សន្និសីទទូទៅ
អំណាច​នៃការ​ផ្សារភ្ជាប់
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


14:25

អំណាច​នៃការ​ផ្សារភ្ជាប់

អំណាច​នៃការ​ផ្សារភ្ជាប់ ធ្វើ​ឲ្យ​មាន​សេចក្ដីសង្គ្រោះ​ដល់​បុគ្គល​ម្នាក់ៗ ហើយ​មាន​ភាព​តម្កើង​ឡើង​ដល់​គ្រួសារ​​ជា​សាកល​ចំពោះ​កូនចៅ​នៃ​ព្រះ ។

យ៉ាងហោច​ណាស់ វាបាន​ព្យាករ​​ចាប់តាំង​ពី​ជំនាន់ អេសាយ ថានៅ​ថ្ងៃ​ចុង​ក្រោយ រាស្ដ្រ​នៃ​សេចក្ដី​សញ្ញា​ពីបុរាណ​របស់​ព្រះអម្ចាស់ ជា​វង្ស​អ៊ីស្រាអែល គួរតែ « ប្រមូល​មក​ពី​ការ​បែកខ្ញែក​ដ៏​យូរ ពី​ពួក​កោះ​ក្នុង​សមុទ្រ និង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី » ហើយ​បាន​ស្តារ « ដែនដី​ទាំង​ឡាយ​នៃ​កេរ្តិ៍​អាករ​របស់​គេ​វិញ » ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ញឹក​ញាប់ និង​ដោយ​អានុភាព អំពី​ការ​ប្រមូល​ផ្ដុំ​នេះ ដោយ​ហៅ​ការណ៍​នេះ​ថា « គឺ​ជាកិច្ចការ​ដ៏​សំខាន់បំផុត​មាន​នៅ​លើ​ផែនដី​សព្វថ្ងៃនេះ » ។

តើ​អ្វីជា​គោលបំណង​នៃ​ការប្រមូលផ្តុំ​នេះ ?

តាមរយៈ​វិវរណៈ​ទៅកាន់​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​ប្រកាស ពី​គោលបំណង​មួយ​គឺ​ជា​ការ​ការពារ​រាស្រ្ត​នៃ​សេចក្តីសញ្ញា ។ ទ្រង់​មាន​បន្ទូល​ថា « ហើយ​ប្រយោជន៍​ឲ្យ​ការប្រមូល​គ្នា​មកលើ​ដែនដី​ស៊ីយ៉ូន និង មក​លើ​ស្តេក​ទាំងឡាយ​របស់​នាង [ នឹង ]​បាន​ទៅ​ជា​ទីការពារ និង ជា​ទីជ្រក​កោន​ពី​ព្យុះ​សង្ឃរា និង ពី​សេចក្តីក្រោធ​ដែល​ឥត​លាយឡំ​កាល​ត្រូវបាន​ចាក់បង្ហូរ​មក​លើ​ផែនដី​ទាំងមូល » ។ ពាក្យ « សេចក្ដី​ក្រោធ » នៅ​ក្នុង​បរិបទ​នេះ បើតាមការ​យល់​ឃើញ​អាច​ជា​ផលវិបាក​ពី​ធម្មជាតិ មកពីការ​រីករាលដាល​ក្នុង​ការ​មិន​គោរព​តាម​ក្រឹត្យវិន័យ និង​ព្រះបញ្ញត្តិ​របស់​ព្រះ​ ។

