ឆ្នាំ ២០១០-២០១៩
យើង​ជឿ​លើ​ការ​ប្រព្រឹត្ត...​បរិសុទ្ធ
ខែ មេសា 2013


15:47

យើង​ជឿ​លើ​ការ​ប្រព្រឹត្ត​បរិសុទ្ធ

ការ​គោរព​ប្រតិបត្តិ​ចំពោះ​ច្បាប់​ព្រហ្មចារី​ភាព​នឹង​បង្កើន​សុភមង្គល​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​ធ្វើ​ឲ្យយើង​មាន​​ការ​រីកចម្រើន​​ក្នុង​ភាព​អស់​កល្ប​​បាន ។

សារ​ខ្ញុំ​លើក​ឡើង​ពី​សំណួរ​សំខាន់​មួយ​ពី​លទ្ធផល​​ខាង​វិញ្ញាណ​ដ៏​មហិមា​ថា ៖ ហេតុអ្វី​បាន​ជា​ច្បាប់​ព្រហ្មចារី​ភាព​សំខាន់​ម្ល៉េះ ? ខ្ញុំ​សូម​អធិស្ឋាន​ថា​ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​​បញ្ជាក់​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​នៃ​គោលការណ៍​ដែល​ខ្ញុំ​លើក​ឡើង​ ។​

ផែនការ​សុភមង្គល​របស់​ព្រះវរបិតា

សារៈសំខាន់​ដ៏​អស់​កល្ប​នៃ​ភាព​បរិសុទ្ធ​អាច​យល់​បាន​តែ​នៅ​ក្នុង​បរិបទ​ដ៏​ធំ​នៃ​ផែនការ​សុភមង្គល​​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​កូន​ចៅ​ទ្រង់​ប៉ុណ្ណោះ ។ « មនុស្ស​ទាំង​អស់ ទាំងប្រុសទាំងស្រី ត្រូវ​បាន​បង្កើត​ឡើង​តាម​រូប​រាង​របស់​ព្រះ ។ មនុស្ស​ម្នាក់ៗ​គឺជា​បុត្រា​បុត្រី​វិញ្ញាណ​ជា​ទី​ស្រឡាញ់​របស់​មាតាបិតា​សួគ៌ …ហើយមាន​នូវ​និស្ស័យ​នៃ​ព្រះ និង ជោគវាសនា » ( ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » EnsignLiahona ខែ​វិច្ឆិកា 2010 ទំព័រ 129​ ) ។ បុរស និង ស្រ្តី​ទាំង​អស់​បាន​រស់​នៅ​ជា​មួយនឹង​ព្រះ ជា​កូនវិញ្ញាណ​របស់​ទ្រង់ ពីមុន​មក​កាន់ជីវិត​រមែង​ស្លាប់​លើ​ផែន​ដី​នេះ ។ ផែនការ​របស់​ព្រះវរបិតា​ជួយ​ឲ្យ​​វិញ្ញាណបុត្រា​បុត្រី​របស់​ទ្រង់​ទទួល​​រូបកាយ ទទួល​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ ហើយ​រីកចម្រើន​ទៅ​រក​ភាព​តម្កើង​ឡើង ។

សារៈសំខាន់​នៃ​រូបកាយ

រូបកាយ​យើង​ធ្វើ​ឲ្យ​យើង​អា​ច​មាន​នូវ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ដ៏​ទូលំទូលាយ​មួយ​ដែល​មិន​អាច​រក​បាន​នៅ​ក្នុង​ជីវិត​យើង​ពុំ​មែន​​ឆាក​ជីវិត​នេះ​ឡើយ ។ ដូច្នេះ ទំនាក់ទំនង​យើង​នឹង​ជន​ដទៃ​ទៀត សមត្ថភាព​យើង​ឲ្យ​​ស្គាល់ ហើយ​និង​ធ្វើ​​ស្រប​តាម​សេចក្ដី​ពិត និង​លទ្ធភាព​យើង​ក្នុង​ការ​គោរព​តាម​គោលការណ៍ និង​ពិធី​បរិសុទ្ធ​នានា​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ​គឺ​រីក​ធំ​ឡើង​តាមរយៈ​រូបកាយ​យើង ។​ ក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​ដក​ពិសោធន៍​នូវ​ភាព​ទន់ភ្លន់ ក្ដី​ស្រឡាញ់ ចិត្ត​សប្បុរស សុភមង្គល ទុក្ខ​ព្រួយ ការ​ខកចិត្ត ការ​ឈឺចាប់ រួម​ទាំង​ការ​ប្រឈម​មុខ​នានា​នៃ​ការ​កម្រិត​ខាង​រាង​កាយ​តាម​របៀប​ដែល​រៀបចំ​យើង​សម្រាប់​ភាព​អស់​កល្ប ។ និយាយ​ឲ្យ​សាមញ្ញ​ទៅ យើង​មាន​នូវ​​មេរៀន និង​បទពិសោធន៍​​ជាច្រើន​ដែល​យើង​ត្រូវ​រៀន ដូចជា​ខ​គម្ពីរ​បាន​ចែង​ « ស្រប​តាម​សាច់​ឈាម » ( នីហ្វៃ​ទី 1 19:6, អាលម៉ា 7:12–13 ) ។​​

