មេរៀនទី ២៨
ការលើកកម្ពស់ក្រុមគ្រួសារឲ្យទៅជាស្ថាប័នគ្រឹះរបស់សង្គម
សេចក្ដីផ្ដើម
ព្យាការីសម័យទំនើបបានប្រកាស ៖ « យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការទាំងឡាយនៅក្នុងរដ្ឋាភិបាល ដែលទទួលខុសត្រូវនៅគ្រប់ទីកន្លែងទាំងអស់ សូមឱ្យគាំទ្រនូវអ្វីៗទាំងនេះ ដែលបានរៀបរាប់ឡើងដើម្បីទ្រទ្រង់ និងធ្វើឱ្យក្រុមគ្រួសារមាំមួន ដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ មេរៀននេះ នឹងជួយសិស្សឲ្យយល់ពីរបៀប ដែលពួកគេអាចធ្វើតាម និងការពារដល់ការប្រឹក្សាប្រកបដោយការព្យាករនេះ។
ការអានពីសាវតា
-
ថូម៉ាស អេស ម៉នសុន “Be Strong and of a Good Courage,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦៦–៦៩ ។
-
ដាល្លិន អេក អូក “Balancing Truth and Tolerance,”Ensign ខែ កុម្ភៈ ឆ្នាំ ២០១៣ ទំព័រ ២៤–៣១ ។
-
អិល ថម ភែរី “Why Marriage and Family Matter—Everywhere in the World,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៩–៤២ ។
-
“Transcript of News Conference on Religious Freedom and Nondiscrimination” ( ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៥ ) នៅលើគេហទំព័រ mormonnewsroom.org/article/publicstatement-on-religious-freedom-and-nondiscrimination ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា ៤៣:៩, ៣០, ៤៥, ៤៨
កាតព្វកិច្ចរបស់យើងដើម្បីការពារដល់គោលលទ្ធិ និងមូលដ្ឋានគ្រឹះសីលធម៌នៃក្រុមគ្រួសារ
សូមរៀបចំសិស្សសម្រាប់មេរៀននេះ ដោយការប្រាប់ពួកគេថា វាផ្ដោតទៅលើទំនួលខុសត្រូវរបស់យើង ដើម្បីការពារដល់ក្រុមគ្រួសារ ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ប្រ៊ូស ប៊ី ផែបទើរ៍ នៃពួកចិតសិបនាក់ ៖
« សាសនាចក្រ គឺជាស្ថាបន័ដ៏តូចមួយ បើប្រៀបធៀបទៅនឹងពិភពលោកដ៏ធំនេះ ។ ទោះជាយ៉ាងណាក្ដី ក្នងនាមជាប្រជាជនមួយ ពួកបរិសុទ្ធថ្ងៃចុងក្រោយ មិនគួរមើលងាយអានុភាពនៃគំរូរបស់យើងឡើយ ហើយមិនត្រូវមើលងាយដល់សមត្ថភាពរបស់យើងក្នុងការបញ្ចុះបញ្ចូលមតិយោបល់របស់សាធារណៈ ការបញ្ច្រាសនូវទំនោរអវិជ្ជមាន ឬក៏ការអញ្ជើញព្រលឹងដែលស្វែងរក ឲ្យចូលមកកាន់ទ្វារ ហើយដើរតាមផ្លូវដែលបានរើសទុក របស់ព្រះអម្ចាស់ដែរ ។ យើងគួរតែខិតខំឲ្យអស់ពីសមត្ថភាពរបស់យើង ដោយសហការនឹងមនុស្ស និងស្ថាប័ននានាដែលមានគំនិតដូចគ្នា ដើម្បីការពារដល់ក្រុមគ្រួសារ ហើយបញ្ចេញសំឡេងនៃការព្រមាន និងការអញ្ជើញដល់ពិភពលោកនេះ » ( “Defending the Family in a Troubled World,”Ensign ខែ មិថុនា ឆ្នាំ ២០១១ ទំព័រ ១៨ ) ។
-
តើអ្នកមានគំនិតយ៉ាងណាដែរ អំពីការទទួលខុសត្រូវរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីការពារដល់គ្រួសាររបស់គេនៅក្នុងពិភពលោកនាសព្វថ្ងៃនេះ ?