អ្វី​ដែល​សំខាន់​បំផុត គោលបំណង​នៃ​ការប្រមូលផ្តុំ​គឺ​នាំយក​ពរជ័យ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​ដល់​អស់អ្នក​ដែលនឹង​ទទួល​យក ។ វា​គឺជា​របៀប​ដែល​ការសន្យា​នៃ​សេចក្ដី​សញ្ញា​ដែល​ប្រទាន​ដល់​អ័ប្រាហាំ​ត្រូវ​បាន​យល់ដឹង ។ ព្រះអម្ចាស់​បាន​ប្រាប់ទៅ អ័ប្រាហាំ ថា​តាមរយៈ​ការងារ​បម្រើ​នៃ​ពូជ​របស់​លោក « អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី [ នឹង ] បាន​ពរ គឺ​ដោយ​ព្រះពរ​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​ជា​ព្រះពរ​ទាំងឡាយ​ខាង​សេចក្ដីសង្គ្រោះ គឺ​ខាង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ ប្រធាន ណិលសុន បានបញ្ជាក់​តាមវិធីនេះ ៖ « នៅពេល​យើង​ឱបក្រសោប​ដំណឹងល្អ​នេះ ហើយ​បាន​ទទួល​បុណ្យជ្រមុជទឹក នោះ​យើង​លើកដាក់​លើខ្លួន​យើង​នូវ​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​ទ្វារ​ដែល​នាំ​ទៅកាន់​ការប្រែ​ក្លាយ​ជា​អ្នកស្នង​មរតក​រួមគ្នា​ចំពោះ​សេចក្តី​សន្យា​ទាំងអស់ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពីបុរាណ​ដល់​អ័ប្រាហាំ អ៊ីសាក យ៉ាកុប និង​កូនចៅ​របស់​ពួកលោក ។

ក្នុងឆ្នាំ ១៨៣៦ ម៉ូសេ​បាន​លេច​មក​ចំពោះ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់​ហើយ « បាន​ប្រគល់​… កូន​សោ​ទាំង​ឡាយ នៃ​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ពី​ទិស​ទាំង​បួន​នៃ​ផែនដី » ។ « នៅក្នុង​ឳកាស​ដដែលនោះ អេលីយ៉ាស​បាន​លេច​មក ហើយ « បាន​ប្រគល់​គ្រា​កាន់​កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​លោក​អ័ប្រាហាំ​ដោយ​ប្រាប់​ថា នៅ​ក្នុង​យើង និង​ពូជ​របស់​យើង នោះ​អស់​ទាំង​តំណ​មនុស្ស​បន្ទាប់​ពី​យើង​មក​នឹង​បាន​ពរ » ។ ដោយ​សិទ្ធិ​អំណាច​នេះ ឥឡូវ​នេះ យើង​នាំយក​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ—ដំណឹង​ល្អ​នៃ​ការ​ប្រោសលោះ​តាមរយៈ​ទ្រង់—ទៅគ្រប់​ទិសទី និង​គ្រប់​បណ្តាជន​នៃ​ផែនដី ហើយ​ប្រមូល​អស់​អ្នក​ដែល​មានបំណង​ចូល​ក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ ។ ពួកគេ ក្លាយជា « ពូជ​នៃ​លោក​អ័ប្រាហាំ និង​ជា​សាសនាចក្រ និង​នគរ និង​ជា​ពួក​រើស​តាំង​នៃ​ព្រះ » ។១០

នៅ​ក្នុង​ឱកាស​ដដែល​នោះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ មាន​សារទូត​សួគ៌ា​ទី​បី​រូប​បាន​លេច​មក​ចំពោះ​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ ខ្ញុំ​សូមថ្លែង​អំពី​ព្យាការី អេលីយ៉ា និង​សិទ្ធិអំណាច និង​កូនសោ ដែលលោក​បានស្ដារ​ឡើងវិញ ខ្ញុំ​ចង់​និយាយ​អំពី​រឿងនេះ​នា​ថ្ងៃនេះ ។១១ គឺ​អំណាច​ដើម្បី​ធ្វើឲ្យ​ពិធី​បរិសុទ្ធ​បព្វជិត​ភាព​ទាំងអស់​មាន​សុពលភាព និង​ធ្វើ​ឲ្យ​អំណាច​នេះ​អាច​ចងភ្ជាប់​ទាំង​ផែនដី និង ស្ថានសួគ៌—អំណាច​នៃ​ការ​ផ្សារភ្ជាប់—គឺសំខាន់​ណាស់​សម្រាប់​ការប្រមូល​ផ្ដុំ និង​រៀបចំ​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា នៅ​ផ្នែក​ទាំង​សងខាង​នៃ​វាំងនន ។

