ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 109


កណ្ឌ​ទី ១០៩

បទ​អធិស្ឋាន​ដែល​បាន​ថ្វាយ​នៅ​ពិធី​ឆ្លង​ព្រះ​វិហារ​នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​១៨៣៦ (History of the Church, ២:៤២០–៤២៦)។ ស្រប​តាម​កំណត់​របស់​ព្យាការី បទ​អធិស្ឋាន​នេះ​ត្រូវ​បាន​ប្រទាន​ដល់​លោក ដោយ​វិវរណៈ។

១–៥, ព្រះ​វិហារ​ខឺតឡង់​ត្រូវ​បាន​សង់​ឡើង​ជាទី​សម្រាប់​ឲ្យ​កូន​មនុស្ស​មក​ទស្សនកិច្ច; ៦–២១, គឺជា​ដំណាក់​នៃ​ការ​អធិស្ឋាន ការ​តម​អាហារ សេចក្ដី​ជំនឿ ការ​រៀន​សូត្រ សិរី​ល្អ និង​របៀបរៀបរយ ហើយ​ជា​ដំណាក់​នៃ​ព្រះ; ២២–៣៣, សូម​ឲ្យ​ពួក​អ្នក​មិន​ប្រែ​ចិត្ត​ណា​ដែល​ជំទាស់​នឹង​រាស្ត្រ​របស់​ព្រះ​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្មាស; ៣៤–៤២, សូម​ឲ្យ​ពួក​បរិសុទ្ធ​ចេញ​ទៅ​ក្នុង​អំណាច​ដើម្បី​ប្រមូល​ពួក​សុចរិត​ទៅ​ឯ​ស៊ីយ៉ូន; ៤៣–៥៣, សូម​ឲ្យ​ពួក​បរិសុទ្ធ​បាន​រំដោះ​រួច​ពី​អំពើ​ដ៏​គួរ​ស្ញែង​ខ្លាច ដែល​នឹង​ត្រូវ​ចាក់​ទៅ​លើ​ពួក​ទុច្ចរិត​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់; ៥៤–៥៨, សូម​ឲ្យ​សាសន៍ ប្រជាជន និង​សាសនាចក្រ​ទាំង​ឡាយ​បាន​រៀបចំ​សម្រាប់​ដំណឹង​ល្អ; ៥៩–៦៧, សូម​ឲ្យ​ពួក​សាសន៍​យូដា ពួក​សាសន៍​លេមិន និង​អស់​ទាំង​សាសន៍​អ៊ីស្រាអែល​បាន​ប្រោស​លោះ; ៦៨–៨០, សូម​ឲ្យ​ពួក​បរិសុទ្ធ​បាន​ពាក់​សិរី​ល្អ និង​កិត្តិយស​ជា​មកុដ ហើយ​បាន​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

សូម​ថ្វាយ​ព្រះ​គុណ​ដល់​ព្រះ​នាម​ព្រះ​អង្គ ឱ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ដែល​កាន់​តាម​សេចក្ដី​សញ្ញា ហើយ​បង្ហាញ​សេចក្ដី​មេត្តាករុណា​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ខំ​ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​ទ្រង់​អស់​ពី​ចិត្ត​របស់​ពួក​គេ —

ព្រះ​អង្គ​បាន​បញ្ជា​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​សង់​ដំណាក់​មួយ​នៅ​ទី​នេះ [ខឺតឡង់]។

ហើយ​ឥឡូវ​នេះ សូម​ព្រះ​អង្គ​ទត​មើល​ចុះ ឱ​ព្រះ​អម្ចាស់​អើយ ថា​ពួក​អ្នក​បម្រើ​របស់​ទ្រង់​បាន​សម្រេច​តាម​ព្រះ​បញ្ញត្តិ​របស់​ទ្រង់​ហើយ។

ហើយ​ឥឡូវ​នេះ ទូលបង្គំ​សូម​ដល់​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​ពី​ឱរា​របស់​ទ្រង់ មាន​តែ​ព្រះ​នាម​មួយ​គត់​ដែល​សេចក្ដី​សង្គ្រោះ​អាច​បាន​ប្រទាន​ដល់​កូន​ចៅ​មនុស្ស នោះ​ទូលបង្គំ​សូម​ដល់​ព្រះ​អង្គ ឱ​ព្រះ​អម្ចាស់​អើយ សូម​ទទួល​ដំណាក់​នេះ ដែល​ជា​ស្នាដៃ​របស់​ទូលបង្គំ​ទាំង​អស់​គ្នា ជា​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ទ្រង់​បាន​បញ្ជា​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​សង់។

ត្បិត​ព្រះ​អង្គ​ជ្រាប​ថា​ទូលបង្គំ​ទាំង​អស់​គ្នា​បាន​សម្រេច​កិច្ចការ​នេះ តាម​រយៈ​ការ​វេទនា​ដ៏​ខ្លាំង ហើយ​ចេញ​ពី​ភាព​ក្រខ្សត់​របស់​ទូលបង្គំ​ទាំង​អស់​គ្នា នោះ​ទូលបង្គំ​ទាំង​អស់​គ្នា​បាន​ថ្វាយ​របស់​របរ​នៃ​ទូលបង្គំ​ទាំង​អស់​គ្នា ដើម្បី​សង់​ដំណាក់​មួយ​ដល់​ព្រះ​នាម​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​កូន​មនុស្ស​អាច​មាន​កន្លែង​មួយ ដើម្បី​សម្ដែង​អង្គ​ទ្រង់​ដល់​រាស្ត្រ​របស់​ទ្រង់។

ហើយ​ដូចដែល​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​នៅ​ក្នុង​វិវរណៈ ដែល​បាន​ប្រទាន​ដល់​ទូលបង្គំ​ទាំង​អស់​គ្នា ដោយ​ហៅ​ទូលបង្គំ​ទាំង​អស់​គ្នា ថា​ជា​មិត្ត​ទាំង​ឡាយ​របស់​ទ្រង់​ថា — ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ​របស់​អ្នក ដូចដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ចុះ

ហើយ​ដូច​ជា​មនុស្ស​ពុំ​មាន​សេចក្ដី​ជំនឿ​ទាំង​អស់​គ្នា នោះ​ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ មែន​ហើយ ចូរ​អ្នក​រាល់​គ្នា​ស្វែងរក​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ​បំផុត ចូរ​ស្វែងរក​ការ​រៀន​សូត្រ គឺ​ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង

