មេរៀនទី ១
ការលេចចេញមកនៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »
សេចក្ដីផ្ដើម
នៅក្នុងខែ កញ្ញា ឆ្នាំ ១៩៩៥ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ បានចេញការប្រកាសមួយដល់សមាជិកសាសនាចក្រ និងដល់ពិភពលោកនេះ ដែលមានចំណងជើងថា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ការប្រកាសដែលប្រកបដោយការព្យាករនេះ បង្រៀនអំពីតួនាទីដ៏ទេវភាពនៃក្រុមគ្រួសារ នៅក្នុងផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ ។ មេរៀននេះ នឹងជួយសិស្សឲ្យយល់កាន់តែច្បាស់ ពីមូលហេតុដែលពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈថ្ងៃចុងក្រោយ បានដាក់ចេញនូវឯកសារដ៏បំផុសគំនិតនេះ ។
ការអានពីសាវតា
-
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។
-
អិម រ័សុល បាឡឺដ “What Matters Most Is What Lasts Longest,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤១–៤៤ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ ៨:១៥–១៧; ម៉ូសេ ៦:២៦–២៧, ៣១–៣៦; ៧:១៦–២១
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ត្រូវបានសរសេរឡើងដោយពួកអ្នកមើលឆុត
សូមឲ្យសិស្សម្នាក់អាន ម៉ូសេ ៦:២៦-២៧ ឮៗ ហើយអញ្ជើញឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលអ្វី ដែលព្រះអម្ចាស់បានមានព្រះបន្ទូលអំពីចិត្ត ត្រចៀក និងភ្នែករបស់ប្រជាជន ។
-
តើព្រះអម្ចាស់បានពិពណ៌នាអំពីភាពទុច្ចរិតរបស់ប្រជាជនយ៉ាងដូចម្ដេចខ្លះ ?
-
តើវាមានន័យដូចម្ដេច ពេលដែល « ចិត្តរបស់ពួកគេបានរឹងរូស ហើយត្រចៀករបស់ពួកគេបានស្ពឹកលែងឮ ហើយភ្នែករបស់ពួកគេពុំអាចមើលឃើញឆ្ងាយឡើយ » នោះ ?
សូមឲ្យសិស្សម្នាក់អាន ម៉ូសេ ៦:៣១–៣៤ ឮៗ ។
-
បើអ្នកជាហេណុក តើអ្នកនឹងរកឃើញពីការអះអាងអ្វីខ្លះ នៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់ ?
-
តើខទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែលព្រះអម្ចាស់ប្រទានអំណាចដល់ពួកព្យាការីរបស់ទ្រង់ ?
សូមទុកពេលឲ្យសិស្សមួយសន្ទុះ ដើម្បីអាន ម៉ូសេ ៦:៣៥-៣៦ ។
-
តើហេណុកអាចបានឃើញអ្វីខ្លះ នៅពេលលោកលាបភ្នែកលោកនឹងដីឥដ្ឋ ?
-
តើដីឥដ្ឋអាចជាតំណាងឲ្យអ្វី ? ( ដីឥដ្ឋអាចជានិមិត្តរូបនៃលោកិយភាព ។ សូមឲ្យសិស្សពិចារណាអំពីអ្វីដែលពួកគេអាចមើលឃើញ បើការណ៍ទាំងឡាយខាងលោកិយ ត្រូវបានសម្អាតចេញពីភ្នែករបស់ពួកគេ ) ។
-
តើ ខ ៣៦ ជួយផ្ដល់និយមន័យអំពីអ្នកមើលឆុតម្នាក់យ៉ាងដូចម្ដេចដែរ ? ( ចម្លើយអាចរួមមានសេចក្ដីពិតដូចតទៅនេះ ៖ អ្នកមើលឆុតម្នាក់ អាចមើលឃើញការណ៍ទាំងឡាយ ដែលពុំអាចមើលឃើញដោយភ្នែកធម្មតាបាន ) ។ សូមពិចារណាពីការស្នើសិស្សឲ្យធ្វើសេចក្ដីយោង ខ ៣៦ ជាមួយនឹង ម៉ូសាយ ៨:១៥-១៧ ) ។
ដើម្បីផ្ដល់និយមន័យបន្ថែមទៀតចំពោះពាក្យអ្នកមើលឆុត សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ចន អេ វីឌសូ ( ឆ្នាំ ១៨៧២-១៩៥២ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសុំឲ្យសិស្សម្នាក់អានវាឮៗ ៖