កាល​ប៉ុន្មាន​ឆ្នាំ​មុន មរ៉ូណៃ​បាន​ប្រាប់​ដល់​យ៉ូសែប ស្ម៊ីធ​យ៉ាង​ច្បាស់​ថា អេលីយ៉ា​នឹង​នាំ​មក​នូវ​សិទ្ធិ​អំណាច​បព្វជិតភាព​សំខាន់ៗ ៖« មើលចុះ យើងនឹង​បើក​សម្ដែង​ដល់អ្នករាល់​គ្នានូវ​បព្វជិតភាព ដោយ​ដៃ​នៃ​លោក អេលីយ៉ា ជាព្យាការី » ។១២ ក្រោយមក​យ៉ូសែប ស៊្មីធ បានពន្យល់ ៖ « ហេតុអ្វី​បានជា​បញ្ជូន អេលីយ៉ា​ឲ្យមក ? ដោយ​សារ​លោក​កាន់​កូនសោ​នៃ​សិទ្ធិ​អំណាច ដើម្បី​ធ្វើការបម្រើ​ក្នុង​គ្រប់​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ហើយ [ លុះត្រាតែ ] សិទ្ធិអំណាច​បាន​ប្រគល់​ឲ្យ បើពុំនោះទេ ពិធីបរិសុទ្ធ​មិនអាច​ប្រព្រឹត្ត​ទៅ​ដោយ​សុចរិត​បានឡើយ » ១៣ពិធី​បរិសុទ្ធ​នឹង​មិន​សុពល សម្រាប់​ពេល​នេះ និង អស់​កល្ប​ជានិច្ច​ទេ » ។១៤

នៅ​ក្នុង​ការ​បង្រៀន​មួយ​ដែល​ឥឡូវ​នេះ​បាន​អនុមតិ​ជា​ខគម្ពីរ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ព្យាការី បាន​ថ្លែង​ថា ៖ « ការណ៍​នេះ​អាច​មើល​ទៅ​ថា ជា​គោល​លទ្ធិ​មួយ​ដ៏​ធំ​ដុំ​ណាស់ ដែល​យើង​យក​មក​និយាយ​ថា—អំណាច​ដែល​កត់ ឬ​ចង​នៅ​ផែនដី ហើយ​ចងទុក​នៅ​ស្ថាន​សួគ៌​ដែរ ។ ទោះ​ជា​យ៉ាង​ណា នៅ​គ្រប់​សម័យ​កាល ពេលណា​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​នូវ​ការ​កាន់កាប់​ត្រួតត្រា​នៃ​បព្វជិតភាព​ដល់​មនុស្ស​ណា​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​ណាមួយ ដោយ​វិវរណៈ​ជាក់ស្ដែង នោះ​អំណាច​នេះ​ក៏​ត្រូវ​បាន​ប្រទាន​ឲ្យ​ជា​ដរាប​ដែរ ។ ម្ល៉ោះ​ហើយ អ្វី​ក៏​ដោយ​ដែល​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​បាន​ប្រព្រឹត្ត​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ហើយ​បាន​ប្រព្រឹត្ត ដោយ​ពិត​ស្មោះត្រង់ ហើយ​បាន​កត់​បញ្ជី​ត្រឹម​ត្រូវ និង​ស្មោះត្រង់​នូវ​អ្វី​ទាំង​នោះ ការណ៍​នោះ​បាន​ក្លាយ​ទៅ​ជា​ក្រឹត្យ​វិន័យ​នៅ​ផែនដី និង​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​មិន​អាច​បំបាត់​បាន​ឡើយ ស្រប​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​យេហូវ៉ា​ដ៏​មហិមា » ។១៥

យើង​មាន​ទំនោរ​គិតថា សិទ្ធិអំណាច​នៃការ​ផ្សារភ្ជាប់ អនុវត្ត​តែចំពោះ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​មួយចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​សិទ្ធិ​អំណាច​នោះ​គឺចាំបាច់​ដើម្បីធ្វើ​ឲ្យ​ពិធី​បរិសុទ្ធ​នានា​មាន​ប្រសិទ្ធភាព ហើយ ចងភ្ជាប់​ហួសពី​សេចក្ដីស្លាប់ ។១៦ អំណាច​នៃការ​ផ្សារភ្ជាប់​បិទត្រា​ស្របច្បាប់​លើ​ពិធីបុណ្យជ្រមុជទឹក​របស់​បងប្អូន ឧទាហរណ៍ ដូច្នេះ​វា​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ទីនេះ និង​ស្ថានសួគ៌ ។ ទីបំផុត ពិធីបរិសុទ្ធ​បព្វជិតភាព​ទាំងអស់ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កូនសោ​នៃ​ប្រធាន​សាសនាចក្រ ដូចជា​ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់ ៖ « [ ប្រធាន​សាសនាចក្រ ] បាន​ប្រគល់​សិទ្ធីអំណាច​ដល់​យើង លោក​បាន​ដាក់​អំណាច​នៃ​ការ​ផ្សារភ្ជាប់​នៅ​ក្នុង​បព្វជិតភាព​របស់​យើង ដោយ​សារ​លោក​កាន់​កូនសោ​ទាំងនោះ » ។​១៧

