែល​អាពាហ៍ពិពាហ៍​នោះ​ត្រូវបាន​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា និង​អស់​អ្នក​ដែល​នៅជាប់​នឹង​សេចក្ដីសញ្ញា​នោះ ) ។

  • តើ​ឃ្លា « នៅជាប់​នឹង​សេចក្ដីសញ្ញា » មាន​អត្ថន័យ​យ៉ាង​ណា​ដែរ ? ( ការគោរព​តាម​លក្ខខណ្ឌ​នៃ​សេចក្ដីសញ្ញា​អាពាហ៍ពិពាហ៍ ។ កាល​ដែល​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ចូលទៅក្នុង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច នោះ​ពួកគេ​បាន​ធ្វើ​សេចក្ដីសន្យា​ជា​ឧឡារិក​ចំពោះ​គ្នា​ទៅវិញទៅមក និង​ចំពោះ​ព្រះ ។ ចំពោះ​ដៃគូ​ជា​ស្វាមី​ភរិយា​នឹងគ្នា ពួកគេ​សន្យា​ថា ពួកគេ​នឹង​ស្រឡាញ់​គ្នា​ជា​រៀងដរាប​ទៅ ហើយ​បម្រើ​ដល់​គ្នា​ទៅវិញទៅមក​ដោយ​សេចក្ដី​ស្មោះ​ស្មគ្រ័​ដ៏​ពេញលេញ ។ ចំពោះ​ព្រះ ពួកគេ​សន្យា​ជា​ឧឡារិក​ថា​នឹង​គោរព​តាម​លក្ខខណ្ឌ​ទាំងឡាយ​នៃ​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ) ។

  • តើ​វា​មានន័យ​យ៉ាងណា ដែល​ថា​អាពាហ៍ពិពាហ៍​ត្រូវ « បាន​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា » ? ( សូម​ពិចារណា​ដើម្បី​បង្ហាញ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា គឺ​ជា​ព្រះបរមងារ​មួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះបរមងារ​ជាច្រើន ដែល​ក្នុង​នោះ​រួមមាន​ព្រះ​ដ៏ជា​ជំនួយ ឬ​អ្នកទទួល​វិវរណៈ ។ ព្រះបរមងារ​និមួយៗ​សំដៅ​លើ​ការទទួលខុសត្រូវ ឬ​មុខងារ​ជាក់លាក់​មួយ​របស់​ទ្រង់ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរមងារ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម និង​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

« ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ( កិច្ចការ ២:៣៣ ) ។ ទ្រង់​បញ្ជាក់​ថា​អាច​ទទួល​យក​បាន​ដល់​ព្រះ ជា​សកម្មភាព ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដ៏​សុចរិត​របស់​មនុស្ស ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា​ធ្វើ​ជា​សាក្សី​ដល់​ព្រះវរបិតា​ថា ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ត្រូវបាន​ធ្វើ​ឡើង​យ៉ាងត្រឹមត្រូវ ហើយ​ថា​សេចក្ដីសញ្ញា​ដែល​បាន​ទាក់ទង​ជាមួយ​នឹង​ពួកគេ​ត្រូវបាន​រក្សា​ទុក » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តី​សន្យា » scriptures.lds.org ។

