មេរៀនទី ១៦
អំណាចដ៏ពិសិដ្ឋនៃការបង្កើតកូន
សេចក្ដីផ្ដើម
« ព្រះបានបញ្ជាថា អំណាចពិសិដ្ឋនៃការបង្កើតកូន គឺត្រូវបានប្រើរវាងតែបុរស និងស្ដ្រីដែលបានរៀបអាពាហ៍ពិពាហ៍យ៉ាងស្របច្បាប់ជាប្ដី និងប្រពន្ធប៉ុណ្ណោះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ សម្រាប់កូនចៅទាំងអស់របស់ព្រះ ការរស់នៅតាមច្បាប់ព្រហ្មចារីយភាព តម្រូវឲ្យយើងមានគុណធម៌នៅក្នុងទង្វើទាំងឡាយរបស់យើងក៏ដូចជាគំនិតរបស់យើងផងដែរ ។ ភាពស្និទ្ធស្នាលរវាងស្វាមី និងភរិយាគឺស្រស់ផូផង់ និងពិសិដ្ឋក្រៃលែង ហើយវាត្រូវបានតែងតាំងឡើងដោយព្រះសម្រាប់ការបង្កើតកូន និងដើម្បីបង្ហាញសេចក្ដីស្រឡាញ់ ។
ការអានពីសាវតា
-
ដាវីឌ អេ បែដណា “We Believe in Being Chaste,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ ។
-
ដាល្លិន អេក អូក “Pornography,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨៧–៩០ ។
-
លីនដី អេស រីវ “Protection from Pornography—a Christ-Focused Home,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៥–១៧ ។.
-
« ភាពបរិសុទ្ធខាងផ្លូវភេទ » ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ទំព័រ ៣៥–៣៧ ។
យោបល់សម្រាប់ការបង្រៀន
ទំនុកដំកើង ២៤:៣–៤; ម៉ាថាយ ៥:៨; យ៉ាកុប ២:៣១–៣៥; អាលម៉ា ៣៩:៣–៥, ៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២–២៤; ១២១:៤៥–៤៦
ច្បាប់ព្រហ្មចារីយភាពរបស់ព្រះអម្ចាស់
សូមសរសេរប្រយោគខាងក្រោមនេះដាក់លើក្ដារខៀន ហើយសូមសួរសិស្សថាតើពួកគេនឹងបំពេញប្រយោគនេះយ៉ាងដូចម្ដេច ៖
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« អំពើបាបដ៏ពិសពុលនៃជំនាន់របស់យើងគឺភាពអសីលធម៌ខាងផ្លូវភេទ ។ ព្យាការីយ៉ូសែប បានមានប្រសាសន៍ថា ការណ៍នេះនឹងក្លាយទៅជាប្រភពមួយនៃការល្បួងដ៏ច្រើនជាងមុន ការប៉ះទង្គិចច្រើនជាងមុន និងមានភាពលំបាកកាន់តែខ្លាំងសម្រាប់ពួកអែលឌើរនៃអ៊ីស្រាអែល ជាងអ្នកណាផ្សេងទៀត » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ២២០ ) ។
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ប៊ែនសឹន អនុវត្តដល់សង្គមយើងនាពេលបច្ចុប្បន្ននេះបានយ៉ាងដូចម្ដេច ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ។ នៅពេលពួកគេស្ដាប់ សូមឲ្យសិស្សពិចារណាអំពីរបៀបដែលពួកគេនឹងសង្ខេបច្បាប់ព្រហ្មចារីយភាពរបស់ព្រះអម្ចាស់ទៅជាប្រយោគមួយ ។
