ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២២ ៖ ការបង្កើត​ក្រុមគ្រួសារ​ដ៏​ជោគជ័យ​មួយ


មេរៀនទី ២២

ការបង្កើត​ក្រុមគ្រួសារ​ដ៏​ជោគជ័យ​មួយ

សេចក្ដីផ្ដើម

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » រៀបរាប់​ពីគោលការណ៍​នានា ដែល​ឪពុកម្ដាយ​គួរតែ​បង្រៀន​ដល់​កូនចៅ​របស់​ពួកគេ ។ មេរៀននេះ នឹង​ពិភាក្សា​អំពី​ទំនួលខុសត្រូវ​របស់​ឪពុកម្ដាយ ក្នុង​ការបង្រៀន​ដល់​កូនចៅ​អំពី « ការគោរពគ្នា … សេចក្តី​មេត្តាករុណា ការងារ ហើយ​និង​កម្មវិធី​កម្សាន្តល្អៗ​នានា » ។ វា​ក៏​នឹង​ពិភាក្សា​ផងដែរ​អំពី កាតព្វកិច្ច​របស់​ឪពុកម្ដាយ​ដែល​ត្រូវ​បង្រៀន​ដល់​កូនចៅ « ឲ្យចេះ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញទៅមក ចេះគោរព​ព្រះបញ្ញតិ្ត​ទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើ​ជា​ពលរដ្ឋ​ល្អ » ( EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ការបង្រៀន​គោលការណ៍​ទាំងនេះ ជួយ​ឪពុកម្ដាយ​ឲ្យ​បង្កើត​បាន​នូវ​ក្រុមគ្រួសារ​ដ៏​ជោគជ័យ ។

ការអាន​ពី​សាវតា

  • ដាល្លិន អេក អូក Good, Better, Best,EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤–៨ ) ។

  • ស៊ូសាន ដុបលយូ. ថែនណឺ Did I Tell You … ?EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៧៣–៧៥ ) ។

យោបល់​សម្រាប់​ការបង្រៀន

គោលការណ៍​ទាំងឡាយ​សម្រាប់​ក្រុមគ្រួសារ​ដ៏​ជោគជ័យ

សូម​រៀបចំ​សិស្ស​សម្រាប់​មេរៀន​នេះ ដោយ​ការបង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០) ៖

ប្រធាន ដេវីឌ អូ មិកឃេ

« គ្មាន​ជោគជ័យ​ណា​អាច​ប៉ះប៉ូវ​នឹង​បរាជ័យ​នៅ​ក្នុង​ផ្ទះ​បាន​ឡើយ » ( ដកស្រង់​ពី J. E. McCulloch, Home: The Savior of Civilization ( ឆ្នាំ ១៩២៤ ) ទំព័រ ៤២; នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៣៥ ទំព័រ ១១៦ ) ។

  • ដោយ​គិត​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​វគ្គសិក្សា​នេះ តើ​មាន​គោលការណ៍​ណាខ្លះ ដែល​រួមចំណែក​ដល់​ការបង្កើត​នូវ​គ្រួសារ​ដ៏​ជោគជ័យ​មួយ ?

ដើម្បី​ជួយ​បកស្រាយ​​សំណួរ​នេះ សូម​បង្ហាញ និង​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ដូចតទៅ​នេះ​ចេញពី « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ៖

« អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដែល​មាន​ជោគជ័យ នោះ​គឺ​ត្រូវ​ស្ថាបនា និង​ថែរក្សា​នៅលើ​គោលការណ៍​នៃ​សេចក្ដីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរព​គ្នា សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ការងារ និង​កម្មវិធី​កំសាន្ដ​ល្អៗ​នានា » ។

ចូរ​ពន្យល់​ដល់សិស្ស​ថា គោលការណ៍​ភាគច្រើន​នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ ត្រូវបាន​ពិភាក្សា​នៅក្នុង​មេរៀន​មុនៗ​រួចហើយ ។ ដើម្បី​ផ្ដោតទៅលើ​គុណសម្បត្តិ​ដែល​មិន​ទាន់បាន​ពិភាក្សា សូម​សរសេរ​អ្វី​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

