មេរៀនទី ២៦
ទំនួលខុសត្រូវចំពោះព្រះ
សេចក្ដីផ្ដើម
ព្យាការី និងពួកសាវកបានព្រមានថា « បុគ្គលណាដែលបំពានលើសេចក្ដីសញ្ញានៃព្រហ្មចារីភាព ដោយបានធ្វើបាបភរិយា ឬកូនចៅ ឬមិនបានបំពេញការទទួលខុសត្រូវក្នុងគ្រួសារ គង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ មេរៀននេះ នឹងសិក្សាអំពីរបៀបដែលការរំលងលើច្បាប់ព្រះដ៏ធ្ងន់ធ្ងរទាំងនេះ នឹងនាំមកនូវលទ្ធផលនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ពីជីវិតនេះ ។ វាក៏សង្កត់ធ្ងន់ផងដែរថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ផ្ដល់នូវសេចក្ដីសង្ឃឹម និងការព្យាបាលដល់អ្នកដែលប្រែចិត្ត ។
ការអានពីសាវតា
-
ជែហ្វ្រី អ័រ ហូឡិន “The Tongue of Angels,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៦–១៨ ។
-
រីឆាត ជី ស្កត “To Heal the Shattering Consequences of Abuse”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤០–៤៣ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ១៨:១–៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២–២៥; ៩៣:៣៩–៤៤ ។
ការបំពានសេចក្ដីសញ្ញានៃព្រហ្មចារីភាព ការរំលោភបំពាន និងខកខានមិនបានបំពេញទំនួលខុសត្រូវក្នុងគ្រួសារ
សូមរំឭកសិស្សថា នៅក្នុងមេរៀនមុនៗ ពួកគេបានរៀនអំពីទំនួលខុសត្រូវគ្រួសារដ៏សំខាន់ រួមមានដូចតទៅ ៖ ( ១ ) ស្វាមី និងភរិយាត្រូវស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក ( ២ ) កូនចៅត្រូវតែបានចិញ្ចឹមបីបាច់ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត និង ( ៣ ) ឪពុកម្ដាយត្រូវផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងគ្រួសាររបស់ពួកគេ ។
-
តើមានអ្វីអាចកើតឡើងនៅក្នុងគ្រួសារមួយ ប្រសិនបើប្ដី ឬប្រពន្ធ និងឪពុកម្ដាយធ្វេសប្រហែសមិនបានបំពេញទំនួលខុសត្រូវទាំងនេះ ?
ដើម្បីជួយសិស្សឲ្យយល់ពីអ្វីដែល ព្យាការីសម័យទំនើបបានមានប្រសាសន៍អំពីសារៈសំខាន់នៃការបំពេញតាមទំនួលខុសត្រូវក្នុងគ្រួសារនោះ សូមឲ្យសិស្សម្នាក់អានឮៗពី កថាខណ្ឌទី ៨ នៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ សូមសង្កត់ធ្ងន់ទៅលើគោលការណ៍ខាងក្រោមនេះ ៖ « បុគ្គលណាដែលបំពានលើសេចក្តីសញ្ញានៃព្រហ្មចារីភាព ដោយបានធ្វើបាបភរិយា ឬកូនចៅ ឬមិនបានបំពេញការទទួលខុសត្រូវក្នុងគ្រួសារ គង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ » ។
-
តើវាមានន័យយ៉ាងណា ដែលថា បុគ្គលដែលប្រព្រឹត្តកំហុសទាំងនេះ នឹងទទួលខុសត្រូវនៅចំពោះព្រះ ? ( នៅថ្ងៃជំនុំជម្រះ យើងនឹងឈរនៅចំពោះព្រះ ហើយទទួលខុសត្រូវដល់ទ្រង់ ចំពោះអំពើបាប ដែលយើងមិនបានប្រែចិត្តចេញ សូមមើល វិវរណៈ ២០:១១–១៥; នីហ្វៃទី ២ ៩:១៥–១៦ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដានីស ប៊ី ណយអិនស្វានឌើរ នៃពួកចិតសិបនាក់ ៖
« ការទទួលខុសត្រូវរបស់យើងចំពោះព្រះ ជាព្រះវរបិតា និងអង្គបង្កបង្កើតរបស់យើង គឺជាមេរៀនគ្រឹះដ៏សំខាន់មួយនៃដំណឹងល្អ » ( “The Path of Growth,”Ensign ខែ ធ្នូ ឆ្នាំ ១៩៩៩ ទំព័រ ១៥ ) ។
-
តើគោលការណ៍នៃការទទួលខុសត្រូវចំពោះព្រះ សម្រាប់សកម្មភាពរបស់យើង ជួយយើងឲ្យលូតលាស់ឡើងខាងវិញ្ញាណដោយរបៀបណា ?