« បទដ្ឋានរបស់ព្រះអម្ចាស់ ទាក់ទងទៅនឹងភាពបរិសុទ្ធខាងផ្លូវភេទ គឺមានភាពច្បាស់លាស់ និងមិនមានការផ្លាស់ប្ដូរឡើយ ។ ចូរកុំឲ្យមានទំនាក់ទំនងខាងផ្លូវភេទជាមួយអ្នកណាម្នាក់មុនរៀបអាពាហ៍ពិពាហ៍ ហើយចូរមានសេចក្ដីស្មោះត្រង់យ៉ាងពេញលេញចំពោះប្ដី ឬប្រពន្ធរបស់អ្នកក្រោយពីរៀបអាពាហ៍ពិពាហ៍ហើយ ។ …
« … មុនពេលរៀបអាពាហ៍ពិពាហ៍ ចូរកុំចូលរួមក្នុងការថើប ដែលប្រកបដោយតណ្ហា កុំដេកដួលលើមនុស្សផ្សេងទៀត ឬកុំប៉ះពាល់ផ្នែកពិសិដ្ឋណាមួយនៃរាងកាយរបស់មនុស្សផ្សេងទៀត ដោយមាន ឬដោយគ្មានសំលៀកបំពាក់ឲ្យសោះ ។ ចូរកុំធ្វើអ្វីមួយដែលបង្កើតឲ្យមាននូវអារម្មណ៍ខាងផ្លូវភេទ ។ ចូរកុំបង្កើតឲ្យមានអារម្មណ៍ទាំងនោះនៅក្នុងរាងកាយរបស់អ្នកផ្ទាល់ឡើយ » ( ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣៥–៣៦ ) ។
-
តើអ្នកនឹងសង្ខេបច្បាប់ព្រហ្មចារីយភាពរបស់ព្រះអម្ចាស់ទៅជាប្រយោគមួយយ៉ាងដូចម្ដេច ? ( នៅពេលសិស្សឆ្លើយតប សូមសង្កត់ធ្ងន់លើគោលលទ្ធិខាងក្រោមនេះដែលចេញមកពីការប្រកាសអំពីក្រុមគ្រួសារ ៖ « ព្រះបានបញ្ជាថា អំណាចពិសិដ្ឋនៃការបង្កើតកូន គឺត្រូវបានប្រើរវាងតែបុរស និងស្ដ្រីដែលបានរៀបអាពាហ៍ពិពាហ៍យ៉ាងស្របច្បាប់ជាប្ដី និងប្រពន្ធប៉ុណ្ណោះ » [ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ] ) ។
-
តើបម្រាមទុកជាមុន ដែលបានគ្រោងទុកនៅក្នុងកថាខណ្ឌទីពីរនៃសម្ដីដកស្រង់មកពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន អាចជួយរារាំងបុគ្គលម្នាក់កុំឲ្យប្រព្រឹត្តអំពើបាបខាងសីលធម៌ដែលធ្ងន់ធ្ងរជាងនេះបានដោយរបៀបណា ?
សូមចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ។ សូមចែកសិស្សជាពីរក្រុម ហើយសូមឲ្យសិស្សមួយក្រុមសិក្សាវគ្គដែលនៅក្រោមចំណងជើង « លទ្ធផល » និងមួយក្រុមទៀតសិក្សាវគ្គទាំងឡាយដែលនៅក្រោមចំណងជើង « ពរជ័យ » ។ សូមលើកទឹកចិត្តសិស្សឲ្យយោងទៅលេខយោងបទគម្ពីរ នៅពេលពួកគេសិក្សា ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សពិភាក្សាពីអ្វីដែលពួកគេបានរៀនជាមួយសិស្សក្នុងថ្នាក់ ។ សូមសរសេរសំណួរដូចខាងក្រោមនេះ ៖
-
តើលទ្ធផលទាំងឡាយនៃការរំលងច្បាប់ព្រហ្មចារីយភាព បង្ហាញពីសារៈសំខាន់នៃការកាន់តាមបទបញ្ញត្តិនេះដោយរបៀបណា ?
-
តើអ្នកបានទទួលបទពិសោធន៍អំពីពរជ័យនៃការគោរពតាមច្បាប់ព្រហ្មចារីយភាពយ៉ាងដូចម្ដេចខ្លះ ?