ការគោរពគ្នា

សេចក្ដីមេត្តាករុណា

ការងារ

កម្មវិធី​កំសាន្ដ​ល្អៗ​នានា

សូម​ចែក​សិស្ស​ទៅជា​ក្រុម​តូចៗ ហើយ​ចាត់តាំង​ដល់​ក្រុម​និមួយៗ​នូវ​គុណសម្បត្តិ​ទាំងនេះ​មួយ ។ សូម​ឲ្យ​ក្រុម​ទាំងឡាយ​ពិភាក្សា​គ្នា​ពី​សំណួរ​ដូចតទៅនេះ ៖

ការគោរព​គ្នា

  • តើ​ការណ៍​ល្អ​ណាខ្លះ ដែល​កើតឡើង​នៅក្នុង​គ្រួសារ នៅពេល​ដែល​ឪពុកម្ដាយ​បង្ហាញ​ការគោរព​ដល់​កូនចៅ​របស់​ពួកគេ ? តើ​នៅពេលណា​ដែល​កូនចៅ​បង្ហាញ​ការគោរព​ដល់​ឪពុកម្ដាយ​របស់​ពួកគេ ? តើ​នៅពេលណា​ដែល​ឪពុកម្ដាយ​បង្ហាញ​ការគោរព​ដល់​គ្នា​ទៅវិញទៅមក ?

  • តើ​មាន​គំរូ​អ្វីខ្លះ នៃ​ការបង្ហាញ​ការគោរព​គ្នា ដែល​អ្នក​អាច​ចែកចាយ​ពី​បទពិសោធន៍​គ្រួសារ​របស់​អ្នក ?

សេចក្ដីមេត្តាករុណា

  • តើ​មាន​របៀប​ណាខ្លះ ដែល​ឪពុកម្ដាយ​អាច​បង្រៀន​កូនចៅ ឲ្យ​មាន​សេចក្ដីមេត្តា​ករុណា​ដល់​សមាជិក​គ្រួសារ​ផ្សេងទៀត ?

  • តើ​មាន​គំរូ​នៃ​ការបង្រៀន​ពី​សេចក្ដីមេត្តាករុណា​អ្វីខ្លះ ដែល​អ្នក​អាច​ចែកចាយ​ពី​គ្រួសារ​របស់​អ្នក ឬ​ពី​គ្រួសារ​ដែល​អ្នក​បាន​ស្គាល់​នោះ ?

ការងារ

  • ហេតុអ្វីបានជា​ការងារ ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ជោគជ័យ​មួយ ?

  • តើ​ឪពុក​ម្ដាយ​អាច​ជួយ​កូនចៅ​របស់​ពួកគេ ឲ្យ​រីករាយ ថែមទាំង​ពេញចិត្ត​នឹង​ការងារ​ដោយ​របៀបណា ?

  • តើ​មាន​គំរូ​អ្វីខ្លះ នៃ​ការបង្រៀន​ពី​ការងារ ដែល​អ្នក​អាច​ចែកចាយ​ពី​គ្រួសារ​របស់​អ្នក ឬ​ពី​គ្រួសារ​ដែល​អ្នក​បាន​ស្គាល់​នោះ ?

កម្មវិធី​កំសាន្ដ​ល្អៗ​នានា

សូម​ប្រាប់​ក្រុម​នេះ​ថា នៅពេល​គ្រួសារ​បាន​ដាក់​កម្រិត​ការចំណាយ​ពេលវេលា​រួមគ្នា​នៅក្នុង​សកម្មភាព​គ្រួសារ នោះ​វា​ជា​ការណ៍​ដ៏​ឆ្លាតវៃ ដើម្បី​ជ្រើសរើស​សកម្មភាព​ទាំងឡាយ​ណា​ដែល​មាន​តម្លៃ​បំផុត ។ សូម​ឲ្យ​ក្រុម​នេះ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​ពិភាក្សា​ពី​សំណួរ​ខាងក្រោម​នេះ ៖