អំណាច​នៃ​ការ​បង្កើត​ជីវិត

បន្ទាប់​ពី​ផែនដី​ត្រូវ​បាន​បង្កើត អ័ដាម​ត្រូវ​បាន​ដាក់​ក្នុង​សួន​ច្បារអេដែន ។ ប៉ុន្តែ​ការ​សំខាន់​នោះ​គឺ​ ព្រះ​បាន​មាន​បន្ទូល​ថា « វា​មិន​ល្អ​ទេ​ដែល​បុរស​នេះ​ត្រូវ​នៅ​តែ​ម្នាក់​ឯង » ( ម៉ូសេ 3:18, សូម​មើល​ផង​ដែរ លោកុប្បត្តិ 2:18 ) ហើយ​អេវ៉ា​បាន​ក្លាយ​ជា​ប្រពន្ធ​ និង​ដៃគូ​របស់​អ័ដាម ។ ការ​រួមគ្នា​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​នៃ​សមត្ថភាព​ខាង​វិញ្ញាណ រូបកាយ គំនិត ចិត្ត​រវាង​​បុរស​និង​ស្ត្រី​ជា​កត្តា​ដ៏​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ផែនការ​នៃ​សុភមង្គល​កើត​ឡើង ។​ « ប៉ុន្តែ​ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិន​មែន​ជា​ឥត​ទីពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​កី​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ( កូរិនថូស​ទី 1 11:11 ) ។ បុរស​និង​ស្ត្រី​ត្រូវ​បាន​បម្រុង​ទុក​ឲ្យ​រៀន ពង្រឹង ហើយបំពេញ​​គ្នា​ទៅ​វិញ​ទៅ​មក ។​

មធ្យោបាយ​នៃ​ការ​បង្កើត​ជីវិត​រមែង​ស្លាប់​បាន​តាំង​ឡើង​ដោយ​ព្រះ ។ « បញ្ញត្តិ​ទី​មួយ ...​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ដាម និង​អេវ៉ា​បាន​ជាប់​ទាក់ទង​នឹង​សក្ដានុភាព​របស់​ពួកគេ​​ចំពោះ​ភាព​ជា​ឪពុកម្ដាយ​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។ បញ្ញត្តិ​ដើម្បី​បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​ផែនដី​នៅ​តែ​អនុវត្ត​សព្វថ្ងៃ​នេះ ។ ដូច្នេះ ការ​រៀបការ​រវាង​បុរស​និង​ស្ត្រី​ជា​បណ្ដាញ​ដែល​បាន​ទទួល​សិទ្ធិ​នាំ​យក​​​វិញ្ញាណ​នៅ​មុន​ឆាក​ជីវិត​នេះ​មក​កាន់​ជីវិត​រមែង​ស្លាប់ ។ តំណម​ខាង​ផ្លូវ​ភេទ​ពី​មុន​រៀបការ និង​ភក្ដីភាព​ទាំងស្រុង​ក្នុង​អាពាហ៍ពិពាហ៍​ ការពារ​ភាព​បរិសុទ្ធ​នៃ​បណ្ដាញ​ពិសិដ្ឋ​នេះ ។​

អំណាច​នៃ​ការ​បង្កើត​ជីវិត​​មាន​សារៈសំខាន់​ខាង​វិញ្ញាណ​ ។ ការ​ប្រើ​អំណាច​នេះ​ខុស​បង្អាក់​ដល់​ប្រយោជន៍​នៃ​ផែនការ​របស់​ព្រះវរបិតា និង​ជីវិត​រមែង​ស្លាប់​របស់​យើង ។​ ព្រះវរបិតា​សួគ៌​យើង និង​បុត្រា​សំណព្វ​របស់​ទ្រង់​ជា​អង្គ​បង្កបង្កើត ហើយ​បាន​ផ្ដល់​ឲ្យ​យើង​ម្នាក់ៗ​នូវ​ចំណែក​មួយ​​នៃ​អំណាច​បង្ក​បង្កើត​របស់​ទ្រង់ ។ ការ​ណែនាំ​ជាក់លាក់​ពី​ការ​ប្រើ​សម្បទា​ដើម្បី​បង្កើត​ជីវិត​ឲ្យ​បាន​ត្រឹមត្រូវ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ផែនការ​របស់​ព្រះវរបិតា ។ អារម្មណ៍​ដែល​យើង​មាន ហើយ​ប្រើអំណាច​ដ៏​ទេវភាព​នោះ​នឹង​កំណត់​ក្នុង​​រង្វាស់​ដ៏​ធំ​ពី​សុភមង្គល​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ និង​ជោគវាសនា​យើង​ក្នុង​ភាព​អស់​កល្ប ។