សូមបង្ហាញសេចក្ដីពិតខាងក្រោមនេះដែលចេញមកពីការប្រកាសអំពីក្រុមគ្រួសារ ៖
« យើងសូមប្រកាសថា មធ្យោបាយដើម្បីបង្កើតជីវិតរមែងស្លាប់នេះ គឺត្រូវបានតែងតាំងឡើងដោយព្រះ » (« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
-
តើប្រយោគនេះមានអត្ថន័យយ៉ាងណាដែរចំពោះអ្នក ?
សូមប្រើនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីជួយឲ្យការយល់ដឹងរបស់សិស្សអំពីសេចក្ដីពិតកាន់តែស៊ីជម្រៅ ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍នេះឮៗ ខណៈដែលសិស្សក្នុងថ្នាក់ស្ដាប់នូវមូលហេតុដែលថា ច្បាប់ព្រហ្មចារីយភាពមានសារៈសំខាន់ដ៏អស់កល្បជានិច្ច ។
« រូបរាងកាយគឺជាផ្នែកមួយដ៏សំខាន់ដល់ដួងព្រលឹង ។ គោលលទ្ធិដ៏ច្បាស់ និងដ៏មានសារៈសំខាន់បំផុតចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយនេះ គូសបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុដែលថា អំពើបាបខាងផ្លូវភេទគឺធ្ងន់ធ្ងរខ្លាំងណាស់ ។ យើងសូមប្រកាសថា អ្នកណាមួយដែលប្រើរូបរាងកាយរបស់អ្នកដទៃដែលព្រះបានប្រទានមកនេះ ដោយគ្មានការយល់ព្រមដ៏ទេវភាពទេនោះ គេកំពុងតែរំលោភបំពានលើដួងព្រលឹងរបស់បុគ្គលនោះ គឺរំលោភបំពានលើគោលបំណង និងដំណើរការដ៏ចម្បងនៃជីវិតនេះ ដែលជា ‹ កូនសោដ៏សំខាន់ › ចំពោះជីវិត ដូចដែលប្រធាន ប៊យដ៍ ឃេ ផាកកឺ ធ្លាប់បានហៅវាដូច្នោះ ។ ពេលមានការកេងប្រវញ្ចលើរូបរាងកាយរបស់អ្នកណាមួយផ្សេងទៀត — ដែលមានន័យថាកេងប្រវញ្ចលើដួងព្រលឹងរបស់គេ — នោះបុគ្គលដែលរំលងនោះកំពុងតែប្រមាថដល់ដង្វាយធួននៃព្រះគ្រីស្ទ ដែលបានសង្គ្រោះដល់ព្រលឹងរងគ្រោះនោះ ហើយដែលធ្វើឲ្យអំណោយទាននៃជីវិតដ៏នៅអស់កល្បជានិច្ចកើតឡើងបាន » ( ជែហ្វ្រី អ័រ ហូឡិន “Personal Purity,”Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ ) ។
« អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ គឺជារបៀបមួយដែលបានអនុញ្ញាតត្រឹមត្រូវ ដែលតាមរយៈរបៀបនេះ នោះវិញ្ញាណទាំងឡាយដែលនៅក្នុងពិភពមុនជីវិតលើផែនដីនេះអាចចូលមកក្នុងជីវិតរមែងស្លាប់ ។ តំណមមិនឲ្យមានរឿងខាងផ្លូវភេទជាដាច់ខាត មុនពេលរៀបការ ហើយការមានភក្តីភាពទាំងស្រុងនៅក្នុងរង្វង់អាពាហ៍ពិពាហ៍ គឺជាការការពារដល់ភាពស័ក្ដិសិទ្ធិនៃរបៀបដ៏ពិសិដ្ឋនេះ ។
« អំណាចនៃការបង្កើតកូន មានសារៈសំខាន់ខាងវិញ្ញាណជាខ្លាំង ។ ការប្រើប្រាស់អំណាចនេះខុស គឺជាការបំផ្លាញចោលនូវគោលបំណងនៃផែនការរបស់ព្រះវរបិតា និងគោលបំណងនៃការរស់នៅខាងជីវិតរមែងស្លាប់របស់យើង ។ ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ គឺជាអង្គបង្កបង្កើត ហើយបានទុកព្រះទ័យលើយើងម្នាក់ៗឲ្យមាននូវចំណែកមួយនូវអំណាចនៃការបង្កបង្កើតរបស់ទ្រង់នេះ ។ … របៀបដែលយើងមានអារម្មណ៍អំពី និងរបៀបដែលយើងប្រើប្រាស់អំណាចដ៏អស្ចារ្យនោះ នឹងសម្រេចពីសុភមង្គលរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ និងជោគវាសនារបស់យើងនៅក្នុងភាពដ៏អស់កល្បជានិច្ច នៅក្នុងកម្រិតមួយដ៏ធំ » ( ដាវីឌ អេ បែដណា “We Believe in Being Chaste,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។
-
តើហេតុអ្វីបានជាច្បាប់ព្រហ្មចារីយភាពមានសារៈសំខាន់ដ៏អស់កល្បបែបនេះ ?
