ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៦ ៖ ក្រុមគ្រួសារ​គឺជា​ស្នូល​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌


មេរៀន​ទី ៦

ក្រុមគ្រួសារ​គឺជា​ស្នូល​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌

សេចក្ដីផ្ដើម

ព្យាការី និង​សាវក​សម័យ​ទំនើប បាន​ប្រកាស​ថា « គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូន​ចៅ​របស់​ទ្រង់ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ មេរៀន​នេះ នឹង​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ដោយ​ការ « មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង » ( គ. និង ស. ៩៣:៥០ ) ពួកគេ​អាច​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ពួកគេ​កាន់តែ​ក្លាយ​ជា​ស្នូល​នៃ​ជីវិត​ពួកគេ ។

ការអាន​ពី​សាវតា

  • អែលឌើរ រ៉ូបឺត ឌី ហែល The Eternal Family, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៦៤–៦៧ ។

  • ដេវីឌ អេ បែដណា More Diligent and Concerned at Home, EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧–២០ ។

  • ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ [ ឆ្នាំ ២០១០ ] ចំនុច ១.១.១, ១.១.៤ និង ១.៤.១ ( បើ​មាន ) ។

យោបល់​សម្រាប់​ការបង្រៀន

ក្រុមគ្រួសារ​គឺជា​ស្នូល​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌

សូម​លើក​ឡើង​ដល់​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​ថា ក្នុង​ប្រធានបទ​ទាំងអស់​ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ក្រុមគ្រួសារ​គឺ​ស្ថិត​នៅក្នុង​ចំណោម​ប្រធានបទ​ដែល​ត្រូវបាន​ពិភាក្សា​ញឹកញាប់​បំផុត ។

  • តើ​អ្នកគិត​ថា ហេតុអ្វី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ប្រសាសន៍​ញឹកញាប់​អំពី​ក្រុមគ្រួសារ ?

សូម​សរសេរ​សេចក្ដី​ពិត​តទៅ​នេះ ដែល​ចេញ​ពី​ការប្រកាស​អំពី​ក្រុមគ្រួសារ នៅលើ ក្ដារខៀន ហើយ​សុំ​សិស្ស​ឲ្យ​ចែកចាយ​ថា​វា​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​ពួកគេ ៖

« គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូន​ចៅ​របស់​ទ្រង់ » ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​របៀប​ដែល​គ្រួសារ​គឺជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​ជោគវាសនា​អស់កល្ប​ជានិច្ច​របស់​យើង នោះ​សូម​ចែក​ច្បាប់​ចម្លង​នៃ​ក្រដាស​ចែក ដែល​មាន​នៅ​ចុង​មេរៀន​នេះ ។ សូម​បែងចែក​សិស្ស​ចេញ​ជា​ក្រុម​តូចៗ ។ សូម​ចាត់​ឲ្យ​ក្រុម​និមួយៗ​អាន​ផ្នែក​មួយ​នៃ​ផ្នែក​ទាំងបី​នៃ​ក្រដាស​ចែក​នោះ ហើយ​ពិភាក្សា​សំណួរ​ដែល​មាន​នៅក្នុង​នោះ ។ សូម​ប្រាកដ​ថា ផ្នែក​និមួយៗ ត្រូវបាន​ចាត់​ដល់​សិស្ស ។

រូបភាព
ក្រដាស​ចែក ជីវិត​មុន​ជីវិត​រមែង​ស្លាប់ ជីវិត​រមែង​ស្លាប់ និង​ក្រុមគ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង

បន្ទាប់ពី​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​យ៉ាង​ហោច​សិស្ស​ម្នាក់​ដែល​បាន​ចាត់​ដល់​ផ្នែក​និមួយៗ​នៃ​ក្រដាស​ចែក ដើម្បី​ចែកចាយ​ទស្សនៈ​សង្ខេប​របស់​ក្រុម​តូច​របស់​គេ ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ សម្រាប់​ជីវិត​មុន​ជីវិត​រមែង​ស្លាប់ ជីវិត​រមែង​ស្លាប់ និង​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