ចូរ​រៀបចំ​ខ្លួន ចូរ​រៀបចំ​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ ហើយ​ចូរ​តាំង​ដំណាក់​មួយ​ឡើង គឺ​ដំណាក់​នៃ​ការ​អធិស្ឋាន ដំណាក់​នៃ​ការ​តម​អាហារ ដំណាក់​នៃ​សេចក្ដី​ជំនឿ ដំណាក់​នៃ​ការ​រៀន​សូត្រ ដំណាក់​នៃ​សិរី​ល្អ ដំណាក់​នៃ​របៀបរៀបរយ ដំណាក់​នៃ​ព្រះ

ប្រយោជន៍​ឲ្យ​ការ​ចូល​របស់​អ្នក​អាច​បាន​ធ្វើ​ឡើង​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ប្រយោជន៍​ឲ្យ​ការ​ចេញ​របស់​អ្នក​អាច​បាន​ធ្វើ​ឡើង ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ប្រយោជន៍​ឲ្យ​អស់​ទាំង​ការ​ជម្រាប​សួរ​របស់​អ្នក​អាច​បាន​ធ្វើ​ឡើង ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ដោយ​លើក​ដៃ​ថ្វាយ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត —

១០ហើយ​ឥឡូវ​នេះ ឱ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​អើយ ទូលបង្គំ​ទាំង​អស់​គ្នា​សូម​ព្រះ​អង្គ​ជួយ​ទូលបង្គំ​ទាំង​អស់​គ្នា​ជា​រាស្ត្រ​របស់​ទ្រង់ ដោយ​ព្រះ​គុណ​របស់​ទ្រង់ ក្នុង​ការ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ​របស់​យើង ប្រយោជន៍​ឲ្យ​ការ​នេះ​អាច​បាន​សម្រេច ដើម្បី​កិត្តិយស​ព្រះ​អង្គ និង​ដល់​ការ​ទទួល​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ទ្រង់

១១ហើយ​នៅ​ក្នុង​របៀប​មួយ ប្រយោជន៍​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​អាច​បាន​ឃើញ​ថា​សក្ដិសម ចំពោះ​ព្រះ​នេត្រ​របស់​ទ្រង់ ដើម្បី​បាន​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​សន្យា​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​ធ្វើ​ដល់​ទូលបង្គំ​ទាំង​អស់​គ្នា ជា​រាស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​វិវរណៈ​ដែល​បាន​ប្រទាន​ដល់​ទូលបង្គំ​នោះ

១២សូម​ឲ្យ​សិរី​ល្អ​របស់​ទ្រង់​អាច​បាន​សណ្ឋិត​មក​លើ​រាស្ត្រ​របស់​ទ្រង់ និង​មក​លើ​ដំណាក់​របស់​ទ្រង់​នេះ ដែល​ទូលបង្គំ​ទាំង​អស់​គ្នា​ថ្វាយ​ដល់​ព្រះ​អង្គ​នៅ​ពេល​ឥឡូវ​នេះ សូម​ឲ្យ​ដំណាក់​នេះ​អាច​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​តាំង​ជា​បរិសុទ្ធ ហើយ​សូម​ឲ្យ​វត្ត​មាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់​នេះ អាច​គង់នៅ​ក្នុង​ដំណាក់​នេះ​រហូត​ត​ទៅ

១៣ហើយ​សូម​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​នឹង​ចូល​មក​លើ​ធរណីទ្វារ នៃ​ដំណាក់​នៃ​ព្រះ​អម្ចាស់ អាច​បាន​ជ្រាប​យល់​នូវ​ព្រះ​ចេស្ដា​របស់​ទ្រង់ ហើយ​អាច​បាន​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ថា ព្រះ​អង្គ​បាន​ញែក​ដំណាក់​នេះ​ចេញ​ជា​បរិសុទ្ធ ហើយ​ថា​ដំណាក់​នេះ​ជា​ដំណាក់​របស់​ទ្រង់ គឺជា​ទី​នៃ​បរិសុទ្ធ​ភាព​របស់​ទ្រង់។

១៤ហើយ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​អើយ សូម​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​អស់​អ្នក​ណា ដែល​នឹង​ថ្វាយ​បង្គំ​នៅ​ក្នុង​ដំណាក់​នេះ អាច​បាន​ទទួល​ការ​បង្រៀន​ពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ​បំផុត ហើយ​សូម​ឲ្យ​ពួក​គេ​អាច​បាន​ការ​រៀន​សូត្រ គឺ​ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផង ដូចដែល​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​លើក​មុន​ចុះ

១៥ហើយ​សូម​ឲ្យ​ពួក​គេ​អាច​បាន​ធំ​ឡើង​ក្នុង​ទ្រង់ ហើយ​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​បាន​រៀបចំ​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ ហើយ​បាន​រៀបចំ​ដើម្បី​បាន​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ

១៦ហើយ​សូម​ឲ្យ​ដំណាក់​នេះ អាច​បាន​ទៅ​ជា​ដំណាក់​នៃ​ការ​អធិស្ឋាន ដំណាក់​នៃ​ការ​តម​អាហារ ដំណាក់​នៃ​សេចក្ដី​ជំនឿ ដំណាក់​នៃ​សិរី​ល្អ និង​នៃ​ព្រះ គឺជា​ដំណាក់​របស់​ព្រះ​អង្គ;

១៧សូម​ឲ្យ​អស់​ទាំង​ការ​ចូល​នៃ​រាស្ត្រ​របស់​ទ្រង់​ទៅ​ក្នុង​ដំណាក់​នេះ អាច​បាន​ធ្វើ​ឡើង​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់

១៨សូម​ឲ្យ​អស់​ទាំង​ការ​ចេញ​របស់​ពួក​គេ​ពី​ដំណាក់​នេះ អាច​បាន​ធ្វើ​ឡើង​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់

១៩ឲ្យ​អស់​ទាំង​ការ​ជម្រាប​សួរ​របស់​ពួក​គេ​អាច​បាន​ធ្វើ​ឡើង ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ដោយ​ដៃ​បរិសុទ្ធ លើក​ឡើង​ថ្វាយ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត

