ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៨ ៖ ភេទ និង​អត្តសញ្ញាណ​ដ៏​អស់កល្ប


មេរៀន​ទី ៨

ភេទ និង​អត្តសញ្ញាណ​ដ៏​អស់កល្ប

សេចក្ដីផ្ដើម

ភេទ​របស់​យើង​ត្រូវបាន​បង្កើត​ឡើង មុន​យើង​បាន​កើត​មក​នៅក្នុង​ជីវិត​រមែង​ស្លាប់​ទៅ​ទៀត ហើយ​វា​ជា​លក្ខណៈ​ដ៏​ចាំបាច់​មួយ នៃ​អត្តសញ្ញាណ​អស់កល្ប​ជានិច្ច​របស់​យើង ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ញែក​ចេញ​ពី​គ្នា​រវាង​ការចាប់ចិត្ត​នឹង​ភេទ​ដូច​គ្នា ដែល​វា​ពុំ​មែន​ជា​អំពើបាប និង​ការប្រព្រឹត្ត​ការរួមភេទ​ដូច​គ្នា ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​អំពើ​បាប ពីព្រោះ​វា​ផ្ទុយ​នឹង​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ភាពលើក​តម្កើង​របស់​យើង ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​មូលដ្ឋាន​ដែល​ប្រកប​ដោយ​ការព្យាករ សម្រាប់​ការវែកញែក​នេះ ហើយ​ជួយ​ឲ្យ​ដឹង​ផងដែរ​ថា បុត្រា​បុត្រី​នៃ​ព្រះ​ទាំងអស់ ត្រូវបាន​ស្រឡាញ់​ស្មើៗ​គ្នា និង​សម​នឹង​ទទួល​ការប្រព្រឹត្ត​លើ​ដោយ​ក្ដី​ស្រឡាញ់ និង​សេចក្ដី​គួរសម ។

ការអាន​ពី​សាវតា

  • រ៉ូបឺត ឌី ហែល The Plan of Salvation: A Sacred Treasure of Knowledge to Guide Us, Ensign ខែ តុលា ឆ្នាំ ២០១៥ ។

  • ជែហ្វ្រី អ័រ ហូឡិន Helping Those Who Struggle with Same-Gender Attraction, Ensign ខែ តុលា ឆ្នាំ ២០០៧ ទំព័រ ៤២–៤៣ ។

  • ដាល្លិន អេក អូក Same-Gender Attraction, Ensign ខែ តុលា ឆ្នាំ ១៩៩៥ ទំព័រ ៧–១៤ ។

  • Gospel Topics,Same-Sex Marriage,lds.org/topics ។

  • Love One Another: A Discussion on Same-Sex Attraction,mormonsandgays.org ។ បើ​សិស្ស​លើក​ជា​សំណួរ​ឡើង អំពី​គោលនយោបាយ​របស់​សាសនាចក្រ​ទាក់ទង​នឹង​ការរួមភេទ​ដូច​គ្នា សូម​ឲ្យ​ពួកគេ​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​សាសនាចក្រ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:២៤; ម៉ូសេ ២:២៧; « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក »

ភេទ​គឺជា​ផ្នែក​ដ៏​ចាំបាច់​នៃ​គោលបំណង​ដ៏​អស់កល្ប​របស់​យើង

សូម​សុំ​សិស្ស​បី​នាក់​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:២៤; ម៉ូសេ ២:២៧ និង​កថាខណ្ឌ​ទីពីរ​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ប្រភព​ទាំងនេះ​បង្រៀន ឬ​បញ្ជាក់​អំពី​ភេទ ។

  • តើ​អ្នក​នឹង​សង្ខេប​ពី​អ្វី​ដែល​ប្រភព​ទាំងនេះ​បង្រៀន​អំពី​គោលបំណង​ដ៏​អស់កល្ប​របស់​យើង ដោយ​របៀប​ណា ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​អ្វី​ការណ៍​ដូច​តទៅ​នេះ ៖ ភេទ​របស់​យើង​គឺ​លក្ខណៈ​ដ៏​ចាំបាច់​នៃ​ជោគវាសនា និង​គោលបំណង​ដ៏​អស់កល្ប​របស់​យើង ) ។