សូមប្រាប់សិស្សថា នៅពេលផ្សេងៗគ្នា ពួកសាសន៍នីហ្វៃបានរកឃើញនូវសេរីភាពខាងសាសនា និងគុណតម្លៃនៃគ្រួសាររបស់ពួកគេ ដែលត្រូវបានគំរាមកំហែងពីសំណាក់ពួកសាសន៍លេមិន ។ ដោយការសិក្សាពីបទពិសោធន៍របស់ពួកគេ យើងអាចរៀនពីគោលការណ៍ ដែលអាចប្រៀបធៀបទៅនឹងជំនាន់របស់យើង ។ ( ការប្រៀបធៀបព្រះគម្ពីរទៅនឹងខ្លួនយើង គឺជាជំនាញសិក្សាព្រះគម្ពីរមួយ ដែលអ្នកអាចសង្កត់ធ្ងន់នៅក្នុងមេរៀននេះ ) ។ សូមពន្យល់ថា បទពិសោធន៍មួយរបស់សាសន៍នីហ្វៃ ត្រូវបានកត់ត្រានៅក្នុង អាលម៉ា ៤៣ ។
សូមសរសេរ អាលម៉ា ៤៣:៩, ៣០, ៤៥, ៤៨ នៅលើក្ដារខៀន ហើយសូមឲ្យសិស្សស្វែងរកពាក្យ និងឃ្លា ដែលជួយយើងឲ្យយល់ពីសារៈសំខាន់នៃការការពារដល់គុណតម្លៃគ្រួសារ និងសេរីភាពខាងសាសនានៅក្នុងពិភពលោកនាបច្ចុប្បន្ននេះ ។ សូមផ្ដល់យោបល់ដល់សិស្សឲ្យពួកគេគូសចំណាំពាក្យ និង ឃ្លាទាំងនេះ ។
-
តើពាក្យ និងឃ្លាទាំងឡាយ បង្ហាញពីសារៈសំខាន់នៃការការពារដល់គុណតម្លៃគ្រួសារ និងសេរីភាពខាងសាសនារបស់យើងអ្វីខ្លះ ? តើគោលការណ៍អ្វីខ្លះ ដែលអ្នកបានរៀនអំពីសារៈសំខាន់នៃការការពារដល់គុណតម្លៃគ្រួសារ និងសេរីភាពខាងសាសនារបស់យើង ? ( ចម្លើយ គួរតែរួមមាននូវគោលការណ៍ដែលមានដូចតទៅនេះ ៖ យើងមានកាតព្វកិច្ចដ៏ពិសិដ្ឋមួយ ដើម្បីការពារ និងផ្សព្វផ្សាយពីគុណតម្លៃគ្រួសារ និងសេរីភាពខាងសាសនារបស់យើង ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដល់សមាជិកសាសនាចក្រទាំងឡាយ ឲ្យផ្សព្វផ្សាយ និងការពារដល់គ្រួសារនៅក្នុងសហគមន៍របស់ពួកគេ ?
-
តើយើងអាចផ្សព្វផ្សាយ និងការពារដល់គ្រួសារ ដោយការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយរបៀបណា ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើងចង់ឲ្យសំឡេងរបស់យើងត្រូវបានគេឮ ដើម្បីប្រឆាំងនឹងការក្លែងបន្លំ និងរបៀបរស់នៅគ្រប់ជម្រើសទាំងអស់ ដែលព្យាយាមជំនួសអង្គភាពគ្រួសារ ដែលព្រះបានស្ថាបនាឡើងដោយព្រះអង្គទ្រង់ផ្ទាល់ ។ យើងក៏ចង់ឲ្យគេឮសំឡេងរបស់យើង នៅក្នុងការគាំទ្រដល់ក្ដីអំណរ និងការបំពេញតាម ដែលគ្រួសារប្រពៃណីបាននាំមក ។ យើងត្រូវតែបន្ដបញ្ចេញសំឡេងនោះ ទូទាំងពិភពលោក ដើម្បីប្រកាសពីមូលហេតុដែលអាពាហ៍ពិពាហ៍ និងគ្រួសារមានសារៈសំខាន់យ៉ាងខ្លាំងក្រៃ ពីមូលហេតុដែលអាពាហ៍ពិពាហ៍ និងគ្រួសារពិតជាមានន័យចំពោះយើង និងពីមូលហេតុដែលគ្រួសារតែងតែងមាន » ( “Why Marriage and Family Matter—Everywhere in the World,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤២ ) ។
-
ស្របតាមអែលឌើរ ភែរី តើយើងគួរប្រកាសអ្វីអំពីគ្រួសារ ?