អែលឌើរ ដាល្លិន អេក អូក បាន​ពន្យល់​ថា ៖

« អំណាច​បង្កើត​ជីវិត​រមែង​ស្លាប់​​ជា​អំណាច​ដ៏​ខ្ពស់​បំផុត​ដែល​ព្រះ​បាន​ប្រទាន​ដល់​កូនចៅ​ទ្រង់ ។ ការ​ប្រើ​អំណាច​នេះ​បាន​តម្រូវ​ក្នុង​បញ្ញត្តិ​ទី​មួយ ប៉ុន្តែ​បញ្ញត្តិ​សំខាន់​មួយ​ទៀត​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដើម្បី​ទប់ស្កាត់​ការ​ប្រើ​អំណាច​នេះ​ខុស ។ ការ​បញ្ជាក់​ដែល​ដាក់​ក្នុង​ច្បាប់​ព្រហ្មចារី​ភាព​ត្រូវ​បាន​ពន្យល់​ដោយ​ការ​យល់​ដឹង​យើង​ពី​គោល​បំណង​នៃ​ការ​ប្រើ​អំណាច​បង្កើត​ជីវិត​របស់​យើង​ក្នុង​ការ​សម្រេច​ផែនការ​របស់​ព្រះ ។ ...​

« រាល់​ការ​ប្រើ​អំណាច​បង្កើត​ជីវិត​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ទោះ​តិច​ឬ​ច្រើន​ក្ដី ជា​បាបកម្ម​មួយ​នៃ​ភាព​អាម៉ាស់​ និង​ការ​​បង្ខូច​ដល់​​គុណសម្បត្តិ​ដ៏​ទេវភាព​បំផុត​របស់​បុរស​និង​ស្ត្រី » ( « The Great Plan of Happiness » Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 74 ) ។​

បទដ្ឋាន​នៃ​សីលធម៌​ខាង​ផ្លូវ​ភេទ

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​បទដ្ឋាន​នៃ​សីលធម៌​ខាង​ផ្លូវ​ភេទ​តែ​មួយ​ដែល​មិន​ផ្លាស់​ប្ដូរ​គឺ​ថា ៖ ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​បុរស​និង​ស្ត្រី​មាន​ភាព​ត្រឹមត្រូវ​តែ​ក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ដូច​បាន​ណែនាំ​ក្នុង​ផែនការ​របស់​ព្រះ​ប៉ុណ្ណោះ ។ ទំនាក់ទំនង​បែប​នេះ​ពុំ​មែន​គ្រាន់​តែ​ជា​ការ​ចង់​ដឹង​ចង់​ឃើញ ការ​បំពេញ​ភាព​ត្រេក​ត្រអាល ឬ​ជា​ទម្លាប់​ ឬ​ការ​កម្សាន្ត​មួយ​ដែល​ត្រូវ​ធ្វើ​ប្រកប​ដោយ​ភាព​អាត្មា​និយម​នោះ​ឡើយ ។ វា​ពុំ​មែន​​ការ​ច្បាំង​ដណ្ដើម​យក​អ្វី​មួយ​ ឬ​គ្រាន់​តែ​ជា​ការ​សម្ដែង​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​ជា​ការ​សម្ដែង​នូវ​​​មនោសញ្ចេតនា​មួយ​ដ៏​ធំធេង​នៃ​លក្ខណៈ និង​សក្ដានុភាព​ដ៏​ទេវភាព​របស់​យើង និង​ជា​វិធី​មួយ​នៃ​ការ​ពង្រឹង​នូវ​ចំណង​ចិត្ត និង​ខាង​វិញ្ញាណ​រវាង​ប្ដី​ប្រពន្ធ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ យើង​ជា​ភ្នាក់ងារ​ដែល​បាន​ប្រទាន​ពរ​ឲ្យ​នូវ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ហើយ​ត្រូវ​បាន​កំណត់​ដោយ​មរតក​ដ៏​ទេវភាព​របស់​យើង​ថា​ជា​កូនចៅ​នៃ​ព្រះ --- គឺ​ពុំ​មែន​ដោយ​ចរិយា​ខាង​ផ្លូវ​ភេទ ​ឥរិយាបថ​សម័យ​ថ្មី​ ឬ​ទស្សនៈវិជ្ជា​ខាង​លោកិយ​ឡើយ ។