អែលឌើរ ដាល្លិន អេក អូក

« នៅពេល​យើង​ពិចារណា​ពី​ជម្រើស​ផ្សេងៗ យើង​គួរតែ​ចងចាំ​ថា វា​មិន​គ្រប់គ្រាន់​ទេ​ដែល​អ្វីមួយ​ល្អ​នោះ ។ ជម្រើស​ផ្សេងទៀត​គឺ​ប្រសើរ​ជាង ហើយ​នៅតែ​មាន​ជម្រើស​ផ្សេងៗ​ទៀត ដែល​ល្អ​បំផុត ។ …

« ជម្រើស​ដ៏​សំខាន់​បំផុត​ខ្លះ ទាក់ទង​ទៅនឹង​សកម្មភាព​គ្រួសារ ។ … នៅក្នុង​ការជ្រើសរើស​របៀប​ដើម្បី​ចំណាយ​ពេល​ជា​ក្រុមគ្រួសារ​មួយ នោះ​យើង​គួរតែ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​ចំណាយ​ពេល​ឥតប្រយោជន៍​លើ​រឿង​ដែល​គ្រាន់តែ​ល្អ ហើយ​ទុកពេល​តិចតួច​លើ​អ្វី​ដែល​ប្រសើរ​ជាង ឬ​ល្អបំផុត​នោះ ។ មិត្ត​ម្នាក់ បាន​នាំ​គ្រួសារ​ថ្មីថ្មោង​របស់​គាត់​ទៅ​ដើរលេង​នា​វិស្សមកាល​រដូវ​ក្ដៅ​មួយ រួមមាន​ការទៅ​លេង​កន្លែង​ប្រវត្តិសាស្ដ្រ​ដែល​គួរ​ចងចាំ​ផង ។ នៅ​ចុង​បញ្ចប់​នៃ​រដូវក្ដៅ​នោះ គាត់​បាន​សួរ​កូនប្រុស​វ័យ​ជំទង់​របស់​គាត់​ពី​សកម្មភាព​រដូវក្ដៅ​ដ៏​សប្បាយ ដែល​គាត់​បាន​រីករាយ​យ៉ាង​ខ្លាំង​នេះ ។ ឪពុក​រូបនោះ បាន​រៀន​ពី​ចម្លើយ​នោះ ព្រមទាំង​អស់អ្នក​ដែល​គាត់​បាន​តំណាល​ប្រាប់​រឿង​នេះ​ផងដែរ ។ កូន​នោះ​បាន​ឆ្លើយ​ថា ‹ រឿង​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​នា​រដូវក្ដៅ​នេះ គឺ​ជា​យប់​ដែល​ប៉ា និង​ខ្ញុំ​បាន​ទម្រេត​ខ្លួន​លើ​ស្មៅ ហើយ​មើល​ទៅ​ផ្កាយ​ទាំងឡាយ ហើយ​និយាយ​គ្នា​លេង › ។ សកម្មភាព​គ្រួសារ​ដ៏​អស្ចារ្យ​បំផុត អាច​ល្អ​សម្រាប់​គ្រួសារ ប៉ុន្ដែ​វា​មិន​តែងតែ​ប្រសើរ​ជាង​ពេល​មួយ​ទល់​មួយ រវាង​ឪពុកម្ដាយ​ជាទី​ស្រឡាញ់ និង​កូនៗ​នោះទេ » ( Good, Better, Best,Ensign ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤–៥ ) ។

  • តើ​បទពិសោធន៍​របស់​ឪពុករូប​នេះ និង​កូនប្រុស​គាត់ អាច​ជួយ​យើង​ឲ្យ​យល់​ពី​តម្លៃ​នៃ « កម្មវិធី​កំសាន្ដ​ល្អៗ​នានា » នៅក្នុង​ក្រុមគ្រួសារ​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​ក្រុមគ្រួសារ​មួយ អាច​ធ្វើ​កិច្ចការ​រួមគ្នា យ៉ាងដូចម្ដេច ដើម្បី​បង្កើត​នូវ​កម្មវិធី​កំសាន្ដ​នានា​ឲ្យ​កាន់តែ​មាន​អត្ថន័យ​ជាង​នេះ​នោះ ?