២០ហើយ​សូម​កុំ​ឲ្យ​របស់​មិន​ស្អាត បាន​អនុញ្ញាត​ចូល​ក្នុង​ដំណាក់​ទ្រង់ ដើម្បី​បង្ខូច​ដំណាក់​ទ្រង់​ឡើយ

២១ហើយ​កាលណា​រាស្ត្រ​របស់​ទ្រង់​ប្រព្រឹត្ត​រំលង គឺ​ពួក​គេ​ណា​មួយ​ក៏​ដោយ នោះ​សូម​ពួក​គេ​ឆាប់​ប្រែ​ចិត្ត ហើយ​វិល​មក​រក​ទ្រង់​វិញ ហើយ​សូម​ឲ្យ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះ​នេត្រ​របស់​ទ្រង់ ហើយ​បាន​សាង​ឡើង​វិញ​ចំពោះ​ព្រះ​ពរ​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​តែងតាំង​ឡើង ដើម្បី​ចាក់​មក​លើ​ពួក​អ្នក ដែល​នឹង​គោរព​កោតក្រែង​ដល់​ព្រះ​អង្គ​នៅ​ក្នុង​ដំណាក់​ទ្រង់។

២២ហើយ​ទូលបង្គំ​ទាំង​អស់​គ្នា​សូម​ដល់​ព្រះ​អង្គ ឱ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​អើយ សូម​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​អាច​បាន​ចេញ​ពី​ដំណាក់​នេះ​ទៅ​ប្រដាប់​ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់ ហើយ​សូម​ឲ្យ​ព្រះ​នាម​របស់​ទ្រង់​អាច​បាន​នៅ​ក្នុង​ពួក​គេ ហើយ​សូម​ឲ្យ​សិរី​ល្អ​របស់​ទ្រង់​នៅ​ជុំវិញ​ពួក​គេ ហើយ​ពួក​ទេវតា​របស់​ទ្រង់​ថែរក្សា​ពួក​គេ

២៣ហើយ​ចេញ​ពី​ទី​នេះ​ទៅ សូម​ឲ្យ​ពួក​គេ​អាច​បាន​ថ្លែង​ពី​ដំណឹង​ធំ និង​រុងរឿង​អស្ចារ្យ តាម​សេចក្ដី​ពិត​ប្រាប់​ដល់​ទីបំផុត​នៃ​ផែនដី ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ដឹង​ថា នេះ​គឺជា​កិច្ចការ​របស់​ទ្រង់ ហើយ​ថា​ព្រះ​អង្គ​បាន​ដាក់​ព្រះ​ហស្ត​របស់​ទ្រង់​ដើម្បី​បំពេញ​នូវ​អ្វីៗ ដែល​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់ ដោយ​សារ​មាត់​នៃ​ពួក​ព្យាការី​ទាំង​ឡាយ​ពី​គ្រា​ចុង​ក្រោយ​បង្អស់។

២៤ទូលបង្គំ​ទាំង​អស់​គ្នា​សូម​ដល់​ព្រះ​អង្គ ឱ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​អើយ សូម​តាំង​ប្រជាជន​ដែល​នឹង​ថ្វាយ​បង្គំ ហើយ​មាន​ឈ្មោះ និង​ជំហរ​ដ៏​ប្រសើរ​នៅ​ក្នុង​ដំណាក់​ទ្រង់​នេះ​ដល់​អស់​តំណ​មនុស្ស និង​ដល់​អស់​កល្ប​ជានិច្ច

២៥សូម​កុំ​ឲ្យ​គ្រឿង​សស្ត្រាវុធ​បាន​ធ្វើ​ឡើង​ទាស់​និង​ពួក​គេ​បាន​លូតលាស់​ឡើយ សូម​ឲ្យ​នរណា​ដែល​ជីក​រណ្ដៅ​សម្រាប់​ពួក​គេ បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ​ខ្លួន​ឯង​ចុះ

២៦សូម​កុំ​ឲ្យ​បក្ស​ពួក​មនុស្ស​ទុច្ចរិត​មាន​អំណាច​ផ្ទុះ​កើត​ឡើង ហើយ​ឈ្នះ​លើ​រាស្ត្រ​របស់​ទ្រង់ ដែល​ព្រះ​នាម​របស់​ទ្រង់​នឹង​បាន​ដាក់​លើ​ពួក​គេ​នៅ​ក្នុង​ដំណាក់​នេះ​ឡើយ។

២៧ហើយ​បើ​សិន​ជា​មាន​ប្រជាជន​ណា​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ប្រជារាស្ត្រ​នេះ សូម​ឲ្យ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ឆួល​ឡើង​ទាស់​នឹងពួក​គេ

២៨ហើយ​បើ​សិន​ជា​ពួក​គេ​នឹង​វាយ​ប្រជារាស្ត្រ​នេះ សូម​ឲ្យ​ព្រះ​អង្គ​វាយ​ពួក​គេ​វិញ សូម​ព្រះ​អង្គ​ច្បាំង​ជំនួស​រាស្ត្រ​របស់​ទ្រង់ ដូច​ជា ទ្រង់​បាន​ធ្វើ​នៅ​ថ្ងៃ​សង្គ្រាម ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ដោះ​លែង រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ។

២៩ទូលបង្គំ​ទាំង​អស់​គ្នា​សូម​ដល់​ព្រះ​អង្គ ឱ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​អើយ សូម​បំភាន់ និង​បង្អើល ហើយ​ធ្វើ​ឲ្យ​មាន​ការ​អាម៉ាស់ និង​ការ​ច្រឡំ​ដល់​អស់​អ្នក​ណា​ដែល​បាន​រាយការណ៍​កុហក​នៅ​ប្រទេស​ក្រៅ ពាស​ពេញ​លើ​ពិភពលោក​ទាស់​នឹង​អ្នក​បម្រើ ឬ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ បើ​សិន​ជា​ពួក​គេ​មិន​ប្រែ​ចិត្ត នៅ​ពេល​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​ត្រចៀក​ពួក​គេ​នោះ

៣០ហើយ​សូម​ឲ្យ​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ អាច​បាន​ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​ត្រូវ​បោស​ចេញ​ដោយ​ព្រិល និង​ដោយ​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​ចាត់​មក​លើ​ពួក​គេ ដោយ​នូវ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ សូម​ឲ្យ​ឈប់​មាន​ការ​កុហក និង​ការ​បង្កាច់​ទាស់​និង​រាស្ត្រ​របស់​ទ្រង់។