មនុស្ស​ខាង​សាច់ឈាម

ក្នុង​កម្រិត​ជាក់លាក់​មួយ មនុស្ស​ខាង​សាច់​ឈាម​ដែល​​បាន​ពិពណ៌នា​ដោយ ​ស្ដេចម៉ូសាយ ​គឺ​មាន​ជីវិត​ក្នុង​ខ្លួន​យើង​ម្នាក់ៗ ( សូម​មើល ម៉ូសាយ 3:19 ) ។ បុរស ឬ​ស្ត្រី​ខាង​សាច់​ឈាម​គ្មាន​ការ​ប្រែចិត្ត ជា​មនុស្ស​លោកិយ ហើយ​ត្រេកត្រអាល ( សូម​មើល ម៉ូសាយ 16:5; អាលម៉ា 42:10; ម៉ូសេ 5:13 ) បណ្ដោយ​ខ្លួន​ហួស​ប្រមាណ ហើយ​អំនួត និង​អាត្មានិយម ។ ដូច​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា « ‹ មនុស្ស​ខាង​សាច់ឈាម › ជា​ ‹ មនុស្ស​លោកិយ › ដែល​បណ្ដោយ​ឲ្យ​តណ្ហា​ដ៏​កម្រោល​នៃ​សត្វ​គ្រប​ដណ្ដប់​ភាព​សមសួន​របស់​ខ្លួន »( « Ocean Currents and Family Influences » Ensign ខែ វិច្ឆិកា ឆ្នាំ 1974 ទំព័រ 112 ) ។​​

ផ្ទុយ​ទៅវិញ « បុរស [ ឬ​ស្ត្រី]​ នៃ​ព្រះគ្រីស្ទ » ( ហេលេមិន 3:29 ) គឺ​ទន់ភ្លន់ ហើយ​គ្រប់គ្រង​រាល់​តណ្ហា ( សូម​មើល អាលម៉ា 38:12 ) ចេះ​ប្រមាណ និង​ទប់ចិត្ត ហើយ​ចិត្តល្អ និងមាន​សទ្ធា ។ បុរស និង ស្ត្រី​នៃ​ព្រះ​គ្រីស្ទប្រកាន់​ខ្ជាប់​នូវ​ព្រះបន្ទូល​នៃ​ព្រះ ដោយ​លះកាត់​ចិត្ត​ខ្លួន​ឯងចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​របស់​ទ្រង់​សន្ដោស ( សូម​មើល ម៉ាថាយ 16:24; ម៉ាកុស 8:34; លូកា 9:23; គ . និង ស. 56:2 ) ព្រមទាំង​ដើរ​ឆ្ពោះ​ទៅ​មុខ​លើ​ផ្លូវ​ត្រង់​និង​ចង្អៀត​នៃ​សេចក្ដី​ជំនឿ ​ការ​គោរព​ប្រតិបត្តិ និង​ពលិកម្ម​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​ទ្រង់ ។​

​ក្នុង​នាម​ជា​បុត្រា​បុត្រី​នៃ​ព្រះ យើង​បាន​គ្រង​នូវ​សមត្ថភាព​ដ៏​ទេវភាព​ពី​ទ្រង់ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​យើងកំពុង​​រស់​នៅ​ក្នុង​ពិភព​មួយ​ដែល​ស្រុត​រលំ ។​ ក្រៅពី​រូបកាយ​យើង រាល់​ធាតុ​ទាំងអស់​ត្រូវ​បាន​បង្កើត​ឡើង​​តាម​ធម្មជាតិ​ដែល​ស្រុត​រលំ ហើយ​រង​នូវ​ឥទ្ធិពល​នៃ​អំពើ​បាប ការ​ពុករលួយ និង​ក្ដី​ស្លាប់​ជារៀងដរាប ។ ដូច្នេះ ការ​ធ្លាក់​របស់​អ័ដាម និង​លទ្ធផល​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​វា​ជះឥទ្ធិពល​មក​លើ​យើង​យ៉ាង​ខ្លាំង​តាមរយៈ​រូបកាយ​យើង ។ ហើយ​ម្យ៉ាងទៀត យើង​មាន​រូបកាយ​ពីរ​ផ្នែក ត្បិត​វិញ្ញាណ​យើង​ដែល​ជា​ផ្នែក​ដ៏​អស់​កល្ប​របស់​យើង​ឋិត​នៅ​ក្នុង​រូបកាយ​សាច់​ឈាម​ដែល​ទទួល​រង​ឥទ្ធិពល​ពី​ការ​ធ្លាក់ ។ ដូច​ព្រះយេស៊ូវ​បាន​បញ្ជាក់​ដល់​សាវក​ពេត្រុស​ថា « វិញ្ញាណ​ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ » ( ម៉ាថាយ 26:41 ) ។