  • តើ​បទពិសោធន៍​អ្វី​ខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ថា​គ្រួសារ​មាន​សារៈសំខាន់​ខ្លាំង​បំផុត​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:៣៩-៥០

ការធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជា​អាទិភាព​មួយ

សូម​រៀបចំ​សិស្ស​ឲ្យ​រៀន​ចេញពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣ ដោយ​ពន្យល់​ថា ក្នុង​ចំណោម​ការណ៍​ផ្សេងៗ​ទៀត ផ្នែក​នេះ​កត់ត្រា​អំពី​ការណែនាំ​របស់​ព្រះអម្ចាស់ អំពី​សារៈសំខាន់​នៃ​ការចិញ្ចឹម​កូនចៅ​នៅក្នុង « សេចក្ដី​ពិត និង​ពន្លឺ » ហើយ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​យើង​ជា​អាទិភាព​មួយ ។ សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ ក្ដារខៀន ៖

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:៣៩-៤៣

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:៤៤

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:៤៥-៤៨

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:៥០

សូម​សុំ​សិស្ស​ឲ្យ​អាន​យ៉ាងហោច​ណាស់​ខគម្ពីរ​យោង​មួយ ( ត្រូវ​ប្រាកដ​ថា ខគម្ពីរ​យោង​និមួយៗ​ត្រូវបាន​អាន​ដោយ​សិស្ស​យ៉ាង​ហោច​ណាស់​ម្នាក់ ) ។ សូម​សុំ​ឲ្យ​សិស្ស​រក​មើល​ថា នរណា​ដែល​ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល​ទៅកាន់ ហើយ​ការណែនាំ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សុំ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ប្រាកដ​ថា សិស្ស​ដឹង​ថា បុរស​បួន​នាក់​ដែល​នៅ​ក្នុង​នោះ គឺជា​គណៈប្រធាន​ទីមួយ និង​ប៊ីស្សព​នៃ​សាសនាចក្រ​នៅក្នុង​រដ្ឋ អូហៃអូ ហេតុដូច្នេះ​ហើយ បទគម្ពីរ​ទាំងនេះ​រំឭក​សមាជិក​សាសានាចក្រ​ទាំងអស់ សូម្បីតែ​ពួក​អ្នក​ដែល​នៅក្នុង​តំណែង​ថ្នាក់​ដឹកនាំ​ក្ដី ឲ្យ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់​ពួកគេ​ជា​អាទិភាព ។ អ្នក​អាច​ផ្ដល់​យោបល់​ដល់​សិស្ស​ឲ្យ​ពួកគេ​គូសចំណាំ​ភាពដដែល ឬ​គំរូ​ដែល​មាន​ក្នុង​ខ​ទាំងនេះ—សមាជិក​សាសនាចក្រ​គប្បី « តាំង » ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​មាន​របៀប​រៀបរយ ( សូមមើល ខ ៤៣, ៤៤ និង ៥០ ) ។

  • យោងតាម​ខ ៤២, ៤៨ និង ៥០ តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ជួយ​តាំង​ក្រុមគ្រួសារ​យើង​ឲ្យ​មាន​របៀប​រៀបរយ ? ( សិស្ស​គួរ​រកឃើញ​ចំណុច​ដូច​តទៅ​នេះ ៖ បង្រៀន​កូនចៅ​ពី​ពន្លឺ និង​សេចក្ដី​ពិត ប្រែចិត្ត បោះបង់​ការណ៍​ដែល​មិន​សុចរិត មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន និង​អធិស្ឋាន​ជានិច្ច ) ។

សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ យើង​ជួយ​បំពេញ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដែល​ឲ្យ​តាំង​ក្រុមគ្រួសារ​យើង​ឲ្យ​មាន​របៀប​រៀបរយ ពេល​យើង​មាន​ចិត្ត​ព្យាយាម និង​គិតគូរ​ពី​គេហដ្ឋាន ។

  • តើ​យុវមជ្ឈិមវ័យ អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​កាន់តែ​មាន​ចិត្ត​ឧស្សាហ៍​ព្យាយាម និង​គិតគូរ​ពី​គេហដ្ឋាន ?