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​សេចក្ដីសង្ខេប​ពី​ការពិភាក្សា​របស់​ពួកគេ ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​បញ្ចប់​ផ្នែក​នេះ​នៃ​មេរៀន​នេះ ដោយ​ការបង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ដោយសារ ‹ គ្មាន​ជោគជ័យ​ណា​អាច​ប៉ះប៉ូវ​នឹង​បរាជ័យ › [ នៅក្នុង​គ្រួសារ​របស់យើង ] បាន នោះ​យើង​ត្រូវតែ​ដាក់​អាទិភាព​ដ៏​ខ្ពស់​បំផុត​ដល់​គ្រួសារ​របស់​យើង ។ យើង​កសាង​ទំនាក់ទំនង​គ្រួសារ​ដែល​ប្រកប​ដោយ​ក្ដីស្រឡាញ់ និង ជ្រាលជ្រៅ តាម​រយៈ​ការធ្វើ​កិច្ចការ​សាមញ្ញៗ​ជាមួយ​គ្នា ដូច​ជា​ការបរិភោគ​អាហារ​ពេល​ល្ងាច​ជា​គ្រួសារ រាត្រី​ជួបជុំ​គ្រួសារ និង លេង​ល្បែង​រីករាយ​ជាមួយ​គ្នា ។ នៅក្នុង​ទំនាក់ទំនង​គ្រួសារ សេចក្ដី​ស្រឡាញ់ ត្រូវ​ប្រកប​អក្សរ​ថា ព-េ-ល-វ-េ-ល-ា គឺ​ពេលវេលា ។ ការចំណាយ​ពេល​វេលា​សម្រាប់​គ្នា​ទៅវិញទៅមក គឺជា​គន្លឹះ​នៃ​ភាពសុខដុម​នៅក្នុង​ផ្ទះ » ( Of Things That Matter Most,EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២១–២២ ) ។

  • តើ​អ្នក​អាច​ចែកចាយ​បទពិសោធន៍​មួយ ដែល​អ្នក​បាន​មាន នៅពេល​ដែល​ឪពុក ឬ​ម្ដាយ ឬ​សមាជិក​គ្រួសារ​ផ្សេង​ទៀត បាន​ចំណាយ​ពេល​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹង​អ្នក​ដែរ​ឬទេ ?

សូម​សួរ​សិស្ស ថាតើ​ពួកគេ​ចង់​ចែកចាយ​គំនិត ឬ​ទីបន្ទាល់​របស់​ពួកគេ​អំពី របៀប​ដែល​គុណភាព​នានា ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​នេះ អាច​ប្រទានពរ​ដល់​គ្រួសារ​ទាំងឡាយ​ឬ​ទេ ។

ចោទិយកថា ៦:៤–៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៥–៦; មាត្រា​នៃ​សេចក្ដីជំនឿ ១:១២

កាតព្វកិច្ច​របស់​ឪពុកម្ដាយ​ដើម្បី​បង្រៀន​ដល់​កូនចៅ

សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ​លើ កថាខណ្ឌ​ទីប្រាំ​មួយ នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដោយរកមើល​ការណ៍​ជាក់លាក់​នានា ដែល​ឪពុកម្ដាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​បង្រៀន​ដល់​កូនចៅ​របស់​ពួកគេ ។ នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​ដូចខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

ស្រឡាញ់ និង​បម្រើ​ដល់​គ្នា​ទៅវិញទៅមក

កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ

ធ្វើជា​ពលរដ្ឋ​ដែល​គោរព​តាម​ច្បាប់

សូម​សង្កត់ធ្ងន់​ទៅលើ​គោលការណ៍​ខាងក្រោម​នេះ ៖ ឪពុកម្ដាយ​ក៏​ត្រូវបាន​បញ្ជា​ឲ្យ​បង្រៀន​ដល់​កូនចៅ​របស់​ពួកគេ​​ឲ្យចេះ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញទៅមក ចេះគោរព​ព្រះបញ្ញតិ្ត​ទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើ​ជា​ពលរដ្ឋ​ល្អ​ដែរ ។