ដូច្នេះ លក្ខណៈ​ដ៏​ជាក់​លាក់​នៃ​ការ​សាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​អាច​សង្ខេប​ក្នុង​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​នឹង​ងាក​ចិត្ត​ទៅ​រក​ភាព​ខាង​សាច់ឈាម ឬ​ងាក​ទៅ​រក​ការ​ទាក់ទាញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់​ឈាម​ ហើយ​ក្លាយ​ជា​ពួក​បរិសុទ្ធ​ម្នាក់​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ ( សូម​មើល ម៉ូសាយ 3:19 ) ? នោះ​ជា​ការ​សាក​ល្បង ។ រាល់​ការ​ស្រេក​ឃ្លាន ក្ដី​ប្រាថ្នា ទំនោរ​ចិត្ត និង​ ការ​ជំរុញ​នៃ​ភាព​ខាង​សាច់ឈាម​អាច​ឈ្នះ​បាន​ដោយ និង​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ​យើង​នៅ​រស់​លើ​ផែនដី​ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​ដូចជា​ព្រះ និង​ដើម្បី​ទប់​ចិត្ត​នឹង​រាល់​តណ្ហា​ខាង​សាច់​ឈាម ។​​

បំណង​នៃ​មាសត្រូវ

ផែនការ​ព្រះវរបិតា​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ការ​ដឹកនាំ​ដល់​កូនចៅ​ទ្រង់ ជួយ​ពួកគេ​ឲ្យ​រីករាយ ហើយ​នាំ​គេ​ត្រលប់​ទៅ​​ទ្រង់​វិញ​ជាមួយ​នឹង​រូបកាយ​រស់​ឡើង​វិញ និង​ភាព​​តម្កើង​ឡើង ។ ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​យើង​រួម​រស់​នឹង​គ្នា​ក្នុង​ពន្លឺ ហើយ​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម ។ ផ្ទុយ​ទៅវិញ លូស៊ីហ្វើរ ខិតខំ​ធ្វើ​ឲ្យ​បុត្រា​បុត្រី​នៃ​ព្រះ​ភាន់ច្រឡំ ហើយ​ពិបាក​ចិត្ត និង​បង្អាក់​ដល់​ការ​រីកចម្រើន​ដ៏​អស់​កល្ប​របស់​ពួកគេ ។ បំណង​ចម្បង​របស់​បិតា​នៃ​ក្ដី​កុហក​នេះ​គឺ​ធ្វើ​ឲ្យ​យើង​រាល់គ្នា​ « មាន​ទុក្ខវេទនា​ដូចជា​វា​ដែរ » ( នីហ្វៃ​ទី 2 2:27 ) ។ លូស៊ីហ្វើរ ចង់​ឲ្យ​យើង​​ឯកា​ក្នុង​ភាព​ងងឹត និង​ដោយ​អស់សង្ឃឹម ។​

សាតាំង​ធ្វើ​ការ​ឥត​ឈប់ឈរ​ដើម្បី​បង្ខូច​ទ្រង់ទ្រាយ​​ធាតុ​ដ៏​សំខាន់​បំផុត​នៃ​ផែនការ​ព្រះវរបិតា ។ វា​គ្មាន​រូបកាយ ហើយ​ការ​រីកចម្រើន​ដ៏​អស់​កល្ប​របស់​វា​ត្រូវ​បាន​បញ្ឈប់ ។ ដូចជា​ទឹកអូរ​លែង​ហូរ​ដោយ​សារ​​ទំនប់​ទឹក​អញ្ចឹង​ដែរ ដូច្នេះ​ការ​រីកចម្រើន​របស់​មា​សត្រូវ​ត្រូវ​បាន​ធ្វើ​ឲ្យ​ខកខាន​ដោយសារ​វា​គ្មាន​រូបកាយ ។​​​ ដោយសារ​ការ​បះបោរ​របស់​វា លូស៊ីហ្វើរ បាន​បដិសេធ​ខ្លួន​ឯង​នូវ​រាល់​ពរជ័យ និង​បទពិសោធន៍​ដែល​កើត​មាន​តាមរយៈ​រូបកាយ​សាច់ និង​ឆ្អឹង​ក្នុង​ជីវិត​រមែង​ស្លាប់​ ។ វា​ពុំ​អាច​រៀន​នូវ​មេរៀនក្នុង​ភាព​ជា​រូប​រាង​នៃ​​វិញ្ញាណ​បាន​ឡើយ ។ វា​ស្អប់​ជីវិត​នៃ​ការ​រស់​ឡើង​វិញ​ទូទៅ ហើយ​ពិតប្រាកដ​នៃ​មនុស្ស​លោក ។ អត្ថន័យ​ដ៏​ស៊ីជម្រៅ​នៃ​ពាក្យ « ជន​ជាប់​ទោស » ក្នុង​ខ​គម្ពីរ​បាន​ឆ្លុះ​បញ្ចាំង​ពី​អសមត្ថភាព​របស់​វា​ដើម្បី​បន្ត​អភិវឌ្ឍ ហើយ​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌​យើង ។​​