« អ្នកមើលឆុត គឺជាអ្នកដែលមើលឃើញដោយភ្នែកខាងវិញ្ញាណ ។ លោកយល់ពីអត្ថន័យនៃការណ៍ដែលមើលទៅហាក់ដូចជាស្រពិចស្រពិលចំពោះអ្នកដទៃ ហេតុដូច្នេះហើយ លោកគឺជាអ្នកបកប្រែ និងអ្នកបញ្ជាក់ពីសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច ។ … លោកគឺជាមនុស្សម្នាក់ដែលមើលឃើញ ដែលដើរនៅក្នុងពន្លឺរបស់ព្រះអម្ចាស់ ទាំងបើកភ្នែក [ សូមមើល ម៉ូសាយ ៨:១៥–១៧ ] » ( Evidences and Reconciliations, រៀបរាងដោយ G. Homer Durham [ ឆ្នាំ ១៩៦០ ] ទំព័រ ២៥៨ ) ។
សូមស្នើឲ្យសិស្សសរសេរនិយមន័យនេះខ្លះៗនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ម៉ូសេ ៦:៣៥-៣៦ ។ សូមពន្យល់ថា អ្នកមើលឆុតក៏ជាព្យាការីផងដែរ ។
សូមសង្ខេប ម៉ូសេ ៧:១៦-២១ ដើម្បីជួយសិស្សឲ្យយល់ពីអ្វីដែលបានកើតឡើង ចំពោះពួកអ្នកដែលបានទទួលហេណុក ជាអ្នកមើលឆុតម្នាក់ ហើយបានធ្វើតាមពាក្យសម្ដីរបស់លោក ។
-
តើខទាំងនេះ បង្ហាញអំពីសារៈសំខាន់នៃការស្ដាប់តាមពួកព្យាការី និងអ្នកមើលឆុតនៅសម័យទំនើប យ៉ាងដូចម្ដេចដែរ ? ( សូមប្រាកដថា សិស្សយល់ពីគោលលទ្ធិដូចតទៅនេះ ៖ ពួកព្យាការីជួយយើងឲ្យឃើញការណ៍ទាំងឡាយចេញពីទស្សនវិស័យនៃព្រះ ហើយយើងទទួលបានពរជ័យ ពេលយើងទុកចិត្តលើពាក្យសម្ដីរបស់ពួកលោក ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« បងប្អូនប្រុសស្រី ឆ្នាំនេះគឺគម្រប់ខួបទី ១០ នៃការប្រកាសដល់ពិភពលោកអំពីក្រុមគ្រួសារ ដែលបានចេញនៅក្នុងឆ្នាំ ១៩៩៥ ដោយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ [ សូមមើល ‹ ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក › Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ] ។ ទាំងពេលនោះ និងឥឡូវនេះ វាជាការហៅមួយដ៏ក្រលួច ដើម្បីការពារ និងពង្រឹងដល់ក្រុមគ្រួសារ ។ …
« ការប្រកាសនេះជាឯកសារមួយដែលប្រកបដោយការព្យាករ មិនត្រឹមតែដោយសារវាត្រូវបានដាក់ចេញដោយពួកព្យាការីប៉ុណ្ណោះទេ តែដោយសារវាចេញមុនពេលវា ។ វាព្រមានទាស់នឹងរឿងជាច្រើនដែលបានគំរាមកំហែង និងធ្វើឲ្យក្រុមគ្រួសារអន្តរាយ អំឡុងទសវត្សរ៍ចុងក្រោយនេះ ហើយវាអំពាវនាវរកអាទិភាព និងការសង្កត់ធ្ងន់ ដែលក្រុមគ្រួសារទាំងឡាយត្រូវការ បើពួកគេចង់រស់រាននៅក្នុងបរិយាកាស ដែលហាក់ដូចជាតែងតែបំពុលដល់អាពាហ៍ពិពាហ៍តាមបែបប្រពៃណី និងដល់ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន ។
« ភាសាច្បាស់ៗ និងសាមញ្ញរបស់ការប្រកាសនេះ ឈរផ្ទុយស្រឡះពីគំនិតដ៏ភាន់ច្រលំ និងស្មុគស្មាញរបស់សង្គមមួយ ដែលពុំអាចយល់ស្របគ្នា សូម្បីតែទៅលើនិយមន័យនៃក្រុមគ្រួសារ » ( “What Matters Most Is What Lasts Longest,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤១ ) ។
-
តើអ្នកគិតថាអែលឌើរ បាឡឺដ ចង់មានន័យដូចម្ដេច កាលដែលលោកបានមានប្រសាសន៍ថា ការប្រកាសអំពីក្រុមគ្រួសារ « ចេញមុនពេលវា » ?
