មេរៀនទី ៦
ក្រុមគ្រួសារគឺជាស្នូលនៃផែនការរបស់ព្រះវរបិតាសួគ៌
សេចក្ដីផ្ដើម
ព្យាការី និងសាវកសម័យទំនើប បានប្រកាសថា « គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត សម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ មេរៀននេះ នឹងជួយសិស្សឲ្យឃើញថា ដោយការ « មានចិត្តព្យាយាម ហើយគិតគូរពីគេហដ្ឋានខ្លាំងឡើង » ( គ. និង ស. ៩៣:៥០ ) ពួកគេអាចធ្វើឲ្យក្រុមគ្រួសារពួកគេកាន់តែក្លាយជាស្នូលនៃជីវិតពួកគេ ។
ការអានពីសាវតា
-
អែលឌើរ រ៉ូបឺត ឌី ហែល “The Eternal Family,” Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៦៤–៦៧ ។
-
ដេវីឌ អេ បែដណា “More Diligent and Concerned at Home,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧–២០ ។
-
ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ [ ឆ្នាំ ២០១០ ] ចំនុច ១.១.១, ១.១.៤ និង ១.៤.១ ( បើមាន ) ។
យោបល់សម្រាប់ការបង្រៀន
ក្រុមគ្រួសារគឺជាស្នូលនៃផែនការរបស់ព្រះវរបិតាសួគ៌
សូមលើកឡើងដល់សិស្សក្នុងថ្នាក់របស់អ្នកថា ក្នុងប្រធានបទទាំងអស់ដែលបានថ្លែងនៅក្នុងសន្និសីទទូទៅថ្មីៗនេះ ក្រុមគ្រួសារគឺស្ថិតនៅក្នុងចំណោមប្រធានបទដែលត្រូវបានពិភាក្សាញឹកញាប់បំផុត ។
-
តើអ្នកគិតថា ហេតុអ្វីថ្នាក់ដឹកនាំសាសនាចក្រមានប្រសាសន៍ញឹកញាប់អំពីក្រុមគ្រួសារ ?
សូមសរសេរសេចក្ដីពិតតទៅនេះ ដែលចេញពីការប្រកាសអំពីក្រុមគ្រួសារ នៅលើ ក្ដារខៀន ហើយសុំសិស្សឲ្យចែកចាយថាវាមានអត្ថន័យយ៉ាងណាចំពោះពួកគេ ៖
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីរបៀបដែលគ្រួសារគឺជាផ្នែកដ៏សំខាន់ចំពោះជោគវាសនាអស់កល្បជានិច្ចរបស់យើង នោះសូមចែកច្បាប់ចម្លងនៃក្រដាសចែក ដែលមាននៅចុងមេរៀននេះ ។ សូមបែងចែកសិស្សចេញជាក្រុមតូចៗ ។ សូមចាត់ឲ្យក្រុមនិមួយៗអានផ្នែកមួយនៃផ្នែកទាំងបីនៃក្រដាសចែកនោះ ហើយពិភាក្សាសំណួរដែលមាននៅក្នុងនោះ ។ សូមប្រាកដថា ផ្នែកនិមួយៗ ត្រូវបានចាត់ដល់សិស្ស ។
បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមអញ្ជើញយ៉ាងហោចសិស្សម្នាក់ដែលបានចាត់ដល់ផ្នែកនិមួយៗនៃក្រដាសចែក ដើម្បីចែកចាយទស្សនៈសង្ខេបរបស់ក្រុមតូចរបស់គេ ជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដូចតទៅនេះ ៖ គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះ សម្រាប់ជីវិតមុនជីវិតរមែងស្លាប់ ជីវិតរមែងស្លាប់ និងក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ។
-
តើបទពិសោធន៍អ្វីខ្លះ ដែលបានជួយអ្នកឲ្យទទួលអារម្មណ៍ថាគ្រួសារមានសារៈសំខាន់ខ្លាំងបំផុតនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:៣៩-៥០
ការធ្វើឲ្យក្រុមគ្រួសារជាអាទិភាពមួយ
សូមរៀបចំសិស្សឲ្យរៀនចេញពី គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣ ដោយពន្យល់ថា ក្នុងចំណោមការណ៍ផ្សេងៗទៀត ផ្នែកនេះកត់ត្រាអំពីការណែនាំរបស់ព្រះអម្ចាស់ អំពីសារៈសំខាន់នៃការចិញ្ចឹមកូនចៅនៅក្នុង « សេចក្ដីពិត និងពន្លឺ » ហើយធ្វើឲ្យក្រុមគ្រួសារយើងជាអាទិភាពមួយ ។ សូមសរសេរបទគម្ពីរយោងខាងក្រោមនេះនៅលើ ក្ដារខៀន ៖