ដោយសារ​រូបកាយ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ផែនការ​សុភមង្គល​នៃ​ព្រះវរបិតា និង​ការ​អភិវឌ្ឍ​ខាង​វិញ្ញាណ​យើង លូស៊ីហ្វើរ ព្យាយាម​បង្អាក់​ការ​រីកចម្រើន​យើង​ដោយ​ល្បួង​យើង​ឲ្យ​ប្រើ​រូបកាយ​​ដោយ​មិន​ត្រឹមត្រូវ ។ ការ​ចំអក​មួយ​ដ៏​ធំ​បំផុត​នៃ​ភាព​អស់​កល្ប​គឺ​ថា​មា​សត្រូវ​ដែល​មាន​ទុក្ខ​វេទនា​យ៉ាង​ជាក់​ច្បាស់​ដោយ​សារ​វា​គ្មាន​រូបកាយ​នោះ បាន​ទាក់ទាញ​យើង​ឲ្យ​ចែក​រំលែក​ទុក្ខ​វេទនា​របស់​វា​តាម​រយៈ​ការ​ប្រើ​រូប​កាយ​យើង​មិន​ត្រឹមត្រូវ ។ ដូច្នេះ ឧបករណ៍​តែ​មួយ​គត់​ដែល​វា​គ្មាន​​ គឺ​ជា​ផ្ទាំង​ស៊ីប​ចម្បង​នៃ​ការ​ប៉ុនប៉ង​របស់​វា​ដើម្បី​បញ្ឆោត​​យើង​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​ខាង​វិញ្ញាណ ។

ការ​បំពាន​ច្បាប់​ព្រហ្មចារី​ភាពជា​អំពើ​បាប​មួយ​ដ៏​ធំ និង​ការ​​ប្រើ​រូប​កាយ​យើង​មិន​ត្រឹមត្រូវ ។ ចំពោះ​ជន​ដែល​ដឹង ហើយ​យល់​ពី​ផែនការ​សង្គ្រោះ ការ​ប្រមាថ​លើ​រូបកាយ​ជា​ទង្វើ​​មួយ​នៃ​ការ​បះបោរ ( សូម​មើល ម៉ូសាយ 2:36–37; គ . និង​ស . 64:34–35 ) និង​ជា​ការ​ប្រកែក​មួយ​នៃ​អត្តសញ្ញាណ​យើង​ក្នុង​នាម​ជា​បុត្រា​បុត្រី​នៃ​ព្រះ ។ ពេល​យើង​សម្លឹង​មើល​ឲ្យ​ហួស​ពី​ជីវិត​រមែង​ស្លាប់​ចូល​ទៅ​ក្នុង​ភាព​អស់​កល្ប យើង​អាច​ដឹង​យ៉ាង​ងាយ​ថា ភាព​ដៃគូ​ក្លែងក្លាយ​ដែល​​បាន​គាំទ្រ​ដោយ​មា​សត្រូវ​ជា​រឿង​បណ្ដោះ​អាសន្ន ហើយ​ទទេ​ស្អាត ។​​​

ពរជ័យ​នៃ​ការ​ប្រព្រឹត្ត​បរិសុទ្ធ

អាលម៉ា​បាន​ទូន្មាន​កូន​ប្រុស​លោក ស៊ីបឡុន ឲ្យ « ទប់​អស់​ទាំង​តណ្ហា​[ របស់​ខ្លួន ] ដើម្បី​ឲ្យ​[ គាត់ ]​អាច​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ » ( អាលម៉ា 38:12 ) ។ សំខាន់​ជាង​នេះ​ទៀត ការ​ដាក់​វិន័យ​ដល់​ភាព​ខាង​សាច់ឈាម​ក្នុង​ខ្លួន​យើង​ម្នាក់ៗ​ធ្វើ​ឲ្យ​កើត​មាន​នូវ​ក្ដី​ស្រឡាញ់​គ្មាន​ទី​បញ្ចប់​មួយ​ចំពោះ​ព្រះ និង​កូនចៅ​ទ្រង់ ។ ក្ដី​ស្រឡាញ់​កើន​ឡើង​ដោយ​ការ​អត់ធ្មត់​ដ៏​សុចរិត ហើយ​ធ្លាក់​ចុះ​​ដោយ​​ការ​តម្រូវ​ចិត្ត​ខ្វះ​ការ​គិត ។​

