មេរៀនទី ១៨
ការបីបាច់ទំនាក់ទំនងអាពាហ៍ពិពាហ៍
សេចក្ដីផ្ដើម
« ស្វាមី និងភរិយាមានការទទួលខុសត្រូវដ៏ឧឡារិកដើម្បីស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ស្វាមី និងភរិយាទាំងឡាយអាចទទួលបាននូវសុភមង្គលយ៉ាងខ្លាំងបំផុត ដែលជាកម្មវត្ថុនៃផែនការរបស់ព្រះ ដោយការរួមបញ្ចូលនូវព្រះវរបិតាសួគ៌ និងព្រះយស៊ូវគ្រីស្ទទៅក្នុងទំនាក់ទំនងរបស់ពួកគេ ហើយរស់នៅតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អនៃព្រះយស៊ូវគ្រីស្ទយ៉ាងខ្ជាប់ខ្ជួន ។
ការអានពីសាវតា
-
រ័សុល អិម ណិលសុន “Nurturing Marriage,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣៦–៣៨ ។
-
ដាវីឌ អេ បែដណា « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨២–៨៧ ។
-
អេល វីតនី ក្លេតុន “Marriage: Watch and Learn,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៣–៨៥ ] ) ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ១៩:៣–៨; អេភេសូរ ៥:២៥, ២៨–៣១; គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៥, ១៣–១៥; ៤២:២២
ការស្ថាបនាអាពាហ៍ពិពាហ៍ដ៏ជោគជ័យមួយ
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« អាពាហ៍ពិពាហ៍នាំមកនូវលទ្ធភាពដែលកាន់តែមហិមាដើម្បីមានសុភមង្គល ជាងទំនាក់ទំនងនានាទាំងអស់របស់មនុស្សយើង ។ ប៉ុន្ដែ គូស្វាមីភរិយាដែលរៀបការខ្លះ បានខកខានមិនបានបំពេញសក្ដានុពលដ៏ពេញលេញរបស់ពួកគេ ។ ពួកគេធ្វើឲ្យភាពផ្អែមល្ហែមរបស់ពួកគេក្លាយទៅជាច្រែះចាប់ លែងឲ្យតម្លៃដល់គ្នាទៅវិញទៅមក អនុញ្ញាតឲ្យចំណាប់អារម្មណ៍ ឬពពកនៃការធ្វេសប្រហែសបាំងនូវទស្សនវិស័យនៃអ្វីដែលអាពាហ៍ពិពាហ៍របស់ពួកគេពិតជាអាចកើតមាន ។ អាពាហ៍ពិពាហ៍ជាច្រើននឹងបានរីករាយជាងនេះ ប្រសិនបើត្រូវបានថែទាំដោយយកចិត្តទុកដាក់ជាងនេះ » ( “Nurturing Marriage,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣៦ ) ។
-
តើអ្នកគិតថា ទម្លាប់ ឬឥរិយាបថបែបណា ដែលអាចបណ្ដាលឲ្យអាពាហ៍ពិពាហ៍ « ក្លាយទៅជាច្រែះចាប់ » នោះ ?