សូម​បង្ហាញ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ពី​លិខិត​មួយ​ដែល​សរសេរ​ដោយ​គណៈប្រធាន​ទីមួយ នៅក្នុង​ឆ្នាំ ១៩៩៩ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

« គេហដ្ឋាន​គឺ​ជា​មូលដ្ឋាន​នៃ​ជីវិត​សុចរិត ហើយ​គ្មាន​ឧបករណ៍​ណា​ផ្សេង​អាច​ជំនួស ឬ​បំពេញ​នូវ​មុខងារ​ដ៏សំខាន់​របស់​វា នៅក្នុង​ការអនុវត្ត​ទំនួល​ខុសត្រូវ​ដែល​ព្រះ​បានប្រទាន​ឲ្យ​បាន​ឡើយ ។

« យើង​សូម​ស្នើ​ដល់​ឪពុក​ម្ដាយ និង​កូនៗ ឲ្យ​ផ្ដល់​អាទិភាព​ជា​ចម្បង​ដល់​ការអធិស្ឋាន​ជា​ក្រុម​គ្រួសារ រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ ការសិក្សា​ដំណឹង​ល្អ និង​ការណែនាំ​អំពី​ដំណឹងល្អ ព្រម​ទាំង​សកម្មភាព​គ្រួសារ​ល្អ​ត្រឹមត្រូវ​ទាំង​អស់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តម្រូវការ និង​សកម្មភាព​សក្ដិសម និង​សមរម្យ​ដទៃ​ទៀត អាច​មាន តែ​វា​ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​យកមក​ជំនួស​កាតព្វកិច្ច​ដែល​បាន​តែងតាំង​ពីព្រះ​ថា មានតែ​ឪពុក​ម្ដាយ និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​វា​ឲ្យ​គ្រប់គ្រាន់​បាន » ( សារលិខិត​ពី​គណៈប្រធាន​ទីមួយ ចុះ​ថ្ងៃទី ១១ ខែ​កុម្ភៈ ឆ្នាំ ១៩៩៩ បាន​ដកស្រង់​នៅ​ក្នុង ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រ [ ឆ្នាំ ២០១០ ] ចំណុច ១.៤.១ ) ។

  • តាម​បទពិសោធន៍​របស់​អ្នក តើ « មុខងារ​ដ៏សំខាន់ » និង « កាតព្វកិច្ច​ដែល​បាន​តែងតាំង​ពីព្រះ » អ្វី​ខ្លះ ដែល​ត្រូវ​ធ្វើ​ឲ្យ​ល្អ​បំផុត​នៅក្នុង​ក្រុមគ្រួសារ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​ពរជ័យ​ទាំងឡាយ ដែល​បាន​មក ពេល​ដែល​សមាជិក​ក្រុមគ្រួសារ​ម្នាក់ៗ ព្យាយាម​បំពេញ​កាតព្វកិច្ច​គ្រួសារ​ដែល​បាន​តែងតាំង​ពី​ព្រះ ៖

« នៅកន្លែង​ណា​ដែល​មាន​សមាជិក​សាសនាចក្រ​រស់នៅ នោះ​ពួកគេ​គួរតែ​ស្ថាបនា​គេហដ្ឋាន​មួយ​ដែល​មាន​ព្រះវិញ្ញាណ​គង់​នៅ ។ …