ប្រធាន ម៉ារ៉ុន ជី រ៉មនី បាន​ប្រកាស​ថា ៖​

« ខ្ញុំ​គិត​ថា​គ្មាន​ពរ​ណា​មួយ​មាន​ក្ដី​ប្រាថ្នា​​ខ្លាំង​ជាង​ពរ​ដែល​បាន​សន្យា​ដល់​ជន​​បរិសុទ្ធ ហើយ​មាន​គុណធម៌​ឡើយ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ពី​រង្វាន់​​ជាក់លាក់​សម្រាប់​គុណធម៌​​ផ្សេងៗ​ពី​គ្នា ប៉ុន្តែ​ទ្រង់​បាន​រក្សា​ទុក​នូវ​រង្វាន់​ដ៏​ធំ​បំផុត​​​ ​ហើយ​ខ្ញុំ​គិត​ថា​ជា​ជន​ដែល​ចិត្ត​បរិសុទ្ធ​ ទ្រង់​បាន​មាន​បន្ទូល​ថា ‹ ត្បិត​អ្នក​ទាំងនោះ​នឹង​បាន​ឃើញ​ព្រះ › ( ម៉ាថាយ 5:8 ) ។ ហើយ​ពួកគេ​មិន​ត្រឹម​តែ​ឃើញ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​នឹង​មាន​អារម្មណ៍​ស្រណុក​​ចិត្ត​ក្នុង​វត្តមាន​ទ្រង់ ។​

« នេះ​ជា​ ...​ការ​សន្យា​របស់​ព្រះអង្គ​​សង្គ្រោះ​ថា ៖ ‹ សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ​ឡើយ ខណៈ​នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ ›( គ . និង ស . 121:45 ) » ( « Trust in the Lord » Ensign ខែ ឧសភា ឆ្នាំ 1979 ទំព័រ 42 ) ។

យើង​ក៏​ត្រូវ​បាន​សន្យា​ផង​ដែរ​ថា ពេល​យើង​ដើរ​តាម​ផ្លូវ​នៃ​គុណធម៌ « ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ទៅជាគូ​កន​ជានិច្ច ​[ របស់​យើង ] »( គ . និង ស . 121:46 ) ។ ដូច្នេះ ការ​រស់​នៅ​តាម​ច្បាប់​ព្រហ្មចារី​ភាព​នាំ​មក​នូវ​ពរជ័យ​ដ៏​ធំ​បំផុត​មួយ​ចំនួន​ដែល​បុរស​ស្ត្រី​អាច​ទទួល​បាន​ក្នុង​ជីវិត​រមែង​ស្លាប់ ៖ ការ​ទុកចិត្ត​ខាង​វិញ្ញាណ​​សមរម្យ​​ក្នុង​វត្តមាន​គ្រួសារ មិត្ត សមាជិក​សាសនាចក្រ ​និង​ចុងក្រោយ​បង្អស់​គឺ​ព្រះអង្គ​សង្គ្រោះ ។ ក្ដី​ប្រាថ្នា​យើង​ពី​កំណើត​ត្រូវ​បាន​បំពេញ​ក្នុង​ភាព​សុចរិត ពេល​យើង​ដើរ​ក្នុង​ពន្លឺ​នេះ​ដោយ​ក្ដី សង្ឃឹម ។