  • តើ​សេចក្ដីថ្លែងការណ៍​នេះ​ជួយ​ពន្យល់​ពី​មូលហេតុ​ដែល​ថា ការលើក​តម្កើង​ឡើង​តម្រូវ​ឲ្យ​មាន​លើសពី​ការផ្សារ​ភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទៅទៀត​យ៉ាង​ដូចម្ដេច​ដែរ ? តើ​មាន​អ្វី​ផ្សេងទៀត​ត្រូវ​តែ​កើតឡើង ? ( យើង​ក៏​ត្រូវ​តែ​រស់នៅ​ជីវិត​ដ៏​សុចរិត ហើយ​បន្ដ​នៅស្មោះត្រង់​នឹង​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ទាំងអស់ រួមមាន​នូវ​ពិធីបុណ្យ​ជ្រមុជទឹក ពិធីសាក្រាម៉ង់ ការតែងតាំង​អំណាច​បព្វជិតភាព និង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ ។ លុះត្រាតែ​យើង​បន្ដ​នៅ​ស្មោះត្រង់ ទើប​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​សាក្សី​ដល់​ព្រះវរបិតា​ថា សេចក្ដីសញ្ញា​ទាំងឡាយ​ត្រូវបាន​កាន់​ខ្ជាប់​តាម​ហើយ ) ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​ការប្រៀបធៀប​គ្នា​រវាង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ទៅនឹង​អាពាហ៍ពិពាហ៍​ស៊ីវិល​តាម​ច្បាប់​ធម្មតា​ដោយ​ប្រើ​តារាង​ដូច​តទៅ​នេះ ។ សូម​ចម្លង​តារាង​នេះ​ដាក់​លើ​ក្ដារខៀន ៖

តារាង​អាពាហ៍ពិពាហ៍

សូម​ចែក​សិស្ស​ឲ្យ​ធ្វើការ​ជា​ដៃគូ ។ សូម​សុំ​ឲ្យ​សិស្ស​ម្នាក់​នៃ​ដៃគូ​និមួយៗ​សិក្សា​នូវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៥-១៨ ហើយ​សិស្ស​ម្នាក់ទៀត​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩-២៤ ។ សូម​ឲ្យ​សិស្ស​កត់ចំណាំ​ពាក្យ និង​ឃ្លា​នានា​ដែល​រៀបរាប់​ពី​លក្ខខណ្ឌ​ដែល​នឹង​កើត​ឡើង​ដល់​អស់​អ្នក​ដែល​រៀបការ​ស៊ីវិល​ស្របច្បាប់ និង​ពរជ័យ​នានា​ដែល​នឹង​កើត​ឡើង​ដល់​អស់​អ្នក​ដែល​រៀបការ​សម្រាប់​ភាពដ៏​អស់កល្ប​ជានិច្ច ។

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​ការរកឃើញ​របស់​ពួកគេ​ដល់​គ្នា​ទៅវិញទៅមក ។ បន្ទាប់មក ​សូម​សួរ ៖

  • ក្រោយពី​សេចក្ដីស្លាប់ តើ​ស្ថានភាព​នានា​ចំពោះ​អស់​អ្នក​ដែល​រៀបការ​ស៊ីវិល​ស្របច្បាប់ ខុសគ្នា​ពី​អស់​អ្នក​ដែល​រៀបការ​សម្រាប់​ភាពដ៏​អស់កល្ប​ជានិច្ច​ដោយ​របៀបណា ? ( នៅពេល​សិស្ស​ឆ្លើយ​សំណួរ នោះ​អ្នក​អាច​ចម្លង​ចម្លើយ​របស់​ពួកគេ​ដាក់​ក្នុង​តារាង​នៅ​លើ​ក្តារខៀន ។ អ្នក​អាច​ចង់​បង្ហាញ​ថា លក្ខខណ្ឌ​ទាំងឡាយ​ដែល​បាន​រៀបរាប់​នៅក្នុង​ខ ២០–២៤ ស្រដៀង​គ្នា​ទៅនឹង​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា​នៅក្នុង​សេចក្ដីសញ្ញា​អ័ប្រាហាំ [ សូមមើល លោកុប្បត្តិ ១៧:១–៧; ២២:១៧ ] ) ។

ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ​សូម​ពិចារណា​ពី​ការចែកចាយ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ឃ្រី អិល ឃូហ្វដ នៃ​ពួក​ចិតសិប​នាក់ ៖