« គេហដ្ឋាន​ដែល​មាន​ឪពុក​ម្ដាយ​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ និង​ភក្ដីភាព គឺជា​កន្លែង​ដែល​បំពេញ​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​របស់​កូនចៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត ។ គេហដ្ឋាន​ដែល​មាន​ព្រះគ្រីស្ទ​ជា​មូលដ្ឋាន គឺជា​កន្លែង​ដែល​ផ្ដល់​នូវ​ការការពារ​ប្រឆាំង​នឹង​អំពី​បាប ជា​កន្លែង​ជ្រកកោន​ពី​លោកិយ ជា​កន្លែង​ព្យាបាល​ផ្លូវ​ចិត្ត និង​ការឈឺចាប់​ដទៃ​ទៀត និង​ជា​កន្លែង​ដែល​មាន​ការតាំងចិត្ត និង​សេចក្ដី​ស្រឡាញ់​ពិត » ( ក្បួនខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ចំណុច ១.៤.១ ) ។

  • តើ​អ្នក​ជួយ​បង្កើត​គេហដ្ឋាន​ដែល​ព្រះគ្រីស្ទ​ជា​មូលដ្ឋាន​សម្រាប់​គ្រួសារ​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​វា​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ណា​នៅក្នុង​ក្រុមគ្រួសារ​របស់​អ្នក ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ចូរ​ដាក់​អ្វីៗ​ដែល​អ្នក​ធ្វើ​នៅ​ខាង​ក្រៅ​ផ្ទះ ឲ្យ​នៅ​ក្រោម ឬ​គាំទ្រ​ដល់​អ្វីៗ​ដែល​កើត​មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក ។ ចូរ​ចាំ​ដំបូន្មាន​របស់​ប្រធាន ហារ៉ូល ប៊ី លី ថ្លែង​ថា ‹ កិច្ចការ … សំខាន់ បំផុត ដែល​អ្នក​នឹង​ធ្វើ គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ជញ្ជាំង​នៃ​គេហដ្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក › … ហើយ ប្រធាន ដេវីឌ អូ ម៉ា់ក់ឃេ ថ្លែង​មិន​ចេះ​ចប់​ថា ‹ គ្មាន​ជោគជ័យ​ណា អាច​តបស្នង​នឹង​ការបរាជ័យ​ក្នុង​គ្រួសារ​បាន​ទេ › » ( That the Lost May Be Found, EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៩ ) ។

សូម​ទុក​ពេល​មួយ​ភ្លែត​ឲ្យ​សិស្ស​សរសេរ​នូវ​ការណ៍​មួយ​ចំនួន ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​មាន​ចិត្ត​ព្យាយាម និង​គិតគូរ​ពី​គេហដ្ឋាន​កាន់តែ​ខ្លាំង និង​ដើម្បី​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់​ពួកគេ កាន់តែ​ក្លាយ​ជា​ការផ្ដោត​ដ៏​សំខាន់​នៅក្នុង​ជីវិត​គេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ ដើម្បី​ធ្វើ​តាម​គំនិត​មួយ​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​ដែល​សិស្ស​អនុវត្ត​គោលដៅ​របស់​ពួកគេ ព្រះអម្ចាស់​នឹង​ពង្រឹង​ពួកគេ​ខាង​វិញ្ញាណ ហើយ​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​របៀប​ដែល​សកម្មភាព​របស់​ពួកគេ​ក៏​ពង្រឹង​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ ។

ការអាន​របស់​សិស្ស

Handout

រូបភាព
handout, Our Premortal, Mortal, and Eternal Families

ជីវិត​មុន​ជីវិត​រមែង​ស្លាប់ ជីវិត​រមែង​ស្លាប់ និង​ក្រុមគ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង

ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច—មេរៀន​ទី ៦

គ្រួសារ​របស់​យើង​មុន​ជីវិត​រមែង​ស្លាប់

« ក្រុមគ្រួសារ គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ វា​ជា​អង្គភាព​ដ៏​សំខាន់​បំផុត​សម្រាប់​ពេល​នេះ និង​អស់កល្ប​ជានិច្ច ។ សូម្បីតែ​ពីមុន​ពេល​ដែល​យើង​បាន​កើត​មក​នៅលើ​ផែនដី​នេះ យើង​ជា​ផ្នែក​នៃ​ក្រុមគ្រួសារ​មួយ ។ យើង​ម្នាក់ៗ​គឺជា ‹ បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ › ជាមួយ​នឹង ‹ លក្ខណៈ និង​គោលដៅ​នៃ​ព្រះ › [ ‹ ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក › EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ] ។ ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​យើង​បាន​រស់នៅ​ក្នុង​វត្តមាន​ទ្រង់ ជា​ផ្នែក​នៃ​ក្រុមគ្រួសារ​របស់​ទ្រង់ នៅក្នុង​ជីវិត​មុន​ជីវិត​រមែង​ស្លាប់​នេះ ។ នៅ​ទី​នោះ យើង​បាន​រៀន​មេរៀន​ដំបូង​ទាំងឡាយ​របស់​យើង ហើយ​បាន​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​រមែង​ស្លាប់ ( សូមមើល គ. និង ស. ១៣៨:៥៦ ) » ( ក្បួនខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ [ ឆ្នាំ ២០១០ ] ចំណុច ១.១.១ ) ។

« យើង​ថ្វាយ​បង្គំ​ព្រះ​ដ៏​មហិមា ដែល​ជា​អង្គ​បង្កើត​សកលលោក​នេះ ។ ទ្រង់​ជា​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។ យើង​បាន​ក្លាយ​ជា​មនុស្ស​លោក ដោយសារ​ទ្រង់ យើង​ជា​កូនចៅ​វិញ្ញាណ​របស់​ទ្រង់ ។ យើង​បាន​ស្នាក់នៅ​ជាមួយនឹង​ទ្រង់ នៅក្នុង​ជីវិត​មុន​ជីវិត​រមែង​ស្លាប់ នៅ​ក្នុង​ទំនាក់ទំនង​គ្រួសារ​មួយ ។ យើង​បាន​ស្គាល់​ទ្រង់ យ៉ាង​ជិតស្និត និង​យ៉ាង​ច្បាស់ ដូច​យើង​ស្គាល់​ឪពុក​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង នៅលើ​ផែនដី​នេះ​ដែរ » ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី How to Worship សុន្ទរកថា​ប្រចាំ​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ [ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៧១ ] ទំព័រ ២ ) ។

សំណួរ​ពិភាក្សា ៖

  • តើ​ក្រុមគ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ជីវិត​មុន​ជីវិត​រមែង​ស្លាប់​របស់​យើង​យ៉ាង​ដូច​ម្ដេច​ដែរ ?

  • តើ​វា​មាន​ប្រយោជន៍​យ៉ាង​ណា ដែល​ដឹង​ថា ព្រះ​គឺជា​ព្រះវរបិតា​របស់​យើង ហើយ​ថា​អ្នក​ជា​សមាជិក​ដ៏​ជា​ទី​ស្រឡាញ់​ម្នាក់​នៃ​ក្រុមគ្រួសារ​របស់​ទ្រង់ នៅក្នុង​ពិភព​មុន​ជីវិត​រមែង​ស្លាប់ ?

  • តើ​អ្នក​ស្រមៃ​ថា ការប្រាស្រ័យ​ទាក់ទង​គ្នា​របស់​អ្នក​ជាមួយ​នឹង​ព្រះមាតា​បិតា​សួគ៌​មាន​លក្ខណៈ​យ៉ាង​ណា ?

