មេរៀនទី ១៩
ការស្ថាបនាជីវិត និងគេហដ្ឋានដែលផ្ដោតលើព្រះគ្រីស្ទ
សេចក្ដីផ្ដើម
ព្យាការីហេលេមិន បានបង្រៀនកូនប្រុសទាំងឡាយរបស់លោកថា ប្រសិនបើពួកគេនឹងសង់ជីវិតរបស់ពួកគេនៅលើគ្រឹះដ៏ខ្ជាប់ខ្ជួននៃព្រះយេស៊ូវគ្រីស្ទ នោះសាតាំងនឹងគ្មានអំណាចដើម្បីបំផ្លាញពួកគេឡើយ ( សូមមើល ហេលេមិន ៥:១២ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងពិភាក្សាពីរបៀបដើម្បីសង់ក្រុមគ្រួសាររបស់ពួកគេនៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលសមាជិកគ្រួសារផ្ដោតជីវិតរបស់ពួកគេនៅលើការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ នោះពួកគេអាចប៉ះប៉ូវ និងពង្រឹងដល់ទំនាក់ទំនងទាំងអស់ ហើយរកឃើញនូវសុភមង្គលកាន់តែអស្ចារ្យជាងនេះ ។
ការអានពីសាវតា
-
ហិនរី ប៊ី អាវរិង “Our Perfect Example,”Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៧០–៧៣ ។
-
រីឆាត ជី ស្កត “For Peace at Home,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ២៩–៣១ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូហាន ១៥:១–៥, ១០–១១; ហេលេមិន ៥:១២
ការស្ថាបនាជីវិត និងគេហដ្ឋានដែលផ្ដោតលើព្រះគ្រីស្ទ
សូមចាប់ផ្ដើមថ្នាក់ដោយការគូររូបផ្ទះសាមញ្ញមួយ ឬអគារផ្សេងទៀតនៅលើក្ដារខៀន ។ សូមពិភាក្សាដូចខាងក្រោមជាមួយនឹងសិស្ស ៖
-
តើគ្រឹះសម្រាប់គេហដ្ឋានមួយ ឬសំណង់ផ្សេងទៀតមានតម្លៃអ្វី ?
-
ហេតុអ្វីបានជាសម្ភារអគារខ្លះ ធ្វើឲ្យគ្រឹះរបស់អគារនោះរឹងមាំខ្លាំងជាងអគារផ្សេងទៀត ?
សូមរំឭកសិស្សថា ក្រុមគ្រួសារទាំងអស់ជួបប្រទះនឹងភាពលំបាកដល់កម្រិតខ្លះ ហើយសាតាំងព្យាយាមបំផ្លាញក្រុមគ្រួសារទាំងអស់ ។ ចេញពីព្រះគម្ពីរមរមន យើងអាចរៀនពីរបៀបដ៏ពិតប្រាកដដើម្បីកាត់បន្ថយនូវឥទ្ធិពលរបស់សាតាំងមកលើក្រុមគ្រួសាររបស់យើង ។
សូមឲ្យសិស្សសិក្សា ហេលេមិន ៥:១២ ដោយរកមើលអ្វីដែលខគម្ពីរនេះបង្រៀនអំពីគ្រឹះមួយ ។
-
តើអ្នកគិតថា ការសង់គ្រឹះយើងលើព្រះយេស៊ូវគ្រីស្ទមានន័យបែបណា?