សូមសរសេរពាក្យខាងក្រោមនៅលើក្ដារខៀន ជាចំណងជើងនៃជួរឈរបី ៖
ការរំលងសេចក្ដីសញ្ញានៃព្រហ្មចារីភាព |
ការធ្វើបាបភរិយា ឬកូនចៅ |
ការមិនបានបំពេញការទទួលខុសត្រូវក្នុងគ្រួសារ |
សូមបែងចែកសិស្សទៅជាបីក្រុម ។ សូមអញ្ជើញសិស្សក្នុងថ្នាក់មួយភាគបីអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២២–២៥ ហើយសុំឲ្យសិស្សមួយភាគបីទៀតអាន ម៉ាថាយ ១៨:១–៦ ហើយសិស្សមួយភាគបីចុងក្រោយអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:៣៩–៤៤ ។ សូមឲ្យសិស្សផ្គូផ្គងវគ្គបទគម្ពីររបស់ពួកគេ ទៅនឹងចំណងជើងត្រឹមត្រូវនៅលើក្ដារខៀន ។ សូមឲ្យសិស្សរកមើលពាក្យ និង ឃ្លាដែលបង្រៀនអំពី លក្ខណៈធ្ងន់ធ្ងរនៃកំហុសទាំងនេះផងដែរ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀន ។ ( នៅពេលសិស្សឆ្លើយតប សូមសរសេរសេចក្ដីយោងបទគម្ពីរនៅក្រោមចំណងជើងត្រឹមត្រូវ ) ។
-
តើពាក្យ និងឃ្លានៅក្នុងខគម្ពីរទាំងនេះអ្វីខ្លះ ដែលបង្រៀនអំពីលក្ខណៈធ្ងន់ធ្ងរនៃកំហុសទាំងនេះ ?
សូមពិចារណាពីការចង្អុលបង្ហាញទៅចំណងជើងនិមួយៗនៅលើក្ដារខៀន ហើយសូមសួរសំណួរដូចខាងក្រោមនេះ ដែលទាក់ទងទៅនឹងកំហុសនិមួយៗ ។ នៅពេលពួកគេឆ្លើយ សូមសរសេរចម្លើយរបស់ពួកគេនៅក្រោមចំណងជើងនិមួយៗ ។
-
តើឥរិយាបថ ឬអាកប្បកិរិយាណាខ្លះ ដែលអាចនាំឲ្យមនុស្សម្នាក់ប្រព្រឹត្តកំហុសនេះ បើពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានទេនោះ ? ( ឧទាហរណ៍ ចម្លើយនៃកំហុស ក្នុងការធ្វើបាបភរិយា ឬកូនចៅ អាចរួមមានការមិនចេះអត់ធ្មត់ជាមួយនឹងអ្នកដទៃ ទំនោរចង់រិះគន់បង្អាប់អ្នកដទៃ ហើយជឿការនិយាយមិនពិតអំពីបុរស ឬស្ដ្រីទាំងឡាយ ) ។
-
តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះដល់ នរណាម្នាក់ដែលបង្ហាញនូវឥរិយាបថ ឬអាកប្បកិរិយាទាំងនេះ ?