អែលឌើរ ឃ្រី អិល ឃូហ្វដ

« សិទ្ធិ​អំណាច​ចំពោះ​សេចក្ដីសន្យា​ទាំងឡាយ​នៅក្នុង​អាពាហ៍ពិពាហ៍​ខាង​សេឡេស្ទាល​មួយ​គឺ​ចេញមក​ពី​ព្រះ ហើយ​លទ្ធផល​នៃ​ការបរាជ័យ​របស់​អ្នក​ក្នុង​ការកាន់តាម​សេចក្ដីសន្យា​ទាំងនោះ​ប្រកប​ដោយ​កិត្តិយស​នោះ​ក៏​នឹង​ចេញ​មក​ពី​ព្រះ​ដូចគ្នា ។ នៅក្នុង​អាពាហ៍ពិពាហ៍​ស៊ីវិល​ស្របច្បាប់​ធម្មតា​មួយ សិទ្ធិ​អំណាច​ចំពោះ​សេចក្ដីសន្យា​ទាំងឡាយ​រវាង​កូនក្រមុំ និង​កូនកំលោះ​គឺជា​សេចក្ដីស្រុះស្រួល​គ្នា​រវាង​បុគ្គល​ពីរ​រូប ។ វា​មិន​មាន​ច្រើន​ជាង​នេះ​នោះ​ទេ ។ វា​មិន​អាច​មាន​ច្រើន​ជាង​នេះ​នោះ​ដែរ ។ សិទ្ធិ​អំណាច​របស់​វា​គឺ​ចេញមក​ពី​មនុស្ស មិនមែន​មក​ពី​ព្រះ​នោះឡើយ » ( « Marriage in the Lord’s Way, Part One »Ensign ខែ​មិថុនា ឆ្នាំ ១៩៩៨ ទំព័រ ៩ ) ។

  • តើ​អ្នកមាន​គំនិត​យ៉ាងណា​ដែរ នៅពេល​អ្នក​ប្រៀបធៀប​នូវ​លក្ខខណ្ឌ​ដែល​មាន​រាយ​ដូច​នៅលើ​ក្ដារខៀន​នេះ ?

  • តើ​អ្នក​បាន​សង្កេត​ឃើញ​មាន​ពរជ័យ​អ្វីខ្លះ នៅក្នុង​គេហដ្ឋាន​របស់​អស់​អ្នក​ដែល​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ខិតខំ​ពុះពារ​ដើម្បី​រស់នៅ​យ៉ាង​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ពួកគេ ? តើ​អ្នកបាន​ឃើញ​ថា ដៃគូ​ទាំងនេះ​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​លើកតម្កើង​សេចក្ដីសញ្ញា​របស់​ពួកគេ ? ( ជា​ចំណែក​នៃ​ការ​ពិភាក្សា​នេះ អ្នកអាច​ចែកចាយ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​តទៅ​នេះ​ដោយ​អែលឌើរ អិល វិតនី ក្លេតុន នៃ​ពួក​ចិតសិប​នាក់ ៖ « គ្មាន​ទំនាក់ទំនង​ផ្សេងទៀត​ណា អាច​នាំ​មក​នូវ​សេចក្ដីអំណរ​ជា​អនេក បង្កើត​ជា​សេចក្ដីល្អ​បាន​ច្រើន ឬ​ផ្ដល់​នូវ​ភាពល្អ​ស្អាត​ចេញពី​បុគ្គល​រៀង​ខ្លួន​ជា​ខ្លាំង​ជាង​ទំនាក់ទំនង​នេះ​នោះ​ទេ » [ Marriage: Watch and Learn,EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៣ ] ) ។

សូម​ពន្យល់​ដល់​សិស្ស​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២ ក៏​រួមមាន​នូវ​សេចក្ដីណែនាំ​ខ្លះៗ​មកពី​ព្រះអម្ចាស់​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​ផងដែរ ។ ព្រះអម្ចាស់ បាន​បញ្ជា​ពួកបរិសុទ្ធ​ឲ្យ​អនុវត្ត​ច្បាប់​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព ជា​ផ្នែក​មួយ​នៃ​ការស្ដារឡើងវិញ​នៃ​ការណ៍​គ្រប់​យ៉ាង ( សូមមើលកិច្ចការ ៣:២១; គ. និង ស. ១៣២:៤៥ ) ។ សមាជិក​សាសនាចក្រ​ជាច្រើន​បាន​អនុវត្ត​តាម​ច្បាប់​នេះ​រហូតដល់​ឆ្នាំ ១៨៩០ ទាល់តែ​ព្រះអម្ចាស់​បាន​បើក​បង្ហាញ​ដល់​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ថា ទ្រង់​លែង​តម្រូវ​ឲ្យ​សមាជិក​សាសនាចក្រ​ទាំងឡាយ​ធ្វើ​ដូច្នោះ​ទៀត​ហើយ ។ ដើម្បី​បញ្ជាក់​អំពី​គោលជំហរ​របស់​សាសនាចក្រ​ស្ដីពី​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នាសព្វថ្ងៃ​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ៖

ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី

« ប្រសិនបើ​សមាជិក​យើង​ណាក៏​ដោយ ដែល​ត្រូវបាន​គេ​រកឃើញ​ថា​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នោះ​ពួកគេ​នឹង​ត្រូវ​កាត់កាល​ចេញ ដែល​នេះ​ជា​ការដាក់ទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​សាសនាចក្រ​អាច​ដាក់​បាន ។ … ជាង​មួយ​សតវត្សរ៍​កន្លងទៅ​ហើយ ព្រះ​បាន​បើកបង្ហាញ​យ៉ាងជាក់​ច្បាស់​ដល់​ព្យាការី​របស់​ទ្រង់​ឈ្មោះ វិលហ្វូឌ វូឌដ្រុព្វ ថា​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវតែ​បញ្ឈប់ ពោល​គឺ​មាន​ន័យ​ថា ឥឡូវនេះ​ការអនុវត្ត​នេះ​ខុសនឹង​ច្បាប់​របស់​ព្រះ ។ ទោះបីជា​នៅក្នុង​ប្រទេស​ដែល​មាន​ច្បាប់​ស៊ីវិល ឬ​ច្បាប់​សាសនា​អនុវត្ត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ក្ដី ក៏​សាសនាចក្រ​បង្រៀន​ថា អាពាហ៍ពិពាហ៍​ទាំងឡាយ​ត្រូវតែ​ឯក​ពន្ធភាព ហើយ​នឹង​មិន​ទទួល​យក​សមាជិកភាព​ណា​ដែល​កំពុង​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ឡើយ » ( « What Are People Asking about Us? »Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧១–៧២ ) ។

ប្រសិនបើ​សិស្ស​មាន​សំណួរ​នានា​អំពី​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព សូម​ឲ្យ​ពួកគេ​យោង​ទៅ​ប្រធានបទ​ដំណឹងល្អ​គឺ « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( Plural Marriage in The Church of Jesus Christ of Latter-day Saints ) » នៅលើ​គេហទំព័រ lds.org/topics ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:១–៤

សារៈសំខាន់​នៃ​ការជ្រើសរើស​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៤ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថា្នក់​ស្វែងរក​នូវ​មូលហេតុ​ដែល​ថា វា​គឺជា​ការណ៍​ដ៏​សំខាន់​សម្រាប់​យើង​ដើម្បី​រៀបការ​តាម​របៀប​ដែល​ព្រះអម្ចាស់​បាន​ចែង​មក ។