-
តើការប្រើប្រាស់អំណាចនៃការបង្កើតកូនរបស់យើង ប៉ះពាល់ដល់សុភមង្គលរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ និង ភាពដ៏អស់កល្បជានិច្ចដោយរបៀបណា ?
សូមឲ្យសិស្សមានពេលមួយសន្ទុះដើម្បីសរសេរនូវបម្រាមនានា ដែលពួកគេអាចធ្វើបាន ដើម្បីជួយពួកគេឲ្យគោរពតាមច្បាប់ព្រហ្មចារីយភាព ។
ម៉ាថាយ ៥:២៧–២៨;រ៉ូម ៨:៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦
គ្រោះថ្នាក់ទាំងឡាយនៃរឿងអាសអាភាស
សូមឲ្យសិស្សអានខគម្ពីរដូចខាងក្រោមនេះ៖ ម៉ាថាយ ៥:២៧–២៨; រ៉ូម ៨:៦; និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦ ។ សូមពិចារណាអំពីការសុំឲ្យសិស្សរៀនអនុវត្តជំនាញសិក្សាព្រះគម្ពីរដោយការបង្កើតចំណងព្រះគម្ពីរ ដោយការចាប់ផ្ដើមជាមួយនឹងវគ្គទីមួយ ដោយសរសេរវគ្គយោងបទគម្ពីរមួយនៅក្បែរវគ្គបន្ទាប់ ហើយធ្វើដូច្នេះរហូតដល់វគ្គគម្ពីរចុងក្រោយបង្អស់ ។
-
តើវគ្គគម្ពីរទាំងនេះហាមប្រាមនូវអាកប្បកិរិយាអ្វីខ្លះ ? ( អាកប្បកិរិយាមួយដែលសិស្សគួរតែរកឃើញនោះគឺ ការប្រើរឿង ឬរូបអាសអាភាស ) ។
-
តើបទគម្ពីរទាំងនេះរកឃើញនូវលទ្ធផលនៃការមើល ឬការអានរឿងអាសអាភាសអ្វីខ្លះ ?