សូមពន្យល់ថា គូស្វាមីភរិយាដែលអនុញ្ញាតឲ្យអាពាហ៍ពិពាហ៍របស់ពួកគេក្លាយទៅជាច្រែះចាប់ ពេលខ្លះពួកគេជ្រើសរើសដើម្បីបញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេតាមរយៈការលែងលះ ។ សូមប្រាប់សិស្សថា អំឡុងពេលការបម្រើខាងសាច់ឈាមរបស់ព្រះអង្គសង្គ្រោះ ពួកផារិស៊ីខ្លះបានឈ្លោះថា ការលែងលះគ្នាត្រូវបានអនុញ្ញាតឲ្យបានទោះដោយមានមូលហេតុតូចតាចក្ដី ហើយពួកគេបានខិតខំដើម្បីធ្វើឲ្យព្រះយេស៊ូវពាក់ព័ន្ធនៅក្នុងចលាចលនេះ ដោយការសួរពីព្រះគំនិតរបស់ទ្រង់អំពីការលែងលះ ។ សូមសុំឲ្យសិស្សម្នាក់ឲ្យអាន ម៉ាថាយ ១៩:៣-៨ ឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលភាពផ្ទុយគ្នារវាងឥរិយាបថរបស់ព្រះអង្គសង្គ្រោះ និងឥរិយាបថរបស់ពួកផារិស៊ីអំពីរឿងរៀបអាពាហ៍ពិពាហ៍ ។ បើចាំបាច់ សូមពន្យល់ថា សំបុត្រលាយលក្ខណ៍អក្សរនៃការលែងលះគ្នា គឺជាឯកសារផ្លូវច្បាប់មួយ ដែលបុរសម្នាក់ត្រូវបោះបង់ចោលភរិយារបស់គេ មុនពេលបញ្ជូននាងចេញទៅ ។
-
តើពាក្យនៅក្នុង ខ ៣ បង្ហាញពីឥរិយាបថរបស់ពួកផារិស៊ីអំពីអាពាហ៍ពិពាហ៍ និងការលែងលះគ្នាយ៉ាងដូចម្ដេច ? ( គេអាចអនុញ្ញាតឲ្យ « លែង » ឬលែងលះ « ដោយហេតុផងណាក៏ដោយ » ) ។
-
តើព្រះយេស៊ូវបានបង្រៀននៅក្នុង ខ ៨ យ៉ាងដូចម្ដេចខ្លះ ដែលប្រឆាំងទៅនឹងគំនិតនេះ ព្រមទាំងអះអាងលក្ខណៈដ៏មុតមាំនៃអាពាហ៍ពិពាហ៍បែបនោះ ? ( ចេញពីជំនាន់របស់លោកអ័ដាម និងអេវ៉ាមក ព្រះបានមានព្រះទ័យថា អាពាហ៍ពិពាហ៍ត្រូវបន្ដរហូតដល់អស់កល្បជានិច្ច។ ដើម្បីពង្រឹងបន្ថែមដល់គោលលទ្ធិនេះ សូមពិចារណាសុំឲ្យសិស្សធ្វើបទគម្ពីរយោងឆ្លងពី ខ ៨ ទៅនឹង សាស្ដា ៣:១៤ និង ម៉ូសេ ៤:១៨ ) ។
សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ប្រភេទនៃអាពាហ៍ពិពាហ៍នេះតម្រូវឲ្យមានការលើកតម្កើងឡើង — អស់កល្បនៅក្នុងពេលវេលា និងលក្ខណៈដូចជាព្រះនៅក្នុងគុណភាព — មិនមែនគិតអំពីការលែងលះនោះទេ ។ នៅក្នុងព្រះវិហារបរិសុទ្ធទាំងឡាយរបស់ព្រះអម្ចាស់ គូស្វាមីភរិយាជាច្រើនបានរៀបការសម្រាប់ភាពអស់កល្បជានិច្ចទាំងអស់ ។ ប៉ុន្ដែ អាពាហ៍ពិពាហ៍ខ្លះមិនបានដំណើរការឆ្ពោះមុខទៅចំនុចនោះឡើយ ។ ដោយសារតែ ‹ ចិត្ត [ របស់យើងរាល់គ្នា ] រឹងរបឹង › [ ម៉ាថាយ ១៩:៨ ] នោះព្រះអម្ចាស់មិនបានបង្គាប់ឲ្យមានលទ្ធផលនៃបទដ្ឋានសេឡេស្ទាលនោះទេនាពេលថ្មីៗនេះ ។ ទ្រង់អនុញ្ញាតឲ្យបុគ្គលដែលលែងលះគ្នាទាំងឡាយ រៀបការម្ដងទៀតដោយគ្មានស្នាមប្រឡាក់នៃភាពអសីលធម៌ ដែលបញ្ជាក់នៅក្នុងច្បាប់ដ៏ខ្ពស់ជាងនោះឡើយ » ( “Divorce”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧០ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីអ្វីដែលស្វាមី និងភរិយាទាំងឡាយអាចធ្វើបាន ដើម្បីសម្រេចបាននូវប្រភេទនៃអាពាហ៍ពិពាហ៍ដែលតម្រូវឲ្យមានការលើកតម្កើងឡើងនោះ សូមឲ្យសិស្សអានប្រយោគទីមួយនៃកថាខណ្ឌទីប្រាំមួយនៅក្នុងការប្រកាសអំពីក្រុមគ្រួសារ ។
-
តើស្វាមី និងភរិយាទាំងឡាយមានកាតព្វកិច្ចធ្វើអ្វីខ្លះដល់គ្នាទៅវិញទៅមក ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរដាក់លើក្ដារខៀននូវឃ្លាខាងក្រោមនេះដែលចេញមកពីការប្រកាសអំពីក្រុមគ្រួសារ ៖ « ស្វាមី និងភរិយាមានការទទួលខុសត្រូវដ៏ឧឡារិក ដើម្បីស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក » ) ។
-
តើវាមានន័យដល់អ្នកយ៉ាងណាដែរ ដែលថាគូស្វាមី និង ភរិយាមាននូវ « ការទទួលខុសត្រូវដ៏ឱឡារិកដើម្បីស្រឡាញ់ និង ថែរក្សាគ្នាទៅវិញទៅមក » ?