សូមសុំសិស្សឲ្យអានយ៉ាងហោចណាស់ខគម្ពីរយោងមួយ ( ត្រូវប្រាកដថា ខគម្ពីរយោងនិមួយៗត្រូវបានអានដោយសិស្សយ៉ាងហោចណាស់ម្នាក់ ) ។ សូមសុំឲ្យសិស្សរកមើលថា នរណាដែលព្រះអម្ចាស់កំពុងមានព្រះបន្ទូលទៅកាន់ ហើយការណែនាំអ្វីដែលទ្រង់បានប្រទានឲ្យ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សុំឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។ សូមប្រាកដថា សិស្សដឹងថា បុរសបួននាក់ដែលនៅក្នុងនោះ គឺជាគណៈប្រធានទីមួយ និងប៊ីស្សពនៃសាសនាចក្រនៅក្នុងរដ្ឋ អូហៃអូ ហេតុដូច្នេះហើយ បទគម្ពីរទាំងនេះរំឭកសមាជិកសាសានាចក្រទាំងអស់ សូម្បីតែពួកអ្នកដែលនៅក្នុងតំណែងថ្នាក់ដឹកនាំក្ដី ឲ្យធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេជាអាទិភាព ។ អ្នកអាចផ្ដល់យោបល់ដល់សិស្សឲ្យពួកគេគូសចំណាំភាពដដែល ឬគំរូដែលមានក្នុងខទាំងនេះ—សមាជិកសាសនាចក្រគប្បី « តាំង » ក្រុមគ្រួសាររបស់ពួកគេឲ្យមានរបៀបរៀបរយ ( សូមមើល ខ ៤៣, ៤៤ និង ៥០ ) ។
-
យោងតាមខ ៤២, ៤៨ និង ៥០ តើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីជួយតាំងក្រុមគ្រួសារយើងឲ្យមានរបៀបរៀបរយ ? ( សិស្សគួររកឃើញចំណុចដូចតទៅនេះ ៖ បង្រៀនកូនចៅពីពន្លឺ និងសេចក្ដីពិត ប្រែចិត្ត បោះបង់ការណ៍ដែលមិនសុចរិត មានចិត្តព្យាយាម ហើយគិតគូរពីគេហដ្ឋាន និងអធិស្ឋានជានិច្ច ) ។
សូមសរសេរគោលការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ យើងជួយបំពេញព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ដែលឲ្យតាំងក្រុមគ្រួសារយើងឲ្យមានរបៀបរៀបរយ ពេលយើងមានចិត្តព្យាយាម និងគិតគូរពីគេហដ្ឋាន ។
-
តើយុវមជ្ឈិមវ័យ អាចធ្វើអ្វីខ្លះដើម្បីឲ្យកាន់តែមានចិត្តឧស្សាហ៍ព្យាយាម និងគិតគូរពីគេហដ្ឋាន ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមពីលិខិតមួយដែលសរសេរដោយគណៈប្រធានទីមួយ នៅក្នុងឆ្នាំ ១៩៩៩ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« គេហដ្ឋានគឺជាមូលដ្ឋាននៃជីវិតសុចរិត ហើយគ្មានឧបករណ៍ណាផ្សេងអាចជំនួស ឬបំពេញនូវមុខងារដ៏សំខាន់របស់វា នៅក្នុងការអនុវត្តទំនួលខុសត្រូវដែលព្រះបានប្រទានឲ្យបានឡើយ ។
« យើងសូមស្នើដល់ឪពុកម្ដាយ និងកូនៗ ឲ្យផ្ដល់អាទិភាពជាចម្បងដល់ការអធិស្ឋានជាក្រុមគ្រួសារ រាត្រីជួបជុំក្រុមគ្រួសារ ការសិក្សាដំណឹងល្អ និងការណែនាំអំពីដំណឹងល្អ ព្រមទាំងសកម្មភាពគ្រួសារល្អត្រឹមត្រូវទាំងអស់ ។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការ និងសកម្មភាពសក្ដិសម និងសមរម្យដទៃទៀត អាចមាន តែវាពុំត្រូវអនុញ្ញាតឲ្យយកមកជំនួសកាតព្វកិច្ចដែលបានតែងតាំងពីព្រះថា មានតែឪពុកម្ដាយ និងក្រុមគ្រួសារប៉ុណ្ណោះ ដែលអាចធ្វើវាឲ្យគ្រប់គ្រាន់បាន » ( សារលិខិតពីគណៈប្រធានទីមួយ ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩៩ បានដកស្រង់នៅក្នុង ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ [ ឆ្នាំ ២០១០ ] ចំណុច ១.៤.១ ) ។