  • ហេតុអ្វី​វា​ជា​ប្រយោជន៍​ដល់​យើង ក្នុង​ការយល់​ថា ភេទ​របស់​យើង​បាន​មាន​តាំង​ពី​យូរ​លង់ គឺ​តាំង​ពី​មុន​យើង​បាន​មក​ផែន​ដី​នោះ ? ( ពេល​សិស្ស​ឲ្យ​ឆ្លើយ​តប អ្នក​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ [ ឆ្នាំ ១៨៧៦-១៩៧២ ] ៖ « នៅក្នុង លោកុប្បត្តិ យើង​អាន ៖ … ‹ ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី › ។ [ លោកុប្បត្តិ ១:២៧ អក្សរ​ត្រេត​ត្រូវបាន​បន្ថែម ] ។ តើ​វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ឬ​អី ក្នុង​ការជឿ​ថា វិញ្ញាណ​របស់​ស្ត្រី​ត្រូវបាន​បង្កើត​មក​នៅក្នុង​រូបអង្គ​នៃ ‹ ព្រះមាតា​ដែល​គង់​នៅ​ស្ថានសួគ៌ › ? » [ Answers to Gospel Questions ចងក្រង​ដោយ យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ជូញ្ញ័រ វ៉ុល ៥ ( ឆ្នាំ ១៩៥៧–៦៦ ), ៣:១៤៤ ] ) ។

  • តើ​ការយល់​ពី​ធម្មជាតិ​ដ៏​អស់កល្ប​នៃ​ភេទ ជួយ​យើង​ឲ្យ​រស់​នៅ​ស្រប​ទៅ​នឹង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ដោយ​របៀប​ណា សូម្បី​តែ​ពេល​ដែល​ពេល​ខ្លះ​សង្គម​លើក​ទោស​ឲ្យ​បទដ្ឋាន​នៃ​ការប្រព្រឹត្តិ​ដែល​ខុស​គ្នា​យ៉ាង​ខ្លាំង​នោះ ?

ដើម្បី​ជួយ​បរិយាយ​អំពី​សំណួរ​ខាង​លើ សូម​ចែកចាយ​គោលលទ្ធិ​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ពិចារណា​ក្នុង​ការអាន​កថាខណ្ឌ​និមួយៗ​ដោយ​ឡែក​ពី​គ្នា ហើយ​ពិភាក្សា​អ្វី​ដែល​កថាខណ្ឌ​និមួយៗ​បង្រៀន ថា​ការប្រព្រឹត្ត​ការរួម​ភេទ​ដូច​គ្នា គឺជា​ការផ្ទុយ​ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ សម្រាប់​ការលើក​តម្កើង​នៃ​បុត្រា​បុត្រី​ទ្រង់​យ៉ាង​ដូច​ម្ដេច ។

អែលឌើរ ដាល្លិន អេក អូក

« គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ និង​បេសកកម្ម​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ដើម្បី​រៀបចំ​បុត្រា និង​បុត្រី​របស់​ព្រះ​សម្រាប់​គោលបំណង​របស់​ពួកគេ—គឺ​ដើម្បី​ក្លាយ​ដូចជា​ព្រះវរបិតា​ព្រះមាតា​សួគ៌​របស់​យើង ។

« គោលបំណង​ដ៏​អស់កល្ប​របស់​យើង—ត្រូវបាន​ធ្វើ​ឲ្យ​កើត​ឡើង​ទៅ​បាន មានតែ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ( ដែល​យើង​អាច​ក្លាយ និង​អាច​នៅតែ ‹ ឥត​មាន​ទោស​នៅ​ចំពោះ​ព្រះ › [ គ. និង ស. ៩៣:៣៨ ] ) ហើយ​អាច​មាន​ដល់​តែ​បុរស និង​ស្ត្រី​ទាំងឡាយ ដែល​បាន​ចូល​ទៅ​ក្នុង និង​បាន​ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ​ប៉ុណ្ណោះ ( សូមមើល គ. និង ស. ១៣១:១–៤១៣២ ) ។ …