ដើម្បីជួយឲ្យសិស្សកាន់តែយល់ច្បាស់ពីការទទួលខុសត្រូវនេះ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:៥, ១៣–១៥ ហើយសិស្សពាក់កណ្ដាលថ្នាក់ទៀតអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២២ និង អេភេសូរ ៥:២៥, ២៨–៣១ ។ សូមឲ្យសិស្សស្វែងរកគោលការណ៍ទាំងឡាយដែលបង្រៀនពីរបៀប ដើម្បីថែរក្សាអាពាហ៍ពិពាហ៍មួយ ហើយបន្ទាប់មកសរសេរអ្វីដែលពួកគេរកឃើញនៅលើក្ដារខៀន ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សរើសយកចំណុចមួយដែលសរសេរនៅលើក្ដារខៀននោះ ហើយពន្យល់ពីអត្ថន័យវាចំពោះពួកគេ ។
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមពីអែលឌើរ អេល វីតនី ក្លេតុន នៃគណៈប្រធានពួកចិតសិបនាក់ ហើយសូមឲ្យសិស្សស្ដាប់រកមើលការយល់ដឹងដ៏ជាក់លាក់ជាពាក្យ នៅជាប់នឹង និងលាចេញ ៖
« អាពាហ៍ពិពាហ៍ដ៏រីករាយបំផុតដែលខ្ញុំបានឃើញ ចែងចាំងដោយការគោរពតាមព្រះបញ្ញតិ្តដ៏រីករាយបំផុត — ថាយើង ‹ រស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ › [ គ. និង ស. ៤២:៤៥ ] ។ ដោយមានបន្ទូលទៅស្វាមីទាំងឡាយ នោះព្រះអម្ចាស់បានបញ្ជាថា ‹ ត្រូវស្រឡាញ់ប្រពន្ធខ្លួនឲ្យអស់ពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ › [ គ. និង ស. ៤២:២២ ] ។ ក្បួនខ្នាតសាសនាចក្រមួយបង្រៀន ៖ ‹ ពាក្យ នៅជាប់នឹង មានន័យថា ត្រូវនៅស្មោះត្រង់ទាំងស្រុង និងស្មោះស្ម័គ្រដល់នរណាម្នាក់ ។ គូស្វាមីភរិយាដែលរៀបការហើយ នៅជាប់នឹងព្រះ ព្រមទាំងនៅជាប់នឹងគ្នាទៅវិញទៅមក ដោយការបម្រើ និងស្រឡាញ់គ្នាទៅវិញទៅមក ហើយដោយការរក្សាសេចក្ដីសញ្ញាទាំងឡាយដោយសេចក្ដីស្មោះត្រង់ទាំងស្រុងដល់គ្នាទៅវិញទៅមក និងដល់ព្រះ › ។ ទាំងស្វាមី និងភរិយា ‹ លាចេញពីជីវិតនៅលីវរបស់ពួកគេ ហើយស្ថាបនានូវអាពាហ៍ពិពាហ៍ពួកគេ ទុកជាអាទិភាពដ៏ចម្បង [ របស់ពួកគេ ] ។ … ពួកគេមិនអនុញ្ញាតឲ្យមានបុគ្គលផ្សេងទៀត ឬចំណាប់អារម្មណ៍ផ្សេងទៀតណាមានអាទិភាពខ្លាំងជាង … ការរក្សាសេចក្ដីសញ្ញា ដែលពួកគេបានធ្វើជាមួយនឹងព្រះ និងជាមួយនឹងគ្នាទៅវិញទៅមកឡើយ › [ សៀវភៅក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ១.៣.១ ] ។ Watch and learn: successful couples love each other with complete devotion” ( “Marriage: Watch and Learn,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៥ ] ) ។
-
តើស្វាមី ឬភរិយាទាំងឡាយអាចមានការណ៍អ្វីខ្លះ ដែលត្រូវតែ « ទុកចោល » ដើម្បី« នៅជាប់នឹង » គ្នាទៅវិញទៅមក ?