-
តើសមាជិកសាសនាចក្រម្នាក់ អាចយកឈ្នះលើឥរិយាបថ ឬអាកប្បកិរិយាទាំងនេះដោយរបៀបណា ? ( នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេ សូមជួយពួកគេឲ្យយល់ថា នៅពេលយើងអនុវត្តគោលការណ៍ដំណឹងល្អដូចជា ការប្រែចិត្ត ការបម្រើដូចព្រះគ្រីស្ទ សេចក្ដីមេត្តា ការអត់ធ្មត់ និងការអភ័យទោស នោះយើងអាចទទួលបានអំណាចនៃដង្វាយធួនដែលធ្វើឲ្យយើងអាចសម្រេចបាន ) ។
កូរិនថូសទី ២ ៥:១៧–២១
សេចក្ដីសង្ឃឹមសម្រាប់ការប្រែចិត្ត ការអភ័យទោស និងការផ្លាស់ប្ដូរ
សូមថ្លែងទីបន្ទាល់ថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ផ្ដល់នូវមធ្យោបាយសម្រាប់បុគ្គល និងគ្រួសារទាំងឡាយឲ្យទទួលបានជោគជ័យ និងរីករាយនឹងជីវិតដ៏សម្បូរសប្បាយ ។ ទោះជាយ៉ាងណា យើងទាំងអស់គ្នាជ្រើសរើសខុស ហើយជម្រើសខុសខ្លះអាចមានឥទ្ធិពលមិនល្អជាយូរមកលើខ្លួនយើង ឬទៅលើអ្នកដទៃ ។ សំណាងល្អ វានៅមានសេចក្ដីសង្ឃឹម ។
សូមពន្យល់ថា សមាជិកសាសនាចក្រខ្លះត្រូវរងគ្រោះដោយសារអ្នកដទៃ —ដូចជាប្ដី ឬប្រពន្ធដែលមិនស្មោះត្រង់ ឬក៏មានប្ដី ឬប្រពន្ធ ឬឪពុកម្ដាយដែលប្រើហឹង្សា —ហើយជនរងគ្រោះ ឆ្ងល់ថាតើ ពួកគេអាចធ្វើអ្វីខ្លះ នៅក្នុងកាលៈទេសៈពួកគេបែបនេះ ។ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ប្រសិនបើអ្នកត្រូវបានគេធ្វើបាប សាតាំងនឹងខិតខំពន្យុះអ្នកថា វាគ្មានដំណោះស្រាយនោះទេ ។ ប៉ុន្ដែ វាដឹងយ៉ាងច្បាស់ថា ពិតជាមានដំណោះស្រាយ ។ សាតាំងទទួលស្គាល់ថា ការព្យាបាលដែលបានមកតាមរយៈសេចក្ដីស្រឡាញ់ដ៏ឥតរុញរារបស់ព្រះវរបិតាសួគ៌ សម្រាប់យើងម្នាក់ៗដែលជាកូនចៅរបស់ទ្រង់ ។ វាក៏យល់ផងដែរថា អំណាចនៃការព្យាបាលនេះ មាននៅជាប់ជាមួយនឹងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ហេតុដូច្នេះហើយ យុទ្ធសាស្ដ្ររបស់វាគឺ ត្រូវធ្វើឲ្យអ្វីទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីបំបែកអ្នកចេញពីព្រះបិតារបស់អ្នក និងព្រះរាជបុត្រារបស់ទ្រង់ ។ សូមកុំឲ្យសាតាំងបញ្ចុះបញ្ចូលអ្នកបានថា អ្នកលែងទទួលបានជំនួយឡើយ » ( “To Heal the Shattering Consequences of Abuse”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤១ ) ។
-
ហេតុអ្វីបានជាសាតាំង ព្យាយាមបញ្ចុះបញ្ចូលអស់អ្នកដែលត្រូវបានគេធ្វើបាប ឲ្យជឿថា វាគ្មានដំណោះស្រាយចំពោះបញ្ហារបស់ពួកគេឡើយ ?
-
តើលទ្ធផលអ្វីខ្លះ អាចកើតមាន នៅពេលមនុស្សជឿថា គ្មានក្ដីសង្ឃឹម ឬគ្មានដំណោះស្រាយចំពោះបញ្ហារបស់ពួកគេនោះ ?