គោលការណ៍​នៃ​ការ​ប្រែចិត្ត

អ្នក​រាល់គ្នា​មួយ​ចំនួន​ដែល​បាន​ទទួល​សារ​នេះ​ត្រូវ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ខាង​ផ្លូវ​ភេទ និង​អំពើ​បាប​ផ្សេងទៀត ។ ជារឿយៗ ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​គ្រូពេទ្យ​ម្នាក់​ដ៏​អស្ចារ្យ ហើយ​ងារ​នេះ​មាន​ទាំង​និមិត្ត​រូប និង​​សារៈសំខាន់​ដ៏​ពិត ។ យើង​គ្រប់​គ្នា​ធ្លាប់​ជួប​នូវ​ការ​ឈឺចាប់​ដោយ​កា​រ​រង​របួស​លើ​រូបកាយ ។​ ពេល​យើង​ឈឺចាប់​ដោយ​របួស ទូទៅ​យើង​ចង់ឲ្យ​បាន​ធូរ​ស្បើយ ហើយ​មាន​អំណរគុណ​ចំពោះ​ថ្នាំ​ពេទ្យ និង​ការ​ព្យាបាល​ដែល​ជួយ​សម្រាល​ការ​រងទុក្ខ​យើង ។ សូម​គិត​ថា​អំពើបាប​ជា​របួស​ខាង​វិញ្ញាណ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ទោស​ ឬ​ដូច​ដែល​អាលម៉ា​​និយាយ​ទៅ​កាន់​កូន​ប្រុស​គាត់​កូរីអាន់តុន​ថា « ការ​សោក​ស្ដាយ​នៅ​ក្នុង​ស្មារតី​មនុស្ស» ( អាលម៉ា 42:18) ។ កំហុស​ចំពោះ​​វិញ្ញាណ​ស្រដៀង​គ្នា​នឹង​ការឈឺចាប់​ក្នុង​រូបកាយ​យើង​ដែរ ---វា​ជា​ការ​​ព្រមាន​ពី​គ្រោះថ្នាក់ និង​ជា​ការ​​ការពារ​ពី​ការ​ខូចបង់​បន្ថែម​ទៀត ។ ក្នុង​ដង្វាយ​ធួន​នៃ​ព្រះអង្គ​សង្គ្រោះ​មាន​នូវ​ក្រមួន​សម្រាប់​ព្យាបាល​ដែល​អាច​ព្យាបាល​របួស​ខាង​វិញ្ញាណ​យើង ហើយ​ដក​យក​កំហុស ។ ប៉ុន្តែ ក្រមួន​នេះ​អាច​ប្រើ​តែ​តាមរយៈ​គោលការណ៍​នៃ​សេចក្ដី​ជំនឿ​ជឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ការ​ប្រែចិត្ត និង​ការ​គោរព​ប្រតិបត្តិ​ជានិច្ច​ប៉ុណ្ណោះ ។ លទ្ធផល​នៃ​ការ​ប្រែចិត្ត​ដោយ​ស្មោះ​ជា​ក្ដី​សុខសាន្ត​នៃ​អារម្មណ៍ ការ​លួងលោម និង​ការ​ព្យាបាល​ និង​ការ​ជំនួស​ខាង​វិញ្ញាណ ។ ​

ប៊ីស្សព និង​ប្រធាន​សាខា​អ្នក​ជា​ជំនួយ​ការ​គ្រូពេទ្យ​ខាង​វិញ្ញាណ​ដែល​បាន​សិទ្ធិ​អនុញ្ញាត​ដើម្បី​ជួយ​អ្នក​ប្រែចិត្ត ហើយ​បាន​ជា​សះស្បើយ ។ ប៉ុន្តែ​សូម​ចាំ​ថា វិសាលភាព និង​កម្រិត​នៃ​ការ​ប្រែចិត្ត​អ្នក​ត្រូវ​តែ​ស៊ី​គ្នា​នឹង​ធម្មជាតិ និង​ទំហំ​នៃ​អំពើ​បាប​អ្នក ---​ជាពិសេស​ ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ឋិត​នៅ​ក្រោម​សេចក្ដី​សញ្ញា​ពិសិដ្ឋ ។ របួស​ខាង​វិញ្ញាណ​ដ៏​ធំ​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ជា​បន្តបន្ទាប់​ និង​ពេលវេលា​ដើម្បី​បាន​សះ​ស្បើយ​ទាំង​ស្រុង ។

ការ​សន្យា និង​ទីបន្ទាល់

គោលលទ្ធិ​ដែល​ខ្ញុំ​បាន​លើក​ឡើង វា​ហាក់​បី​ដូចជា​ហួសសម័យ​ចំពោះ​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​​មួយ​ដែល​ចំអកយ៉ាង​ខ្លាំង​​ដល់​ភាព​បរិសុទ្ធ​នៃ​ការ​​​បង្កើត​ជីវិត ហើយ​បន្ទាប​តម្លៃ​នៃ​ជីវិត​មនុស្ស ។ ប៉ុន្តែ​សេចក្ដីពិត​របស់​ព្រះអម្ចាស់​ពុំ​បាន​កែប្រែ​ដោយ​ការ​និយម​មួយ​គ្រាៗ ភាព​ពេញ​និយម ឬ​ការ​បោះឆ្នោត​យក​មតិ​ជា​សាធារណៈ​នោះ​ទេ ។​ ខ្ញុំ​សូម​សន្យា​ថា ការ​គោរព​ប្រតិបត្តិ​ចំពោះ​ច្បាប់​ព្រហ្មចារី​ភាព​នឹង​បង្កើន​សុភមង្គល​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​ធ្វើ​ឲ្យយើង​មាន​​ការ​រីកចម្រើន​​ក្នុង​ភាព​អស់​កល្ប​​បាន ។ បរិសុទ្ធ​ភាព និង​គុណធម៌​នៅ​ពេល​នេះ​ តាំង​ពី​ដើម​ឡើយ និង​ជានិរន្តរ៍​តទៅ​នឹង​ក្លាយ​ជា « អ្វី​ដែល​មាន​តម្លៃ និង​វិសេស​វិសាល​បំផុត​លើ​អ្វីៗ​ទាំងអស់ » ( មរ៉ូណៃ 9:9 ) ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នេះ​ក្នុង​ព្រះនាម​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។​