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក និងអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងស៊ិស្ទើរ លីនដា អេស រីវេស ជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ។ សូមឲ្យសិស្សម្នាក់អានវាឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ស្វែងរកលទ្ធផលបន្ថែមផ្សេងទៀតនៃការប្រើប្រាស់រឿង ឬរូបអាសអាភាស ។
« ការណ៍អាសគ្រាមបណ្ដាលឲ្យលទ្ធភាពរបស់បុគ្គលម្នាក់ ចុះអន់ថយក្នុងការរីករាយនឹងទំនាក់ទំនងខាងអារម្មណ៍ ខាងមនោសញ្ចេតនា និង ខាងវិញ្ញាណធម្មតាមួយជាមួយនឹងមនុស្សភេទផ្ទុយគ្នា » ( ដាល្លិន អេក អូក “Pornography,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨៩ ) ។
« សាតាំងបានក្លាយទៅជាចៅហ្វាយម្នាក់ ក្នុងការប្រើអំណាចញៀននៃរូបអាសគ្រាម ដើម្បីបង្ខាំងសមត្ថភាពរបស់បុគ្គលម្នាក់មិនឲ្យត្រូវដឹកនាំដោយព្រះវិញ្ញាណបាន ។ ការវាយប្រយុទ្ធនៃរូបអាសគ្រាម នៅក្នុងគ្រប់ទម្រង់ដ៏ឃោឃៅ វិនាស និងបំផ្លិចបំផ្លាញរបស់វា បានបណ្ដាលឲ្យអាពាហ៍ពិពាហ៍ជាច្រើនមានការសោកសៅ ការរងទុក្ខ ការឈឺចាប់ និងប្រេះឆា » ( រីឆាត ជី ស្កត “To Acquire Spiritual Guidance,”Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨ ) ។
« [ កុមារ និងយុវវ័យ ] ចាំបាច់ត្រូវតែដឹងពីគ្រោះថ្នាក់នៃរូបអាសគ្រាម និង របៀបដែលវាគ្រប់គ្រងលើជីវិតយើង បណ្ដាលឲ្យយើងបាត់បង់ព្រះវិញ្ញាណ ខូចអារម្មណ៍ បញ្ឆោត បំផ្លាញទំនាក់ទំនង បាត់បង់ការគ្រប់គ្រងលើខ្លួនឯង ហើយបាត់បង់ពេលវេលា ការគិត និង ថាមពលស្ទើរតែទាំងអស់ » ( លីនដា អេស រីវេស “Protection from Pornography—a Christ-Focused Home,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៥ ) ។
សូមលើកទឹកចិត្តសិស្សដែលកំពុងមានបញ្ហាជាមួយនឹងការប្រើប្រាស់រូបអាសគ្រាម ឬគ្រប់ទម្រង់ផ្សេងទៀតនៃភាពអសីលធម៌ ឲ្យទៅជួបនឹងប៊ីស្សព ឬប្រធានសាខារបស់ពួកគេ ។ សូមអះអាងដល់ពួកគេថា ពួកគេអាចស្វែងរកផ្លូវត្រឡប់ទៅកាន់សេចក្ដីសុខសាន្ដ និងសុភមង្គលតាមរយៈការប្រែចិត្តវិញបាន ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដូចតទៅនេះ ៖ ការចៀសវាងចេញពីរូបអាសគ្រាម នឹងនាំយើងទៅរកសុភមង្គលដ៏អស្ចារ្យនៅក្នុងជីវិតនេះ និង ពេញទាំងភាពអស់កល្ប ។ សូមពិចារណាពីការសរសេរគេហទំព័ររបស់សាសនាចក្រខាងក្រោមនេះដាក់លើក្ដារខៀន ដើម្បីជួយដល់សិស្សដែលពាក់ព័ន្ធនៅក្នុងការប្រើប្រាស់រូបអាសគ្រាម ៖