សូមចែកចាយទីបន្ទាល់ និងការប្រឹក្សាដូចតទៅមកពីអែលឌើរ រីឆាត ជី ស្កត ៖
« ខ្ញុំសូមថ្លែងទីបន្ទាល់ថា ខ្ញុំស្គាល់ជនរងគ្រោះនៃការធ្វើបាបដ៏ធ្ងន់ធ្ងរបែបនោះ ដែលបានយកជ័យជំនះលើដំណើរដ៏ពិបាកនោះ ទៅកាន់ការព្យាបាលដ៏ពេញលេញ តាមរយៈអំណាចនៃដង្វាយធួន ។ ក្រោយពីការបារម្ភផ្ទាល់ខ្លួនរបស់នាងត្រូវបានដោះស្រាយ ដោយសេចក្ដីជំនឿរបស់នាង នៅក្នុងអំណាចព្យាបាលនៃដង្វាយធួន នោះយុវនារីម្នាក់ ដែលធ្លាប់បានត្រូវគេធ្វើបាបយ៉ាងដំណំ ដោយឪពុករបស់នាង បានស្នើឲ្យមានកិច្ចសម្ភាសន៍មួយទៀតជាមួយនឹងខ្ញុំ ។ នាងបានត្រឡប់មកវិញដោយមានគូស្វាមីវ័យចំណាស់មកផង ។ ខ្ញុំអាចដឹងថា នាងបានស្រឡាញ់គូស្វាមីទាំងពីរនេះខ្លាំងណាស់ ។ ទឹកមុខរបស់នាង បានបញ្ចាំងនូវសុភមង្គល ។ នាងបានចាប់ផ្ដើមនិយាយថា ‹ អែលឌើរ ស្កត នេះគឺជាឪពុករបស់ខ្ញុំ ។ ខ្ញុំស្រលាញ់គាត់ ។ គាត់បានបារម្ភអំពីរឿងខ្លះ ដែលបានកើតឡើងនៅក្នុងកុមារភាពពីមុនរបស់ខ្ញុំ ។ វាលែងជាបញ្ហាសម្រាប់ខ្ញុំទៀតហើយ ។ តើអែលឌើរអាចជួយគាត់បានទេ ? › ឱ អំណាចដ៏អស្ចារ្យនៃការបញ្ជាក់អំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះដើម្បីព្យាបាល ! នាងលែងរងទុក្ខនឹងលទ្ធផលនៃការធ្វើបាបនោះទៀតហើយ ដោយសារនាងបានយល់ដឹងល្មមគ្រប់គ្រាន់អំពីដង្វាយធួនរបស់ទ្រង់ សេចក្ដីជំនឿគ្រប់គ្រាន់ និងបានគោរពតាមច្បាប់របស់ទ្រង់ ។ នៅពេលអ្នកសិក្សាពីដង្វាយធួនយ៉ាងប្រុងប្រយ័ត្ន ហើយអនុវត្តសេចក្ដីជំនឿរបស់អ្នកថា ព្រះយេស៊ូវគ្រីស្ទមានអំណាចដើម្បីព្យាបាល នោះអ្នកអាចទទួលបានភាពធូរស្បើយដ៏មានពរជ័យដូចគ្នានេះ ។ …
« ការព្យាបាល អាចចាប់ផ្ដើមជាមួយនឹងប៊ីស្សព ឬប្រធានស្ដេកដ៏ចេះគិតគូរម្នាក់ ឬអ្នកប្រឹក្សាវិជ្ជាជីវៈដ៏វាងវៃម្នាក់ ។ ប្រសិនបើអ្នកបាក់ជើង អ្នកមិនអាចសម្រេចចិត្តថា នឹងព្យាបាលវាដោយខ្លួនអ្នកនោះទេ ។ ការធ្វើបាបធ្ងន់ធ្ងរ ក៏អាចទទួលបានប្រយោជន៍ពីជំនួយវិជ្ជាជីវៈផងដែរ » ( “To Heal the Shattering Consequences of Abuse” ទំព័រ ៤ឥ–៤២ ) ។
-
តើការប្រឹក្សាដ៏បំផុសគំនិតរបស់អែលឌើរ ស្កត អាចជួយដល់នរណាម្នាក់ ដែលបានរងគ្រោះដោយសារការធ្វើបាបនេះដោយរបៀបណា ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ក្ដីមេត្តា និង ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទគឺ គ្មានដែនកំណត់ទេចំពោះអ្នកទាំងឡាយ ដែលប្រព្រឹត្តបាបទាំងដោយចេតនា និង អចេតនា ប៉ុន្តែវាមាននូវការសន្យានៃភាពសុខសាន្ដដ៏អស់កល្ប ចំពោះមនុស្សទាំងអស់ ដែលនឹងទទួលយក ហើយដើរតាមទ្រង់ និងការបង្រៀនរបស់ទ្រង់ ។ ក្ដីមេត្តារបស់ទ្រង់ គឺជាអ្នកព្យាបាលដ៏ធំ ទោះជាអ្នកស្លូតត្រង់ដែលរងទុក្ខក្ដី » ( “The Reason for Our Hope”Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧ ) ។