សូម​ឲ្យ​សិស្ស​បើក​ទៅ ចោទិយកថា ៦ ។ សូម​ពន្យល់​ថា ជំពូក​នេះ​កត់ត្រា​ពី​ការណែនាំ​របស់​លោក ម៉ូសេ ដល់​កូនចៅ​នៃ​អ៊ីស្រាអែល អំពី​របៀប​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ សូម​ឲ្យ​សិស្ស​អាន ចោទិយកថា ៦:៤–៧ ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រៀបធៀប​សារលិខិត​នេះ​ទៅនឹង​ខ្លួន​គេ ដោយ​ជំនួស​នូវ​ឈ្មោះ​របស់​ពួកគេ​ផ្ទាល់ គ្រប់ពេល​ដែល​ព្រះគម្ពីរ​សរសេរ​ថា « ឯង » ( ឯង ជា​ប្រធាន កម្មបទ សព្វនាម ឬ​សព្វនាម​កម្មសិទ្ធិ ) ។

  • តើ​ការជំនួស​ដោយ​ឈ្មោះ​របស់​អ្នក​ផ្ទាល់​ដូច្នេះ ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

  • យោងតាម ខ ៧ តើ​ឪពុកម្ដាយ​គួរតែ​បង្រៀន​ដល់​កូនចៅ​របស់​ពួកគេ​ឲ្យ​បាន​ញឹកញាប់​ប៉ុណ្ណា ?

សូម​ចង្អុល​បង្ហាញ​ឃ្លា « ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញទៅមក »​នៅលើ​ក្ដារខៀន ។ សូម​ពិភាក្សា​ពី​អត្ថន័យ​នៃ​ឃ្លា​នេះ ដោយ​ការអាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) នៃ​គណៈប្រធាន​ទីមួយ ហើយ​សូម​សួរ​សំណួរ​ដូច​តទៅ ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ស្ទើរ​តែ​រាល់ថ្ងៃ វា​នាំ​មក​នូវ​ឱកាស​នានា ដើម្បី​ប្រព្រឹត្ត​ទង្វើ​ដ៏​ឥត​អាត្មានិយម​ចំពោះ​អ្នកដទៃ ។ ទង្វើ​បែបនោះ គ្មាន​ព្រំដែន​កំណត់​នោះទេ ហើយ​អាច​ជា​ការណ៍​សាមញ្ញ​ដូចជា​ពាក្យ​សម្ដី​ពិរោះ​ពិសា ជួយ​យក​អសារ ឬ​ញញឹម​ស្រស់​ពព្រាយ » ( What’s in It for Me?EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ២១–២២ ) ។

  • តើ​អ្នក​មាន​ឱកាស​ប៉ុន្មាន​ដង ក្នុង​មួយ​ថ្ងៃ ដើម្បី​ស្រឡាញ់ និង​បម្រើ​ដល់​សមាជិក​គ្រួសារ​របស់អ្នក ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើឲ្យ​ការ​បម្រើ​ដល់សមាជិក​គ្រួសារ​របស់​អ្នក ជា​អាទិភាព​ដ៏​ចម្បង​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​សន្ទុះ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​អាច​បម្រើ​ដល់​សមាជិក​គ្រួសារ និង​បង្ហាញ​ក្ដីស្រឡាញ់​ដល់​ពួកគេ​កាន់តែ​ប្រសើរ​ខ្លាំង​ឡើង ។

សូម​ចង្អុល​បង្ហាញ​ឃ្លា « កាន់តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ »​នៅលើ​ក្ដារខៀន ហើយ​សួរ ៖

  • ហេតុអ្វី​បានជា​ឪពុក​ម្តាយ​គួរតែ​ជា​អ្នកដែល​មាន​ទំនួល​ខុសត្រូវ​ដ៏​សំខាន់​បំផុត ដើម្បី​បង្រៀន​កូនៗ​របស់​ខ្លួន​នូវ​ព្រះបញ្ញត្តិ​នៃ​ព្រះ ?