ក្រុមគ្រួសារ​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់

« ជា​ចំណែក​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង យើង​បាន​ចាប់​កំណើត​នៅ​ក្នុង​ក្រុមគ្រួសារ ។ ទ្រង់​បាន​ស្ថាបនា​ក្រុមគ្រួសារ ដើម្បី​នាំ​យក​សុភមង្គល​មក​ឲ្យ​យើង ដើម្បី​ជួយ​យើង​រៀន​គោលការណ៍​ដ៏​ត្រឹមត្រូវ​នៅក្នុង​បរិយាកាស​ដ៏​កក់ក្ដៅ​មួយ និង​ដើម្បី​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

« ឪពុក​ម្ដាយ​មាន​ការទទួល​ខុស​ត្រូវ​ដ៏​សំខាន់ ដើម្បី​ជួយ​ដល់​កូនចៅ​របស់​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវរបិតាសួគ៌​វិញ ។ ឪពុក​ម្ដាយ​ទាំងឡាយ​បំពេញ​ភារកិច្ច​នេះ ដោយ​ការបង្រៀន​ដល់​កូនចៅ​របស់​ពួកគេ ឲ្យ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ » ( ក្បួនខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ចំណុច ១.១.៤ ) ។

« ព្រះ​គឺ​ជា​អង្គ​រចនា​ក្រុមគ្រួសារ​របស់​យើង ។ ទ្រង់​មាន​ព្រះបំណង​ថា សុភមង្គល​ដ៏​អស្ចារ្យ​បំផុត ទិដ្ឋភាព​ដ៏​ស្កប់ស្កល់​បំផុត​នៃ​ជីវិត ក្ដីអំណរ​ដ៏​ជ្រាលជ្រៅ​បំផុត​ទាំងឡាយ គប្បី​បាន​មក​ក្នុង​ទំនាក់ទំនង​ជាមួយ​គ្នា និង​ការខ្វល់ខ្វាយ​របស់​យើង​ចំពោះ​គ្នា​ទៅវិញ​ទៅមក ក្នុង​នាម​ជា​ឪពុក និង​ម្ដាយ និង​កូន​ចៅ » ( ហ្គរដុន ប៊ី ហ៊ិងគ្លី What God Hath Joined Together, Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៧៤ ) ។

សំណួរ​ពិភាក្សា ៖

  • តើ​ក្រុមគ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង តាម​របៀប​ណា​ខ្លះ ?

  • តើ​ជីវិត​នៅ​លើ​ផែនដី អាច​មាន​ភាពខុស​គ្នា​យ៉ាង​ដូច​ម្ដេច​ដែរ បើ​យើង​ត្រូវបាន​បញ្ជូន​មក​ផែនដី​ជា​បុគ្គល​ម្នាក់ៗ​ដោយ​គ្មាន​ទំនាក់ទំនង​ក្រុមគ្រួសារ—គ្មាន​ឪពុក ម្ដាយ បងប្អូន ដូនតា ឬ​កូនចៅ​នោះ ?

  • តើ​បទ​ពិសោធន៍​អ្វី​ខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់​ពី​តួនាទី និង​សារៈសំខាន់​នៃ​ក្រុមគ្រួសារ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ?

គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង

« ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​នេះ ផ្ដល់​លទ្ធភាព​ដល់​ទំនាក់ទំនង​ក្រុមគ្រួសារ ចេះតែ​បន្ត​មាន​រហូត​ហួស​ពី​សេចក្ដី​ស្លាប់ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