-
តើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ផ្ដល់នូវសេចក្ដីសង្ឃឹម និងការព្យាបាលដោយរបៀបណា ? ( នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេ សូមជួយសិស្សឲ្យយល់ពីគោលការណ៍ដូចខាងក្រោមនេះ ៖ មនុស្សទាំងអស់ ដែលធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ អាចទទួលបានការព្យាបាល និងសេចក្ដីសុខសាន្ដដ៏អស់កល្ប តាមរយៈសេចក្ដីមេត្តា និងព្រះគុណរបស់ទ្រង់ ) ។
ដើម្បីបង្រៀនសិស្សពីរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ អាចជួយដល់បុគ្គលទាំងឡាយ ដែលធ្វើបាបដល់អ្នកដទៃ ឬធ្វើទុក្ខទោសពួកគេ តាមមធ្យោបាយណាក្ដី សូមអាន កូរិនថូសទី ២ ៥:១៧–២១ រួមគ្នាជាថ្នាក់ ។
-
តើការក្លាយជា « បានកើតជាថ្មី » នៅក្នុងព្រះគ្រីស្ទមានន័យយ៉ាងណា ? ( ចម្លើយដែលអាចមាន រួមមាននូវគំនិតដែល ឆ្លើយតបនឹងការគោរពប្រតិបត្តិដ៏ឧស្សាហ៍ព្យាយាមរបស់យើងតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ទ្រង់ប្រទានពរដល់យើងនូវអំណោយទាននៃព្រះវិញ្ញាណ ដែលជាអង្គដ៏ទេវភាព ។ អំណោយទានទាំងនេះ ផ្ដល់នូវការផ្លាស់ប្ដូរជាមូលដ្ឋាននៅក្នុងខ្លួនយើង ហើយយើងក្លាយជាបានកើតជាថ្មី ដែលកាន់តែដូចជាព្រះ ) ។
-
ស្របតាម ខ ២១ តើការណ៍នេះកើតមានយ៉ាងដូចម្ដេច ? ( ព្រះយេស៊ូវ ពិតជាគ្មានអំពើបាបសោះ ប៉ុន្ដែទ្រង់បានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់យើង ដើម្បីឲ្យយើងអាចក្លាយជាសុចរិតតាមរយៈទ្រង់ ដោយផ្អែកលើលក្ខខណ្ឌនៃការប្រែចិត្តរបស់យើង ។ ទ្រង់បានប្រែក្លាយជាពលិកម្មជំនួសសម្រាប់យើង ។ នៅពេលយើងប្រែចិត្ត ហើយខំធ្វើតាមគំរូរបស់ទ្រង់ នោះយើងអាចទទួលបានព្រះចេស្ដារបស់ទ្រង់ ដើម្បីជួយយើងឲ្យបានកើតជាថ្មី ) ។
-
តើពាក្យ ផ្សះផ្សា នៅក្នុង ខ ១៨ មានន័យយ៉ាងណា ? ( « ផ្សះផ្សា គឺជាដំណើរការនៃលោះមនុស្សចេញពីសភាពនៃអំពើបាបរបស់គេ និងភាពងងឹតខាងវិញ្ញាណ ហើយស្ដារគាត់ឡើងទៅក្នុងសភាពមួយនៃភាពសុខដុម និងបានជាមេត្រីជាមួយនឹងព្រះអាទិទេព ។ តាមរយៈការណ៍នេះ ព្រះ និងមនុស្សលែងជាសត្រូវនឹងគ្នាទៀតហើយ » [ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary, វ៉ុលទី ៣ ( ឆ្នាំ ១៩៦៥–៧៣ ), ២:៤២២ ] ) ។