សូម​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ ស៊ីស្ទើរ ស៊ូសាន ដុបលយូ ថែនណឺ ជា​អតីត​គណៈប្រធាន​យុវនារី​ទូទៅ ។ សូម​ពន្យល់​ថា នៅក្នុង​សុន្ទរកថា​នេះ ស៊ិស្ទើរ ថែនណឺ បាន​រំឭក​ពី​ដំបូន្មាន ដែល​គាត់​បាន​ផ្ដល់​ដល់​កូនស្រី​របស់​គាត់​ម្នាក់ ដែលទើបតែ​បាន​រៀបការ​ថ្មីៗ ហើយ​បាន​ចាប់ផ្ដើម​បង្កើត​ក្រុមគ្រួសារ​ខ្លួនឯង ៖

ស៊ីស្ទើរ ស៊ូសាន ដុបលយូ ថែនណឺ

« ចូរ​មើល​គំរូ​ផ្ទះ​ជីដូនជីតា​របស់​កូន ។ ជីដូនជីតា​ទាំង​សងខាង បាន​ចិញ្ចឹម ‹ កូនចៅ​របស់​ពួកគេ​នៅក្នុង​ពន្លឺ និង​សេចក្ដីពិត › ( គ. និង ស. ៩៣:៤០ ) ។ [ គេហដ្ឋាន ដែល​ឪពុក​របស់​កូន​បាន​ធំឡើង ] គឺជា​គេហដ្ឋាន​មួយ​នៃ​ការរៀនសូត្រ ។ គាត់​បាន​និយាយ​នៅឯ​បុណ្យសព​របស់​ជីតា​កូន​ថា គាត់​មិន​ដែល​បាន​រៀន​គោលការណ៍​ដំណឹងល្អ​ណាមួយ​នៅឯ​ការប្រជុំ​សាសនាចក្រ ដែល​គាត់​មិន​បាន​រៀន​រួចហើយ​នៅឯ​ផ្ទះ​របស់​គាត់​នោះទេ ។ សាសនាចក្រ គឺជា​ការបំពេញ​មួយ​ដល់​គេហដ្ឋាន​របស់​គាត់ » ( Did I Tell You … ?EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៧៣ ) ។

  • តើ​អ្នក​អាច​រៀបចំ ដើម្បី​បង្កើត​នូវ​ផ្ទះ​នៃ​ការរៀនសូត្រ​មួយ—ដូចជា​ផ្ទះ​ដែល ស៊ិស្ទើរ ថែនណឺ បាន​រៀបរាប់ —សម្រាប់​គ្រួសារ​របស់​អ្នក​ដោយ​របៀបណា ? តើ​អ្នក​អាច​មាន​គំនិត​អ្វីខ្លះ ប្រសិនបើ​កូនចៅ​អនាគត​របស់​អ្នក ត្រូវ​និយាយ​ការណ៍​នេះ​អំពី​ផ្ទះ ដែល​ពួកគេ​បាន​ធំធាត់​ឡើង​នោះ ?

សូម​ចង្អុល​បង្ហាញ​ឃ្លា « ធ្វើជា​ពលរដ្ឋ​ដែល​គោរព​ច្បាប់ »​នៅលើ​ក្ដារខៀន ។ សូម​ប្រាប់​សិស្ស​ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤ កត់ត្រា​ពី « សេចក្ដីប្រកាស​នៃ​ជំនឿ ដែល​ទាក់ទង​ទៅនឹង​រដ្ឋាភិបាល​ទាំងឡាយ​នៅលើ​ផែនដី និង​ក្រឹត្យវិន័យ​ទូទៅ » ( ក្បាលកណ្ឌ​ទី ១៣៤ ) ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​នៃ​កណ្ឌ​នេះ ដោយ​ការសុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ក្បាល​កណ្ឌ​ឮៗ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:៥-៦ ឲ្យឮៗ ហើយ​ឲ្យ​សិស្ស​ម្នាក់ទៀត​អាន​មាត្រា​​នៃ​សេចក្ដីជំនឿ​ទី​ដប់ពីរ ។ សូម​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវអ្វី​ដែល ព្រះអម្ចាស់​បង្រៀន​អំពី​ក្រឹត្យវិន័យ​នៃ​ដែនដី​ទាំងឡាយ ។