លោកុប្បត្តិ ២:២១–២៤
តួនាទីនៃភាពស្និទ្ធស្នាលនៅក្នុងអាពាហ៍ពិពាហ៍
កំណត់សម្គាល់ ៖ ដោយសារតែធម្មជាតិដ៏ស្រួចស្រាលនៃផ្នែកនេះនៃមេរៀន នោះសូមពឹងផ្អែកទៅលើការបង្រៀនដ៏ពោរពេញដោយការព្យាករ ហើយចៀសវាងនូវការបង្រៀនដែលហួសពីអ្វីដែលមាននៅក្នុងមេរៀននេះ រួមទាំងការចែកចាយនូវអ្វីដែលលម្អិតអំពីទំនាក់ទំនងរបស់អ្នកជាមួយនឹងប្ដី ឬប្រពន្ធរបស់អ្នកផង ។
សូមថ្លែងទីបន្ទាល់ថា ភាពស្និទ្ធស្នាលខាងរាងកាយគឺពិសិដ្ឋ សមរម្យ និងពិសេសណាស់ នៅពេលវាកើតមាននៅក្នុងចំណងអាពាហ៍ពិពាហ៍ តាមរបៀបដែលព្រះអម្ចាស់បានដាក់បញ្ញត្តិមកនោះ ។
សូមឲ្យសិស្សម្នាក់អាន លោកុប្បត្តិ ២:២១–២៤ ឮៗ ។
-
ថ្វីបើកត្តានេះមិនត្រូវបានលើកឡើងយ៉ាងជាក់លាក់ក្ដី តើខគម្ពីរទាំងនេះបង្កប់នូវអត្ថន័យអ្វីខ្លះ ដែលជាគោលបំណងមួយនៃភាពជិតស្និទ្ធខាងរាងកាយរវាងស្វាមី និងភរិយា ? ( ដើម្បីក្លាយទៅជាតែមួយ ជាមួយនឹងដៃគូស្វាមីភរិយារបស់យើង ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖
« ភាពស្និទ្ធស្នាលរបស់មនុស្ស ត្រូវបានរក្សាទុកសម្រាប់តែគូស្វាមីភរិយាដែលបានរៀបការ ដោយសារវាគឺជានិមិត្តរូបដ៏ខ្ពស់បំផុតនៃការរួបរួមដ៏ពេញលេញ ភាពពេញទាំងស្រុងមួយ និងជាការរួបរួមមួយដែលត្រូវបានតែងតាំង និងផ្ដល់និយមន័យដោយព្រះ ។ តាំងពីជំនាន់សួនច្បារអេដែនមក អាពាហ៍ពិពាហ៍មានបំណងដើម្បីបំពេញភាពពេញលេញទាំងស្រុងនៃបុរសម្នាក់ និងស្ដ្រីម្នាក់ — ដួងចិត្ត សេចក្ដីសង្ឃឹម ជីវិត ក្ដីស្រឡាញ់ គ្រួសារ អនាគត និងរឿងទាំងឡាយរបស់ពួកគេ » ( “Personal Purity,”Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ ) ។
-
តើសេចក្ដីថ្លែងការណ៍របស់អែលឌើរ ហូឡិន បានជួយដល់អ្នកឲ្យយល់កាន់តែច្បាស់ពីគោលបំណងនៃភាពស្និទ្ធស្នាលខាងរាងកាយរវាងស្វាមី និងភរិយាយ៉ាងដូចម្ដេចដែរ ? ( សិស្សគួរតែយល់ពីអ្វីដែលមានដូចតទៅនេះ ៖ ភាពស្និទ្ធស្នាលនៅក្នុងរង្វង់អាពាហ៍ពិពាហ៍នឹងពង្រឹងនូវចំណងខាងវិញ្ញាណ និងសតិអារម្មណ៍រវាងស្វាមី និងភរិយា ) ។
សូមពិចារណាពីការចែកជាក្រដាសមួយដែលមាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។ សូមចែកច្បាប់ចម្លងមួយដល់សិស្សម្នាក់ៗ ហើយសូមឲ្យសិស្សគូសបន្ទាត់ពីក្រោមគោលបំណងនៃភាពស្និទ្ធស្នាលខាងរាងកាយនៅក្នុងរង្វង់អាពាហ៍ពិពាហ៍ ។
