ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែនៃព្រលឹងរបស់យើង
កាលយើងប្រែចិត្តពីអំពើបាបរបស់យើងពិតប្រាកដ នោះយើងអនុញ្ញាតឲ្យពលិកម្មដ៏ធួនរបស់ព្រះគ្រីស្ទ មានប្រសិទ្ធភាពលើជីវិតរបស់យើងទាំងស្រុង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ នៅព្រឹកថ្ងៃបុណ្យអ៊ីស្ទើរដ៏ត្រចះត្រចង់នេះ ដួងចិត្តរបស់ខ្ញុំរីករាយ កាលនឹកគិតពីទង្វើដ៏អស្ចារ្យ ដ៏មានអានុភាព ជាទង្វើដែលឥតប្រៀបផ្ទឹម ដែលបានកើតឡើងនៅក្នុងប្រវតិ្តសាស្រ្តមនុស្សលោក—ជាពលិកម្មដ៏ធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ពាក្យពេចន៍ដ៏ឧត្តុងឧត្តមរបស់ព្យាការី អេសាយ បានលើកតម្កើងភាពអស្ចារ្យ និងភាពមិនអត្មានិយមនៃការយាងចុះមករបស់ព្រះអង្គសង្គ្រោះ និងការពលិកម្ម ជំនួសឲ្យបុត្រាបុត្រីគ្រប់រូបរបស់ព្រះ ៖
« ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា ។
« តែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រីនោះ បានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់ » ។១
ទ្រង់ទទួលយកអំពើបាបរបស់មនុស្សលោកទាំងអស់ដោយស្ម័គ្រព្រះទ័យ លើកដាក់លើអង្គទ្រង់ ដោយត្រូវដំនឹងដែកគោលជាប់លើឈើឆ្កាងយ៉ាងព្រៃផ្សៃ ហើយបានយកឈ្នះលើសេចក្ដីស្លាប់នៅថ្ងៃទីបីដោយជោគជ័យ ២ព្រះយេស៊ូវបានប្រទានសារៈសំខាន់កាន់តែពិសិដ្ឋជាងពិធីបុណ្យរំលងដែលបានប្រទានឲ្យដល់សាសន៍អ៊ីស្រាអែលនៅសម័យបុរាណទៅទៀត ។ ៣ ដើម្បីបំពេញការព្យាករ ទ្រង់បានថ្វាយព្រះកាយ និងព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ជាការបូជាដ៏មហិមា និងចុងក្រោយបង្អស់៤ដើម្បីធ្វើឲ្យមានសុពលភាពនូវទំនៀមទម្លាប់ទីសម្គាល់ដែលត្រូវបានប្រើក្នុងការប្រារព្ធពិធីបុណ្យរំលងរបស់ព្រះអម្ចាស់ ។៥ ដើម្បីធ្វើដូច្នោះបាន ព្រះគ្រីស្ទបានដកពិសោធន៍នូវការរងទុក្ខខាងសាច់ឈាម និងខាងវិញ្ញាណដែលមនុស្សលោកមិនអាចយល់ ។ ព្រះអង្គសង្គ្រោះផ្ទាល់បានមានព្រះបន្ទូលថា
« ដ្បិតមើលចុះ យើងជាព្រះបានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ …
« គឺជាសេចក្ដីរងទុក្ខវេទនា ដែលបណ្ដាលឲ្យយើង គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខ ព្រមទាំងរូបកាយ និងវិញ្ញាណផង—ហើយដើម្បីកុំឲ្យយើងត្រូវផឹកពែងល្វីង ហើយរួញខ្លាច—
« ទោះជាយ៉ាងណាក៏ដោយ សូមព្រះវរបិតាបានសិរីល្អ ហើយយើងបានទទួលទាន និងសម្រេចការរៀបចំរបស់យើងចំពោះកូនចៅមនុស្ស » ។៦