« ខណៈ​ដែល​សេចក្ដី​សង្គ្រោះ​ផ្ទាល់​ខ្លួន​យើង​ម្នាក់ៗ ផ្អែក​លើ​ការគោរព​ប្រតិបត្តិ​របស់​យើង​ម្នាក់ៗ វា​ក៏​សំខាន់​ដូច​គ្នា​ក្នុង​ការ​ដែល​យើង​យល់​ថា យើង​ជា​ផ្នែក​ដ៏​សំខាន់ និង​ទាំងមូល​នៃ​ក្រុមគ្រួសារ​មួយ ហើយ​ពរជ័យ​ដ៏​ខ្ពស់​បំផុត ដែល​អាច​ទទួល​បាន គឺ​មាន​តែ​នៅក្នុង​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​ប៉ុណ្ណោះ ។ នៅពេល​ក្រុមគ្រួសារ​ទាំងឡាយ​ដំណើរការ​ទៅ ដូច​ដែល​បាន​រចនា​ដោយ​ព្រះ នោះ​ទំនាក់ទំនង​នានា​ដែល​មាន​នៅ​ក្នុង​គ្រួសារ គឺ​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ផែនការ​របស់​ព្រះវរបិតា គឺ​ថា សេចក្ដី​ស្រឡាញ់ និង​ភាពជា​ដៃគូ​នៃ​ក្រុមគ្រួសារ នឹង​បន្ត​ទៅ​កាន់​ភាព​ដ៏​អស់កល្ប​ជានិច្ច ។ ជា​សមាជិក​ម្នាក់​នៅក្នុង​ក្រុមគ្រួសារ​មួយ យើង​មាន​ទំនួល​ខុសត្រូវ​ដ៏​ធំ​មួយ​ក្នុង​ការខ្វល់ខ្វាយ ស្រឡាញ់ លើកឡើង និង​ពង្រឹង​សមាជិក​និមួយៗ​នៃ​ក្រុមគ្រួសារ ដើម្បី​ឲ្យ​ទាំងអស់​គ្នា​អាច​ស៊ូទ្រាំ​ដោយ​សុចរិត​ដល់​ទីបំផុត នៅក្នុង​ជីវិត​រមែង​ស្លាប់ និង​រស់នៅ​ជាមួយ​គ្នា​ឆ្លង​កាត់​ភាព​ដ៏​អស់កល្ប​ជានិច្ច ។ វា​មិន​គ្រប់គ្រាន់​នោះ​ទេ​ដែល​គ្រាន់តែ​សង្គ្រោះ​ខ្លួន​យើង​នោះ ។ វា​សំខាន់​ដូច​គ្នា ដែល​ឪពុក​ម្តាយ បងប្អូន​ប្រុស និង​ស្រី ត្រូវបាន​សង្គ្រោះ​នៅក្នុង​ក្រុមគ្រួសារ​យើង​ដែរ ។ បើ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម្នាក់​ឯង ទៅ​ឯ​ព្រះវរបិតាសួគ៌​របស់​យើង នោះ​យើង​នឹង​ត្រូវបាន​សួរ​ថា ‹ តើ​អ្នក​ឯ​ទៀត​ក្នុង​គ្រួសារ​នៅ​ឯ​ណា ? › នេះ​ជា​មូលហេតុ ដែល​យើង​បង្រៀន​ថា ក្រុមគ្រួសារ​គឺ​ជា​និរន្តរ៍ ។ លក្ខណៈ​ដ៏​អស់កល្ប​នៃ​បុគ្គល​ម្នាក់ៗ ក្លាយ​ជា​លក្ខណៈ​ដ៏​អស់កល្ប​នៃ​ក្រុមគ្រួសារ » ( រ៉ូបឺត ឌី ហែល The Eternal Family, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៦៥ ) ។

សំណួរ​ពិភាក្សា ៖

  • តើ​ដោយ​របៀប​ណា​ខ្លះ ដែល​ក្រុមគ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​គោលដៅ​ដ៏​អស់កល្ប​របស់​យើង ?

  • តើ​សកម្មភាព​សុចរិត​មួយ​ចំនួន​អ្វី​ខ្លះ ដែល​សមាជិក​ក្រុមគ្រួសារ​អាច​ធ្វើ ដើម្បី​ជួយ​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​គ្នា​ទៅវិញ​ទៅមក ?

  • តើ​នៅពេល​ណា​ដែល​សមាជិក​ក្រុមគ្រួសារ​ម្នាក់​បាន​លើក ឬ​ពង្រឹង​អ្នក​ឡើង នៅក្នុង​របៀប​មួយ​ដែល​បំផុស​អ្នក​ឲ្យ​ស៊ូទ្រាំ​រហូត​ដល់​ទីបំផុត​នោះ ?

បោះពុម្ព