-
តើការប្រកាសអំពីក្រុមគ្រួសារ អះអាងចំពោះជំនឿរបស់អ្នកដែលថា គណៈប្រធានទីមួយ និងពួកសាវកដប់ពីរនាក់ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់ថា ដោយព្រោះព្រះវរបិតាសួគ៌ស្រឡាញ់យើង ហើយចង់ឲ្យយើងក្លាយដូចជាទ្រង់ នោះទ្រង់ប្រទានពួកព្យាការី និងអ្នកមើលឆុតដល់យើង ។
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »
ការលេចចេញមកនៃការប្រកាសអំពីក្រុមគ្រួសារ
ត្រូវប្រាកដថា សិស្សគ្រប់គ្នាមានក្រដាស « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( lds.org/topics/family-proclamation ) ។ ( អ្នកអាចនឹងត្រូវចែកក្រដាសនេះមួយច្បាប់ដល់សិស្សដែលត្រូវការវា ) ។ សូមលើកទឹកចិត្តសិស្សឲ្យយកការប្រកាសអំពីក្រុមគ្រួសារនេះមួយច្បាប់ ឬច្បាប់នៅលើឧបករណ៍អេឡិចត្រូនិច រៀងរាល់ពេលមកថ្នាក់រៀន ពេញមួយវគ្គសិក្សានេះ ។ សូមពន្យល់ថា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ត្រូវបានបង្ហាញជាលើកដំបូងដល់សមាជិកសាសនាចក្រដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០-២០០៨ ) នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៥ នៅការប្រជុំសមាគមសង្គ្រោះទូទៅមួយ ។
-
តើចំណងជើងនេះ ប្រាប់យើងថា ការប្រកាសនេះមានបំណងចង់ឲ្យទៅដល់នរណា ?
-
តើអ្នកគិតថា ហេតុអ្វីការប្រកាសនេះត្រូវបានដាក់ចេញទៅដល់ពិភពលោកទាំងមូល ជាជាងគ្រាន់តែសម្រាប់សមាជិកសាសនាចក្រ ? ( ពេលសិស្សឆ្លើយ សូមសរសេរសេចក្ដីពិតដូចតទៅនេះនៅលើក្ដារខៀន ៖ ព្រះហៅពួកព្យាការីឲ្យប្រកាសសេចក្ដីពិតរបស់ទ្រង់ទៅកាន់បុត្រាបុត្រីទាំងអស់របស់ទ្រង់) ។
សូមពន្យល់ថា តាំងពីសាសនាចក្រត្រូវបានស្ថាបនាឡើងមក ថ្នាក់ដឹកនាំសាសនាចក្របានចេញការប្រកាសតែប្រាំប៉ុណ្ណោះ ។ ការប្រកាសមួយត្រូវបានដាក់ចេញដោយគណៈប្រធានទីមួយ មួយទៀតដោយកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងផ្សេងៗទៀតដោយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់រួមគ្នា ។ ការប្រកាសទាំងឡាយត្រូវបានរក្សាទុក សម្រាប់សេចក្ដីថ្លែងការណ៍ដ៏សំខាន់បំផុត ។ ( បើសិស្សសួរអំពីការប្រកាសទាំងប្រាំនេះ សូមឲ្យពួកគេយោងទៅ Encyclopedia of Mormonism, 5 vols. [ ឆ្នាំ ១៩៩២ ], “Proclamations of the First Presidency and the Quorum of the Twelve Apostles,” 3:1151, eom.byu.edu ) ។
សូមប្រាប់សិស្សថា មុនពេលអានការប្រកាសអំពីក្រុមគ្រួសារ ប្រធាន ហ៊ិងគ្លី បានបង្ហាញពីមូលហេតុមួយចំនួន ដែលថ្នាក់ដឹកនាំសាសនាចក្រទទួលបានការបំផុសឲ្យចងក្រងឯកសារដ៏សំខាន់នេះឡើង ។ សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ៊ិងគ្លី ហើយសូមឲ្យសិស្សម្នាក់អានវា ៖
« ខ្ញុំមិនចាំបាច់រំឭកបងប្អូនទេថា ពិភពលោកដែលយើងរស់នៅនេះ គឺជាពិភពលោកនៃការច្របូលច្របល់ និងការផ្លាស់ប្តូរគុណតម្លៃ ។ ហើយសំឡេងថ្ងួចថ្ងូរដង្ហោយហៅរកអ្វីមួយ ឬអ្វីផ្សេងទៀត នៅក្នុងអំពើពុតក្បត់ពីបទដ្ឋានឥរិយាបទទាំងឡាយនៃពេលវេលានៃការសាកល្បង ។ ខ្សែចងសីលធម៌នៃសង្គមរបស់យើងមានភាពទន់ខ្សោយខ្លាំងណាស់ ( “Stand Strong against the Wiles of the World,” Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៩៩ ) ។
-
តើអ្នកគិតថាប្រធាន ហ៊ិងគ្លី ចង់មានន័យយ៉ាងដូចម្ដេច កាលដែលលោកបានមានប្រសាសន៍ថា « ខ្សែចងសីលធម៌នៃសង្គមរបស់យើងមានភាពទន់ខ្សោយខ្លាំងណាស់ » ? ( អ្នកអាចនឹងចង់ចង្អុលបង្ហាញថា ខ្សែចង គឺជាខ្សែពួរ ឬច្រវាក់ដែលចង់ភ្ជាប់វត្ថុមួយឲ្យនៅនឹងកន្លែង ) ។
-
តើអ្នកនឹងពិពណ៌នាពីអ្វីដែលបានកើតឡើងចំពោះ « ខ្សែចងសីលធម៌ » នៃសង្គម ក្នុងឆ្នាំ ១៩៩៥ ដោយរបៀបណា នៅពេលដែលប្រធាន ហ៊ិងគ្លី បានមានប្រសាសន៍អំពីចុះអន់ថយខាងសីលធម៌ដ៏ធ្ងន់ធ្ងរនោះ ?