  • តើ​នឹង​មាន​ពរជ័យ​អ្វីខ្លះ នឹង​មាន​ដល់​អស់​អ្នក​ដែល​ជ្រើសរើស​ដើម្បី​ចូល​ក្នុង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍​នោះ ? ( សូម​ប្រាកដ​ថា សិស្ស​យល់​អំពី​គោលការណ៍​នេះ ៖ នៅពេល​យើង​ចូល​ក្នុង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍​ពិពាហ៍ នោះ​យើង​អាច​នឹង​ត្រូវបាន​លើកតម្កើង​ឡើង​នៅក្នុង​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ។ សូម​ពន្យល់​ថា នៅក្នុង​បរិបទ​នេះ ពាក្យ ថ្មី មានន័យ​ថា សេចក្ដីសញ្ញា​នេះ​ត្រូវបាន​ស្ដារឡើង​វិញ​ថ្មី​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​របស់​យើង ។ ពាក្យ អស់កល្ប​អស់កាល​ជានិច្ច មានន័យ​ថា សេចក្ដីសញ្ញា​នេះ​នឹង​ឋិតថេរ​រហូតដល់​ភាពអស់កល្ប​ជានិច្ច ហើយ​ថា​វា​ត្រូវបាន​តែងតាំង​ឡើង​នៅក្នុង​ពិភព​វិញ្ញាណ​មុន​ពិភព​នៅលើ​ផែនដី​នេះ ជា​ផ្នែក​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។ វា​បាន​នៅ​ជា​ផ្នែក​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ តាំងពី​ជំនាន់​របស់​លោក​អ័ដាម​មក​ម្ល៉េះ ។ ស្ដីពី​ពាក្យ ភាពចម្រើន​ឡើង នោះ​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា អស់​អ្នកណា​ទទួល​បាន​នូវ​លំដាប់​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល « នឹង​បន្ដ​ចម្រើន​ឡើង ហើយ​មាន​កូនចៅ​នៅក្នុង​សិរីល្អ​សេឡេស្ទាល » [ នៅក្នុង History of the Church, ៥:៣៩១ ] ) ។

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ រ័សុល អិម ណិលសុន ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ រ័សុល អិម ណិលសុន

« [ សេចក្ដី​សង្គ្រោះ ] មានន័យ​ថា​ត្រូវបាន​សង្គ្រោះ​ចេញពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ … [ ភាព​លើក​តម្កើង​ឡើង ] សំដៅ​ទៅលើ​សភាព​នៃ​សុភមង្គល​ដ៏​ខ្ពស់​បំផុត និង​សិរីល្អ​នៅក្នុង​រាជ្យ​សេឡេស្ទាល » ( Salvation and Exaltation,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨ ) ។

« ខណៈ​ដែល​សេចក្ដីសង្គ្រោះ​គឺជា​បញ្ហា​បុគ្គល​ម្នាក់ៗ ភាពលើក​តម្កើង​ឡើង​គឺជា​បញ្ហា​ជា​គ្រួសារ​មួយ ។ មានតែ​អស់​អ្នក​ដែល​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​អស់​អ្នក​ដែល​បាន​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍​ខ្លួន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា​​តែ​ប៉ុណ្ណោះ ដែល​នឹង​បន្ដ​នៅ​ជា​ស្វាមីភរិយា​នឹង​គ្នា បន្ទាប់ពី​សេចក្ដីស្លាប់​ទៅ ហើយ​ទទួល​បាន​លំដាប់​ដ៏​ខ្ពស់​បំផុត​នៃ​សិរីល្អ​សេឡេស្ទាល ឬ​ភាពលើក​តម្កើង​ឡើង » ( Celestial Marriage,EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩២ ) ។

  • តើ​ហេតុអ្វី​បានជា​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​មាន​សារៈសំខាន់​ខ្លាំង​ម្ល៉េះ ? ( នៅពេល​សិស្ស​ឆ្លើយតប និង​ស្របតាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ អ្នក​អាច​ចង់​សង្កត់​ធ្ងន់​លើ​ទំនោរ​ដ៏​អន្តរាយ​មួយ​នៅក្នុង​ពិភពលោក​នា​បច្ចុប្បន្ន​នេះ ដែល​មនុស្ស​សុខចិត្ត​ជ្រើសរើស​មិន​ព្រម​រៀបការ ដោយសារ​ពួកគេ​ឲ្យ​តម្លៃ​ទៅលើ​រឿង​ទាំងឡាយ​ដូចជា​ការងារ​មុខរបរ ជាជាង​ការបំពេញ​តាម​ផែនការ​របស់​ព្រះ​សម្រាប់​ពួកគេ ។ ដោយ​ការបដិសេធ​ចោល​នូវ​ការរៀប​អាពាហ៍ពិពាហ៍ នោះ​ពួកគេ​កំពុង​តែ​លះបង់​ចោល​នូវ​ពរជ័យ​ទាំងឡាយ ដែល​ព្រះ​ទ្រង់​ចង់​ប្រទាន​ដល់​ពួកគេ​នាពេល​នេះ និង​នៅក្នុង​ពេល​ដ៏​អស់កល្ប​ជានិច្ច ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការរៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ផ្ដល់​ដល់​ដៃគូ​សា្វមីភរិយា​មួយ​នូវ​លទ្ធភាព​ដ៏​អស្ចារ្យ​ដើម្បី​ទទួល​បាន​នូវ​សុភមង្គល ជាង​អាពាហ៍ពិពាហ៍​ស៊ីវិល​ធម្មតា ឬ​ការរស់​នៅ​ជាមួយ​នឹង​គ្នា​ដោយ​មិន​បាន​រៀបការ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា នៅទីបំផុត ពួកបរិសុទ្ធ​ទាំងឡាយ​នឹង​ទទួល​បាន​នូវ​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ដរាប​ណា​ពួកគេ​មិន​កែប្រែ​បទដ្ឋាន​របស់​ពួកគេ​តាម​របៀប​ណា​នោះ សូម​សុំ​សិស្ស​ម្នាក់​ឲ្យអាន​អំពី​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–៩៥ ) ឮៗ ៖

