ការទទួលយកដោយព្រះអម្ចាស់
ការរក និង ការទទួលបានការទទួលយកពីព្រះអម្ចាស់នឹងនាំទៅរកចំណេះដឹងថា យើងត្រូវបានជ្រើស ហើយប្រទានពរពីទ្រង់ ។
កាលពីក្មេង ខ្ញុំចាំថាមានពេលខ្លះឪពុកខ្ញុំបាននាំខ្ញុំឲ្យធ្វើការលើគម្រោងជាច្រើនជាមួយគាត់ ។ យើងមានសួនតូចមួយចម្ងាយពីរបីគីឡូម៉ែត្រពីកន្លែងដែលយើងរស់នៅ ហើយតែងតែមានកិច្ចការច្រើនដែលត្រូវធ្វើដើម្បីរៀបចំសួននោះរាល់រដូវកាល ។ យើងបានធ្វើ ឬ ជួសជុលហោណ័ង ឬ របង ។ ខ្ញុំនៅចាំថា ការងារនេះតែងធ្វើពេលអាកាសធាតុដ៏ត្រជាក់ ពេលព្រិលធ្លាក់ខ្លាំង ឬ ពេលភ្លៀងធ្លាក់ ។ តែខ្ញុំចូលចិត្តវា ។ ឪពុកខ្ញុំបានបង្រៀនខ្ញុំពីរបៀបធ្វើការដោយអត់ធ្មត់ ហើយអាចទទួលយកបាន ។
ថ្ងៃមួយ គាត់បានឲ្យខ្ញុំរឹតខ្ចៅ ហើយហាមថា « ត្រូវចាំថា បើកូនរឹតវាតឹងពេក វានឹងបែក » ។ ដោយក្ដីអំនួត ខ្ញុំចង់បង្ហាញគាត់ពីអ្វីដែលខ្ញុំអាចធ្វើបាន ។ ខ្ញុំបានរឹតវាមួយទំហឹង ប្រាកដណាស់ ខ្ញុំបានធ្វើឲ្យខ្ចៅនោះបែក ។ គាត់បានពោលពាក្យមួយគួរឲ្យអស់សំណើច ហើយយើងបានចាប់ផ្ដើមធ្វើឡើងវិញ ។ សូម្បីតែពេលខ្ញុំ « ធ្វើខុស » ខ្ញុំតែងទទួលអារម្មណ៍ពីក្ដីស្រឡាញ់ និង ទំនុកចិត្តគាត់ចំពោះខ្ញុំ ។ គាត់បានចែកឋានទៅជាង 10 ឆ្នាំហើយ ប៉ុន្ដែខ្ញុំនៅតែអាចឮសំឡេងគាត់ មានអារម្មណ៍ពីក្ដីស្រឡាញ់គាត់ រីករាយនឹងការលើកទឹកចិត្តគាត់ ហើយមានអារម្មណ៍ពីការទទួលយករបស់គាត់ ។
អារម្មណ៍នៃការទទួលយកពីអ្នកដែលយើងស្រឡាញ់ជាក្ដីត្រូវការមួយដ៏ចាំបាច់នៃមនុស្ស ។ ការទទួលយកពីមនុស្សល្អ វាផ្ដល់កម្លាំងចិត្តដល់យើង ។ វាបង្កើនអារម្មណ៍យើងពីតម្លៃ និង ទំនុកចិត្តលើខ្លួនឯង ។ ជនដែលពុំអាចរកការទទួលយកពីប្រភពដែលខ្លួនប៉ងប្រាថ្នា ជារឿយៗនឹងរកវានៅកន្លែងផ្សេង ។ ពួកគេអាចរកមើលពីជនដែលពុំចាប់អារម្មណ៍ពីសុខុមាលភាពរបស់គេ ។ គេអាចសេពគប់មិត្តខុស ហើយធ្វើនូវរឿងដែលគេដឹងថាមិនត្រឹមត្រូវ ដើម្បីទទួលបានការទទួលស្គាល់ដែលគេស្វែងរក ។ គេអាចរកការទទួលយកដោយស្លៀកយីហោនៃសំលៀកបំពាក់ជាក់លាក់មួយ ដើម្បីបង្កើតអារម្មណ៍នៃភាពជាម្ចាស់ ឬ ឋានៈ ។ ចំពោះជនមួយចំនួន ការខិតខំរកមុខងារ ឬ តួនាទីមួយធំ ក៏អាចជារបៀបមួយនៃការស្វែងរកការទទួលយកដែរ ។ គេអាចកំណត់តម្លៃខ្លួនពួកគេដោយតួនាទីដែលគេកាន់ ឬ ឋានៈដែលគេមាន ។