សូមបង្ហាញនូវកថាខណ្ឌខាងក្រោមដែលដកស្រង់ចេញពីសន្ទុរកថារបស់ប្រធាន ហ៊ិងគ្លី ។ សូមទុកពេលឲ្យសិស្សមួយភ្លែត ដើម្បីអានវា ហើយកត់ចំណាំពាក្យ និងឃ្លាទាំងឡាយ ដែលពន្យល់បន្ថែមទៀតអំពីបញ្ហាទាំងឡាយ ដែលថ្នាក់ដឹកនាំសាសនាចក្របានឃើញនៅក្នុងពិភពលោក និងមូលហេតុទាំងឡាយដែលពួកលោកបានដាក់ចេញនូវការប្រកាសនេះ ។
« ជាមួយនឹងការបោកបញ្ឆោតដ៏ឈ្លាសវៃជាច្រើនដែលបន្លំថាជាសេចក្ដីពិត ជាមួយនឹងការបំភាន់ជាច្រើនអំពីបទដ្ឋាន និងគុណតម្លៃ ជាមួយនឹងការធ្វើឲ្យស្រើបស្រាល និងការរំភើបក្នុងការទទួលយកនូវស្នាមប្រឡាក់បន្តិចម្ដងៗនៃពិភពលោក នោះយើងមានអារម្មណ៍បំផុសថា ត្រូវព្រមាន និងហាមទុកជាមុន ។ នៅក្នុងការជួយជ្រោមជ្រែងដល់កិច្ចការនេះ ឥឡូវនេះ យើងជាគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ ចេញនូវការប្រកាសមួយដល់សមាជិកសាសនាចក្រ និងដល់ពិភពលោក ទុកជាការប្រកាស និងការបញ្ជាក់សារជាថ្មីមួយអំពីបទដ្ឋាន គោលលទ្ធិ និងការអនុវត្តទាំងឡាយដែលទាក់ងនឹងក្រុមគ្រួសារ ដែលពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនៃសាសនាចក្រនេះ បានថ្លែងម្ដងហើយម្ដងទៀតទូទាំងប្រវត្តិសាស្ត្រសាសនាចក្រ » ( “Stand Strong against the Wiles of the World” ទំព័រ ១០០ ) ។
នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញហើយ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ ក្ដារខៀនអាចមើលទៅឃើញដូចនេះ ៖
-
តើ « ការបោកបញ្ឆោតដ៏ឈ្លាសវៃ » គឺជាអ្វី ? ( ការបោកបញ្ឆោតដ៏ឈ្លាសវៃ គឺជាការផ្ដល់ហេតុផលខុសឆ្គង ដែលតាំងថាជាសេចក្ដីពិត ) ។ តើអ្នកធ្លាប់បានឃើញគំនិតខុសឆ្គង ដែលត្រូវបានបង្រៀនថាជាសេចក្ដីពិត ទាក់ទងទៅនឹងក្រុមគ្រួសារយ៉ាងដូចម្ដេចខ្លះ ? ( អ្នកអាចយោងទៅ គ. និង ស. ៨៩:៤ ជាឧទាហរណ៍មួយអំពីការបោកបញ្ឆោតដ៏ឈ្លាសវៃ ) ។
-
តើយើងអាចរៀនអ្វីបានខ្លះ ចេញពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ហ៊ិងគ្លី អំពីទំនួលខុសត្រូវរបស់ពួកព្យាការី និងសាវកថ្ងៃចុងក្រោយទាំងឡាយ ? ( ចម្លើយរបស់សិស្សគួរបញ្ចូលនូវសេចក្ដីពិតដូចតទៅនេះ ៖ ព្យាការីមានទំនួលខុសត្រូវដ៏ពិសិដ្ឋ ដើម្បីប្រកាសពី « បទដ្ឋាន គោលលទ្ធិ និងការអនុវត្តទាំងឡាយដែលទាក់ងនឹងក្រុមគ្រួសារ » របស់ព្រះអម្ចាស់ ) ។