-
តើអ្នកបានសង្កេតឃើញអ្នកផ្សេងទៀតធ្វើអ្វីខ្លះ ដើម្បីឈរឡើង ហើយបញ្ជាក់ពីសារៈសំខាន់នៃគ្រួសារ ឬ ការពារប្រឆាំងនឹងការវាយលុកមកលើគ្រួសារនោះ ? ( សូមបង្ហាញថា ការការពារដល់គ្រួសារ រួមមានដូចជា ការចិញ្ចឹមបីបាច់ដល់គ្រួសារដ៏រឹងមាំមួយ ក៏ដូចជាការការពារដល់គ្រួសារ នៅពេលចាំបាច់ ) ។
សូមចែកចាយបទពិសោធន៍ខាងក្រោមដែលតំណាលដោយអែលឌើរ នែល អិល អាន់ឌើរសិនកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ថ្មីៗនេះ ខ្ញុំបាននិយាយនឹងក្មេងស្រីថ្នាក់ឡូរ៉លម្នាក់ រស់នៅសហរដ្ឋអាមេរិក ។ ខ្ញុំសូមដកស្រង់ពីអ៊ីម៉ែលរបស់នាង ៖
« ‹ កាលពីឆ្នាំមុន មិត្តភក្ដិរបស់ខ្ញុំនៅលើហ្វេសប៊ុកខ្លះ បានចាប់ផ្ដើមប្រកាសពីគោលជំហររបស់ពួកគេអំពីអាពាហ៍ពិពាហ៍ ។ មនុស្សជាច្រើនពេញចិត្តនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នា ហើយពួកយុវវ័យអិលឌីអេសជាច្រើនបានបង្ហាញថា ពួកគេ « ចូលចិត្ត » ការប្រកាសទាំងនោះ ។ ខ្ញុំមិនបានបញ្ចេញមតិអ្វីនោះទេ ។
« ‹ ខ្ញុំបានសម្រេចចិត្តប្រកាសពីជំនឿខ្ញុំ លើការរៀបការបែបប្រពៃណីតាមវិធីដ៏ប្រុងប្រយ័ត្នមួយ ។
« ‹ ដោយដាក់រូបភាពលើប្រូហ្វាលរបស់ខ្ញុំ ខ្ញុំបានបន្ថែមចំណងជើងថា « ខ្ញុំជឿលើអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ដ្រីម្នាក់ » ។ មិនបានមួយសន្ទុះផង ខ្ញុំបានចាប់ផ្ដើមទទួលបានសារជាច្រើន ។ « អ្នកអាត្មានិយមពេកហើយ » ។ « អ្នកកំពុងតែកាត់សេចក្ដីគេ » ។ មានម្នាក់នោះ បានប្រៀបធៀបខ្ញុំទៅនឹងម្ចាស់ទាសករម្នាក់ ។ ហើយខ្ញុំបានទទួលការប្រកាសនេះមកពីមិត្តដ៏អស្ចារ្យរបស់ខ្ញុំ ដែលជាសមាជិកនៃសាសនាចក្រដ៏រឹងមាំម្នាក់ ៖ « អ្នកត្រូវដើរឲ្យទាន់នឹងពេលវេលា ។ អ្វីៗប្រែប្រួល ហើយអ្នកក៏ប្រែប្រួលដែរ » ។
នាងបានថ្លែងថា « ‹ ខ្ញុំមិនបានឈ្លោះតបទេ តែខ្ញុំក៏មិនបានដកយកពាក្យខ្ញុំវិញដែរ › ។
« នាងបានបញ្ចប់ដោយ ៖ ‹ ពេលខ្លះ ដូចជាប្រធានម៉នសុន បានមានប្រសាសន៍ថា « អ្នកត្រូវតែឈរតែម្នាក់ឯង » ។ សង្ឃឹមថា ក្នុងនាមជាយុវវ័យ យើងនឹងឈរជាមួយនឹងគ្នាយ៉ាងពិតចំពោះព្រះ ហើយចំពោះការបង្រៀនទាំងឡាយរបស់ព្យាការីដែលនៅរស់របស់ទ្រង់ › » ( “Spiritual Whirlwinds,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៩–២០ ) ។
-
តើបទពិសោធន៍អ្វីដែលអ្នកបានមាន ដោយការផ្សព្វផ្សាយ និងការការពារដល់គ្រួសារនោះ ?
-
តើសម្ដី ឬសកម្មភាពរបស់អ្នកបានមានឥទ្ធិពលអ្វីខ្លះទៅលើអ្នកដទៃ ?