៣១ត្បិត​ព្រះ​អង្គ​ជ្រាប ឱ​ព្រះ​អម្ចាស់​អើយ ថា​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឥត​មាន​ទោស នៅ​ចំពោះ​ទ្រង់​ក្នុង​ការ​ថ្លែង​ទី​បន្ទាល់​អំពី​ព្រះ​នាម​របស់​ទ្រង់ ដែល​ពួក​គេ​បាន​ស៊ូទ្រាំ​ការណ៍​ទាំង​នេះ។

៣២ហេតុ​ដូច្នេះ​ហើយ ទូលបង្គំ​ទាំង​អស់​គ្នា​អង្វរ​ដល់​ព្រះ​អង្គ សូម​សេចក្ដី​រំដោះ​ពី​នឹម​នេះ ឲ្យ​បាន​រួច​ពេញ​លេញ និង​ពេញ​ទី

៣៣សូម​បំបាក់​នឹម​នោះ​ចេញ ឱ​ព្រះ​អម្ចាស់​អើយ សូម​បំបាក់​នឹម​នោះ​ចេញ​ពី​ក​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ដោយ​ព្រះ​ចេស្ដា ប្រយោជន៍​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​អាច​បាន​ក្រោក​ឡើង​នៅ​កណ្ដាល​តំណ​មនុស្ស​នេះ ហើយ​ធ្វើ​កិច្ចការ​របស់​ទ្រង់។

៣៤ឱ​ព្រះ​យេហូវ៉ា​អើយ សូម​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ប្រជារាស្ត្រ​នេះ ហើយ​ដោយ​ព្រោះ​គ្រប់​មនុស្ស​ទាំង​អស់​ធ្វើ​បាប សូម​អភ័យទោស​ចំពោះ​ការ​រំលង​ច្បាប់​ទាំង​ឡាយ​នៃ​រាស្ត្រ​របស់​ទ្រង់​ផង ហើយ​សូម​អំពើ​ទាំង​នោះ​បាន​លុប​ចេញ​ជា​រៀង​ដរាប​ត​ទៅ។

៣៥សូម​ឲ្យ​ការ​លាប​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ បាន​បិទ​ភ្ជាប់​មក​លើ​ពួក​គេ​ដោយ​អំណាច​ពី​ស្ថាន​ខ្ពស់។

៣៦សូម​ឲ្យ​បាន​បំពេញ​មក​លើ​ពួក​គេ ដូច​ជា​មក​លើ​ពួក​អ្នក​ទាំង​នោះ កាល​បុណ្យ​ថ្ងៃទី​៥០ សូម​ឲ្យ​អំណោយទាន​ខាង​ភាសា​បាន​ចាក់​មក​លើ​រាស្ត្រ​របស់​ទ្រង់ ដូច​ជា​អណ្ដាត​ភ្លើង និង​ការ​បកប្រែ​ភាសា​នោះ។

៣៧ហើយ​សូម​ឲ្យ​ដំណាក់​ទ្រង់​បាន​ពោរ​ពេញ​ទៅ​ដោយ​សិរី​ល្អ​របស់​ទ្រង់ ហាក់​ដូច​ជា​ដោយ​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង។

៣៨សូម​ដាក់​មក​លើ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នូវ​ទី​បន្ទាល់​អំពី​សេចក្ដី​សញ្ញា ដើម្បី​កាលណា​ពួក​គេ​ចេញ​ទៅ ហើយ​ប្រកាស​ប្រាប់​ពី​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​សូម​ឲ្យ​ពួក​គេ​អាច​បិទ​ត្រា​ក្រឹត្យ​វិន័យ ហើយ​រៀបចំ​ចិត្ត​នៃ​ពួក​បរិសុទ្ធ​របស់​ទ្រង់ សម្រាប់​អស់​ទាំង​សេចក្ដី​ជំនុំ​ជំរះ ដែល​ព្រះ​អង្គ​នឹង​ចាត់​មក​ដោយ​នូវ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ឲ្យ​មាន​មក​លើ​បណ្ដាជន​នៅ​លើ​ផែនដី ព្រោះ​តែ​អំពើ​រំលង​ទាំង​ឡាយ​របស់​ពួក​គេ សូម​កុំ​ឲ្យ​រាស្ត្រ​របស់​ទ្រង់​រសាយ​ចិត្ត​នៅ​ថ្ងៃ​មាន​ទុក្ខ​ខ្វល់​ខ្វាយ​ឡើយ។

៣៩ហើយ​ទី​ក្រុង​ណា​ដែល​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ចូល​ទៅ ហើយ​ប្រជាជន​នៅ​ក្នុង​ទី​ក្រុង​នោះ​ទទួល​ទី​បន្ទាល់​របស់​ពួក​គេ នោះ​សូម​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ទ្រង់ និង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មាន​មក​លើ​ទី​ក្រុង​នោះ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ប្រមូល​ពួក​សុចរិត​ចេញ​ពី​ទី​ក្រុង​នោះ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ចេញ​មក​ឯ​ស៊ីយ៉ូន ឬ​មក​ឯ​ស្តេក​ទាំង​ឡាយ​របស់​នាង ជា​កន្លែង​ទាំង​ឡាយ​នៃ​ការ​កំណត់​របស់​ទ្រង់ ដោយ​ចម្រៀង​ទាំង​ឡាយ​អំពី​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច

៤០ហើយ​ទាល់​តែ​ការណ៍​នេះ​បាន​សម្រេច សូម​កុំ​ឲ្យ​សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់​ធ្លាក់​មក​លើ​ទី​ក្រុង​នោះ​ឡើយ។

៤១ហើយ​ទី​ក្រុង​ណា​ដែល​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ចូល​ទៅ ហើយ​ប្រជាជន​នៅ​ក្នុង​ទី​ក្រុង​នោះ​មិន​ទទួល​ទី​បន្ទាល់​របស់​ពួក​គេ​ទេ ហើយ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ព្រមាន​ដល់​ពួក​គេ ដើម្បី​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​ពូជ​តំណ​វៀច​នេះ នោះ​សូម​ឲ្យ​បាន​ធ្លាក់​មក​លើ​ទី​ក្រុង​នោះ តាម​អ្វី​ដែល​បាន​ពោល ដោយ​សារ​មាត់​នៃ​ពួក​ព្យាការី​ទាំង​ឡាយ​របស់​ទ្រង់​ចុះ។