« ការរួមសង្វាស រវាងស្វាមី និងភរិយា ( ហើយ មានតែ ស្វាមី និងភរិយាប៉ុណ្ណោះ ) គឺដើម្បីគោលបំណងដ៏ចម្បងមួយក្នុងការនាំកូនចៅមកកាន់ពិភពលោកនេះ ។ ព្រះអម្ចាស់ទ្រង់ពុំដែលមានព្រះបំណងឲ្យបទពិសោធន៍នៃការរួមមេត្រី ដើម្បីគ្រាន់តែជាល្បែងកំសាន្ដ ឬគ្រាន់តែដើម្បីបំពេញចំណង់ និងតណ្ហានោះទេ » ( ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល “The Lord’s Plan for Men and Women,”Ensign ខែ តុលា ឆ្នាំ ១៩៧៥ ទំព័រ ៤ ) ។
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានបទដ្ឋានតែមួយគត់ មិនងាករេអំពីសីលធម៌ខាងផ្លូវភេទ ៖ ទំនាក់ទំនងស្និតស្នាលដែលត្រឹមត្រូវ គឺមានតែរវាងស្វាមី និង ភរិយា ដែលរួបរួមគ្នាក្នុងចំណងនៃអាពាហ៍ពិពាហ៍ដែលត្រូវបានដាក់បញ្ញត្តិមកនៅក្នុងផែនការរបស់ព្រះតែប៉ុណ្ណោះ ។ ទំនាក់ទំនងបែបនោះ គឺមិនមែនគ្រាន់តែជាចម្ងល់មួយដែលត្រូវរុករកចម្លើយ ចំណង់មួយដែលត្រូវបំពេញ ឬប្រភេទនៃការកំសាន្ដមួយ ឬការកំដរអារម្មណ៍ដែលត្រូវតែទទួលបានដោយភាពអាត្មានិយមនោះឡើយ ។ … ប៉ុន្ដែ ទំនាក់ទំនងនោះគឺស្ថិតនៅក្នុងជីវិតរមែងស្លាប់ ជាការបង្ហាញអារម្មណ៍ដ៏ខ្ពង់ខ្ពស់បំផុតមួយនៃធម្មជាតិ និងសក្ដានុពលភាពដ៏ទេវភាពរបស់យើង ហើយវាជារបៀបមួយដើម្បីពង្រឹងដល់ចំណងខាងសតិអារម្មណ៍ និងខាងវិញ្ញាណរវាងស្វាមី និងភរិយា » ( ដាវីឌ អេ បែដណា “We Believe in Being Chaste,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។
សូមពិភាក្សាពីអ្វីដែលជាគោលបំណងក្នុងការដែលសិស្សគូសបន្ទាត់ពីក្រោមនោះ ។
សូមឲ្យសិស្សសញ្ជឹងគិតពីអ្វីដែលពួកគេបានរៀនអំពីច្បាប់ព្រហ្មចារីយភាព ហើយបន្ទាប់មក សូមសរសេរចម្លើយចំពោះសំណួរខាងក្រោមមួយនៅក្នុងកំណត់ហេតុរបស់ពួកគេ ៖
-
តើការយល់ដឹងអំពីច្បាប់ព្រហ្មចារីយភាពបានពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់អ្នកដើម្បីរស់នៅជីវិតមួយដ៏សា្អតស្អំខាងសីលធម៌មួយដោយរបៀបណា ?
-
តើមានមូលហេតុអ្វីខ្លះ ដែលអ្នកត្រូវរស់នៅតាមច្បាប់ព្រហ្មចារីភាព ?
សូមបញ្ចប់ដោយការចែកចាយនូវទីបន្ទាល់របស់អ្នកអំពីគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងថ្នាក់ ។
ការអានរបស់សិស្ស
-
លោកុប្បត្តិ ២:២១–២៤; ទំនុកដំកើង ២៤:៣–៤; ម៉ាថាយ ៥:៨, ២៧–២៨; រ៉ូម ៨:៦; យ៉ាកុប ២:២៨, ៣១–៣៥; អាលម៉ា ៣៩:១–៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២–២៤; ៦៣:១៦; ១២១:៤៥–៤៦ ។
-
ដាវីឌ អេ បែដណា “We Believe in Being Chaste,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ ។
-
« ភាពបរិសុទ្ធខាងផ្លូវភេទ » ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ទំព័រ ៣៥–៣៧ ។