សូមថ្លែងទីបន្ទាល់ថា យើងអាចមានឥទ្ធិពលដ៏វិជ្ជមានមួយទៅលើសហគមន៍របស់យើង ហើយពង្រីកនូវគោលបំណងនៃផែនការរបស់ព្រះវរបិតាសួគ៌របស់យើង នៅពេលយើងផ្សព្វផ្សាយ និងការពារដល់បទដ្ឋាន ដែលពង្រឹងដល់គ្រួសារ ។
អាលម៉ា ៤៦:១០–១៣, ១៦; ៤៨:៧–១៣
ការការពារគ្រួសារដោយមានជំនួយមកពីព្រះ និងដោយការគោរពដល់អ្នកដទៃ
សូមប្រាប់សិស្សថា ជំពូក ៤៦ និង ៤៨ នៃគម្ពីរអាលម៉ា កត់ត្រាថា ពួកសាសន៍នីហ្វៃត្រូវបានគំរាមកំហែងពីសំណាក់ពួកសាសន៍លេមិនម្ដងទៀត ។ សូមបែងចែកថ្នាក់ជាពីរក្រុម ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់សិក្សា អាលម៉ា ៤៦:១០–១៣, ១៦ ហើយសិស្សពាក់កណ្ដាលថ្នាក់ទៀតសិក្សា អាលម៉ា ៤៨:៧–១៣ ។ សូមឲ្យសិស្សរកមើលរបៀបដែលយើងអាចធ្វើតាមគំរូរបស់មេទ័ព មរ៉ូណៃ តាមរបៀបដ៏សមរម្យដើម្បីប្រកាសពីបទដ្ឋាន ដែលថែទាំ និងពង្រឹងដល់គ្រួសារ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមជួយសិស្សឲ្យប្រៀបធៀបវគ្គបទគម្ពីរទាំងនេះទៅនឹងជំនាន់របស់យើង ដោយការសួរសំណួរខាងក្រោម ៖
-
តើឥទ្ធិពលរបស់អាម៉ាលិកាយ និងអ្នកដើរតាមរបស់គាត់ អាចប្រៀបធៀបទៅនឹងឥទ្ធិពលរបស់អ្នកដែលកំពុងវាយប្រហារទៅលើគ្រួសារនាពេលសព្វថ្ងៃនេះដោយរបៀបណា ?
-
តើយើងអាចរៀនអ្វីខ្លះមកពី សកម្មភាពរបស់មេទ័ព មរ៉ូណៃ ? ( សូមជួយសិស្សឲ្យយល់ពីគោលការណ៍ដែលមានដូចតទៅនេះ ៖ នៅពេលយើងស្វែងរកជំនួយមកពីព្រះ ហើយខិតខំប្រើធនធានផ្ទាល់ខ្លួនរបស់យើងទាំងអស់ នោះយើងនឹងទទួលបានប្រាជ្ញា និងកម្លាំងដើម្បីការពារដល់គ្រួសាររបស់យើង សាសនារបស់យើង និងសេរីភាពរបស់យើង ) ។
-
តើវិធីសមរម្យមួយចំនួនណាខ្លះ ដែលយើងអាចផ្សព្វផ្សាយពីបទដ្ឋាន ដើម្បីពង្រឹង និងការពារដល់គ្រួសារ ?