ព្រះគ្រីស្ទបានបំពេញតាមព្រះហឫទ័យរបស់ព្រះវរបិតា៧តាមរយៈពលិកម្មជានិរន្តរ និងដ៏មានសេចក្ដីមេត្តាករុណារបស់ទ្រង់ ។ ទ្រង់យកឈ្នះទ្រនិចនៃសេចក្ដីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ៨ដែលបានកើតមានក្នុងពិភពលោកនេះដោយសារការធ្លាក់៩ហើយផ្ដល់ឱកាសឲ្យយើងទទួលបានសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ។១០
ព្រះយេស៊ូវគឺជាអង្គតែមួយដែលមានសមត្ថភាពដើម្បីសម្រេចពលិកម្មដ៏អស់កល្បជានិច្ច និងដ៏ល្អឥតខ្ចោះសម្រាប់យើងគ្រប់គ្នា ។១១ ទ្រង់ត្រូវបានជ្រើសរើស និងតែងតាំងមុនកំណើតលោកិយនៅក្នុងក្រុមប្រឹក្សាដ៏ធំនៅឯស្ថានសួគ៌ពីមុនពិភពលោកនេះត្រូវបានបង្កើតឡើងមកម្ល៉េះ ។១២ លើសពីនេះទៀត ដោយសារបានប្រសូតមកពីម្ដាយដែលជាមនុស្សរមែងស្លាប់ នោះទ្រង់គ្រងការស្លាប់ខាងសាច់ឈាម ប៉ុន្តែទ្រង់ជាព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះវរបិតា ទ្រង់មកពីព្រះ នោះទ្រង់គ្រងព្រះចេស្ដាដើម្បីប្រទានព្រះជន្មផ្ទាល់ ហើយមានព្រះជន្មរស់ឡើងវិញម្ដងទៀត ។១៣ បន្ថែមពីលើនេះ ព្រះគ្រីស្ទបានរស់នៅក្នុងជីវិតមួយដ៏ល្អឥតខ្ចោះដែលគ្មានស្នាមប្រឡាក់ ហេតុដូច្នោះហើយ ទ្រង់ត្រូវបានលើកលែងពីការទាមទារនៃសេចក្ដីយុត្តិធម៌ពីព្រះ ។១៤ នៅគ្រាខ្លះ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖
« សេចក្តីសង្គ្រោះពុំអាចមាននៅលើលោកនេះ ដោយគ្មានការសង្រួបសង្រួមពីព្រះយេស៊ូវគ្រីស្ទបានទេ ។
« ព្រះ … បានរៀបចំការបូជាមួយ ដោយប្រទានព្រះរាជបុត្រារបស់ទ្រង់ផ្ទាល់ជាអំណោយ ដែលនឹងត្រូវបញ្ជូននៅគ្រាដែលបានកំណត់ដើម្បី … បើកទ្វារឲ្យមនុស្សអាចចូលក្នុងវត្តមានរបស់ព្រះអម្ចាស់ » ។១៥
តាមរយៈការពលិកម្មរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានដកយកឥទ្ធិពលនៃសេចក្ដីស្លាប់ខាងសាច់ឈាមចេញ១៦ទ្រង់មិនបានលុបបំបាត់ការទទួលខុសត្រូវដើម្បីប្រែចិត្តពីអំពើបាបដែលយើងបានប្រព្រឹត្តនោះឡើយ ។១៧ ផ្ទុយទៅវិញ ទ្រង់បានអញ្ជើញយើងដោយក្ដីស្រឡាញ់ឲ្យផ្សះផ្សារនឹងព្រះវរបិតាដ៏អស់កល្បរបស់យើង ។ តាមរយៈព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ យើងអាចដកពិសោធន៍នូវការផ្លាស់ប្ដូរគំនិត និងដួងចិត្តដ៏ធំ ដោយមានឥវិយាបថថ្មីចំពោះព្រះ និងជីវិតជាទូទៅ ។១៨ នៅពេលយើងប្រែចិត្តពីអំពើបាបរបស់យើងដោយស្មោះសរ បង្វែរដួងចិត្ត និងឆន្ទៈរបស់យើងចំពោះព្រះ និងបទបញ្ញត្តិទ្រង់ នោះយើងអាចទទួលបានការអភ័យទោស ហើយទទួលអារម្មណ៍ពីព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដ៏ពេញបរិបូរណ៌ ។ ដោយក្តីមេត្តា យើងរួចផុតពីការរងទុក្ខដ៏ខ្លាំងក្លាដែលព្រះអង្គសង្គ្រោះបានស៊ូទ្រាំ ។១៩