មាន​គោលបំណង​សំខាន់​មួយទៀត​ក្នុង​ការប្រមូលផ្តុំ​អ៊ីស្រាអែល​ដែលមាន​អត្ថន័យ​ពិសេស​នៅពេលយើង​និយាយ​អំពី​ពិធី​ផ្សារភ្ជាប់​នៅលើ​ផែនដី និង​នៅស្ថានសួគ៌ — នោះគឺជា​ការសាងសង់ និង​ដំណើរ​ការ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ កាល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា « តើ​អ្វី​ជា​វត្ថុ​បំណង​នៃ​ការប្រមូល​ផ្តុំ …រាស្ត្រ​នៃ​ព្រះ​នៅ​គ្រប់​ជំនាន់​នៃ​មនុស្ស​លោក ? … គោលបំណង​ចម្បង គឺ​ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ​អម្ចាស់ ជាទី​ដែល​ទ្រង់​អាច​បើក​សម្ដែង ដល់​រាស្ត្រ​ទ្រង់​នូវ​ពិធីបរិសុទ្ធ​នៃដំណាក់​ទ្រង់ និង​សិរីល្អ​នៃ​នគរ​ទ្រង់ ហើយ​បង្រៀន​ពួកគេ​អំពី​របៀប​នៃ​សេចក្ដី​សង្គ្រោះ ដ្បិត​មាន​ពិធី​បរិសុទ្ធ និង​គោលការណ៍​ជាក់លាក់ ពេល​វា​ត្រូវ​បង្រៀន ហើយ​អនុវត្ត​គឺ​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​កន្លែង​មួយ ឬ ក្នុង​ដំណាក់​ដែល​បាន​សង់​ឡើង​ដើម្បី​គោលបំណង​នោះ​ » ។១៨

សុពលភាព​ដែល​អំណាច​នៃ​ការ​ផ្សារភ្ជាប់​ផ្តល់​ដល់ ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​រួមមាន​ពិធីបរិសុទ្ធ​ផ្សេងៗ​ដែល​ធ្វើឡើង​នៅ​កន្លែង​ដែល​ព្រះអម្ចាស់​បាន​កំណត់​—​គឺ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ នៅទីនេះ យើង​ឃើញពី​ភាពអស្ចារ្យ និង​ភាព​ពិសិដ្ឋ​នៃអំណាច​នៃការ​ផ្សារភ្ជាប់​—​វាធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ទទួល​បាន​សេចក្តី​សង្គ្រោះ និង​ភាព​លើក​តម្កើង​ដែល​វា​មាន​ជាសកល​សម្រាប់​បុត្រាបុត្រី​របស់​ព្រះ​នៅ​គ្រប់ទី​កន្លែង និង​គ្រប់ពេល​ខណៈ​ពេល​រស់នៅ​លើ​ផែនដី ។ គ្មាន​ទ្រឹស្ដី ឬទស្សនវិជ្ជា ឬ​សិទ្ធិអំណាច​ណាផ្សេង​អាច​ប្រៀប​ផ្ទឹម​នឹង ឱកាស​ដែល​រួម​បញ្ចូល​ពិធីការ​ទាំងអស់​នេះ​ទេ ។ អំណាច​នៃ​ការផ្សារភ្ជាប់​នេះ​គឺជា​ការបង្ហាញ​ដ៏ឥតខ្ចោះ​អំពី​សេចក្ដីយុត្តិធម៌ ក្តីមេត្តា​និង​ក្តីស្រឡាញ់​របស់ព្រះ ។