« ដោយសារ​សាតាំង​មាន​បំណង​ប្រាថ្នា​ថា ‹ មនុស្ស​លោក​ទាំងអស់​មាន​ទុក្ខ​វេទនា​ដូច​វា​ដែរ › ( នីហ្វៃទី២ ២:២៧ ) ការប្រឹងប្រែង​ដ៏​ខ្លាំងក្លា​បំផុត​របស់​វា គឺ​នាំ​ទៅ​កាន់​ការលើក​ទឹកចិត្ត​ឲ្យ​មាន​ជម្រើស និង​សកម្មភាព​ទាំងឡាយ​នោះ ដែល​នឹង​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះ មិន​បាន​សម្រេច​សម្រាប់​បុត្រា​បុត្រី​ទ្រង់ ។ វា​ព្យាយាម​រំលាយ​គោលលទ្ធិ​អំពី​ទំនួល​ខុសត្រូវ​នៃ​បុគ្គល​ម្នាក់ៗ ដើម្បី​លួងលោម​យើង​ឲ្យ​ប្រើប្រាស់​អំណាច​ដ៏​ពិសិដ្ឋ​នៃ​ការបង្កើត​កូន​របស់​យើង​ខុស ដើម្បី​បង្ខូច​ទឹកចិត្ត​នៃ​អាពាហ៍ពិពាហ៍ ព្រមទាំង​ការមាន​កូន ដោយ​បុរស និង​ស្ត្រី​ដ៏​សក្ដិសម​ទាំងឡាយ ហើយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការភាន់​ច្រឡំ​អំពី​អត្ថន័យ​នៃ​ការក្លាយ​ជា​ភេទ​ប្រុស ឬ​ភេទ​ស្រី » ( Same-Gender Attraction, Ensign ខែ តុលា ឆ្នាំ ១៩៩៥ ទំព័រ ៧–៨ ) ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:៦

សាសនាចក្រ​បង្ហាញ​ពី​លក្ខណៈ​ខុស​គ្នា​រវាង​ការចាប់ចិត្ត​នឹង​ភេទ​ដូច​គ្នា និង​ការប្រព្រឹត្តិ​ការរួម​ភេទ​ដូច​គ្នា

សូម​ចែក​ឲ្យ​សិស្ស​ម្នាក់ៗ​សំណៅ​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។ អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​សេចក្ដី​ថ្លែងការណ៍​នោះ ដោយ​រកមើល​គោលការណ៍​ទាំងឡាយ ដែល​អែលឌើរ ហូឡិន បង្រៀន​អំពី​ពួកអ្នក​ដែល​មាន​ការចាប់ចិត្ត​នឹង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា និង​របៀប​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពួកគេ​ដោយ​សេចក្ដី​ស្រឡាញ់ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« បុរស​វ័យ​ក្មេង​ដ៏​រីករាយ​ម្នាក់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ស្ដើង បាន​អង្គុយ​នៅ​ពី​មុខ​ខ្ញុំ ។ គាត់​មាន​ស្នាម​ញញឹម​ដ៏​គួរ​ឲ្យ​គយគន់ ទោះ​បី​គាត់​មិន​បាន​ញញឹម​ជា​ញឹកញាប់​នៅ​អំឡុង​ការឡើង​និយាយ​របស់​យើង​ក៏​ដោយ ។ អ្វី​ដែល​ទាក់ទាញ​ខ្ញុំ គឺ​សេចក្ដី​ឈឺចាប់​ដែល​នៅក្នុង​ភ្នែក​គាត់ ។

« ‹ ខ្ញុំ​មិន​ដឹង ថា​បើ​ខ្ញុំ​គួរតែ​បន្ត​ធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​ឬ​យ៉ាងណា › គាត់​បាន​និយាយ ។ ‹ ខ្ញុំ​គិត​ថា ខ្ញុំ​គ្មាន​ភាពសក្ដិសម​នោះ​ទេ › ។

« ‹ ហេតុ​អ្វី​ក្មួយ​មិន​មាន​ភាពសក្ដិសម › ? ខ្ញុំ​បាន​សួរ ។

« ‹ ខ្ញុំ​ជា​ខ្ទើយ › ។

« ខ្ញុំ​ស្មាន​ថា គាត់​បាន​គិត​ថា ខ្ញុំ​នឹង​ភ្ញាក់​ផ្អើល ។ ខ្ញុំ​មិន​បាន​ភ្ញាក់​ផ្អើល​ទេ ។ ‹ ហើយ​ចុះ​យ៉ាង​ម៉េច … ? › ខ្ញុំ​បាន​សួរ ។