អំណោយទាននៃការប្រែចិត្តគឺជាការសម្តែងនូវសេចក្ដីសប្បុរសរបស់ព្រះចំពោះបុត្រាបុត្រីទ្រង់ ហើយគឺជាការបង្ហាញពីព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមរបស់ទ្រង់ដើម្បីជួយយើងយកឈ្នះអំពើបាបដែលយើងប្រព្រឹត្ត ។ វាក៏ជាភស្ដុតាងនៃការស៊ូទ្រាំ និងការអត់ធ្មត់របស់ព្រះវរបិតាដ៏ពេញដោយក្តីស្រឡាញ់របស់យើងមានចំពោះភាពទន់ខ្សោយ និងគុណវិបត្តិនៃជីវិតរមែងស្លាប់របស់យើង ។ ប្រធាន រ័សុល អិម ណិលសុន ព្យាការីជាទីស្រឡាញ់របស់យើង បានហៅអំណោយទាននេះថាជា « គន្លឹះឆ្ពោះទៅកាន់សុភមង្គល និងភាពសុខសាន្ដក្នុងគំនិត » ។២០
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ទៅកាន់បងប្អូនថា កាលយើងប្រែចិត្តពីអំពើបាបរបស់យើងពិតប្រាកដ២១នោះយើងអនុញ្ញាតឲ្យពលិកម្មដ៏ធួនរបស់ព្រះគ្រីស្ទ មានប្រសិទ្ធភាពលើជីវិតរបស់យើងទាំងស្រុង ។២២ យើងនឹងរួចផុតពីសេវកភាពនៃអំពើបាប រកឃើញអំណរក្នុងដំណើររបស់យើងលើផែនដី ហើយមានសិទ្ធិទទួលបានសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដែលបានរៀបចំឡើងតាំងពីការបង្កបង្កើតលោកីយ៍មកសម្រាប់មនុស្សទាំងអស់ដែលជឿលើព្រះយេស៊ូវគ្រីស្ទ ហើយមករកទ្រង់ ។២៣
បន្ថែមពីលើនោះ ដើម្បីផ្ដល់នូវអំណោយទានដ៏មហិមានៃសេចក្តីសង្គ្រោះនេះ ព្រះអង្គសង្គ្រោះប្រទានដល់យើងនូវភាពធូរស្បើយ និងការលួងលោមចិត្ត កាលយើងប្រឈមនឹងទុក្ខវេទនា ការល្បួង និងភាពទន់ខ្សោយនៃជីវិតរមែងស្លាប់ រួមបញ្ចូលទាំងកាលៈទេសៈដែលយើងបានដកពិសោធន៍ថ្មីៗនេះនៅក្នុងគ្រានៃជំងឺរាតត្បាត ។ ខ្ញុំអាចអះអាងដល់បងប្អូនថា ព្រះគ្រីស្ទទ្រង់ញាណដឹងពីសេចក្ដីវេទនាដែលយើងដកពិសោធន៍នៅក្នុងជីវិតរមែងស្លាប់នេះជានិច្ច ។ ទ្រង់យល់នូវរាល់ភាពជូរចត់ ការឈឺចាប់ និងកង្វល់ខាងសាច់ឈាម ក៏ដូចជាឧបសគ្គខាងផ្លូវចិត្ត និងខាងវិញ្ញាណដែលយើងប្រឈមផងដែរ ។ ព្រះអង្គសង្រ្គោះពោរពេញដោយសេចក្តីមេត្តាករុណា ហើយទ្រង់ត្រៀមព្រះកាយជួយសង្រ្គោះយើងជានិច្ច ។ ការណ៍នេះអាចកើតឡើងបាន ពីព្រោះទ្រង់បានដកពិសោធន៍ និងលើកដាក់លើអង្គទ្រង់នូវការឈឺចាប់នៃភាពទន់ខ្សោយ និងទុក្ខវេទនាខាងសាច់ឈាមរបស់យើងដោយផ្ទាល់ ។២៤