ដោយ​មាន​សិទ្ធិ​ទទួល​បាន​អំណាច​នៃ​ការ​ផ្សារភ្ជាប់ នោះ​ដួងចិត្ត​របស់​យើង​បាន​បង្វែរ​ទៅ​រក​បុព្វការីជន​ដែល​បាន​ស្លាប់ទៅ​ពីមុន ។ ការប្រមូលផ្ដុំ​នៅថ្ងៃ​ចុងក្រោយ​ដើម្បី​ចូលទៅ​ក្នុង​សេចក្តីសញ្ញា​ត្រូវ​ឆ្លងកាត់​វាំងនន ។ តាម​លំដាប់​ដ៏​ឥតខ្ចោះ​របស់ព្រះ អ្នក​នៅរស់​មិនអាច​ទទួល​បាន​បទពិសោធន៍​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ពេញលេញ​ដោយ​គ្មាន​ភ្ជាប់​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​ទៅនឹង « ឪពុក » ដែលជា​បុព្វការីជន​របស់យើង​នោះទេ ។ ម្យ៉ាងទៀត ការរីក​ចម្រើន​នៃ​អស់​អ្នក​ដែលនៅ​ម្ខាងនៃ​វាំងនន ឬ​អ្នក​ដែល​ឆ្លងកាត់​វាំងនន​នៃ​សេចក្តីស្លាប់ ដោយ​មិន​បានទទួល​ប្រយោជន៍​ពី​ការផ្សារភ្ជាប់ គឺពុំ​បាន​ទទួល​ពេញលេញ​ទេ​ទាល់​តែ​ពួក​គេ និង​យើង កូនចៅ​ពួកគេ ហើយ​យើង​និង​ពួកគេ ត្រូវ​បានចងភ្ជាប់​ដោយ​ពិធីបរិសុទ្ធ​ផ្សេងៗតាម​លំដាប់​នៃ​ព្រះ ។១៩ ការប្តេជ្ញាចិត្ត​ជួយគ្នា​ទៅវិញ​ទៅមក​ឆ្លងកាត់​វាំង​នន​អាច​ចាត់ទុកថា ជា​ការសន្យា​នៃ​សេចក្ដីសញ្ញា​មួយ ដែល​ជាផ្នែក​មួយ​នៃ​សេចក្តីសញ្ញាថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច ។ តាម​សម្ដី​របស់​យ៉ូសែប ស៊្មីធ ថា​យើងចង់ « ផ្សារភ្ជាប់​បុព្វការី​ជន​របស់យើង ដើម្បី​ឆ្ពោះទៅមុខ [ ជាមួយយើង ] នៅក្នុង​ដំណើរ​រស់ឡើងវិញ​ដំបូង » ។២០

ការ​បើកសម្តែង​ដ៏ខ្ពង់ខ្ពស់ និង​បរិសុទ្ធ​បំផុត​នៃ​អំណាច​នៃការ​ផ្សារភ្ជាប់​គឺនៅក្នុង​ការ​រួបរួម​ដ៏អស់​កល្ប​របស់​បុរស និង​ស្ត្រី​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ និង​ការផ្សារ​ភ្ជាប់​មនុស្សលោក​ទៅ​គ្រប់​ជំនាន់​របស់​ពួកគេ ។ ដោយសារ​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងនេះ គឺពិសិដ្ឋ​បំផុត នោះ​ប្រធាន​សាសនាចក្រ​មើល​ទៅលើ​ការ​ផ្ទេរសិទ្ធិ​នេះ​ទៅដល់​អ្នក​ដទៃ​ដោយ​ផ្ទាល់ ។ ប្រធាន​ហ្គ័រដិន ប៊ី ហ៊ីងគ្លី បាន​មាន​ប្រសាសន៍​ក្នុង​គ្រា​មួយថា « ខ្ញុំបាន​និយាយ​ច្រើន​ដង​ហើយ​ថា បើ​គ្មាន​អ្វី​ផ្សេង​ពី​ភាព​សោកសៅ ការ​ឈឺចាប់ និងការ​ប៉ះទង្គិច​យ៉ាងខ្លាំង​ដោយសារ​ការ​ស្ដារឡើងវិញ​ក្រៅពី​អំណាច​នៃ​ការ​ផ្សារភ្ជាប់ នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​ដើម្បី​ចង​ក្រុមគ្រួសារ​ជាមួយ​គ្នា​ជានិរន្ដរ៍​នោះទេ នោះ​វា​មាន​តម្លៃ​សម​ហើយ » ។២១