« មាន​ការធូរ​ចិត្ត​មួយ​រំពេច​លេច​ឡើង​លើ​ផ្ទៃ​មុខ​គាត់ ពេល​ដែល​គាត់​បាន​ដឹង​ពី​ចំណាប់​អារម្មណ៍​បន្ត​ទៀត​របស់​ខ្ញុំ ។ ‹ ខ្ញុំ​មិន​ចាប់ចិត្ត​នឹង​ស្ត្រី​ទេ ។ ខ្ញុំ​ចាប់ចិត្ត​នឹង​បុរស ។ ខ្ញុំ​បាន​ព្យាយាម​មិន​អើពើ​នឹង​អារម្មណ៍​នេះ ឬ​ព្យាយាម​ផ្លាស់​ប្ដូរ​វា ប៉ុន្តែ … ›

« គាត់​បាន​ដក​ដង្ហើម​ធំ ។ ‹ ហេតុអ្វី​ខ្ញុំ​ក្លាយ​ទៅ​ជា​បែបនេះ ? អារម្មណ៍​នោះ​វា​ពិត​ជាក់ស្ដែង​ណាស់ › ។

« ខ្ញុំ​បាន​នៅ​ស្ងាត់​មួយ​សន្ទុះ បន្ទាប់​មក​និយាយ​ថា ‹ ខ្ញុំ​ត្រូវការ​ព័ត៌មាន​បន្ថែម​បន្តិច​ទៀត​សិន មុន​ពេល​ដែល​ខ្ញុំ​ផ្ដល់​ដំបូន្មាន​ដល់​ក្មួយ ។ ក្មួយ​ប្រុស ការចាប់ចិត្ត​នឹង​ភេទ​ដូច​គ្នា មិន​មែន​ជា​អំពើ​បាប​មួយ​ទេ ប៉ុន្តែ​ការធ្វើ​តាម​អារម្មណ៍​នោះ​គឺ​ជា​អំពើ​បាប—គឺ​ដូច​គ្នា​ទៅ​នឹង​អារម្មណ៍​នៃ​ការរួម​ភេទ​ផ្ទុយ​គ្នា​ដែរ ។ តើ​ក្មួយ​បាន​បំពាន​ច្បាប់​ព្រហ្មចារីយភាព​ទេ ? ›

« គាត់​បាន​គ្រវី​ក្បាល ។ ‹ ទេ ខ្ញុំ​មិន​បាន​បំពាន​ទេ › ។

« ពេល​នេះ ខ្ញុំ​ធូរ​ចិត្ត​ម្ដង ។ ‹ អរគុណ ដែល​ចង់​ដោះស្រាយ​បញ្ហា​នេះ › ខ្ញុំ​បាន​និយាយ ។ ‹ វា​ត្រូវការ​ភាពក្លាហាន​ដើម្បី​និយាយ​អំពី​វា ហើយ​ខ្ញុំ​គោរព​ដល់​ក្មួយ​ដែល​បាន​រក្សា​ខ្លួន​ក្មួយ​ឲ្យ​ស្អាតស្អំ ។

« ‹ សម្រាប់​មូលហេតុ​ថា​ហេតុអ្វី​ក្មួយ​មាន​អារម្មណ៍​បែប​នោះ ខ្ញុំ​មិន​អាច​ឆ្លើយ​សំណួរ​នោះ​បាន​ទេ ។ មាន​កត្តា​មួយ​ចំនួន​ដែល​អាច​រួម​បញ្ចូល​គ្នា ហើយ​កត្តា​ទាំង​នោះ​អាច​មាន​ភាពខុស​គ្នា​ដូចជា​មនុស្ស​មាន​ភាពខុស​គ្នា​ដែរ ។ មាន​កត្តា​មួយ​ចំនួន រួម​ទាំង​កត្តា​ដែល​បណ្ដាល​ឲ្យ​ក្មួយ​មាន​អារម្មណ៍​បែបនោះ យើង​ប្រហែល​ជា​មិន​ដែល​អាច​ដឹង​ទេ​ក្នុង​ជីវិត​នេះ ។ ប៉ុន្តែ ការដឹង​ពី​មូលហេតុ​ដែល​ក្មួយ​មាន​អារម្មណ៍​ដូច​ដែល​ក្មួយ​មាន មិន​សំខាន់​ដូច​ជា​ការដឹង​ថា​ក្មួយ​ពុំ​បាន​ប្រព្រឹត្ត​រំលង​នោះ​ឡើយ ។ បើ​ជីវិត​ក្មួយ​ស្រប​ទៅ​នឹង​ព្រះបញ្ញត្តិ នោះ​ក្មួយ​គឺ​មាន​ភាពសក្ដិសម​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ រីករាយ​ជាមួយ​នឹង​មិត្តភាព​ដែល​មាន​ពី​សមាជិក ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ទទួល​ពរជ័យ​ទាំងអស់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ › ។