ដោយមានព្រះទ័យស្លូតបូត និង រាបសា នោះទ្រង់បានយាងចុះក្រោមគ្រប់ទាំងអស់ ហើយបានទទួលយក ទោះជាត្រូវមនុស្សមើលងាយ បដិសេធ ហើយបន្ទាបបន្ថោក ព្រមទាំងរងរបួសព្រោះតែអំពើរំលង និងអំពើទុច្ចរិតរបស់យើងផង ។ ទ្រង់បានរងទុក្ខរឿងទាំងនេះសម្រាប់មនុស្សទាំងអស់គ្នា ដោយលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់ពិភពលោកនេះ២៥ហើយទ្រង់ក្លាយជាអង្គថែរក្សាខាងវិញ្ញាណរបស់យើងជានិរន្តរ ។
កាលយើងខិតកាន់តែជិតទ្រង់ ដោយអនុញ្ញាតឲ្យទ្រង់ជួយយើងខាងវិញ្ញាណ នោះយើងនឹងមានលទ្ធភាពដើម្បីលើកដាក់នឹមដ៏ងាយរបស់ទ្រង់ និងបន្ទុកដ៏ស្រាលរបស់ទ្រង់មកលើខ្លួនយើង ហើយក៏រកឃើញការលួងលោមចិត្ត និងទីសម្រាកដែលបានសន្យាផងដែរ ។ លើសពីនេះទៀត យើងនឹងទទួលបានកម្លាំងដែលយើងត្រូវការដើម្បីយកឈ្នះលើការលំបាក ភាពទន់ខ្សោយ និងភាពសោកសៅក្នុងជីវិត ដែលពិបាកស៊ូទ្រាំយ៉ាងខ្លាំង បើគ្មានជំនួយ និងព្រះចេស្ដាព្យាបាលរបស់ទ្រង់នោះទេ ។២៦ បទគម្ពីរបង្រៀនយើងឲ្យ « ផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក » ។២៧ « ហើយបន្ទាប់មកសូមព្រះទ្រង់សម្រាល [ យើងពី ] បន្ទុករបស់ [ យើង ] តាមរយៈអំណរនៃព្រះរាជបុត្រារបស់ [ ទ្រង់ ] » ។២៨
នៅជិតចុងឆ្នាំមុន ខ្ញុំបានទទួលដំណឹងមរណភាពរបស់ស្វាមីភរិយាជាស្រឡាញ់មួយគូរ ឈ្មោះ ម៉ារីយ៉ូ និង រេហ្គីណា អេមេរីក ដែលជាមនុស្សស្មោះត្រង់ចំពោះព្រះអម្ចាស់ ហើយបានស្លាប់ខុសគ្នាតែបួនថ្ងៃប៉ុណ្ណោះ ដោយសារតែជំងឺកូវីដ-១៩ ។
កូនប្រុសម្នាក់របស់ពួកគាត់ ដែលកំពុងបម្រើជាប៊ីស្សពនៅប្រទេសប្រេស៊ីល នាបច្ចុប្បន្ននេះបានប្រាប់ខ្ញុំដូចនេះ ៖ « វាពិបាកខ្លាំងណាស់ដើម្បីមើលឃើញឪពុកម្ដាយខ្ញុំចេញពីពិភពលោកទៅក្នុងស្ថានភាពបែបនេះ ប៉ុន្តែខ្ញុំអាចទទួលអារម្មណ៍យ៉ាងច្បាស់ពីព្រះហស្ដរបស់ព្រះអម្ចាស់ក្នុងជីវិតខ្ញុំនៅក្នុងសោកនាដកម្មនេះ ដោយសារខ្ញុំបានទទួលកម្លាំង និងសេចក្ដីសុខសាន្តដែលហួសពីចំណេះដឹងរបស់ខ្ញុំ ។ តាមរយៈសេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ខ្ញុំបានទទួលជំនួយពីព្រះដើម្បីពង្រឹង និងលួងលោមសមាជិកគ្រួសារខ្ញុំ និងមនុស្សទាំងអស់ដែលបានជួយយើងនៅគ្រាដ៏លំបាកនេះ ។ ទោះជាអព្ភូតហេតុដែលមនុស្សគ្រប់គ្នាសង្ឃឹមទុក មិនបានកើតឡើងក្ដី ក៏ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវអព្ភូតហេតុជាច្រើនទៀតដែលបានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ និងសមាជិកគ្រួសារខ្ញុំដែរ ។ ខ្ញុំបានទទួលភាពសុខសាន្តដែលពុំអាចពន្យល់បាន ដែលវាបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងដួងចិត្តខ្ញុំ ផ្ដល់សេចក្ដីសង្ឃឹម និងទំនុកចិត្តដល់ខ្ញុំទៅលើសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះខ្ញុំ និងលើផែនការនៃសុភមង្គលរបស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ ។ ខ្ញុំបានដឹងថា នៅគ្រាដែលពោរពេញដោយការឈឺចាប់ខ្លាំងបំផុត នោះព្រះហស្ដដែលពេញដោយក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះបានលាតសន្ធឹងជានិច្ច កាលយើងស្វែងរកទ្រង់អស់ពីដួងចិត្ត ថាមពល គំនិត និងកម្លាំង » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ នៅថ្ងៃអាទិត្យនៃបុណ្យអ៊ីស្ទើរនេះ ខ្ញុំសូមថ្លែងសាក្សីជាឧឡារិកថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញពីសេចក្ដីស្លាប់ ហើយថាទ្រង់មានព្រះជន្មរស់នៅ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ទៅកាន់បងប្អូនថា តាមរយៈទ្រង់ និងដង្វាយធួនដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះបានប្រទានផ្លូវឲ្យយើងយកឈ្នះសេចក្ដីស្លាប់ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ បន្ថែមពីលើពរជ័យដ៏មហិមាទាំងនោះ ទ្រង់ក៏បានប្រទានដល់យើងនូវការលួងលោមចិត្ត និងការអះអាងក្នុងគ្រាលំបាកៗផងដែរ ។ ខ្ញុំសូមអះអាងដល់បងប្អូនថា កាលយើងដាក់សេចក្តីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ ដោយកាន់ខ្ជាប់នឹងសេចក្ដីជំនឿរបស់យើងដរាបដល់ចុងបំផុត នោះយើងនឹងរីករាយចំពោះការសន្យានៃព្រះវរបិតាសួគ៌ជាទីស្រឡាញ់ដែលធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចទ្រង់ដើម្បីជួយយើងត្រឡប់ទៅទីវត្តមានទ្រង់វិញនៅថ្ងៃណាមួយ ។ នេះជាកិច្ចការរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់ !២៩ ខ្ញុំសូមថ្លែងទីបន្ទាល់ទៅកាន់បងប្អូនថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះនៃពិភពលោក ជាព្រះមែស៊ីដែលបានសន្យា ជាការរស់ឡើងវិញ និងជីវិត ។៣០ ហើយខ្ញុំសូមចែកចាយសេចក្ដីពិតទាំងនេះជាមួយនឹងបងប្អូននៅក្នុងព្រះនាមដ៏ពិសិដ្ឋ ជាព្រះរាជបុត្រាបង្កើតតែមួយនៃព្រះបិតា ជាព្រអម្ចាស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។