-
តើគ្រួសារមួយអាចធ្វើដូចម្ដេចខ្លះ ដើម្បីសង់គ្រឹះលើព្រះយេស៊ូវគ្រីស្ទ ? ( ចម្លើយដែលអាចរួមមានដូចតទៅនេះ ៖ សិក្សា និងរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ខិតខំធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ គោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ និងចូលមកជិតនឹងអំណាចនៃដង្វាយធួនរបស់ព្រះគ្រីស្ទ ) ។
-
តើសេចក្ដីសន្យាទាំងឡាយនៅក្នុង ហេលេមិន ៥:១២ អាចអនុវត្តដល់គ្រួសារទាំងឡាយ ដែលព្យាយាមសង់គ្រឹះរបស់ពួកគេនៅលើសិលានៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ( ចម្លើយទាំងឡាយគួរបង្ហាញពីការយល់ដឹងនូវគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលគ្រួសារទាំងឡាយសង់គ្រឹះរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ នោះសាតាំងនឹងគ្មានអំណាចដើម្បីបំផ្លាញពួកគេឡើយ ) ។
សូមពន្យល់ថា មិនយូរប៉ុន្មានមុនពេលការសុគតរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានតំណាលរឿងប្រៀបធៀបដែលអាចជួយដល់គ្រួសារទាំងឡាយឲ្យយល់ពី របៀបដើម្បីសង់គ្រឹះរបស់ពួកគេនៅលើទ្រង់ ។ សូមឲ្យសិស្សបីបួននាក់អាន យ៉ូហាន ១៥:១–៥, ១០–១១ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយពិចារណាពីរបៀបដែលរឿងប្រៀបធៀបរបស់ព្រះអង្គសង្គ្រោះនៅក្នុងវគ្គបទគម្ពីរទាំងនេះ អាចអនុវត្តដល់គ្រួសារទាំងឡាយ ដែលខិតខំសង់គ្រឹះរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ ។
-
ប្រសិនបើព្រះយេស៊ូវគ្រីស្ទ គឺជាចម្ការទំពាំងបាយជូរ ហើយយើងគឺជាខ្នែងរបស់វានោះ តើផ្លែអាចតំណាងឲ្យអ្វី ? ( ផ្លែអាចតំណាងឲ្យកិច្ចការល្អ និងទង្វើនៃភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ) ។
សូមជួយសិស្សឲ្យទទួលស្គាល់ថា ព្រះអង្គសង្គ្រោះបានប្រើពាក្យ « នៅជាប់នឹង» ឬ « នៅជាប់ក្នុង » ជាច្រើនដងនៅក្នុង យ៉ូហាន ១៥:៤–១០ ។ សូមពន្យល់ថា ពាក្យ នៅជាប់នឹង នៅក្នុងបរិបទនេះ មានន័យថា បន្ដនៅ ហើយ « នៅ — ប៉ុន្ដែនៅ ជារៀងរហូត » ដោយបង្កប់នូវអត្ថន័យថា យើងគួរតែបន្ដនៅយ៉ាងរឹងមាំ និង ឋិតថេរជានិច្ចជាប់នឹងព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ( ជែហ្វ្រី អ័រ ហូឡិន “Abide in Me,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។ អ្នកអាចសង្ខេបដោយខ្លីដល់សិស្សថា ការចេះប្រើពាក្យដដែលនេះ គឺជាជំនាញសិក្សាព្រះគម្ពីរមួយ ដែលពួកគេអាចប្រើនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ។ ការប្រើពាក្យដដែលមួយនៅក្នុងព្រះគម្ពីរ ជាញឹកញាប់មានន័យថា អ្នកនិពន្ធកំពុងតែសង្កត់ធ្ងន់លើគំនិតដ៏សំខាន់មួយ ។
-
ស្របតាមខទី ៥ និង ១១ តើអ្វីខ្លះជាពរជ័យនៃការនៅជាប់នឹងព្រះអង្គសង្គ្រោះ ? ( ប្រសិនបើយើងនៅជាប់នឹងព្រះអង្គសង្គ្រោះ នោះយើងអាចនាំមកនូវផលផ្លែជាច្រើន និងទទួលបានក្ដីអំណរដ៏ពេញលេញមួយ ) ។
-
តើនឹងមានពរជ័យអ្វីខ្លះ ដែលអ្នកគិតថា នឹងកើតមានដល់ក្រុមគ្រួសារ នៅពេលសមាជិកគ្រួសារទាំងឡាយ ខិតខំនៅជាប់នឹងព្រះអង្គសង្គ្រោះ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« មិនថាអ្នកនៅក្នុងកាលៈទេសៈបែបណានោះទេ អ្នកអាចផ្ដោតលើព្រះអម្ចាស់យេស៊ូវគ្រីស្ទនៅក្នុងផ្ទះរបស់អ្នក ព្រមទាំងជីវិតរបស់អ្នកផង ដោយសារទ្រង់គឺជាប្រភពនៃសេចក្ដីសុខសាន្ដដ៏ពិតនៅក្នុងជីវិតនេះ » ( “For Peace at Home,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ២៩ ) ។
-
តើអ្នកនឹងរៀបរាប់ពីគេហដ្ឋានមួយដែលផ្ដោតលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើលក្ខណៈសម្បត្តិអ្វីខ្លះ ដែលនឹងធ្វើឲ្យគេហដ្ឋានមួយក្លាយជាគេហដ្ឋានមួយដែលផ្ដោតលើព្រះគ្រីស្ទ ?