៤២ប៉ុន្តែ​ឱ​ព្រះ​យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ដល់​ព្រះ​អង្គ សូម​ព្រះ​អង្គ​រំដោះ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ ហើយ​ជំរះ​ពួក​គេ​ឲ្យ​បាន​ស្អាត​ពី​ឈាម​របស់​ពួក​នោះ​ផង​ចុះ។

៤៣ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​ទាំង​អស់​គ្នា​មិន​ត្រេកអរ​ដោយ​សារ​ការ​បំផ្លិចបំផ្លាញ​ដល់​មនុស្ស​ទូ​ទៅ​ទាំង​ឡាយ​ទេ ព្រលឹង​របស់​ពួក​គេ សុទ្ធ​តែ​មាន​តម្លៃ​នៅ​ចំពោះ​ព្រះ​អង្គ

៤៤ប៉ុន្តែ​ព្រះ​បន្ទូល​របស់​ទ្រង់​ត្រូវ​តែ​បាន​សម្រេច។ សូម​ជួយ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ដោយ​ព្រះ​គុណ​របស់​ទ្រង់ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​និយាយ​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ សូម​ឲ្យ​បាន​សម្រេច​តាម​តែ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ចុះ ហើយ​ពុំ​មែន​តាម​ចិត្ត​ទូលបង្គំ​ឡើយ។

៤៥ទូលបង្គំ​ដឹង​ថា​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល ដោយ​សារ​មាត់​នៃ​ពួក​ព្យាការី​ទាំង​ឡាយ​របស់​ទ្រង់​នូវ​ការ​គួរ​ស្ញែង​ខ្លាច​ទាំង​ឡាយ​អំពី​ពួក​ទុច្ចរិត​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ — ថា​ព្រះ​អង្គ​នឹង​ចាក់​សេចក្ដី​ជំនំ​ជំរះ​របស់​ទ្រង់​ដោយ​គ្មាន​កម្រិត​ឡើយ

៤៦ហេតុ​ដូច្នេះ​ហើយ ឱ​ព្រះ​អម្ចាស់​អើយ សូម​រំដោះ​រាស្ត្រ​របស់​ទ្រង់​ឲ្យ​រួច​ផុត​ពី​ការ​អន្តរាយ​នៃ​ពួក​ទុច្ចរិត​ផង​ចុះ សូម​បណ្ដាល​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​អាច​បិទ​ត្រា​ក្រឹត្យ​វិន័យ ហើយ​ចង​សេចក្ដី​បន្ទាល់ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​រៀបចំ​សម្រាប់​ថ្ងៃ​នៃ​ការ​ឆេះ​ឆាប។

៤៧ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​អើយ ទូលបង្គំ​សូម​ព្រះ​អង្គ​នឹក​ចាំ​ដល់​ពួក​អ្នក ដែល​ត្រូវ​បាន​ដេញ​ដោយ​បណ្ដាជន​នៃ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ចេញ​ពី​ដែនដី​នៃ​កេរមរតក​របស់​ពួក​គេ ហើយ​សូម​បំបាក់ ឱ​ព្រះ​អម្ចាស់​អើយ នូវ​នឹម​នៃ​សេចក្ដី​ទុក្ខ​វេទនា​នេះ ដែល​បាន​ដាក់​មក​លើ​ពួក​គេ ផង។

៤៨ឱ​ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​ជ្រាប​ហើយ​ថា​ពួក​គេ​ត្រូវ​បាន​សង្កត់សង្កិន ហើយ​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​ពួក​មនុស្ស​ទុច្ចរិត ហើយ​ដួង​ចិត្ត​របស់​ទូលបង្គំ​ទាំង​អស់​គ្នា​ហូរហៀរ​ដោយ​ក្ដី​សោកសៅ ព្រោះ​តែ​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ទាំង​ឡាយ​របស់​ពួក​គេ។

៤៩ឱ​ព្រះ​អម្ចាស់​អើយ តើ​ដល់​ពេល​ណា​ទៅ ដែល​ទ្រង់​នឹង​ស៊ូទ្រាំ​ឲ្យ​រាស្ត្រ​នេះ​រង​ទុក្ខ​វេទនា​នេះ ហើយ​សម្រែក​ទាំង​ឡាយ​នៃ​ពួក​ឥត​ទោស​របស់​ពួក​គេ​នឹង​បន្លឺ​ឡើង​ទៅ​ដល់​ព្រះ​កាណ៌​របស់​ទ្រង់ ហើយ​ឈាម​របស់​ពួក​គេ​នឹង​ឡើង​ទៅ​ជាទី​បន្ទាល់​នៅ​ចំពោះ​ទ្រង់ ហើយ​ព្រះ​អង្គ​មិន​សម្ដែង​ទី​បន្ទាល់​របស់​ទ្រង់​ដើម្បី​ពួក​គេ?

៥០ឱ​ព្រះ​អម្ចាស់​អើយ សូម​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ពួក​មនុស្ស​កំណាច​ដែល​ទុច្ចរិត ដែល​បាន​ដេញ​រាស្ត្រ​របស់​ទ្រង់​ចេញ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ឈប់​បង្ហិនបង្ហោច ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​ពួក​គេ បើ​សិន​ជា​អាច​មាន​ការ​ប្រែ​ចិត្ត។

៥១ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​មិន​ព្រម​ទេ ឱ​ព្រះ​អង្គ​អើយ សូម​លាត​ព្រះ​ពាហុ​របស់​ព្រះ​អង្គ ហើយ​ប្រោស​លោះ​នូវ​អ្វី​ដែល​ទ្រង់​បាន​តាំង​ជា​ស៊ីយ៉ូន​ដល់​រាស្ត្រ​របស់​ព្រះ​អង្គ។