-
តាមបទពិសោធន៍របស់អ្នក តើ « មុខងារដ៏សំខាន់ » និង « កាតព្វកិច្ចដែលបានតែងតាំងពីព្រះ » អ្វីខ្លះ ដែលត្រូវធ្វើឲ្យល្អបំផុតនៅក្នុងក្រុមគ្រួសារ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ហើយលើកទឹកចិត្តសិស្សឲ្យពិចារណាពីពរជ័យទាំងឡាយ ដែលបានមក ពេលដែលសមាជិកក្រុមគ្រួសារម្នាក់ៗ ព្យាយាមបំពេញកាតព្វកិច្ចគ្រួសារដែលបានតែងតាំងពីព្រះ ៖
« នៅកន្លែងណាដែលមានសមាជិកសាសនាចក្ររស់នៅ នោះពួកគេគួរតែស្ថាបនាគេហដ្ឋានមួយដែលមានព្រះវិញ្ញាណគង់នៅ ។ …
« គេហដ្ឋានដែលមានឪពុកម្ដាយប្រកបដោយក្ដីស្រឡាញ់ និងភក្ដីភាព គឺជាកន្លែងដែលបំពេញសេចក្ដីត្រូវការខាងវិញ្ញាណ និងខាងរូបកាយរបស់កូនចៅប្រកបដោយប្រសិទ្ធភាពបំផុត ។ គេហដ្ឋានដែលមានព្រះគ្រីស្ទជាមូលដ្ឋាន គឺជាកន្លែងដែលផ្ដល់នូវការការពារប្រឆាំងនឹងអំពីបាប ជាកន្លែងជ្រកកោនពីលោកិយ ជាកន្លែងព្យាបាលផ្លូវចិត្ត និងការឈឺចាប់ដទៃទៀត និងជាកន្លែងដែលមានការតាំងចិត្ត និងសេចក្ដីស្រឡាញ់ពិត » ( ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ចំណុច ១.៤.១ ) ។
-
តើអ្នកជួយបង្កើតគេហដ្ឋានដែលព្រះគ្រីស្ទជាមូលដ្ឋានសម្រាប់គ្រួសារអ្នកយ៉ាងដូចម្ដេច ?
-
តើវាធ្វើឲ្យមានភាពខុសគ្នាយ៉ាងណានៅក្នុងក្រុមគ្រួសាររបស់អ្នក ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសុំសិស្សម្នាក់ឲ្យអានវាឮៗ ៖
« ចូរដាក់អ្វីៗដែលអ្នកធ្វើនៅខាងក្រៅផ្ទះ ឲ្យនៅក្រោម ឬគាំទ្រដល់អ្វីៗដែលកើតមាននៅក្នុងគេហដ្ឋានរបស់អ្នក ។ ចូរចាំដំបូន្មានរបស់ប្រធាន ហារ៉ូល ប៊ី លី ថ្លែងថា ‹ កិច្ចការ … សំខាន់ បំផុត ដែលអ្នកនឹងធ្វើ គឺស្ថិតនៅក្នុងរង្វង់ជញ្ជាំងនៃគេហដ្ឋានផ្ទាល់ខ្លួនរបស់អ្នក › … ហើយ ប្រធាន ដេវីឌ អូ ម៉ា់ក់ឃេ ថ្លែងមិនចេះចប់ថា ‹ គ្មានជោគជ័យណា អាចតបស្នងនឹងការបរាជ័យក្នុងគ្រួសារបានទេ › » ( “That the Lost May Be Found,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៩ ) ។
សូមទុកពេលមួយភ្លែតឲ្យសិស្សសរសេរនូវការណ៍មួយចំនួន ដែលពួកគេអាចធ្វើ ដើម្បីមានចិត្តព្យាយាម និងគិតគូរពីគេហដ្ឋានកាន់តែខ្លាំង និងដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេ កាន់តែក្លាយជាការផ្ដោតដ៏សំខាន់នៅក្នុងជីវិតគេ ។ សូមលើកទឹកចិត្តសិស្សឲ្យដាក់គោលដៅមួយ ដើម្បីធ្វើតាមគំនិតមួយដែលពួកគេបានសរសេរ ។ សូមថ្លែងទីបន្ទាល់ថា ពេលដែលសិស្សអនុវត្តគោលដៅរបស់ពួកគេ ព្រះអម្ចាស់នឹងពង្រឹងពួកគេខាងវិញ្ញាណ ហើយជួយពួកគេឲ្យឃើញពីរបៀបដែលសកម្មភាពរបស់ពួកគេក៏ពង្រឹងដល់ក្រុមគ្រួសាររបស់ពួកគេផងដែរ ។
ការអានរបស់សិស្ស
-
អែលឌើរ រ៉ូបឺត ឌី ហែល “The Eternal Family,” Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៦៤–៦៧ ។