បើគ្មាន​ការផ្សារភ្ជាប់​ដែល​បង្កើត​ក្រុមគ្រួសារ​ដ៏អស់​កល្ប​ជានិច្ច ហើយ​ភ្ជាប់​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ៗ​ទៀត​ទេ នោះយើង​នឹងត្រូវ​បានទុក​ចោល​នៅ​ក្នុងភាព​អស់កល្ប​ជានិច្ច ដោយ​គ្មានទាំង​ឫស ឬ​មែក— ដែល​គ្មាន​ទាំង​បុព្វការីជន ឬ​កូនចៅ​ទេ ។ វាគឺជា​ស្ថានភាព​រសាត់អណ្តែត ផ្តាច់​ទំនាក់ទំនង​គ្នា ឬម្យ៉ាង​វិញ​ទៀតថា ជា​ទំនាក់​ទំនង​ដែល​រារាំង​ទំនាក់​ទំនង​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដែល​តែងតាំង​ដោយព្រះ ២២ ឬ​ម្យ៉ាងវិញទៀតថា វា​នឹង​បង្អាក់​ដល់​គោលបំណង​នៃ​ការបង្កើត​ផែនដី ។ បើវា​ក្លាយជា​លំនាំ នោះ​គឺ​វា​ស្មើនឹង​ផែនដី​នេះ​ត្រូវ​បាន​វាយ​ដោយ​បណ្តាសា ឬ « កម្ទេច​ចោល​សូន្យឈឹង » ក្នុង​កាល​ព្រះអម្ចាស់​យាង​មក ។២៣

យើង​អាច​មើលឃើញ​ពី​មូលហេតុ​ដែល « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃកូនចៅ​របស់​ទ្រង់ » ។២៤ ក្នុងពេល​ដំណាល​គ្នានេះ យើង​ទទួល​ស្គាល់ថា​នៅក្នុងវត្តមាន​ដែល​មិន​ឥតខ្ចោះនេះ មនុស្ស​មួយចំនួន គិត​ថា រឿងនេះ ពុំ​មែន​ជាការពិត ឬ​អាច​ទៅ​រួច​នោះ​ទេ ។ ប៉ុន្តែ​យើង​មាន​ក្តីសង្ឃឹម​លើ​ព្រះគ្រីស្ទ ។ ខណៈពេល​យើង​រង់ចាំ​ព្រះអម្ចាស់ ប្រធាន អិម រ័សុល បាឡឺដ បានរំព្ញក​យើងថា « ព្រះគម្ពីរ និង​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ​បញ្ជាក់​ថា មនុស្ស​គ្រប់គ្នា​ដែល​ស្មោះត្រង់​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ នឹង​មាន​ឱកាស​សម្រាប់​ភាពលើក​តម្កើង » ។២៥

អ្នក​ខ្លះ​បាន​ជួប​ប្រទះ​នឹង​ស្ថានភាព​គ្រួសារ​មិន​សប្បាយ​ចិត្ត និង​ឈឺថ្កាត់ ហើយ​​ប្រាថ្នា​ចង់​បាន​ទំនាក់​ទំនង​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​ខ្លះ ។ អែលឌើរ ដេវីឌ អេ បែដណា បានធ្វើការ​សង្កេត​លើរឿងនេះ ៖ « ចំពោះ​បងប្អូន​ដែល​បាន​ជួប​ការ​ឈឺចាប់​ដោយសារ​ការ​លះ​លែង​គ្នា​នៅ​ក្នុង​គ្រួសារ ឬ​ឈឺចាប់​ដោយសារ​ការ​បំពាន​ទំនុក​ចិត្ត សូម​ចាំ​ថា វា​ចាប់​ផ្ដើម ម្តងទៀត​ជាមួយ​នឹង​បងប្អូន [ នោះ​ជាលំនាំ​របស់​ព្រះ​សម្រាប់​ក្រុមគ្រួសារ ] ! ចំណង​ភ្ជាប់​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន​អាច​នឹង​ត្រូវ​ផ្ដាច់ ប៉ុន្តែ​ចំណង​ភ្ជាប់​សុចរិត​ផ្សេង​ទៀត និង​អ្វី​ដែល​នៅ​សេស​សល់​នៃ​តំណ​ភ្ជាប់​នោះ​គឺ​មាន​សារៈ​សំខាន់​ដ៏​អស់​កល្ប ។ បងប្អូន​អាច​បន្ថែម​កម្លាំង​ដល់​តំណ​ភ្ជាប់​របស់​បងប្អូន ហើយ​ប្រហែល​ជា​ជួយ​ស្ដារ​ចំណង​ដែល​ដាច់​នោះ​ឡើង​វិញ​ផង ។ កិច្ចការ​នោះ​អាច​សម្រេច​បាន​ម្ដង​មួយៗ » ។២៦