៥២ហើយ​បើ​សិន​ជា​ពុំ​អាច​ធ្វើ​បាន​ទេ សូម​កុំ​ឲ្យ​គតិ​នៃ​រាស្ត្រ​របស់​ទ្រង់​អាច​បាន​បរាជ័យ​នៅ​ចំពោះ​ទ្រង់​ឡើយ សូម​ឲ្យ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ឆួល​ឡើង ហើយ​សេចក្ដី​គ្នាន់​ក្នាញ់​របស់​ទ្រង់​ធ្លាក់​មក​លើ​ពួក​គេ ប្រយោជន៍​ពួក​គេ​អាច​បាន​ហិនហោច​ទាំង​ឫស​ទាំង​មែក​ចេញ​អស់ ក្រោម​មេឃ

៥៣ប៉ុន្តែ​ដរាបណា​ពួក​គេ​ព្រម​ប្រែ​ចិត្ត ព្រះ​អង្គ​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា និង​សេចក្ដី​អាណិតអាសូរ សូម​ទ្រង់​បំបែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់ នៅ​ពេល​ព្រះ​អង្គ​ទត​ទៅ​លើ​ព្រះ​ភក្ត្រ​នៃ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង។

៥៤ឱ​ព្រះ​អម្ចាស់​អើយ សូម​មាន​សេចក្ដី​មេត្តាករុណា​ទៅ​លើ​អស់​ទាំង​សាសន៍​នៅ​លើ​ផែនដី សូម​មាន​សេចក្ដី​មេត្តាករុណា​ទៅ​លើ​ពួក​អ្នក​ត្រួតត្រា​នៃ​ដែនដី​របស់​ទូលបង្គំ​ទាំង​អស់​គ្នា សូម​ឲ្យ​គោលការណ៍​ទាំង​នោះ ដែល​ត្រូវ​បាន​ការពារ​ដោយ​កិត្តិយស និង​កិត្តិនាម គឺ​ធម្មនុញ្ញ​នៃ​ដែនដី ដោយ​អយ្យកោ​ទាំង​ឡាយ​របស់​ទូលបង្គំ​ទាំង​អស់​គ្នា បាន​តាំង​ឡើង​ជា​រៀងរាប​ត​ទៅ។

៥៥សូម​នឹក​ចាំ​ដល់​ពួក​មហាក្សត្រ ពួក​ស្ដេច ពួក​មាន​ត្រកូល​ខ្ពស់ និង​ពួក​អ្នក​ធំ​នៅ​លើ​ផែនដី និង​អស់​ទាំង​ប្រជាជន និង​សាសនាចក្រ​ទាំង​ឡាយ និង​អស់​ទាំង​មនុស្ស​ក្រីក្រ មនុស្ស​កម្សត់​ទុគ៌ត និង​មនុស្ស​មាន​ទុក្ខ​លំបាក​នៃ​ផែនដី

៥៦សូម​ឲ្យ​ដួង​ចិត្ត​របស់​ពួក​គេ​បាន​បន្ទន់ នៅ​ពេល​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នឹង​ចេញ​ពី​ដំណាក់​ទ្រង់ ឱ​ព្រះ​យេហូវ៉ា​អើយ ដើម្បី​ទៅ​ថ្លែង​ទី​បន្ទាល់​ពី​ព្រះ​នាម​របស់​ទ្រង់ សូម​ឲ្យ​ការ​ប្រកាន់​របស់​ពួក​គេ​អាច​បាន​រសាត់​បាត់​ទៅ​នៅ​ចំពោះ​សេចក្ដី​ពិត ហើយ​សូម​ឲ្យ​រាស្ត្រ​របស់​ទ្រង់​អាច​បាន​ទទួល​ការ​គាប់​ចិត្ត​ចំពោះ​ភ្នែក​នៃ​មនុស្ស​ទាំង​អស់

៥៧សូម​ឲ្យ​អស់​ទាំង​ចុង​បំផុត​ផែនដី​អាច​បាន​ដឹង​ថា​ទូលបង្គំ​ទាំង​អស់​គ្នា ជា​ពួក​អ្នក​បម្រើ​របស់​ទ្រង់ បាន​ឮ​សំឡេង​របស់​ទ្រង់ ហើយ​ថា​ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​ទៅ

៥៨សូម​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ គឺ​កូន​ចៅ​នៃ​យ៉ាកុប អាច​បាន​ប្រមូល​ពួក​សុចរិត​ចេញ​ពី​ចំណោម​ចុង​ផែនដី​អស់​ទាំង​នេះ ដើម្បី​កសាង​ទី​ក្រុង​មួយ​ដ៏​បរិសុទ្ធ​ថ្វាយ​ដល់​ព្រះ​នាម​ទ្រង់ ដូចដែល​ព្រះ​អង្គ​បាន​បញ្ជា​ដល់​ពួក​គេ។

៥៩ទូលបង្គំ​ទាំង​អស់​គ្នា​សូម​ឲ្យ​ព្រះ​អង្គ​តាំង​ដល់​ស៊ីយ៉ូន​នូវ​ស្តេក​ផ្សេងៗ​ទៀត ក្រៅ​ពី​ស្តេក​នេះ ដែល​ព្រះ​អង្គ​បាន​តាំង ប្រយោជន៍​ឲ្យ​ការ​ប្រមូល​នៃ​រាស្ត្រ​របស់​ទ្រង់​អាច​បាន​រមៀល​ត​ទៅ​ដោយ​អំណាច និង​ឫទ្ធានុភាព​ដ៏​អស្ចារ្យ សូម​ឲ្យ​កិច្ចការ​របស់​ទ្រង់​អាច​បាន​កាត់​យ៉ាង​ខ្លី ដោយ​សេចក្ដី​សុចរិត។

៦០ឥឡូវ​នេះ ឱ​ព្រះ​អម្ចាស់​អើយ ពាក្យ​ទាំង​នេះ ទូលបង្គំ​ទាំង​អស់​គ្នា​បាន​ទូល​នៅ​ចំពោះ​ព្រះ​អង្គ​អំពី​វិវរណៈ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​ទាំង​អស់​គ្នា ជា​ពួក​អ្នក​ដែល​រាប់​ជាមួយ​ពួក​សាសន៍​ដទៃ។