សូម្បីតែក្នុងសាសនាចក្រយើងពុំអាចចៀសផុតពីការគិតបែបនេះបានឡើយ ។ ការស្វែងរក ការទទួលយកពីប្រភពខុស ឬ សម្រាប់ហេតុផលមិនត្រឹមត្រូវធ្វើឲ្យធ្លាក់ក្នុងផ្លូវមួយដ៏គ្រោះថ្នាក់ ---គឺដូចជាផ្លូវមួយដែលនាំយើងឲ្យវង្វេង ហើយអាចជួបនឹងភាពហិនហោចផងដែរ ។ ទីបំផុតយើងនឹងមានអារម្មណ៍តែលតោ និង តូចទាប ជំនួសឲ្យអារម្មណ៍រីករាយ និង ទំនុកចិត្តលើខ្លួនឯង ។
អាលម៉ា បានទូន្មានកូនប្រុសគាត់ ហេលេមិន ថា « ចូរឲ្យឃើញថា កូនមើលទៅព្រះហើយរស់នៅ » 1 ប្រភពដ៏សំខាន់នៃការទទួលយកដ៏មានអំណាច ហើយអស់កល្ប គឺជាព្រះវរបិតាសួគ៌យើង និង ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ទាំងពីរអង្គស្គាល់យើង ។ ទ្រង់ស្រឡាញ់យើង ។ ទ្រង់ពុំមែនទទួលយើងដោយសារងារ ឬ តួនាទីទេ ។ ទ្រង់ពុំសម្លឹងពីឋានៈយើងឡើយ ។ ទ្រង់ទទួលយើងដោយសារចិត្តយើង ។ ទ្រង់ទទួលយើងចំពោះអ្វីដែលយើងមាន និង អ្វីដែលយើងកំពុងខិតខំប្រែក្លាយ ។ ការស្វែងរក នឹងទទួលបានការទទួលយកពីទ្រង់ នឹងពង្រឹង ហើយលើកទឹកចិត្តយើងជានិច្ច ។
ខ្ញុំនឹងចែកចាយនូវគំរូដ៏សាមញ្ញមួយដែលអាចជួយយើងគ្រប់គ្នាស្វែងរកការទទួលយកដ៏ធំបំផុត បើយើងអនុវត្តតាម ។ គំរូនេះបានប្រទានមកដោយព្រះអម្ចាស់តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ថា ៖ « យើងប្រាប់អ្នកជាប្រាកដថា អស់ទាំងមនុស្សនៅក្នុងចំណោមពួកគេណាដែលដឹងថាខ្លួនមានចិត្តទៀងត្រង់ ហើយមានចិត្តសង្រេង ហើយវិញ្ញាណរបស់ខ្លួនទន់ទាប ហើយយល់ព្រមគោរពតាមសេចក្ដីសញ្ញារបស់ខ្លួនដោយការបូជា ---មែនហើយគឺគ្រប់ការបូជា ដែលយើងជាព្រះអម្ចាស់នឹងបញ្ជា ---នោះពួកគេត្រូវបានទទួលដោយយើងហើយ » ។2
គំរូនេះមានបីជំហានដ៏សាមញ្ញ ៖
-
ដឹងថាចិត្តយើងទៀងត្រង់ ហើយសង្រេង
-
ដឹងថាវិញ្ញាណយើងទន់ទាប និង
-
យល់ព្រមគោរពតាមសេចក្ដីសញ្ញាយើងដោយការបូជាដូចព្រះអម្ចាស់បានបញ្ជា ។
ទីមួយ យើងត្រូវដឹងថា ចិត្តទៀងត្រង់ ហើយសង្រេង ។ តើយើងដឹងការណ៍នោះយ៉ាងដូចម្ដេច ? យើងផ្ដើមដោយការវិភាគពីជីវិតយើងផ្ទាល់ដោយស្មោះត្រង់ ។ ចិត្តជាចំណុចដ៏សំខាន់នៃអារម្មណ៍យើង ។ ពេលយើងមើលទៅក្នុងចិត្តយើង យើងនឹងឃើញខ្លួនឯង ។ ជាអ្វីដែលគ្មាននរណាម្នាក់ជុំវិញខ្លួនយើងដឹងទេ តែយើងដឹងយ៉ាងពិតប្រាកដ ។ យើងដឹងពីបំណង និង ក្ដីប្រាថ្នាយើង ។ ពេលយើងវិភាគដោយចិត្តស្មោះ ហើយទៀងត្រង់ នោះយើងមិនបន្ទាប ឬ កុហកខ្លួនឯងឡើយ ។