« គាត់​បាន​មាន​អារម្មណ៍​ប្រសើរ​ឡើង​បន្ដិច ។ ខ្ញុំ​បាន​បន្ត​ថា ‹ ក្មួយ​មិន​បាន​ប្រព្រឹត្ត​ចំពោះ​ខ្លួន​ឯង​ល្អ​នោះ​ទេ ដែល​កំណត់​ខ្លួន​ឯង​ជា​ចម្បង​ដោយ​សារ​អារម្មណ៍​ផ្លូវ​ភេទ​របស់​ក្មួយ ។ នោះ​មិន​មែន​ជា​ចរិត​លក្ខណៈ​តែ​មួយ​មុខ​របស់​ក្មួយ​ឯណា ដូច្នេះ ចូរ​កុំ​ផ្ដល់​នូវ​ការផ្ដោត​ដែល​គ្មាន​សមាមាត្រ​ឡើយ ។ ទីមួយ ហើយ​សំខាន់​បំផុត ក្មួយ​គឺ​ជា​បុត្រា​នៃ​ព្រះ ហើយ​ទ្រង់​ស្រឡាញ់​ក្មួយ › » ។ ( Helping Those Who Struggle with Same-Gender Attraction, Ensign ខែ តុលា ឆ្នាំ ២០០៧ ទំព័រ ៤២ ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​ដំបូន្មាន​របស់​អែលឌើរ ហូឡិន ?

សូម​សរសេរ​គោលការណ៍​ដែល​មាន​ជា​អក្សរ​ដិត​ដូច​ខាងក្រោម​នេះ នៅលើ​ក្ដារខៀន ពេល​ដែល​សិស្ស​ចែកចាយ​គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​រកឃើញ ហើយ​ពិភាក្សា​វា​ដោយ​ការយោគយល់ ។

  • យើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ពេល​យើង​ផ្ដោត​លើ​អត្តសញ្ញាណ​របស់​យើង ក្នុង​នាម​ជា​បុត្រា និង​បុត្រី​ទ្រង់ ។

  • ការចាប់ចិត្ត​លើ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​គ្នា ពុំ​មែន​ជា​ការបំពាន​លើ​ច្បាប់​ព្រហ្មចារីយភាព​នោះ​ទេ ប៉ុន្តែ​ការប្រព្រឹត្ត​តាម​ការចាប់ចិត្ត​នោះ​គឺ​ជា​ការបំពាន ។ សូម​ពិចារណា​ក្នុង​ការចែកចាយ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:៦ « អ្នក​មិន​ត្រូវ … ផិត​គ្នា … ឬ​ប្រព្រឹត្ត​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ » ដោយ​ចង្អុល​បង្ហាញ​ថា « អ្វី​ដូច​នោះ » សំដៅ​ដល់​ភាពស្និទ្ធស្នាល​ខាង​ផ្លូវ​ភេទ​ក្រៅ​ពី​ចំណង​អាពាហ៍ពិពាហ៍ ។ ការប្រព្រឹត្ត​ការរួម​ភេទ​ដូច​គ្នា គឺ​ជា​អំពី​បាប​មួយ គឺ​ដូច​ជា​ទំនាក់ទំនង​ផ្លូវភេទ​ផ្ទុយ​គ្នា​ក្រៅ​អាពាហ៍ពិពាហ៍​គឺ​ជា​អំពើ​បាប​ដែរ ។ អ្នក​ណា​ក៏​ដោយ​ដែល​ចូលរួម​ក្នុង​អំពើ​បាប​ខាង​ផ្លូវភេទ​គ្រប់​បែប​ទាំងអស់ អាច​ត្រូវបាន​អត់ទោស​ឲ្យ​តាមរយៈ​ការប្រែចិត្ត ។