៦១ប៉ុន្តែ​ព្រះ​អង្គ​ជ្រាប​ថា ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​សម្រាប់​កូន​ចៅ​នៃ​យ៉ាកុប ដែល​ត្រូវ​បាន​ខ្ចាត់ខ្ចាយ​នៅ​លើ​ភ្នំ​ទាំង​ឡាយ អស់​ជា​យូរយារ​មក​ហើយ នៅ​ថ្ងៃ​ដែល​មេឃមីរ​ស្រទំ ហើយ​ងងឹត។

៦២ហេតុ​ដូច្នេះ​ហើយ ទូលបង្គំ​ទាំង​អស់​គ្នា​សូម​ឲ្យ​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​កូន​ចៅ​នៃ​យ៉ាកុប គឺ​ចាប់​ពី​ម៉ោង​នេះ​ទៅ សូម​ឲ្យ​ក្រុង​យេរូសាឡិម​អាច​បាន​ចាប់​ផ្ដើម​ប្រោស​លោះ

៦៣ហើយ​សូម​ឲ្យ​នឹម​នៃ​សេវក​ភាព​អាច​បាន​ចាប់​ផ្ដើម​បាក់​ចេញ​ពី​វង្ស​នៃ​ហ្លួង​ដាវីឌ

៦៤ហើយ​សូម​ឲ្យ​កូន​ចៅ​នៃ​យូដា​អាច​ចាប់​ផ្ដើម​វិល​ទៅ​រក​ដែនដី​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​លោក​អ័ប្រាហាំ ជា​អយ្យកោ​របស់​ពួក​គេ។

៦៥ហើយ​សូម​បណ្ដាល​សំណល់​ទាំង​ឡាយ​នៃ​យ៉ាកុប​ដែល​ត្រូវ​បណ្ដាសា ហើយ​វាយ ពី​ព្រោះ​តែ​សេចក្ដី​រំលង​របស់​ពួក​គេ បាន​ប្រែ​ពី​ភាព​ព្រៃ​ផ្សៃ និង​សាហាវ​របស់​ពួក​គេ​ទៅ​រក​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច

៦៦សូម​ឲ្យ​ពួក​គេ​អាច​បាន​ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការ​កំចាយ​ឈាម​ចុះ ហើយ​ឈប់​មាន​ការ​បះបោរ​ទាំង​ឡាយ​របស់​ពួក​គេ។

៦៧ហើយ​សូម​ឲ្យ​អស់​ទាំង​សំណល់​នៃ​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បាន​បណ្ដេញ​ទៅ​ដល់​ចុង​បំផុត​ផែនដី បាន​ស្គាល់​សេចក្ដី​ពិត ជឿ​ដល់​ព្រះ​មែស៊ី ហើយ​បាន​ប្រោស​លោះ​ពី​សេចក្ដី​សង្កត់សង្កិន ហើយ​បាន​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ​អង្គ។

៦៨ឱ​ព្រះ​អម្ចាស់​អើយ សូម​នឹក​ចាំ​ដល់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​អស់​ទាំង​សេចក្ដី​ទុក្ខ​វេទនា និង​សេចក្ដី​បៀតបៀន​ទាំង​ឡាយ​របស់​លោក — ពី​អ្វី​ដែល​លោក​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​យេហូវ៉ា ហើយ​សច្ចា​ដល់​ព្រះ​អង្គ​ជា​ព្រះ​ដ៏​មហិទ្ធិឫទ្ធិ​នៃ​យ៉ាកុប — និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​លោក ហើយ​ថា​លោក​បាន​ខំ​ខ្នះខ្នែង ដើម្បី​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។

៦៩ឱ​ព្រះ​អម្ចាស់​អើយ សូម​មាន​សេចក្ដី​មេត្តាករុណា​ដល់​ភរិយា និង​កូន​ចៅ​របស់​លោក​ផង ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​តម្កើង​ឡើង​នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់ ហើយ​បាន​រក្សាទុក​ដោយ​ព្រះ​ហស្ត​របស់​ទ្រង់​ដែល​រក្សា​បីបាច់។

៧០សូម​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​បង​ប្អូន​ជិតស្និទ្ធ​របស់​ពួក​គេ ប្រយោជន៍​ឲ្យ​ការ​ប្រកាន់​ទាំង​ឡាយ​របស់​ពួក​គេ​អាច​បាន​បំបាក់​ចោល ហើយ​បាន​បង្ហូរ​យក​ទៅ​ដូច​ជា​ទឹក​ជន់ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ប្រែ​ចិត្ត​ជឿ ហើយ​បាន​ប្រោស​លោះ​ជាមួយ​នឹង​ពួក​អ៊ីស្រាអែល ហើយ​ដឹង​ថា​ព្រះ​អង្គជា​ព្រះ។

៧១ឱ​ព្រះ​អម្ចាស់​អើយ សូម​នឹក​ចាំ​ដល់​ពួក​ប្រធាន គឺ​អស់​ទាំង​ពួក​ប្រធាន​នៃ​សាសនាចក្រ​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ព្រះ​ហស្ត​ស្ដាំ​របស់​ទ្រង់ អាច​តម្កើង​ពួក​គេ​ឡើង​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួក​គេ ព្រម​ទាំង​បង​ប្អូន​ជិតស្និទ្ធ​របស់​ពួក​គេ​ផង ប្រយោជន៍​ឲ្យ​ឈ្មោះ​ពួក​គេ​អាច​បាន​ចងចាំ និង​នឹក​ចាំ​រហូត​ដល់​អស់​កល្ប​អស់​កាល​ជានិច្ច ពី​តំណ​មួយ​ទៅ​តំណ​មួយ​ទៀត។

៧២ឱ​ព្រះ​អម្ចាស់​អើយ សូម​នឹក​ចាំ​ដល់​អស់​ទាំង​សាសនាចក្រ​របស់​ទ្រង់ ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​នឹង​អស់​ទាំង​បង​ប្អូន​ជិតស្និទ្ធ​របស់​ពួក​គេ​ជាមួយ​នឹង​ពួក​អ្នក​ឈឺ និង​ពួក​អ្នក​មាន​ទុក្ខ​លំបាក​របស់​ពួក​គេ ជាមួយ​នឹង​អស់​ទាំង​មនុស្ស​ក្រីក្រ និង​ពួក​ស្លូតបូត​នៅ​លើ​ផែនដី​ផង ប្រយោជន៍​ឲ្យ​នគរ ដែល​ព្រះ​អង្គ​បាន​តាំង​ឡើង ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ អាច​បាន​ត្រឡប់​ទៅ​ជា​ភ្នំ​ដ៏​ធំ​មួយ ហើយ​បាន​ពេញ​ផែនដី​ទាំង​មូល