  • តើ​ការបង្រៀន​អំពី​រដ្ឋាភិបាល​ទាំងឡាយ និង​ក្រឹត្យវិន័យ​ទូទៅ​នៅលើ​ផែនដី​អ្វីខ្លះ ដែល​ផុស​ឡើង​ក្នុង​គំនិត​របស់​អ្នក​នោះ ? ( សម្រាប់​ការណែនាំ​បន្ថែម សូម​ពិចារណា​ពី​ការអញ្ជើញ​សិស្ស​ឲ្យ​អាន និង​ធ្វើ​បទគម្ពីរ​យោង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២១ និង ៩៨:៤-៦ ) ។

  • ហេតុអ្វី​ក៏អ្នក​គិត​ថា វា​សំខាន់​ដែល​គេហដ្ឋាន​ជា​កន្លែង​ដ៏​សំខាន់​បំផុត សម្រាប់​កូនចៅ​រៀន​គោរព​តាម​ច្បាប់​ដែនដី ?

សូម​ពិចារណា​ពី​ការចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ នែល អេ ម៉ាក់ស្វែល

« នៅពេល​ភាពជា​ឪពុកម្ដាយ​ធ្លាក់ចុះ នោះ​តម្រូវការ​ឲ្យ​មាន​របៀបរៀបរយ​នឹង​កើនឡើង ។ វា​នឹង​តែងតែ​មាន​កង្វះខាត​ខាង​ការមាន​របៀបរៀបរយ ប្រសិនបើ​មាន​កង្វះខាត​នៃ​ឪពុកម្ដាយ​ដ៏​មាន​ប្រសិទ្ធិភាព​នោះ ! ដូចគ្នា​ដែរ វា​នឹង​គ្មាន​គុក​គ្រប់គ្រាន់​ល្មមទេ ប្រសិនបើ​គ្មាន​ផ្ទះ​ល្អ​គ្រប់គ្រាន់​នោះ » ( Take Especial Care of Your Family,Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៨៩ )។

  • តើ​អ្នក​គិត​ថា ឪពុកម្ដាយ​អាច​បង្រៀន​ដល់​កូនចៅ ឲ្យ​គោរព​តាម​ច្បាប់​ដែនដី​ដោយ​របៀបណា ?

  • តើ​អ្នក​មាន​ស្គាល់​នរណាម្នាក់ ដែល​គោរព និង​បង្ហាញ​ការគោរព​តាម​ច្បាប់​ដែនដី និង​ពួកមន្ដ្រី​រដ្ឋាភិបាល​ប្រកប​ដោយ​មនសិការ​ខ្ពស់​ដែរ​ឬទេ ? តើ​អ្នក​គិត​ថា អាកប្បកិរិយា​នេះ នឹង​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​កូនចៅ​របស់​បុគ្គល​នោះ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចំណាយពេល​ខ្លះ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ឲ្យ​សញ្ជឹងគិត​ពី​គោលការណ៍​ដែល​ឪពុកម្ដាយ​ត្រូវតែ​បង្រៀន​ដើម្បី​បង្កើត​នូវ​គ្រួសារ​ដ៏​ជោគជ័យ​មួយ ។ សូម​សុំ​ពួកគេ​ឲ្យ​ធ្វើគម្រោងការ​សម្រាប់​របៀប ដែល​ពួកគេ​អាច​ធ្វើតាម​គោលការណ៍​ទាំងនេះ នៅក្នុង​ជីវិត​របស់​ពួកគេ​នាពេល​ឥឡូវនេះ និង​អនុវត្ត​វា​នៅក្នុង​គ្រួសារ​នាពេល​អនាគត​របស់​ពួកគេ ។

ការអាន​របស់​សិស្ស