នៅ​ក្នុង​ពិធី​បុណ្យសព​របស់ ស៊ិស្ទើរ ផាត ហូឡិន ជា​ភរិយា​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន កាលពី​ខែកក្កដា​កន្លងទៅ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖ « ថ្ងៃណាមួយ ផាទ្រីស្សា និង ជែហ្វ្រី នឹង​ជួបជុំ​គ្នាម្តង​ទៀត ។ ក្រោយមក កូនៗ និងកូនចៅ​ជំនាន់​ក្រោយ​ដែល​គោរព​សេចក្តី​សញ្ញា​របស់​ពួកគេនឹង​ចូលរួម​ជាមួយ​ពួកគេ ដើម្បី​ទទួល​បទពិសោធន៍​នៃ​ភាព​ពេញលេញ​នៃ​អំណរ​ដែលព្រះ​រក្សាទុក​សម្រាប់​បុត្រាបុត្រី​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ។ សូម​ដឹង​ថា​យើង​យល់ដឹង​ថា​ថ្ងៃ​ដ៏សំខាន់​បំផុត​ក្នុង​ជីវិត​របស់ ផាទ្រីស្សា ពុំ​មែន​ជាថ្ងៃ​កំណើត ឬ​ថ្ងៃ​មរណភាព​របស់​គាត់​ទេ ។ ថ្ងៃ​ដ៏សំខាន់​បំផុត​របស់​គាត់​គឺ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ១៩៦៣ ជា​ពេល​ដែល​គាត់ និង ជែហ្វ្រី បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារបរិសុទ្ធ  សេន ចច … ហេតុអ្វី​បាន​ជា​ការណ៍នេះ​សំខាន់​ម្ល៉េះ ? ព្រោះតែ​ផែនដី​បាន​បង្កើត​ឡើង​ ដើម្បី​ក្រុមគ្រួសារ​អាច​បង្កបង្កើត និង​ផ្សារភ្ជាប់​នឹងគ្នា ។ សេចក្ដីសង្គ្រោះ​គឺជា​កិច្ចការ​នៃ​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​ភាពលើក​តម្កើង​ឡើង​គឺជា​កិច្ចការ​ជាគ្រួសារ​មួយ ។ គ្មាន​នរណាម្នាក់​អាច​ទទួល​បាន​ភាព​លើកតម្កើង តែ​ម្នាក់ឯង​ទេ » ។

ពេល​កន្លងទៅនេះ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ចូល​រួម​ជា​មួយ​មិត្ត​សម្លាញ់​ម្នាក់​ក្នុង​បន្ទប់​ផ្សារភ្ជាប់​នៃ​ព្រះវិហារ​បរិសុទ្ធ បោនទីហ្វុល យូថាហ៍ ។ ខ្ញុំ​បាន​ជួប​មិត្ត​ម្នាក់​នេះ​ជា​លើក​ដំបូង​កាល​គាត់​នៅ​ក្មេង​រស់នៅ ខដូបា ប្រទេស អាហ្សង់ទីន ។ ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់ខ្ញុំ និង​ខ្ញុំកំពុង​ដើរ​ជួប​និយាយ​នឹង​មនុស្សនៅ​តំបន់​មួយ ដែលនៅ​មិន​ឆ្ងាយ​ពីការិយាល័យ​បេសកកម្ម​ប៉ុន្មានទេ ហើយ​គាត់​បាន​បើក​ទ្វារ នៅពេល​យើង​ទៅដល់​ផ្ទះគាត់ ។ ដល់​ពេលមួយ​គាត់​និង​ម្ដាយ ព្រមទាំង​បងប្អូន​បង្កើត​គាត់​បាន​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ពួកគេ​បន្ត​នៅ​ជា​សមាជិក​ដ៏​ស្មោះត្រង់ ។ គាត់​គឺ​ជា​ស្ត្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ហើយ​ថ្ងៃ​នេះ​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ផ្សារភ្ជាប់​ឪពុកម្ដាយ​គាត់ដែល​បាន​ស្លាប់​ទៅ​នោះ​ជាមួយ​គ្នា ហើយ​បន្ទាប់​មក​ផ្សាភ្ជាប់​គាត់​ទៅ​នឹងឪពុកម្ដាយ ។