៧៣ប្រយោជន៍​ឲ្យ​សាសនាចក្រ​របស់​ទ្រង់​អាច​បាន​ចេញ​មក​ពី​ទី​រហោស្ថាន​នៃ​សេចក្ដី​ងងឹត ហើយ​ភ្លឺ​ឡើង​ស្រស់​ដូច​ជា​ព្រះ​ចន្ទ​ភ្លឺ​ត្រចះ ដូច​ជា​ព្រះ​អាទិត្យ ហើយ​គួរ​ស្ញែង​ខ្លាច ដូច​ជា​ពល​ទ័ព​មាន​ទាំង​ទង់ជ័យ​ផង

៧៤ហើយ​បាន​តែង​ខ្លួន​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​សម្រាប់​ថ្ងៃ​នោះ នៅ​ពេល​ព្រះ​អង្គ​នឹង​បើក​បង្ហាញ​ផ្ទៃ​មេឃ ហើយ​បណ្ដាល​ឲ្យ​ភ្នំ​ទាំង​ឡាយ​ហូរ​ចុះ​មក​ពី​វត្ត​មាន​របស់​ទ្រង់ ហើយ​ច្រក​ភ្នំ​ទាំង​ឡាយ​នឹង​បាន​លើក​ឡើង កន្លែង​រដិបរដុប​នឹង​បាន​រាបស្មើ ដើម្បី​ឲ្យ​សិរី​ល្អ​របស់​ទ្រង់​បាន ពេញ​សព្វ​ផែនដី

៧៥កាល​ត្រែ​នឹង​បន្លឺ​សូរ​សម្រាប់​ពួក​អ្នក​ស្លាប់ សូម​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ទៅ​ជួប​ព្រះ​អង្គ ប្រយោជន៍​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា អាច​បាន​នៅ​ជុំ​ព្រះ​អម្ចាស់

៧៦សូម​ឲ្យ​សំលៀកបំពាក់​របស់​ទូល​បង្គំ​ទាំង​អស់​គ្នា​អាច​បាន​ជ្រះ​ស្អាត សូម​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា​អាច​បាន​ពាក់​ដោយ​សំលៀកបំពាក់​នៃ​សេចក្ដី​សុចរិត ទាំង​កាន់​ធាង​ចាក​នៅ​ដៃ​របស់​ទូលបង្គំ​ទាំង​អស់​គ្នា ហើយ​មកុដ​នៃ​សិរី​ល្អ​នៅ​លើ​ក្បាល​របស់​ទូលបង្គំ​ទាំង​អស់​គ្នា ហើយ​ត្រូវ​បាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សម្រាប់​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ឡាយ​របស់​ទូលបង្គំ​ទាំង​អស់​គ្នា។

៧៧ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​ដ៏​មហិទ្ធិឫទ្ធិ​អើយ សូម​ឮ​សំណូមពរ​ទាំង​ឡាយ​របស់​ទូលបង្គំ​ទាំង​អស់​គ្នា​ផង ហើយ​ឆ្លើយតប​ទូលបង្គំ​ទាំង​អស់​គ្នា​ពី​ស្ថាន​សួគ៌ ជាទី​លំនៅ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ជា​កន្លែង​ដែល​ទ្រង់​គង់​លើ​បល្ល័ង្ក​ដោយ​សិរី​ល្អ កិត្តិនាម ចេស្ដា ឫទ្ធានុភាព កម្លាំង អំណាច សេចក្ដី​ពិត សេចក្ដី​យុត្តិធម៌ សេចក្ដី​ជំនុំ​ជំរះ សេចក្ដី​មេត្តាករុណា និង​ភាព​និរន្ត​នៃ​ភាព​ពោរ​ពេញ ពី​ភាព​អស់​កល្ប​អស់​កាល​ជានិច្ច​ទៅ​ភាព​អស់​កល្ប​អស់​កាល​ជានិច្ច។

៧៨ឱ​សូម​ឮ ឱ​សូម​ឮ ឱ​សូម​ឮ​ទូលបង្គំ​ទាំង​អស់​គ្នា ឱ​ព្រះ​អម្ចាស់​អើយ! ហើយ​ឆ្លើយតប​នូវ​សំណូមពរ​ទាំង​នេះ ហើយ​ទទួល​ការ​ថ្វាយ​ដំណាក់​នេះ​ដល់​ព្រះ​អង្គ ជា​ស្នាដៃ​របស់​ទូលបង្គំ ដែល​ទូលបង្គំ​ទាំង​អស់​គ្នា​បាន​សង់​ថ្វាយ​ដល់​ព្រះ​នាម​របស់​ទ្រង់

៧៩ហើយ​ព្រម​ទាំង​សាសនាចក្រ​នេះ​ផង ដើម្បី​ដាក់​ព្រះ​នាម​របស់​ទ្រង់​ខាង​លើ។ ហើយ​សូម​ជួយ​ទូលបង្គំ​ទាំង​អស់​គ្នា​ដោយ​ព្រះ​ចេស្ដា នៃ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទូលបង្គំ​ទាំង​អស់​គ្នា អាច​ពង្រួម​សំឡេង​របស់​ទូលបង្គំ​ទាំង​អស់​គ្នា​ជាមួយ​នឹង​ពួក​សេរភីម​ដ៏​ភ្លឺ​ថ្លា​នៅ​ជុំវិញ​បល្ល័ង្ក​របស់​ទ្រង់ ដោយ​ការ​ប្រកាស​នូវ​ពាក្យ​សរសើរ​តម្កើង ដោយ​ច្រៀង​ហូសាណា​ដល់​ព្រះ និង​កូន​ចៀម!

៨០ហើយ​សូម​ឲ្យ​ពួក​អ្នក​ទាំង​ឡាយ​ដែល​ទ្រង់​បាន​តាំង បាន​បំពាក់​ដោយ​សេចក្ដី​សង្គ្រោះ ហើយ​សូម​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ស្រែក​ឡើង​ដោយ​អំណរ។ អាម៉ែន និង​អាម៉ែន៕