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« គ្មាន​ពរជ័យ​ណា រួម​ទាំង​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​ដែរ នឹង​ត្រូវបាន​បដិសេធ​មិន​ឲ្យ​បុគ្គល​ដ៏​សក្ដិសម​ទាំងឡាយ​ទទួល​បាន​នោះទេ ។ ខណៈ​ដែល​វា​អាច​ចំណាយ​ពេល​យូរ​បន្ដិច — ប្រហែល​ជា​ហួសពី​ជីវិត​ខាង​សាច់ឈាម​នេះ​ទៅទៀត — សម្រាប់​អ្នកខ្លះ​ដើម្បី​សម្រេច​បាន​នូវ​ពរជ័យ​នេះ នោះ​វា​នឹង​មិន ដែល​ត្រូវបាន​បដិសេធ​មិន​ឲ្យ​ទទួល​នោះ​ឡើយ » ( The Church Is for All People,Ensign ខែ មិថុនា ឆ្នាំ ១៩៨៩ ទំព័រ ៧៦ ) ។

  • តើ​អ្នក​រាល់គ្នា​ប៉ុន្មាន​នាក់ ដែល​ស្គាល់​មនុស្ស​ដែល​ចង់​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ប៉ុន្ដែ​មិន​ទាន់​បាន​មាន​ឱកាស​នេះ​នៅឡើយ​នោះ ? តើ​សេចក្ដីសន្យា​ដែល​មាន​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន ហឹនធើរ អាច​ជួយ​ដល់​មនុស្ស​ទាំងនេះ​បាន​ដោយ​របៀបណា ?

សូម​បញ្ចប់​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​មួយ ឬ ទាំងពីរ​នៃ​សំណួរ​ខាងក្រោម​នេះ​ជា​លាយលក្ខណ៍​អក្សរ ៖

  • តើ​ខ្ញុំ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​បែបណា ដែល​នឹង​ដឹកនាំ​រូបខ្ញុំ​ឲ្យ​បាន​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​ផ្នែក​មួយ​ណា​នៃ​ជីវិត​របស់​ខ្ញុំ ដែល​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ ឬ​ការលូតលាស់​ដើម្បី​ឲ្យ​ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បាន​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុងធ្វើ ដើម្បី​ត្រៀមខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា នៅពេល​ស្វាមី និង​ភរិយា​មួយ​គូ​កាន់តាម​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ នៅពេល​ពួកគេ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ពួកគេ​នឹង​នៅ​រួបរួមគ្នា​ដ៏​អស់កល្ប​ជានិច្ច ។ សូម​ចែកចាយ​ពី​របៀប​ដែល​ចំណេះដឹង​នេះ បាន​ក្លាយជា​ពរជ័យ​មួយ​សម្រាប់​ជីវិត​របស់​អ្នក ។

ការអាន​របស់​សិស្ស