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីនៅជាប់នឹងព្រះអង្គសង្គ្រោះយ៉ាងពេញលេញ ហេតុដូច្នេះនឹងអញ្ជើញនូវឥទ្ធិពលរបស់ព្រះអង្គសង្គ្រោះកាន់តែខ្លាំងមកក្នុងគេហដ្ឋានរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីការផ្លាស់ប្ដូរ ដែលពួកគេអាចធ្វើនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយនឹងសមាជិកគ្រួសារទាំងឡាយ ។
ហេលេមិន ១៤:៣០–៣១; នីហ្វៃទី ៣ ១១:២៩–៣០
ការគ្រប់គ្រងអារម្មណ៍របស់យើង ដោយការប្រើឯកសិទ្ធិរបស់យើងយ៉ាងសុចរិត
សូមបន្ដទៅផ្នែកបន្ទាប់ទៀតនៃមេរៀននេះ ដោយការនិយាយឡើងវិញថា ក្រុមគ្រួសារទាំងឡាយជួបប្រទះនឹងឧបសគ្គជាច្រើន ។ ទោះបីជានៅពេលសមាជិកគ្រួសារកំពុងតែព្យាយាមផ្ដោតជីវិតរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទក្ដី ក៏ពួកគេអាចជួបនឹងកាលៈទេសៈនានា ដែលល្បងមើលបំណងប្រាថ្នាដ៏សុចរិតរបស់ពួកគេ ។ សូមសរសេរឃ្លាខាងក្រោមនេះនៅលើក្ដារខៀន ៖
សូមឲ្យសិស្សសញ្ជឹងគិតថាតើ ប្រយោគទាំងនេះផ្អែកលើសេចក្ដីពិតឬយ៉ាងណា ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន ១៤:៣០–៣១ ឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យពិចារណា ពីរបៀបដែលខគម្ពីរទាំងនេះទាក់ទងទៅនឹងប្រយោគដែលនៅលើក្ដារខៀន ។
-
តើសេចក្ដីពិតដ៏សំខាន់អ្វី ដែលត្រូវបានរកឃើញនៅក្នុងខគម្ពីរទាំងនេះ ដែលអនុវត្តដល់ទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកដទៃនោះ ? ( សូមសង្កត់ធ្ងន់ទៅលើសេចក្ដីពិតខាងក្រោមនេះ ៖ ដោយសារតែព្រះវរបិតាសួគ៌បានប្រទានដល់យើងនូវឯកសិទ្ធិ នោះយើងអាចជ្រើសរើសនឹងខឹងសម្បារឬក៏អត់ ។ សូមពន្យល់ថា អែលឌើរ លីន ជី រ៉ូប៊ីន នៃពួកចិតសិបនាក់បានបង្រៀនថា « ការខឹងសម្បារ គឺជាជម្រើស ជាការសម្រេចចិត្តមួយដែលធ្វើឡើងដោយដឹងខ្លួនឯងច្បាស់ ហេតុដូច្នេះហើយ យើងអាចជ្រើសរើសមិនខឹងសម្បារបាន ។ យើងជ្រើសរើស ! » “Watch and Learn,”Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៨០ ] ) ។
-
តើការជឿថា សកម្មភាព ឬពាក្យសម្ដីរបស់អ្នកដទៃអាច « ធ្វើឲ្យ » យើងខឹងសម្បារបាន នាំមកនូវបញ្ហាអ្វីខ្លះ ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី ៣ ១១:២៩–៣០ ដោយស្ងាត់ស្ងៀម ។ សូមចង្អុលបង្ហាញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះដែលថា កំហឹងទាស់ទែងគ្នាទៅវិញទៅមក « ត្រូវលះបង់ចោលវិញ » ( នីហ្វៃទី ៣ ១១:៣០) ។ សូមរំឭកសិស្សថា ការនិយាយសម្ដីគ្រោតគ្រាត និងអាកប្បកិរិយាដ៏មិនសុចរិតផ្សេងទៀត ដូចជាការរំលោភបំពានខាងអារម្មណ៍ និងខាងរាងកាយ គឺមិនអាចដោះសារបានឡើយ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយពួកគេឲ្យចងចាំថា មិនត្រូវជ្រើសរើសខឹងសម្បារឡើយ ។ សូមឲ្យពួកគេចែកចាយគំនិតរបស់ពួកគេ ។ សូមឲ្យសិស្សប្ដេជ្ញាចិត្តដើម្បីប្រើឯកសិទ្ធិរបស់ពួកគេយ៉ាងសុចរិត ដោយការជ្រើសរើសមិនខឹងសម្បារ ជាពិសេសនៅក្នុងរង្វង់គ្រួសារ ។