  • ដោយ​មិន​គិត​ពី​មូលហេតុ ដែល​មនុស្ស​មួយ​ចំនួន​មាន​ការចាប់ចិត្ត​លើ​ពួកអ្នក​ដែល​មាន​ភេទ​ដូច​គ្នា នោះ​មនុស្ស​ទាំងអស់​អាច​ជ្រើសរើស​រស់នៅ​ឲ្យ​ស្រប​នឹង​ព្រះបញ្ញត្តិ​របស់​ព្រះ ។ សូម​សង្កត់​បញ្ជាក់​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ ដែល​ថ្លែង​ដោយ អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « មាន​ការណ៍​ជា​ច្រើន​ណាស់ ដែល​យើង​មិន​យល់ អំពី​ប្រធានបទ​នេះ ដែល​យើង​នឹង​ធ្វើ​បាន​ល្អ បើ​យើង​ព្យាយាម​នៅ​ឲ្យ​ជិត​ទៅ​នឹង​អ្វី​ដែល​យើង​ដឹង​ពី​ព្រះបន្ទូល​របស់​ព្រះ​ដែល​បាន​បើក​បង្ហាញ​នោះ ។ អ្វី​ដែល​យើង​ពិត​ជា​ដឹង គឺ​ថា គោលលទ្ធិ​របស់​សាសនាចក្រ ដែល​ថា​សកម្មភាព​ខាង​ផ្លូវ​ភេទ គប្បី​កើតឡើង​តែ​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ដែល​បាន​រៀបការ​ប៉ុណ្ណោះ​នោះ ពុំ​បាន​ផ្លាស់​ប្ដូរ ហើយ​នឹង​មិន​ផ្លាស់​ប្ដូរ​ឡើយ » (“What Needs to Change,mormonsandgays.org ) ។

  • ពេល​យើង​រស់នៅ​ស្រប​នឹង​ព្រះបញ្ញត្តិ​របស់​ព្រះ យើង​អាច​រីករាយ​ជាមួយ​នឹង​អស់​ទាំង​ឯកសិទ្ធិ​នៃ​សមាជិកភាព​សាសនាចក្រ និង​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ទោះបី​ជា​បុគ្គល​ម្នាក់ៗ អាច​នឹង​មិន​ជ្រើសរើស​ដើម្បី​មាន​ការចាប់ចិត្ត​នឹង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា​ក្ដី ក៏​ពួកគេ​អាច​ជ្រើសរើស​នូវ​របៀប​ដើម្បី​ឆ្លើយ​តប​នឹង​ការចាប់ចិត្ត​នោះ​បាន​ដែរ ។

បន្ទាប់​ពី​រាយ​គោលការណ៍​ទាំងនេះ​នៅលើ​ក្ដារខៀន​ហើយ សូម​សួរ ៖

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​គោលការណ៍​ទាំងនេះ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពួក​អ្នក​ដែល​មាន​បទពិសោធន៍​នៃ​ការចាប់ចិត្ត​នឹង​ភេទ​ដូច​គ្នា ?

  • តើ​មាន​គោលការណ៍​ផ្សេង​ទៀត​ណា​ខ្លះ ដែល​យើង​រៀន​ពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ហូឡិន ?

ម៉ាថាយ ៧:១២; យ៉ូហាន ៨:១–១១; ១៥:១២

យើង​គប្បី​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ទៀត​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការគោរព

កំណត់ចំណាំ ៖ ពេល​អ្នក​បង្រៀន​ផ្នែក​នេះ​នៃ​មេរៀន​នេះ សូម​ប្រាកដ​ថា​អ្នក​សង្កត់​ធ្ងន់​ថា ពួកអ្នក​ដែល​មាន​ការចាប់ចិត្ត​នឹង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា ដោយ​មិន​បាន​ប្រព្រឹត្ត​តាម​ការចាប់ចិត្ត​នោះ គឺ​មិន​មាន​អំពើ​បាប​ដូច​ជា​ស្ត្រី​ដែល​ត្រូវបាន​គេ​នាំ​ចូល​មក​ដោយសារ​អំពើ​កំផិត​នោះ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា សកម្មភាព​របស់​ព្រះគ្រីស្ទ ចំពោះ​ស្ត្រី​នោះ គឺជា​គំរូ​មួយ​អំពី​របៀប​ដែល​យើង​គប្បី​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំងអស់—មិនថា​ពួកគេ​ចូលរួម​ក្នុង​ការប្រព្រឹត្ត​អសីលធម៌ ឬ​អត់​នោះ​ទេ ) ។