-
តើគូស្វាមីភរិយាដែលអ្នកស្គាល់ បានបង្ហាញនូវសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះដៃគូរបស់ពួកគេយ៉ាងដូចម្ដេចខ្លះ ?
-
តើអ្នកអាចធ្វើអ្វីបានខ្លះ នាពេលឥឡូវនេះ ដើម្បីនឹងជួយរៀបចំអ្នកឲ្យស្រឡាញ់ និងយកចិត្តទុកដាក់ដល់ដៃគូអនាគតរបស់អ្នកដោយឥតមានភាពអាត្មានិយមនោះ ?
អ័ប្រាហាំ ៥:១៥–១៨
ការក្លាយទៅជាតែមួយនៅក្នុងអាពាហ៍ពិពាហ៍
សូមអញ្ជើញសិស្សម្នាក់អាន អ័ប្រាហាំ ៥:១៥–១៨ ឮៗ ។ សូមសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីទំនាក់ទំនងរវាងស្វាមី និងភរិយា ។
-
យោងតាមខគម្ពីរទាំងនេះ តើស្វាមី និងភរិយាមួយគូគួរដាក់គោលដៅដើម្បីធ្វើការរួមគ្នាទៅកាន់អ្វី ? ( ដើម្បីក្លាយទៅជា « សាច់តែមួយសុទ្ធ » ) ។
សូមគូររូបខាងក្រោមនេះដាក់នៅលើក្ដារខៀន ៖
សូមចែកដល់សិស្សនូវច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមសុំសិស្សម្នាក់ឲ្យអានកថាខណ្ឌទីមួយឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលអត្ថន័យដែលរូបនេះតំណាងឲ្យ ៖
« ព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជាចំណុចប្រសព្វគ្នា នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ដែលនៅក្នុងសេចក្ដីសញ្ញាមួយ ។ សូមកត់ចំណាំពីរបៀបដែលព្រះអង្គសង្គ្រោះមានទីតាំងគង់នៅចុងកំពូលនៃត្រីកោណនេះ ដោយមានស្ដ្រីម្នាក់នៅបាតនៃចុងម្ខាង ហើយបុរសម្នាក់នៅបាតខាងចុងម្ខាងទៀតនៃត្រីកោណនោះ ។ ឥឡូវនេះ សូមពិចារណាអំពីអ្វីដែលកើតឡើងនៅក្នុងទំនាក់ទំនងរវាងបុរស និងស្ដ្រីម្នាក់ នៅពេលពួកគេ ‹ មករកព្រះគ្រីស្ទ › រៀងៗខ្លួន និងដោយខ្ជាប់ខ្ជួន ហើយខិតខំដើម្បី‹ បានល្អឥតខ្ចោះនៅក្នុងទ្រង់ › ( មរ៉ូណៃ ១០:៣២ ) ។ ដោយសារតែ និងតាមរយៈព្រះដ៏ប្រោសលោះ នោះបុរស និងស្ដ្រីម្នាក់ចូលមកជិតគ្នាកាន់តែខ្លាំង ។
« នៅពេលស្វាមីម្នាក់ និងភរិយាម្នាក់ត្រូវបានទាញឲ្យមករកព្រះអម្ចាស់ ( សូមមើល នីហ្វៃទី ៣ ២៧:១៤ ) នៅពេលពួកគេរៀនបម្រើ និងលើកតម្កើងគ្នាទៅវិញទៅមក នៅពេលពួកគេចែកចាយបទពិសោធន៍ជីវិត និងរីកចម្រើនឡើងជាមួយនឹងគ្នា ហើយក្លាយទៅជាតែមួយ ហើយនៅពេលពួកគេត្រូវបានប្រទានពរតាមរយៈការរួបរួមគ្នានៃលក្ខណៈខុសគ្នារបស់ពួកគេ នោះពួកគេចាប់ផ្ដើមដឹងពីការបំពេញគ្នាដែល ព្រះវរបិតាសួគ៌ចង់ឲ្យកូនចៅរបស់ទ្រង់មាន ។ សុភមង្គលដ៏ខ្ពស់បំផុត ដែលជាកម្មវត្ថុដ៏សំខាន់បំផុតនៃផែនការរបស់ព្រះវរបិតានោះ ត្រូវទទួលបានតាមរយៈការធ្វើ និងការគោរពតាមសេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច » ( “Marriage Is Essential to His Eternal Plan,”Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៦ ) ។