ក៏មានវិធីវិនិច្ឆ័យមួយទៀតថា តើយើងមានចិត្តសង្រេងដែរឬអត់ ។ ចិត្តសង្រេងជាចិត្តទន់ភ្លន់ បើកទូលាយ ហើយទទួលយកមតិអ្នកដទៃ ។ ពេលខ្ញុំឮព្រះអង្គសង្គ្រោះមានបន្ទូលថា « មើល យើងឈរនៅមាត់ទ្វារទាំងគោះ » ។3 ខ្ញុំឮទ្រង់គោះទ្វារនៃចិត្តខ្ញុំ ។ បើខ្ញុំបើកទ្វារនោះឲ្យទ្រង់ ខ្ញុំងាយឆ្លើយតបនឹងការអញ្ជើញពីព្រះវិញ្ញាណ ហើយខ្ញុំងាយទទួលយកឆន្ទៈនៃព្រះ ។
ពេលយើងមានចិត្តស្មោះ ហើយពិចារណាដោយការអធិស្ឋានពីទំហំនៃចិត្តទៀងត្រង់ ហើយសង្រេងរបស់យើង នោះយើងនឹងបានរៀនពីព្រះវិញ្ញាណបរិសុទ្ធ ។ យើងនឹងទទួលការបញ្ជាក់មួយដ៏ផ្អែមល្ហែម ឬ ការកែតម្រូវដ៏ទន់ភ្លន់ ដោយប្រាប់យើងឲ្យធ្វើតាម ។
ទីពីរ យើងត្រូវដឹងថា វិញ្ញាណយើងទន់ទាប ។ ពាក្យ ទន់ទាប ក្នុងវចនានុក្រម អុកស្វត មានន័យថា « ជាអារម្មណ៍ ឬ ការបង្ហាញភាពស្ដាយក្រោយ ពេលមនុស្សម្នាក់បានធ្វើខុស » ។ 4បើយើងមានវិញ្ញាណទន់ទាប នោះយើងទទួលស្គាល់បាប និង កំហុសយើង ។ យើងងាយនឹងបង្រៀន « អំពីគ្រប់ការណ៍ទាំងឡាយដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ។5 យើងមានអារម្មណ៍ពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ហើយចង់ប្រែចិត្ត ។ វិញ្ញាណទន់ទាបជាការដាក់ចិត្តស្ដាប់ « សេចក្ដីទូន្មាន នៃព្រះវិញ្ញាណ » ។6
វិញ្ញាណទន់ទាបសម្ដែងឲ្យឃើញតាមឆន្ទៈ និង ការតាំងចិត្តធ្វើរបស់យើង ។ យើងនឹងព្រមធ្វើខ្លួនឲ្យរាបសាចំពោះព្រះ ព្រមប្រែចិត្ត ព្រមរៀន និង ព្រមកែប្រែ ។ យើងនឹងព្រមអធិស្ឋានថា « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ។ 7
ជំហានទីបី ចំពោះការទទួលយកដោយព្រះអម្ចាស់គឺ ការសម្រេចចិត្តមួយដោយសតិសម្បជញ្ញៈ ដើម្បីគោរពតាមសេចក្ដីសញ្ញាយើង ដោយការបូជា « មែនហើយ គឺគ្រប់ការបូជាដែលយើងជាព្រះអម្ចាស់នឹងបញ្ជា » ។ 8 ពេលខ្លះ យើងគិតថាពាក្យ ការបូជា សំដៅលើរឿងលំបាកមួយដ៏ធំដែលយើងពុំអាចធ្វើបាន ។ ជាក់ស្ដែង វាអាចជាការពិតមែន តែភាគច្រើនវាសំដៅលើការរស់នៅប្រចាំថ្ងៃជាសិស្សពិតម្នាក់នៃព្រះគ្រីស្ទ ។