នីហ្វៃទី ៣ ១២:២២–២៤; មរ៉ូណៃ ៧:៤៥, ៤៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩–១១; ៨៨:១១៩, ១២៣–២៥
ការប្រែចិត្ត និងការអភ័យទោស អាចព្យាបាលទំនាក់ទំនងគ្រួសារដែលបានប្រេះស្រាំ
សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖
សូមប្រាប់សិស្សថា ឃ្លានេះដកចេញមកពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
ដើម្បីជួយសិស្សឲ្យរកឃើញនូវការបង្រៀនខ្លះៗរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអាចនាំមកនូវសុភមង្គលដ៏ខ្លាំងក្លាដល់ក្រុមគ្រួសារទាំងឡាយ នោះសូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩, ១២៣–២៥ ដោយស្ងាត់ស្ងៀម ។ សូមផ្ដល់យោបល់ថា ពួកគេគួរតែគូសចំណាំ ឬគូសបញ្ជាក់ពីការបង្រៀនគន្លឹះទាំងឡាយ ។ បន្ទាប់មកសុំសិស្សឲ្យពិភាក្សាពីរបៀបដែលគ្រួសារទាំងឡាយ អាចត្រូវបានពង្រឹងឡើង ដោយការរស់នៅតាមការបង្រៀនដែលមាននៅក្នុងខគម្ពីរទាំងនេះ ។
សូមរំឭកសិស្សថា បញ្ហា និងការលំបាកនានាតែងកើតឡើងនៅក្នុងក្រុមគ្រួសារជារឿយៗ នៅពេលដែលការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទធ្វេសប្រហែសមិនបានអនុវត្តពេញលេញ ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ទំនាក់ទំនងដែលប្រេះស្រាំ និងបាក់បែក គឺវាចាស់ដូចជាមនុស្សយើងដែរ ។ … ខ្ញុំស្រមៃថា គ្រប់មនុស្សនៅលើផែនដីនេះ បានរងទុក្ខតាមរបៀបជាច្រើនដោយសារវិញ្ញាណដ៏បំផ្លាញនៃកំហឹងទាស់ទែងគ្នា ការអន់ចិត្ត និងការសងសឹក ។ ប្រហែលជា មានពេលខ្លះ នៅពេលដែលយើងស្គាល់ពីវិញ្ញាណនេះនៅក្នុងខ្លួនយើង » ( “The Merciful Obtain Mercy,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧០ ) ។
-
តើការបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទអ្វីខ្លះ ដែលអាចជួយព្យាបាលដល់ទំនាក់ទំនងដែលប្រេះស្រាំ ឬបែកបាក់រវាងសមាជិកគ្រួសារ ?
សូមសរសេរបទគម្ពីរយោងខាងក្រោមនេះនៅលើក្ដារខៀន ។ សូមពន្យល់ថា ខគម្ពីរនីមួយៗទាំងនេះ មាននូវសេចក្ដីពិតទាំងឡាយដែលបានបង្រៀនដោយព្រះអង្គសង្គ្រោះ ដែលអាចពង្រឹងដល់ទំនាក់ទំនងគ្រួសារបាន ។
សូមអញ្ជើញសិស្សឲ្យអានវគ្គទាំងនេះ ហើយបន្ទាប់មកពិភាក្សាពីសំណួរខាងក្រោមនេះ ៖
-
តើការបង្រៀនអ្វីខ្លះ ដែលចេញមកពីខគម្ពីរទាំងនេះ ដែលអាចជួយព្យាបាលទំនាក់ទំនងគ្រួសារ ដែលបានបាក់បែកដោយសារតែកំហឹងទាស់ទែង ការមិនមានសណ្ដានចិត្តល្អ ឬក៏ទង្វើផ្សេងៗទៀត ?