-
យោងតាមអែលឌើរ បែដណា តើមានអ្វី ដែលធ្វើឲ្យស្វាមីនិងភរិយាមួយគូចូលមកកាន់គ្នាកាន់តែជិតឡើង ? ( នៅពេលសិស្សឆ្លើយ សូមសង្កត់ធ្ងន់លើគោលការណ៍ដូចតទៅនេះ ៖ នៅពេលស្វាមី និងភរិយាទាំងឡាយខិតខំមករកព្រះគ្រីស្ទ នោះពួកគេអាចក្លាយទៅជាតែមួយនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ) ។
-
តើអ្នកគិតថា ការមករកព្រះគ្រីស្ទ ជួយដល់ស្វាមី និងភរិយាឲ្យខិតជិតគ្នាកាន់តែខ្លាំងដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អានឮៗ នូវកថាខណ្ឌទីពីរនៃសេចក្ដីថ្លែងការណ៍ដោយ អែលឌើរ បែដណា ។ បន្ទាប់មកសូមសួរ ៖
-
យោងតាម អែលឌើរ បែដណា តើគូស្វាមីភរិយាទាំងឡាយត្រូវតែធ្វើអ្វីខ្លះ ដើម្បីទទួលបាន « សុភមង្គលដ៏ខ្ពស់បំផុត » ដែលព្រះចង់ឲ្យពួកគេមាន ?
-
តើអ្នកបានឃើញគូស្វាមីភរិយាជាច្រើនធ្វើនូវការណ៍ប្រភេទណាខ្លះ ដើម្បីសម្រេចឲ្យបាននូវការរួបរួម និងក្ដីអំណរនៅក្នុងអាពាហ៍ពិពាហ៍ ?
សូមអាន ហើយបន្ទាប់មកថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដូចខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ៖
« រឿងអាពាហ៍ពិពាហ៍ ត្រូវតែចាត់ទុកថាជាសេចក្ដីសញ្ញាដ៏ពិសិដ្ឋមួយចំពោះព្រះភក្រ្តរបស់ព្រះ ។ គូស្វាមីភរិយាដែលបានរៀបការមួយគូ មានកាតព្វកិច្ចមួយចំពោះគ្នាទៅវិញទៅមក និងចំពោះព្រះផងដែរ ។ ទ្រង់បានសន្យាថានឹងប្រទានពរជ័យដល់អស់អ្នកណា ដែលគោរពតាមសេចក្ដីសញ្ញានោះ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៨៣ ) ។
-
តើគូស្វាមីភរិយាអាចប្រព្រឹត្តខុសពីនេះយ៉ាងណា ប្រសិនបើពួកគេចាត់ទុកអាពាហ៍ពិពាហ៍របស់ពួកគេថាជាសេចក្ដីសញ្ញាដ៏ពិសិដ្ឋមួយ ដែលមិនត្រឹមតែធ្វើឡើងជាមួយនឹងគ្នាទៅវិញទៅមកនោះទេ ប៉ុន្ដែថែមទាំងជាមួយនឹងព្រះផងដែរនោះ ?
-
តើអ្នកអាចធ្វើអ្វីខ្លះនាពេលនេះ ដើម្បីរៀបចំសម្រាប់អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធមួយ ?
សូមឲ្យសិស្សសរសេរនៅក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់ពួកគេ អំពីអ្វីដែលពួកគេកំពុងធ្វើនាពេលនេះ និងអ្វីដែលពួកគេអាចធ្វើនាពេលអនាគតដើម្បីរៀបចំសម្រាប់អាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច ។
ការអានរបស់សិស្ស
-
ម៉ាថាយ ១៩:៣–៨; អេភេសូរ ៥:២៥, ២៨–៣១; គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៥, ១៣–១៥; ៤២:២២; អ័ប្រាហាំ ៥:១៥–១៨ ។
-
អេល វីតនី ក្លេតុន “Marriage: Watch and Learn,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៣–៨៥ ] ) ។