សូម​ប្រាប់​សិស្ស​ថា សាវក​ប៉ុល​បាន​កត់ត្រា​ឱកាស​មួយ ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​ដាក់​ឲ្យ​ប្រឈម​នឹង​ស្ថានភាព​មួយ​ដ៏​ស្រួចស្រាល ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី ដើម្បី​សិក្សា យ៉ូហាន ៨:១–១១ ដោយ​រក​មើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ស្ត្រី​ដែល​ត្រូវបាន​គេ​យក​ចូល​មក​ដោយសារ​អំពើ​កំផិត ។ សូម​ជួយ​សិស្ស​ឲ្យ​ប្រៀប​ប្រដូច​ដំណើរ​រឿង​នេះ ទៅ​នឹង​អាកប្បកិរិយា និង​សកម្មភាព​របស់​ពួកគេ​ផ្ទាល់ ក្នុង​ការប្រព្រឹត្តិ​ចំពោះ​ពួក​អ្នក​ដែល​ចូលរួម​ក្នុង​ការប្រព្រឹត្ត​ការរួម​ភេទ​ដូច​គ្នា និង​ឥរិយាបទ​អសីលធម៌​ផ្សេងៗ​ទៀត ដោយ​សួរ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះ បង្រៀន​អ្វី​ខ្លះ អំពី​របៀប​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ទៀត ? ( ទោះបី​ទ្រង់​ពុំ​បាន​អភ័យទោស​ឲ្យ​អំពើ​បាប​របស់​ស្ត្រី​នោះ តែ​ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ក្ដីមេត្តា និង​ការគោរព មិន​មែន​ដោយ​គ្មាន​មេត្តាធម៌​នោះ​ទេ ) ។

  • តើ​យើង​អាច​អនុវត្ត​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ចំពោះ​អាកប្បកិរិយា និង​សកម្មភាព​យើង​ផ្ទាល់​ដោយ​របៀប​ណា ចំពោះ​បងប្អូន​ប្រុស​ស្រី​ដែល​ជា​ខ្ទើយ ( ប្រុស​ស្រឡាញ់​ប្រុស និង​ស្រី​ស្រឡាញ់​ស្រី ) មិន​ថា​ពួកគេ​បាន​ចូលរួម​ក្នុង​ឥរិយាបទ​អសីលធម៌ ឬ​អត់​នោះ​ទេ ? ពេល​សិស្ស​ឆ្លើយ​តប សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ពេល​យើង​មាន​ក្ដីមេត្តា​ដល់​បុត្រា​បុត្រី​របស់​ព្រះ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដោយ​ការយោគយល់ និង​សប្បុរស ។ ( សូមមើល​ផងដែរ ម៉ាថាយ ៧:១២; យ៉ូហាន ១៥:១២ ) ។

សូម​ពិចារណា​ក្នុង​ការបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

អែលឌើរ ដាល្លិន អេក អូក

« ជាក់ស្ដែង​ណាស់​ថា ព្រះអម្ចាស់​មិន​បាន​ធ្វើ​ឲ្យ​អំពើបាប​របស់​ស្ត្រី​នោះ​ទៅ​ជា​ត្រឹមត្រូវ​នោះ​ទេ ។ ទ្រង់​គ្រាន់តែ​បាន​ប្រាប់​នាង​ថា ទ្រង់​នឹង​មិន​ផ្ដន្ទាទោស​នាង​ឡើយ—មានន័យថា ទ្រង់​នឹង​មិន​ដាក់​ការជំនុំ​ជម្រះ​ចុងក្រោយ​លើ​នាង​នៅ​ពេល​នោះ​ឡើយ ។ ការបកស្រាយ​នេះ ត្រូវបាន​បញ្ជាក់​ដោយ​អ្វី​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​នាពេល​នោះ​ទៅកាន់​ពួក​ផារ៉ាស៊ី ៖ ‹ អ្នក​រាល់​គ្នា​ជំនុំ​ជម្រះ​តាម​សាច់ឈាម ឯ​ខ្ញុំ​មិន​ជំនុំ​ជម្រះ​អ្នក​ណា​ទេ › ( យ៉ូហាន ៨:១៥ ) ។ ស្ត្រី​ដែល​ត្រូវបាន​គេ​នាំ​ចូល​មក​ដោយសារ​អំពើ​កំផិត​នោះ ត្រូវបាន​ផ្ដល់​ពេល​វេលា​ឲ្យ​ប្រែចិត្ត ជា​ពេលវេលា​ដែល​ត្រូវបាន​បដិសេធ​ដោយ​ពួកអ្នក​ដែល​ចង់​ចោល​ថ្ម​ទៅលើ​នាង » ( “‘Judge Not’ and Judging, Ensign ខែ សីហា ឆ្នាំ ១៩៩៩ ទំព័រ ៨ ) ។