សូមចាត់សិស្សឲ្យចំណាយពេលពីរបីនាទី អានការប្រកាសអំពីក្រុមគ្រួសារ ហើយរកមើលចម្លើយមួយចំនួន ដែលវាផ្ដល់ជូនចំពោះសំណួរនៅសម័យទំនើបនេះអំពីក្រុមគ្រួសារ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានឃើញ ។ ដោយសារមេរៀនផ្សេងៗទៀត បង្រៀនយ៉ាងពិស្ដារអំពីការប្រកាសនេះ នោះសូមកុំចំណាយពេលច្រើនពេកលើសកម្មភាពនេះ ។
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដូចតទៅនេះ ៖ ការប្រកាសអំពីក្រុមគ្រួសារ គឺមានពេញដោយចម្លើយដ៏បំផុសគំនិតចំពោះបញ្ហាសង្គមនានា ។ ការប្រកាសនេះ គឺជាយុថ្កាដ៏រឹងមាំសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារទាំងឡាយនៅក្នុងពិភពលោកមួយដែលពេញដោយការច្របូលច្របល់ និងការផ្លាស់ប្តូរគុណតម្លៃ ។
សូមពន្យល់ថា បន្ទាប់ពីប្រធាន ហ៊ិងគ្លី បានអានការប្រកាសអំពីក្រុមគ្រួសារហើយ លោកបានប្រកាស ៖
« យើងសូមផ្ដាំផ្ញើទៅអ្នកទាំងអស់គ្នា ឲ្យអានការប្រកាសនេះដោយប្រុងប្រយ័ត្ន ដោយគិតគូរ និងប្រកបដោយការអធិស្ឋាន ។ ភាពរឹងមាំនៃជាតិសាសន៍ណាក៏ដោយ គឺត្រូវបានចាក់ឫសទៅនឹងជញ្ជាំងនៃគេហដ្ឋានរបស់ជាតិសាសន៍នោះ ។ យើងទទូចឲ្យមនុស្សរបស់យើងនៅគ្រប់ទីកន្លែង ឲ្យពង្រឹងក្រុមគ្រួសាររបស់ពួកគេឲ្យស្របគ្នាទៅនឹងគុណតម្លៃដ៏គួរឲ្យគោរពទាំងនេះ » ( “Stand Strong against the Wiles of the World,” Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០១ ) ។
-
តើការអានការប្រកាសនេះប្រកបដោយការអធិស្ឋាន មានន័យយ៉ាងណា ចំពោះអ្នក ?
-
តើនៅក្នុងរបៀបណាខ្លះ ដែលគោលការណ៍ទាំងឡាយក្នុងការប្រកាសអំពីក្រុមគ្រួសារ ជះឥទ្ធិពលទៅលើអារម្មណ៍របស់អ្នកអំពីអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ?
សូមជួយសិស្សពិចារណា និងចែកចាយពីរបៀបដែលពួកគេអាចនឹងអនុវត្តនូវការលើកទឹកចិត្តរបស់ប្រធាន ហ៊ិងគ្លី ដែលឲ្យរៀន និងអនុវត្តគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលមានក្នុងការប្រកាសអំពីក្រុមគ្រួសារ ( ឧទាហរណ៍ ការទន្ទេញចាំនូវផ្នែកទាំងឡាយនៃការប្រកាស ) ។ សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ហើយអញ្ជើញពួកគេឲ្យពិចារណាប្រកបដោយការអធិស្ឋាន អំពីរបៀបដែលពួកគេអាចពង្រឹងខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ដោយការអនុវត្ត « គុណតម្លៃដ៏គួរឲ្យគោរពទាំងនេះ » ។
ការអានរបស់សិស្ស
-
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ lds.org/topics/family-proclamation ។
-
អិម រ័សុល បាឡឺដ “What Matters Most Is What Lasts Longest,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤១–៤៤ ។