វិធីមួយ ដែលយើងគោរពតាមសេចក្ដីសញ្ញាយើងដោយការបូជាគឺ ការទទួលទានសាក្រាម៉ង់ដោយសក្ដិសមរាល់សប្ដាហ៍ ។ យើងរៀបចំខ្លួនដោយមានគោលបំណងចំពោះពិធីការនេះ ។ យើងរំឭកចាំ ហើយបញ្ជាក់ការសន្យាពិសិដ្ឋយើងចំពោះព្រះអម្ចាស់ ។ តាមវិធីនេះទើបយើងទទួលអារម្មណ៍ពីការទទួលយកទ្រង់ ហើយទទួលការអះអាងពីទ្រង់ថា ការខិតខំយើងត្រូវបានទទួលស្គាល់ ហើយបាបយើងបានអត់ទោសឲ្យ តាមរយៈដង្វាយធួននៃ ព្រះយេស៊ូវគ្រីស្ទ ។ ក្នុងពិធីការនេះ ព្រះអម្ចាស់សន្យានឹងយើងថា ពេលយើងព្រមលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃ ព្រះរាជបុត្រាទ្រង់ ហើយចងចាំទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ នោះយើងនឹងមានព្រះវិញ្ញាណទ្រង់គង់នៅនឹងយើងជាដរាប ។ ការមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូយើងជានិច្ច ជាការបញ្ជាក់ដ៏សំខាន់នៃការទទួលយកពីព្រះ ។
វិធីផ្សេងទៀត ដើម្បីគោរពតាមសេចក្ដីសញ្ញាយើងដោយការបូជាគឺសាមញ្ញដូចជា ការទទួលយកការហៅបម្រើក្នុងសាសនាចក្រ ហើយបម្រើដោយស្មោះត្រង់ក្នុងការហៅនោះ ឬ ការធ្វើតាមការអញ្ជើញរបស់ព្យាការីយើង ថូម៉ាស អេស ម៉នសុន ដើម្បីជួយដល់ជនដែលកំពុងឈរលើកែងផ្លូវ ហើយត្រូវការការសង្គ្រោះខាងវិញ្ញាណ ។ យើងគោរពតាមសេចក្ដីសញ្ញាយើង ដោយការបូជាតាមរយៈការបម្រើដោយស្ងៀមស្ងាត់ដល់អ្នកជិតខាង ឬ សហគមន៍យើង ឬ ដោយការរកឈ្មោះដូនតាយើង ហើយធ្វើកិច្ចការក្នុងព្រះវិហារបរិសុទ្ធឲ្យពួកគាត់ ។ យើងគោរពតាមសេចក្ដីសញ្ញាយើង ដោយការបូជា ដោយគ្រាន់តែខំស្វែងរកក្ដីសុចរិត ការបើកចិត្ត ហើយស្ដាប់ការបំផុសគំនិតពីព្រះវិញ្ញាណក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ពេលខ្លះ ការគោរពតាមសេចក្ដីសញ្ញាយើង វាគ្មានន័យអ្វីលើសពីការឈរឲ្យរឹងមាំ ហើយស្មោះត្រង់ ពេលព្យុះជីវិតបក់បោកជុំវិញយើងនោះឡើយ ។
បន្ទាប់ពីពន្យល់នូវគំរូនៃរបៀបដើម្បីបានការទទួលយកពីទ្រង់ ព្រះអម្ចាស់ប្រើរូបភាពមួយដ៏អស្ចារ្យដើម្បីបង្ហាញពីប្រយោជន៍ដែលយើងទទួលបានសម្រាប់ខ្លួនឯង និង គ្រួសារ ពេលយើងស្វែងរកការទទួលយកទ្រង់នោះ ។ ទ្រង់មានបន្ទូលថា « ត្បិត យើងជាព្រះអម្ចាស់នឹងបណ្ដាលឲ្យពួកគេបង្កើតឡើងនូវគ្រប់ដើមឈើដែលមានផ្លែណាដែលបានដាំនៅលើដីល្អ គឺនៅក្បែរស្ទឹងសុទ្ធសាធ ដើម្បីឲ្យបង្កើតបានផ្លែវិសេសជាច្រើន » ។9
ពេលយើងពោរពេញដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយមានអារម្មណ៍នូវការទទួលយករបស់ទ្រង់ នោះយើងនឹងបានប្រទានពរឲ្យលើសពីការយល់ដឹងរបស់យើងទៅទៀត ហើយនាំមកនូវផ្លែនៃក្ដីសុចរិតជាច្រើន ។ យើងនឹងស្ថិតក្នុងចំណោមជនដែលទ្រង់មានបន្ទូលថា « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ អ្នកមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះយើងនឹងតាំងអ្នកឲ្យត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យអ្នកប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយអ្នកចុះ » ។ 10
ការស្វែងរក និង ការទទួលបានការទទួលយកពីព្រះអម្ចាស់ នឹងនាំទៅរកចំណេះដឹងថា យើងត្រូវបានជ្រើស ហើយប្រទានពរពីទ្រង់ ។ យើងនឹងមានទំនុកចិត្តកើនឡើងថា ទ្រង់នឹងនាំយើង ហើយដឹកយើងរកសេចក្ដីល្អ ។ ក្ដីករុណាដ៏ទន់ភ្លន់នៃទ្រង់នឹងក្លាយជាភស្តុតាងក្នុងចិត្តយើង ក្នុងជីវិតយើង និង ក្នុងគ្រួសារយើង ។
ខ្ញុំសូមអញ្ជើញអ្នកដោយអស់ពីចិត្តខ្ញុំឲ្យរកការទទួលយកនៃព្រះអម្ចាស់ ហើយរីករាយនឹងពរជ័យដែលទ្រង់បានសន្យា ។ ពេលយើងធ្វើតាមគំរូដ៏សាមញ្ញដែលព្រះអម្ចាស់បានបង្ហាញ យើងនឹងដឹងថាយើងត្រូវបានទទួលយកចំពោះទ្រង់ ដោយមិនគិតតួនាទី ឋានៈ ឬ សមត្ថភាពយើងក្នុងជីវិតរមែងស្លាប់ឡើយ ។ ការទទួលយកដោយក្ដីស្រឡាញ់របស់ទ្រង់ នឹងលើកទឹកចិត្តយើង បង្កើនជំនឿយើង ហើយជួយយើងប្រឈមនឹងអ្វីៗគ្រប់យ៉ាងដែលយើងជួបក្នុងជីវិត ។ មិនថាឧបសគ្គយើងមានទំហំប៉ុណ្ណានោះទេ យើងនឹងទទួលបានជោគជ័យ ភាពរុងរឿង 11 ហើយទទួលអារម្មណ៍សុខសាន្ត ។ 12 យើងនឹងនៅក្នុងចំណោមជនដែលព្រះអម្ចាស់បានមានបន្ទូលថា ៖
« កុំឲ្យខ្លាចឡើយ កូនក្មេងតូចៗអើយ ត្បិតអ្នករាល់គ្នាជារបស់ផងយើង ហើយយើងបានឈ្នះលើលោកិយហើយ ហើយអ្នករាល់គ្នាជាពួកនោះ ដែលព្រះវរបិតារបស់យើងបានប្រទានដល់យើង
« ហើយគ្មានអ្នកណាមួយដែលព្រះវរបិតាបានប្រទានដល់យើង ដែលត្រូវវង្វេងបាត់ឡើយ » 13 ។
ក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។