សូមពិចារណាពីការប្រើសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) និងអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីបំពេញបន្ថែមទៅលើការពិភាក្សាគ្នានៃសំណួរមុននេះ ៖
« ចូរយើងចូលប្រឡូកក្នុងបុព្វហេតុល្អនៃសហគមន៍ ។ ជួនកាល អាចមានស្ថានការណ៍ខ្លះ ដែលពាក់ព័ន្ធនឹងបញ្ហាសីលធម៌ដ៏ធំ យើងមិនអាចវៀចវេរលើបញ្ហាទាំងឡាយនៃគោលការណ៍បានឡើយ ។ តែក្នុងតួយ៉ាងដូចនេះ យើងអាចបដិសេធដោយគួរសម ដោយគ្មានការប្រកែកគ្នា ។ យើងអាចទទួលស្គាល់ពីចិត្តស្មោះនៃអ្នក ដែលស្ថិតក្នុងកន្លែង ដែលយើងមិនអាចទទួលយកបាន ។ យើងអាចនិយាយពីគោលការណ៍ទាំងឡាយ ជាជាងពីអត្តចរិតទាំងឡាយ » ( Teachings of Gordon B. Hinckley [ ឆ្នាំ ១៩៩៧ ] ទំព័រ ១៣១ ) ។
« ពេលពួកអ្នកជឿលើកកម្ពស់តួនាទីពួកគេក្នុងមជ្ឈដ្ឋានសាធារណៈ នោះពួកគេ គួរមានការអត់ឱនជានិច្ច ចំពោះទស្សនៈ និងតួនាទីនៃអ្នកដទៃទៀត ដែលមិនមានជំនឿដូចខ្លួន ។ ពួកអ្នកជឿទាំងឡាយ ត្រូវតែនិយាយដោយក្ដីស្រឡាញ់ និង បង្ហាញការអត់ធ្មត់ ការយោគយល់ និង ក្ដីមេត្តាចំពោះខ្មាំងសត្រូវរបស់ពួកគេ ។ ពួកអ្នកជឿគ្រីស្ទាន ស្ថិតនៅក្រោមបញ្ញត្តិឲ្យស្រឡាញ់អ្នកជិតខាងខ្លួន ( សូមមើល លូកា ១០:២៧ ) និងអភ័យទោស ( សូមមើល ម៉ាថាយ ១៨:២១–៣៥ ) ។ ពួកគេគួរចាំជានិច្ចពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះថា ‹ ឲ្យពរដល់អ្នកណា ដែលប្រទេចផ្ដាសា [ ពួកគេ ] ត្រូវប្រព្រឹត្តល្អនឹងអ្នកណា ដែលស្អប់ [ ពួកគេ ] ហើយត្រូវអធិស្ឋានឲ្យអ្នកណា ដែលធ្វើទុក្ខបៀតបៀនដល់ [ ពួកគេ ] › ( ម៉ាថាយ ៥:៤៤ ) » ( ដាល្លិន អេក អូក “Balancing Truth and Tolerance,”Ensign ខែ កុម្ភៈ ឆ្នាំ ២០១៣ ទំព័រ ៣០–៣១ ) ។
-
តើអ្នកគិតថាអ្នកអាចអនុវត្តគោលការណ៍ ដែលបានបង្រៀនដោយប្រធាន ហ៊ីងគ្លី និងអែលឌើរ អូក ដោយរបៀបណា ?
សូមសង្កត់ធ្ងន់ទៅលើគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងផ្សព្វផ្សាយបទដ្ឋានដើម្បីការពារ និងពង្រឹងដល់គ្រួសារ យើងគួរតែបង្ហាញការគោរពដល់អ្នកដទៃ ហើយអត់ឱនដល់គំនិតរបស់ពួកគេ ។
ការផ្សព្វផ្សាយបទដ្ឋាន ដែលពង្រឹងដល់ក្រុមគ្រួសារ
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោម ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការទាំងឡាយនៅក្នុងរដ្ឋាភិបាល ដែលទទួលខុសត្រូវនៅគ្រប់ទីកន្លែងទាំងអស់ សូមឱ្យគាំទ្រនូវអ្វីៗទាំងនេះ ដែលបានរៀបរាប់ឡើងដើម្បីទ្រទ្រង់ និងធ្វើឱ្យក្រុមគ្រួសារមាំមួន ដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
សូមប្រាប់សិស្សថា នៅក្នុងខែ មករា ឆ្នាំ ២០១៥ ថ្នាក់ដឹកនាំសាសនាចក្របានធ្វើសន្និសីទកាសែតជាផ្លូវការមួយ អំឡុងពេលដែលពួកលោកបានអំពាវនាវហៅឲ្យមន្ដ្រីរាជការរដ្ឋាភិបាលទាំងឡាយឲ្យចេញច្បាប់ ដែលនឹងការពារដល់សេរីភាពខាងសាសនា និងការពារដល់ភាពស័ក្ដិសិទ្ធនៃក្រុមគ្រួសារ ។ សូមពន្យល់ថា ទោះបីជាថ្នាក់ដឹកនាំសាសនាចក្របានមានប្រសាសន៍ជាពិសេសអំពីការការពារដល់សេរីភាពខាងសាសនានៅក្នុងសេចក្ដីថ្លែងការណ៍នេះក្ដី ក៏ពាក្យសម្ដីរបស់ពួកលោកអនុវត្តដល់ការការពារដល់គុណតម្លៃនៃគ្រួសារផងដែរ ។ សេរីភាពសាសនាជាច្រើន ទាក់ទងទៅនឹងគ្រួសារដោយផ្ទាល់ ដូចជាភាពស័ក្ដិសិទ្ធនៃក្រុមគ្រួសារ ។
សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដាល្លិន អេក អូក ជាសេចក្ដីសង្ខេបមួយនៃអ្វីដែលបានលើកឡើងនៅក្នុងសន្និសីទកាសែតនោះ ៖
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយសូមបញ្ជាក់នូវគោលការណ៍ដូចតទៅនេះ ដោយសំអាងទៅលើការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ និង ទៅលើសេចក្តីយុត្តិធម៌ ចំពោះជនគ្រប់រូប រួមទាំងប្រជាជននៃសេចក្តីជំនឿ ៖
« ១. យើងសូមទាមទារសម្រាប់ជនគ្រប់រូប នូវសិទ្ធ ដែលត្រូវបានប្រទានមកពីព្រះ និង រដ្ឋធម្មនុញ្ញថា គប្បីគោរពតាមសេចក្តីជំនឿរបស់ខ្លួន ស្របតាមការដឹកនាំនៃសតិសម្បជញ្ញៈរបស់ខ្លួន ដោយគ្មានការប៉ះពាល់ដល់សុខភាព ឬ សុវត្ថិភាពរបស់អ្នកដទៃទៀតឡើយ ។
« ២. យើងសូមទទួលស្គាល់ថា សេរីភាពនៃសតិសម្បជញ្ញៈដដែលនេះ ត្រូវតែអនុវត្តទៅលើ បុរស និង ស្រ្តីនៅគ្រប់ទិសទី ឲ្យអនុវត្តតាមការជ្រើសរើសនៃសាសនារបស់ខ្លួន ឬ គ្មានសាសនាទាល់តែសោះ ប្រសិនបើពួកគេសម្រេចចិត្តជ្រើសបែបនោះ ។
« ៣. យើងជឿថា ច្បាប់គួរតែត្រូវបានលើកស្ទួយឡើង ដើម្បីនឹងសម្រេចនូវតុល្យភាពមួយ ក្នុងកិច្ចការពារសេរីភាព នៃប្រជាជនគ្រប់រូប ខណៈដែលគោរពដល់អស់អ្នក ដែលមានគោលតម្លៃផ្សេងពីយើង ។
« ៤. យើងបដិសេធនូវការបៀតបៀន និង ការវាយផ្ចាលសងសឹកគ្រប់ប្រភេទ រួមមានទាំងការបៀតបៀន ដោយយោងទៅលើពូជសាសន៍ ជាតិព័ន្ធ ជំនឿសាសនា កាលៈទេសៈខាងសេដ្ឋកិច្ច ឬ ភាពខុសគ្នានៃភេទ ឬទំនាក់ទំនងខាងផ្លូវភេទ » ( ដាល្លិន អេក អូក “Transcript of News Conference on Religious Freedom and Nondiscrimination” [ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៥ ], mormonnewsroom.org/article/publicstatement-on-religious-freedom-and-nondiscrimination ) ។
-
តើអ្នកបានរៀនអ្វីខ្លះចេញពីសេចក្ដីថ្លែងការណ៍នេះ ដែលអាចជួយដល់អ្នកឲ្យផ្សព្វផ្សាយនូវបទដ្ឋាន ដែលពង្រឹងដល់ក្រុមគ្រួសារ ដែលជាមូលដ្ឋានគ្រឹះទៅដល់សង្គម ? ( ជាផ្នែកនៃការពិភាក្សានេះ សូមសង្កត់ធ្ងន់ថា ការចិញ្ចឹមបីបាច់កូនចៅ តាមរបៀបរបស់ព្រះអម្ចាស់ ការគាំទ្រដល់ក្រុមគ្រួសារផ្សេងទៀត ការពង្រឹងដល់ការហៅបម្រើនៅក្នុងសាសនាចក្រ និងការពង្រឹងដល់សហគមន៍របស់យើង គឺជាបទដ្ឋានទាំងអស់ ដែលលើកកម្ពស់ដល់ក្រុមគ្រួសារ ) ។
ចូរអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេនឹងធ្វើដើម្បីលើកកម្ពស់ដល់បទដ្ឋាន ដែលពង្រឹង និងការពារដល់ក្រុមគ្រួសារ ។
ការអានរបស់សិស្ស
-
ដាល្លិន អេក អូក “Balancing Truth and Tolerance,”Ensign ខែ កុម្ភៈ ឆ្នាំ ២០១៣ ទំព័រ ២៤–៣១ ។
-
អិល ថម ភែរី “Why Marriage and Family Matter—Everywhere in the World,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៩–៤២ ។