-
តើអ្នកបានឃើញថា ការអភ័យទោសធ្វើឲ្យទំនាក់ទំនងគ្រួសារប្រសើរឡើងដោយរបៀបណា ?
-
ហេតុអ្វីបានជាពេលខ្លះ វាពិបាកខ្លាំងជាងធម្មតា ក្នុងការអភ័យទោសដល់សមាជិកគ្រួសារ ដែលប្រមាថយើង ជាងអត់ទោសឲ្យអ្នកដទៃ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ និងប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–៩៥ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« គ្មានពួកយើងណាម្នាក់គ្មានអំពើបាបនោះឡើយ ។ ពួកយើងម្នាក់ៗប្រព្រឹត្តកំហុស រួមទាំងអ្នក និងខ្ញុំផងដែរ ។ យើងទាំងអស់គ្នាបានមានរបួស ។ យើងទាំងអស់គ្នាធ្លាប់បានធ្វើឲ្យអ្នកដទៃរងរបួស ។
« វាគឺតាមរយៈពលិកម្មរបស់ព្រះអង្គសង្គ្រោះរបស់យើង ដែលយើងអាចទទួលបានការលើកតម្កើង និងជីវិតដ៏នៅអស់កល្បជានិច្ច ។ នៅពេលដែលយើងទទួលយកផ្លូវទំាងឡាយរបស់ទ្រង់ ហើយយកឈ្នះលើអំនួតរបស់យើងដោយបន្ទន់ដួងចិត្តរបស់យើង នោះយើងអាចនំាមកនូវការផ្សះផ្សារគ្នា និងការអភ័យទោសមកក្នុងក្រុមគ្រួសារ និងជីវិតផ្ទាល់ខ្លួនរបស់យើងវិញ » ( ឌៀថើរ អេស្វ អុជដូហ្វ “One Key to a Happy Family,”Ensign ខែ តុលា ឆ្នាំ ២០១២ ទំព័រ ៦ ) ។
« មិនថាអ្វីដែលព្រះយេស៊ូវដាក់ព្រះហស្ដរបស់ទ្រង់នៅលើនោះទេ វានឹងរស់ ។ ប្រសិនបើព្រះយេស៊ូវដាក់ព្រះហស្ដរបស់ទ្រង់មកលើអាពាហ៍ពិពាហ៍មួយ នោះវារស់រវើក ។ ប្រសិនបើទ្រង់ត្រូវបានអនុញ្ញាតឲ្យដាក់ព្រះហស្ដរបស់ទ្រង់នៅលើក្រុមគ្រួសារ នោះវានឹងរស់ » ( Teachings of Presidents of the Church: Howard W. Hunter [ ឆ្នាំ ២០១៥ ] ទំព័រ ១៥០ ) ។
-
តើគោលការណ៍ខាងក្រោមនេះ ដែលបានពិភាក្សាគ្នានៅថ្ងៃនេះ អាចអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះដាក់ព្រះហស្ដរបស់ទ្រង់មកលើគ្រួសារមួយដោយរបៀបណា ?
សូមឲ្យសិស្សពិចារណាពីរបៀបដែលគោលការណ៍នៃការប្រែចិត្ត និងការអភ័យទោស អាចជួយប៉ះប៉ូវ ឬពង្រឹងដល់ទំនាក់ទំនងគ្រួសាររបស់ពួកគេផ្ទាល់ ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើសកម្មភាពស្របតាមការបំផុសគំនិត ដើម្បីអនុវត្តគោលការណ៍ទាំងនេះនៅក្នុងទំនាក់ទំនងគ្រួសាររបស់ពួកគេ ។
ការអានរបស់សិស្ស
-
យ៉ូហាន ១៥:១–៥, ១០–១១; ហេលេមិន ៥:១២; ១៤:៣០–៣១; នីហ្វៃទី ៣ ១១:២៩–៣០; ១២:២២–២៤; មរ៉ូណៃ ៧:៤៥, ៤៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩–១១; ៨៨:១១៩, ១២៣–២៥ ។
-
រីឆាត ជី ស្កត “For Peace at Home,”Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ២៩–៣១ ។