សិស្ស​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការរៀន​នោះ យោងតាម​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៃ យ៉ូហាន ៨:១១ បន្ទាប់​ពី​ការប្រាស្រ័យ​របស់​នាង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ហើយ « ស្ត្រី​នោះ​បាន​សរសើរ​តម្កើង​ដល់​ព្រះ ចាប់​ពី​ពេលនោះ​ឯង ហើយ​បាន​ជឿ​លើ​ព្រះនាម​ទ្រង់ » ( នៅក្នុង យ៉ូហាន ៨:១១ លេខយោង  ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដែល​ថ្លែង​ដោយ​អែលឌើរ ឃ្វីនថិន អិល ឃុក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

អែលឌើរ ឃ្វីនថិន អិល ឃុក

« ក្នុង​នាម​ជា​សាសនាចក្រ​មួយ គ្មាន​ជន​ណា​ម្នាក់ គប្បី​ទទួល​បាន​សេចក្ដី​ស្រឡាញ់ និង​មេត្តា​ធម៌​ច្រើន​ជាង​ជន​ណា​នោះ​ទេ ។ ចូរ​យើង​ធ្វើ​ជា​អ្នក​ចេញ​មុខ​ក្នុង​ការបង្ហាញ​សេចក្ដី​ស្រឡាញ់ មេត្តាធម៌ និង​ការបម្រើ ។ ចូរ​កុំ​ឲ្យ​គ្រួសារ​កាត់កាលចោល ឬ​មិន​គោរព​ស្រឡាញ់​អ្នក​ដែល​ជ្រើសរើស​ខ្សែ​ជីវិត​ខុស​ប្លែក​ពី​គេ ដោយសារ​តែ​អារម្មណ៍​ដែល​គេ​មាន​អំពី​ភេទ​របស់​គេ​នោះ​ឡើយ » ( “Love One Another: A Discussion on Same-Sex Attraction,mormonsandgays.org ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយតម្លៃ​អាកប្បកិរិយា និង​សកម្មភាព​ខ្លួន​គេ​ផ្ទាល់ ចំពោះ​មនុស្ស​ដែល​មាន​ការចាប់ចិត្ត​ទៅលើ​ភេទ​ដូច​គ្នា ។ តើ​អាកប្បកិរិយា និង​សកម្មភាព​ទាំងនោះ ស្រប​នឹង​ការបង្រៀន និង​គំរូ​របស់​ព្រះអម្ចាស់​ឬ​ទេ ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វី ប្រសិន​បើ​អ្នក​ស្ថិត​នៅក្នុង​ក្រុម​មួយ ដែល​កំពុង​និយាយ​ប្រមាថ​មាក់ងាយ​អំពី​មនុស្ស​ដែល​មាន​ការចាប់ចិត្ត​លើ​ភេទ​ដូច​គ្នា​នោះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា បើ​យើង​នឹង​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ និង​ក្ដីមេត្តា​ដ៏​ធំធេង ដល់​បងប្អូន​ប្រុសស្រី​ដែល​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា នោះ​ជីវិត​អាច​ត្រូវបាន​ផ្លាស់​ប្ដូរ ក្រុមគ្រួសារ​អាច​ត្រូវបាន​ព្យាបាល និង​មនុស្ស​ដែល​មាន​អារម្មណ៍​លែង​ជិតស្និត​នឹង​សាសនាចក្រ អាច​ទទួល​អារម្មណ៍​កាន់តែ​ស្វាគមន៍​ពី​សមាជិក​សាសនាចក្រ ។ សូម​រំឭក​សិស្ស​ថា ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​មាន​សម្រាប់​អ្នក​ណា​ដែល​ព្យាយាម​រក្សា​ព្រះបញ្ញត្តិ ទាំងឡាយ និង​បន្ត​នៅ​ស្មោះពិត​ចំពោះ​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បុគ្គល​ទាំងឡាយ ដែល​ពួកគេ​ស្គាល់ ដែល​មាន​ការចាប់ចិត្ត​ទៅនឹង​ភេទ​ដូច​គ្នា ហើយ​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​កាន់តែ​មាន​ក្ដី​អាណិត​អាសូរ​ដល់​ពួកគេ ខណៈ​នៅតែ​តោង​ជាប់​ទៅនឹង​ច្បាប់​ព្រហ្មចារីយភាព ។

ការអាន​របស់​សិស្ស