គូស្វាមីភរិយា​ដែល​ជាមិត្ត​ជិតស្និទ្ធ​រាប់​ឆ្នាំ​មកនេះ​បាន​ធ្វើជា​តំណាង​ឲ្យ​ឪពុក​ម្តាយ​របស់គាត់​នៅ​ឯ​ទី​អាសនា ។ វាជាពេល​វេលា​ដ៏រំជួលចិត្ត​មួយ ដែលកាន់​តែ​ផ្អែមល្ហែម នៅពេល​មិត្ត​ជនជាតិ​អាហ្សង់ទីន​របស់យើង​បានផ្សារភ្ជាប់​ជាមួយនឹង​ឪពុកម្តាយ​របស់គាត់ ។ ពួកយើង​មានគ្នា​តែ​ប្រាំមួយ​នាក់​ប៉ុណ្ណោះ​​នៅរសៀល​ដ៏ស្ងប់ស្ងាត់​​ចេញ​ពី​ពិភពលោក​នោះ ប៉ុន្តែ​ជារឿង​ដែល​សំខាន់​បំផុត​មួយ​កំពុងកើត​ឡើងលើ​ផែនដី​នេះ ។ ខ្ញុំ​ពេញចិត្ត​ដែល​តួនាទី និង​ទំនាក់ទំនង​របស់​ខ្ញុំ​បាន​បំពេញ​ពេញលេញ ចាប់ពី​គ្រា​ដែល​គោះ​ទ្វារផ្ទះ​គាត់ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង រហូតដល់ការ​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ការ​ផ្សារភ្ជាប់ ដែល​ភ្ជាប់​គាត់​ទៅ​នឹង​ឪពុកម្ដាយ និង​បុព្វការីជន​របស់​គាត់ ជាច្រើន​ឆ្នាំ​ក្រោយមក​នោះ ។

នេះ​ជា​ទិដ្ឋភាព​ដែល​កើត​ឡើង​ឥត​ឈប់ឈរ​នៅ​ជុំវិញ​ពិភពលោក​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ នេះ​គឺជា​ជំហាន​ចុង​ក្រោយ​បង្អស់​ក្នុង​ការ​ប្រមូល​ផ្តុំ​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា ។ វាគឺ​ជា​ឯកសិទ្ធិ​ខ្ពស់បំផុត​នៃ​សមាជិកភាព​របស់​បងប្អូន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសន្យាថា នៅពេល​បងប្អូន​ស្វែងរក​ឯកសិទ្ធិ​នោះ​ដោយ​ស្មោះត្រង់ ក្នុង​កាល​ពេលវេលា​នេះ ឬ​ដ៏អស់​កល្បជានិច្ច ឯកសិទ្ធិ​នោះ​ប្រាកដ​ជាក្លាយ​ជារបស់​បងប្អូន ។

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា អំណាច​នៃ​ការ​ផ្សារភ្ជាប់ និង​សិទ្ធិ​អំណាច​ដែល​បាន​ស្ដារ​ឡើង​វិញ​មកកាន់​ផែនដី​តាមរយៈ យ៉ូសែប ស្ម៊ីធ គឺ​ពិត អ្វី​ដែល​ត្រូវ​បាន​ចងភ្ជាប់​នៅ​លើ​ផែនដី គឺ​ពិត​ជា​ចងភ្ជាប់​នៅ​ស្ថានសួគ៌​ដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ប្រធាន រ័សុល អិម ណិលសុន ជា​ប្រធាន​នៃ​សាសនាចក្រ គឺ​ជា​បុរស​តែ​ម្នាក់​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ដែល​តាម​រយៈ​កូនសោ លោក ដឹកនាំ​ការប្រើប្រាស់​អំណាច​ដ៏​ខ្ពង់ខ្ពស់​នេះ​ផ្ទាល់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ឲ្យ​អមតភាព​ក្លាយជា​ការពិត ហើយ ភាព​លើកតម្កើង​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​អាច​ក្លាយជា​ការពិត ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