សូមសួរសិស្សថា បើពួកគេស្គាល់នរណាម្នាក់ ដែលបានមានបទពិសោធន៍អំពីក្ដីសង្ឃឹម និងការព្យាបាលដែលកើតមានទៅរួច តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយគំរូរបស់ពួកគេ បើពួកគេមានអារម្មណ៍ថាមិនអី ហើយបើគំរូនោះមិនផ្ទាល់ខ្លួនខ្លាំងពេក ។
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ខ្ញុំមិនដឹងថា នរណាខ្លះក្នុងចំណោមអ្នកដ៏ច្រើននាថ្ងៃនេះ ដែលអាចនឹងត្រូវការឮសារលិខិតនៃការអភ័យទោស ដែលមានជាប់ជាមួយនឹង [ រឿងប្រៀបធៀបនៃអ្នកបម្រើនៅក្នុងចំការ ទំពាំងបាយជូរ សូមមើល ម៉ាថាយ ២០:១–១៥ ] ប៉ុន្ដែមិនថា អ្នកគិតថា អ្នកយឺតយ៉ាងណាទេ មិនថាឱកាសប៉ុន្មាន ដែលអ្នកគិតថា អ្នកបានរំលង មិនថាកំហុសច្រើនប៉ុណ្ណា ដែលអ្នកមានអារម្មណ៍ថា អ្នកបានធ្វើ ឬទេពកោសល្យ ដែលអ្នកគិតថា អ្នកមិនមាន ឬការឃ្លាតឆ្ងាយពីផ្ទះ និង គ្រួសារ និង ព្រះដែលអ្នកមានអារម្មណ៍ថា អ្នកបានធ្វើដំណើរមកឆ្ងាយយ៉ាងណានោះទេ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នកមិនបានធ្វើដំណើរឆ្ងាយផុតពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះនោះទេ ។ វាមិនអាចទៅរួច ឡើយសម្រាប់អ្នក ដើម្បីលិចទៅជ្រៅជាងពន្លឺនៃដង្វាយធួនរបស់ព្រះគ្រីស្ទដ៏និរន្ដន៍ ដែលអាចចែងចាំងទៅដល់នោះ ។ …
« ដូច្នេះបើអ្នកបានធ្វើសេចក្ដីសញ្ញា ហើយសូមរក្សាវាទុក ។ បើអ្នកមិនទាន់បានធ្វើទេ សូមធ្វើវា ។ បើអ្នកបានធ្វើវា ហើយមិនបានរក្សាវានោះទេ សូមប្រែចិត្ត និងធ្វើជាថ្មី ។ វា មិនដែល យឺតពេលនោះទេ ដរាបណាម្ចាស់ចម្ការមិនទាន់និយាយថា ដល់ពេលនោះ ។ សូមស្ដាប់តាមការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានប្រាប់អ្នកពេលនេះ នៅវេលានេះតែម្ដងថា អ្នកគួរតែទទួលយកអំណោយដ៏ធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយរីករាយនឹងភាតរភាពនៃកិច្ចការរបស់ទ្រង់ចុះ » ( “The Laborers in the Vineyard,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ ) ។
សូមអញ្ជើញសិស្សឲ្យកត់ត្រា នូវអ្វីដែលព្រះវិញ្ញាណបរិសុទ្ធ បានបញ្ជាក់ដល់ពួកគេនៅថ្ងៃនេះ ។
ការអានរបស់សិស្ស
-
ម៉ាថាយ ១៨:១–៦; កូរិនថូសទី ២ ៥:១៧-២១; ម៉ូសាយ ៤:៣០; អាលម៉ា ៥:១៥–២២; ១២:១៤;គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២-២៥; ៩៣:៣៩–៤៤ ។
-
រីឆាត ជី ស្កត “To Heal the Shattering Consequences of Abuse”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤០–៤៣ ។